កុំពង្រាត់មនុស្សដែលព្រះបានផ្សំផ្គុំគ្នា
«គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ ដូច្នេះកុំឲ្យអ្នកណាពង្រាត់មនុស្សដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ»។—ម៉ាថាយ ១៩:៦
១, ២. ហេតុអ្វីក៏សមហេតុសមផលហើយស្របទៅនឹងគម្ពីរដែលឲ្យយើងដឹងថា ស្វាមីភរិយានឹងមានបញ្ហាម្ដងម្កាល?
សូមគិតមើល អ្នកបានត្រៀមខ្លួនដើម្បីធ្វើដំណើរយ៉ាងឆ្ងាយតាមរថយន្ត។ តើអាចមានបញ្ហាតាមផ្លូវទេ? ច្បាស់ជាអាចមានមែន! ជាឧទាហរណ៍ ប្រហែលជាមានខ្យល់ព្យុះដែលបង្ខំអ្នកឲ្យបន្ថយល្បឿននិងបើកបរដោយប្រុងប្រយ័ត្ន។ ឬមួយក៏ប្រហែលជារថយន្តខូចហើយអ្នកមិនចេះជួសជុលដោយខ្លួនឯង ដូច្នេះត្រូវផ្អាកដំណើរសិនដើម្បីរកជាង។ បើមានស្ថានការណ៍បែបនោះមែន តើអ្នកនឹងស្ដាយក្រោយពីការចេញដំណើរទេ? ឬតើអ្នកនឹងសម្រេចចិត្តចោលរថយន្តនៅទីនោះទេ? មិនទេ ពីព្រោះពេលអ្នកធ្វើដំណើរឆ្ងាយ អ្នកដឹងថាអាចមានបញ្ហាមែន ដូច្នេះអ្នកខំគិតពីវិធីដោះស្រាយបញ្ហាទាំងនោះ។
២ ការរៀបអាពាហ៍ពិពាហ៍ក៏មានលក្ខណៈស្រដៀងគ្នាដែរ ពីព្រោះស្វាមីភរិយាមិនអាចជៀសវាងបញ្ហាទាំងស្រុងបានឡើយ។ មិនជាការសមហេតុសមផលទេ ឲ្យសាមីខ្លួនអ្នកការគិតថាពួកគេនឹងរៀបការហើយមានសុភមង្គលរហូត។ សៀវភៅកូរិនថូសទី១ ៧:២៨ ក្នុងគម្ពីរបង្ហាញយ៉ាងច្បាស់ថា ស្វាមីភរិយា«នឹងមានសេចក្ដីទុក្ខព្រួយខាងសាច់ឈាម»ជាមិនខាន។ ហេតុអ្វី? និយាយឲ្យចំទៅ ស្វាមីភរិយាតែងមានទុក្ខព្រួយខ្លះៗ ពីព្រោះពួកគាត់មិនមានភាពល្អឥតខ្ចោះទេ ហើយណាមួយទៀត យើងកំពុងរស់នៅ«ជាន់ក្រោយបង្អស់[ដែល]មានគ្រាលំបាកណាស់»។ (ធីម៉ូថេទី២ ៣:១; រ៉ូម ៣:២៣) អាស្រ័យហេតុនេះ សូម្បីតែស្វាមីភរិយាដែលចុះសម្រុងគ្នានិងយកចិត្តទុកដាក់ចំពោះការណែនាំពីព្រះ ក៏នឹងមានបញ្ហាម្ដងម្កាលដែរ។
៣. (ក) នៅសម័យនេះ តើមនុស្សជាច្រើនមានទស្សនៈយ៉ាងណាចំពោះអាពាហ៍ពិពាហ៍? (ខ) ហេតុអ្វីក៏ស្វាមីភរិយាដែលជាគ្រិស្តសាសនិកខិតខំឲ្យនៅភ្ជាប់នឹងគ្នារហូត?
៣ ពេលស្វាមីភរិយាមានបញ្ហានៅសម័យនេះ ខ្លះសុខចិត្តលែងលះគ្នាភ្លាម។ នៅប្រទេសជាច្រើន ចំនួនស្វាមីភរិយាដែលលែងលះគ្នាចេះតែកើនឡើងៗជានិច្ច។ ប៉ុន្តែ គ្រិស្តសាសនិកពិតមិនប្រព្រឹត្តដូចមនុស្សនៅសម័យនេះទេ។ ផ្ទុយទៅវិញ ស្វាមីភរិយាដែលជាគ្រិស្តសាសនិកខំរកវិធីដោះស្រាយបញ្ហាដែលពួកគាត់មាន។ ហេតុអ្វី? ពីព្រោះពួកគាត់ចាត់ទុកចំណងអាពាហ៍ពិពាហ៍ជាអំណោយមួយដ៏វិសេសដែលមកពីព្រះយេហូវ៉ា។ ស្តីអំពីស្វាមីភរិយា ព្រះយេស៊ូបានបង្គាប់ថា៖ «កុំឲ្យអ្នកណាពង្រាត់មនុស្សដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ»។ (ម៉ាថាយ ១៩:៦) តាមពិត មិនតែងតែស្រួលទេឲ្យយើងធ្វើតាមបង្គាប់នោះ ពីព្រោះពេលស្វាមីភរិយាមានបញ្ហា ញាតិមិត្តនិងអ្នកឯទៀតដែលជូនឱវាទច្រើនតែលើកទឹកចិត្តពួកគាត់ឲ្យលែងលះគ្នាឬបែកគ្នាមួយរយៈ។ ជួនកាលយោបល់នោះប្រាសចាកគោលការណ៍ក្នុងគម្ពីរដែរ ពីព្រោះអ្នកដែលជូនឱវាទនោះមិនជាអ្នកជឿលើគម្ពីរទេ។a ចំពោះគ្រិស្តសាសនិកវិញ យើងដឹងថាការរកវិធីដោះស្រាយបញ្ហាដើម្បីឲ្យស្វាមីភរិយានៅភ្ជាប់នឹងគ្នារហូត នោះមានប្រយោជន៍ជាជាងការលែងលះគ្នាភ្លាមៗ។ ប្រាកដហើយ យកល្អឲ្យសាមីខ្លួនអ្នកការតាំងចិត្តធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា មិនមែនតាមយោបល់របស់អ្នកដទៃឡើយ។—សុភាសិត ១៤:១២
ការយកឈ្នះបញ្ហាផ្សេងៗ
៤, ៥. (ក) តើស្វាមីភរិយាត្រូវយកឈ្នះបញ្ហាអ្វីខ្លះ? (ខ) សូម្បីតែពេលស្វាមីភរិយាមានបញ្ហារវាងគ្នា ហេតុអ្វីក៏គោលការណ៍ក្នុងគម្ពីរមានប្រសិទ្ធភាព?
៤ ស្វាមីភរិយាទាំងឡាយនឹងមានបញ្ហាម្ដងម្កាលជាមិនខាន។ ក្នុងករណីភាគច្រើន ស្វាមីភរិយាមានបញ្ហាតូចតាចដោយព្រោះពួកគេទាំងពីរនាក់មានទស្សនៈខុសគ្នាតិចតួច។ ប៉ុន្តែ គូស្វាមីភរិយាខ្លះមានបញ្ហាធំធ្ងន់ដែលអាចបង្ខូចចំណងអាពាហ៍ពិពាហ៍តែម្ដង។ ជួនកាលស្វាមីភរិយាត្រូវសូមជំនួយពីអ្នកចាស់ទុំគ្រិស្តសាសនិកដែលមានបទពិសោធន៍ច្រើនដោយសារមានគ្រួសារខ្លួនឯង។ បើអ្នកមានបញ្ហាធំបែបនេះ កុំគិតថាអ្នកទាំងពីរនាក់មិនអាចនៅជាមួយគ្នាទៀតទេ។ តាមពិត ពេលមានបញ្ហា នេះគ្រាន់តែបញ្ជាក់ពីសារៈសំខាន់នៃការធ្វើតាមគោលការណ៍ក្នុងគម្ពីរដើម្បីរកវិធីដោះស្រាយរឿងនោះ។
៥ ដោយសារព្រះយេហូវ៉ាជាព្រះដែលបានបង្កើតមនុស្សលោក ហើយជាអ្នកផ្ដើមគំនិតឲ្យមនុស្សជាតិរៀបអាពាហ៍ពិពាហ៍ជាស្វាមីភរិយា នោះទ្រង់ដឹងច្បាស់ជាងគេបង្អស់អំពីអ្វីដែលយើងត្រូវធ្វើដើម្បីឲ្យមានចំណងអាពាហ៍ពិពាហ៍ល្អដែលស្ថិតស្ថេរ។ ប៉ុន្តែ អ្វីដែលយើងត្រូវសួរខ្លួនឯងគឺថា តើយើងនឹងស្ដាប់តាមឱវាទដែលទ្រង់បានផ្ដាំទុកក្នុងគម្ពីរឬទេ? បើយើងសុខចិត្តធ្វើតាមនោះ យើងប្រាកដជានឹងទទួលប្រយោជន៍មែន។ ព្រះយេហូវ៉ាបានប្រាប់រាស្ត្រទ្រង់ពីបុរាណថា៖ ‹បើអ្នកស្ដាប់តាមបញ្ញត្តទាំងប៉ុន្មានរបស់យើង នោះសេចក្ដីសុខរបស់អ្នកនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់អ្នកនឹងបានដូចជារលកនៃសមុទ្រ›។ (អេសាយ ៤៨:១៨) ពេលស្វាមីភរិយាធ្វើតាមការណែនាំក្នុងគម្ពីរ ពួកគេអាចទទួលជោគជ័យបាន។ មុនដំបូង យើងសូមពិនិត្យមើលឱវាទក្នុងគម្ពីរចំពោះស្វាមីទាំងឡាយ។
«ចូរស្រឡាញ់ប្រពន្ធខ្លួន»
៦. តើគម្ពីរព្រះមានឱវាទអ្វីចំពោះស្វាមីទាំងឡាយ?
៦ សំបុត្រដែលសាវ័កប៉ុលបានសរសេរចំពោះក្រុមជំនុំនៅទីក្រុងអេភេសូរ មានការណែនាំដ៏ច្បាស់លាស់សម្រាប់ស្វាមីទាំងឡាយ។ ប៉ុលសរសេរថា៖ «បុរសរាល់គ្នាអើយ! ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង។ ត្រូវឲ្យប្ដីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ។ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ ដ្បិតមិនដែលមានអ្នកណាស្អប់រូបសាច់ខ្លួនឯងឡើយ គឺគេតែងចិញ្ចឹម ហើយថ្នាក់ថ្នមវិញ ដូចជាព្រះអម្ចាស់ដល់ពួកជំនុំដែរ។ ប៉ុន្តែ ត្រូវឲ្យអ្នករាល់គ្នាទាំងអស់ស្រឡាញ់ប្រពន្ធខ្លួនដូចជាខ្លួនឯង»។—អេភេសូរ ៥:២៥, ២៨, ២៩, ៣៣
៧. (ក) តើចំណងអាពាហ៍ពិពាហ៍របស់ពួកគ្រិស្តសាសនិកគួរផ្អែកលើអ្វី? (ខ) តើការស្រឡាញ់ភរិយារហូតតម្រូវឲ្យស្វាមីធ្វើអ្វីខ្លះ?
៧ ជាជាងរៀបរាប់អំពីបញ្ហាគ្រប់បែបយ៉ាងដែលស្វាមីភរិយាអាចមានរវាងគ្នា ប៉ុលបានពន្យល់អំពីរបៀបដោះស្រាយរឿងទាំងឡាយដោយសម្គាល់លក្ខណៈសំខាន់ជាងគេដែលស្វាមីភរិយាគួរបង្ហាញចំពោះគ្នា ពោលគឺ សេចក្ដីស្រឡាញ់។ តាមពិត ខទាំងនោះមានពាក្យស្រឡាញ់៧ដង ហើយគួរឲ្យកត់សម្គាល់មួយទៀតថា ពេលប៉ុលបង្គាប់ឲ្យស្វាមី«ស្រឡាញ់ប្រពន្ធខ្លួន»នោះ ពាក្យភាសាដើមរួមបញ្ចូលគំនិតថា ស្វាមីត្រូវស្រឡាញ់នាងរហូត។ យ៉ាងនេះ ប៉ុលច្បាស់ជាទទួលស្គាល់ថា ការស្រឡាញ់គ្នារហូតមិនជាការងាយស្រួលដូចពេលឃើញគេភ្លាមស្រឡាញ់ភ្លែតទេ។ ហើយការស្រឡាញ់គ្នារហូតគឺរឹតតែពិបាកនៅ«ជាន់ក្រោយបង្អស់»នេះ ពេលមនុស្សចេះតែ«ស្រឡាញ់តែខ្លួនឯង»និង«គ្មានអធ្យាស្រ័យ»។ (ធីម៉ូថេទី២ ៣:១-៣; ខ.ស.) សព្វថ្ងៃ គុណវិបត្ដិបែបនេះកំពុងពង្រេចពង្រឹលចំណងអាពាហ៍ពិពាហ៍របស់ស្វាមីភរិយាជាច្រើន ប៉ុន្តែស្វាមីដែលខំបង្ហាញសេចក្ដីស្រឡាញ់ចំពោះភរិយានឹងមិនអនុញ្ញាតឲ្យអាត្មានិយមរបស់មនុស្សសម័យនេះមានឥទ្ធិពលលើគំនិតនិងអាកប្បកិរិយារបស់គាត់ទេ។—រ៉ូម ១២:២
វិធីផ្គត់ផ្គង់ភរិយា
៨, ៩. តើស្វាមីដែលជាគ្រិស្តសាសនិកត្រូវផ្គត់ផ្គង់អ្វីខ្លះឲ្យភរិយា?
៨ បើអ្នកជាគ្រិស្តសាសនិកដែលមានភរិយា តើអ្នកអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះនាង ហើយទប់ទល់កុំឲ្យអាត្មានិយមបានយ៉ាងណា? ក្នុងពាក្យរបស់ប៉ុលចំពោះពួកអេភេសូរដែលដកស្រង់នៅខាងលើ គាត់បានបញ្ជាក់ចំណុចពីរយ៉ាងដែលស្វាមីត្រូវធ្វើ ពោលគឺ ផ្គត់ផ្គង់ភរិយា ហើយថ្នាក់ថ្នមនាងដូចជាថ្នាក់ថ្នមខ្លួនឯង។ តើអ្នកអាចផ្គត់ផ្គង់ភរិយាបានយ៉ាងណា? របៀបមួយគឺដោយចិញ្ចឹមនាង។ ប៉ុលបានសរសេរចំពោះធីម៉ូថេថា៖ «បើមានអ្នកណាដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្ដានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត»។—ធីម៉ូថេទី១ ៥:៨
៩ ប៉ុន្តែ ការចិញ្ចឹមភរិយាមិនទាក់ទងតែការផ្គត់ផ្គង់អាហារ សម្លៀកបំពាក់និងទីជម្រកប៉ុណ្ណោះទេ។ ហេតុអ្វី? ពីព្រោះចុះយ៉ាងណាបើស្វាមីពូកែផ្ដល់សម្ភារៈដែលភរិយាត្រូវការ តែមិនបំពេញការស្រេកឃ្លានរបស់នាងខាងផ្លូវចិត្ត ហើយមិនជួយនាងឲ្យមានចំណងមិត្តភាពល្អជាមួយនឹងព្រះ។ រឿងទាំងនេះគឺសំខាន់ដូចគ្នា។ ទោះបើបុរសគ្រិស្តសាសនិកខ្លះរវល់ណាស់ក្នុងការបម្រើក្រុមជំនុំក្ដី ពួកគាត់ក៏មិនគួរអនុញ្ញាតឲ្យភារកិច្ចធ្ងន់ធ្ងរនោះ រំខានដល់កាតព្វកិច្ចដែលព្រះប្រទានឲ្យគាត់ជាមេគ្រួសារឡើយ។ (ធីម៉ូថេទី១ ៣:៥, ១២) ប៉ុន្មានឆ្នាំមុននេះ មានការពន្យល់ក្នុងទស្សនាវដ្ដីប៉មយាមថា៖ «ស្របទៅតាមអ្វីដែលចែងទុកក្នុងគម្ពីរ នោះពួកអ្នកចាស់ទុំត្រូវឃ្វាលក្រុមគ្រួសាររបស់ខ្លួនទុកជាមុន។ បើអ្នកចាស់ទុំមិនយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ខ្លួន គាត់ប្រហែលជានឹងបាត់បង់មុខតំណែងជាអ្នកចាស់ទុំទៀត»។b នេះបង្ហាញយ៉ាងច្បាស់ថា ជាការចាំបាច់ណាស់ឲ្យស្វាមីផ្គត់ផ្គង់អ្វីដែលភរិយាត្រូវការខាងសម្ភារៈនិងផ្លូវចិត្ត ប៉ុន្តែសំខាន់បំផុតគាត់ត្រូវជួយនាងឲ្យមានជំនឿមាំមួនផង។
វិធីថ្នាក់ថ្នមភរិយា
១០. តើស្វាមីអាចថ្នាក់ថ្នមភរិយាដោយរបៀបណា?
១០ ការថ្នាក់ថ្នមភរិយារបស់ខ្លួន មានន័យថាអ្នកនឹងថែទាំនាងដោយក្ដីស្រឡាញ់ ហើយមានវិធីច្រើនយ៉ាងឲ្យអ្នកធ្វើដូច្នេះបាន។ ទីមួយ អ្នកគួរចំណាយពេលគ្រប់គ្រាន់នៅជាមួយនាង។ បើអ្នកមិនសូវចំណាយពេលនៅជាមួយភរិយា សេចក្ដីស្រឡាញ់របស់នាងចំពោះអ្នកអាចរសាយបាត់អស់។ ម្យ៉ាងទៀត សូមគិតពិចារណាថា ទោះជាអ្នកមានទស្សនៈថា អ្នកកំពុងយកចិត្តទុកដាក់ហើយចំណាយពេលគ្រប់គ្រាន់ជាមួយនាងក៏ដោយ តើនាងពិតជាមានចិត្តស្កប់ស្កល់ទេ? កុំឲ្យពេញចិត្តចំពោះតែទស្សនៈរបស់ខ្លួនថា អ្នកកំពុងថ្នាក់ថ្នមភរិយាយ៉ាងល្អ។ ផ្ទុយទៅវិញ ចូរខំស្វែងយល់អំពីភរិយាថា តើនាងពេញចិត្តនឹងរបៀបដែលអ្នកថ្នាក់ថ្នមនាងទេ? ប៉ុលបានសរសេរថា៖ «កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ»។ (កូរិនថូសទី១ ១០:២៤) បើអ្នកជាស្វាមីដែលស្រឡាញ់ភរិយាមែន នោះគួរគប្បីឲ្យអ្នកខំយល់ច្បាស់ថា តើនាងពិតជាត្រូវការអ្វីពីអ្នក?—ភីលីព ២:៤
១១. របៀបដែលស្វាមីនិយាយនិងប្រព្រឹត្តទៅលើភរិយា តើនេះអាចមានឥទ្ធិពលយ៉ាងណាលើចំណងមិត្តភាពរបស់គាត់ជាមួយព្រះនិងក្រុមជំនុំ?
១១ វិធីមួយទៀតដែលអ្នកអាចថ្នាក់ថ្នមភរិយាបាន គឺដោយនិយាយរបៀបផ្អែមល្ហែមនិងប្រព្រឹត្តយ៉ាងទន់ភ្លន់លើនាង។ (សុភាសិត ១២:១៨) ប៉ុលបានសរសេរចំពោះពួកគ្រិស្តសាសនិកនៅទីក្រុងកូល៉ុសថា៖ «ពួកប្រុសៗអើយ! ចូរស្រឡាញ់ប្រពន្ធចុះ! កុំឲ្យមានចិត្តជិនឆ្អន់[ឬ«មួម៉ៅដាក់នាង»]ឡើយ»។ (កូល៉ុស ៣:១៩; ខ.ស.) យោងទៅតាមសៀវភៅមួយ ពាក្យរបស់ប៉ុលដែលថា ‹កុំឲ្យមានចិត្តជិនឆ្អន់ឬមួម៉ៅដាក់នាង›នោះ អាចបកប្រែតាមពាក្យសាមញ្ញជាងថា «កុំប្រព្រឹត្តលើនាងដូចជាអ្នកបម្រើ»ឬ«ខ្ញុំបម្រើដាច់ថ្លៃទេ»។ បើស្វាមីជិះជាន់ភរិយា (មិនថានៅមុខអ្នកដទៃឬដោយឡែកពីមនុស្សឯទៀតក្ដី) នេះមិនមែនជាការថ្នាក់ថ្នមទេ។ បើស្វាមីនិយាយមិនពីរោះឬប្រព្រឹត្តមិនសមគួរទៅលើភរិយា នេះអាចមានឥទ្ធិពលមិនល្អលើចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះ។ យ៉ាងនេះ សាវ័កពេត្រុសបានសរសេរប្រាប់ស្វាមីទាំងឡាយថា៖ «ឯពួកប្រុសៗ នោះក៏ត្រូវនៅជាមួយនឹងប្រពន្ធដោយប្រាជ្ញាដែរ ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាង គឺជាមនុស្សស្រី ព្រមទាំងរាប់អាននាង ទុកដូចជាអ្នកគ្រងព្រះគុណនៃជីវិតទុកជាមរដកជាមួយគ្នា ដើម្បីកុំឲ្យមានអ្វីបង្អាក់ដល់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ»។c—ពេត្រុសទី១ ៣:៧
១២. តើស្វាមីទាំងឡាយអាចរៀនអ្វីខ្លះអំពីរបៀបដែលព្រះយេស៊ូបានប្រព្រឹត្តលើក្រុមជំនុំនៃពួកគ្រិស្តសាសនិក?
១២ កុំគិតថាភរិយាជំពាក់សេចក្ដីស្រឡាញ់ចំពោះអ្នកឡើយ។ ចូរប្រាប់នាងម្ដងហើយម្ដងទៀតថា អ្នកស្រឡាញ់នាងជានិច្ច។ របៀបដែលព្រះយេស៊ូបានប្រព្រឹត្តលើពួកជំនុំ ជាគំរូល្អចំពោះស្វាមីទាំងឡាយដែលជាគ្រិស្តសាសនិក។ ព្រះយេស៊ូបានប្រព្រឹត្តដោយសុភាពរាបសាចំពោះអស់អ្នកដែលកាន់តាមទ្រង់ ហើយទ្រង់បង្ហាញចិត្តមេត្ដានិងអត់ឱនទោសពួកគេផងដែរ សូម្បីតែពេលពួកគេមានលក្ខណៈមិនល្អជាញយៗក្ដី។ ហេតុនេះហើយបានជាព្រះយេស៊ូអាចអញ្ជើញអ្នកដទៃដោយថា៖ «ចូរមកឯខ្ញុំ . . . ដ្បិតខ្ញុំស្លូតហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសំរាក[ឬ«ស្ងប់ចិត្ត»]»។ (ម៉ាថាយ ១១:២៨, ២៩; ខ.ស.) ស្វាមីទាំងឡាយដែលជាគ្រិស្តសាសនិកក៏គួរយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូ ដោយប្រព្រឹត្តលើភរិយាដូចទ្រង់បានប្រព្រឹត្តលើពួកជំនុំ។ ពេលស្វាមីថ្នាក់ថ្នមភរិយាដោយយកចិត្តទុកដាក់ (ដែលរួមបញ្ចូលពាក្យសម្ដីនិងការប្រព្រឹត្តផង) នោះនាងនឹងមានអារម្មណ៍ស្ងប់ចិត្តដែរ។
ភរិយាដែលធ្វើតាមគោលការណ៍ក្នុងគម្ពីរ
១៣. តើមានគោលការណ៍អ្វីខ្លះក្នុងគម្ពីរដែលអាចជួយណែនាំភរិយាទាំងឡាយ?
១៣ គម្ពីរព្រះក៏មានគោលការណ៍ផ្សេងៗដែលអាចជួយភរិយាទាំងឡាយដែរ។ សៀវភៅអេភេសូរចែងថា៖ «ស្ត្រីរាល់គ្នាអើយ! ចូរឲ្យចុះចូលចំពោះប្ដីខ្លួនដូចជាចុះចូលនឹងព្រះអម្ចាស់ដែរ ដ្បិតប្ដីជាក្បាលនៃប្រពន្ធដូចជាព្រះគ្រីស្ទទ្រង់ជាសិរសានៃពួកជំនុំដែរ ក៏ជាព្រះអង្គសង្គ្រោះដល់រូបកាយផង ហើយដូចជាពួកជំនុំចុះចូលនឹងព្រះគ្រីស្ទជាយ៉ាងណា នោះត្រូវឲ្យប្រពន្ធចុះចូលនឹងប្ដីខ្លួនក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។ . . . ហើយប្រពន្ធក៏ត្រូវកោតខ្លាច[ឬ«គោរព»]ប្ដីដែរ»។—អេភេសូរ ៥:២២-២៤, ៣៣; ខ.ស.
១៤. ហេតុអ្វីក៏មិនជាការថោកទាបទេ ឲ្យស្ត្រីចុះចូលចំពោះស្វាមីតាមគោលការណ៍ក្នុងគម្ពីរ?
១៤ សូមកត់សម្គាល់ថា ប៉ុលបានសង្កត់ធ្ងន់ទៅលើការចុះចូលនិងការគោរព។ ខទាំងនោះជួយរំលឹកភរិយាទាំងឡាយថា នាងត្រូវចុះចូលចំពោះស្វាមីជានិច្ច ហើយនេះជាការរៀបចំរបស់ព្រះ។ មនុស្សនិងទេវតាទាំងឡាយសុទ្ធតែត្រូវចុះចូលតាមឋានៈរៀងៗខ្លួន។ សូម្បីតែព្រះយេស៊ូក៏ចុះចូលចំពោះព្រះយេហូវ៉ាដែរ។ (កូរិនថូសទី១ ១១:៣) បើស្វាមីប្រើអំណាចជាមេគ្រួសារយ៉ាងត្រឹមត្រូវ នោះមិនជាការពិបាកឲ្យភរិយាចុះចូលជានិច្ចចំពោះគាត់ទេ។
១៥. តើគម្ពីរព្រះមានឱវាទអ្វីខ្លះចំពោះភរិយាទាំងឡាយ?
១៥ ប៉ុលក៏បានមានប្រសាសន៍ថា ភរិយាទាំងឡាយគួរ«គោរព»ស្វាមីផងដែរ។ ភរិយាដែលជាគ្រិស្តសាសនិកគួរមានចិត្ត«សំឡូតហើយរម្យទម» ដោយមិនចង់ធ្វើអ្វីតាមតែចិត្តខ្លួនឯងឬបង្ហាញអំណួតដោយប្រកួតប្រជែងនឹងស្វាមីទេ។ (ពេត្រុសទី១ ៣:៤) ភរិយាដែលស្រឡាញ់ព្រះរមែងធ្វើការដោយខ្នះខ្នែងដើម្បីក្រុមគ្រួសារ ហើយនាងក៏ផ្ដល់កិត្ដិយសឲ្យស្វាមីជាមេគ្រួសារផង។ (ទីតុស ២:៤, ៥) ភរិយាល្អតែងតែនិយាយបែបគួរសមអំពីស្វាមី ហើយមិនចង់ធ្វើអ្វីសោះដែលអាចនាំឲ្យមនុស្សដទៃមើលងាយគាត់។ នាងក៏ខិតខំបំពេញតាមការសម្រេចចិត្តរបស់ខ្លួនដែរ។—សុភាសិត ១៤:១
១៦. តើភរិយាដែលជាគ្រិស្តសាសនិកអាចទាញយកមេរៀនអ្វីពីគំរូរបស់សារ៉ានិងរេបិកា?
១៦ ពេលនិយាយថា ភរិយាគួរមានចិត្តស្លូតហើយរម្យទមនោះ នេះមិនបានសេចក្ដីថា គំនិតរបស់ស្ត្រីដែលជាគ្រិស្តសាសនិកគ្មានតម្លៃ ឬគាត់មិនគួរមានទស្សនៈផ្ទាល់ខ្លួនទេ។ ស្ត្រីខ្លះដែលជាអ្នកគោរពព្រះនៅសម័យបុរាណ (ដូចនាងសារ៉ានិងរេបិកា) បាននិយាយដោយឥតលាក់លៀមពេលពួកគាត់ខ្វល់ខ្វាយអំពីរឿងសំខាន់ៗ ហើយកំណត់ហេតុក្នុងគម្ពីរបង្ហាញឲ្យដឹងថា ព្រះយេហូវ៉ាពេញចិត្តចំពោះអ្វីដែលពួកគាត់បានធ្វើនោះ។ (លោកុប្បត្តិ ២១:៨-១២; ២៧:៤៦–២៨:៤) ភរិយាទាំងឡាយដែលជាគ្រិស្តសាសនិកក៏មានសិទ្ធិប្រាប់ពីអារម្មណ៍ក្នុងចិត្តខ្លួនដែរ។ ប៉ុន្តែ ពេលធ្វើដូច្នេះ នាងគួរគិតដល់អារម្មណ៍ស្វាមីខ្លួន ហើយមិនត្រូវប្រើសម្ដីថោកទាបទេ។ បើភរិយាប្រើសម្ដីល្អ នោះស្វាមីទំនងជានឹងស្ដាប់ហើយធ្វើតាមយោបល់របស់នាងមែន។
សារៈសំខាន់នៃភក្ដីភាព
១៧, ១៨. តើស្វាមីភរិយាអាចធ្វើអ្វីខ្លះដើម្បីទប់ទល់នឹងសាតាំងដែលចង់បង្ខូចចំណងអាពាហ៍ពិពាហ៍?
១៧ ពេលរៀបអាពាហ៍ពិពាហ៍ សាមីខ្លួនអ្នកការស្បថថា ពួកគេនឹងមានភក្ដីភាពចំពោះគ្នាអស់មួយជីវិត។ ដូច្នេះ ពួកគេទាំងពីរនាក់គួរមានចិត្តប្រាថ្នាមិនឃ្លាតគ្នារហូត។ បើស្វាមីភរិយាមិននិយាយរកគ្នាដោយឥតលាក់លៀម នេះអាចនាំឲ្យពួកគេមានអារម្មណ៍អន្ទះអន្ទែង ដែលអាចក្លាយជារឿងធំផង។ ពេលស្វាមីភរិយាមានបញ្ហារវាងគ្នា ជាការធម្មតាដែលពួកគេឈប់និយាយរកគ្នា ហើយជាលទ្ធផលពួកគេចាប់ផ្ដើមចងគំនុំនឹងគ្នាដែរ។ ស្វាមីភរិយាខ្លះក៏រកហេតុលែងលះគ្នា ប្រហែលជាដោយមានគូស្នេហ៍ថ្មីមួយទៀត។ ព្រះយេស៊ូបានព្រមានថា៖ «អ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រីហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថាបានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយ»។—ម៉ាថាយ ៥:២៨
១៨ សាវ័កប៉ុលបានទូន្មានគ្រិស្តសាសនិកទាំងឡាយ ដែលរួមបញ្ចូលគ្រិស្តសាសនិកដែលបានរៀបអាពាហ៍ពិពាហ៍ហើយថា៖ «ចូរខឹងចុះ! តែកុំឲ្យធ្វើបាបឡើយ។ កុំឲ្យសេចក្ដីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ ក៏កុំឲ្យអារក្សមានឱកាសឲ្យសោះ»។ (អេភេសូរ ៤:២៦, ២៧) សាតាំងជាមេសត្រូវរបស់យើង ហើយវាខំឆ្លៀតឱកាសដើម្បីយកឈ្នះលើពួកគ្រិស្តសាសនិកពេលយើងមានរឿងជម្លោះនឹងគ្នា។ កុំអនុញ្ញាតឲ្យវាមានជ័យជម្នះលើយើងឡើយ! ពេលមានបញ្ហា ចូរស្រាវជ្រាវក្នុងគម្ពីរនិងសៀវភៅឯទៀតដែលមានមូលដ្ឋានលើគម្ពីរ ដើម្បីដឹងអំពីទស្សនៈព្រះយេហូវ៉ា។ ចូរពិភាក្សាជាមួយគ្នាដោយឥតលាក់លៀមដើម្បីដោះស្រាយរឿងដោយសន្ដិវិធី ហើយព្យាយាមធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាជាជាងស្ដាប់ប៉ុណ្ណោះ។ (យ៉ាកុប ១:២២-២៥) ចូរតាំងចិត្តឲ្យនៅភ្ជាប់នឹងគ្នារហូតជាស្វាមីឬភរិយា ព្រមទាំងដើរជាមួយនឹងព្រះដោយមិនអនុញ្ញាតឲ្យនរណាឬអ្វីក៏ដោយពង្រាត់អ្នកទាំងពីរនាក់ចេញពីគ្នា ដែលទ្រង់បានផ្សំផ្គុំគ្នាហើយ!—មីកា ៦:៨
[កំណត់សម្គាល់]
a សូមមើលសៀវភៅស្តើងដែលមានចំណងជើងថា តើព្រះតម្រូវអ្វីពីយើង? ទំព័រ១៧ វគ្គ៦, ៧ បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
b មកពីទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេស ចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៨៩ ទំព័រ១២។
c បើបុរសម្នាក់ចង់ទទួលឯកសិទ្ធិក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក គាត់មិនគួរមានលក្ខណៈជាអ្នក«ឈ្លោះប្រកែក» ដែលពាក្យភាសាដើមអាចសំដៅទៅលើមនុស្សដែលពូកែស្តីឲ្យឬរហូតដល់វាយគេផង។ ដូច្នេះ ទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេស ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩០ មានការពន្យល់នៅទំព័រទី២៥ ថា៖ «បើបុរសម្នាក់ប្រព្រឹត្តបែបសំណំជាអ្នកគោរពព្រះពេលនៅមុខមនុស្សដទៃ តែជិះជាន់ភរិយាពេលនៅឯផ្ទះ នោះគាត់មិនមានលក្ខណៈសម[ជាអ្នកចាស់ទុំឬអ្នកងារជំនួយ]ទេ»។—ធីម៉ូថេទី១ ៣:២-៥, ១២
តើអ្នកនៅចាំទេ?
• ហេតុអ្វីក៏ស្វាមីភរិយាដែលជាគ្រិស្តសាសនិកមានបញ្ហាម្ដងម្កាល?
• តើស្វាមីអាចផ្គត់ផ្គង់និងថ្នាក់ថ្នមភរិយាដោយវិធីណាខ្លះ?
• តើភរិយាអាចបង្ហាញការគោរពចំពោះស្វាមីដោយរបៀបណា?
• តើស្វាមីភរិយាអាចធ្វើអ្វីដើម្បីរក្សាភក្ដីភាពចំពោះគ្នារហូត?
[រូបភាពនៅទំព័រ២៤]
ស្វាមីល្អតែងផ្គត់ផ្គង់អ្វីដែលភរិយាត្រូវការខាងសម្ភារៈ ហើយគាត់ក៏ជួយនាងឲ្យមានជំនឿមាំមួនផង
[រូបភាពនៅទំព័រ២៥]
ពេលស្វាមីថ្នាក់ថ្នមភរិយាដោយយកចិត្តទុកដាក់ នោះនាងមានអារម្មណ៍ស្ងប់ក្នុងចិត្តដែរ
[រូបភាពនៅទំព័រ២៦]
ភរិយាដែលជាគ្រិស្តសាសនិកមានសិទ្ធិប្រាប់ស្វាមីអំពីអារម្មណ៍ក្នុងចិត្ត ដោយបង្ហាញការគោរព