ជំពូកទី៦០
ការផ្លាស់ប្រែលក្ខណៈក្រៅបង្ហាញអំពីសិរីរុងរឿងរបស់គ្រិស្ត
ម៉ាថាយ ១៦:២៨–១៧:១៣ ម៉ាកុស ៩:១-១៣ លូកា ៩:២៧-៣៦
ការបើកសម្ដែងឲ្យឃើញក្នុងគំនិតអំពីការផ្លាស់ប្រែលក្ខណៈក្រៅ
ពួកសាវ័កឮសំឡេងរបស់ព្រះ
កាលដែលលោកយេស៊ូកំពុងបង្រៀនបណ្ដាជននៅក្នុងតំបន់សេសារៀភីលីពដែលមានចម្ងាយ២៥គីឡូម៉ែត្រពីភ្នំហឺម៉ុន លោកបានប្រកាសអំពីរឿងមួយដែលធ្វើឲ្យពួកសាវ័កភ្ញាក់ផ្អើល ដោយមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនស្លាប់ឡើយ ទាល់តែបានឃើញកូនមនុស្សមកជាស្តេចជាមុនសិន»។—ម៉ាថាយ ១៦:២៨
ពួកសាវ័កប្រាកដជាឆ្ងល់យ៉ាងខ្លាំងអំពីប្រសាសន៍របស់លោកយេស៊ូ។ ប្រហែលជាមួយសប្ដាហ៍ក្រោយមក លោកយេស៊ូបាននាំសាវ័កបីនាក់គឺ ពេត្រុស យ៉ាកុប យ៉ូហាន ឡើងភ្នំដ៏ខ្ពស់មួយជាមួយនឹងលោក។ ពេលនោះ ទំនងជាពេលយប់ជ្រៅហើយ ពីព្រោះសាវ័កទាំងបីនាក់ងងុយដេករលីវៗ។ រួចមក កាលដែលលោកយេស៊ូកំពុងអធិដ្ឋាន លក្ខណៈក្រៅរបស់លោកបានផ្លាស់ប្រែនៅចំពោះមុខពួកសាវ័ក។ នៅពេលនោះ ពួកគាត់បានឃើញមុខរបស់លោកយេស៊ូបញ្ចេញរស្មីដូចថ្ងៃ ហើយសម្លៀកបំពាក់របស់លោកចាប់ផ្ដើមភ្លឺត្រចះដូចពន្លឺ។
រួចមក បុរសពីរនាក់បានលេចមក។ កំណត់ហេតុគម្ពីរចែងថាពួកគាត់គឺ«ម៉ូសេនិងអេលីយ៉ា» ហើយពួកគាត់ចាប់ផ្ដើមនិយាយជាមួយនឹងលោកយេស៊ូអំពី«ការចាកចេញរបស់លោក ដែលត្រូវកើតឡើងនៅក្រុងយេរូសាឡិម»។ (លូកា ៩:៣០, ៣១) ការចាកចេញរបស់លោកគឺសំដៅទៅលើអ្វីដែលលោកទើបតែមានប្រសាសន៍ថា លោកនឹងត្រូវគេសម្លាប់ ហើយនឹងត្រូវប្រោសឲ្យរស់ឡើងវិញនៅពេលក្រោយមក។ (ម៉ាថាយ ១៦:២១) ការសន្ទនានេះបង្ហាញថាការស្លាប់ដ៏គួរឲ្យអាម៉ាស់មុខរបស់លោកយេស៊ូ មិនមែនជាអ្វីដែលលោកត្រូវខំគេចវេះនោះទេ ហើយនេះគឺខុសពីអ្វីដែលពេត្រុសធ្លាប់សុំលោកឲ្យធ្វើពេលដែលគាត់សុំលោកឲ្យអាណិតខ្លួន។
លុះស្វាងពីដំណេក ពួកសាវ័កមើលហើយស្ដាប់ការសន្ទនានោះដោយនឹកអស្ចារ្យក្នុងចិត្ត។ នេះបានត្រូវបើកសម្ដែងឲ្យពួកគេឃើញក្នុងគំនិត ប៉ុន្តែហេតុការណ៍នេះបានកើតឡើងច្បាស់ដល់ម្ល៉េះបានជាពេត្រុសចាប់ផ្ដើមនិយាយថា៖ «រ៉ាប៊ី! យើងនៅទីនេះជាការល្អប្រសើរណាស់! ដូច្នេះ យើងសុំដំឡើងត្រសាលបី មួយសម្រាប់លោក មួយសម្រាប់ម៉ូសេ និងមួយសម្រាប់អេលីយ៉ា»។ (ម៉ាកុស ៩:៥) ប៉ុន្តែ តើពេត្រុសចង់ដំឡើងត្រសាលនៅទីនោះដើម្បីឲ្យអ្វីដែលគាត់ឃើញក្នុងគំនិតបន្តមានទៀតឬ?
កាលដែលពេត្រុសកំពុងនិយាយនៅឡើយ មានពពកដ៏ភ្លឺមួយបានមកគ្របបាំងពួកគាត់ ហើយមានសំឡេងមួយចេញពីពពកនោះថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំពេញចិត្ត។ ចូរស្ដាប់តាមលោក»។ ពេលឮសំឡេងរបស់ព្រះ ពួកសាវ័កភ័យខ្លាចយ៉ាងខ្លាំង ហើយក្រាបមុខដល់ដី ប៉ុន្តែលោកយេស៊ូមានប្រសាសន៍ថា៖ «ចូរក្រោកឡើង កុំខ្លាចឡើយ»។ (ម៉ាថាយ ១៧:៥-៧) នៅពេលដែលពួកគាត់ងើបមុខឡើង ពួកគាត់មិនបានឃើញអ្នកណាទៀតឡើយក្រៅពីលោកយេស៊ូ ពីព្រោះការបើកសម្ដែងឲ្យឃើញក្នុងគំនិតបានចប់ហើយ។ កាលមេឃភ្លឺឡើង ពួកគាត់ក៏ធ្វើដំណើរចុះពីភ្នំ នៅតាមផ្លូវលោកយេស៊ូបានបង្គាប់ពួកគាត់ថា៖ «កុំប្រាប់អ្នកណាឲ្យសោះអំពីអ្វីៗទាំងនេះ ដែលបានត្រូវបើកសម្ដែងឲ្យឃើញក្នុងគំនិតឡើយ រហូតដល់កូនមនុស្សបានត្រូវប្រោសឲ្យរស់ឡើងវិញ»។—ម៉ាថាយ ១៧:៩
ដោយសារពួកសាវ័កបានឃើញអេលីយ៉ាលេចមកក្នុងគំនិត នោះបាននាំឲ្យពួកគាត់សួរថា៖ «ហេតុអ្វីបានជាពួកអ្នកជំនាញខាងច្បាប់និយាយថា អេលីយ៉ាត្រូវមកមុន?»។ លោកយេស៊ូតបឆ្លើយថា៖ «អេលីយ៉ាបានមកហើយ តែពួកគេមិនបានស្គាល់គាត់ឡើយ»។ (ម៉ាថាយ ១៧:១០-១២) លោកយេស៊ូកំពុងមានប្រសាសន៍អំពីយ៉ូហានដែលជាអ្នកជ្រមុជទឹកដែលបានបំពេញតួនាទីរបស់គាត់ស្រដៀងនឹងអេលីយ៉ា ពីព្រោះអេលីយ៉ាបានរៀបចំផ្លូវសម្រាប់អេលីសេ ហើយយ៉ូហានបានរៀបចំផ្លូវសម្រាប់គ្រិស្ត។
ការបើកបង្ហាញឲ្យឃើញក្នុងគំនិតនេះពិតជាបានផ្ដល់កម្លាំងចិត្តដល់លោកយេស៊ូ ហើយពង្រឹងជំនឿពួកសាវ័កមែន! ពីព្រោះនេះជាការបង្ហាញឲ្យឃើញទុកជាមុនអំពីសិរីរុងរឿងរបស់គ្រិស្តក្នុងរាជាណាចក្រព្រះ។ យ៉ាងនោះ ពួកអ្នកកាន់តាមលោកបានឃើញ«កូនមនុស្សមកជាស្តេច» ដូចដែលលោកយេស៊ូបានសន្យាមែន។ (ម៉ាថាយ ១៦:២៨) ដូច្នេះ កាលដែលនៅលើភ្នំ ពួកសាវ័កគឺជា«សាក្សីផ្ទាល់ភ្នែកអំពីភាពរុងរឿងរបស់លោក»។ ទោះបីជាពួកផារិស៊ីចង់ឃើញសញ្ញាសម្គាល់មួយដែលបញ្ជាក់ថាលោកយេស៊ូគឺពិតជាស្តេចដែលព្រះបានរើសតាំងក៏ដោយ លោកមិនដែលបង្ហាញសញ្ញាសម្គាល់ដល់ពួកគេឡើយ។ ផ្ទុយទៅវិញ លោកយេស៊ូបានអនុញ្ញាតឲ្យពួកអ្នកកាន់តាមជិតស្និទ្ធឃើញការផ្លាស់ប្រែលក្ខណៈក្រៅរបស់លោក ហើយនេះបញ្ជាក់ថាទំនាយក្នុងគម្ពីរស្តីអំពីរាជាណាចក្រនឹងកើតឡើងពិតមែន។ ហេតុនេះ ក្រោយមកពេត្រុសអាចសរសេរថា៖ «ទំនុកចិត្តរបស់យើងទៅលើទំនាយបានត្រូវពង្រឹងថែមទៀត»។—ពេត្រុសទី២ ១:១៦-១៩