«ត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព»
«ព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាងតែផ្ដល់ព្រះគុណដល់ពួករាបសាវិញ»។—ពេត្រុសទី១ ៥:៥
១, ២. តើអ្វីជាគំនិតលក្ខណៈពីរដែលផ្ទុយគ្នា ក្នុងការមានអានុភាពខ្លាំងលើចរិយារបស់មនុស្សជាតិ?
ក្នុងចំណោមគំនិតលក្ខណៈដែលបន្ទូលរបស់ព្រះបញ្ជាក់ឲ្យយើងនោះ គឺមានគំនិតលក្ខណៈពីរដែលផ្ទុយគ្នា។ គំនិតលក្ខណៈទាំងពីរនោះមានអានុភាពខ្លាំងទៅលើចរិយាមនុស្សជាតិ។ គំនិតលក្ខណៈត្រូវរៀបរាប់ជា«ចិត្តសុភាព»។ (ពេត្រុសទី១ ៥:៥) វចនានុក្រមមួយកាត់ស្រាយន័យនៃពាក្យ«សុភាព» ថាជា«រាបទាបខាងឫកពាឬក៏គំនិត មិនមានចិត្តអំនួត»។ ចិត្តសុភាពគឺនៅទន្ទឹមគ្នានឹងចិត្តរាបទាប ហើយតាមទស្សនៈរបស់ព្រះ នោះជាគុណសម្បត្ដិមួយដែលគួរចង់បាន។
២ ផ្ទុយពីនោះគឺអំនួត។ នេះត្រូវកាត់ស្រាយជា«ការឲ្យតម្លៃហួសហេតុចំពោះខ្លួនឯង» រួមទាំង«ការមើលងាយ»។ អំនួតគិតតែប្រយោជន៍ខ្លួន ហើយស្វះស្វែងប្រយោជន៍ខាងទ្រព្យសម្បត្ដិ ខាងអត្តទត្ថភាព និងប្រយោជន៍ផ្សេងទៀត ទោះបីនោះបាននាំឲ្យអ្នកដទៃពិបាកក៏ដោយ។ ព្រះគម្ពីរកត់សម្គាល់នូវលទ្ធផលមួយថា៖ «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ ព្រះគម្ពីរក៏ចែងពី«អ្នកជិតខាងមានចិត្តច្រណែនដល់គ្នានឹងគ្នា» ជា«អសារឥតការទទេ» ពីព្រោះនៅពេលស្លាប់«ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ»។ អំនួតបែបនេះគឺមិនគួរចង់បានសោះតាមទស្សនៈរបស់ព្រះ។—សាស្ដា ៤:៤; ៥:១៥; ៨:៩
អាកប្បកិរិយាទូទៅនៃលោកីយ៍
៣. តើអ្វីជាអាកប្បកិរិយាទូទៅនៃលោកីយ៍?
៣ សព្វថ្ងៃតើមួយណាក្នុងចំណោមគំនិតលក្ខណៈទាំងពីរនោះ ដែលជាលក្ខណៈរបស់លោកីយ៍នេះ? តើអ្វីជាអាកប្បកិរិយាជាទូទៅរបស់លោកីយ៍នេះ? សៀវភៅ ការចំណាយខាងទាហាននិងខាងសង្គមក្នុងឆ្នាំ១៩៩៦ កត់សម្គាល់ថា៖ «គ្មានសតវត្សឯណាក្នុងប្រវត្ដិសាស្ត្រដែលស្មើនឹងសតវត្សទី២០នេះ ស្តីអំពីអំពើឃោរឃៅ . . . ដ៏ព្រៃផ្សៃ»។ ការប្រជែងគ្នាដើម្បីទទួលអំណាចខាងនយោបាយនិងខាងសេដ្ឋកិច្ច ព្រមទាំងការប្រកួតរវាងសាសន៍ សាសនា កុលសម្ព័ន្ធ និងការប្រកួតរវាងពូជសាសន៍ នោះបានសម្លាប់មនុស្សជាង១០០លាននាក់ក្នុងសតវត្សនេះ។ មនុស្សម្នាក់ដែលមានចរិយាដែលគិតតែប្រយោជន៍ខ្លួនឯង នោះក៏បានកើនឡើងផងដែរ។ កាសែត ឆិខាកូ ត្រិប្យូន បានចែងថា៖ «ជម្ងឺសង្គមនោះរួមបញ្ចូលអំពើឃោរឃៅដោយឥតបើគិត ការធ្វើទុក្ខទោសដល់កូនក្មេង ការលែងលះគ្នា ការប្រមឹក ជម្ងឺអេដស៍ អត្តឃាតនៃយុវជន គ្រឿងឱសថ ក្រុមមនុស្សអាក្រក់ដែលដើរតាមផ្លូវ ការរំលោភ កូនឥតខាន់ស្លា ការពន្លូតកូន រូបអាសអាភាស . . . ការភូតភរ ការបោកប្រាស់ សេចក្ដីពុករលួយខាងនយោបាយ . . . គំនិតសីលធម៌អំពីអ្វីដែលខុសនិងត្រូវនោះបានត្រូវបំបាត់ចោល»។ ដូច្នេះហើយ កាសែត កត់ត្រាហេតុការណ៍អ.ស.ប. បានព្រមានថា៖ «សង្គមមនុស្សកំពុងតែបាក់បែកខ្ទេចខ្ទី»។
៤, ៥. តើតាមរបៀបណាដែលអាកប្បកិរិយានៃលោកីយ៍នោះ បានរៀបរាប់យ៉ាងត្រឹមត្រូវក្នុងទំនាយព្រះគម្ពីរអំពីសម័យយើងនេះ?
៤ ស្ថានភាពនេះគឺមានទូទាំងផែនដី។ ស្ថានភាពនោះគឺដូចគ្នានឹងអ្វីដែលបទទំនាយព្រះគម្ពីរបានទាយទុកសំរាប់សម័យយើងនេះថា៖ «នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្ដីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ»។—ធីម៉ូថេទី២ ៣:១-៤
៥ នោះគឺជាការពិពណ៌នាត្រឹមត្រូវមួយពីអាកប្បកិរិយាទូទៅនៃលោកីយ៍នេះ។ គឺជាអាកប្បកិរិយាដែលប្រកបដោយអត្តទត្ថភាពដ៏ក្រអឺតក្រទម។ ការប្រកួតប្រជែងរវាងសាសន៍ គឺត្រូវសម្ដែងដោយការប្រកួតប្រជែងរវាងមនុស្សម្នាក់ៗ។ ជាឧទាហរណ៍ ក្នុងកីឡាដែលមានការប្រកួតប្រណាំង អ្នកកីឡាចង់បានលេខមួយ មិនខ្វល់ថានេះបញ្ឈឺចិត្តគេឬក៏បញ្ឈឺរូបកាយអ្នកដទៃទេ។ អាកប្បកិរិយាដែលគិតតែប្រយោជន៍ខ្លួន នោះត្រូវបណ្ដុះបណ្ដាលក្នុងកូនក្មេង ហើយបន្តក្នុងផ្នែកផ្សេងៗនៃជីវិតរបស់អ្នកពេញវ័យ។ នោះមានបង្កើតផលជា«សំអប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក»។—កាឡាទី ៥:១៩-២១
៦. តើនរណាបង្កើតឲ្យមានអត្តទត្ថភាព ហើយតើព្រះយេហូវ៉ាមានព្រះទ័យយ៉ាងណាអំពីគំនិតបែបនេះ?
៦ ព្រះគម្ពីរបង្ហាញថា គំនិតដែលគិតតែប្រយោជន៍ខ្លួននៃលោកីយ៍នេះ នោះសម្ដែងអាកប្បកិរិយារបស់អ្នក«ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយទាំងមូលឲ្យវង្វេងចេញ»។ ស្តីអំពីអានុភាពរបស់សាតាំងទៅលើមនុស្សដែលកំពុងតែរស់ក្នុងថ្ងៃជាន់ក្រោយបង្អស់ដ៏លំបាកនេះ នោះព្រះគម្ពីរទាយថា៖ «វេទនាដល់ផែនដី . . . ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:៩-១២) ដូច្នេះ វាហើយពួកព្រាយបិសាចរបស់វាបានខិតខំរឹតតែខ្លាំងឡើង ដើម្បីបង្កើតគំនិតដ៏អត្តទត្ថក្នុងមនុស្សជាតិ។ ចុះតើព្រះយេហូវ៉ាមានព្រះទ័យយ៉ាងណាវិញអំពីអាកប្បកិរិយាបែបនេះ? បន្ទូលរបស់ទ្រង់ថា៖ «អស់អ្នកណាដែលមានចិត្តឆ្មើងឆ្មៃ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា»។—សុភាសិត ១៦:៥
ព្រះយេហូវ៉ាគង់នៅជាមួយពួកអ្នកសុភាព
៧. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះមនុស្សសុភាព ហើយតើទ្រង់បង្រៀនគេអ្វី?
៧ នៅម្ខាងទៀត នោះព្រះយេហូវ៉ាប្រទានពរចំពោះអ្នកណាដែលមានចិត្តសុភាព។ តាមរយៈចំរៀងទូលព្រះយេហូវ៉ា នោះស្តេចដាវីឌបានមានបន្ទូលថា៖ «ព្រះអង្គសង្គ្រោះមនុស្សទន់ទាប ព្រះអង្គទតមកអស់អ្នកដែលមានចិត្តឆ្មើងឆ្មៃ ដើម្បីបន្ទាបពួកគេ»។ (សាំយូអែលទី២ ២២:១, ២៨ ភាសាខ្មែរសម្រាយ) ដូច្នេះ បន្ទូលរបស់ព្រះជូនឱវាទថា៖ «អស់អ្នករាបសានៅផែនដី . . . ចូរស្វែងរកទ្រង់ ចូរស្វែងរកសេចក្ដីសុចរិត ចូរស្វែងរកសេចក្ដីសុភាពចុះ ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុកនៅក្នុងថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាទេដឹង»។ (សេផានា ២:៣) អ្នកដែលស្វែងរកព្រះយេហូវ៉ាដោយសេចក្ដីរាបទាបនោះ គឺត្រូវបង្រៀនដោយទ្រង់ឲ្យបណ្ដុះបណ្ដាលអាកប្បកិរិយាផ្ទុយស្រឡះពីលោកីយ៍នេះ។ ទ្រង់នឹង«បង្រៀនមនុស្សរាបទាប ឲ្យស្គាល់ផ្លូវទ្រង់»។ (ទំនុកដំកើង ២៥:៩; អេសាយ ៥៤:១៣) របៀបនោះគឺជារបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់។ នោះមានមូលដ្ឋានលើការធ្វើអ្វីដ៏ត្រឹមត្រូវតាមខ្នាតតម្រារបស់ព្រះ។ យោងទៅតាមព្រះគម្ពីរ សេចក្ដីស្រឡាញ់នេះដែលមានមូលដ្ឋានលើគោលការណ៍«មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង . . . មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន»។ (កូរិនថូសទី១ ១៣:១-៨) សេចក្ដីស្រឡាញ់នោះក៏សម្ដែងខ្លួនក្នុងចិត្តសុភាពដែរ។
៨, ៩. (ក) តើសេចក្ដីស្រឡាញ់ដែលមានមូលដ្ឋានលើគោលការណ៍នោះ មកពីប្រភពណា? (ខ) តើការធ្វើតម្រាប់តាមសេចក្ដីស្រឡាញ់និងចិត្តរាបទាបដែលព្រះយេស៊ូបង្ហាញនោះ ជាសំខាន់ប៉ុណ្ណា?
៨ ប៉ុលនិងគ្រីស្ទានដទៃនៅសតវត្សទីមួយ ក៏បានរៀនសេចក្ដីស្រឡាញ់បែបនេះពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូ។ ហើយព្រះយេស៊ូបានរៀនពីព្រះវរបិតារបស់ទ្រង់ ជាព្រះយេហូវ៉ា ដែលព្រះគម្ពីរចែងពីទ្រង់ថា៖ «ព្រះទ្រង់ជាសេចក្ដីស្រឡាញ់នោះឯង»។ (យ៉ូហានទី១ ៤:៨) ព្រះយេស៊ូបានជ្រាបថា ព្រះហឫទ័យរបស់ព្រះចំពោះទ្រង់ គឺឲ្យទ្រង់រស់នៅដោយកាន់តាមច្បាប់នៃសេចក្ដីស្រឡាញ់ ហើយទ្រង់បានធ្វើអ៊ីចឹងមែន។ (យ៉ូហាន ៦:៣៨) ហេតុនោះហើយ ទ្រង់បានមានសេចក្ដីមេត្ដាចំពោះអ្នកដែលត្រូវគេជិះជាន់ អ្នកក្រ ហើយអ្នកមានបាបផងដែរ។ (ម៉ាថាយ ៩:៣៦) ទ្រង់បានមានបន្ទូលប្រាប់គេថា៖ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព»។—ម៉ាថាយ ១១:២៨, ២៩
៩ ព្រះយេស៊ូបានបង្ហាញសិស្សរបស់ទ្រង់ នូវសារៈសំខាន់នៃការធ្វើតម្រាប់តាមសេចក្ដីស្រឡាញ់ និងចិត្តរាបទាបរបស់ទ្រង់ ពេលទ្រង់មានបន្ទូលប្រាប់គេថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) ពួកគេនឹងលេចចេញដោយឡែកពីលោកីយ៍ដ៏អត្តទត្ថនេះ។ ហេតុនោះហើយទ្រង់អាចមានបន្ទូលពីអ្នកកាន់តាមទ្រង់៖ «គេមិនមែនជារបស់លោកីយទេ»។ (យ៉ូហាន ១៧:១៤) ត្រូវហើយ ពួកគេមិនធ្វើតម្រាប់តាមអាកប្បកិរិយាដ៏ក្រអឺតក្រទម និងអត្តទត្ថនៃលោកីយ៍របស់សាតាំងទេ។ ផ្ទុយទៅវិញ គេធ្វើតម្រាប់តាមអាកប្បកិរិយានៃសេចក្ដីស្រឡាញ់ និងចិត្តរាបទាបដែលព្រះយេស៊ូបានបង្ហាញ។
១០. តើព្រះយេហូវ៉ាកំពុងតែធ្វើអ្វីចំពោះអ្នករាបទាបនៅសម័យយើងនេះ?
១០ ព្រះបន្ទូលរបស់ព្រះបានទាយថា នៅថ្ងៃជាន់ក្រោយបង្អស់នេះ នោះមនុស្សរាបទាបនឹងត្រូវប្រមូលគ្នាចូលក្នុងសង្គមមួយនៅទូទាំងផែនដី ដោយមានមូលដ្ឋានលើសេចក្ដីស្រឡាញ់និងចិត្តរាបទាប។ ដូច្នេះ ក្នុងចំណោមពិភពលោកមួយដែលកាន់តែមានអំនួត នោះរាស្ត្ររបស់ព្រះយេហូវ៉ាបង្ហាញអាកប្បកិរិយាផ្ទុយពីនោះ ជាចិត្តសុភាព។ មនុស្សបែបនេះនិយាយថា៖ «ចូរយើងឡើងទៅឯភ្នំនៃព្រះយេហូវ៉ា[ជាការថ្វាយបង្គំដ៏ខ្ពង់ខ្ពស់របស់ទ្រង់] . . . ទ្រង់នឹងបង្រៀនយើងពីផ្លូវរបស់ទ្រង់ នោះយើងនឹងដើរតាមផ្លូវទាំងនោះ»។ (អេសាយ ២:២, ៣) ពួកស្មរបន្ទាល់ព្រះយេហូវ៉ាជាសមាសភាពនៃសង្គមនៅទូទាំងពិភពលោកនេះ ដែលកំពុងតែដើរតាមផ្លូវរបស់ព្រះ។ ពួកគេរួមបញ្ចូល«មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា» ដែលមានកាន់តែច្រើននាក់។ (វិវរណៈ ៧:៩) មនុស្សមួយហ្វូងធំនេះគឺរួមបញ្ចូលមនុស្សរាប់លាននាក់។ តើតាមរបៀបដែលព្រះយេហូវ៉ាកំពុងតែបង្ហាត់បង្រៀនពួកគេឲ្យទៅជារាបទាប?
ការរៀនឲ្យមានចិត្តសុភាព
១១, ១២. តើអ្នកបំរើរបស់ព្រះសម្ដែងចិត្តសុភាពយ៉ាងដូចម្ដេច?
១១ វិញ្ញាណរបស់ព្រះមានអានុភាពលើរាស្ត្រដ៏ស្ម័គ្រចិត្តរបស់ទ្រង់ ដែលឲ្យគេមានសមត្ថភាពរៀនយកឈ្នះលើអាកប្បកិរិយាដ៏អាក្រក់នៃលោកីយ៍នេះ ហើយសម្ដែងនូវផលនៃវិញ្ញាណរបស់ព្រះវិញ។ ផលនោះលេចមកជា«សេចក្ដីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត»។ (កាឡាទី ៥:២២, ២៣) ដើម្បីជួយគេបណ្ដុះបណ្ដាលគុណសម្បត្ដិទាំងនោះ អ្នកបំរើរបស់ព្រះត្រូវជូនឱវាទឲ្យមិនទៅជាអ្នក«រកកេរ្ដិ៍ឈ្មោះ ដែលឥតប្រយោជន៍ ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ»។ (កាឡាទី ៥:២៦) ហេតុដូច្នេះដែរ សាវ័កប៉ុលបានមានប្រសាសន៍ថា៖ «ដ្បិតខ្ញុំនិយាយនឹងមនុស្សទាំងអស់ក្នុងពួកអ្នករាល់គ្នា . . . ចូរគិតបែបឲ្យមានគំនិតនឹងធឹង . . . កុំឲ្យមានគំនិតខ្ពស់ លើសជាងគំនិត ដែលគួរគប្បីឲ្យគិតនោះឡើយ»។—រ៉ូម ១២:៣
១២ បន្ទូលរបស់ព្រះប្រាប់គ្រីស្ទានពិតថា «កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្ដីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេ[អ្នកបំរើព្រះឯទៀត]ឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង»។ (ភីលីព ២:៣, ៤) «កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ»។ (កូរិនថូសទី១ ១០:២៤) ពិតមែន «សេចក្ដីស្រឡាញ់ស្អាងចិត្តឡើងវិញ»នូវអ្នកដទៃដោយពាក្យសំដីនិងការប្រព្រឹត្តដ៏ឥតកំណាញ់។ (កូរិនថូសទី១ ៨:១) នោះនាំឲ្យមានការជួយគ្នា មិនមែនការប្រកួតប្រជែងគ្នាឡើយ។ អាកប្បកិរិយាដែលរកតែប្រយោជន៍ខ្លួន នោះគ្មានកន្លែងនៅក្នុងចំណោមអ្នកបំរើរបស់ព្រះយេហូវ៉ាទេ។
១៣. ហេតុដូចម្ដេចដែលយើងត្រូវតែរៀនឲ្យមានចិត្តសុភាពនោះ ហើយតើមនុស្សម្នាក់រៀនតាមរបៀបណា?
១៣ ក៏ប៉ុន្តែ ដោយសារភាពមិនល្អឥតខ្ចោះ នោះយើងមិនកើតមកដោយមានចិត្តសុភាពស្រាប់ទេ។ (ទំនុកដំកើង ៥១:៥) យើងត្រូវតែរៀនគុណសម្បត្ដិនេះ។ ហើយនេះក៏អាចជាការពិបាក ចំពោះអ្នកដែលមិនបានរៀនផ្លូវរបស់ព្រះយេហូវ៉ាតាំងពីកុមារភាពមក ក៏ប៉ុន្តែបានទទួលនោះពេលក្រោយមក។ ពួកគេបានបណ្ដុះបណ្ដាលបុគ្គលិកលក្ខណៈ ដោយមានមូលដ្ឋានលើអាកប្បកិរិយានៃពិភពលោកនេះ។ ដូច្នេះ ពួកគេត្រូវតែរៀនថា«ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាបានដោះមនុស្សចាស់[បុគ្គលិកលក្ខណៈចាស់ ព.ថ.] ដែលតែងតែខូចទៅ តាមសេចក្ដីប៉ងប្រាថ្នារបស់សេចក្ដីឆបោកចោលចេញ» ហើយ«ព្រមទាំងប្រដាប់ខ្លួន ដោយមនុស្សថ្មីវិញ[បុគ្គលិកលក្ខណៈថ្មី ព.ថ.] ដែលកើតមកក្នុងសេចក្ដីសុចរិត ហើយក្នុងសេចក្ដីបរិសុទ្ធរបស់ផងសេចក្ដីពិត តាមភាពព្រះ»។ (អេភេសូរ ៤:២២, ២៤) ដោយបានជំនួយពីព្រះ នោះអ្នកស្មោះត្រង់អាចធ្វើអ្វីដែលទ្រង់សូមពីគេ ជា«ប្រដាប់កាយ ដោយចិត្តក្ដួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់»។—កូល៉ុស ៣:១២
១៤. តើយ៉ាងដូចម្ដេចដែលព្រះយេស៊ូបានមានបន្ទូល ទាស់នឹងសេចក្ដីប្រាថ្នាចង់ដំកើងខ្លួនឲ្យឡើងខ្ពស់?
១៤ ពួកសិស្សរបស់ព្រះយេហូវ៉ាធ្លាប់បានរៀនអំពីរឿងនោះ។ ពួកគេជាមនុស្សពេញវ័យកាលដែលគេបានធ្វើជាសិស្ស ហើយក្នុងចំណោមពួកគេក៏បានមានអាកប្បកិរិយានៃលោកីយ៍ជាការចង់ប្រកួតប្រជែងផងដែរ។ ពេលម្ដាយរបស់សិស្សពីរនាក់បានស្វែងរកភាពធំដុំសំរាប់កូនប្រុសពីរនាក់របស់នាង នោះព្រះយេស៊ូមានបន្ទូលថា៖ «ពួកចៅហ្វាយនៃសាសន៍ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ហើយអ្នកណាក្នុងពួកអ្នក ដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្ស[ព្រះយេស៊ូ]បានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង»។ (ម៉ាថាយ ២០:២០-២៨) ពេលព្រះយេស៊ូបានមានបន្ទូលប្រាប់សិស្សទ្រង់កុំប្រើឋានន្តរដើម្បីខិតខំដំកើងខ្លួនឲ្យឡើងខ្ពស់ នោះទ្រង់បានមានបន្ទូលជាបន្ថែមថាគេ៖ «ជាបងប្អូននឹងគ្នាទាំងអស់»។—ម៉ាថាយ ២៣:៨
១៥. តើអ្នកដែលចង់ទទួលមុខងារជាអ្នកត្រួតពិនិត្យគួរមានគំនិតអ្វី?
១៥ អ្នកកាន់តាមព្រះយេស៊ូពិតប្រាកដនោះ ជាអ្នកបំរើ មែនហើយ បាវបំរើដើម្បីគ្រីស្ទានឯទៀត។ (កាឡាទី ៥:១៣) គឺដូច្នេះជាពិសេសចំពោះអ្នកដែលចង់មានគុណវុឌ្ឍិដើម្បីធ្វើជាអ្នកត្រួតពិនិត្យក្នុងក្រុមជំនុំ។ ពួកគេមិនគួរប្រកួតប្រជែងដើម្បីល្បីឈ្មោះឬក៏អំណាចឡើយ។ ពួកគេក៏មិនកាន់‹អំណាចលើអ្នកដែលជារបស់ទ្រព្យព្រះទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ពួកគេវិញ›។ (ពេត្រុសទី១ ៥:៣) មែនហើយ គំនិតចង់ស្វែងរកតែប្រយោជន៍ខ្លួន ជាសញ្ញាមួយដែលបុរសម្នាក់គ្មានគុណវុឌ្ឍិធ្វើការត្រួតពិនិត្យទេ។ មនុស្សម្នាក់បែបនេះនឹងធ្វើទុក្ខដល់ក្រុមជំនុំ។ ពិតមែន គឺជាសមគួរដែល«ប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រា» ក៏ប៉ុន្តែ នេះគួរលេចចេញពីសេចក្ដីប្រាថ្នាចង់បំរើគ្រីស្ទានឯទៀត។ តួនាទីនេះមិនជាឋានៈនៃភាពធំដុំឬមានអំណាចទេ ដ្បិតអ្នកត្រួតពិនិត្យគួរស្ថិតក្នុងចំណោមអ្នកដែលមានចិត្តសុភាពបំផុតក្នុងក្រុមជំនុំ។—ធីម៉ូថេទី១ ៣:១, ៦
១៦. ហេតុអ្វីបានជាឌីអូត្រេពបានត្រូវថ្កោលទោសក្នុងបន្ទូលរបស់ព្រះ?
១៦ សាវ័កយ៉ូហានបានបញ្ជាក់មនុស្សម្នាក់ដែលបានមានទស្សនៈខុស ដោយមានប្រសាសន៍ថា៖ «ខ្ញុំបានធ្វើសំបុត្រផ្ញើមកពួកជំនុំ ប៉ុន្តែ អ្នកឌីអូត្រេពដែលចូលចិត្តចង់ធ្វើធំក្នុងពួកនោះ គាត់មិនទទួលយើងទេ»។ បុរសនេះបានទាក់ទងអ្នកដទៃដោយឥតគោរព ដើម្បីបង្កើនឋានៈរបស់គាត់។ ផ្ទុយទៅវិញ វិញ្ញាណរបស់ព្រះបានជំរុញយ៉ូហានឲ្យបញ្ចូលការថ្កោលទោស ចំពោះឌីអូត្រេពដោយព្រោះអាកប្បកិរិយាដែលរកតែប្រយោជន៍ខ្លួនគាត់។—យ៉ូហានទី៣ ៩,១០
អាកប្បកិរិយាដ៏ត្រឹមត្រូវ
១៧. តើតាមរបៀបណាដែលពេត្រុស ប៉ុល និងបាណាបាសបានសម្ដែងចិត្តសុភាព?
១៧ មានគំរូជាច្រើនក្នុងព្រះគម្ពីរ ដែលបង្ហាញនូវអាកប្បកិរិយាល្អ ជាចិត្តសុភាព។ ពេលពេត្រុសបានចូលក្នុងផ្ទះរបស់កូនេលាស បុរសហ្នឹង«ក្រាបថ្វាយបង្គំនៅទៀបជើងគាត់[របស់ពេត្រុស]»។ ជាជាងទទួលការលើកដំកើង នោះ«ពេត្រុសលើកលោកឡើង ដោយពាក្យថា៖ ‹សូមក្រោកឡើង ខ្លួនខ្ញុំជាមនុស្សដូចគ្នាដែរ›»។ (កិច្ចការ ១០:២៥, ២៦) ពេលប៉ុលនិងបាណាបាសនៅទីក្រុងលីស្ដ្រា ប៉ុលបានព្យាបាលបុរសម្នាក់ដែលពិការពីកំណើត។ ជាលទ្ធផល ហ្វូងមនុស្សបាននិយាយថាសាវ័កទាំងនេះជាពួកព្រះ។ ក៏ប៉ុន្តែ ប៉ុលនិងបាណាបាស«ក៏ហែកអាវខ្លួន រត់ចូលទៅកណ្ដាលហ្វូងមនុស្សស្រែកឡើងថា៖ ‹អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ›»។ (កិច្ចការ ១៤:៨-១៥) គ្រីស្ទានដ៏រាបទាបទាំងនេះមិនព្រមទទួលសេចក្ដីសរសើរពីមនុស្សលោកទេ។
១៨. ដោយមានចិត្តសុភាព នោះតើទេវតាដ៏ខ្លាំងមួយអង្គបានប្រាប់យ៉ូហានដូចម្ដេច?
១៨ ពេលសាវ័កយ៉ូហានបានទទួល«សេចក្ដី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ» នោះបានត្រូវផ្សាយតាមរយៈទេវតាមួយអង្គ។ (វិវរណៈ ១:១) ដោយសារកម្លាំងរបស់ទេវតាមួយអង្គ នោះយើងអាចយល់ពីមូលហេតុយ៉ូហានបានកោតស្ងើច ដ្បិតទេវតាមួយអង្គបានបំផ្លាញពួកអាសស៊ើរអស់១៨៥.០០០នាក់ក្នុងមួយយប់។ (ពង្សាវតារក្សត្រទី២ ១៩:៣៥) យ៉ូហានរៀបរាប់ថា៖ «លុះខ្ញុំឮ ហើយឃើញ នោះខ្ញុំក៏ទំលាក់ខ្លួនរៀបនឹងថ្វាយបង្គំ នៅទៀបជើងនៃទេវតា ដែលបង្ហាញឲ្យខ្ញុំឃើញសេចក្ដីទាំងនេះ តែទេវតាប្រាប់ខ្ញុំថា៖ ‹កុំឲ្យធ្វើដូច្នេះឡើយ ខ្ញុំក៏ជាបាវបំរើជាមួយនឹងអ្នកដែរ ហើយជាមួយនឹងពួកហោរា ជាបងប្អូនអ្នក . . . ចូរថ្វាយបង្គំដល់ព្រះវិញចុះ›»។ (វិវរណៈ ២២:៨, ៩) តើទេវតាមួយអង្គនេះបានមានចិត្តសុភាពយ៉ាងណាហ្ន៎!
១៩, ២០. ប្រៀបធៀបអំនួតរបស់មេទ័ពរ៉ូមដែលជោគជ័យ និងចិត្តសុភាពរបស់ព្រះយេស៊ូ។
១៩ ព្រះយេស៊ូគឺជាគំរូល្អបំផុតពីអ្នកដែលមានចិត្តសុភាព។ ទ្រង់ជារាជបុត្រាតែមួយគត់ដែលព្រះផ្ទាល់បានបង្កើតមក ហើយក៏ជាស្តេចអនាគតនៃព្រះរាជាណាចក្រនៅស្ថានសួគ៌របស់ព្រះ។ ពេលទ្រង់សម្ដែងអង្គទ្រង់ចំពោះមនុស្សជាអ្នកដែលមានតំណែងបែបនេះ នោះទ្រង់មិនបានធ្វើដូចមេទ័ពរ៉ូមដែលជោគជ័យនៅសម័យនោះទេ។ មនុស្សបានរៀបចំដំណើរក្បួនធំ ជាក្បួនហែឲ្យពួកគេ ហើយបានជិះរទេះចំបាំងដែលបានត្រូវតុបតែងនឹងមាស និងពីភ្លុក ដែលត្រូវអូសដោយសេះសឬក៏សត្វដំរី តោ ឬក៏សត្វខ្លា។ ក្នុងក្បួនហែនេះ ក៏មានអ្នកលេងភ្លេងដែលច្រៀងទំនុកជ័យជំនះ ព្រមទាំងមានរទេះពេញទៅដោយរបស់យកពីសត្រូវ ហើយរថយន្តធំសម្បើមដែលត្រូវតុបតែងយ៉ាងប្រណីតទាំងបង្ហាញឆាកពីចំបាំងនោះ។ ក៏មានស្តេច រាជបុត្រស្តេច និងមេទ័ព ទាំងគ្រួសាររបស់គេ ដែលបានដោះសំលៀកបំពាក់គេដើម្បីធ្វើឲ្យគេអាម៉ាស់មុខ។ ព្រឹត្ដិការណ៍ទាំងនេះបង្ហាញយ៉ាងជាក់ស្តែងនូវអំនួតនិងភាពក្រអឺតក្រអោង។
២០ ប្រៀបធៀបនេះនឹងរបៀបព្រះយេស៊ូបានសម្ដែងអង្គទ្រង់។ ទ្រង់បានព្រមចុះចូលយ៉ាងសុភាព នឹងការសម្រេចទំនាយពីទ្រង់ដែលទាយថា៖ «មើល ស្តេចរបស់នាង ទ្រង់យាងមកឯនាង ទ្រង់ជាអ្នកសុចរិត ហើយមានជ័យជំនះ ទ្រង់ក៏សុភាព ទ្រង់គង់លើសត្វលា»។ ទ្រង់បានជិះដោយចិត្តសុភាពពីលើសត្វមួយ មិនមែនក្នុងរទេះដែលត្រូវអូសដោយដំណើរក្បួនដ៏អស្ចារ្យនៃសត្វ។ (សាការី ៩:៩; ម៉ាថាយ ២១:៤, ៥) តើមនុស្សរាបទាបគឺសប្បាយចិត្តយ៉ាងណាទៅហ្ន៎ ដើម្បីមានស្តេចដែលតែងតាំងដោយព្រះយេហូវ៉ា គឺព្រះយេស៊ូ ជាអ្នកគ្រប់គ្រងក្នុងពិភពលោកថ្មីលើផែនដីទាំងមូល ជាមួយអង្គដែលពិតជាសុភាព រាបទាប ប្រកបដោយសេចក្ដីស្រឡាញ់ មានសេចក្ដីក្ដួលអាណិត ហើយចិត្តមេត្ដាផងដែរនោះ!—អេសាយ ៩:៦, ៧; ភីលីព ២:៥-៨
២១. តើចិត្តសុភាពនោះ មិនសម្គាល់អ្វី?
២១ ហេតុការណ៍ដែលថា ព្រះយេស៊ូ ពេត្រុស ប៉ុល ហើយបុរសស្ត្រីផ្សេងទៀតដែលមានជំនឿនៅសម័យព្រះគម្ពីរក៏មានចិត្តសុភាពដែរ នោះបានកំចាត់ចោលនូវគំនិតដែលថាភាពរាបទាបគឺជាភាពខ្សោយ។ ផ្ទុយទៅវិញ ភាពរាបទាបបង្ហាញនូវកម្លាំងនៃបុគ្គលិកលក្ខណៈ ដ្បិតអ្នកទាំងនោះគឺក្លាហាននិងឧស្សាហ៍។ ដោយមានកម្លាំងខាងគំនិតនិងការកាន់តាមយ៉ាងខ្លាំងនូវគោលការណ៍សីលធម៌ នោះគេបានស៊ូទ្រាំការល្បងលដ៏ខ្លាំង។ (ហេព្រើរ ជំពូក១១) ហើយសព្វថ្ងៃនេះ ពេលអ្នកបំរើរបស់ព្រះយេហូវ៉ាមានចិត្តសុភាព នោះគេក៏មានកម្លាំងស្រដៀងគ្នានឹងនេះ ពីព្រោះព្រះគាំទ្រអ្នករាបទាបដោយវិញ្ញាណបរិសុទ្ធដ៏ខ្លាំងក្លារបស់ទ្រង់។ ហេតុនេះហើយ យើងបានត្រូវជំរុញថា៖ «ត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្ដល់ព្រះគុណដល់ពួករាបសាវិញ ដូច្នេះចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានដំកើងអ្នករាល់គ្នាឡើង នៅវេលាកំណត់»។—ពេត្រុសទី១ ៥:៥, ៦; កូរិនថូសទី២ ៤:៧
២២. តើអ្វីនឹងត្រូវពិគ្រោះក្នុងអត្ថបទជាបន្ទាប់?
២២ ចិត្តសុភាពក៏មានលក្ខណៈដ៏វិជ្ជមានមួយទៀត ដែលអ្នកបំរើរបស់ព្រះត្រូវតែអនុវត្ត។ នោះជាលក្ខណៈមួយដែលជួយច្រើនក្នុងការស្អាងសេចក្ដីស្រឡាញ់និងចំណង់ជួយគ្នាក្នុងក្រុមជំនុំ។ ពិតមែន នេះជាគ្រឿងផ្សំដ៏ចាំបាច់នៃចិត្តសុភាព។ នេះនឹងត្រូវពិគ្រោះក្នុងអត្ថបទជាបន្ទាប់។
ដើម្បីរៀនសាឡើងវិញ
◻ ពិពណ៌នាពីអាកប្បកិរិយាជាទូទៅរបស់លោកីយ៍នេះ
◻ តើតាមរបៀបណាដែលបង្ហាញថាព្រះយេហូវ៉ាគាប់ព្រះហឫទ័យនឹងអ្នកដែលមានចិត្តសុភាព?
◻ ហេតុអ្វីបានជាចិត្តសុភាពនោះ ជាអ្វីដែលត្រូវរៀន?
◻ តើអ្វីជាគំរូខ្លះៗក្នុងព្រះគម្ពីរ ពីអ្នកដែលបានបង្ហាញចិត្តសុភាព?
[រូបភាពនៅទំព័រ១៣]
ទេវតាមួយអង្គនោះបានប្រាប់យ៉ូហានថា៖ «កុំឲ្យធ្វើដូច្នេះឡើយខ្ញុំក៏ជាបាវបំរើជាមួយនឹងអ្នកដែរ»