ជំពូកទី៥៨
លោកធ្វើឲ្យនំប៉័ងមានកាន់តែច្រើន ហើយព្រមានអំពីដំបែ
ម៉ាថាយ ១៥:៣២–១៦:១២ ម៉ាកុស ៨:១-២១
លោកយេស៊ូចម្អែតបុរស៤.០០០នាក់
លោកព្រមានអំពីដំបែរបស់ពួកផារិស៊ី
នៅតំបន់ដេកាប៉ូលទិសខាងកើតនៃសមុទ្រកាលីឡេ មនុស្សមួយក្រុមធំបានមកជួបលោកយេស៊ូ។ ពួកគេមកដើម្បីស្ដាប់សេចក្ដីបង្រៀនរបស់លោក ហើយចង់ឲ្យលោកធ្វើឲ្យពួកគេជាសះស្បើយ។ ពួកគេក៏បានយកកញ្ឆេដែលមានអាហារមកជាមួយដែរ។
ក្រោយមកលោកយេស៊ូប្រាប់អ្នកកាន់តាមថា៖ «ខ្ញុំអាណិតបណ្ដាជននេះណាស់ ពីព្រោះអស់បីថ្ងៃហើយដែលពួកគេបាននៅជាមួយនឹងខ្ញុំ ហើយគ្មានអ្វីបរិភោគឡើយ។ បើខ្ញុំឲ្យពួកគេត្រឡប់ទៅផ្ទះវិញដោយគ្មានអ្វីបរិភោគ ពួកគេនឹងអស់កម្លាំងល្វើយតាមផ្លូវ ព្រោះអ្នកខ្លះមកពីកន្លែងឆ្ងាយៗទៀតផង»។ ប៉ុន្តែ អ្នកកាន់តាមបានសួរលោកថា៖ «នៅកន្លែងដាច់ឆ្ងាយយ៉ាងនេះ តើអាចបាននំប៉័ងពីណាល្មមគ្រប់គ្រាន់ឲ្យមនុស្សទាំងនេះបរិភោគឆ្អែត?»។—ម៉ាកុស ៨:២-៤
ឮដូច្នេះ លោកយេស៊ូសួរពួកគាត់ថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគាត់ឆ្លើយថា៖ «ប្រាំពីរដុំ និងត្រីតូចៗពីរបីកន្ទុយ»។ (ម៉ាថាយ ១៥:៣៤) បន្ទាប់មក លោកប្រាប់បណ្ដាជនឲ្យអង្គុយលើដី។ លោកយកនំប៉័ងនិងត្រីទាំងនោះ ក៏បានអធិដ្ឋានអរគុណព្រះ រួចចែកដល់អ្នកកាន់តាម។ រួចមក អ្នកកាន់តាមក៏ចែកដល់បណ្ដាជន។ គួរឲ្យអស្ចារ្យណាស់! ទាំងអស់គ្នាបានបរិភោគឆ្អែត។ ក្រោយមក ពួកគាត់ប្រមូលអាហារដែលនៅសល់ បាន៧កញ្ឆេ ទោះជាបុរស៤.០០០នាក់ រួមទាំងស្ត្រីនិងកូនក្មេងបានបរិភោគហើយក្ដី!
ក្រោយពីឲ្យបណ្ដាជនត្រឡប់ទៅវិញ នោះលោកយេស៊ូនិងអ្នកកាន់តាមបានចុះទូកទៅតំបន់ម៉ាកាដានដែលនៅទិសខាងលិចនៃឆ្នេរសមុទ្រកាលីឡេ។ នៅទីនោះ ពួកផារិស៊ីនិងពួកសាឌូស៊ីខ្លះបានមកឯលោក ហើយខំល្បងលលោកដោយសុំឲ្យសម្ដែងនូវសញ្ញាសម្គាល់មួយពីលើមេឃឲ្យពួកគេឃើញ។
ដោយជ្រាបអំពីចិត្តគំនិតរបស់ពួកគេ លោកយេស៊ូតបឆ្លើយទៅពួកគេថា៖ «នៅពេលល្ងាច អ្នករាល់គ្នាមានទម្លាប់និយាយថា៖ ‹មេឃក្រហមឆ្អៅ ដូច្នេះ នឹងមានអាកាសធាតុល្អ› ហើយព្រឹកឡើងក៏ថា៖ ‹ថ្ងៃនេះនឹងមានភ្លៀងហើយក៏នឹងត្រជាក់ផង ព្រោះមេឃក្រហមឆ្អៅ ហើយស្រទំ›។ អ្នកចេះបកស្រាយលក្ខណៈនៃផ្ទៃមេឃមែន តែមិនចេះបកស្រាយសញ្ញាសម្គាល់នៃសម័យនេះឡើយ»។ (ម៉ាថាយ ១៦:២, ៣) បន្ទាប់មក លោកយេស៊ូប្រាប់ពួកផារិស៊ីនិងពួកសាឌូស៊ីថាគ្មានសញ្ញាសម្គាល់ណានឹងត្រូវសម្ដែងឲ្យពួកគេឃើញទេ ក្រៅពីសញ្ញាសម្គាល់នៃយ៉ូណាស។
ក្រោយមក លោកយេស៊ូនិងអ្នកកាន់តាមចុះទូកទៅក្រុងបេតសេដាដែលនៅទិសខាងជើងឆៀងខាងកើតនៃឆ្នេរសមុទ្រកាលីឡេ។ នៅតាមផ្លូវ ពួកអ្នកកាន់តាមដឹងថាពួកគាត់បានភ្លេចយកនំប៉័ងទៅជាមួយ ហើយក្រៅពីនំប៉័ងមួយដុំ ពួកគាត់គ្មានអាហារក្នុងទូកសោះ។ កាលដែលលោកយេស៊ូកំពុងគិតអំពីអ្វីដែលលោកទើបតែបាននិយាយជាមួយនឹងពួកផារិស៊ីនិងពួកសាឌូស៊ីដែលជាអ្នកគាំទ្រហេរ៉ូឌ លោកបានមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា៖ «ចូរប្រុងប្រៀបស្មារតីជានិច្ច ហើយប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងដំបែរបស់ហេរ៉ូឌ»។ ក៏ប៉ុន្តែ ពួកអ្នកកាន់តាមយល់ខុសថាប្រសាសន៍របស់លោកអំពីដំបែ គឺសំដៅទៅលើការភ្លេចយកនំប៉័ងមកជាមួយ។ ដោយជ្រាបអំពីការយល់ខុសរបស់ពួកគាត់ លោកមានប្រសាសន៍ថា៖ «ហេតុអ្វីកំពុងជជែកគ្នាអំពីរឿងគ្មាននំប៉័ង?»។—ម៉ាកុស ៨:១៥-១៧
មិនយូរមុននេះ លោកយេស៊ូបានផ្ដល់នំប៉័ងដល់មនុស្សរាប់ពាន់នាក់។ ហេតុនេះ ពួកអ្នកកាន់តាមគួរដឹងថាលោកមិនបារម្ភអំពីការខ្វះនំប៉័ងនោះទេ។ លោកសួរពួកគាត់ថា៖ «តើអ្នកមិនចាំទេ? ពេលដែលខ្ញុំកាច់នំប៉័ងប្រាំដុំចែកឲ្យបុរសប្រាំពាន់នាក់នោះ តើអ្នករាល់គ្នាប្រមូលនំប៉័ងដែលនៅសល់បានប៉ុន្មានកញ្ជើ?»។ ពួកគាត់ឆ្លើយថា៖ «ដប់ពីរកញ្ជើ»។ រួចមក លោកសួរថែមទៀតថា៖ «ពេលខ្ញុំកាច់នំប៉័ងប្រាំពីរដុំចែកឲ្យបុរសបួនពាន់នាក់ តើអ្នកប្រមូលអាហារដែលនៅសល់បានប៉ុន្មានកញ្ឆេ?»។ ពួកគាត់ឆ្លើយថា៖ «ប្រាំពីរកញ្ឆេ»។—ម៉ាកុស ៨:១៨-២០
បន្ទាប់មក លោកយេស៊ូសួរពួកគាត់ទៀតថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់ថា ខ្ញុំមិនមែននិយាយអំពីនំប៉័ងនោះ?»។ រួចលោកមានប្រសាសន៍បន្ថែមថា៖ «ចូរប្រយ័ត្ននឹងដំបែរបស់ពួកផារិស៊ី និងពួកសាឌូស៊ី»។—ម៉ាថាយ ១៦:១១
នៅទីបំផុត ពួកអ្នកកាន់តាមយល់ប្រសាសន៍របស់លោកយេស៊ូ។ តាមធម្មតា ដំបែគឺជាមេដែលបានត្រូវប្រើដើម្បីធ្វើឲ្យម្សៅនំប៉័ងដោរឡើង។ ម្ល៉ោះហើយ លោកយេស៊ូកំពុងប្រើដំបែដើម្បីបញ្ជាក់អំពីការខូចរលួយ។ ដូច្នេះ លោកកំពុងព្រមានអ្នកកាន់តាមឲ្យប្រុងប្រយ័ត្ននឹង«សេចក្ដីបង្រៀនរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ» ពីព្រោះសេចក្ដីបង្រៀនរបស់ពួកគេមានឥទ្ធិពលអាក្រក់។—ម៉ាថាយ ១៦:១២