«សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា?»
«តើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។—ម៉ាថ. ២៤:៣
១. ដូចសាវ័កលោកយេស៊ូ តើយើងចង់ដឹងយ៉ាងខ្លាំងអំពីអ្វី?
នៅពេលកិច្ចបម្រើរបស់លោកយេស៊ូនៅផែនដីហៀបនឹងចប់ សាវ័ករបស់លោកចង់ដឹងយ៉ាងខ្លាំងអំពីអ្វីដែលនឹងកើតឡើងនៅអនាគត។ ដូច្នេះ គ្រាន់តែប៉ុន្មានថ្ងៃមុនលោកទទួលមរណភាព សាវ័ករបស់លោកបួននាក់បានសួរលោកថា៖ «តើការទាំងនេះនឹងកើតឡើងនៅពេលណា ហើយតើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។ (ម៉ាថ. ២៤:៣; ម៉ាក. ១៣:៣) លោកយេស៊ូបានតបឆ្លើយនឹងសំណួរទាំងនេះតាមរយៈទំនាយដែលត្រូវកត់ទុកនៅម៉ាថាយជំពូកទី២៤និង២៥ ស្តីអំពីព្រឹត្ដិការណ៍ដែលនឹងកើតឡើងពេញពិភពលោក។ ក្នុងទំនាយនោះ លោកយេស៊ូបានទាយអំពីព្រឹត្ដិការណ៍សំខាន់ៗជាច្រើន។ ពាក្យរបស់លោកមានន័យជ្រាលជ្រៅចំពោះយើង ដោយសារយើងក៏ចាប់អារម្មណ៍ចង់ដឹងយ៉ាងខ្លាំងអំពីអ្វីដែលនឹងកើតឡើងនៅអនាគតដែរ។
២. (ក) ច្រើនឆ្នាំមកហើយ តើយើងបានស្វែងយល់កាន់តែច្បាស់អំពីអ្វី? (ខ) តើយើងនឹងពិចារណាសំណួរបីយ៉ាងអ្វី?
២ ច្រើនឆ្នាំមកហើយ អ្នកបម្រើរបស់ព្រះយេហូវ៉ាបានសិក្សាទំនាយរបស់លោកយេស៊ូអំពីគ្រាចុងក្រោយបង្អស់ ហើយបានអធិដ្ឋានសុំព្រះជួយឲ្យយល់ទំនាយនោះ។ ពួកគាត់បានព្យាយាមយល់កាន់តែច្បាស់អំពីពេលវេលាដែលពាក្យរបស់លោកយេស៊ូនឹងបានសម្រេច។ ដើម្បីបញ្ជាក់អំពីរបៀបដែលការយល់ដឹងរបស់យើងបានទៅជាច្បាស់ជាង សូមយើងពិចារណារឿងបីយ៉ាងដែលទាក់ទងនឹងសំណួរថា«ពេលណា» ពោលគឺតើ«គ្រាទុក្ខវេទនាជាខ្លាំង»ចាប់ផ្ដើមនៅពេលណា? តើលោកយេស៊ូវិនិច្ឆ័យ«ចៀម»និង«ពពែ»នៅពេលណា? ហើយតើលោកយេស៊ូនឹង«មក»នៅពេលណា?—ម៉ាថ. ២៤:២១; ២៥:៣១-៣៣
តើគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើមនៅពេលណា?
៣. នៅអតីតកាល តើយើងធ្លាប់យល់យ៉ាងណាអំពីពេលវេលានៃគ្រាទុក្ខវេទនាជាខ្លាំង?
៣ នៅអតីតកាល យើងធ្លាប់គិតថាគ្រាទុក្ខវេទនាជាខ្លាំងបានចាប់ផ្ដើមនៅឆ្នាំ១៩១៤ ដោយសង្គ្រាមលោកលើកទី១ ហើយថាព្រះយេហូវ៉ា«កាត់បន្ថយគ្រានោះឲ្យខ្លី»នៅឆ្នាំ១៩១៨ ពេលដែលសង្គ្រាមនោះបានចប់ ដើម្បីឲ្យពួកអ្នករើសតាំងដែលមិនទាន់ឡើងទៅស្ថានសួគ៌នឹងមានឱកាសដើម្បីផ្សព្វផ្សាយដំណឹងល្អដល់គ្រប់ប្រជាជាតិ។ (ម៉ាថ. ២៤:២១, ២២) យើងបានរំពឹងថា ការគ្រប់គ្រងរបស់សាថាននឹងត្រូវបំផ្លាញចោលបន្ទាប់ពីកិច្ចការផ្សព្វផ្សាយបានចប់សព្វគ្រប់។ ដូច្នេះ យើងបានគិតថា គ្រាទុក្ខវេទនាជាខ្លាំងមានបីដំណាក់កាល ពោលគឺគ្រានេះនឹងចាប់ផ្ដើមនៅឆ្នាំ១៩១៤ រួចមកនឹងត្រូវផ្អាកនៅឆ្នាំ១៩១៨ ហើយនឹងបញ្ចប់នៅសង្គ្រាមហាម៉ាគេដូន។
៤. តើការយល់ដឹងអ្វីដែលបានជួយយើងឲ្យយល់ច្បាស់ជាងនូវទំនាយរបស់លោកយេស៊ូស្តីអំពីគ្រាចុងក្រោយបង្អស់?
៤ ប៉ុន្តែពេលយើងពិចារណាថែមទៀតអំពីទំនាយរបស់លោកយេស៊ូ យើងយល់ឃើញថាផ្នែកមួយនៃទំនាយរបស់លោកយេស៊ូស្តីអំពីគ្រាចុងក្រោយបង្អស់នឹងត្រូវសម្រេចពីរដង។ (ម៉ាថ. ២៤:៤-២២) ការសម្រេចលើកទី១គឺនៅតំបន់យូឌានៅសតវត្សរ៍ទី១ គ.ស. ហើយនឹងមានការសម្រេចនៅទូទាំងពិភពលោកនៅសម័យរបស់យើង។ ការយល់ដឹងនេះបានជួយយើងឲ្យយល់ច្បាស់ជាងអំពីរឿងផ្សេងទៀត។a
៥. (ក) តើគ្រាលំបាកអ្វី ដែលបានចាប់ផ្ដើមនៅឆ្នាំ១៩១៤? (ខ) តើគ្រាលំបាកនោះបានកើតឡើងពីឆ្នាំណាដល់ឆ្នាំណានៅសតវត្សរ៍ទី១ គ.ស.?
៥ យើងក៏បានដឹងដែរថា ផ្នែកទី១នៃគ្រាទុក្ខវេទនាជាខ្លាំងមិនបានចាប់ផ្ដើមនៅឆ្នាំ១៩១៤ទេ។ ហេតុអ្វី? ពីព្រោះទំនាយក្នុងគម្ពីរបង្ហាញថាគ្រាទុក្ខវេទនាជាខ្លាំងមិនមែនចាប់ផ្ដើមដោយសង្គ្រាមមួយក្នុងចំណោមប្រជាជាតិនានាទេ ប៉ុន្តែចាប់ផ្ដើមដោយការវាយប្រហារទៅលើសាសនាមិនពិត។ ដូច្នេះព្រឹត្ដិការណ៍នានាដែលបានចាប់ផ្ដើមនៅឆ្នាំ១៩១៤មិនមែនជាការចាប់ផ្ដើមនៃគ្រាទុក្ខវេទនាជាខ្លាំងទេ ប៉ុន្តែជា«ការចាប់ផ្ដើមនៃគ្រាលំបាក»។ (ម៉ាថ. ២៤:៨) «គ្រាលំបាក»នេះគឺស្រដៀងគ្នានឹងអ្វីដែលបានកើតឡើងនៅក្រុងយេរូសាឡិមនិងនៅតំបន់យូឌាចាប់ពីឆ្នាំ៣៣ គ.ស. ដល់ឆ្នាំ៦៦ គ.ស.។
៦. តើអ្វីនឹងជាសញ្ញាសម្គាល់ដែលបង្ហាញថាគ្រាទុក្ខវេទនាជាខ្លាំងបានចាប់ផ្ដើមហើយ?
៦ តើអ្វីនឹងជាសញ្ញាសម្គាល់ដែលបង្ហាញថាគ្រាទុក្ខវេទនាជាខ្លាំងបានចាប់ផ្ដើមហើយ? លោកយេស៊ូបានទាយថា៖ «នៅពេលដែលអ្នករាល់គ្នាក្រឡេកទៅឃើញអ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលបំផ្លិចបំផ្លាញ កំពុងឈរនៅកន្លែងបរិសុទ្ធ ដូចទំនាយដែលបានត្រូវប្រកាសតាមរយៈដានីយ៉ែល (ចូរអ្នកអានប្រើសមត្ថភាពវែកញែក) នោះចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ»។ (ម៉ាថ. ២៤:១៥, ១៦) នៅក្នុងការសម្រេចលើកទី១ ការ«ឈរនៅកន្លែងបរិសុទ្ធ»បានកើតឡើងនៅឆ្នាំ៦៦ គ.ស. ពេលដែលទាហានរ៉ូម («អ្វីដ៏គួរឲ្យស្អប់ខ្ពើម») បានវាយប្រហារក្រុងយេរូសាឡិមនិងវិហាររបស់ក្រុងនេះ (ជាកន្លែងបរិសុទ្ធចំពោះជនជាតិយូដា)។ ក្នុងការសម្រេចដ៏ធំជាង ការ«ឈរ»នោះនឹងកើតឡើងនៅពេលដែលអង្គការសហប្រជាជាតិ («អ្វីដ៏គួរឲ្យស្អប់ខ្ពើម»នៅសម័យយើង) វាយប្រហារពិភពគ្រិស្តសាសនា (ដែលបរិសុទ្ធចំពោះពួកអ្នកដែលអះអាងថាខ្លួនជាគ្រិស្តសាសនិក) និងសាសនាមិនពិតទាំងអស់។ ការវាយប្រហារដដែលនេះបានត្រូវរៀបរាប់នៅការបើកបង្ហាញ ១៧:១៦-១៨។ ព្រឹត្ដិការណ៍នោះនឹងជាការចាប់ផ្ដើមនៃគ្រាទុក្ខវេទនាជាខ្លាំង។
៧. (ក) នៅសតវត្សរ៍ទី១ តើជីវិតបាន«ត្រូវសង្គ្រោះ»យ៉ាងដូចម្ដេច? (ខ) តើយើងអាចរំពឹងថានឹងមានអ្វីកើតឡើងនៅពេលអនាគត?
៧ លោកយេស៊ូក៏បានទាយដែរថា៖ «ព្រះនឹងកាត់បន្ថយគ្រានោះឲ្យខ្លី»។ ការសម្រេចជាលើកដំបូងបានកើតឡើងនៅឆ្នាំ៦៦ គ.ស. ពេលដែលទាហានរ៉ូម«កាត់បន្ថយ»ការវាយប្រហាររបស់ពួកគេ។ បន្ទាប់មក គ្រិស្តសាសនិកដែលព្រះបានរើសតាំង នៅក្រុងយេរូសាឡិមនិងតំបន់យូឌាបានរត់ចេញដើម្បីឲ្យជីវិតរបស់ពួកគេ«នឹងត្រូវសង្គ្រោះ»។ (សូមអាន ម៉ាថាយ ២៤:២២; ម៉ាឡ. ៣:១៧) ដូច្នេះ តើយើងអាចរំពឹងថានឹងមានអ្វីកើតឡើងក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងដែលជិតមកដល់? ព្រះយេហូវ៉ានឹង«កាត់បន្ថយ»ការវាយប្រហាររបស់អង្គការសហប្រជាជាតិមកលើសាសនាមិនពិត ដោយមិនអនុញ្ញាតឲ្យសាសនាពិតត្រូវបំផ្លាញចោលជាមួយសាសនាមិនពិតឡើយ។ យ៉ាងនេះរាស្ត្ររបស់ព្រះនឹងត្រូវសង្គ្រោះ។
៨. (ក) តើព្រឹត្ដិការណ៍អ្វីខ្លះដែលនឹងកើតឡើង បន្ទាប់ពីផ្នែកដំបូងនៃគ្រាទុក្ខវេទនាជាខ្លាំងបានកន្លងផុតទៅ? (ខ) តាមមើលទៅ តើនៅពេលណាដែលសមាជិកចុងក្រោយនៃពួក១៤៤.០០០នាក់នឹងទទួលរង្វាន់របស់គាត់នៅស្ថានសួគ៌? (សូមមើលកំណត់នៅចុងអត្ថបទ)។
៨ តើអ្វីកើតឡើងបន្ទាប់ពីផ្នែកដំបូងនៃគ្រាទុក្ខវេទនាជាខ្លាំងបានកន្លងផុតទៅ? ពាក្យរបស់លោកយេស៊ូបញ្ជាក់ថានឹងមានរយៈពេលមួយដែលនឹងបន្តរហូតដល់សង្គ្រាមហាម៉ាគេដូនចាប់ផ្ដើម។ តើព្រឹត្ដិការណ៍អ្វីនឹងកើតឡើងនៅចន្លោះពេលនោះ? ចម្លើយគឺបានកត់ទុកនៅអេសេគាល ៣៨:១៤-១៦ និងម៉ាថាយ ២៤:២៩-៣១។ (សូមអាន)b បន្ទាប់ពីព្រឹត្ដិការណ៍នោះ យើងនឹងឃើញសង្គ្រាមហាម៉ាគេដូន ដែលជាទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង។ នេះគឺដូចការបំផ្លាញក្រុងយេរូសាឡិមនៅឆ្នាំ៧០ គ.ស.។ (ម៉ាឡ. ៤:១) ដោយមានសង្គ្រាមហាម៉ាគេដូនជាទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង នោះគ្រាទុក្ខវេទនានេះគឺខុសប្លែកពីគ្រាឯទៀតទាំងអស់ ពោលគឺជាព្រឹត្ដិការណ៍មួយ«ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោក»។ (ម៉ាថ. ២៤:២១) ពេលព្រឹត្ដិការណ៍នោះបានកន្លងផុតទៅ ការគ្រប់គ្រងរបស់គ្រិស្តមួយពាន់ឆ្នាំនឹងចាប់ផ្ដើម។
៩. តើទំនាយរបស់លោកយេស៊ូស្តីអំពីគ្រាទុក្ខវេទនាជាខ្លាំងមានឥទ្ធិពលយ៉ាងណាមកលើរាស្ត្ររបស់ព្រះយេហូវ៉ា?
៩ ទំនាយនេះអំពីគ្រាទុក្ខវេទនាជាខ្លាំងពង្រឹងកម្លាំងចិត្តយើង។ ហេតុអ្វី? ពីព្រោះទំនាយនេះពង្រឹងទំនុកចិត្តយើងថា ទោះជាយើងប្រហែលជាជួបការពិបាកណាក៏ដោយ រាស្ត្ររបស់ព្រះយេហូវ៉ាជាក្រុមនឹងចេញផុតពីគ្រាទុក្ខវេទនាជាខ្លាំង។ (បប. ៧:៩, ១៤) សំខាន់បំផុត យើងសប្បាយរីករាយដោយសារនៅសង្គ្រាមហាម៉ាគេដូន ព្រះយេហូវ៉ានឹងបញ្ជាក់ថាលោកមានសិទ្ធិត្រឹមត្រូវដើម្បីគ្រប់គ្រង ហើយលោកនឹងធ្វើឲ្យនាមរបស់លោកបានបរិសុទ្ធ។—ទំនុក. ៨៣:១៨; អេស. ៣៨:២៣
តើលោកយេស៊ូវិនិច្ឆ័យចៀមនិងពពែនៅពេលណា?
១០. នៅអតីតកាល តើយើងយល់យ៉ាងណាស្តីអំពីពេលវេលាដែលការវិនិច្ឆ័យចៀមនិងពពែកើតឡើង?
១០ ឥឡូវសូមពិចារណាអំពីពេលណាដែលផ្នែកមួយផ្សេងទៀតនៃទំនាយរបស់លោកយេស៊ូនឹងកើតឡើង ពោលគឺឧទាហរណ៍ស្តីអំពីការវិនិច្ឆ័យចៀមនិងពពែ។ (ម៉ាថ. ២៥:៣១-៤៦) ពីមុនយើងបានគិតថាលោកយេស៊ូចាប់ផ្ដើមវិនិច្ឆ័យមនុស្សណាជាចៀមឬជាពពែចាប់ផ្ដើមពីឆ្នាំ១៩១៤មក ពោលគឺពីដើមរហូតដល់ចុងបញ្ចប់នៃគ្រាចុងក្រោយបង្អស់។ យើងបានសន្និដ្ឋានថា ពួកអ្នកដែលមិនព្រមទទួលដំណឹងអំពីរាជាណាចក្រនិងអ្នកដែលបានស្លាប់មុនគ្រាទុក្ខវេទនាជាខ្លាំងបានចាប់ផ្ដើម នឹងត្រូវស្លាប់ដូចជាពពែ ដោយគ្មានសេចក្ដីសង្ឃឹមថានឹងត្រូវប្រោសឲ្យរស់ឡើងវិញទេ។
១១. ហេតុអ្វីការវិនិច្ឆ័យថាមនុស្សណាជាចៀមឬជាពពែមិនអាចចាប់ផ្ដើមនៅឆ្នាំ១៩១៤?
១១ នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៩០ ទស្សនាវដ្ដីប៉មយាមបានពិនិត្យឡើងវិញនូវម៉ាថាយ ២៥:៣១ ដែលចែងថា៖ «ពេលដែលកូនមនុស្សមកប្រកបដោយសិរីរុងរឿង ហើយមានទេវតាទាំងឡាយមកជាមួយដែរ នោះលោកនឹងអង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក»។ ទស្សនាវដ្ដីប៉មយាមបញ្ជាក់ថាលោកយេស៊ូបានក្លាយជាស្តេចនៃរាជាណាចក្ររបស់ព្រះនៅឆ្នាំ១៩១៤ ប៉ុន្តែលោកមិនទាន់«អង្គុយលើបល្ល័ង្កដ៏រុងរឿងរបស់លោក»ក្នុងនាមជាចៅក្រមនៃ«ប្រជាជាតិទាំងឡាយ»ទេ។ (ម៉ាថ. ២៥:៣២; សូមពិនិត្យបន្ថែម ដានីយ៉ែល ៧:១៣) ក៏ប៉ុន្តែឧទាហរណ៍អំពីចៀមនិងពពែច្រើនតែរៀបរាប់ថាលោកយេស៊ូជាចៅក្រម។ (សូមអាន ម៉ាថាយ ២៥:៣១-៣៤, ៤១, ៤៦) ដោយសារលោកយេស៊ូមិនទាន់ធ្វើជាចៅក្រមនៃប្រជាជាតិទាំងឡាយនៅឆ្នាំ១៩១៤នៅឡើយ នោះការវិនិច្ឆ័យរបស់លោកថាមនុស្សណាជាចៀមឬជាពពែមិនអាចចាប់ផ្ដើមនៅឆ្នាំនោះឡើយ។c ដូច្នេះ តើការវិនិច្ឆ័យរបស់លោកយេស៊ូនឹងចាប់ផ្ដើមនៅពេលណា?
១២. (ក) តើនៅពេលណាលោកយេស៊ូនឹងធ្វើជាចៅក្រមនៃប្រជាជាតិទាំងឡាយជាលើកទី១? (ខ) តើមានព្រឹត្ដិការណ៍អ្វីខ្លះដែលបានត្រូវរៀបរាប់នៅម៉ាថាយ ២៤:៣០, ៣១និងម៉ាថាយ ២៥:៣១-៣៣, ៤៦?
១២ ទំនាយរបស់លោកយេស៊ូអំពីគ្រាចុងក្រោយបង្អស់បង្ហាញថា លោកនឹងធ្វើជាចៅក្រមនៃប្រជាជាតិទាំងឡាយជាលើកទី១ ក្រោយពីការបំផ្លាញចោលសាសនាមិនពិត។ ដូចបានរៀបរាប់ក្នុងវគ្គ៨ ព្រឹត្ដិការណ៍ខ្លះដែលនឹងកើតឡើងនៅក្នុងអំឡុងពេលនោះគឺបានត្រូវកត់ទុកនៅម៉ាថាយ ២៤:៣០, ៣១។ ពេលអ្នកពិចារណាខទាំងនោះ អ្នកនឹងកត់សម្គាល់ថា លោកយេស៊ូបានទាយអំពីព្រឹត្ដិការណ៍ផ្សេងៗដែលស្រដៀងនឹងព្រឹត្ដិការណ៍ដែលលោកបានរៀបរាប់នៅក្នុងឧទាហរណ៍របស់លោកស្តីអំពីចៀមនិងពពែ។ ជាឧទាហរណ៍: កូនមនុស្សមកប្រកបដោយសិរីរុងរឿង ហើយមានទេវតាទាំងឡាយមកជាមួយដែរ គ្រប់កុលសម្ព័ន្ធនិងប្រជាជាតិទាំងឡាយនឹងត្រូវប្រមូលមក ពួកអ្នកដែលបានត្រូវវិនិច្ឆ័យថាជាចៀម«ងើបមុខឡើង»ពីព្រោះពួកគេនឹងទទួល«ជីវិតដែលគ្មានទីបញ្ចប់»។d ពួកអ្នកដែលបានត្រូវវិនិច្ឆ័យថាជាពពែ«នឹងគក់ទ្រូងដោយមានក្ដីទុក្ខព្រួយ» ដោយដឹងថាពួកគេ«នឹងទទួលសេចក្ដីស្លាប់ជារៀងរហូត»។—ម៉ាថ. ២៥:៣១-៣៣, ៤៦
១៣. (ក) តើលោកយេស៊ូនឹងវិនិច្ឆ័យមនុស្សថាជាចៀមឬជាពពែនៅពេលណា? (ខ) តើការយល់ដឹងនេះមានឥទ្ធិពលយ៉ាងណាមកលើទស្សនៈរបស់យើងចំពោះកិច្ចបម្រើផ្សាយ?
១៣ ដូច្នេះ តើយើងអាចសន្និដ្ឋានយ៉ាងណា? លោកយេស៊ូនឹងវិនិច្ឆ័យប្រជាជាតិទាំងឡាយថាជាចៀមឬជាពពែ ពេលលោកមកក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ បន្ទាប់មកនៅសង្គ្រាមហាម៉ាគេដូន ដែលជាទីបញ្ចប់នៃគ្រាទុក្ខវេទនាជាខ្លាំង ពួកអ្នកដែលមានលក្ខណៈដូចជាពពែនឹងត្រូវ«ស្លាប់»ជារៀងរហូត។ តើការយល់ដឹងនេះមានឥទ្ធិពលយ៉ាងណាមកលើទស្សនៈរបស់យើងចំពោះកិច្ចបម្រើផ្សាយ? នេះជួយយើងឲ្យយល់ថាកិច្ចការផ្សព្វផ្សាយរបស់យើងគឺសំខាន់យ៉ាងណា។ ទម្រាំដល់គ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម មនុស្សនៅតែមានឱកាសដើម្បីកែប្រែចិត្តគំនិតរបស់ពួកគេ ហើយចាប់ផ្ដើមដើរតាមផ្លូវចង្អៀត«ដែលទៅឯជីវិត»។ (ម៉ាថ. ៧:១៣, ១៤) ប្រាកដហើយ ឥឡូវនេះមនុស្សប្រហែលជាបង្ហាញចិត្តគំនិតដែលមានលក្ខណៈដូចជាចៀមឬដូចជាពពែ។ ទោះជាយ៉ាងនេះក៏ដោយ យើងគួរចាំថាការវិនិច្ឆ័យចុងក្រោយថាអ្នកណាជាចៀមនិងអ្នកណាជាពពែគឺនៅក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ ដូច្នេះ យើងមានមូលហេតុត្រឹមត្រូវដើម្បីបន្តផ្ដល់ឱកាសឲ្យមនុស្សច្រើនបំផុតអាចស្ដាប់និងធ្វើតាមដំណឹងអំពីរាជាណាចក្រព្រះ។
តើលោកយេស៊ូនឹងមកនៅពេលណា?
១៤, ១៥. តើបទគម្ពីរយោងបួនណាដែលជាប់ទាក់ទងនឹងការមករបស់គ្រិស្តនៅអនាគតក្នុងនាមជាចៅក្រម?
១៤ តើការពិចារណាថែមទៀតអំពីទំនាយរបស់លោកយេស៊ូបង្ហាញថា យើងត្រូវកែតម្រូវការយល់ដឹងរបស់យើងអំពីពេលវេលាដែលព្រឹត្ដិការណ៍សំខាន់ៗឯទៀតកើតឡើងឬទេ? ទំនាយនេះផ្ដល់ចម្លើយចំពោះសំណួរនេះ។ សូមយើងពិចារណាខទាំងនោះ។
១៥ នៅក្នុងទំនាយរបស់លោកយេស៊ូដែលបានកត់ទុកនៅម៉ាថាយ ២៤:២៩–២៥:៤៦ លោកយេស៊ូច្រើនតែផ្ដោតអារម្មណ៍ទៅលើអ្វីដែលនឹងកើតឡើងក្នុងអំឡុងគ្រាចុងក្រោយបង្អស់ និងក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងដែលជិតមកដល់។ នៅក្នុងទំនាយនោះ លោកយេស៊ូសំដៅលើការ«មក»របស់លោក៨ដង។e ស្តីអំពីគ្រាទុក្ខវេទនាជាខ្លាំង លោកមានប្រសាសន៍ថា៖ «ពួកគេនឹងឃើញកូនមនុស្សមកលើពពក»។ «អ្នករាល់គ្នាមិនដឹងថាម្ចាស់របស់អ្នកនឹងមកវិញនៅថ្ងៃណាឡើយ»។ «កូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។ ម្យ៉ាងទៀត នៅក្នុងឧទាហរណ៍របស់លោកស្តីអំពីចៀមនិងពពែ លោកយេស៊ូមានប្រសាសន៍ថា៖ «កូនមនុស្សមកប្រកបដោយសិរីរុងរឿង»។ (ម៉ាថ. ២៤:៣០, ៤២, ៤៤; ២៥:៣១) ខគម្ពីរយោងនីមួយៗក្នុងចំណោមខគម្ពីរទាំងបួននេះគឺជាប់ទាក់ទងនឹងការមករបស់លោកយេស៊ូនៅអនាគតក្នុងនាមជាចៅក្រម។ ក្នុងទំនាយរបស់លោក តើយើងអាចរកឃើញខគម្ពីរយោងបួនទៀតនៅឯណា?
១៦. តើខគម្ពីរណាទៀតដែលបានរៀបរាប់អំពីការមករបស់លោកយេស៊ូ?
១៦ ស្តីអំពីខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំបម្រើនោះមានសុភមង្គលហើយ! ប្រសិនបើម្ចាស់មកដល់ហើយឃើញថាគាត់កំពុងធ្វើដូច្នោះមែន»។ ក្នុងឧទាហរណ៍អំពីស្ត្រីក្រមុំបរិសុទ្ធ លោកយេស៊ូមានប្រសាសន៍ថា៖ «ពេលដែលស្ត្រីទាំងនោះចេញទៅទិញប្រេង នោះកូនកំលោះបានមកដល់»។ ក្នុងឧទាហរណ៍អំពីប្រាក់ថាលិន លោកយេស៊ូរៀបរាប់ថា៖ «លុះយូរក្រោយមក ម្ចាស់របស់ខ្ញុំបម្រើទាំងនោះបានមកដល់»។ ក្នុងឧទាហរណ៍ដដែលនោះ ម្ចាស់នោះនិយាយថា៖ «ពេលខ្ញុំត្រឡប់មកវិញខ្ញុំអាចទទួលប្រាក់របស់ខ្ញុំ»។ (ម៉ាថ. ២៤:៤៦; ២៥:១០, ១៩, ២៧) តើបទគម្ពីរយោងទាំងបួននេះស្តីអំពីការមករបស់លោកយេស៊ូសំដៅលើគ្រាមួយណា?
១៧. តើយើងធ្លាប់ប្រាប់យ៉ាងណាស្តីអំពីការមករបស់លោកយេស៊ូដែលបានរៀបរាប់នៅម៉ាថាយ ២៤:៤៦?
១៧ កាលពីមុន យើងបានសរសេរក្នុងសៀវភៅរបស់យើងថា ខគម្ពីរយោងទាំងបួនចុងក្រោយនេះជាប់ទាក់ទងនឹងការមករបស់លោកយេស៊ូនៅឆ្នាំ១៩១៨។ ជាឧទាហរណ៍ សូមពិចារណាការបញ្ជាក់របស់លោកយេស៊ូអំពី«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (សូមអាន ម៉ាថាយ ២៤:៤៥-៤៧) យើងបានយល់ថា ការ«មកដល់»ដែលបានរៀបរាប់នៅខ៤៦ គឺជាប់ទាក់ទងនឹងពេលវេលាដែលលោកយេស៊ូបានមកនៅឆ្នាំ១៩១៨ ដើម្បីត្រួតពិនិត្យស្ថានភាពនៃការគោរពប្រណិប័តន៍របស់ពួកអ្នកដែលបានត្រូវរើសតាំង ហើយបានយល់ថា ការតែងតាំងខ្ញុំបម្រើឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោកម្ចាស់បានកើតឡើងនៅឆ្នាំ១៩១៩។ (ម៉ាឡ. ៣:១) ប៉ុន្តែការពិចារណាថែមទៀតអំពីទំនាយរបស់លោកយេស៊ូបង្ហាញថា យើងត្រូវកែតម្រូវការយល់ដឹងរបស់យើងអំពីពេលវេលាដែលផ្នែកខ្លះនៃទំនាយរបស់លោកយេស៊ូនឹងត្រូវសម្រេច។ ហេតុអ្វីដូច្នេះ?
១៨. ពេលពិចារណាទំនាយរបស់លោកយេស៊ូទាំងមូល តើនាំឲ្យយើងសន្និដ្ឋានយ៉ាងណាអំពីការមករបស់លោកយេស៊ូ?
១៨ ក្នុងខគម្ពីរទាំងប៉ុន្មានមុនម៉ាថាយ ២៤:៤៦ ពាក្យ«មក»តែងតែសំដៅលើពេលដែលលោកយេស៊ូមកដើម្បីប្រកាសអំពីការវិនិច្ឆ័យទោសនិងដើម្បីដាក់ទោសមនុស្សទុច្ចរិតក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ (ម៉ាថ. ២៤:៣០, ៤២, ៤៤) ម្យ៉ាងទៀត ដូចដែលយើងបានពិចារណានៅវគ្គ១២ ការ«មក»របស់លោកយេស៊ូដែលបានរៀបរាប់នៅម៉ាថាយ ២៥:៣១ សំដៅលើគ្រាតែមួយ គឺគ្រាវិនិច្ឆ័យនៅអនាគត។ ដូច្នេះជាការសមហេតុផលដែលយើងសន្និដ្ឋានថា ការ«មក»របស់លោកយេស៊ូដើម្បីតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក ដែលបានរៀបរាប់នៅម៉ាថាយ ២៤:៤៦, ៤៧ ក៏ជាប់ទាក់ទងនឹងការមករបស់លោកនៅពេលអនាគតដែរ គឺក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។f មែនហើយ ការពិចារណាទំនាយរបស់លោកយេស៊ូទាំងមូល បញ្ជាក់ច្បាស់ថាខគម្ពីរយោងទាំង៨ អំពីការមករបស់លោកយេស៊ូ គឺជាប់ទាក់ទងនឹងការវិនិច្ឆ័យនៅពេលអនាគតក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។
១៩. តើយើងបានពិចារណាការកែតម្រូវអ្វីក្នុងការយល់ដឹង ហើយតើសំណួរអ្វីខ្លះដែលនឹងត្រូវឆ្លើយនៅអត្ថបទបន្ទាប់?
១៩ ដើម្បីរំលឹកឡើងវិញ តើយើងបានរៀនអ្វី? នៅដើមអត្ថបទនេះ យើងបានលើកឡើងនូវសំណួរបីអំពីពាក្យ«ពេលណា»។ មុនដំបូងយើងបានពិចារណាថាគ្រាទុក្ខវេទនាជាខ្លាំងមិនបានកើតឡើងនៅឆ្នាំ១៩១៤ទេ ប៉ុន្តែនឹងចាប់ផ្ដើមនៅពេលដែលអង្គការសហប្រជាជាតិវាយប្រហារទៅលើបាប៊ីឡូនដ៏ខ្លាំងក្លា។ បន្ទាប់មក យើងបានពិនិត្យមើលឡើងវិញអំពីមូលហេតុដែលការវិនិច្ឆ័យរបស់លោកយេស៊ូទៅលើចៀមនិងពពែមិនបានចាប់ផ្ដើមនៅឆ្នាំ១៩១៤ទេ ប៉ុន្តែនឹងកើតឡើងនៅក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំង។ ចុងបញ្ចប់ យើងបានពិនិត្យមើលអំពីមូលហេតុដែលការមករបស់លោកយេស៊ូដើម្បីតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក មិនបានកើតឡើងនៅឆ្នាំ១៩១៩ទេ ប៉ុន្តែនឹងកើតឡើងនៅក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងវិញ។ ដូច្នេះពាក្យ«ពេលណា»ទាំងបី គឺជាប់ទាក់ទងនឹងគ្រាតែមួយនៅអនាគត ពោលគឺគ្រាទុក្ខវេទនាជាខ្លាំង។ តើការកែតម្រូវនេះមានឥទ្ធិពលថែមទៀតទៅលើការយល់ដឹងរបស់យើងអំពីឧទាហរណ៍ស្តីអំពីខ្ញុំបម្រើដ៏ស្មោះត្រង់យ៉ាងដូចម្ដេច? ម្យ៉ាងទៀត តើការកែតម្រូវនេះមានឥទ្ធិពលយ៉ាងណាទៅលើការយល់ដឹងរបស់យើងស្តីអំពីឧទាហរណ៍ផ្សេងទៀតរបស់លោកយេស៊ូដែលកំពុងសម្រេចនៅគ្រាចុងក្រោយបង្អស់នេះ? សំណួរសំខាន់ៗទាំងនេះនឹងត្រូវពិចារណានៅអត្ថបទបន្ទាប់។
a វគ្គ៤: ដើម្បីបានព័ត៌មានថែមទៀត សូមអានទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៤ ទំព័រ៨-២១ ជាភាសាអង់គ្លេស និងថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៩ ទំព័រ៦-១៧។
b វគ្គ៨: ព្រឹត្ដិការណ៍មួយក្នុងចំណោមព្រឹត្ដិការណ៍ឯទៀតដែលបានរៀបរាប់ក្នុងវគ្គទាំងនេះគឺការ«ប្រមូលអ្នករើសតាំង»។ (ម៉ាថ. ២៤:៣១) ហេតុនេះ តាមមើលទៅពួកអ្នកដែលព្រះបានរើសតាំងទាំងអស់ដែលនៅផែនដីនៅឡើយក្រោយផ្នែកដំបូងនៃគ្រាទុក្ខវេទនាជាខ្លាំងបានកន្លងទៅ នឹងត្រូវលើកឡើងទៅស្ថានសួគ៌នៅដំណាក់កាលណាមួយមុនពេលសង្គ្រាមហាម៉ាគេដូនផ្ទុះឡើង។ នេះផ្លាស់ប្ដូរអ្វីដែលបានចែងអំពីរឿងនេះក្នុង«សំណួរពីអ្នកអាន»នៅទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩០ ទំព័រ៣០ ជាភាសាអង់គ្លេស។
c វគ្គ១១: សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៦ ទំព័រ២២-២៨។
d វគ្គ១២: សូមមើលកំណត់ហេតុស្របគ្នានៅលូកា ២១:២៨។
e វគ្គ១៥: ពាក្យ«មក»និងពាក្យ«មកដល់»បកប្រែមកពីកិរិយាស័ព្ទក្រិចតែមួយគឺពាក្យអឺខូម៉ាអ៊ី។
f វគ្គ១៨: ដូចយើងបានរៀន ពាក្យក្រិចដែលបានបកប្រែថា«មកដល់»នៅម៉ាថាយ ២៤:៤៦ គឺមកពីកិរិយាស័ព្ទក្រិចតែមួយដែលបានត្រូវបកប្រែថា«មក»នៅម៉ាថាយ ២៤:៣០, ៤២, ៤៤។