ជំពូកទី៦៣
លោកយេស៊ូផ្ដល់ឱវាទអំពីការជំពប់ដួលនិងការធ្វើខុស
ម៉ាថាយ ១៨:៦-២០ ម៉ាកុស ៩:៣៨-៥០ លូកា ៩:៤៩, ៥០
ឱវាទអំពីការជំពប់ដួល
បើបងប្អូនម្នាក់ប្រព្រឹត្តអំពើខុសឆ្គង
លោកយេស៊ូទើបតែបានលើកឧទាហរណ៍អំពីចិត្តគំនិតដែលអ្នកកាន់តាមលោកគួរមាន។ ពួកគាត់គួរចាត់ទុកថាខ្លួនគឺដូចជាកូនក្មេង ដែលគ្មានឋានៈនិងតូចទាប។ ម្យ៉ាងទៀត ពួកគាត់គួរតែ‹ទទួលស្វាគមន៍ក្មេងម្នាក់បែបនេះដោយសារឈ្មោះលោក› ហើយយ៉ាងនោះពួកគាត់«ក៏ទទួលស្វាគមន៍លោកយេស៊ូដែរ»។—ម៉ាថាយ ១៨:៥
ថ្មីៗនេះពួកសាវ័កបានឈ្លោះប្រកែកគ្នាអំពីអ្នកណាដែលមានឋានៈធំជាងគេ ដូច្នេះពួកគាត់ប្រហែលជាចាត់ទុកប្រសាសន៍របស់លោកយេស៊ូថាជាការស្តីបន្ទោស។ ឥឡូវនេះ សាវ័កយ៉ូហានបាននិយាយអំពីរឿងមួយទៀតដែលទើបតែបានកើតឡើង ប្រាប់លោកយេស៊ូថា៖ «យើងឃើញបុរសម្នាក់កំពុងបណ្ដេញវិញ្ញាណកំណាចដោយនាមរបស់លោក ហើយយើងខំឃាត់គាត់ ពីព្រោះគាត់មិនមកជាមួយនឹងយើងឡើយ»។—លូកា ៩:៤៩
តើយ៉ូហានគិតថាមានតែពួកសាវ័កប៉ុណ្ណោះដែលបានទទួលអំណាចធ្វើឲ្យមនុស្សជាសះស្បើយនិងបណ្ដេញពួកវិញ្ញាណកំណាចឬ? បើមានតែពួកគាត់មានអំណាចបែបនេះមែន ហេតុអ្វីបុរសជនជាតិយូដាម្នាក់នោះអាចបណ្ដេញពួកវិញ្ញាណអាក្រក់បាន? យ៉ូហានទំនងជាគិតថាបុរសនោះមិនគួរមានសមត្ថភាពធ្វើការអស្ចារ្យទេ ពីព្រោះគាត់មិនបានមកជាមួយនឹងលោកយេស៊ូនិងពួកសាវ័កឯទៀតឡើយ។
ប៉ុន្តែ យ៉ូហានបានភ្ញាក់ផ្អើលកាលដែលលោកយេស៊ូមានប្រសាសន៍ថា៖ «កុំឃាត់គាត់ ព្រោះគ្មានអ្នកណាអាចធ្វើការដែលប្រកបដោយឫទ្ធានុភាពដោយឈ្មោះរបស់ខ្ញុំ រួចបែរមកនិយាយប្រមាថមើលងាយខ្ញុំភ្លាមទេ ដោយហេតុថា អ្នកណាដែលមិនប្រឆាំងយើង អ្នកនោះគឺនៅខាងយើងហើយ។ អ្នកណាដែលជូនទឹកមួយពែងឲ្យអ្នករាល់គ្នាពិសា ដោយសារអ្នកកាន់តាមគ្រិស្ត នោះខ្ញុំប្រាប់អ្នកការពិតថា គាត់នឹងមិនបាត់បង់រង្វាន់របស់គាត់ឡើយ»។—ម៉ាកុស ៩:៣៩-៤១
នៅពេលនេះបុរសម្នាក់នោះមិនចាំបាច់មកជាមួយនឹងគ្រិស្តដើម្បីអាចនៅខាងលោកឡើយ ពីព្រោះក្រុមជំនុំគ្រិស្តសាសនិកគឺមិនទាន់បានត្រូវបង្កើតឡើងនៅឡើយ។ ហេតុនេះ ការដែលបុរសនោះមិនបានធ្វើដំណើរជាមួយនឹងលោកយេស៊ូគឺមិនមានន័យថាគាត់ជាអ្នកប្រឆាំងលោក ឬជាអ្នកគាំទ្រសាសនាមិនពិតនោះទេ។ បុរសនោះពិតជាមានជំនឿលើនាមលោកយេស៊ូ។ ម្យ៉ាងទៀត ប្រសាសន៍របស់លោកយេស៊ូបញ្ជាក់ថាបុរសនោះនឹងមិនបាត់បង់រង្វាន់របស់គាត់ឡើយ។
ផ្ទុយទៅវិញ គឺពិតជារឿងធ្ងន់ធ្ងរណាស់បើបុរសនោះបានត្រូវជំពប់ដួលដោយសារពាក្យសម្ដីនិងការប្រព្រឹត្តរបស់ពួកសាវ័ក។ ដូច្នេះ លោកយេស៊ូបានមានប្រសាសន៍ថា៖ «អ្នកណាដែលបណ្ដាលឲ្យអ្នកតូចបែបនេះដែលជឿជំពប់ដួល គឺល្អជាងបើយកថ្មត្បាល់កិនយ៉ាងធំមួយចងជាប់ករបស់អ្នកនោះ ហើយយកទៅចោលក្នុងសមុទ្រ»។ (ម៉ាកុស ៩:៤២) បន្ទាប់មក លោកយេស៊ូបានមានប្រសាសន៍ថា អ្នកកាន់តាមលោកគួរតែបោះបង់ចោលអ្វីដែលមានតម្លៃប្រៀបដូចជា ដៃ ជើង ឬភ្នែក ប្រសិនបើអ្វីទាំងនោះធ្វើឲ្យពួកគាត់ជំពប់ដួល ពីព្រោះគឺប្រសើរជាងបើកាត់ចោលអ្វីទាំងនោះ តែអាចចូលរាជាណាចក្រព្រះ ជាជាងមានអ្វីទាំងនោះ តែបានត្រូវបោះទៅក្នុងហ្គេហេណា (ជ្រលងភ្នំហ៊ីណុំ)។ ពួកសាវ័កទំនងជាធ្លាប់ឃើញជ្រលងភ្នំនោះដែលជាកន្លែងដុតសំរាមខាងក្រៅក្រុងយេរូសាឡិម ដូច្នេះ ពួកគាត់អាចយល់បានថាទីនោះគឺសំដៅទៅលើការបំផ្លាញចោលជារៀងរហូត។
លោកយេស៊ូក៏បានព្រមានថា៖ «ចូរប្រយ័ត្ន កុំឲ្យមើលងាយអ្នកតូចបែបនេះឡើយ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់អ្នកទាំងនោះ ដែលនៅស្ថានសួគ៌តែងតែឃើញមុខបិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌»។ តើ«អ្នកតូច»បែបនោះមានតម្លៃយ៉ាងណាចំពោះព្រះ? លោកយេស៊ូមានប្រសាសន៍ថាមានបុរសម្នាក់ដែលមានចៀម១០០ក្បាល ហើយចៀមមួយវង្វេងបាត់ទៅ។ គាត់បានទុកចៀម៩៩ក្បាល រួចទៅស្វែងរកចៀមមួយដែលវង្វេងបាត់នោះ។ កាលដែលគាត់រកឃើញចៀមនោះហើយ គាត់មានអំណរចំពោះចៀមមួយនោះ ខ្លាំងជាងចំពោះចៀម៩៩ក្បាលដែលមិនបានវង្វេងបាត់។ លោកយេស៊ូបានមានប្រសាសន៍បន្ថែមថា៖ «បិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌មិនចង់ឲ្យអ្នកតូចណាម្នាក់បែបនេះវិនាសឡើយ»។—ម៉ាថាយ ១៨:១០, ១៤
លោកយេស៊ូប្រហែលជាគិតអំពីការឈ្លោះប្រកែកគ្នារបស់ពួកសាវ័កថាអ្នកណាមានឋានៈធំជាងគេ។ ដូច្នេះ លោកបានដាស់តឿនពួកគាត់ថា៖ «ចូរមានអំបិលក្នុងជីវិតខ្លួន ហើយរក្សាឲ្យមានមេត្រីភាពនឹងគ្នាជានិច្ច»។ (ម៉ាកុស ៩:៥០) តាមធម្មតា អំបិលធ្វើឲ្យម្ហូបទៅជាឆ្ងាញ់ជាង ដូច្នេះអំបិលតំណាងពាក្យសម្ដីពីរោះដែលបុគ្គលម្នាក់ស្រួលទទួល ហើយក៏រក្សាឲ្យមានសន្ដិភាពទៀតផង។ ផ្ទុយទៅវិញ ការឈ្លោះប្រកែកគ្នាមិននាំឲ្យមានលទ្ធផលបែបនេះឡើយ។—កូឡុស ៤:៦
ជួនកាល នៅពេលមានអ្នកណាម្នាក់ប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ លោកយេស៊ូបានប្រាប់អំពីរបៀបដោះស្រាយបញ្ហានោះ ដោយមានប្រសាសន៍ថា៖ «ប្រសិនបើបងប្អូនណាម្នាក់របស់អ្នកធ្វើខុសអ្វីមួយ ចូរទៅជួបគាត់ម្នាក់ឯង ហើយលាតត្រដាងកំហុសរបស់គាត់។ បើគាត់ស្ដាប់អ្នក នោះអ្នកបានបងប្អូននោះមកវិញ»។ ប៉ុន្តែ ចុះបើគាត់មិនព្រមស្ដាប់? លោកយេស៊ូបានឲ្យឱវាទថា៖ «ចូរយកមនុស្សម្នាក់ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យគ្រប់រឿងទាំងអស់អាចត្រូវទុកជាការពិត ដោយការបញ្ជាក់របស់សាក្សីពីរឬបីនាក់»។ បើនៅតែមិនអាចដោះស្រាយបញ្ហាបានទេ នោះត្រូវប្រាប់ដល់«ក្រុមជំនុំ» ពោលគឺក្រុមអ្នកចាស់ទុំ ដែលជាអ្នកសម្រេចចិត្តចំពោះបញ្ហានេះ។ ប៉ុន្តែ ប្រសិនបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀត «នោះចូរចាត់ទុកគាត់ជាជនជាតិដទៃ និងជាអ្នកយកពន្ធ»។ ពួកគេជាមនុស្សដែលជនជាតិយូដាមិនរាប់អានឡើយ។—ម៉ាថាយ ១៨:១៥-១៧
អ្នកត្រួតពិនិត្យក្រុមជំនុំត្រូវធ្វើតាមបណ្ដាំរបស់ព្រះ បើពួកគាត់រកឃើញថា បុគ្គលម្នាក់ពិតជាបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយត្រូវការការប្រដៅតម្រង់មែន នោះការវិនិច្ឆ័យរបស់ពួកគាត់‹នឹងត្រូវចងនៅស្ថានសួគ៌›។ ប៉ុន្តែ បើពួកគាត់រកឃើញថា បុគ្គលនោះមិនបានប្រព្រឹត្តអំពើខុសឆ្គងទេ ការវិនិច្ឆ័យរបស់ពួកគាត់នឹងត្រូវ«ស្រាយនៅស្ថានសួគ៌ដែរ»។ ការណែនាំនេះពិតជានឹងមានប្រយោជន៍ណាស់កាលដែលក្រុមជំនុំគ្រិស្តសាសនិកបានត្រូវស្ថាបនាឡើង។ ចំពោះការវិនិច្ឆ័យសេចក្ដីដ៏សំខាន់បែបនេះ លោកយេស៊ូបានមានប្រសាសន៍ថា៖ «នៅកន្លែងណាដែលមានពីរឬបីនាក់ជួបជុំគ្នាតាងនាមខ្ញុំ នោះខ្ញុំក៏នៅក្នុងចំណោមពួកគេដែរ»។—ម៉ាថាយ ១៨:១៨-២០