ចូរឲ្យពួកជំនុំមានជំហរកាន់តែមាំមួនឡើង
«ពួកជំនុំទាំងប៉ុន្មាន . . . មានសេចក្ដីសុខសាន្ត ហើយមានចិត្តស្អាង[ឬ«ជំហរកាន់តែមាំមួន»]ឡើង»។—កិច្ចការ ៩:៣១; ខ.ស.
១. តើយើងអាចសួរសំណួរអ្វីខ្លះអំពី«ពួកជំនុំនៃព្រះ»?
នៅបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. ព្រះយេហូវ៉ាបានទទួលស្គាល់សិស្សមួយក្រុមរបស់ព្រះគ្រិស្តជាសាសន៍ថ្មីមួយ ពោលគឺ «សាសន៍អ៊ីស្រាអែលនៃព្រះ»។ (កាឡាទី ៦:១៦) គ្រិស្តសាសនិកទាំងនោះដែលបានតែងតាំងដោយសកម្មពលរបស់ព្រះយេហូវ៉ា បានក្លាយជាអ្វីដែលគម្ពីរហៅថា «ពួកជំនុំនៃព្រះ»។ (កូរិនថូសទី១ ១១:២២) ក្នុងនាមជា«ពួកជំនុំនៃព្រះ» តើពួកគាត់មានភារកិច្ចអ្វី? តើ«ពួកជំនុំ»នោះត្រូវរៀបចំយ៉ាងណា? បើសមាជិកនៃ«ពួកជំនុំនៃព្រះ»រស់នៅកន្លែងផ្សេងៗ តើពួកគេអាចមានរបៀបរៀបរយយ៉ាងណា? ហើយតើជីវិតនិងសុភមង្គលរបស់យើងជាប់ទាក់ទងនឹង«ពួកជំនុំនៃព្រះ»យ៉ាងដូចម្ដេច?
២, ៣. តើព្រះយេស៊ូបញ្ជាក់យ៉ាងណាថាទ្រង់នឹងរៀបចំពួកជំនុំដោយមានរបៀបរៀបរយ?
២ ដូចបានបញ្ជាក់ក្នុងអត្ថបទមុន ព្រះយេស៊ូបានប្រាប់ទុកជាមុនអំពីពួកជំនុំរបស់ទ្រង់ថា ពួកគេជាអ្នកកាន់តាមទ្រង់ដែលបានតែងតាំងដោយសកម្មពលរបស់ព្រះយេហូវ៉ា។ ព្រះយេស៊ូបានប្រាប់សាវ័កពេត្រុសថា៖ «ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ[គឺព្រះយេស៊ូគ្រិស្ត] ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ»។ (ម៉ាថាយ ១៦:១៨) ម្យ៉ាងទៀត ពេលនៅជាមួយពួកសាវ័ក ព្រះយេស៊ូបានពន្យល់អំពីតួនាទីនិងរបៀបដែលទ្រង់នឹងរៀបចំពួកជំនុំនោះ។
៣ ព្រះយេស៊ូបានបង្រៀនដោយពាក្យសម្ដីនិងការប្រព្រឹត្តផង ថាពួកជំនុំនោះនឹងមានមនុស្សខ្លះជាអ្នកនាំមុខ។ អ្នកនាំមុខទាំងនោះត្រូវបម្រើពួកអ្នកឯទៀតក្នុងក្រុមពួកគេ។ ព្រះគ្រិស្តប្រាប់ថា៖ «អ្នករាល់គ្នាដឹងថា ពួកអ្នកដែលបានរាប់ជាចៅហ្វាយនៃសាសន៍ដទៃ គេគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើដែរ។ ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ»។ (ម៉ាកុស ១០:៤២-៤៤) គឺច្បាស់ហើយថា «ពួកជំនុំនៃព្រះ»មិនសំដៅទៅលើគ្រិស្តសាសនិកនានាដែលរស់ដាច់ដោយឡែកពីគ្នាហើយគ្មានការរៀបចំនោះឡើយ។ ផ្ទុយទៅវិញ ពួកគេត្រូវរួបរួមគ្នាហើយមានរបៀបរៀបរយជាក្រុមជំនុំដែលរាប់អានគ្នា។
៤, ៥. តើអ្វីបង្ហាញថាពួកជំនុំត្រូវទទួលការអប់រំនិងការណែនាំពីព្រះ?
៤ ព្រះយេស៊ូជាសិរសាឬអ្នកនាំមុខ«ពួកជំនុំនៃព្រះ» ហើយទ្រង់បង្ហាញថា ពួកសាវ័កនិងសិស្សឯទៀតរបស់ទ្រង់ត្រូវបំពេញភារកិច្ចផ្សេងៗក្នុងការបម្រើបងប្អូនទាំងឡាយក្នុងពួកជំនុំនោះ។ តើពួកគេមានភារកិច្ចអ្វីខ្លះ? ភារកិច្ចសំខាន់មួយ គឺការបង្រៀនក្រុមជំនុំអំពីព្រះយេហូវ៉ា។ សូមនឹកចាំថា ក្រោយព្រះយេស៊ូបានរស់ឡើងវិញ ទ្រង់ប្រាប់សាវ័កពេត្រុសនៅមុខសាវ័កឯទៀតថា៖ ‹ស៊ីម៉ូន កូនយ៉ូណាសអើយ! តើអ្នកស្រឡាញ់ខ្ញុំឬអី?›។ ពេត្រុសឆ្លើយថា៖ «ទ្រង់ជ្រាបថាទូលបង្គំពេញចិត្តនឹងទ្រង់ហើយ»។ ដូច្នេះព្រះយេស៊ូប្រាប់គាត់ថា៖ «ចូរឲ្យចំណីដល់កូនចៀមខ្ញុំ . . . ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំ . . . ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង»។ (យ៉ូហាន ២១:១៥-១៧) នោះហើយជាភារកិច្ចសំខាន់ណាស់!
៥ ពាក្យរបស់ព្រះយេស៊ូបង្ហាញថា ពួកអ្នកដែលប្រមូលគ្នាជាក្រុមជំនុំ នោះប្រៀបដូចជាហ្វូងចៀម។ បុរស ស្ត្រីនិងកូនក្មេងក្នុងហ្វូងនោះ ជាពួកគ្រិស្តសាសនិកដែលត្រូវទទួលការអប់រំនិងការណែនាំពីព្រះដែលប្រៀបដូចជាអាហារ ហើយពួកគេត្រូវការអ្នកឃ្វាលផងដែរ។ ម្យ៉ាងទៀត ព្រះយេស៊ូបានបង្គាប់អស់អ្នកដែលកាន់តាមទ្រង់ថា ពួកគេត្រូវបង្រៀនអ្នកដទៃនិងបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ដូច្នេះ មនុស្សទាំងឡាយដែលប្រៀបដូចជាចៀមថ្មីក្នុងហ្វូងទ្រង់ ត្រូវទទួលការបង្វឹកបង្វឺនឲ្យចេះធ្វើតាមបង្គាប់នោះដែរ។—ម៉ាថាយ ២៨:១៩, ២០
៦. តើ«ពួកជំនុំ[ថ្មី]នៃព្រះ»បានត្រូវរៀបចំយ៉ាងដូចម្ដេច?
៦ ពេលព្រះយេស៊ូបានរៀបចំ«ពួកជំនុំនៃព្រះ»រួចហើយ សមាជិកនៃពួកជំនុំនោះបានជួបជុំគ្នាជាទៀងទាត់ដើម្បីលើកទឹកចិត្តគ្នាទៅវិញទៅមកនិងទទួលការណែនាំ។ «អ្នកទាំងនោះក៏នៅតែព្យាយាមក្នុងសេចក្ដីបង្រៀនរបស់ពួកសាវកហើយក្នុងសេចក្ដីប្រកបគ្នា ព្រមទាំងការកាច់នំប៉័ងនឹងសេចក្ដីអធិស្ឋានផង»។ (កិច្ចការ ២:៤២, ៤៦, ៤៧) កំណត់ហេតុក្នុងគម្ពីរមានចំណុចមួយទៀតដ៏គួរឲ្យកត់សម្គាល់ គឺថាបុរសខ្លះដែលមានលក្ខណៈសមស្របនឹងតម្រូវការក្នុងគម្ពីរ បានត្រូវតែងតាំងឲ្យជួយបំពេញកិច្ចការសំខាន់ៗ។ បុរសទាំងនោះមិនទទួលភារកិច្ចដោយសារពួកគេបានរៀនខ្ពង់ខ្ពស់ឬជាអ្នកជំនាញផ្នែកផ្សេងៗទេ។ តែពួកគេជាមនុស្សដែល«ពេញ[ទៅដោយ]វិញ្ញាណបរិសុទ្ធនឹងប្រាជ្ញា»វិញ។ លោកស្ទេផានជាបុរសម្នាក់ដូចនោះ ហើយកំណត់ហេតុក្នុងគម្ពីររៀបរាប់អំពីគាត់ជាមនុស្សដែល«ពេញដោយសេចក្ដីជំនឿនឹងព្រះវិញ្ញាណបរិសុទ្ធ»។ លទ្ធផលដែលមកពីការរៀបចំក្នុងក្រុមជំនុំទាំងនោះ គឺ«ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្សបានចំរើនឡើងក្រៃលែង»ដែរ។—កិច្ចការ ៦:១-៧
បុរសដែលទទួលភារកិច្ចពីព្រះយេហូវ៉ា
៧, ៨. (ក) តើពួកសាវ័កនិងពួកចាស់ទុំនៅទីក្រុងយេរូសាឡិមមានតួនាទីអ្វីចំពោះពួកគ្រិស្តសាសនិកនាសម័យដើម? (ខ) ពេលពួកជំនុំបានទទួលការណែនាំនោះ តើមានលទ្ធផលអ្វី?
៧ មិនជាការចម្លែកអ្វីឡើយ ដែលពួកសាវ័កបាននាំមុខពួកជំនុំនៅសម័យដើម។ ប៉ុន្តែ បុរសឯទៀតក៏មានភារកិច្ចផ្សេងៗដែរ មិនគ្រាន់តែពួកសាវ័កប៉ុណ្ណោះទេ។ សៀវភៅកិច្ចការ ១៤:២៧ រៀបរាប់អំពីប៉ុលនិងគូកនរបស់គាត់ដែលបានត្រឡប់ទៅទីក្រុងអានទីយ៉ូកនៅស្រុកស៊ីរី ថាពេលពួកគាត់បានទៅ«ដល់ហើយ [ពួកគាត់]ប្រមូលពួកជំនុំមកថ្លែងប្រាប់ពីការដែលព្រះបានធ្វើដោយសារខ្លួន»។ កាលនៅជាមួយក្រុមជំនុំនោះ មានសំណួរមួយផុសឡើងថា តើពួកសាសន៍ដទៃដែលក្លាយជាអ្នកជឿត្រូវកាត់ស្បែកដូចពួកយូដាឬទេ? ដើម្បីឆ្លើយសំណួរនោះ ពួកជំនុំបានចាត់ប៉ុលនិងបាណាបាសឲ្យ«ទៅឯពួកសាវកនឹងពួកចាស់ទុំនៅក្រុងយេរូសាឡិម» ដែលបានរួមគ្នាជាគណៈអភិបាលនាសម័យនោះ។—កិច្ចការ ១៥:១-៣
៨ លោកយ៉ាកុបដែលជាប្អូនព្រះយេស៊ូ គាត់ជាអ្នកចាស់ទុំគ្រិស្តសាសនិកដែរ ហើយទោះជាគាត់មិនមែនជាសាវ័កម្នាក់ក៏ដោយ គាត់ជាអ្នកនាំមុខ«ពួកសាវកនឹងពួកចាស់ទុំ[ដែលបាន]ប្រជុំគ្នាប្រឹក្សាពីដំណើរនោះ»។ (កិច្ចការ ១៥:៦) ក្រោយពួកគាត់បានពិភាក្សាយ៉ាងដិតដល់អំពីរឿងនោះ ព្រមទាំងមានសកម្មពលរបស់ព្រះជួយដឹកនាំដែរ ពួកគាត់បានធ្វើការសម្រេចចិត្តស្របទៅតាមគម្ពីរ។ ក្រោយមក ក្រុមប្រឹក្សានោះបានយកការសម្រេចជាលាយលក្ខណ៍អក្សរផ្ញើជូនចំពោះក្រុមជំនុំនានា។ (កិច្ចការ ១៥:២២-៣២) ពួកជំនុំដែលទទួលការណែនាំនោះ បានយល់ព្រមធ្វើតាម។ តើមានលទ្ធផលអ្វី? នេះបានលើកទឹកចិត្តនិងពង្រឹងកម្លាំងចិត្តបងប្អូនទាំងឡាយឲ្យមានជំហរកាន់តែមាំមួនឡើង។ សេចក្ដីរាយការណ៍ក្នុងគម្ពីរចែងថា៖ «យ៉ាងនោះ ពួកជំនុំទាំងប៉ុន្មានមានសេចក្ដីជំនឿរឹតតែខ្លាំង ហើយចំនួននៃពួកសិស្សចេះតែចំរើនកើនឡើងជារាល់ថ្ងៃ»។—កិច្ចការ ១៦:៥
៩. ស្របទៅតាមគម្ពីរ បើបុរសគ្រិស្តសាសនិកមានលក្ខណៈគ្រប់គ្រាន់ តើពួកគេអាចមានតួនាទីអ្វីខ្លះ?
៩ តើក្រុមជំនុំនីមួយៗត្រូវមានរបៀបរៀបរយយ៉ាងណា? សូមគិតអំពីក្រុមជំនុំនៅកោះក្រេតទុកជាគំរូមួយ។ មនុស្សជាច្រើននៅកោះនោះមានកេរ្ដិ៍ឈ្មោះជាមនុស្សអាក្រក់ ប៉ុន្តែអ្នកខ្លះបានកែប្រែហើយបានក្លាយជាគ្រិស្តសាសនិកពិត។ (ទីតុស ១:១០-១២; ២:២, ៣) ពួកគេរស់នៅទីក្រុងផ្សេងៗ ហើយស្ថិតឆ្ងាយពីគណៈអភិបាលនៅទីក្រុងយេរូសាឡិម។ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែមានរបៀបរៀបរយពីព្រោះពួកគេបានតែងតាំងបុរសដែលមានភាព«ចាស់ទុំ»ក្នុងកិច្ចបម្រើព្រះយេហូវ៉ា ឲ្យទទួលខុសត្រូវក្នុងក្រុមជំនុំនីមួយៗនៅកោះក្រេត ដូចក្រុមជំនុំឯទៀតបានធ្វើដែរ។ បុរសដែលមានភាពចាស់ទុំទាំងនោះមានលក្ខណៈសមស្របទៅតាមអ្វីដែលចែងទុកក្នុងគម្ពីរ។ ដូច្នេះពួកគាត់បានត្រូវតែងតាំងជាអ្នកចាស់ទុំឬអ្នកត្រួតពិនិត្យដើម្បី«កំសាន្តចិត្ត[ឬ«ដាស់តឿន»]គេដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ហើយ . . . ផ្ចាញ់[ឬប្រដៅតម្រង់]ដល់ពួកអ្នកដែលស្រដីទទឹង»។ (ទីតុស ១:៥-៩; ខ.ស.; ធីម៉ូថេទី១ ៣:១-៧) បុរសឯទៀតដែលបានបម្រើព្រះដោយយកចិត្តទុកដាក់ក៏មានលក្ខណៈគ្រប់គ្រាន់តាមគម្ពីរដើម្បីជួយបម្រើការក្នុងក្រុមជំនុំជាពួកអ្នកងារជំនួយ។—ធីម៉ូថេទី១ ៣:៨-១០, ១២, ១៣
១០. យោងទៅតាមម៉ាថាយ ១៨:១៥-១៧ តើគ្រិស្តសាសនិកអាចដោះស្រាយរឿងរ៉ាវដោយរបៀបណា?
១០ ព្រះយេស៊ូបានប្រាប់ទុកជាមុនថា ពួកជំនុំនោះនឹងមានរបៀបរៀបរយមែន។ សូមគិតអំពីអ្វីដែលរៀបរាប់នៅសៀវភៅម៉ាថាយ ១៨:១៥-១៧។ ក្នុងបទគម្ពីរនោះ ព្រះយេស៊ូបានពន្យល់ថា ជួនកាលអ្នកបម្រើព្រះក៏ទាស់ទែងគ្នាដែរ ប្រហែលជាដោយសារបងប្អូនណាម្នាក់ធ្វើខុសនឹងបងប្អូនម្នាក់ទៀត។ ព្រះយេស៊ូប្រាប់ថា អ្នកដែលតូចចិត្តនោះត្រូវទៅជួបអ្នកដែលបានធ្វើខុសនឹងគាត់ ឲ្យពួកគេពិភាក្សាជាមួយគ្នាតែពីរនាក់ប៉ុណ្ណោះ។ ព្រះយេស៊ូបញ្ជាក់ថា អ្នកដែលតូចចិត្តត្រូវ«បន្ទោស»ឬប្រាប់អ្នកដែលមានកំហុសពីហេតុដែលគាត់ពិបាកចិត្ត។ បើពួកគេទាំងពីរនាក់មិនអាចដោះស្រាយរឿងនោះបានទេ ប្រហែលជាអ្នកដែលតូចចិត្តនោះអាចសូមម្នាក់ឬពីរទៀតដែលដឹងហេតុការណ៍ ឲ្យទៅជួយដោះស្រាយ។ ប៉ុន្តែ ចុះយ៉ាងណាបើនៅតែមានរឿងដដែល? ព្រះយេស៊ូប្រាប់ថា៖ ‹បើគាត់មិនព្រមស្ដាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្ដាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ឬជាអ្នកយកពន្ធវិញ›។ កាលព្រះយេស៊ូផ្ដល់ការណែនាំនោះ ពួកសាសន៍យូដានៅតែជា«ពួកជំនុំនៃព្រះ»នៅឡើយ ដូច្នេះពាក្យទាំងនោះច្រើនតែទាក់ទងនឹងពួកគេ។a ប៉ុន្តែ ពេលទ្រង់បានស្ថាបនាក្រុមជំនុំនៃពួកគ្រិស្តសាសនិកឡើង ពួកគេត្រូវធ្វើតាមការណែនាំនោះដែរ។ នេះជាមូលហេតុមួយទៀតដែលយើងដឹងថា រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវមានរបៀបរៀបរយក្នុងក្រុមជំនុំរបស់ពួកគេ គឺដើម្បីផ្ដល់ការណែនាំនិងពង្រឹងកម្លាំងចិត្តគ្រិស្តសាសនិកម្នាក់ៗឲ្យមានជំហរកាន់តែមាំមួនឡើង។
១១. តើពួកអ្នកចាស់ទុំមានតួនាទីអ្វីក្នុងការដោះស្រាយបញ្ហា?
១១ អាស្រ័យហេតុនេះ ពួកអ្នកចាស់ទុំឬអ្នកត្រួតពិនិត្យអាចធ្វើជាអ្នកតំណាងក្រុមជំនុំក្នុងការដោះស្រាយបញ្ហាផ្សេងៗ ឬពេលត្រូវកាត់ក្ដីលើបងប្អូនដែលធ្វើអំពើបាប។ មុខនាទីនេះគឺសមស្របនឹងអ្វីដែលរៀបរាប់ក្នុងសៀវភៅទីតុស ១:៩ ស្តីអំពីលក្ខណៈរបស់អ្នកចាស់ទុំ។ តាមពិត ពួកអ្នកចាស់ទុំជាមនុស្សមិនមានភាពល្អឥតខ្ចោះដែរ ដូចលោកទីតុសដែលប៉ុលបានចាត់ឲ្យ«រៀបចំការដែលនៅខ្វះ»ក្នុងក្រុមជំនុំនានា «ឲ្យស្រួលបួលឡើង»វិញ។ (ទីតុស ១:៤, ៥) នៅសព្វថ្ងៃនេះ ពួកប្រុសៗត្រូវបង្ហាញយ៉ាងយូរថាពួកគេមានជំនឿនិងភក្ដីភាពក្នុងកិច្ចបម្រើព្រះយេហូវ៉ា ទើបអាចលើកឈ្មោះពួកគេដើម្បីទទួលភារកិច្ចជាអ្នកចាស់ទុំបាន។ ហេតុនេះហើយ បងប្អូនទាំងឡាយក្នុងក្រុមជំនុំអាចទុកចិត្តលើបុរសដែលនាំមុខនិងផ្ដល់ការណែនាំដោយរបៀបរៀបរយ។
១២. តើពួកអ្នកចាស់ទុំមានភារកិច្ចអ្វីចំពោះបងប្អូនក្នុងក្រុមជំនុំ?
១២ ប៉ុលបានដាស់តឿនពួកអ្នកចាស់ទុំក្នុងក្រុមជំនុំនៅទីក្រុងអេភេសូរថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ហើយខំថែរក្សាហ្វូងសិស្សដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យធ្វើជាអ្នកគង្វាលដល់គេដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ!»។ (កិច្ចការ ២០:២៨) នៅសព្វថ្ងៃនេះ អ្នកចាស់ទុំក្នុងក្រុមជំនុំក៏ត្រូវបានតែងតាំងឲ្យ«ឃ្វាលពួកជំនុំរបស់ព្រះ»ដែរ។ បុរសទាំងនោះមិនកាន់អំណាចលើបងប្អូនដែលប្រៀបដូចចៀម តែពួកគាត់បង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេវិញ។ (ពេត្រុសទី១ ៥:២, ៣) ពួកអ្នកចាស់ទុំគួរព្យាយាមជួយពង្រឹងកម្លាំងចិត្ត«ហ្វូងសិស្ស»ទាំងមូលឲ្យមានជំហរកាន់តែមាំមួនឡើង។
ចូរនៅជាប់នឹងក្រុមជំនុំចុះ!
១៣. យូរៗម្ដង តើអាចមានអ្វីកើតឡើងក្នុងក្រុមជំនុំ? ហេតុអ្វីក៏មានស្ថានការណ៍បែបនោះ?
១៣ ពួកអ្នកចាស់ទុំនិងបងប្អូនទាំងឡាយក្នុងក្រុមជំនុំសុទ្ធតែជាមនុស្សមិនមានភាពល្អឥតខ្ចោះ។ ដូច្នេះ ម្ដងម្កាលបងប្អូនទាំងនេះនឹងមានបញ្ហារវាងគ្នាឬមានហេតុទាស់គ្នា ដូចនៅសតវត្សរ៍ទីមួយក្នុងគ្រាដែលពួកសាវ័កអត់ទាន់ស្លាប់អស់នៅឡើយ។ (ភីលីព ៤:២, ៣) ប្រហែលជាមានបងប្អូនណាម្នាក់ចាត់ទុកអ្វីដែលអ្នកចាស់ទុំឬបងប្អូនឯទៀតនិយាយស្រដីនោះ ជាសម្ដីព្រហើន កោងកាច ឬមិនទៀងត្រង់ទេ។ ឬមួយក៏យើងប្រហែលជាគិតថា បងប្អូនម្នាក់កំពុងធ្វើអ្វីដែលប្រាសចាកគោលការណ៍គម្ពីរ ហើយមើលទៅដូចជាពួកអ្នកចាស់ទុំមិនបានដោះស្រាយឲ្យ ទោះជាគាត់ដឹងពីរឿងនោះក៏ដោយ។ តាមពិត ប្រហែលជាពួកគាត់បានដោះស្រាយឬកំពុងពិនិត្យមើលរឿងនោះស្របទៅតាមគម្ពីរហើយ ប៉ុន្តែយើងមិនដឹងហេតុការណ៍ទាំងអស់នោះទេ។ យ៉ាងណាក៏ដោយ ក្នុងករណីដែលមានកំហុសឆ្គងមែន សូមនឹកចាំអំពីក្រុមជំនុំនៅទីក្រុងកូរិនថូសពីបុរាណ។ ទោះជាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះពួកគេក៏ដោយ នោះមានរឿងធ្ងន់ធ្ងរមួយរយៈក្នុងក្រុមជំនុំពួកគេដែរ។ ប៉ុន្តែ មិនយូរមិនឆាប់ព្រះយេហូវ៉ាឲ្យគេដោះស្រាយរឿងនោះដោយចាត់វិធានការម៉ឺងម៉ាត់ស្របទៅតាមការណែនាំពីទ្រង់។ (កូរិនថូសទី១ ៥:១, ៥, ៩-១១) ដូច្នេះ យកល្អឲ្យយើងសួរខ្លួនឯងថា ‹បើខ្ញុំបានរស់នៅទីក្រុងកូរិនថូសពេលមានបញ្ហាធំនោះ តើខ្ញុំនឹងគិតយ៉ាងណា?›។
១៤, ១៥. ហេតុអ្វីបានជាសិស្សខ្លះរបស់ព្រះយេស៊ូបានឈប់កាន់តាមទ្រង់? តើយើងអាចទាញយកមេរៀនអ្វីពីកំណត់ហេតុនោះ?
១៤ សូមគិតអំពីរឿងមួយទៀតដែលអាចកើតឡើងក្នុងក្រុមជំនុំ។ ចុះយ៉ាងណាបើបងប្អូនណាម្នាក់ពិបាកយល់ឬពិបាកជឿលើសេចក្ដីបង្រៀនណាមួយក្នុងគម្ពីរ? ប្រហែលជាគាត់ខំរកចម្លើយក្នុងគម្ពីរ ហើយបានស្រាវជ្រាវក្នុងសៀវភៅដែលក្រុមជំនុំចែកឲ្យដែរ។ ប្រហែលជាគាត់បានសូមអ្នកចាស់ទុំនិងបងប្អូនគ្រិស្តសាសនិកឯទៀតដែលមានភាពចាស់ទុំឲ្យពន្យល់ចំណុចនោះ។ យ៉ាងណាក៏ដោយ គាត់នៅតែពិបាកយល់ឬពិបាកជឿលើសេចក្ដីបង្រៀននោះ។ បើដូច្នេះ តើគាត់គួរធ្វើអ្វីទៀត? អស់ជិតមួយឆ្នាំមុនព្រះយេស៊ូបានទទួលមរណភាព មានរឿងស្រដៀងនោះបានកើតឡើងដែរ។ ព្រះយេស៊ូទើបតែនិយាយថា ទ្រង់ជា«នំប៉័ងជីវិត» ហើយទ្រង់ពន្យល់ទៀតថា មនុស្សត្រូវ‹ពិសាសាច់ហើយផឹកឈាមរបស់កូនមនុស្ស›ទើបពួកគេអាចរស់ជារៀងរហូតបាន។ សិស្សខ្លះរបស់ទ្រង់ភ្ញាក់ផ្អើលជាខ្លាំងណាស់ពេលឮទ្រង់និយាយដូច្នេះ។ ជាជាងសូមទ្រង់ពន្យល់ថែមទៀត ឬមានចិត្តអត់ធ្មត់ទាល់តែខ្លួនអាចយល់បាន នោះសិស្សជាច្រើន«មិនតាម[ព្រះយេស៊ូ]ទៀតទេ»។ (យ៉ូហាន ៦:៣៥, ៤១-៦៦) សូមសួរខ្លួនឯងម្ដងទៀតថា ចុះយ៉ាងណាបើអ្នកបាននៅទីនោះ? តើអ្នកនឹងធ្វើអ្វី?
១៥ នៅសម័យនេះ បងប្អូនខ្លះបានឈប់ចូលរួមជាមួយក្រុមជំនុំដោយព្រោះមានគំនិតថា ពួកគេនឹងថ្វាយបង្គំព្រះយេហូវ៉ាដោយខ្លួនឯង។ អ្នកទាំងនោះប្រហែលជាដោះសាថា គេបាក់ទឹកចិត្តពីព្រោះមានសេចក្ដីបង្រៀនខ្លះដែលពិបាកជឿ ឬដោយសារគេយល់ថាអ្នកចាស់ទុំមិនបានដោះស្រាយបញ្ហាធំណាមួយ។ បើដូច្នេះ តើសមហេតុផលឲ្យគេឈប់ទៅប្រជុំឬទេ? ទោះជាគ្រិស្តសាសនិកម្នាក់ៗត្រូវមានចំណងមិត្តភាពផ្ទាល់ជាមួយនឹងព្រះយេហូវ៉ាក៏ពិតមែន យើងត្រូវទទួលស្គាល់ថា ទ្រង់មានពួកជំនុំទូទាំងពិភពលោក ដូចនៅសម័យពួកសាវ័ក។ ម្យ៉ាងទៀត ព្រះយេហូវ៉ាបានប្រើហើយប្រទានពរលើក្រុមជំនុំទាំងឡាយនៅសតវត្សរ៍ទីមួយ ហើយទ្រង់រៀបចំឲ្យមានអ្នកចាស់ទុំនិងអ្នកងារជំនួយដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីជួយបងប្អូនក្នុងក្រុមជំនុំទាំងនោះ។ នៅសព្វថ្ងៃនេះក៏ដូចគ្នាដែរ។
១៦. បើយើងមានអារម្មណ៍ចង់ចាកចេញពីក្រុមជំនុំ តើគប្បីឲ្យយើងគិតអំពីអ្វីសិន?
១៦ បើគ្រិស្តសាសនិកម្នាក់មានអារម្មណ៍ថា គាត់អាចពឹងផ្អែកលើចំណងមិត្តភាពរបស់ខ្លួនជាមួយព្រះយេហូវ៉ាហើយអត់ត្រូវការក្រុមជំនុំទេ នោះគាត់បានបែរចេញពីការរៀបចំរបស់ព្រះ ដែលរួមបញ្ចូលពួកជំនុំនៃទ្រង់ទូទាំងពិភពលោក និងក្រុមជំនុំនានានៃរាស្ត្ររបស់ទ្រង់។ គ្រិស្តសាសនិកនោះប្រហែលជាអាចបម្រើព្រះយេហូវ៉ាម្នាក់ឯងឬជាមួយមនុស្សប៉ុន្មាននាក់ទៀតបាន ប៉ុន្តែពេលគាត់ធ្វើដូច្នេះ នោះគ្មានរបៀបរៀបរយជាក្រុមជំនុំដែលមានអ្នកចាស់ទុំនិងអ្នកងារជំនួយទេ។ ឧទាហរណ៍មួយទៀតដ៏គួរឲ្យកត់សម្គាល់ គឺពេលប៉ុលបានសរសេរសំបុត្រជូនចំពោះក្រុមជំនុំនៅទីក្រុងកូល៉ុស នោះគាត់បានបង្គាប់ឲ្យក្រុមជំនុំនៅទីក្រុងឡៅឌីសេមើលសំបុត្រនោះដែរ។ ក្នុងសំបុត្រនោះគាត់លើកទឹកចិត្តឲ្យពួកគេ«ចាក់ឫសហើយស្អាងឡើងក្នុង[ព្រះគ្រិស្ត]»។ តាមពិត មានតែអស់អ្នកដែលចូលរួមជាមួយក្រុមជំនុំដែលអាចធ្វើដូច្នេះបាន មិនមែនពួកអ្នកដែលដកខ្លួនដោយឡែកនោះឡើយ។—កូល៉ុស ២:៦, ៧; ៤:១៦
ក្រុមជំនុំប្រៀបដូចជាសសរនិងជើងថ្កល់
១៧. តើធីម៉ូថេទី១ ៣:១៥ បង្ហាញយ៉ាងណាអំពីតួនាទីនៃក្រុមជំនុំ?
១៧ ក្នុងសំបុត្រទីមួយដែលសាវ័កប៉ុលសរសេរចំពោះធីម៉ូថេដែលជាអ្នកចាស់ទុំគ្រិស្តសាសនិកដែរ គាត់បានរៀបរាប់ពីលក្ខណៈរបស់អ្នកចាស់ទុំនិងអ្នកងារជំនួយក្នុងក្រុមជំនុំ។ បន្ទាប់មក ប៉ុលសរសេរអំពី«ពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់» ថាពួកគេជា«សសរហើយជាជើងថ្កល់របស់សេចក្ដីពិត»។ (ធីម៉ូថេទី១ ៣:១៥) ពួកជំនុំនៃគ្រិស្តសាសនិកទាំងឡាយដែលមានក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ពិតជាប្រៀបដូចជាសសរមួយដែលគាំទ្រសេចក្ដីពិតនៅសតវត្សរ៍ទីមួយ។ យ៉ាងប្រាកដណាស់ គ្រិស្តសាសនិកម្នាក់ៗនៅសម័យនោះត្រូវរួមចំណែកជាមួយក្រុមជំនុំនានា ទើបគាត់អាចរៀនសេចក្ដីពិតនោះបាន។ គឺនៅក្នុងក្រុមជំនុំទាំងនោះហើយ ដែលពួកគេអាចទទួលសេចក្ដីបង្រៀនដែលគាំទ្រនូវសេចក្ដីពិតដូចជាជើងថ្កល់មួយ ព្រមទាំងពង្រឹងកម្លាំងចិត្តឲ្យមានជំហរកាន់តែមាំមួនឡើង។
១៨. ហេតុអ្វីក៏ចាំបាច់ម្ល៉េះឲ្យមានកម្មវិធីប្រជុំជាក្រុមជំនុំ?
១៨ ស្រដៀងគ្នាដែរ ក្រុមជំនុំនៃពួកគ្រិស្តសាសនិកទូទាំងពិភពលោកប្រៀបដូចជាក្រុមគ្រួសារមួយក្នុងដំណាក់របស់ព្រះ ហើយពួកគេក៏ជា«សសរហើយជាជើងថ្កល់របស់សេចក្ដីពិត»ដែរ។ ពេលយើងចូលរួមកិច្ចប្រជុំនិងរួមចំណែកក្នុងកម្មវិធីជាមួយក្រុមជំនុំជាទៀងទាត់នោះ នេះនឹងពង្រឹងកម្លាំងយើងឲ្យមានជំហរកាន់តែមាំមួនឡើង ព្រមទាំងជួយឲ្យយើងមានចំណងមិត្តភាពកាន់តែល្អជាមួយនឹងព្រះយេហូវ៉ាក្នុងការធ្វើតាមបំណងចិត្តទ្រង់។ ពេលប៉ុលបានសរសេរសំបុត្រចំពោះក្រុមជំនុំនៅទីក្រុងកូរិនថូស គាត់បានដៅបញ្ជាក់ពីអ្វីដែលពួកគេត្រូវបង្រៀនក្នុងកម្មវិធីប្រជុំទាំងនោះ។ ប៉ុលសរសេរថា ពួកគេត្រូវបង្រៀនអ្វីដែលស្រួលយល់ហើយច្បាស់លាស់ដើម្បី«ស្អាងចិត្ត»ឬពង្រឹងកម្លាំងចិត្តពួកអ្នកដែលចូលរួមឲ្យមានជំហរកាន់តែមាំមួនឡើង។ (កូរិនថូសទី១ ១៤:១២, ១៧-១៩) នៅសព្វថ្ងៃនេះ យើងក៏អាចមានកម្លាំងចិត្តដើម្បីឲ្យមានជំហរកាន់តែមាំមួនឡើងពេលយើងទទួលស្គាល់ថា ព្រះយេហូវ៉ាបានរៀបចំឲ្យមានក្រុមជំនុំនានា ហើយថាទ្រង់កំពុងប្រទានពរលើកម្មវិធីក្នុងក្រុមទាំងនោះ។
១៩. តើអ្នកជំពាក់គុណចំពោះក្រុមជំនុំរបស់អ្នកដោយព្រោះអ្វី?
១៩ ត្រូវមែន បើយើងចង់បានកម្លាំងចិត្តឲ្យមានជំហរកាន់តែមាំមួនជាគ្រិស្តសាសនិក នោះយើងត្រូវតែរួមចំណែកជាមួយក្រុមជំនុំមួយដែរ។ យូរយារមកហើយ ក្រុមជំនុំនៃពួកគ្រិស្តសាសនិកបានប្រៀបដូចជាកំពែងរឹងមាំដែលទប់ទល់នឹងសេចក្ដីបង្រៀនមិនពិត។ ព្រះយេហូវ៉ាក៏បានប្រើក្រុមជំនុំនានាដើម្បីផ្សាយដំណឹងល្អទូទាំងផែនដី ស្តីអំពីរាជាណាចក្ររបស់ព្រះមេស្ស៊ី។ ប្រាកដហើយ គ្មានហេតុសង្ស័យអ្វីឡើយថាព្រះយេហូវ៉ាបានប្រើក្រុមជំនុំនៃពួកគ្រិស្តសាសនិកដើម្បីសម្រេចការជាច្រើនមែន!—អេភេសូរ ៣:៩, ១០
[កំណត់សម្គាល់]
a ស្តីអំពីយោបល់របស់ព្រះយេស៊ូដែលបង្គាប់ឲ្យគេ«ប្រាប់ដល់ពួកជំនុំ»នោះ បណ្ឌិតព្រះគម្ពីរម្នាក់ឈ្មោះអាលបឺត បនទទួលស្គាល់ថា ពាក្យ«ពួកជំនុំ»អាចសំដៅទៅលើ«ពួកអ្នកដែលមានសិទ្ធិអំណាចពិនិត្យមើលរឿងរ៉ាវបែបនោះ ដូចជាអ្នកធំក្នុងវិហារឬអ្នកតំណាងគាត់។ ក្នុងសាលាប្រជុំរបស់ពួកយូដា អ្នកចាស់ទុំមួយចំនួនមានមុខនាទីជាអ្នកកាត់ក្ដីក្នុងរឿងបែបនោះ»។
តើអ្នកនៅចាំទេ?
• តើមានមូលហេតុអ្វីខ្លះឲ្យយើងយល់ថា ព្រះយេហូវ៉ាបានរៀបចំឲ្យមានក្រុមជំនុំនៅផែនដី?
• ទោះជាពួកអ្នកចាស់ទុំជាមនុស្សមិនមានភាពល្អឥតខ្ចោះក៏ដោយ តើពួកគាត់ជួយក្រុមជំនុំដោយរបៀបណា?
• តើក្រុមជំនុំកំពុងពង្រឹងកម្លាំងចិត្តអ្នកដើម្បីឲ្យមានជំហរកាន់តែមាំមួនឡើងយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៥]
ពួកសាវ័កនិងពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមបានរួមគ្នាជាគណៈអភិបាល
[រូបភាពនៅទំព័រ១៦]
ពួកអ្នកចាស់ទុំនិងអ្នកងារជំនួយទទួលការណែនាំដើម្បីបំពេញភារកិច្ចក្នុងក្រុមជំនុំ