រំពឹងនឹកដល់ថ្ងៃជាន់ក្រោយបង្អស់របស់ព្រះយេស៊ូនៅលើផែនដី
នេះជាថ្ងៃទីប្រាំពីរនៃខែណែសានរបស់យូដា ក្នុងឆ្នាំ៣៣ ស.យ.។ សូមគិតថា អ្នកកំពុងមើលព្រឹត្ដិការណ៍ក្នុងខេត្តនៃស្រុកយូដា ដែលកាន់កាប់ដោយពួករ៉ូម។ ការចាកចេញពីក្រុងយេរីខូរ ដែលមានស្លឹកឈើដ៏ខៀវស្រងាត់ នោះព្រះយេស៊ូគ្រីស្ទនិងពួកសិស្សរបស់ទ្រង់ កំពុងតែធ្វើដំណើរតាមផ្លូវដែលមានធូលីដីច្រើនហើយដ៏បត់បែន។ ពួកអ្នកធ្វើដំណើរជាច្រើនឯទៀតក៏ទៅក្រុងយេរូសាឡិម សំរាប់ធ្វើបុណ្យរំលងប្រចាំឆ្នាំដែរ។ ប៉ុន្តែ ពួកសិស្សរបស់ព្រះគ្រីស្ទក៏មានអ្វីមួយដ៏ខ្វល់ខ្វាយក្នុងគំនិតរបស់គេដែរ ក្រៅពីការធ្វើដំណើរដ៏ហត់នេះ។
ពួកយូដាបានទន្ទឹងចាំព្រះមេស្ស៊ី ដែលអាចផ្ដល់ការធូរស្រាលពីនឹមរបស់ពួករ៉ូម។ មនុស្សជាច្រើនជឿថាព្រះយេស៊ូនៃស្រុកណាសារ៉ែត ជាអ្នកសង្គ្រោះដែលគេបានរង់ចាំជាយូរយារមកហើយ។ អស់រយៈបីឆ្នាំកន្លះមកហើយ ដែលទ្រង់បានប្រកាសផ្សាយអំពីព្រះរាជាណាចក្រនៃព្រះ។ ទ្រង់បានប្រោសពួកអ្នកឈឺឲ្យជា ហើយប្រទានអាហារដល់ពួកដែលឃ្លាន។ ត្រូវហើយ ទ្រង់បាននាំការធូរស្រាលដល់បណ្ដាជនមែន។ ប៉ុន្តែ ពួកមេដឹកនាំសាសនា គឺកំពុងមួម៉ៅនឹងសេចក្ដីផ្ដន្ទាទោសយ៉ាងខ្លាំងរបស់ព្រះយេស៊ូ ហើយបានប្ដេជ្ញានឹងធ្វើគត់ដល់ទ្រង់។ តែយ៉ាងណាក៏ដោយ ទ្រង់កំពុងដើរជំហានវែងៗនៅពីមុខពួកសិស្សរបស់ទ្រង់ តាមផ្លូវដ៏រីងស្ងួត។—ម៉ាកុស ១០:៣២
កាលដែលថ្ងៃលិចទៅក្រោយភ្នំអូលីវពីមុខគេ នោះព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់បានមកដល់ភូមិបេថានី ដែលនឹងត្រូវចំណាយប្រាំមួយយប់នៅទីនេះ។ ពួកអ្នកដែលបានមកទទួលស្វាគមន៍ព្រះអង្គនិងពួកសិស្ស គឺមិត្តដ៏ជាទីស្រឡាញ់ ឡាសារ ម៉ារា និងម៉ាថា។ ថ្ងៃល្ងាចនេះបានផ្ដល់ឲ្យការធូរស្រាលដ៏ត្រជាក់ពីដំណើរដ៏ក្ដៅ ហើយនេះគឺការចាប់ផ្ដើមនៃថ្ងៃឈប់សំរាក នៅថ្ងៃទី៨ ខែណែសាន។—យ៉ូហាន ១២:១, ២
ថ្ងៃទី៩ ខែណែសាន
ក្រោយពីថ្ងៃឈប់សំរាក ក្រុងយេរូសាឡិមគឺមានពោរពេញទៅដោយសកម្មភាព។ ពួកទេសចររាប់ពាន់នាក់បានមកជួបគ្នាក្នុងក្រុងនេះសំរាប់ធ្វើបុណ្យរំលង។ ប៉ុន្តែ ការអ៊ូអររបស់គេគឺមានខ្លាំងជាងធម្មតា ដែលមាននៅពេលនេះរាល់ឆ្នាំ។ ហ្វូងមនុស្សដែលចង់ដឹងឮ គឺកំពុងធ្វើដំណើរតាមផ្លូវដ៏ចង្អៀតទៅឯក្លោងទ្វារក្រុង។ កាលដែលគេរុញច្រានគ្នាទៅឯទ្វារដ៏ណែនកកកុញ គេឃើញទេសភាពដ៏ល្អមួយ! មនុស្សដ៏រីករាយជាច្រើនកំពុងធ្វើដំណើរចុះភ្នំអូលីវ ពីភូមិបេតផាសេ។ (លូកា ១៩:៣៧) តើរឿងទាំងនេះមានន័យយ៉ាងណា?
សូមមើល! ព្រះយេស៊ូពីណាសារ៉ែតយាងមកដោយជិះកូនលា។ មនុស្សបានចេញទៅក្រាលសំលៀកបំពាក់លើផ្លូវពីមុខទ្រង់។ អ្នកឯទៀតគ្រវីធាងចាកដែលទើបតែកាត់ហើយ និងស្រែកយ៉ាងអរសប្បាយថា៖ «ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រកបដោយព្រះពរ»!—យ៉ូហាន ១២:១២-១៥
កាលដែលហ្វូងមនុស្សទៅជិតក្រុងយេរូសាឡិម នោះព្រះយេស៊ូមើលទៅឯទីក្រុង ហើយមានព្រះទ័យយ៉ាងរំភើប។ ទ្រង់ចាប់ផ្ដើមព្រះកន្សែង ហើយយើងឮទ្រង់មានបន្ទូលប្រាប់ថា ទីក្រុងនេះនឹងត្រូវកំទេចចោល។ នៅពេលដែលព្រះយេស៊ូមកដល់ព្រះវិហារបន្ដិចក្រោយមក ទ្រង់បង្រៀនហ្វូងមនុស្ស និងប្រោសពួកខ្វាក់ ពួកពិការ ដែលមកឯទ្រង់។—ម៉ាថាយ ២១:១៤; លូកា ១៩:៤១-៤៤, ៤៧
ព្រឹត្ដិការណ៍ទាំងនេះគឺបានសង្កេតមើលដោយពួកសង្គ្រាជ និងពួកស្ក្រែប។ ពួកគេច្បាស់ជាក្ដៅក្រហាយណាស់ ដោយឃើញរបស់ដ៏អស្ចារ្យដែលព្រះយេស៊ូបានធ្វើ និងសេចក្ដីសប្បាយរីករាយនៃពួកបណ្ដាជន! ដោយមិនអាចលាក់កំហឹងរបស់គេ នោះពួកផារីស៊ីទាមទារថា៖ «លោកគ្រូ ត្រូវស្តីបន្ទោសដល់ពួកសិស្សលោកផង»។ ព្រះយេស៊ូមានបន្ទូលតបថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកទាំងនេះនៅស្ងៀម នោះថ្មនឹងស្រែកឡើងវិញ»។ មុននឹងចាកចេញទៅ ព្រះយេស៊ូបានសង្កេតឃើញនូវសកម្មភាពខាងពាណិជ្ជកម្មក្នុងព្រះវិហារ។—លូកា ១៩:៣៩, ៤០; ម៉ាថាយ ២១:១៥, ១៦; ម៉ាកុស ១១:១១
ថ្ងៃទី១០ ខែណែសាន
ព្រះយេស៊ូបានមកដល់ព្រះវិហារពីព្រលឹម។ ម្សិលមិញ ទ្រង់បានក្ដៅក្រហាយនឹងការធ្វើជំនួញនៅឯកន្លែងថ្វាយបង្គំនៃព្រះវរបិតារបស់ទ្រង់។ ដូច្នេះ ដោយមានព្រះទ័យខ្នះខ្នែង ទ្រង់ក៏ចាប់ផ្ដើមដេញពួកអ្នកទិញនិងពួកអ្នកលក់ក្នុងព្រះវិហារ។ រួចមក ទ្រង់ក៏ផ្កាប់តុនៃពួកដូរប្រាក់ និងជើងម៉ារបស់ពួកអ្នកលក់ព្រាប។ ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «មានសេចក្ដីចែងទុកមកដូច្នេះ ‹ដំណាក់អញត្រូវហៅថា ជាទីសំរាប់អធិស្ឋាន› តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ»។—ម៉ាថាយ ២១:១២, ១៣
ពួកសង្គ្រាជ ពួកស្ក្រែប និងពួកបុរសដ៏ធំដុំបានស្អប់ខ្ពើមដល់សកម្មភាពហើយនិងការបង្រៀននៅសាធារណៈរបស់ព្រះយេស៊ូ។ គេមានចិត្តចង់ធ្វើគុតដល់ទ្រង់យ៉ាងណាទៅហ្ន៎! ប៉ុន្តែពួកហ្វូងមនុស្សបង្ការពួកគេពីការធ្វើនេះ ពីព្រោះបណ្ដាជនមានចិត្តយ៉ាងអស្ចារ្យនឹងការបង្រៀនរបស់ព្រះយេស៊ូ ហើយគេ«កំពុងប្រុងស្ដាប់ទ្រង់ណាស់»។ (លូកា ១៩:៤៧, ៤៨) ដល់ពេលល្ងាច នោះព្រះយេស៊ូនិងពួកគូកនរបស់ទ្រង់ បានដើរត្រឡប់ទៅបេថានី ដើម្បីឲ្យបានសំរាកនៅពេលយប់។
ថ្ងៃទី១១ ខែណែសាន
គឺនៅព្រលឹមស្រាងៗ ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់ បានចាប់ផ្ដើមធ្វើដំណើរឆ្លងកាត់ភ្នំអូលីវទៅក្រុងយេរូសាឡិមរួចទៅហើយ។ កាលដែលគេមកដល់ព្រះវិហារ ពួកសង្គ្រាជនិងពួកចាស់ទុំ ក៏មកប្រឈមមុខទ្រង់ភ្លាម។ គេបានចងចាំយ៉ាងច្បាស់ ពីសកម្មភាពរបស់ទ្រង់ទាស់នឹងពួកដូរប្រាក់និងអ្នកលក់ដូរក្នុងព្រះវិហារ។ ពួកសត្រូវរបស់ទ្រង់បានទាមទារយ៉ាងកំណាចថា៖ «អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី? តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក»? ព្រះយេស៊ូមានបន្ទូលតបថា «ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ បើអ្នកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់ឲ្យអ្នកដឹង ពីអំណាចដែលខ្ញុំអាង ដើម្បីនឹងធ្វើការទាំងនេះដែរ៖ ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីណា ពីស្ថានសួគ៌ ឬពីមនុស្ស»? ដោយប្រជុំគ្នា ពួកគេវែកញែកថា៖ «បើយើងថា ‹មកពីស្ថានសួគ៌› នោះវានឹងសួរយើងថា ‹ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿតាមគាត់›? តែបើយើងថា ‹មកពីមនុស្សវិញ› នោះខ្លាចហ្វូងមនុស្ស ដ្បិតគេរាប់យ៉ូហានទុកជាហោរាទាំងអស់គ្នា»។ ដោយទាល់គំនិត គេក៏ឆ្លើយយ៉ាងខ្សោយថា៖ «យើងមិនដឹងទេ»។ ព្រះយេស៊ូមានបន្ទូលតបដ៏ស្រួលថា៖ «ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ»។—ម៉ាថាយ ២១:២៣-២៧
ឥឡូវនេះ ពួកសត្រូវរបស់ព្រះយេស៊ូចង់ឲ្យទ្រង់មានបន្ទូលអំពីអ្វីមួយដែលគេអាចចាប់ទ្រង់។ គេសួរទ្រង់ថា «តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ»? ព្រះយេស៊ូមានបន្ទូលតបថា «ចូរបង្ហាញប្រាក់ដែលបង់ពន្ធមកឲ្យខ្ញុំមើលចុះ»។ ទ្រង់សួរថា៖ «រូបនេះ នឹងឈ្មោះនេះ តើជារបស់អ្នកណា»? គេនិយាយថា «របស់សេសារ»។ ដោយធ្វើឲ្យគេស្រឡាំងកាំង ព្រះយេស៊ូបានថ្លែងយ៉ាងច្បាស់ឲ្យមនុស្សគ្រប់គ្នាឮថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។—ម៉ាថាយ ២២:១៥-២២
ក្រោយពីបានធ្វើឲ្យពួកសត្រូវរបស់ទ្រង់ហើបមាត់មិនរួច ដោយប្រើការវែកញែកដ៏មិនអាចប្រកែកបាន ឥឡូវនេះព្រះយេស៊ូសម្ដែងយ៉ាងមុតមាំនូវការមិនពេញព្រះទ័យ នៅពីមុខបណ្ដាជននិងពួកសិស្សរបស់ទ្រង់។ សូមស្ដាប់កាលដែលទ្រង់ផ្ដន្ទាទោសយ៉ាងក្លាហានដល់ពួកស្ក្រែបនិងពួកផារីស៊ី។ ទ្រង់មានបន្ទូលថា «កុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ»។ ដោយក្លាហាន ទ្រង់បានប្រកាសសេចក្ដីបណ្ដាសាជាលំដាប់លើពួកគេ ដោយសម្គាល់គេជាពួកដឹកនាំខ្វាក់និងពួកលាក់ពុត។ ព្រះយេស៊ូមានបន្ទូលថា «ឱសត្វពស់ ឱពូជពស់វែកអើយ ធ្វើដូចម្ដេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន»?—ម៉ាថាយ ២៣:១-៣៣
ការផ្ដន្ទាទោសដ៏ខ្លាំងទាំងនេះមិនមានសេចក្ដីថា ព្រះយេស៊ូឥតដឹងអំពីគុណសម្បត្ដិដ៏ល្អៗនៃអ្នកដទៃនោះទេ។ ក្រោយមក ទ្រង់ទតមើលមនុស្សដាក់ប្រាក់ក្នុងឃ្លាំងព្រះវិហារ។ ជាការគួរឲ្យរំជួលចិត្តមែន ពេលដែលឃើញស្ត្រីមេម៉ាយដ៏ក្រម្នាក់បានដាក់របស់ទាំងប៉ុន្មានដែលមានសំរាប់ចិញ្ចឹមជីវិតខ្លួន—គឺកាក់ពីរដ៏មានតម្លៃតិចតួចប៉ុណ្ណោះ! ដោយមានការអបអរដ៏កក់ក្ដៅ ព្រះយេស៊ូចង្អុលប្រាប់ថា នាងបានដាក់ប្រាក់ច្រើនជាងអស់អ្នកដែលបានផ្ដល់វិភាគទានដ៏មានតម្លៃ «ពីរបស់សំណល់ខ្លួនមកថ្វាយ»។ ក្នុងសេចក្ដីមេត្ដាករុណាដ៏ថ្នាក់ថ្នមរបស់ទ្រង់ ព្រះយេស៊ូបានអបអរយ៉ាងជ្រាលជ្រៅចំពោះអ្វីក៏ដោយ ដែលបុគ្គលម្នាក់អាចធ្វើទៅបាន។—លូកា ២១:១-៤
ឥឡូវនេះ ព្រះយេស៊ូកំពុងចាកចេញពីព្រះវិហារ ជាលើកចុងក្រោយបង្អស់ហើយ។ ពួកសិស្សរបស់ទ្រង់ខ្លះបាននិយាយអំពីសេចក្ដីដ៏រុងរឿងនៃព្រះវិហារ «ដែលធ្វើនឹងថ្មយ៉ាងល្អ ហើយតាក់តែងដោយដង្វាយទាំងប៉ុន្មាន»។ តែគួរឲ្យភ្ញាក់ផ្អើលណាស់ ពេលដែលព្រះយេស៊ូមានបន្ទូលតបថា៖ «ឯរបស់ទាំងនេះ ដែលអ្នករាល់គ្នាកំពុងតែមើល នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មនៅត្រួតលើថ្មទៀត ឥតត្រូវទំលាក់ចុះនោះទេ»។ (លូកា ២១:៥, ៦) កាលដែលពួកសាវ័កដើរតាមព្រះយេស៊ូចេញពីក្រុងដ៏កកកុញនេះ គេងឿងឆ្ងល់ថាតើព្រះយេស៊ូចង់មានសេចក្ដីយ៉ាងណា។
ក្រោយបន្ដិចមក ព្រះយេស៊ូនិងពួកសាវ័ករបស់ទ្រង់ក៏ឈប់អង្គុយ ទទួលការសុខសាន្តនិងស្ងប់ស្ងៀមនៃភ្នំអូលីវ។ កាលដែលគេសង្កេតមើលទេសភាពដ៏អស្ចារ្យនៃក្រុងយេរូសាឡិមនិងព្រះវិហារ ពេត្រុស យ៉ាកុប យ៉ូហាននិងអនទ្រេ ចង់ដឹងឲ្យបានជាក់នូវការទាយដ៏អស្ចារ្យរបស់ព្រះយេស៊ូ។ ពួកគេទូលសួរថា៖ «សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសម្គាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»?—ម៉ាថាយ ២៤:៣; ម៉ាកុស ១៣:៣, ៤
ក្នុងការតបឆ្លើយ លោកគ្រូដ៏ជំនាញបានប្រទានទំនាយយ៉ាងអស្ចារ្យ។ ទ្រង់បានទាយថានឹងមានសង្គ្រាម កក្រើកផែនដី ការអត់អាហារ និងរោគរាតត្បាត។ ព្រះយេស៊ូក៏បានទាយប្រាប់ថាដំណឹងល្អនៃព្រះរាជាណាចក្រនឹងត្រូវផ្សាយទូទាំងផែនដី។ ‹រួចមក› ទ្រង់បានព្រមានថា «នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ៍ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ»។—ម៉ាថាយ ២៤:៧, ១៤, ២១; លូកា ២១:១០, ១១
ពួកសាវ័កបួននាក់នេះបានស្ដាប់យ៉ាងប្រុងប្រយ័ត្ន កាលដែលព្រះយេស៊ូពិគ្រោះលក្ខណៈផ្សេងទៀត អំពី‹ទីសម្គាល់នៃវត្តមានរបស់ទ្រង់›។ ទ្រង់បានបញ្ជាក់អំពី‹ការប្រុងចាំយាម›។ ហេតុអ្វី? ទ្រង់មានបន្ទូលថា «ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ»។—ម៉ាថាយ ២៤:៤២; ម៉ាកុស ១៣:៣៣, ៣៥, ៣៧
នេះជាថ្ងៃដ៏គួរមិនឲ្យបំភ្លេចបាន ចំពោះព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់។ តាមពិត នេះជាថ្ងៃចុងក្រោយនៃកិច្ចបំរើរបស់ព្រះយេស៊ូ មុនគេចាប់ទ្រង់ ធ្វើវិនិច្ឆ័យកិច្ច និងការប្រហារជីវិត។ ពីព្រោះយប់កាន់តែជ្រៅណាស់ហើយ នោះគេក៏ដើរត្រឡប់ទៅបេថានី ដែលមានចម្ងាយខ្លីទៅខាងត្រោយភ្នំ។
ថ្ងៃទី១២និង១៣ នៃខែណែសាន
នៅថ្ងៃទី១២ ខែណែសាន ព្រះយេស៊ូចំណាយពេលយ៉ាងស្ងប់ស្ងាត់ជាមួយពួកសិស្សរបស់ទ្រង់។ ទ្រង់បានដឹងថា ពួកមេដឹកនាំសាសនាខំចង់ធ្វើគុតដល់ទ្រង់ ហើយទ្រង់មិនចង់ឲ្យគេទប់ទ្រង់ពីការធ្វើបុណ្យរំលង ក្នុងវេលាល្ងាចជាបន្ទាប់នោះឡើយ។ (ម៉ាកុស ១៤:១, ២) ថ្ងៃស្អែក ទី១៣ ខែណែសាន មនុស្សមានការរវល់រៀបចាំសំរាប់បុណ្យរំលង។ នៅដើមថ្ងៃត្រង់ ព្រះយេស៊ូចាត់ពេត្រុសនិងយ៉ូហានឲ្យទៅរៀបចំសំរាប់បុណ្យរំលង ក្នុងបន្ទប់ខាងលើក្នុងក្រុងយេរូសាឡិម។ (ម៉ាកុស ១៤:១២-១៦; លូកា ២២:៨) មុននឹងថ្ងៃលិចបន្ដិច ព្រះយេស៊ូនិងពួកសាវ័កដប់នាក់ទៀតបានមកជួបគ្នា ដើម្បីធ្វើបុណ្យរំលងជាលើកចុងក្រោយបំផុតរបស់គេ។
ថ្ងៃទី១៤ ខែណែសាន ក្រោយពីថ្ងៃលិច
ក្រុងយេរូសាឡិមគឺពេញដោយពន្លឺព្រាងៗ កាលដែលខែពេញបោររះឡើងលើភ្នំអូលីវ។ ក្នុងបន្ទប់ដ៏ធំមួយ ព្រះយេស៊ូនិងពួកសាវ័ក១២នាក់ គឺកំពុងអង្គុយនៅជិតតុដែលបានរៀបចំហើយ។ ទ្រង់មានបន្ទូលថា៖ «មុនដែលខ្ញុំរងទុក្ខលំបាក ខ្ញុំបានចង់ទទួលទានបុណ្យរំលងនេះ ជាមួយនឹងអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត»។ (លូកា ២២:១៤, ១៥) ក្រោយមក ពួកសាវ័កភ្ញាក់ផ្អើលពេលឃើញព្រះយេស៊ូក្រោកឡើង ហើយដោះព្រះពស្ត្រចេញដាក់នៅម្ខាង។ រួចយកកន្សែងជូត និងចាក់ទឹកក្នុងចានក្លាំ ចាប់តាំងលាងជើងពួកសិស្ស។ នេះជាមេរៀនដ៏មិនអាចភ្លេចបានក្នុងកិច្ចបំរើដ៏រាបទាប!—យ៉ូហាន ១៣:២-១៥
ប៉ុន្តែ ព្រះយេស៊ូជ្រាបថាបុរសម្នាក់ក្នុងចំណោមបុរសទាំងនេះ—យូដាស អ៊ីស្ការីយ៉ុត—បានរៀបចំរួចទៅហើយ ដើម្បីនឹងក្បត់ បញ្ជូនទ្រង់ទៅពួកមេដឹកនាំសាសនា។ គួរឲ្យយល់មែន ទ្រង់ក៏ក្លាយទៅជាទុក្ខព្រួយណាស់។ ទ្រង់មានបន្ទូលប្រាប់ថា ‹ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ›។ នោះពួកសាវ័កគ្រប់គ្នាមានសេចក្ដីព្រួយជាខ្លាំង។ (ម៉ាថាយ ២៦:២១, ២២) ក្រោយពីបានធ្វើពិធីបុណ្យរំលងហើយ ព្រះយេស៊ូមានបន្ទូលប្រាប់យូដាសថា៖ «ការអ្វីដែលអ្នកគិតធ្វើ នោះចូរធ្វើជាប្រញាប់ទៅចុះ»។—យ៉ូហាន ១៣:២៧
ក្រោយពីយូដាសចេញទៅ ព្រះយេស៊ូក៏ប្រារព្ធជាលើកដំបូងនូវអាហារមួយ ដើម្បីរំឭកអំពីការសោយទិវង្គតរបស់ទ្រង់ដែលជិតកើតឡើងនៅខាងមុខនេះ។ ទ្រង់បានយកនំប៉័ងឥតដំបែមួយដុំមកអរព្រះគុណ កាច់វា ហើយបង្គាប់ពួកសាវ័ក១១នាក់ឲ្យទទួលទាន។ ទ្រង់មានបន្ទូលថា៖ «នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ»។ រួចមក ទ្រង់ក៏យកស្រាក្រហមមួយពែង។ ហើយក្រោយពីបានអរព្រះគុណ ទ្រង់ក៏ហុចពែងនេះទៅឲ្យពួកគេផឹកទៅ។ ព្រះយេស៊ូមានបន្ទូលទៀតថា៖ «ដ្បិតនេះជាឈមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្ដាច់បាប»។—លូកា ២២:១៩, ២០; ម៉ាថាយ ២៦:២៦-២៨
ក្នុងកំឡុងរាត្រីដ៏សំខាន់នេះ ព្រះយេស៊ូបង្រៀនពួកសាវ័កដ៏ស្មោះត្រង់របស់ទ្រង់ នូវមេរៀនជាច្រើនដ៏មានតម្លៃ ហើយក្នុងចំណោមមេរៀនដ៏សំខាន់នេះ គឺសេចក្ដីស្រឡាញ់ដល់បងប្អូន។ (យ៉ូហាន ១៣:៣៤, ៣៥) ទ្រង់ធានារ៉ាប់រង ថាគេនឹងទទួល«អ្នកជំនួយ» គឺវិញ្ញាណបរិសុទ្ធ។ វិញ្ញាណបរិសុទ្ធនឹងធ្វើឲ្យគេចាំនូវរបស់ទាំងអស់ដែលទ្រង់បានមានបន្ទូលប្រាប់គេ។ (យ៉ូហាន ១៤:២៦) នៅរាត្រីនោះ គេច្បាស់ជាបានលើកទឹកចិត្តណាស់ ដោយឮព្រះយេស៊ូបានអធិស្ឋានអស់ពីចិត្តប្រយោជន៍ឲ្យពួកគេ។ (យ៉ូហាន ជំពូក១៧) ក្រោយពីច្រៀងចំរៀងសរសើរហើយ គេក៏ចាកចេញពីបន្ទប់ខាងលើ ហើយដើរតាមព្រះយេស៊ូចេញទៅខាងក្រៅ ជារាត្រីយប់ជ្រៅដ៏ត្រជាក់។
ឆ្លងជ្រោះកេដ្រុន ព្រះយេស៊ូបាននាំពួកសិស្សទៅកន្លែងជាទីបណ្ដូលចិត្តរបស់គេ គឺច្បារគែតសេម៉ានី។ (យ៉ូហាន ១៨:១, ២) កាលដែលពួកសាវ័ករង់ចាំ នោះព្រះយេស៊ូក៏ចេញទៅឆ្ងាយពីគេបន្ដិច ដើម្បីអធិស្ឋាន។ ច្បាស់ជាការពិបាករៀបរាប់អំពីភាពតានតឹងខាងផ្លូវចិត្តណាស់ កាលដែលទ្រង់អធិស្ឋានសូមឲ្យព្រះជួយ។ (លូកា ២២:៤៤) គ្រាន់តែគិតអំពីពាក្យចំអកដែលនឹងមានមកលើព្រះវរបិតាដ៏ជាទីស្រឡាញ់របស់ទ្រង់ ប្រសិនបើទ្រង់ទទួលបរាជ័យ នោះច្បាស់ជាធ្វើឲ្យទ្រង់ឈឺចាប់ណាស់។
ព្រះយេស៊ូមិនទាន់ទាំងចប់អធិស្ឋានផង នៅពេលដែលយូដាស អ៊ីស្ការីយ៉ុតបានមកដល់ នាំទាំងហ្វូងមនុស្សដែលកាន់ដាវ កាន់ដំបង និងចន្លុះ។ «ជំរាបសួរលោកគ្រូ» យូដាសបាននិយាយ រួចក៏ថើបព្រះយេស៊ូ។ នេះជាសញ្ញា ដើម្បីឲ្យគេចាប់ព្រះយេស៊ូ។ មួយរំពេចនោះ ពេត្រុសក៏កាប់ដាច់ស្លឹកត្រចៀករបស់បាវសម្ដេចសង្ឃម្នាក់។ «ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ» ព្រះយេស៊ូមានបន្ទូល កាលដែលទ្រង់ប្រោសត្រចៀករបស់បុរសនេះឲ្យជា។ «ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ»។—ម៉ាថាយ ២៦:៤៧-៥២
របស់ទាំងនេះគឺកើតឡើងយ៉ាងលឿនណាស់! គេចាប់ព្រះយេស៊ូហើយក៏ចងទ្រង់។ ដោយភ័យខ្លាចហើយវង្វេង នោះពួកសាវ័កក៏រត់ចោលចៅហ្វាយរបស់គេអស់ទៅ។ គេក៏យកព្រះយេស៊ូទៅឯលោកអាណ ដែលជាអតីតសម្ដេចសង្ឃ។ រួចមក គេក៏យកទ្រង់ទៅលោកកៃផា ដែលជាសម្ដេចសង្ឃដើម្បីកាត់ទោស។ នៅពេលព្រលឹម តុលាការជាន់ខ្ពស់នៃសាសន៍យូដាបានចោទថា ព្រះយេស៊ូជាប់ទោសនឹងពិសិដ្ឋប្រមាថ។ បន្ទាប់មកគេយកទ្រង់ទៅឯលោកប៉ុនទាស ពីឡាត់ ជាអ្នកគ្រប់គ្រងសាសន៍រ៉ូម។ លោកក៏បញ្ជូនព្រះយេស៊ូទៅឯហេរ៉ូឌ អាន់ទីប៉ាស អ្នកគ្រប់គ្រងនៃស្រុកកាលីឡេ ហេរ៉ូឌព្រមទាំងពួកទាហានបានចំអកមើលងាយព្រះយេស៊ូ។ រួចមក គេក៏បញ្ជូនទ្រង់ទៅឲ្យលោកពីឡាត់វិញ។ ភាពឥតមានទោសរបស់ព្រះយេស៊ូ បានត្រូវបញ្ជាក់ដោយលោកពីឡាត់។ ប៉ុន្តែ ពួកមេដឹកនាំសាសនាយូដាបានបង្ខំឲ្យលោកកាត់ទោសធ្វើគុតដល់ព្រះយេស៊ូ។ ក្រោយពីគេបានធ្វើទុក្ខទោសខាងពាក្យសំដីនិងរូបកាយហើយ នោះគេយកព្រះយេស៊ូទៅឯភ្នំរលាក្បាល ដែលគេបានដំដែកគោល ព្យួរទ្រង់ដោយឥតមេត្ដាលើបង្គោលឈើទារុណកម្ម ហើយទ្រង់បានរងទុក្ខការសោយទិវង្គតដ៏ឈឺចាប់។—ម៉ាកុស ១៤:៥០–១៥:៣៩; លូកា ២៣:៤-២៥
ព្រឹត្ដិការណ៍នឹងទៅជាខ្លោចផ្សាខ្លាំងបំផុតក្នុងប្រវត្ដិសាស្ត្រ ប្រសិនបើការសោយទិវង្គតរបស់ព្រះយេស៊ូ បាននាំឲ្យមានទីបញ្ចប់ដល់ព្រះជន្មរបស់ទ្រង់ជារៀងរហូតនោះ។ យ៉ាងសប្បាយណាស់ នេះគឺមិនជាដូច្នេះទេ។ នៅថ្ងៃទី១៦ ខែណែសាន ឆ្នាំ៣៣ ស.យ. ពួកសិស្សរបស់ទ្រង់មានចិត្តអស្ចារ្យ ដោយឃើញថា ទ្រង់បានត្រូវប្រោសឲ្យរស់ឡើងវិញពីស្លាប់។ ក្រោយមក មនុស្សជាង៥០០នាក់ អាចបញ្ជាក់ថា ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ ហើយ៤០ថ្ងៃក្រោយពីដំណើររស់ឡើងវិញរបស់ទ្រង់ អ្នកកាន់តាមទ្រង់ដ៏ស្មោះត្រង់មួយក្រុម បានឃើញទ្រង់យាងឡើងទៅឯស្ថានសួគ៌វិញ។—កិច្ចការ ១:៩-១១; កូរិនថូសទី១ ១៥:៣-៨
ព្រះជន្មរបស់ព្រះយេស៊ូនិងអ្នក
តើរឿងនេះមានឥទ្ធិពលលើអ្នក—ប្រាកដហើយ លើយើងរាល់គ្នាទាំងអស់យ៉ាងណា? កិច្ចបំរើរបស់ព្រះយេស៊ូ ការសោយទិវង្គត និងដំណើររស់ឡើងវិញ បានសរសើរដំកើងព្រះយេហូវ៉ា ហើយគឺសំខាន់ណាស់ក្នុងការសម្រេចនៃគោលបំណងដ៏អស្ចារ្យរបស់ទ្រង់។ (កូល៉ុស ១:១៨-២០) នេះគឺជាសារៈសំខាន់ដល់យើងរាល់គ្នា ក្នុងន័យថាបាបរបស់យើងអាចអត់ឱនទោសឲ្យបាន លើមូលដ្ឋាននៃយញ្ញបូជារបស់ព្រះយេស៊ូ ហើយដូច្នេះក៏អាចមានទំនាក់ទំនងផ្ទាល់ជាមួយព្រះយេហូវ៉ា។—យ៉ូហាន ១៤:៦; យ៉ូហានទី១ ២:១, ២
ហើយក៏មានឥទ្ធិពលលើពួកមនុស្សស្លាប់ដែរ។ ដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ បើកផ្លូវឲ្យគេមានជីវិតឡើងវិញក្នុងផែនដីមនោរម្យ ដែលព្រះបានសន្យា។ (លូកា ២៣:៣៩-៤៣; កូរិនថូសទី១ ១៥:២០-២២) ប្រសិនបើលោកអ្នកចង់ដឹងថែមទៀតអំពីរឿងបែបនេះ យើងសូមអញ្ជើញលោកអ្នកឲ្យទៅធ្វើពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ព្រះគ្រីស្ទ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៩៨ នៅឯសាលព្រះរាជាណាចក្ររបស់ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងតំបន់លោកអ្នក។
[ប្រអប់នៅទំព័រ៦]
«រោងចោរ»
ព្រះយេស៊ូមានមូលហេតុជាច្រើន ដោយមានបន្ទូលថា ពួកលក់ដូរដ៏ល្មោភបានធ្វើឲ្យព្រះវិហារនៃព្រះ ទៅជា«រោងចោរ»។ (ម៉ាថាយ ២១:១២, ១៣) ដើម្បីនឹងបង់ពន្ធព្រះវិហារ ពួកយូដានិងពួកចូលសាសនាយូដា ពីស្រុកឯទៀតត្រូវតែផ្លាស់ប្ដូរប្រាក់បរទេសរបស់គេ សំរាប់រូបិយវត្ថុដែលគេនិយមប្រើ។ ក្នុងសៀវភៅ ជីវិតនិងគ្រានៃព្រះយេស៊ូជាព្រះមេស្ស៊ី របស់លោកអាលហ្វ្រិទ អ៊ីឌឺសែម ពន្យល់ថាពួកដូរប្រាក់ ធម្មតារៀបចំការរកស៊ីរបស់គេក្នុងខេត្ត នៅថ្ងៃទី១៥ ខែអាដា មួយខែមុននឹងបុណ្យរំលង។ ចាប់ផ្ដើមនៅថ្ងៃទី២៥ ខែអាដា គេក៏ចូលក្នុងព្រះវិហារនៅក្រុងយេរូសាឡិម ដើម្បីនឹងឆ្លៀតយកប្រយោជន៍ពីចំនួនពួកយូដានិងពួកចូលសាសនាយូដា ដែលបានមកជាច្រើននោះ។ ពួកដូរប្រាក់ប្រតិបត្ដិជំនួញរបស់គេ ដោយយកថ្លៃឈ្នួលចំពោះការផ្លាស់ប្ដូរប្រាក់ណាក៏ដោយ។ ព្រះយេស៊ូសំដៅទៅគេជាពួកចោរ បង្ហាញថាថ្លៃឈ្នួលរបស់គេគឺមានច្រើនហួសហេតុ ដែលជាលទ្ធផល គេសង្កត់យកប្រាក់ពីពួកអ្នកក្រីក្រ។
មនុស្សខ្លះមិនអាចយកសត្វធ្វើយញ្ញបូជាមកជាមួយគេទេ។ ចំពោះអ្នកដែលយកសត្វមក នោះត្រូវតែឲ្យអ្នកពិនិត្យមើលសត្វរបស់គេនៅឯព្រះវិហារ—ដែលត្រូវយកឈ្នួលដែរ។ ដោយមិនចង់ឲ្យសត្វរបស់គេបានបដិសេធ ក្រោយពីបានយកមកពីកន្លែងដ៏ឆ្ងាយ នោះមនុស្សជាច្រើនបានទិញ«សំបុត្រយល់ព្រម»ដោយពួកលេវី ពីអ្នកលក់ដូរដ៏ពុករលួយក្នុងព្រះវិហារ។ វិជ្ជាករម្នាក់មានប្រសាសន៍ថា «អ្នកស្រែដ៏ក្រីក្រជាច្រើនបានត្រូវគេកោរយកថ្លៃឈ្នួលជាច្រើន»។
គឺមានទីសំអាងថាអតីតសម្ដេចសង្ឃ លោកអាណនិងគ្រួសារលោក មានឥទ្ធិពលលើពួកជំនួញព្រះវិហារដែលផ្ដល់ឲ្យអត្ថប្រយោជន៍។ សេចក្ដីសរសេរនៃពួករ៉ាប៊ីរៀបរាប់អំពី«ផ្សារលក់ទំនិញ[ក្នុងព្រះវិហារ]នៃកូនរបស់លោកអាណ»។ ប្រាក់ចំណូលពីការដូរប្រាក់ និងពីការលក់សត្វក្នុងទីធ្លាព្រះវិហារ ជាប្រភពដ៏សំខាន់បំផុតនៃប្រាក់ចំណូលរបស់លោកអាណនិងគ្រួសារគាត់។ វិជ្ជាករម្នាក់មានប្រសាសន៍ថាសកម្មភាពរបស់ព្រះយេស៊ូ ក្នុងការបណ្ដេញចេញពួកលក់ទំនិញ«គឺមិនគ្រាន់តែជំទាស់ចំពោះភាពធូរធារនៃពួកសង្ឃ ប៉ុន្តែចំពោះប្រភពប្រាក់ចំណូលរបស់គេដែរ»។ ទោះជាមានមូលហេតុយ៉ាងណាក៏ដោយ ពួកសត្រូវរបស់ទ្រង់គឺច្បាស់ជាចង់ធ្វើគត់ទ្រង់!—លូកា ១៩:៤៥-៤៨
[តារាងនៅទំព័រ៤]
ថ្ងៃជាន់ក្រោយបង្អស់នៃជីវិតជាមនុស្សរបស់ព្រះយេស៊ូ
ខែណែសាន ៣៣ ស.យ. ព្រឹត្ដិការណ៍
ថ្ងៃសុក្រ ទី៧ ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់ធ្វើដំណើរពីក្រុងយេរីខូរទៅ
ក្រុងយេរូសាឡិម (ថ្ងៃទី៧ ខែណែសាន ស្មើនឹង ថ្ងៃអាទិត្យទី៥
ខែមេសា ១៩៩៨ ថ្វីបើថ្ងៃហេព្រើរចាប់ផ្ដើមពីល្ងាចទៅល្ងាចបន្ទាប់ក៏ដោយ)
ថ្ងៃសុក្រ ទី៨ ល្ងាច ព្រះយេស៊ូនិងពួកសិស្សរបស់ទ្រង់មកដល់ភូមិបេថានី;
ថ្ងៃឈប់សំរាក ចាប់ផ្ដើម
ថ្ងៃសៅរ៍ ថ្ងៃឈប់សំរាក (ថ្ងៃចន្ទ ទី៦ ខែមេសា ១៩៩៨)
ថ្ងៃសៅរ៍ ទី៩ ល្ងាច សោយអាហារជាមួយស៊ីម៉ូនអ្នកឃ្លង់; នាងម៉ារាចាក់ទឹកក្រអូបលើព្រះយេស៊ូ;
មនុស្សជាច្រើនមកពីក្រុងយេរូសាឡិមដើម្បីមកមើលនិងស្ដាប់ព្រះយេស៊ូ
ថ្ងៃអាទិត្យ ចូលទៅក្នុងក្រុងយេរូសាឡិមដ៏ជោគជ័យ; បង្រៀននៅក្នុងព្រះវិហារ
ថ្ងៃចន្ទ ទី១០ ធ្វើដំណើរពីព្រលឹមទៅក្រុងយេរូសាឡិម; បោសសំអាតព្រះវិហារ;
ព្រះយេហូវ៉ាមានបន្ទូលពីស្ថានសួគ៌
ថ្ងៃអង្គារ ទី១១ នៅក្រុងយេរូសាឡិម បង្រៀននៅឯព្រះវិហារដោយប្រើរឿងប្រៀបប្រដូច;
ផ្ដន្ទាពួកផារីស៊ី; កត់សម្គាល់វិភាគទានរបស់ស្ត្រីមេម៉ាយ;
ផ្ដល់សញ្ញានៃវត្តមាននៅអនាគតរបស់ទ្រង់
ថ្ងៃពុធ ទី១២ នៅជាមួយពួកសិស្សដ៏ស្ងាត់ក្នុងបេថានី; យូដាសរៀបចំការក្បត់
ថ្ងៃព្រហស្បតិ៍ ទី១៣ ពេត្រុសនិងយ៉ូហាន រៀបចំធ្វើបុណ្យរំលងក្នុងក្រុងយេរូសាឡិម;
ព្រះយេស៊ូនិងពួកសាវ័កដប់នាក់ទៀតដើរតាមទ្រង់ក្នុងថ្ងៃរសៀល
(ថ្ងៃសៅរ៍ ទី១១ ខែមេសា ១៩៩៨)
ថ្ងៃព្រហស្បតិ៍ ទី១៤ ល្ងាច ធ្វើពិធីបុណ្យរំលង; ព្រះយេស៊ូលៀងជើងពួកសាវ័ក;
យូដាសចេញទៅក្បត់ព្រះយេស៊ូ; ប្រារព្ធពិធីបុណ្យរំឭកនៃការសោយទិវង្គត
របស់ទ្រង់ (ក្រោយពីថ្ងៃលិច ថ្ងៃសៅរ៍ទី១១ ខែមេសា ១៩៩៨)
ក្រោយយប់អធ្រាត្រ ការក្បត់និងការចាប់ក្នុងច្បារគែតសេម៉ានី; ពួកសាវ័ករត់ចោល;
វិនិច្ឆ័យកិច្ចនៅពីសម្ដេចសង្ឃ និងក្រុមប្រឹក្សាជាន់ខ្ពស់;
ពេត្រុសបដិសេធមិនស្គាល់ព្រះយេស៊ូ
ថ្ងៃសុក្រ ពីថ្ងៃរះទៅថ្ងៃលិច នៅពីមុខក្រុមប្រឹក្សាជាន់ខ្ពស់ម្ដងទៀត; ទៅលោកពីឡាត់
រួចមកទៅហេរ៉ូឌ បន្ទាប់មកទៅលោកពីឡាត់; កាត់ទោសប្រហារជីវិត;
ដោតព្យួរ; កប់
ថ្ងៃសៅរ៍ ទី១៥ ថ្ងៃឈប់សំរាក; លោកពីឡាត់អនុញ្ញាតឲ្យយាមផ្នូររបស់ព្រះយេស៊ូ
ថ្ងៃអាទិត្យ ទី១៦ ព្រះយេស៊ូបានប្រោសឲ្យរស់ឡើងវិញ