ជំពូកទី២១
រាជាណាចក្រព្រះបំផ្លាញសត្រូវ
១, ២. (ក) តើភ័ស្តុតាងអ្វីបញ្ជាក់ថាស្តេចរបស់យើងបានគ្រប់គ្រងតាំងពីឆ្នាំ១៩១៤? (ខ) តើយើងនឹងរៀនអ្វីក្នុងជំពូកនេះ?
ការពិចារណាឡើងវិញអំពីអ្វីដែលរាជាណាចក្ររបស់ព្រះបានសម្រេចនៅកណ្ដាលពួកខ្មាំងសត្រូវ ពិតជាបានពង្រឹងជំនឿរបស់យើង។ (ទំនុក. ១១០:២) ស្តេចរបស់យើងបានប្រមូលអ្នកស្ម័គ្រចិត្តផ្សព្វផ្សាយជាច្រើនដែលប្រៀបដូចជាកងទ័ពមួយ។ លោកក៏បានសម្រិតសម្រាំងអ្នកកាន់តាមលោកខាងការគោរពប្រណិប័តន៍និងខាងសីលធម៌។ ម្យ៉ាងទៀត ទោះជាសត្រូវនៃរាជាណាចក្រព្រះខំធ្វើឲ្យយើងបែកបាក់គ្នាក៏ដោយ យើងនៅតែមានសាមគ្គីភាពទូទាំងពិភពលោកនៅសព្វថ្ងៃនេះ។ សមិទ្ធផលនេះ និងសមិទ្ធផលជាច្រើនឯទៀតរបស់រាជាណាចក្រព្រះដែលយើងបានពិចារណាហើយនោះ ជាភ័ស្តុតាងដ៏ច្បាស់លាស់ថា ស្តេចរបស់យើងបានគ្រប់គ្រងកណ្ដាលពួកខ្មាំងសត្រូវរបស់លោកតាំងពីឆ្នាំ១៩១៤។
២ រាជាណាចក្ររបស់ព្រះនឹងធ្វើអ្វីដ៏អស្ចារ្យជាងនោះទៅទៀតនៅថ្ងៃមុខ គឺរាជាណាចក្រនោះនឹង«មកដល់»ដើម្បី«បំបាក់បំបែក ហើយលេបបំបាត់»ពួកសត្រូវ។ (ម៉ាថ. ៦:១០; ដាន. ២:៤៤) ប៉ុន្តែ មុនគ្រានោះមកដល់ មានព្រឹត្ដិការណ៍សំខាន់ៗឯទៀតដែលនឹងកើតឡើង។ តើព្រឹត្ដិការណ៍ទាំងនោះមានអ្វីខ្លះ? ទំនាយមួយចំនួនក្នុងគម្ពីរផ្ដល់ចម្លើយចំពោះសំណួរនោះ។ សូមពិចារណាអំពីទំនាយទាំងនោះដើម្បីដឹងថានឹងមានអ្វីកើតឡើងមិនយូរទៀត។
ព្រឹត្ដិការណ៍ដែលនឹងកើតឡើងមុន‹សេចក្ដីហិនវិនាស កើតមានដល់ពួកគេភ្លាម›
៣. តើព្រឹត្ដិការណ៍ទី១ដែលយើងកំពុងរង់ចាំជាអ្វី?
៣ ការប្រកាសអំពីសន្ដិភាព: ពេលសាវ័កប៉ូលសរសេរទៅកាន់គ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច គាត់បានរៀបរាប់អំពីព្រឹត្ដិការណ៍ទី១ដែលយើងកំពុងរង់ចាំ។ (សូមអាន ថែស្សាឡូនិចទី១ ៥:២, ៣) ក្នុងសំបុត្រនោះ ប៉ូលរៀបរាប់អំពី«ថ្ងៃរបស់ព្រះយេហូវ៉ា» ដែលនឹងចាប់ផ្ដើមដោយការវាយប្រហារ«បាប៊ីឡូនដ៏ខ្លាំងក្លា»។ (បប. ១៧:៥) ក៏ប៉ុន្តែមុនថ្ងៃនៃព្រះយេហូវ៉ាចាប់ផ្ដើម ប្រជាជាតិនានានឹងនាំគ្នានិយាយថា៖ «មានសន្ដិភាពនិងសន្ដិសុខហើយ!»។ នេះអាចសំដៅលើការប្រកាសមួយដង ឬការប្រកាសមួយចំនួនដែលគួរឲ្យកត់សម្គាល់។ តើអ្នកដឹកនាំសាសនានឹងរួមចំណែកក្នុងការប្រកាសនេះឬទេ? ដោយហេតុថាអ្នកដឹកនាំសាសនាទាំងនោះរួមចំណែកក្នុងពិភពលោកនេះ ពួកគេប្រហែលជានឹងចូលរួមជាមួយនឹងប្រជាជាតិទាំងឡាយពេលពួកគេប្រកាសថា«មានសន្ដិសុខ!»។ (យេ. ៦:១៤; ២៣:១៦, ១៧; បប. ១៧:១, ២) ការប្រកាសថាមានសន្ដិភាពនិងសន្ដិសុខនេះ ជាសញ្ញាសម្គាល់ថាថ្ងៃរបស់ព្រះយេហូវ៉ាជិតចាប់ផ្ដើមហើយ។ ពួកសត្រូវនៃរាជាណាចក្រព្រះ«នឹងគេចមិនផុតឡើយ»។
៤. ពេលដែលយើងយល់សារៈសំខាន់នៃទំនាយរបស់ប៉ូលស្តីអំពីការប្រកាសថាមានសន្ដិភាពនិងសន្ដិសុខ តើយើងទទួលប្រយោជន៍អ្វី?
៤ តើការយល់ដឹងអំពីទំនាយនេះជួយយើងយ៉ាងដូចម្ដេច? ប៉ូលបញ្ជាក់ថា៖ «អ្នករាល់គ្នាមិននៅក្នុងភាពងងឹតទេ ដូច្នេះ ថ្ងៃនោះនឹងមិនមកដោយអ្នករាល់គ្នាមិនដឹងខ្លួន ដូចជាពន្លឺថ្ងៃមកដោយពួកចោរមិនដឹងខ្លួននោះទេ»។ (១ថែ. ៥:៣, ៤) យើងខុសគ្នាពីមនុស្សទូទៅ ពីព្រោះយើងដឹងថាព្រឹត្ដិការណ៍ពិភពលោកបច្ចុប្បន្ននឹងនាំទៅដល់អ្វី។ បើនិយាយឲ្យចំទៅ តើទំនាយអំពីការប្រកាសសន្ដិភាពនិងសន្ដិសុខនឹងកើតឡើងយ៉ាងដូចម្ដេច? ដើម្បីដឹង យើងត្រូវចាំមើលព្រឹត្ដិការណ៍ពិភពលោកសិន។ ហេតុនេះ «ចូរឲ្យយើងភ្ញាក់ហើយដឹងខ្លួនជានិច្ច»។—១ថែ. ៥:៦; សេផ. ៣:៨
គ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម
៥. តើដំណាក់កាលដំបូងនៃ«ទុក្ខវេទនាជាខ្លាំង»ជាអ្វី?
៥ ការវាយប្រហារសាសនាមិនពិត: សូមនឹកឃើញអ្វីដែលប៉ូលបានសរសេរថា៖ «នៅពេលដែលពួកគេនិយាយថា៖ ‹មានសន្ដិភាពនិងសន្ដិសុខហើយ!› នោះស្រាប់តែសេចក្ដីហិនវិនាសនឹងកើតមានដល់ពួកគេភ្លាម»។ ជាឧទាហរណ៍ មិនយូរក្រោយពីឃើញផ្លេកបន្ទោ យើងឮផ្គរលាន់។ ស្រដៀងគ្នាដែរ ភ្លាមៗបន្ទាប់ពីឮគេប្រកាសថា«មានសន្ដិភាពនិងសន្ដិសុខហើយ»នឹងមាន«សេចក្ដីហិនវិនាស»។ តើអ្វីនឹងវិនាស? មុនបង្អស់ «បាប៊ីឡូនដ៏ខ្លាំងក្លា»ដែលជានិមិត្តរូបសាសនាមិនពិតទូទាំងពិភពលោក ហើយក៏ត្រូវហៅថា«ស្ត្រីពេស្យា»ដែរ នឹងត្រូវវិនាស។ (បប. ១៧:៥, ៦, ១៥) ការបំផ្លាញពិភពគ្រិស្តសាសនានិងសាសនាមិនពិតឯទៀតជាដំណាក់កាលដំបូងនៃ«ទុក្ខវេទនាជាខ្លាំង»។ (ម៉ាថ. ២៤:២១; ២ថែ. ២:៨) មនុស្សជាច្រើននឹងភ្ញាក់ផ្អើលពេលដែលព្រឹត្ដិការណ៍នេះកើតឡើង។ ហេតុអ្វី? ពីព្រោះមុនគ្រានោះ ស្ត្រីពេស្យានោះនឹងចាត់ទុកខ្លួនជា«មហាក្សត្រី»ដែល«នឹងមិនមានទុក្ខព្រួយឡើយ»។ ប៉ុន្តែក្នុងមួយរំពេចនាងនឹងដឹងថាខ្លួនបានយល់ច្រឡំ។ នាងនឹងត្រូវបំបាត់ចោលយ៉ាងលឿន ហាក់ដូចជា«ក្នុងមួយថ្ងៃ»ប៉ុណ្ណោះ។—បប. ១៨:៧, ៨
៦. តើអ្វីឬអ្នកណានឹងវាយប្រហារ«បាប៊ីឡូនដ៏ខ្លាំងក្លា»?
៦ តើអ្វីឬអ្នកណានឹងវាយប្រហារ«បាប៊ីឡូនដ៏ខ្លាំងក្លា»? គឺ«សត្វសាហាវ»ដែលមាន«ស្នែងដប់»។ សៀវភៅការបើកបង្ហាញឲ្យដឹងថាសត្វសាហាវនេះសំដៅលើអង្គការសហប្រជាជាតិ (អ.ស.ប.)។ ស្នែងទាំងដប់នោះជាតំណាងរដ្ឋាភិបាលទាំងឡាយដែលគាំទ្រ‹សត្វសាហាវសម្បុរក្រហមឆ្អៅ›នេះ។ (បប. ១៧:៣, ៥, ១១, ១២) តើការវាយប្រហារនេះនឹងខ្លាំងយ៉ាងណា? បណ្ដារដ្ឋាភិបាលក្នុងអង្គការសហប្រជាជាតិនឹងរឹបអូសទ្រព្យធនរបស់ស្ត្រីពេស្យានោះហើយស៊ីសាច់នាង រួច«ដុតនាងចោលក្នុងភ្លើង»។—សូមអាន ការបើកបង្ហាញ ១៧:១៦a
៧. តើតាមរបៀបណាពាក្យរបស់លោកយេស៊ូនៅម៉ាថាយ ២៤:២១, ២២ បានកើតឡើងនៅសតវត្សរ៍ទី១ គ.ស. ហើយតើតាមរបៀបណាពាក្យនោះនឹងកើតឡើងនៅអនាគត?
៧ ការកាត់បន្ថយគ្រានោះឲ្យខ្លី: ស្តេចរបស់យើងបានបើកបង្ហាញអំពីអ្វីដែលនឹងកើតឡើងនៅពេលនោះក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ លោកយេស៊ូមានប្រសាសន៍ថា៖ «ដោយសារពួកអ្នករើសតាំង នោះព្រះនឹងកាត់បន្ថយគ្រានោះឲ្យខ្លី»។ (សូមអាន ម៉ាថាយ ២៤:២១, ២២) ពាក្យរបស់លោកយេស៊ូបានកើតឡើងមួយកម្រិតតូច នៅឆ្នាំ៦៦ គ.ស. ពេលព្រះយេហូវ៉ា«កាត់បន្ថយ»ការវាយប្រហាររបស់កងទ័ពរ៉ូមមកលើក្រុងយេរូសាឡិម។ (ម៉ាក. ១៣:២០) ហេតុនេះ គ្រិស្តសាសនិកនៅក្រុងយេរូសាឡិមនិងតំបន់យូឌាអាចរួចជីវិតបាន។ ចុះតើអ្វីនឹងកើតឡើងទូទាំងផែនដីក្នុងគ្រាទុក្ខវេទនាជាខ្លាំង? តាមរយៈស្តេចរបស់យើង ព្រះយេហូវ៉ានឹង«កាត់បន្ថយ»ការវាយប្រហាររបស់អង្គការសហប្រជាជាតិទៅលើសាសនា ដើម្បីមិនឲ្យសាសនាពិតត្រូវបំផ្លាញចោលជាមួយនឹងសាសនាមិនពិត។ យ៉ាងនេះ សាសនាពិតតែមួយនឹងនៅស្ថិតស្ថេរ រីឯសាសនាមិនពិតទាំងឡាយនឹងត្រូវបំផ្លាញចោល។ (ទំនុក. ៩៦:៥) សូមពិចារណាអ្វីដែលនឹងកើតឡើងមិនយូរក្រោយពីដំណាក់កាលដំបូងនៃគ្រាទុក្ខវេទនាជាខ្លាំងបានកន្លងផុតទៅ។
ព្រឹត្ដិការណ៍ដែលនាំទៅដល់សង្គ្រាមហាម៉ាគេដូន
៨, ៩. ពេលលោកយេស៊ូរៀបរាប់អំពីព្រឹត្ដិការណ៍អស្ចារ្យនៅលើមេឃ តើលោកប្រហែលជាសំដៅលើអ្វីខ្លះ ហើយតើមនុស្សនឹងមានប្រតិកម្មយ៉ាងណាពេលឃើញព្រឹត្ដិការណ៍នោះ?
៨ ទំនាយរបស់លោកយេស៊ូអំពីគ្រាចុងក្រោយបង្អស់បញ្ជាក់ថា ព្រឹត្ដិការណ៍សំខាន់ៗមួយចំនួននឹងកើតឡើងមិនយូរមុនសង្គ្រាមហាម៉ាគេដូន។ ព្រឹត្ដិការណ៍ពីរដំបូងដែលយើងនឹងពិចារណា គឺមាននៅសៀវភៅដំណឹងល្អរបស់ម៉ាថាយ ម៉ាកុស និងលូកា។—សូមអាន ម៉ាថាយ ២៤:២៩-៣១; ម៉ាក. ១៣:២៣-២៧; លូក. ២១:២៥-២៨
៩ ព្រឹត្ដិការណ៍អស្ចារ្យនៅលើមេឃ: លោកយេស៊ូប្រកាសទុកជាមុនថា៖ «ថ្ងៃនឹងទៅជាងងឹត ខែក៏នឹងលែងភ្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ពីលើមេឃ»។ នេះឲ្យដឹងថា មនុស្សនឹងលែងចាត់ទុកអ្នកដឹកនាំសាសនាជាពន្លឺពិភពលោកទៀត ហើយនឹងមិនរកការណែនាំពីពួកគេទេ។ តើលោកយេស៊ូក៏ចង់បញ្ជាក់អំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅលើមេឃក្នុងន័យត្រង់ឬទេ? ប្រហែលជាលោកចង់និយាយដូច្នេះមែន។ (អេ. ១៣:៩-១១; យ៉ូល. ២:១, ៣០, ៣១) តើមនុស្សនឹងមានប្រតិកម្មយ៉ាងណាពេលឃើញអ្វីៗទាំងនោះ? ពួកគេនឹង«ព្រួយបារម្ភជាខ្លាំង»ហើយ«ទាល់គំនិត»។ (លូក. ២១:២៥; សេផ. ១:១៧) ពិតណាស់ ពួកសត្រូវនៃរាជាណាចក្ររបស់ព្រះ ចាប់‹ពីស្តេចដល់ខ្ញុំបម្រើ›នឹង«ស្ទើរតែសន្លប់បាត់ស្មារតីដោយសារភ័យខ្លាចនិងដោយសាររង់ចាំអ្វីដែលជិតកើតឡើង» ហើយពួកគេនឹងរត់រកទីជ្រកពួន។ ក៏ប៉ុន្តែពួកគេនឹងឃើញថាគ្មានទីជ្រកពួនដែលអាចបាំងការពារពួកគេពីកំហឹងរបស់ស្តេចយើងឡើយ។—លូក. ២១:២៦; ២៣:៣០; បប. ៦:១៥-១៧
១០. តើលោកយេស៊ូនឹងធ្វើការវិនិច្ឆ័យបែបណា ហើយតើអ្នកគាំទ្រនិងអ្នកប្រឆាំងរាជាណាចក្ររបស់ព្រះនឹងមានប្រតិកម្មយ៉ាងណា?
១០ ការវិនិច្ឆ័យទោស: សត្រូវទាំងឡាយនៃរាជាណាចក្រព្រះនឹងត្រូវមើលព្រឹត្ដិការណ៍មួយដែលនឹងធ្វើឲ្យពួកគេរឹតតែភ័យខ្លាចថែមទៀត។ លោកយេស៊ូមានប្រសាសន៍ថា៖ «ពួកគេនឹងឃើញកូនមនុស្សមកក្នុងពពក ទាំងមានឫទ្ធានុភាពខ្លាំងក្លានិងសិរីរុងរឿង»។ (ម៉ាក. ១៣:២៦) ការសម្ដែងនូវឫទ្ធានុភាពតាមរបៀបអស្ចារ្យនេះ ជាសញ្ញាសម្គាល់ថាលោកយេស៊ូបានមកដើម្បីវិនិច្ឆ័យទោស។ នៅកន្លែងផ្សេងទៀតក្នុងទំនាយអំពីគ្រាចុងក្រោយបង្អស់ លោកយេស៊ូបានឲ្យព័ត៌មានល្អិតល្អន់ថែមទៀតអំពីការវិនិច្ឆ័យទោសនៅគ្រានោះ។ ព័ត៌មាននោះនៅក្នុងឧទាហរណ៍អំពីសត្វចៀមនិងសត្វពពែ។ (សូមអាន ម៉ាថាយ ២៥:៣១-៣៣, ៤៦) អ្នកដែលគាំទ្ររាជាណាចក្ររបស់ព្រះយ៉ាងស្មោះត្រង់នឹងត្រូវវិនិច្ឆ័យថាជា«ចៀម»ហើយនឹង«ងើបមុខឡើង» ដោយដឹងថា«សេចក្ដីសង្គ្រោះរបស់[ពួកគេ]គឺជិតដល់ហើយ»។ (លូក. ២១:២៨) ក៏ប៉ុន្តែអ្នកដែលប្រឆាំងរាជាណាចក្ររបស់ព្រះនឹងត្រូវវិនិច្ឆ័យថាជា«ពពែ» ហើយនឹង«គក់ទ្រូងដោយមានក្ដីទុក្ខព្រួយ» ដោយដឹងថាពួកគេនឹង«ទទួលសេចក្ដីស្លាប់ជារៀងរហូត»។—ម៉ាថ. ២៤:៣០; បប. ១:៧
១១. តើយើងគួរចាំអ្វីពេលដែលពិចារណាអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅថ្ងៃមុខ?
១១ ក្រោយពីលោកយេស៊ូវិនិច្ឆ័យទោស«ប្រជាជាតិទាំងឡាយ» នោះនៅមានព្រឹត្ដិការណ៍សំខាន់ៗមួយចំនួនទៀតដែលត្រូវកើតឡើងមុនសង្គ្រាមហាម៉ាគេដូន។ (ម៉ាថ. ២៥:៣២) យើងនឹងពិចារណាអំពីព្រឹត្ដិការណ៍ពីរ គឺការវាយប្រហារដោយកុក និងការប្រមូលអ្នកដែលបានត្រូវរើសតាំងដែលនៅសល់នៅផែនដី។ កាលដែលយើងពិចារណាអំពីព្រឹត្ដិការណ៍ទាំងនោះ សូមចាំថា បណ្ដាំរបស់ព្រះមិនបានប្រាប់ចំៗថាព្រឹត្ដិការណ៍ទាំងនោះនឹងកើតឡើងនៅពេលណាទេ។ តាមពិត អស់មួយរយៈពេល ព្រឹត្ដិការណ៍ទាំងនោះទំនងជាកើតឡើងនៅពេលដំណាលគ្នា។
១២. តើសាថាននឹងវាយប្រហារយ៉ាងពេញទំហឹងទៅលើរាជាណាចក្រព្រះយ៉ាងដូចម្ដេច?
១២ ការវាយប្រហារពេញទំហឹង: កុកនៃស្រុកម៉ាកុកនឹងវាយប្រហារអ្នកដែលព្រះបានរើសតាំងដែលនៅសល់នៅផែនដី។ វាក៏នឹងវាយប្រហារចៀមឯទៀតដែលរួមចំណែកជាមួយនឹងពួកគេដែរ។ (សូមអាន អេសេគាល ៣៨:២, ១១) ការវាយប្រហារនេះ ជាការវាយប្រហារចុងក្រោយរបស់សាថានទៅលើរាជាណាចក្ររបស់ព្រះ។ តាំងពីសាថានបានត្រូវបោះទម្លាក់ចេញពីស្ថានសួគ៌ វាបានច្បាំងនឹងគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ (បប. ១២:៧-៩, ១៧) សាថានបានព្យាយាមបំផ្លាញស្ថានភាពរុងរឿងរបស់ពួកគេ ជាពិសេសតាំងពីពួកគេបានត្រូវចាប់ផ្ដើមប្រមូលចូលក្នុងក្រុមជំនុំគ្រិស្តសាសនិកពិតដែលបានត្រូវរៀបចំឡើងវិញ។ ក៏ប៉ុន្តែ សាថានមិនបានជោគជ័យទេ។ (ម៉ាថ. ១៣:៣០) ទោះជាយ៉ាងនោះក្ដី នៅពេលសាសនាមិនពិតទាំងឡាយបានត្រូវបំផ្លាញចោលហើយ រាស្ត្ររបស់ព្រះនឹងមើលទៅដូចជាកំពុងរស់«ដោយឥតមានកំផែង ឬទ្វារ ឬរនុកឡើយ» ហើយសាថាននឹងគិតថាវាមានឱកាសល្អ។ វានឹងបណ្ដាលឲ្យអ្នកគាំទ្រវាវាយប្រហារយ៉ាងពេញទំហឹងទៅលើអ្នកគាំទ្ររាជាណាចក្រព្រះ។
១៣. តើព្រះយេហូវ៉ានឹងធ្វើអន្តរាគមន៍យ៉ាងដូចម្ដេចដើម្បីការពាររាស្ត្ររបស់លោក?
១៣ អេសេគាលរៀបរាប់អំពីអ្វីដែលនឹងកើតឡើង។ ស្តីអំពីកុក ទំនាយនោះរៀបរាប់ថា៖ «ឯងនឹងចេញពីកន្លែងរបស់ឯង គឺពីស្រុកខាងជើងបំផុតមក មានទាំងសាសន៍ជាច្រើនមកជាមួយនឹងឯងផង ជាពួកកងយ៉ាងសន្ធឹក ហើយជាពលទ័ពខ្លាំងពូកែ ដែលសុទ្ធតែជិះសេះគ្រប់ៗគ្នា ឯងនឹងឡើងមកទាស់នឹង . . . រាស្ត្រអញ ដូចជាពពកដែលគ្របស្រុក»។ (អេស. ៣៨:១៥, ១៦) តើព្រះយេហូវ៉ានឹងមានប្រតិកម្មយ៉ាងណាចំពោះការវាយប្រហារដែលមើលទៅដូចជាគ្មានអ្នកណាអាចទប់ស្កាត់បាននោះ? ព្រះយេហូវ៉ាប្រកាសថា៖ «សេចក្ដីក្រោធរបស់អញនឹងឆួលឡើង» ហើយ«អញនឹងហៅ . . . ឲ្យមានដាវមកទាស់នឹងវា»។ (អេស. ៣៨:១៨, ២១; សូមអាន សាការី ២:៨) ព្រះយេហូវ៉ានឹងចាត់វិធានការដើម្បីការពារអ្នកបម្រើរបស់លោកនៅផែនដី។ វិធានការនោះគឺសង្គ្រាមហាម៉ាគេដូន។
១៤, ១៥. នៅពេលមួយក្រោយពីសាថានចាប់ផ្ដើមវាយប្រហារ តើព្រឹត្ដិការណ៍អ្វីទៀតនឹងកើតឡើង?
១៤ មុនដែលបញ្ជាក់អំពីរបៀបដែលព្រះយេហូវ៉ានឹងការពាររាស្ត្ររបស់លោកនៅសង្គ្រាមហាម៉ាគេដូន សូមពិចារណាអំពីព្រឹត្ដិការណ៍សំខាន់មួយទៀត។ ព្រឹត្ដិការណ៍នេះនឹងកើតឡើងនៅពេលមួយក្រោយពីសាថានចាប់ផ្ដើមវាយប្រហារយ៉ាងពេញទំហឹង ហើយមុនព្រះយេហូវ៉ាធ្វើអន្តរាគមន៍នៅសង្គ្រាមហាម៉ាគេដូន។ ដូចយើងបានរៀននៅវគ្គ១១ ព្រឹត្ដិការណ៍នេះគឺជាការប្រមូលអ្នកដែលបានត្រូវរើសតាំងដែលនៅសល់នៅផែនដី។
១៥ ការប្រមូលពួកអ្នករើសតាំង: ម៉ាថាយនិងម៉ាកុសបានសរសេរអ្វីដែលលោកយេស៊ូបានមានប្រសាសន៍អំពី«ពួកអ្នករើសតាំង» (គ្រិស្តសាសនិកដែលបានត្រូវរើសតាំងដោយសកម្មពល) ដោយបញ្ជាក់ថាអ្វីដែលនឹងកើតឡើងចំពោះពួកគេ ជាព្រឹត្ដិការណ៍មួយក្នុងចំណោមព្រឹត្ដិការណ៍មួយចំនួនដែលត្រូវកើតឡើងមុនសង្គ្រាមហាម៉ាគេដូន។ (សូមមើលវគ្គ៧) លោកយេស៊ូប្រកាសទុកជាមុនអំពីអ្វីដែលលោកនឹងធ្វើក្នុងឋានៈជាស្តេចថា៖ «លោកនឹងចាត់បណ្ដាទេវតាទៅប្រមូលអ្នករើសតាំងរបស់លោកពីទិសខាងជើង ទិសខាងត្បូង ទិសខាងកើត និងទិសខាងលិច ពីចុងផែនដីរហូតដល់ជើងមេឃ»។ (ម៉ាក. ១៣:២៧; ម៉ាថ. ២៤:៣១) តើលោកយេស៊ូសំដៅលើការប្រមូលអ្នកណា? លោកមិនសំដៅលើការបោះត្រាចុងក្រោយលើគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ទេ ពីព្រោះនោះកើតឡើងបន្ដិចមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។ (បប. ៧:១-៣) ផ្ទុយទៅវិញ លោកយេស៊ូសំដៅលើព្រឹត្ដិការណ៍មួយដែលនឹងកើតឡើងក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ ដូច្នេះ តាមមើលទៅ នៅពេលមួយក្រោយពីសាថានចាប់ផ្ដើមវាយប្រហាររាស្ត្ររបស់ព្រះយ៉ាងពេញទំហឹង នោះពួកអ្នករើសតាំងដែលនៅសល់នៅផែនដីនឹងត្រូវប្រមូលយកទៅស្ថានសួគ៌។
១៦. តើអ្នកដែលត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌នឹងមានចំណែកអ្វីក្នុងសង្គ្រាមហាម៉ាគេដូន?
១៦ សង្គ្រាមហាម៉ាគេដូនគឺជាព្រឹត្ដិការណ៍ដែលនឹងកើតឡើងបន្ទាប់ពីពួកអ្នករើសតាំងដែលនៅផែនដីបានត្រូវប្រមូលយកទៅស្ថានសួគ៌។ ប៉ុន្តែតើហាម៉ាគេដូននិងការប្រមូលពួកអ្នករើសតាំងទាក់ទងគ្នាយ៉ាងដូចម្ដេច? នេះបញ្ជាក់ថាពួកអ្នករើសតាំងទាំងឡាយនឹងនៅស្ថានសួគ៌មុនសង្គ្រាមហាម៉ាគេដូនចាប់ផ្ដើម។ នៅស្ថានសួគ៌ ១៤៤.០០០នាក់ដែលគ្រប់គ្រងជាមួយនឹងគ្រិស្តទទួលអំណាចដើម្បីរួមចំណែកបំផ្លាញសត្រូវទាំងឡាយនៃរាជាណាចក្រដោយប្រើ«ដំបងដែក»។ (បប. ២:២៦, ២៧) រួចមក ពួកអ្នករើសតាំងដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ ព្រមទាំងទេវតាខ្លាំងក្លាឯទៀតនឹងតាមគ្រិស្តដែលជាស្តេចនិងជាអ្នកចម្បាំង កាលដែលលោកចេញទៅតទល់នឹងសត្រូវដែលជា«ពលទ័ពខ្លាំងពូកែ»ដែលហៀបនឹងវាយប្រហាររាស្ត្ររបស់ព្រះយេហូវ៉ា។ (អេស. ៣៨:១៥) ពេលដែលការតតាំងគ្នាដ៏សាហាវនេះកើតឡើង សង្គ្រាមហាម៉ាគេដូនបានចាប់ផ្ដើមហើយ!—បប. ១៦:១៦
ទីបញ្ចប់នៃទុក្ខវេទនាជាខ្លាំង
១៧. តើអ្វីនឹងកើតឡើងចំពោះ«ពពែ»ក្នុងអំឡុងសង្គ្រាមហាម៉ាគេដូន?
១៧ ការដាក់ទោសតាមការវិនិច្ឆ័យ: សង្គ្រាមហាម៉ាគេដូនជាទីបញ្ចប់នៃទុក្ខវេទនាជាខ្លាំង។ នៅពេលនោះ លោកយេស៊ូនឹងបំពេញតួនាទីមួយទៀត។ ក្រៅពីការធ្វើជាចៅក្រមវិនិច្ឆ័យ«ប្រជាជាតិទាំងឡាយ» លោកក៏នឹងទៅជាអ្នកប្រហារជីវិតប្រជាជាតិទាំងឡាយដែរ ពោលគឺ អស់អ្នកណាដែលលោកបានវិនិច្ឆ័យថាជា«ពពែ»។ (ម៉ាថ. ២៥:៣២, ៣៣) ដោយប្រើ«ដាវមួយវែងយ៉ាងមុត» ស្តេចរបស់យើងនឹង«ប្រហារប្រជាជាតិនានា»។ ពិតណាស់ អស់អ្នកដែលមានលក្ខណៈដូចសត្វពពែ ទោះជា«ស្តេច»ក្ដី «ខ្ញុំបម្រើ»ក្ដី «នឹងទទួលសេចក្ដីស្លាប់ជារៀងរហូត»។—បប. ១៩:១៥, ១៨; ម៉ាថ. ២៥:៤៦
១៨. (ក) តើស្ថានភាពរបស់«ចៀម»នឹងផ្លាស់ប្ដូរយ៉ាងណា? (ខ) តើលោកយេស៊ូនឹងបង្ហើយជ័យជម្នះរបស់លោកយ៉ាងដូចម្ដេច?
១៨ ស្ថានភាពរបស់អ្នកដែលលោកយេស៊ូវិនិច្ឆ័យថាជា«ចៀម»នឹងខុសគ្នាឆ្ងាយណាស់! «មនុស្សមួយក្រុមធំ»ជា«ចៀម»ដែលមើលទៅដូចជាមិនអាចការពារខ្លួននោះ នឹងរួចជីវិតពីការវាយប្រហាររបស់សត្រូវ ហើយ«ចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង» ជាជាងត្រូវបំផ្លាញដោយកងទ័ព«ពពែ»របស់សាថានដែលមានគ្នាច្រើនសន្ធឹកនោះ។ (បប. ៧:៩, ១៤) រួចមក ក្រោយពីលោកយេស៊ូបានវាយឈ្នះនិងបំផ្លាញចោលមនុស្សទាំងអស់ដែលជាសត្រូវនៃរាជាណាចក្រព្រះ នោះលោកនឹងបោះសាថាននិងពួកវិញ្ញាណកំណាចទៅក្នុងទីជ្រៅបំផុត។ នៅទីនោះពួកវានឹងត្រូវឃុំមិនឲ្យមានសកម្មភាព ហើយអស់១.០០០ឆ្នាំពួកវានឹងស្ថិតក្នុងស្ថានភាពប្រៀបដូចជាសេចក្ដីស្លាប់។—សូមអាន ការបើកបង្ហាញ ៦:២; ២០:១-៣
របៀបដែលយើងត្រូវត្រៀមខ្លួន
១៩, ២០. តើយើងអាចធ្វើតាមមេរៀនក្នុងអេសាយ ២៦:២០ និង៣០:២១ យ៉ាងដូចម្ដេច?
១៩ តើយើងអាចត្រៀមខ្លួនយ៉ាងដូចម្ដេចសម្រាប់ព្រឹត្ដិការណ៍ដ៏គួរឲ្យរន្ធត់ដែលនឹងកើតឡើង? ប៉ុន្មានឆ្នាំមុន ទស្សនាវដ្ដីប៉មយាម បានបញ្ជាក់ថា៖ «ដើម្បីរួចជីវិត យើងត្រូវស្ដាប់បង្គាប់»។ ហេតុអ្វី? ចម្លើយគឺនៅក្នុងការព្រមានដែលព្រះយេហូវ៉ាបានឲ្យជនជាតិយូដាដែលជាឈ្លើយសឹកនិងកំពុងរស់នៅក្រុងបាប៊ីឡូននាសម័យបុរាណ។ ព្រះយេហូវ៉ាបានប្រកាសជាមុនថាក្រុងបាប៊ីឡូននឹងត្រូវគេវាយយក។ ប៉ុន្តែតើរាស្ត្ររបស់ព្រះត្រូវធ្វើអ្វីដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្ដិការណ៍នោះ? ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «ចូរមក ជនជាតិខ្ញុំអើយ ចូរឲ្យចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវឲ្យពួនខ្លួនបន្ដិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ»។ (អេ. ២៦:២០) សូមកត់សម្គាល់ពាក្យដែលបញ្ជាក់សកម្មភាពក្នុងខនេះ គឺ«មក» «ចូលទៅ» «បិទ» និង«ពួន»។ ពាក្យទាំងអស់នេះជាបង្គាប់។ ជនជាតិយូដាដែលបានធ្វើតាមបង្គាប់នេះ នឹងនៅក្នុងផ្ទះខ្លួន ឆ្ងាយពីទាហានដែលកំពុងវាយដណ្ដើមយកក្រុងនោះ។ ដូច្នេះ ពួកគេត្រូវធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា ដើម្បីរួចជីវិត។b
២០ តើយើងទាញមេរៀនអ្វីពីរឿងនោះ? ដូចអ្នកបម្រើរបស់ព្រះនៅសម័យបុរាណ យើងត្រូវធ្វើតាមបង្គាប់ព្រះយេហូវ៉ាដើម្បីរួចជីវិតនៅពេលព្រឹត្ដិការណ៍កើតឡើងនៅថ្ងៃមុខ។ (អេ. ៣០:២១) ការណែនាំនោះមកតាមរយៈក្រុមជំនុំ។ ដូច្នេះ យើងចង់អប់រំខ្លួនឲ្យស្ដាប់បង្គាប់ដោយស្មោះអស់ពីចិត្ត ពេលទទួលការណែនាំ។ (១យ៉ូន. ៥:៣) បើយើងធ្វើដូច្នេះនៅសព្វថ្ងៃនេះ នោះយើងនឹងមានចិត្តចង់ស្ដាប់បង្គាប់នៅថ្ងៃមុខ ហើយយ៉ាងនោះយើងអាចទទួលការការពារពីព្រះយេហូវ៉ាដែលជាបិតារបស់យើង និងលោកយេស៊ូដែលជាស្តេចរបស់យើង។ (សេផ. ២:៣) ការការពារនោះនឹងផ្ដល់លទ្ធភាពឲ្យយើងឃើញដោយផ្ទាល់ភ្នែកនូវរបៀបដែលរាជាណាចក្រព្រះនឹងបំផ្លាញចោលទាំងស្រុងនូវខ្មាំងសត្រូវ។ នោះជាព្រឹត្ដិការណ៍ដែលយើងនឹងភ្លេចពុំបានឡើយ!
a គឺសមហេតុសមផលដែលយើងសន្និដ្ឋានថា ការបំផ្លាញ«បាប៊ីឡូនដ៏ខ្លាំងក្លា»សំដៅលើការបំផ្លាញស្ថាប័នសាសនានានា ជាជាងការសម្លាប់ចោលអស់អ្នកដែលកាន់សាសនាទាំងនោះ។ ដូច្នេះ សមាជិកភាគច្រើននៃបាប៊ីឡូនដ៏ខ្លាំងក្លានឹងរួចជីវិតពីសេចក្ដីហិនវិនាសនោះ ហើយពួកគេទំនងជានឹងព្យាយាមបង្ហាញជាចំហថា ពួកគេគ្មានទំនាក់ទំនងនឹងសាសនាមិនពិតទាំងនោះឡើយ ដូចបញ្ជាក់នៅសាការី ១៣:៤-៦។
b ដើម្បីទទួលព័ត៌មានថែមទៀត សូមមើលសៀវភៅដែលមានចំណងជើងថា បទទំនាយរបស់អេសាយគឺជាពន្លឺសម្រាប់មនុស្សជាតិទាំងឡាយ ក្បាលទី១ (Isaiah’s Prophecy—Light for All Mankind I) ទំព័រ២៨២-២៨៣។