អត្ថបទសិក្សា ១៤
‹ចូរដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់›
«គ្រិស្តបានរងទុក្ខដើម្បីអ្នករាល់គ្នា ហើយទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់»។—១ពេ. ២:២១
ចម្រៀងលេខ១៣ គ្រិស្តជាគំរូរបស់យើង
សេចក្ដីសង្ខេបa
១-២. តើតាមរបៀបណាយើងអាចដើរតាមលំអានដានរបស់លោកយេស៊ូ? សូមលើកឧទាហរណ៍មួយ។
សូមស្រមៃគិតថាអ្នកកំពុងដើរកាត់វាលមីនជាមួយមនុស្សមួយក្រុម។ អ្នកនាំផ្លូវម្នាក់ដែលមានបទពិសោធន៍កំពុងដើរទៅមុនអ្នក។ កាលដែលគាត់ដើរទៅ គាត់ទុកស្នាមដានជើងនៅលើដី។ ស្រាប់តែពេលមួយ អ្នកលែងឃើញអ្នកនាំផ្លូវនោះ ប៉ុន្តែអ្នកមិនស្លន់ស្លោទេ។ ផ្ទុយទៅវិញអ្នកនិងអ្នករួមដំណើរឯទៀត ខំអស់ពីសមត្ថភាពដើម្បីដើរតាមស្នាមដានជើងរបស់អ្នកនាំផ្លូវនោះយ៉ាងដិតដល់។
២ ក្នុងនាមជាគ្រិស្តសាសនិកពិត គឺហាក់ដូចជាយើងកំពុងដើរកាត់វាលមីនមួយ ពោលគឺពិភពលោកដ៏ទុច្ចរិតនេះ។ យើងសប្បាយចិត្តដែលព្រះយេហូវ៉ាបានផ្ដល់អ្នកនាំផ្លូវដ៏ល្អឥតខ្ចោះ គឺលោកយេស៊ូគ្រិស្តដែលជាបុត្ររបស់លោក។ យើងអាចដើរតាមលំអានដានរបស់លោកយ៉ាងដិតដល់។ (១ពេ. ២:២១) តាមឯកសារយោងមួយអំពីគម្ពីរ នៅខនេះ ពេត្រុសប្រដូចលោកយេស៊ូទៅនឹងអ្នកនាំផ្លូវ។ ដូចអ្នកនាំផ្លូវដែលទុកស្នាមដានជើង លោកយេស៊ូបានទុកលំអានដានឬដានជើងដែលយើងអាចដើរតាម។ សូមយើងពិចារណាចម្លើយចំពោះសំណួរបីអំពីការដើរតាមលំអានដានរបស់លោក គឺ៖ តើការដើរតាមលំអានដានរបស់លោកយេស៊ូមានន័យយ៉ាងណា? ហេតុអ្វីយើងគួរធ្វើដូច្នេះ? តើយើងអាចដើរតាមលំអានដានរបស់លោកយ៉ាងដូចម្ដេច?
តើការដើរតាមលំអានដានរបស់លោកយេស៊ូមានន័យយ៉ាងណា?
៣. តើការដើរតាមលំអានដានរបស់បុគ្គលណាម្នាក់មានន័យយ៉ាងណា?
៣ តើការដើរតាមលំអានដានរបស់បុគ្គលណាម្នាក់មានន័យយ៉ាងណា? នៅក្នុងគម្ពីរ ពាក្យ«ដើរ»និង«ជើង»ជួនកាលសំដៅលើរបៀបរស់នៅរបស់បុគ្គលណាម្នាក់។ (លោ. ៦:៩; សុភ. ៤:២៦) របៀបរស់នៅរបស់បុគ្គលណាម្នាក់អាចប្រដូចទៅនឹងលំអានដាន ឬដានជើងដែលគាត់បន្សល់ទុកពេលគាត់ដើរ។ ដូច្នេះ ការដើរតាមលំអានដានរបស់បុគ្គលណាម្នាក់មានន័យថាយើងធ្វើតាមគំរូគាត់ ឬយកតម្រាប់គាត់។
៤. តើការដើរតាមលំអានដានរបស់លោកយេស៊ូមានន័យយ៉ាងណា?
៤ ដូច្នេះ តើការដើរតាមលំអានដានរបស់លោកយេស៊ូមានន័យយ៉ាងណា? និយាយឲ្យចំទៅ នេះមានន័យថាយើងធ្វើតាមគំរូរបស់លោក។ ក្នុងបទគម្ពីរដែលជាប្រធានសម្រាប់អត្ថបទនេះ សាវ័កពេត្រុសផ្ដោតទៅលើគំរូដ៏ល្អរបស់លោកយេស៊ូអំពីការស៊ូទ្រាំចំពោះទុក្ខវេទនា។ ប៉ុន្តែ មានរបៀបផ្សេងជាច្រើនទៀតដែលយើងអាចយកតម្រាប់លោកយេស៊ូ។ (១ពេ. ២:១៨-២៥) តាមការពិត ជីវិតទាំងមូលរបស់លោកយេស៊ូ រួមទាំងអ្វីទាំងអស់ដែលលោកមានប្រសាសន៍និងអ្វីទាំងអស់ដែលលោកបានធ្វើ គឺជាគំរូល្អឲ្យយើងធ្វើតាម។
៥. តើមនុស្សមិនល្អឥតខ្ចោះពិតជាអាចធ្វើតាមគំរូដ៏ល្អឥតខ្ចោះរបស់លោកយេស៊ូបានឬទេ? សូមពន្យល់។
៥ តើយើងដែលជាមនុស្សមិនល្អឥតខ្ចោះពិតជាអាចធ្វើតាមគំរូរបស់លោកយេស៊ូបានឬទេ? យើងអាចធ្វើបាន! សូមចាំថាពេត្រុសលើកទឹកចិត្តយើងឲ្យ«ខំដើរតាមលំអានដានរបស់លោក[យេស៊ូ]ឲ្យបានដិតដល់» មិនមែនឲ្យបានល្អឥតខ្ចោះទេ។ បើយើងដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់ ដោយខំអស់ពីសមត្ថភាពទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី យើងនឹងធ្វើតាមពាក្យរបស់សាវ័កយ៉ូហានដែលថា៖ «[ចូរ]រក្សារបៀបរស់នៅ ដូចលោកយេស៊ូធ្លាប់មាន»។—១យ៉ូន. ២:៦
ហេតុអ្វីដើរតាមលំអានដានរបស់លោកយេស៊ូ?
៦-៧. ហេតុអ្វីយើងអាចនិយាយថាការដើរតាមលំអានដានរបស់លោកយេស៊ូ នឹងនាំឲ្យយើងចូលកាន់តែជិតព្រះយេហូវ៉ា?
៦ ការដើរតាមលំអានដានរបស់លោកយេស៊ូនឹងនាំឲ្យយើងចូលកាន់តែជិតព្រះយេហូវ៉ា។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? ទី១ លោកយេស៊ូបានទុកគំរូដ៏ល្អប្រសើរអំពីការមានរបៀបរស់នៅដែលធ្វើឲ្យព្រះពេញចិត្ត។ (យ៉ូន. ៨:២៩) ដូច្នេះ បើយើងដើរតាមលំអានដានរបស់លោកយេស៊ូ យើងនឹងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ យើងអាចប្រាកដថាបិតារបស់យើងដែលនៅស្ថានសួគ៌នឹងចូលមកជិតពួកអ្នកដែលព្យាយាមធ្វើជាមិត្តសម្លាញ់របស់លោក។—យ៉ា. ៤:៨
៧ ទី២ លោកយេស៊ូបានយកតម្រាប់បិតារបស់លោកយ៉ាងល្អឥតខ្ចោះ។ ហេតុនេះ លោកយេស៊ូអាចមានប្រសាសន៍ថា៖ «អ្នកណាដែលបានឃើញខ្ញុំ អ្នកនោះបានឃើញបិតាដែលនៅស្ថានសួគ៌ហើយ»។ (យ៉ូន. ១៤:៩) យើងអាចមានការប្រព្រឹត្តចំពោះអ្នកឯទៀត និងគុណសម្បត្តិដូចលោកយេស៊ូ។ ជាឧទាហរណ៍ លោកអាណិតអាសូរចំពោះអ្នកកើតជំងឺឃ្លង់ លោកយល់អារម្មណ៍ស្ត្រីដែលមានជំងឺធ្ងន់ធ្ងរ ហើយលោកមានចិត្តអាណិតមេត្តាចំពោះបុគ្គលដែលបាត់បង់មនុស្សជាទីស្រឡាញ់។ ពេលយើងបង្ហាញគុណសម្បត្តិដូចលោកយេស៊ូ និងមានការប្រព្រឹត្តដូចលោក យើងកំពុងយកតម្រាប់ព្រះយេហូវ៉ាដែរ។ (ម៉ាក. ១:៤០, ៤១; ៥:២៥-៣៤; យ៉ូន. ១១:៣៣-៣៥) កាលដែលយើងកាន់តែដូចព្រះយេហូវ៉ា នោះយើងកាន់តែចូលទៅជិតលោក។
៨. សូមពន្យល់អំពីមូលហេតុដែលការដើរតាមលំអានដានរបស់លោកយេស៊ូនឹងជួយយើងឲ្យ«ឈ្នះពិភពលោក»នេះ។
៨ ការដើរតាមលំអានដានរបស់លោកយេស៊ូជួយយើងមិនឲ្យពិភពលោកដ៏ទុច្ចរិតនេះបំបែរអារម្មណ៍យើង។ នៅយប់ចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅផែនដី លោកអាចមានប្រសាសន៍ថា៖ «ខ្ញុំបានឈ្នះពិភពលោកហើយ»។ (យ៉ូន. ១៦:៣៣) ពាក្យរបស់លោកមានន័យថាលោកមិនព្រមទទួលឥទ្ធិពលពីគំនិត គោលដៅ និងការប្រព្រឹត្តរបស់ពិភពលោកនេះឡើយ។ លោកយេស៊ូមិនបានភ្លេចមូលហេតុដែលលោកបានត្រូវចាត់ឲ្យមកផែនដី ពោលគឺធ្វើឲ្យនាមរបស់ព្រះយេហូវ៉ាបានបរិសុទ្ធ។ ចុះយ៉ាងណាយើងវិញ? ក្នុងពិភពលោកនេះ មានអ្វីជាច្រើនដែលអាចបង្វែរអារម្មណ៍យើង។ ប៉ុន្តែដូចលោកយេស៊ូ បើយើងបន្តផ្ដោតអារម្មណ៍ទៅលើការធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា យើងក៏នឹង«ឈ្នះ»ពិភពលោកដែរ។—១យ៉ូន. ៥:៥
៩. តើយើងត្រូវធ្វើអ្វីដើម្បីបន្តនៅលើផ្លូវដែលនាំទៅឯជីវិតដែលគ្មានទីបញ្ចប់?
៩ ការដើរតាមលំអានដានរបស់លោកយេស៊ូនាំឲ្យទទួលជីវិតដែលគ្មានទីបញ្ចប់។ ពេលបុរសអ្នកមានវ័យក្មេងម្នាក់បានសួរអំពីអ្វីដែលគាត់ត្រូវធ្វើដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ លោកយេស៊ូតបឆ្លើយថា៖ «ចូរមកតាមខ្ញុំ»។ (ម៉ាថ. ១៩:១៦-២១) លោកយេស៊ូបានមានប្រសាសន៍ទៅកាន់ជនជាតិយូដាខ្លះដែលមិនជឿថាលោកជាគ្រិស្ត ថា៖ «ចៀមរបស់ខ្ញុំ . . . មកតាមខ្ញុំ។ ខ្ញុំក៏ឲ្យជីវិតដែលគ្មានទីបញ្ចប់ដល់ពួកគេ»។ (យ៉ូន. ១០:២៤-២៩) លោកយេស៊ូបានមានប្រសាសន៍ទៅកាន់នីកូដេមដែលជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ និងជាអ្នកចាប់អារម្មណ៍សេចក្ដីបង្រៀនរបស់លោកថា អ្នកដែល«បង្ហាញជំនឿលើ»លោក នឹង«មានជីវិតដែលគ្មានទីបញ្ចប់»។ (យ៉ូន. ៣:១៦) យើងបង្ហាញជំនឿលើលោកយេស៊ូ ដោយធ្វើតាមអ្វីដែលលោកបានបង្រៀន ព្រមទាំងមានការប្រព្រឹត្តដូចលោក។ បើយើងធ្វើដូច្នេះ យើងនឹងបន្តនៅលើផ្លូវដែលនាំទៅឯជីវិតដែលគ្មានទីបញ្ចប់។—ម៉ាថ. ៧:១៤
តើយើងអាចដើរតាមលំអានដានរបស់លោកយេស៊ូឲ្យបានដិតដល់យ៉ាងដូចម្ដេច?
១០. តើការ«ស្គាល់»លោកយេស៊ូឲ្យបានច្បាស់រួមបញ្ចូលអ្វីខ្លះ? (យ៉ូហាន ១៧:៣)
១០ មុនយើងអាចដើរតាមលំអានដានរបស់លោកយេស៊ូឲ្យបានដិតដល់ យើងត្រូវស្គាល់លោកឲ្យបានច្បាស់សិន។ (សូមអាន យ៉ូហាន ១៧:៣) ការ«ស្គាល់»លោកយេស៊ូឲ្យបានច្បាស់ គឺជាអ្វីដែលយើងត្រូវបន្តធ្វើ។ យើងត្រូវបន្តរៀនអំពីលោកយេស៊ូឲ្យកាន់តែច្រើនឡើងៗ ពោលគឺរៀនអំពីគុណសម្បត្តិ របៀបគិតគូរ និងខ្នាតតម្រារបស់លោក។ មិនថាយើងនៅក្នុងសេចក្ដីពិតយូរប៉ុណ្ណាក៏ដោយ យើងត្រូវបន្តខំប្រឹងឲ្យស្គាល់ព្រះយេហូវ៉ានិងបុត្ររបស់លោកយ៉ាងច្បាស់។
១១. តើសៀវភៅដំណឹងល្អទាំងបួនមានព័ត៌មានអ្វីខ្លះ?
១១ ដោយសារព្រះយេហូវ៉ាស្រឡាញ់យើង លោកបានបញ្ចូលសៀវភៅដំណឹងល្អទាំងបួនក្នុងបណ្ដាំរបស់លោក ដើម្បីជួយយើងឲ្យស្គាល់បុត្ររបស់លោកឲ្យបានច្បាស់។ សៀវភៅដំណឹងល្អទាំងនោះរៀបរាប់អំពីខ្សែជីវិតនិងកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ ហើយប្រាប់យើងអំពីអ្វីដែលលោកមានប្រសាសន៍ អ្វីដែលលោកធ្វើ និងអារម្មណ៍របស់លោក។ សៀវភៅទាំងបួននោះជួយយើង«ពិចារណាឲ្យបានដិតដល់»អំពីគំរូរបស់លោកយេស៊ូ។ (ហេ. ១២:៣) សៀវភៅទាំងនោះហាក់ដូចជាមានដានជើងដែលលោកយេស៊ូបានទុកឲ្យ។ ដូច្នេះ ដោយសិក្សាសៀវភៅដំណឹងល្អ យើងអាចស្គាល់លោកយេស៊ូកាន់តែច្បាស់ឡើងៗ។ យ៉ាងនេះ យើងអាចដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់។
១២. តើយើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីសៀវភៅដំណឹងល្អយ៉ាងដូចម្ដេច?
១២ ដើម្បីទទួលប្រយោជន៍យ៉ាងពេញលេញពីសៀវភៅដំណឹងល្អ យើងមិនគ្រាន់តែត្រូវអានសៀវភៅទាំងនោះប៉ុណ្ណោះទេ។ យើងត្រូវលៃទុកពេលដើម្បីសិក្សាសៀវភៅទាំងនោះយ៉ាងយកចិត្តទុកដាក់ និងរំពឹងគិតយ៉ាងស៊ីជម្រៅ។ (សូមពិនិត្យបន្ថែម យ៉ូស្វេ ១:៨) សូមយើងពិចារណាយោបល់ពីរដែលអាចជួយយើងឲ្យរំពឹងគិតក្រោយពីយើងបានអានសៀវភៅដំណឹងល្អ ព្រមទាំងជួយយើងឲ្យធ្វើតាមអ្វីដែលយើងអានពីសៀវភៅទាំងនោះ។
១៣. តើយើងអាចធ្វើឲ្យកំណត់ហេតុក្នុងសៀវភៅដំណឹងល្អរស់រវើកយ៉ាងដូចម្ដេច?
១៣ ទី១ សូមធ្វើឲ្យកំណត់ហេតុក្នុងសៀវភៅដំណឹងល្អរស់រវើក។ សូមប្រើសមត្ថភាពស្រមៃគិតរបស់អ្នកដើម្បីឃើញ ឮ និងមានអារម្មណ៍ចំពោះអ្វីដែលកំពុងកើតឡើងនៅពេលនោះ។ ដើម្បីជួយអ្នកឲ្យធ្វើដូច្នេះ សូមធ្វើការស្រាវជ្រាវថែមទៀតនៅក្នុងសៀវភៅផ្សេងៗដែលអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យ។ សូមពិនិត្យមើលបរិបទ ពោលគឺព្រឹត្តិការណ៍ដែលកើតឡើងមុនឬក្រោយកំណត់ហេតុដែលអ្នកកំពុងសិក្សា។ សូមស្វែងរកព័ត៌មានថែមទៀតអំពីបុគ្គលនិងទីកន្លែងដែលបានត្រូវរៀបរាប់ក្នុងកំណត់ហេតុនោះ។ សូមប្រៀបធៀបកំណត់ហេតុដែលអ្នកកំពុងសិក្សាជាមួយនឹងកំណត់ហេតុដូចគ្នាដែលនៅក្នុងសៀវភៅដំណឹងល្អផ្សេងទៀត។ ជួនកាល អ្នកសរសេរសៀវភៅដំណឹងល្អម្នាក់រៀបរាប់ព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ដែលអ្នកសរសេរសៀវភៅដំណឹងល្អម្នាក់ទៀតមិនបានលើកឡើង។
១៤-១៥. តើយើងត្រូវធ្វើអ្វី ដើម្បីអនុវត្តមេរៀនពីកំណត់ហេតុអំពីជីវិតរបស់លោកយេស៊ូ?
១៤ ទី២ ចូរធ្វើតាមកំណត់ហេតុក្នុងសៀវភៅដំណឹងល្អនៅក្នុងជីវិតរបស់អ្នក។ (យ៉ូន. ១៣:១៧) ក្រោយពីអ្នកបានសិក្សាយ៉ាងយកចិត្តទុកដាក់អំពីកំណត់ហេតុមួយក្នុងសៀវភៅដំណឹងល្អ សូមសួរខ្លួនអ្នកថា ‹តើមានមេរៀនដែលខ្ញុំអាចអនុវត្តក្នុងជីវិតរបស់ខ្ញុំផ្ទាល់ឬទេ? តើខ្ញុំអាចប្រើកំណត់ហេតុនេះដើម្បីជួយអ្នកឯទៀតយ៉ាងដូចម្ដេច?›។ សូមព្យាយាមគិតអំពីបុគ្គលណាម្នាក់ ហើយក្រោយមកដោយសេចក្ដីស្រឡាញ់និងដោយមិនធ្វើឲ្យគាត់ទើសចិត្ត សូមប្រាប់គាត់អំពីមេរៀនដែលអ្នកបានរៀន។
១៥ សូមយើងគិតអំពីឧទាហរណ៍មួយស្ដីអំពីរបៀបដែលយើងអាចអនុវត្តយោបល់ទាំងពីរនេះ។ យើងនឹងពិចារណាកំណត់ហេតុអំពីស្ត្រីមេម៉ាយក្រីក្រម្នាក់ ដែលលោកយេស៊ូបានសង្កេតឃើញក្នុងវិហារ។
ស្ត្រីមេម៉ាយក្រីក្រម្នាក់នៅវិហារ
១៦. សូមពន្យល់អំពីអ្វីដែលបានកើតឡើងនៅម៉ាកុស ១២:៤១។
១៦ ចូរធ្វើឲ្យកំណត់ហេតុនោះរស់រវើក។ (សូមអាន ម៉ាកុស ១២:៤១) សូមស្រមៃគិតអំពីអ្វីដែលបានកើតឡើងនៅថ្ងៃទី១១ ខែណែសាន ឆ្នាំ៣៣គ.ស. ដែលមិនដល់មួយសប្ដាហ៍មុនលោកយេស៊ូស្លាប់។ លោកបានចំណាយពេលភាគច្រើននៅថ្ងៃនោះដើម្បីបង្រៀនក្នុងវិហារ ហើយពួកអ្នកដឹកនាំសាសនាបានប្រឆាំងលោក។ មុននោះ ពួកគេខ្លះបានសួរថាលោកធ្វើការនេះដោយអាងសិទ្ធិអំណាចអ្វី។ អ្នកខ្លះទៀតព្យាយាមសួរសំណួរផ្ចាញ់ផ្ចាលដល់លោក។ (ម៉ាក. ១១:២៧-៣៣; ១២:១៣-៣៤) ឥឡូវលោកយេស៊ូបានទៅកន្លែងផ្សេងទៀតនៅក្នុងវិហារ។ នៅទីនោះទំនងជាកន្លែងដែលគេហៅថាទីលានស្ត្រី។ លោកអាចឃើញប្រដាប់ដាក់កាក់សម្រាប់ឃ្លាំងប្រាក់នៅក្បែរជញ្ជាំងទីលាននោះ។ លោកអង្គុយនៅទីនោះ ហើយចាប់ផ្ដើមសង្កេតមើលបណ្ដាជនដាក់វិភាគទាននៅក្នុងប្រដាប់ដាក់កាក់ទាំងនោះ។ លោកឃើញអ្នកមានជាច្រើននាក់ដាក់កាក់យ៉ាងច្រើន ហើយលោកប្រហែលជានៅជិតល្មមដែលអាចឮសំឡេងកាក់ធ្លាក់ចុះទៅក្នុងប្រដាប់ដាក់កាក់ទាំងនោះ។
១៧. តើស្ត្រីមេម៉ាយក្រីក្រម្នាក់ដែលបានត្រូវរៀបរាប់នៅម៉ាកុស ១២:៤២បានធ្វើអ្វី?
១៧ សូមអាន ម៉ាកុស ១២:៤២។ ក្រោយមក លោកយេស៊ូកត់សម្គាល់ស្ត្រីម្នាក់។ គាត់ជា«ស្ត្រីមេម៉ាយក្រីក្រ»។ (លូក. ២១:២) ជីវិតរបស់គាត់ពិបាកណាស់ គាត់ទំនងជាខ្វះប្រាក់ទិញអ្វីដែលគាត់ត្រូវការសម្រាប់ផ្គត់ផ្គង់ជីវិត។ ទោះជាយ៉ាងនេះក៏ដោយ គាត់ដើរទៅប្រដាប់ដាក់កាក់មួយ ហើយដាក់កាក់តូចពីរដែលប្រហែលជាមិនសូវមានសំឡេងពេលធ្លាក់ចុះទៅក្នុងប្រដាប់ដាក់កាក់ទេ។ លោកយេស៊ូដឹងថាគាត់ដាក់វិភាគទានពីរឡិបតា ជាកាក់តូចបំផុតដែលគេប្រើនៅសម័យនោះ។ តម្លៃកាក់នោះមិនគ្រប់គ្រាន់ដើម្បីទិញចាបពូកមួយ ដែលជាចាបដ៏ថោកបំផុតមួយសម្រាប់លក់ជាអាហារឡើយ។
១៨. នៅម៉ាកុស ១២:៤៣, ៤៤ តើលោកយេស៊ូបានមានប្រសាសន៍យ៉ាងណាអំពីវិភាគទានរបស់ស្ត្រីមេម៉ាយម្នាក់?
១៨ សូមអាន ម៉ាកុស ១២:៤៣, ៤៤។ លោកយេស៊ូស្ងើចសរសើរយ៉ាងខ្លាំងចំពោះស្ត្រីមេម៉ាយនេះ។ ដូច្នេះ លោកហៅអ្នកកាន់តាមលោកឲ្យមកមើលស្ត្រីនោះ ហើយមានប្រសាសន៍ថា៖ «ស្ត្រីមេម៉ាយក្រីក្រមួយរូបនេះ បានដាក់ច្រើនជាងពួកគេទាំងអស់»។ បន្ទាប់មក លោកពន្យល់ថា៖ «ពួកគេ[ជាពិសេសពួកអ្នកមាន]បានដាក់ប្រាក់សំណល់របស់ខ្លួន ប៉ុន្តែចំណែកនាងវិញ ពិតមែនតែនាងខ្វះខាត តែនាងដាក់ប្រាក់ទាំងអស់ គឺអ្វីៗទាំងអស់ដែលនាងមានសម្រាប់ចិញ្ចឹមជីវិត»។ នៅថ្ងៃនោះ ពេលស្ត្រីមេម៉ាយដ៏ស្មោះត្រង់នេះឲ្យប្រាក់ចុងក្រោយរបស់គាត់ គាត់ទុកចិត្តថាព្រះយេហូវ៉ានឹងផ្គត់ផ្គង់គាត់។—ទំនុក. ២៦:៣
១៩. តើយើងអាចរៀនមេរៀនសំខាន់អ្វីពីប្រសាសន៍របស់លោកយេស៊ូអំពីស្ត្រីមេម៉ាយក្រីក្រនេះ?
១៩ ចូរអនុវត្តមេរៀនពីកំណត់ហេតុនេះក្នុងជីវិតរបស់អ្នក។ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំអាចទាញមេរៀនអ្វីពីប្រសាសន៍របស់លោកយេស៊ូអំពីស្ត្រីមេម៉ាយក្រីក្រនេះ?›។ សូមគិតអំពីស្ត្រីនេះ។ គាត់ច្បាស់ជាចង់ដាក់វិភាគទានច្រើនជាងនេះទៅព្រះយេហូវ៉ា។ ប៉ុន្តែគាត់បានធ្វើអ្វីដែលគាត់អាចធ្វើបាន គឺគាត់បានឲ្យព្រះយេហូវ៉ាប្រាក់ទាំងអស់ដែលគាត់មាន ឬបានឲ្យអស់ពីសមត្ថភាពរបស់គាត់។ លោកយេស៊ូដឹងថាវិភាគទានរបស់គាត់មានតម្លៃណាស់ចំពោះបិតាលោក។ មេរៀនសំខាន់សម្រាប់យើងគឺ ព្រះយេហូវ៉ាពេញចិត្តពេលយើងបម្រើលោកឲ្យអស់ពីដួងចិត្តនិងអស់ពីព្រលឹង។ (ម៉ាថ. ២២:៣៧; កូឡ. ៣:២៣) ព្រះយេហូវ៉ារីករាយពេលឃើញយើងខំអស់ពីសមត្ថភាព។ គោលការណ៍នោះជាប់ទាក់ទងនឹងពេលវេលានិងកម្លាំងដែលយើងអាចចំណាយក្នុងការគោរពប្រណិប័តន៍ព្រះ រួមទាំងនៅក្នុងកិច្ចបម្រើផ្សាយនិងកិច្ចប្រជុំ។
២០. តើអ្នកអាចអនុវត្តមេរៀនពីកំណត់ហេតុអំពីស្ត្រីមេម៉ាយនេះយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍មួយ។
២០ តើអ្នកអាចអនុវត្តមេរៀនពីកំណត់ហេតុអំពីស្ត្រីមេម៉ាយនេះយ៉ាងដូចម្ដេច? សូមគិតអំពីបុគ្គលខ្លះៗដែលប្រហែលជាត្រូវការការលើកទឹកចិត្តថា ការខំប្រឹងរបស់ពួកគេនាំឲ្យព្រះយេហូវ៉ាពេញចិត្ត។ ជាឧទាហរណ៍ តើអ្នកស្គាល់បងស្រីវ័យចាស់ម្នាក់ដែលប្រហែលជាបន្ទោសខ្លួន ឬមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ដោយសារគាត់លែងមានសុខភាពល្អឬកម្លាំងច្រើនដើម្បីធ្វើអ្វីដែលគាត់ធ្លាប់ធ្វើក្នុងកិច្ចបម្រើផ្សាយឬទេ? តើអ្នកអាចគិតអំពីបងប្រុសម្នាក់ដែលមានជំងឺឈឺចាប់រ៉ាំរ៉ៃ ហើយធ្លាក់ទឹកចិត្តដោយសារគាត់មិនអាចទៅកិច្ចប្រជុំទាំងអស់នៅសាលប្រជុំឬទេ? ចូរពោលពាក្យ«ល្អសម្រាប់ពង្រឹងអ្នកឯទៀត»ដើម្បីជួយបុគ្គលបែបនេះ។ (អេភ. ៤:២៩) ចូរប្រាប់ពួកគេអំពីមេរៀនដ៏គួរឲ្យលើកទឹកចិត្តដែលយើងបានរៀនពីកំណត់ហេតុអំពីស្ត្រីមេម៉ាយក្រីក្រម្នាក់។ ពាក្យលើកទឹកចិត្តរបស់អ្នកអាចពង្រឹងទំនុកចិត្តរបស់ពួកគេថា ព្រះយេហូវ៉ាពេញចិត្តពេលយើងបម្រើលោកអស់ពីសមត្ថភាព។ (សុភ. ១៥:២៣; ១ថែ. ៥:១១) ពេលអ្នកសរសើរអ្នកឯទៀត ដោយសារពួកគេបម្រើព្រះយេហូវ៉ាអស់ពីសមត្ថភាព មិនថានោះមើលទៅតិចតួចយ៉ាងណាក្ដី អ្នកកំពុងដើរតាមលំអានដានរបស់លោកយេស៊ូឲ្យបានដិតដល់។
២១. តើអ្នកតាំងចិត្តធ្វើអ្វី?
២១ យើងពិតជាសប្បាយចិត្តណាស់ដែលសៀវភៅដំណឹងល្អមានព័ត៌មានជាច្រើនអំពីជីវិតរបស់លោកយេស៊ូ ដែលអាចជួយយើងឲ្យយកតម្រាប់លោក ឬដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់។ អ្នកប្រហែលជាអាចជ្រើសរើសសៀវភៅដំណឹងល្អជាប្រធានបទសម្រាប់ការសិក្សាផ្ទាល់ខ្លួន ឬការគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ សូមយើងចាំថាដើម្បីទទួលប្រយោជន៍យ៉ាងពេញលេញពីការសិក្សាបែបនេះ យើងត្រូវធ្វើឲ្យកំណត់ហេតុនោះរស់រវើក ហើយអនុវត្តក្នុងជីវិតរបស់យើង។ ក្រៅពីធ្វើតាមអ្វីដែលលោកយេស៊ូបានប្រព្រឹត្ត យើងត្រូវស្ដាប់អ្វីដែលលោកបានមានប្រសាសន៍។ ក្នុងអត្ថបទបន្ទាប់ យើងនឹងពិចារណាអ្វីដែលយើងអាចរៀនពីប្រសាសន៍ចុងក្រោយរបស់លោកយេស៊ូជាមនុស្សជាតិ។
ចម្រៀងលេខ១៥ ចូរសរសើរបុត្រច្បងរបស់ព្រះយេហូវ៉ា!
a ក្នុងនាមជាគ្រិស្តសាសនិកពិត យើងត្រូវ«ដើរតាមលំអានដានរបស់លោក[យេស៊ូ]ឲ្យបានដិតដល់»។ តើលោកយេស៊ូបានទុក«លំអានដាន»បែបណាឲ្យយើង? ក្នុងអត្ថបទនេះ យើងនឹងទទួលចម្លើយចំពោះសំណួរនេះ ហើយយើងក៏នឹងពិចារណាអំពីមូលហេតុដែលយើងគួរដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់ និងរបៀបដែលយើងអាចធ្វើដូច្នេះ។
b ការពណ៌នាអំពីរូបភាព: ក្រោយពីរំពឹងគិតអំពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍អំពីស្ត្រីមេម៉ាយក្រីក្រ បងស្រីម្នាក់សរសើរបងស្រីវ័យចាស់ម្នាក់ចំពោះកិច្ចបម្រើដ៏អស់ពីចិត្តរបស់គាត់។