ឪពុកនិងអ្នកចាស់ទុំ—ការបំពេញតួនាទីទាំងពីរ
«បើអ្នកណាមិនចេះត្រួតត្រាផ្ទះខ្លួន ធ្វើដូចម្ដេចឲ្យថែរក្សាពួកជំនុំនៃព្រះបាន»។—ធីម៉ូថេទី១ ៣:៥
១, ២. (ក) នៅក្នុងសតវត្សទីមួយ តើអ្នកត្រួតពិនិត្យនៅលីវនិងអ្នករៀបការឥតមានកូន អាចបំរើបងប្អូនរបស់គេយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាដែលលោកអ័គីឡានិងនាងព្រីស៊ីល ជាគំរូល្អចំពោះប្ដីប្រពន្ធនៅសព្វថ្ងៃនេះ?
ពួកអ្នកត្រួតពិនិត្យនៅក្នុងក្រុមជំនុំគ្រីស្ទានពីសម័យដើម គឺជាអ្នកនៅលីវ ឬ អ្នករៀបការឥតមានកូន ឬអ្នករៀបការដែលមានកូន។ ពួកគ្រីស្ទានខ្លះច្បាស់ជាអាចធ្វើតាមដំបូន្មានរបស់ប៉ុលឲ្យនៅលីវ ដែលបានចែងក្នុងសំបុត្រទីមួយទៅពួកកូរិនថូស ជំពូក៧។ ព្រះយេស៊ូបានមានបន្ទូលថា៖ «មាន[អ្នក]ខ្លះដែលក្រៀវខ្លួនឯងដែរ ដោយយល់ដល់នគរស្ថានសួគ៌»។ (ម៉ាថាយ ១៩:១២) ដូចប៉ុលនិងអ្នកធ្វើដំណើរជាមួយគាត់ខ្លះទៀត បុរសនៅលីវបែបនេះមានសេរីភាពធ្វើដំណើរទៅជួយបងប្អូនរបស់គេ។
២ ព្រះគម្ពីរពុំបានចែងថា លោកបាណាបាស ម៉ាកុស ស៊ីឡាស លូកា ធីម៉ូថេ និង ទីតុសជាអ្នកនៅលីវទេ។ បើសិនជាពួកគេមានប្រពន្ធ ប្រហែលជាពួកគេពុំសូវមានភារកិច្ចគ្រួសារច្រើនទេ តាមមើលទៅ ពីព្រោះពួកគេអាចធ្វើដំណើរពាសពេញក្នុងការបំពេញកិច្ចការរបស់គេ។ (កិច្ចការ ១៣:២; ១៥:៣៩-៤១; កូរិនថូសទី២ ៨:១៦, ១៧; ធីម៉ូថេទី២ ៤:៩-១១; ទីតុស ១:៥) ប្រហែលជាប្រពន្ធរបស់គេធ្វើដំណើរជាមួយគេដែរ ដូចពេត្រុសនិង«ដូចជាសាវកឯទៀត» ដែលបានយកប្រពន្ធខ្លួនទៅជាមួយ កាលដែលគេធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ (កូរិនថូសទី១ ៩:៥) លោកអ័គីឡានិងនាងព្រីស៊ីលជាគំរូល្អមួយអំពីប្ដីប្រពន្ធដែលសុខចិត្តរើទៅនៅកន្លែងផ្សេងៗ។ ពួកគេបានធ្វើដំណើរជាមួយប៉ុលពីក្រុងកូរិនថូសទៅក្រុងអេភេសូរ រួចមកទៅក្រុងរ៉ូម ហើយត្រឡប់មកក្រុងអេភេសូរវិញ។ ព្រះគម្ពីរពុំបានចែងថាគេមានកូនទេ។ កិច្ចបំរើដ៏ស្មោះស្មគ្រចំពោះបងប្អូនរបស់គេ បានធ្វើឲ្យ«ពួកជំនុំសាសន៍ដទៃទាំងប៉ុន្មាន»សម្ដែងអំណរគុណដល់គេ។ (រ៉ូម ១៦:៣-៥; កិច្ចការ ១៨:២, ១៨; ធីម៉ូថេទី២ ៤:១៩) នៅសព្វថ្ងៃនេះ ច្បាស់ជាមានប្ដីប្រពន្ធជាច្រើន ដូចលោកអ័គីឡានិងនាងព្រីស៊ីលដែរ ដែលអាចបំរើក្នុងក្រុមជំនុំឯទៀត ប្រហែលជារើទៅនៅកន្លែងណាដែលត្រូវការជំនួយជាងគេ។
ឪពុកនិងអ្នកចាស់ទុំ
៣. តើអ្វីបង្ហាញថា ពួកអ្នកចាស់ទុំភាគច្រើននៅសតវត្សទីមួយ ជាអ្នករៀបការដែលមានកូនចៅ?
៣ តាមមើលទៅ នៅក្នុងសតវត្សទីមួយ ស.យ. ពួកអ្នកចាស់ទុំគ្រីស្ទានភាគច្រើន គឺជាអ្នករៀបការដែលមានកូនចៅ។ នៅពេលដែលប៉ុលរៀបរាប់អំពីសមត្ថភាពដែលតម្រូវពីបុរសដែល«ប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រា» គាត់ប្រាប់ថាគ្រីស្ទានបែបនេះគួរតែជាអ្នក«ត្រួតត្រាផ្ទះរបស់ខ្លួនដោយស្រួលបួល ទាំងឲ្យកូនចៅស្ដាប់បង្គាប់ដោយនឹងធឹង»។—ធីម៉ូថេទី១ ៣:១, ៤
៤. តើមានសេចក្ដីតម្រូវអ្វីខ្លះ ពីពួកអ្នកចាស់ទុំដែលមានប្រពន្ធកូនចៅ?
៤ ដូចជាយើងបានឃើញស្រាប់ហើយ អ្នកត្រួតពិនិត្យមិនចាំបាច់មានកូនចៅ ឬប្រពន្ធឡើយ។ បើសិនជាគាត់មានប្រពន្ធ ដើម្បីឲ្យអាចធ្វើជាអ្នកចាស់ទុំ ឬ ជាអ្នកងារជំនួយ គ្រីស្ទាន នោះគាត់ត្រូវតែអនុវត្តប្រមុខភាពឲ្យបានត្រឹមត្រូវហើយដោយសេចក្ដីស្រឡាញ់ មកលើប្រពន្ធខ្លួន ហើយត្រូវបង្ហាញថា គាត់អាចមើលរក្សាកូនចៅរបស់គាត់ឲ្យចេះគោរពចុះចូលត្រឹមត្រូវ។ (កូរិនថូសទី១ ១១:៣; ធីម៉ូថេទី១ ៣:១២, ១៣) បើឃើញមានការទន់ខ្សោយធ្ងន់ធ្ងរណាមួយ ក្នុងការមើលខុសត្រូវគ្រួសាររបស់គាត់ នោះអាចធ្វើឲ្យបងប្អូននោះពុំមានសិទ្ធិទទួលតំណែងពិសេសក្នុងក្រុមជំនុំ។ ហេតុអ្វី? ប៉ុលពន្យល់ថា៖ «បើអ្នកណាមិនចេះត្រួតត្រាផ្ទះខ្លួន ធ្វើដូចម្ដេចឲ្យថែរក្សាពួកជំនុំនៃព្រះបាន»? (ធីម៉ូថេទី១ ៣:៥) បើសិនជាពួកអ្នកក្នុងក្រុមគ្រួសាររបស់គាត់ មិនសុខចិត្តចុះចូលតាមការមើលខុសត្រូវរបស់គាត់ផង តើឲ្យអ្នកឯទៀតចុះចូលយ៉ាងដូចម្ដេចបាន?
«មានកូនចៅជឿ»
៥, ៦. (ក) តើប៉ុលបានប្រាប់ទីតុសអំពីសេចក្ដីតម្រូវអ្វីខ្លះ ចំពោះពួកក្មេងៗ? (ខ) តើអ្វីដែលតម្រូវពីពួកអ្នកចាស់ទុំដែលមានកូនចៅ?
៥ នៅពេលប្រាប់លោកទីតុសឲ្យតែងតាំងអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំក្រេត ប៉ុលបានប្រាប់យ៉ាងជាក់លាក់ថា៖ «បើមានអ្នកណាដែលរកចាប់ទោសមិនបាន ដែលមានប្រពន្ធតែ១ ហើយមានកូនចៅជឿដែរ ឥតមានអ្នកណាចោទប្រកាន់ ថាជាមនុស្សខូចអាក្រក់ ឬរឹងចចេសអ្វីឡើយ នោះត្រូវតាំងគេចុះ ដូចជាខ្ញុំបានបង្គាប់អ្នកហើយ ដ្បិតគួរឲ្យអ្នកដែលត្រួតត្រាបានឥតសៅហ្មង ដូចជាអ្នកជំនួយរបស់ព្រះដែរ»។—ទីតុស ១:៦, ៧
៦ ឃ្លាដែលថា«មានកូនចៅជឿ» សំដៅចំពោះពួកក្មេងដែលបានឧទ្ទិសថ្វាយខ្លួនគេទៅព្រះយេហូវ៉ារួច ហើយដែលបានធ្វើបុណ្យជ្រមុជទឹក ឬ សំដៅចំពោះពួកក្មេងដែលកំពុងតែចំរើនឆ្ពោះទៅការឧទ្ទិសថ្វាយខ្លួននិងការធ្វើបុណ្យជ្រមុជទឹក។ សមាជិកក្នុងក្រុមជំនុំចាត់ទុកថា កូនចៅរបស់អ្នកចាស់ទុំជាអ្នកដែលចេះគោរពនិងកាន់ឫកពាត្រឹមត្រូវ។ គឺត្រូវឲ្យឃើញជាក់លាក់ថា អ្នកចាស់ទុំខំប្រឹងប្រែងអស់ពីសមត្ថភាពគាត់ ដើម្បីបណ្ដុះជំនឿក្នុងកូនចៅរបស់គាត់។ ស្តេចសាឡូម៉ូនបានសរសេរថា៖ «ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់»។ (សុភាសិត ២២:៦) ចុះយ៉ាងណាវិញ បើក្មេងនោះបានទទួលការបង្ហាត់បង្រៀននេះហើយ តែមិនព្រមបំរើព្រះយេហូវ៉ា ឬថែមទាំងប្រព្រឹត្តអំពើខុសធ្ងន់នោះ?
៧. (ក) ហេតុអ្វីក៏សុភាសិត ២២:៦ មិនមែនជាវិន័យតឹងរ៉ឹងនោះ? (ខ) បើកូនរបស់អ្នកចាស់ទុំម្នាក់មិនចង់បំរើព្រះយេហូវ៉ាទេ ហេតុអ្វីក៏អ្នកចាស់ទុំនោះមិនបាត់បង់តំណែងរបស់គាត់ជាស្វ័យប្រវត្ត?
៧ ជាការច្បាស់ណាស់ សុភាសិតដែលបានស្រង់មកនៅខាងលើនេះ មិនមែនជាវិន័យតឹងរ៉ឹងមួយនោះទេ។ នេះក៏មិនធ្វើឲ្យគោលការណ៍នៃចិត្តសេរីទៅជាមោឃៈដែរ។ (ចោទិយកថា ៣០:១៥, ១៦, ១៩) កាលណាកូនប្រុសឬកូនស្រីដល់អាយុចេះទទួលខុសត្រូវហើយ គាត់ត្រូវតែសម្រេចចិត្តដោយខ្លួនឯងចំពោះការឧទ្ទិសថ្វាយខ្លួននិងការធ្វើបុណ្យជ្រមុជទឹក។ បើសិនជាអ្នកចាស់ទុំនោះបានផ្ដល់ឲ្យជំនួយខាងវិញ្ញាណ ការណែនាំ និងការប្រដែប្រដៅ តែក្មេងនោះមិនសុខចិត្តបំរើព្រះយេហូវ៉ាទេ នោះឪពុកមិនបាត់បង់ជាស្វ័យប្រវត្តនូវសិទ្ធិបំរើជាអ្នកត្រួតពិនិត្យឡើយ។ ម្យ៉ាងវិញទៀត បើសិនជាអ្នកចាស់ទុំនោះមានកូនតូចៗបីបួនរស់នៅក្នុងផ្ទះ ហើយកូននោះជាបន្តបន្ទាប់គ្នាបានទៅជាឈឺខាងវិញ្ញាណនិងបង្កើតឲ្យមានរឿងរ៉ាវ នោះគាត់អាចលែងចាត់ទុកជា«[អ្នក]ត្រូវត្រួតត្រាផ្ទះរបស់ខ្លួនដោយស្រួលបួល»បានទៀតហើយ។ (ធីម៉ូថេទី១ ៣:៤) អ្វីជាចំណុចសំខាន់នោះគឺថា ត្រូវតែបង្ហាញឲ្យឃើញជាក់ថាអ្នកត្រួតពិនិត្យនោះ កំពុងតែខំប្រឹងប្រែងណែនាំ‹កូនចៅជឿដែលឥតមានអ្នកណាចោទប្រកាន់ថាជាមនុស្សខូចអាក្រក់ ឬរឹងចចេស›។a
រៀបការ«ប្រពន្ធដែលមិនជឿ»
៨. តើអ្នកចាស់ទុំគួរតែប្រព្រឹត្តយ៉ាងណាចំពោះប្រពន្ធដែលមិនជឿរបស់គាត់?
៨ រីឯពួកគ្រីស្ទានដែលប្រពន្ធខ្លួនមិនជាអ្នកជឿ ប៉ុលបានសរសេរថា៖ «បើបងប្អូនណា មានប្រពន្ធដែលមិនជឿ តែព្រមនៅជាមួយនឹងខ្លួន នោះមិនត្រូវលះចោលនាងឡើយ។ . . . ដ្បិត . . . ប្រពន្ធដែលមិនជឿក៏[រាប់ជាស្អាត]ដោយសារប្ដីដែរ ពុំនោះ កូនចៅគេមិនស្អាតទេ តែឥឡូវនេះ វាស្អាតហើយ។ ដ្បិត . . . បុរសអើយ ប្រហែលជាអ្នកនឹងសង្គ្រោះប្រពន្ធបានដែរទេដឹង»? (កូរិនថូសទី១ ៧:១២-១៤, ១៦) ឃ្លាដែលថា «ដែលមិនជឿ» នៅត្រង់នេះមិនសំដៅចំពោះប្រពន្ធដែលគ្មានជំនឿណាមួយនោះទេ តែសំដៅចំពោះស្ត្រីដែលមិនថ្វាយខ្លួនទៅព្រះយេហូវ៉ាវិញ។ គាត់អាចជាជនជាតិយូដាម្នាក់ ឬជាអ្នកជឿព្រះណាផ្សេងទៀតក៏មាន។ នៅសព្វថ្ងៃនេះ ប្រហែលជាមានអ្នកចាស់ទុំណាម្នាក់បានរៀបការជាមួយស្ត្រីម្នាក់ដែលកាន់តាមសាសនាដទៃ ដែលមិនខ្វល់អំពីព្រះ ឬមិនជឿថាមានព្រះសោះ។ បើនាងសុខចិត្តរស់នៅជាមួយគាត់ នោះគាត់មិនត្រូវចាកចេញពីនាង ដោយសារមានជំនឿខុសគ្នានោះឡើយ។ គាត់គួរតែរស់‹នៅជាមួយប្រពន្ធរបស់ខ្លួនស្របតាមចំណេះ ត្រូវឲ្យកិត្ដិយសនាង ទុកដូចជាមនុស្សទន់ខ្សោយជាងខ្លួន គឺជាមនុស្សស្រី› ដោយសង្ឃឹមនឹងបានសង្គ្រោះនាង។—ពេត្រុសទី១ ៣:៧; កូល៉ុស ៣:១៩
៩. នៅក្នុងប្រទេសដែលច្បាប់រដ្ឋអនុញ្ញាតឲ្យឪពុកម្ដាយទាំងពីរមានសិទ្ធិណែនាំកូនចៅតាមសាសនារបស់គេម្នាក់ៗ តើអ្នកចាស់ទុំគួរតែប្រព្រឹត្តយ៉ាងណា ហើយតើការនេះនឹងមានឥទ្ធិពលយ៉ាងណាមកលើតំណែងរបស់គាត់?
៩ បើអ្នកត្រួតពិនិត្យមានកូនចៅ គាត់នឹងអនុវត្តប្រមុខភាពជាប្ដីនិងជាឪពុកឲ្យបានត្រឹមត្រូវ ក្នុងការចិញ្ចឹមពួកគេ«ទៅតាមដំបូន្មាន នឹងសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់[យេហូវ៉ា]វិញ»។ (អេភេសូរ ៦:៤) នៅក្នុងប្រទេសជាច្រើន ច្បាប់រដ្ឋអនុញ្ញាតឲ្យឪពុកម្ដាយទាំងពីរមានសិទ្ធិផ្ដល់ការណែនាំខាងសាសនាដល់កូនចៅរបស់ខ្លួន។ ក្នុងករណីនេះ ប្រពន្ធអាចទាមទារយកសិទ្ធិរបស់គាត់ ក្នុងការណែនាំកូនចៅតាមទំលាប់និងគោលជំនឿសាសនារបស់ខ្លួន ហើយអាចយកកូនទៅព្រះវិហាររបស់គាត់។b ពិតមែនហើយ កូនចៅគួរតែធ្វើតាមមនសិការដែលបានអប់រំពីព្រះគម្ពីរ ចំពោះការមិនចូលរួមក្នុងពិធីសាសនាក្លែងក្លាយទាំងនេះ។ ក្នុងឋានៈជាមេគ្រួសារ ឪពុកនឹងអនុវត្តសិទ្ធិរបស់គាត់ ដោយសិក្សាជាមួយកូនចៅខ្លួន ហើយយកពួកគេទៅឯកិច្ចប្រជុំនៅសាលព្រះរាជាណាចក្រពេលធ្វើទៅបាន។ កាលណាកូនទាំងនោះដល់អាយុដែលគេអាចសម្រេចចិត្តផ្ទាល់ខ្លួនហើយ នោះពួកគេនឹងសម្រេចដោយខ្លួនគេនូវផ្លូវណាដែលគេចង់ដើរ។ (យ៉ូស្វេ ២៤:១៥) បើសិនជាពួកអ្នកចាស់ទុំឯទៀតនិងពួកសមាជិកក្នុងក្រុមជំនុំអាចឃើញថា គាត់កំពុងតែខំប្រឹងធ្វើអស់ពីសេចក្ដីដែលច្បាប់រដ្ឋអនុញ្ញាតឲ្យ ក្នុងការបង្ហាត់បង្រៀនកូនចៅគាត់ឲ្យបានត្រឹមត្រូវក្នុងផ្លូវនៃសេចក្ដីពិត នោះគាត់នឹងមិនបាត់បង់សិទ្ធិជាអ្នកត្រួតពិនិត្យឡើយ។
‹ត្រួតត្រាលើក្រុមគ្រួសាររបស់ខ្លួនដោយត្រឹមត្រូវ›
១០. បើសិនជាមេគ្រួសារជាអ្នកចាស់ទុំម្នាក់ តើអ្វីជាធុរៈទីមួយរបស់គាត់?
១០ សូម្បីតែចំពោះអ្នកចាស់ទុំដែលជាឪពុក ហើយប្រពន្ធគាត់ជាគ្រីស្ទានម្នាក់ក៏ដោយ ក៏មិនជាការស្រួលទេក្នុងការលៃលកពេលវេលានិងការយកចិត្តទុកដាក់របស់គាត់ រវាងប្រពន្ធ កូន និងករណីយកិច្ចក្នុងក្រុមជំនុំ។ ព្រះគម្ពីរបង្ហាញយ៉ាងច្បាស់ថា ឪពុកគ្រីស្ទានមានធុរៈមើលថែរក្សាប្រពន្ធនិងកូនចៅរបស់គាត់។ ប៉ុលបានសរសេរថា៖ «បើមានអ្នកណាដែលមិនផ្គត់ផ្គង់ឲ្យពួកញាតិសន្ដានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្ដីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត»។ (ធីម៉ូថេទី១ ៥:៨) ក្នុងសំបុត្រដដែលនេះ ប៉ុលបានមានប្រសាសន៍ថា មានតែបុរសរៀបការដែលបានបង្ហាញថាខ្លួនជាប្ដីនិងឪពុកល្អ ទើបអាចអនុញ្ញាតឲ្យបំរើជាអ្នកត្រួតពិនិត្យម្នាក់បាន។—ធីម៉ូថេទី១ ៣:១-៥
១១. (ក) តើតាមរបៀបណាដែលអ្នកចាស់ទុំគួរតែ‹ផ្គត់ផ្គង់គ្រួសាររបស់ខ្លួន›? (ខ) តើការនេះអាចជួយអ្នកចាស់ទុំឲ្យបំពេញករណីយកិច្ចក្នុងក្រុមជំនុំយ៉ាងដូចម្ដេច?
១១ អ្នកចាស់ទុំគួរតែចេះ«ផ្គត់ផ្គង់»ដល់គ្រួសាររបស់ខ្លួន មិនមែនគ្រាន់តែផ្ដល់សម្ភារៈប៉ុណ្ណោះទេ គឺត្រូវផ្គត់ផ្គង់ខាងផ្នែកវិញ្ញាណនិងផ្លូវចិត្ត។ ស្តេចសាឡូម៉ូនសរសេរដោយប្រាជ្ញាថា៖ «ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសំរាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ»។ (សុភាសិត ២៤:២៧) ដូច្នេះ ក្នុងកាលដែលផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ប្រពន្ធនិងកូន ផ្នែកខាងសម្ភារៈ ផ្លូវចិត្ត និងការកំសាន្ត អ្នកត្រួតពិនិត្យនោះគួរតែធ្វើឲ្យពួកគេបានចំរើនឡើងខាងវិញ្ញាណ។ នេះត្រូវការពេលវេលា—ពេលវេលាដែលគាត់មិនអាចចំណាយចំពោះបញ្ហាក្រុមជំនុំ។ ប៉ុន្តែនេះជាពេលវេលាដែលគាត់អាចទទួលរង្វាន់ដ៏ល្អប្រសើរ ចំពោះសុភមង្គលនិងភាពវិញ្ញាណក្នុងគ្រួសារ។ ទៅអនាគត បើគ្រួសាររបស់គាត់មានសភាពខ្លាំងខាងវិញ្ញាណ អ្នកចាស់ទុំនោះនឹងមិនចាំបាច់ចំណាយពេលវេលាច្រើនក្នុងការដោះស្រាយបញ្ហាគ្រួសារ។ នេះនឹងទុកឲ្យគាត់មានពេលវេលាច្រើនក្នុងការបំពេញភារកិច្ចក្រុមជំនុំ។ គំរូរបស់គាត់ជាប្ដីនិងជាឪពុកល្អម្នាក់ នឹងអាចផ្ដល់ផលប្រយោជន៍ខាងវិញ្ញាណដល់ក្រុមជំនុំដែរ។—ពេត្រុសទី១ ៥:១-៣
១២. ឪពុកដែលជាអ្នកចាស់ទុំគួរតែធ្វើគំរូល្អចំពោះធុរៈគ្រួសារមួយណា?
១២ ការត្រួតត្រាលើក្រុមគ្រួសាររបស់ខ្លួនដោយត្រឹមត្រូវ រួមបញ្ចូលការកំណត់ពេលវេលាសំរាប់មើលខុសត្រូវលើការសិក្សាក្នុងគ្រួសារ។ ការធ្វើគំរូល្អចំពោះរឿងនេះជាការសំខាន់ណាស់ចំពោះអ្នកចាស់ទុំ ពីព្រោះក្រុមគ្រួសារខ្លាំងធ្វើឲ្យក្រុមជំនុំខ្លាំងដែរ។ អ្នកចាស់ទុំមិនគួរជាប់រវល់ជាញឹកញាប់នឹងកិច្ចបំរើណាផ្សេងទៀត ដែលគាត់គ្មានពេលវេលាសំរាប់សិក្សាជាមួយប្រពន្ធកូនរបស់ខ្លួននោះ។ បើនេះពិតជាករណីរបស់គាត់មែន គាត់គួរតែពិនិត្យសើរើតារាងពេលវេលារបស់គាត់ឡើងវិញ។ ប្រហែលជាគាត់ត្រូវសើរើតារាងឬកាត់បន្ថយពេលវេលាចំពោះបញ្ហាផ្សេងៗ ថែមទាំងកុំទទួលភារកិច្ចណាទៀតនៅពេលនេះ។
ការមើលខុសត្រូវដោយចេះថ្លឹងថ្លែង
១៣, ១៤. តើ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› បានឲ្យដំបូន្មានអ្វីខ្លះ ដល់ពួកអ្នកចាស់ទុំដែលជាមេគ្រួសារ?
១៣ ដំបូន្មានឲ្យចេះថ្លឹងថ្លែងករណីយកិច្ចគ្រួសានិងករណីយកិច្ចក្រុមជំនុំ មិនបានផ្ដល់ឲ្យមកជាលើកទីមួយទេ។ ជាច្រើនឆ្នាំមកហើយ ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› បានឲ្យដំបូន្មានស្រដៀងនេះដល់ពួកអ្នកចាស់ទុំ។ (ម៉ាថាយ ២៤:៤៥) ជាង៣៧ឆ្នាំកន្លងមកនេះ ប៉មយាម នៃថ្ងៃទី១៥ កញ្ញា ១៩៥៩ ទំព័រ ៥៥៣ និង ៥៥៤ ឲ្យយោបល់ថា៖ «តើនេះមិនអាស្រ័យទៅលើការចេះថ្លឹងថ្លែងសេចក្ដីទាមទារយកពេលវេលារបស់យើងទេឬ? អ្នកគួរតែយកចិត្តទុកដាក់ត្រឹមត្រូវចំពោះផលប្រយោជន៍នៃគ្រួសាររបស់ខ្លួនផ្ទាល់។ ប្រាកដហើយ ព្រះយេហូវ៉ាមិនចង់ឲ្យបុរសម្នាក់ប្រើពេលវេលារបស់គាត់ទាំងអស់ចំពោះសកម្មភាពក្នុងក្រុមជំនុំ ដើម្បីជួយបងប្អូននិងអ្នកជិតខាងឲ្យបានសង្គ្រោះ តែពុំបានជួយសង្គ្រោះគ្រួសាររបស់ខ្លួននោះទេ។ ប្រពន្ធកូនចៅរបស់បុរសនោះ ជាករណីយកិច្ចទីមួយ»។
១៤ ប៉មយាម នៃថ្ងៃទី១ វិច្ឆិកា ១៩៨៦ ទំព័រ ២២ ឲ្យដំបូន្មានថា៖ «ការចូលរួមក្នុងកិច្ចបំរើផ្សាយជាគ្រួសារ នឹងនាំឲ្យមានការស្និទ្ធស្នាលនឹងគ្នា ប៉ុន្តែសេចក្ដីត្រូវការពិសេសនៃកូនចៅ គឺពេលវេលានិងកម្លាំងចិត្តរបស់អ្នកផ្ទាល់។ ដូច្នេះ ត្រូវតែឲ្យចេះថ្លឹងថ្លែង ដើម្បីកំណត់ពេលវេលាឲ្យបានត្រឹមត្រូវចំពោះភារកិច្ចក្រុមជំនុំ ក្នុងកាលដែលអ្នកមើលថែរក្សា‹ក្រុមគ្រួសាររបស់ខ្លួន›ផ្នែកខាងវិញ្ញាណ ផ្លូវចិត្ត និងខាងសម្ភារៈ។ [គ្រីស្ទានម្នាក់]ត្រូវតែ‹រៀនឲ្យចេះគោរពប្រតិបត្ដិដល់ព្រះក្នុងក្រុមគ្រួសាររបស់[គាត់]មុនសិន›។ (ធីម៉ូថេទី១ ៥:៤, ៨)»។
១៥. ហេតុអ្វីក៏អ្នកចាស់ទុំដែលមានប្រពន្ធកូន ត្រូវការប្រាជ្ញានិងការវិនិច្ឆ័យ?
១៥ គម្ពីរសុភាសិតចែងថា៖ «ការដែលសង់ផ្ទះឡើងបាន នោះក៏ដោយសារប្រាជ្ញា ហើយគឺដោយសារយោបល់[ការវិនិច្ឆ័យ, ព.ថ.]ដែលផ្ទះនោះនឹងបានតាំងនៅជាមាំមួន»។ (សុភាសិត ២៤:៣) មែនហើយ ដើម្បីឲ្យអ្នកត្រួតពិនិត្យបំពេញធុរៈពីព្រះ ហើយដើម្បីឲ្យគាត់កសាងគ្រួសាររបស់គាត់នៅពេលដំណាលគ្នានេះ គាត់ច្បាស់ជាត្រូវការប្រាជ្ញានិងការវិនិច្ឆ័យ។ យោងទៅតាមព្រះគម្ពីរ គាត់មានការមើលខុសត្រូវច្រើនផ្នែក—គឺទាក់ទងករណីយកិច្ចគ្រួសារនិងក្រុមជំនុំរបស់គាត់។ គាត់ត្រូវការការវិនិច្ឆ័យដើម្បីរក្សាឲ្យមានការថ្លឹងថ្លែងរវាងផ្នែកទាំងនេះ។ (ភីលីព ១:៩, ១០) គាត់ត្រូវការប្រាជ្ញាដើម្បីរៀបចំអាទិភាពរបស់គាត់។ (សុភាសិត ២:១០, ១១) គាត់ត្រូវតែដឹងថា ជាប្ដីនិងជាឪពុក ករណីយកិច្ចទីមួយរបស់គាត់ពីព្រះ គឺមើលថែរក្សានិងជួយសង្គ្រោះក្រុមគ្រួសាររបស់ខ្លួន ទោះបីជាគាត់មានចិត្តចង់មើលថែរក្សាភារកិច្ចក្រុមជំនុំរបស់គាត់ក៏ដោយ។
ឪពុកល្អក៏ជាអ្នកចាស់ទុំល្អ
១៦. តើមានប្រយោជន៍អ្វីដល់អ្នកចាស់ទុំ បើគាត់ជាឪពុកម្នាក់នោះ?
១៦ អ្នកចាស់ទុំដែលមានកូនចៅកាន់មារយាទល្អ នោះជាការមានប្រយោជន៍ណាស់។ បើគាត់ចេះមើលថែរក្សាគ្រួសាររបស់គាត់បានល្អ គាត់នឹងមានសមត្ថភាពជួយគ្រួសារឯទៀតក្នុងក្រុមជំនុំដែរ។ គាត់នឹងយល់អំពីបញ្ហារបស់គេ ហើយអាចផ្ដល់ឲ្យដំបូន្មានដែលចេញពីការពិសោធន៍របស់ខ្លួនផ្ទាល់។ គួរឲ្យរីករាយដែរ មានអ្នកចាស់ទុំរាប់ពាន់នាក់នៅជុំវិញពិភពលោក ដែលកំពុងតែធ្វើបានល្អប្រសើរជាប្ដី ឪពុក និងអ្នកត្រួតពិនិត្យ។
១៧. (ក) តើបុរសដែលជាអ្នកចាស់ទុំនិងជាឪពុក ត្រូវតែចងចាំអ្វី? (ខ) តើសមាជិកឯទៀតក្នុងក្រុមជំនុំ គួរតែបង្ហាញចិត្តអាណិតអាសូរយ៉ាងណា?
១៧ ដើម្បីឲ្យមេគ្រួសារម្នាក់អាចធ្វើជាអ្នកចាស់ទុំ គាត់ត្រូវតែជាគ្រីស្ទានម្នាក់ដែលមានគំនិតចាស់ទុំ ដែលអាចចាត់ចែងកិច្ចការរបស់គាត់យ៉ាងណា ឲ្យគាត់អាចចំណាយពេលវេលានិងការយកចិត្តទុកដាក់ដល់អ្នកឯទៀតក្នុងក្រុមជំនុំ ក្នុងកាលដែលគាត់មើលថែរក្សាប្រពន្ធកូនរបស់គាត់។ គាត់ត្រូវតែចងចាំថា កិច្ចការគង្វាលចាប់ផ្ដើមពីក្នុងផ្ទះ។ ដោយដឹងថាអ្នកចាស់ទុំដែលមានប្រពន្ធនិងកូនចៅ មានករណីយកិច្ចខាងគ្រួសារនិងក្រុមជំនុំ សមាជិកនៃក្រុមជំនុំនឹងមិនគួរទាមទារយកពេលវេលាគាត់ ដោយឥតត្រឹមត្រូវនោះឡើយ។ ឧទាហរណ៍ អ្នកចាស់ទុំដែលមានកូនដែលត្រូវទៅសាលារៀនព្រឹកស្អែក ប្រហែលជាគាត់មិនអាចនៅបានយូរទេ ក្រោយពីប្រជុំពេលល្ងាចម្ដងៗ។ សមាជិកឯទៀតក្នុងក្រុមជំនុំ គួរតែយោគយល់ដល់ការនេះ ហើយបង្ហាញចិត្តអធ្យាស្រ័យ។—ភីលីព ៤:៥
ពួកអ្នកចាស់ទុំយើងគួរជាទីស្រឡាញ់ដល់យើង
១៨, ១៩. (ក) ការពិនិត្យពិច័យកូរិនថូសទី១ ជំពូកទី៧ បានជួយឲ្យយើងឃើញអ្វី? (ខ) តើយើងគួរតែចាត់ទុកបុរសគ្រីស្ទានបែបនេះយ៉ាងណា?
១៨ ការពិនិត្យពិច័យជំពូកទី៧ នៃសំបុត្រទីមួយរបស់ប៉ុលទៅពួកកូរិនថូស បានជួយឲ្យយើងឃើញថា ក្រោយពីប៉ុលបានឲ្យដំបូន្មាននេះ មានមនុស្សនៅលីវជាច្រើនដែលកំពុងតែប្រើសេរីភាពរបស់ខ្លួនក្នុងការបំរើផលប្រយោជន៍នៃព្រះរាជាណាចក្រ។ ហើយក៏មានបងប្អូនប្រុសៗរាប់ពាន់នាក់ ដែលមានប្រពន្ធតែឥតមានកូន ក្នុងកាលដែលគេយកចិត្តទុកដាក់នឹងប្រពន្ធរបស់គេ ក៏បានបំរើជាអ្នកត្រួតពិនិត្យដ៏ប្រសើរនៅតាមតំបន់ មណ្ឌល ក្រុមជំនុំ និងសាខាប៉មយាមផ្សេងៗ ដោយមានការគាំទ្រពីប្រពន្ធរបស់ខ្លួនយ៉ាងប្រសើរ។ នៅទីបំផុត មានឪពុកជាច្រើនរាប់មិនអស់ក្នុង៨០.០០០ក្រុមជំនុំនៃប្រជារាស្ត្ររបស់ព្រះយេហូវ៉ា ដែលមិនត្រឹមតែមើលថែរក្សាប្រពន្ធកូនចៅរបស់គេប៉ុណ្ណោះ តែថែមទាំងយកពេលវេលាបំរើបងប្អូនរបស់គេ ជាអ្នកគង្វាលដ៏ចេះខ្វល់ខ្វាយដែរ។—កិច្ចការ ២០:២៨
១៩ សាវ័កប៉ុលបានសរសេរថា៖ «អ្នកចាស់ទុំណា ដែលជាអ្នកនាំមុខយ៉ាងល្អ នោះត្រូវរាប់ជាគួរនឹងគោរពប្រតិបត្ដិជាទ្វេគុណឡើង គឺមានពួកដែលខំផ្សាយព្រះបន្ទូល ហើយនឹងពួកដែលបង្រៀនជាដើម»។ (ធីម៉ូថេទី១ ៥:១៧) ត្រូវហើយ ពួកអ្នកចាស់ទុំដែលត្រួតត្រាលើក្រុមគ្រួសារនិងក្រុមជំនុំរបស់គេបានយ៉ាងល្អប្រសើរ នោះសមទទួលការស្រឡាញ់និងការគោរពពីយើង។ សូមឲ្យយើងទទួល«រាប់អានមនុស្សយ៉ាងនោះចុះ»។—ភីលីព ២:២៩
[កំណត់សម្គាល់]
a សូមមើលប៉មយាម ១ កុម្ភៈ ១៩៧៨ ទំព័រ ៣១-២។ (ភាសាអង់គ្លេស)
b សូមមើលប៉មយាម ១ ធ្នូ ១៩៦០ ទំព័រ ៧៣៥-៦។ (ភាសាអង់គ្លេស)
ការសើរើឡើងវិញ
◻ តើតាមរបៀបណាដែលយើងដឹងថា ពួកអ្នកចាស់ទុំជាច្រើននៅសតវត្សទីមួយ ជាអ្នកមានគ្រួសារ?
◻ តើអ្វីតម្រូវពីពួកអ្នកចាស់ទុំដែលមានប្រពន្ធកូន ហើយហេតុអ្វី?
◻ តើឃ្លាដែលថា«មានកូនចៅជឿ» មានន័យយ៉ាងណា ហើយចុះយ៉ាងណាវិញ បើកូនរបស់អ្នកចាស់ទុំនោះមិនចង់បំរើព្រះយេហូវ៉ា?
◻ តើតាមរបៀបណាដែលអ្នកចាស់ទុំត្រូវ‹ផ្គត់ផ្គង់ក្រុមគ្រួសាររបស់ខ្លួន›?
[រូបភាពនៅទំព័រ៣១]
ក្រុមគ្រួសារខ្លាំងធ្វើឲ្យក្រុមជំនុំខ្លាំង