ជំពូកទី៩៨
ពួកសាវ័កស្វែងរកមុខមាត់ម្ដងទៀត
ម៉ាថាយ ២០:១៧-២៨ ម៉ាកុស ១០:៣២-៤៥ លូកា ១៨:៣១-៣៤
លោកយេស៊ូប្រាប់ទុកជាមុនម្ដងទៀតអំពីការស្លាប់របស់លោក
លោកឲ្យឱវាទដល់ពួកសាវ័កដែលចង់បានមុខមាត់
កាលដែលលោកយេស៊ូនិងពួកអ្នកកាន់តាមបន្តធ្វើដំណើរទៅទិសខាងត្បូងឆ្លងកាត់តំបន់ភេរៀឆ្ពោះទៅក្រុងយេរូសាឡិម នោះពួកគាត់ក៏បានឆ្លងទន្លេយ៉ូដាន់ជិតក្រុងយេរីខូ។ នៅពេលនោះក៏មានអ្នកឯទៀតធ្វើដំណើរជាមួយនឹងពួកគាត់ដែរដើម្បីចូលរួមបុណ្យរំលងនៅឆ្នាំ៣៣ គ.ស.។
លោកយេស៊ូកំពុងដើរនៅមុខពួកអ្នកកាន់តាម ហើយលោកតាំងចិត្តទៅដល់ក្រុងយេរូសាឡិមឲ្យទាន់ពេលធ្វើបុណ្យរំលង។ ប៉ុន្តែពួកសាវ័កមានការភ័យខ្លាច។ ហេតុអ្វី? ពីព្រោះមិនយូរមុននេះ ពេលឡាសាបានស្លាប់ ហើយលោកយេស៊ូហៀបនឹងធ្វើដំណើរពីតំបន់ភេរៀទៅតំបន់យូឌា នោះថូម៉ាសប្រាប់អ្នកកាន់តាមឯទៀតថា៖ «យើងទៅជាមួយនឹងលោកដែរទៅ ដើម្បីយើងអាចស្លាប់ជាមួយនឹងលោក»។ (យ៉ូហាន ១១:១៦, ៤៧-៥៣) ដូច្នេះ ការធ្វើដំណើរឆ្ពោះទៅក្រុងយេរូសាឡិមអាចនាំឲ្យពួកគាត់ជួបនឹងគ្រោះថ្នាក់។ ហេតុនេះ ការភ័យខ្លាចរបស់ពួកអ្នកកាន់តាមគឺសមហេតុសមផល។
ដើម្បីជួយពួកសាវ័កឲ្យត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនៅអនាគត លោកយេស៊ូបាននាំពួកគាត់ទៅដាច់ឡែកពីគេ ហើយមានប្រសាសន៍ទៅពួកគាត់ថា៖ «យើងកំពុងធ្វើដំណើរឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវប្រគល់ឲ្យពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់ ហើយពួកគេនឹងកាត់ទោសប្រហារជីវិតលោក រួចនឹងប្រគល់លោកឲ្យជនជាតិដទៃ ដើម្បីឲ្យពួកគេចំអកឲ្យលោក វាយនឹងរំពាត់ខ្សែតី ហើយព្យួរលោកនៅបង្គោល រួចនៅថ្ងៃទីបីលោកនឹងត្រូវប្រោសឲ្យរស់ឡើងវិញ»។—ម៉ាថាយ ២០:១៨, ១៩
នេះគឺជាលើកទី៣ហើយដែលលោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមអំពីការស្លាប់របស់លោក និងការដែលព្រះប្រោសលោកឲ្យរស់ឡើងវិញនៅថ្ងៃអនាគត។ (ម៉ាថាយ ១៦:២១; ១៧:២២, ២៣) ក៏ប៉ុន្តែ លើកនេះលោកមានប្រសាសន៍ថាលោកនឹងត្រូវព្យួរនៅបង្គោល។ ពិតមែនតែពួកអ្នកកាន់តាមស្ដាប់លោក តែពួកគាត់មិនយល់អត្ថន័យនៃប្រសាសន៍របស់លោកឡើយ។ ហេតុអ្វី? ពីព្រោះពួកគាត់ប្រហែលជាកំពុងសង្ឃឹមថាលោកយេស៊ូនឹងស្ថាបនារាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅផែនដី។ ម្យ៉ាងទៀត ពួកគាត់ប្រហែលជាចង់ទទួលសិរីរុងរឿងនិងកិត្ដិយសជាមួយនឹងគ្រិស្តក្នុងរាជាណាចក្រនៅផែនដី។
តាមមើលទៅ សាឡូមេដែលជាម្ដាយរបស់សាវ័កយ៉ាកុបនិងយ៉ូហានក៏ធ្វើដំណើរជាមួយនឹងពួកគាត់ដែរ។ លោកយេស៊ូបានដាក់ឈ្មោះសាវ័កពីរនាក់នោះ ដែលមានន័យថា«កូនផ្គរលាន់» នេះច្បាស់ជាដោយសារពួកគាត់ជាមនុស្សឆេវឆាវ។ (ម៉ាកុស ៣:១៧; លូកា ៩:៥៤) អស់មួយរយៈពេលហើយដែលសាវ័កទាំងពីរនាក់នេះមានមហិច្ឆតាចង់បានមុខមាត់ក្នុងរាជាណាចក្ររបស់គ្រិស្ត។ ម្ដាយរបស់ពួកគាត់ក៏ដឹងអំពីរឿងនោះដែរ។ ឥឡូវ នាងបានទៅជួបលោកយេស៊ូជំនួសកូនរបស់នាង ហើយលំឱនកាយគោរពលោក រួចមានសំណូមពរមួយ។ លោកយេស៊ូសួរនាងថា៖ «តើចង់បានអ្វី?»។ នាងជម្រាបលោកថា៖ «សូមចេញវាចាឲ្យកូនប្រុសទាំងពីរនាក់នេះរបស់ខ្ញុំអង្គុយ ម្នាក់នៅខាងស្ដាំ ហើយម្នាក់នៅខាងឆ្វេងលោក ក្នុងរាជាណាចក្ររបស់លោក»។—ម៉ាថាយ ២០:២០, ២១
តាមពិត សំណូមពរនេះគឺមកពីយ៉ាកុបនិងយ៉ូហាន។ មុននេះ លោកយេស៊ូទើបតែបានប្រាប់ពួកគាត់ថាលោកនឹងជួបប្រទះការប្រមាថនិងការអាម៉ាស់មុខ។ ឥឡូវ លោកមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នកទាំងពីរមិនដឹងថាខ្លួនកំពុងសុំអ្វីនោះទេ។ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកបានឬទេ?»។ ពួកគាត់ឆ្លើយថា៖ «យើងអាចផឹកបាន»។ (ម៉ាថាយ ២០:២២) ប៉ុន្តែ ពួកគាត់ទំនងជាមិនយល់ច្បាស់អំពីសំណួររបស់លោកយេស៊ូឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោកយេស៊ូប្រាប់ពួកគាត់ថា៖ «អ្នកប្រាកដជានឹងផឹកពីពែងខ្ញុំជាពុំខាន ក៏ប៉ុន្តែ មិនមែនខ្ញុំទេដែលសម្រេចឲ្យអង្គុយនៅខាងស្ដាំឬខាងឆ្វេងខ្ញុំ តែគឺជាកន្លែងរបស់អ្នកដែលបិតារបស់ខ្ញុំបានរៀបចំកន្លែងនោះទុកឲ្យ»។—ម៉ាថាយ ២០:២៣
ពេលដែលសាវ័ក១០នាក់ទៀតឮអំពីសំណូមពររបស់យ៉ាកុបនិងយ៉ូហាន ពួកគាត់ក៏ទាស់ចិត្តនឹងបងប្អូនទាំងពីរនាក់នោះ។ យ៉ាកុបនិងយ៉ូហានប្រហែលជាបានចូលរួមក្នុងការប្រកែកគ្នាជាមួយនឹងសាវ័កឯទៀតអំពីអ្នកណាធំជាងគេក៏មិនដឹង។ (លូកា ៩:៤៦-៤៨) យ៉ាងណាក្ដី សំណូមពរនោះបង្ហាញថាពួកសាវ័កទាំង១២នាក់មិនទាន់បានធ្វើតាមឱវាទរបស់លោកយេស៊ូស្តីអំពីការកាន់ចរិយាជាអ្នកតូចជាងគេទេ។ ពួកគាត់នៅតែមានចិត្តចង់បានមុខមាត់។
លោកយេស៊ូសម្រេចចិត្តដោះស្រាយទំនាស់ថ្មីនេះ ពីព្រោះទំនាស់នេះកំពុងបង្កឲ្យមានការទើសចិត្តគ្នា។ លោកហៅពួកសាវ័ក១២នាក់មក ហើយឲ្យឱវាទដោយសេចក្ដីស្រឡាញ់ថា៖ «អ្នករាល់គ្នាដឹងថា អ្នកដែលគេចាត់ទុកជាអ្នកគ្រប់គ្រងប្រជាជាតិនានាត្រួតត្រាលើពួកគេ ហើយអ្នកធំក៏ប្រើអំណាចលើពួកគេដែរ។ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាគឺមិនដូច្នេះឡើយ ផ្ទុយទៅវិញអ្នកណាដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ ហើយក្នុងចំណោមអ្នករាល់គ្នា អ្នកណាដែលចង់នាំមុខគេ ត្រូវធ្វើជាខ្ញុំបម្រើរបស់គេទាំងអស់គ្នា»។—ម៉ាកុស ១០:៤២-៤៤
លោកយេស៊ូលើកឡើងគំរូមួយដែលពួកគាត់គួរធ្វើតាម ពោលគឺគំរូរបស់លោក។ លោកពន្យល់ថា៖ «កូនមនុស្សក៏មិនបានមកដើម្បីឲ្យគេបម្រើលោកដែរ តែបានមកដើម្បីបម្រើគេវិញ ហើយឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាថាយ ២០:២៨) អស់រយៈពេលប្រហែលជាបីឆ្នាំដែលលោកយេស៊ូបានបម្រើអ្នកឯទៀត ហើយលោកនឹងបន្តធ្វើដូច្នេះរហូតដល់ឲ្យជីវិតខ្លួនសម្រាប់មនុស្សជាតិទៀតផង! ដូច្នេះ ពួកអ្នកកាន់តាមត្រូវមានចិត្តគំនិតដូចគ្រិស្តដែលចង់បម្រើអ្នកឯទៀត ជាជាងឲ្យគេបម្រើពួកគាត់។ ម្យ៉ាងទៀត ពួកគាត់ត្រូវកាន់ចរិយាជាអ្នកតូចជាងគេ ជាជាងចង់បានមុខមាត់។