ជំពូកទី១២៤
គ្រិស្តត្រូវគេក្បត់ហើយចាប់ខ្លួន
ម៉ាថាយ ២៦:៤៧-៥៦ ម៉ាកុស ១៤:៤៣-៥២ លូកា ២២:៤៧-៥៣ យ៉ូហាន ១៨:២-១២
យូដាសក្បត់លោកយេស៊ូនៅក្នុងសួន
ពេត្រុសកាប់ដាច់ស្លឹកត្រចៀករបស់បុរសម្នាក់
លោកយេស៊ូបានត្រូវចាប់ខ្លួន
ឥឡូវនេះគឺជាពេលរំលងអធ្រាត្រហើយ។ ពួកសង្ឃបានយល់ព្រមឲ្យប្រាក់ទៅយូដាសចំនួន៣០កាក់ធ្វើពីប្រាក់ ដើម្បីឲ្យគាត់ក្បត់លោកយេស៊ូ។ ដូច្នេះ យូដាសនាំមនុស្សមួយក្រុមយ៉ាងធំដែលរួមមានពួកសង្ឃនាយកនិងពួកផារិស៊ីទៅរកលោកយេស៊ូ។ ក្នុងចំណោមពួកគេក៏មានកងទាហានរ៉ូមដែលប្រដាប់ដោយអាវុធនិងមេបញ្ជាការផងដែរ។
នៅពេលដែលលោកយេស៊ូប្រាប់យូដាសឲ្យចាកចេញពីពិធីពិសាអាហារបុណ្យរំលង នោះគាត់ច្បាស់ជាទៅជួបពួកសង្ឃនាយកភ្លាម។ (យ៉ូហាន ១៣:២៧) នៅពេលនោះ ពួកគេក៏ប្រមូលពួកអាជ្ញាធររបស់ខ្លួន រួមទាំងទាហានមួយក្រុមផងដែរ។ នៅដើមដំបូង យូដាសប្រហែលជាបាននាំពួកគេទៅឯបន្ទប់ដែលលោកយេស៊ូនិងពួកសាវ័ករបស់លោកធ្វើបុណ្យរំលង។ ប៉ុន្តែឥឡូវនេះ មនុស្សមួយក្រុមនេះដែលមានកំហឹងបានឆ្លងជ្រលងគីដ្រុន ហើយធ្វើដំណើរឆ្ពោះទៅសួនហ្គេតសេម៉ានី។ ពួកគេមិនត្រឹមតែមានអាវុធប៉ុណ្ណោះទេ តែក៏មានកាន់ចង្កៀងនិងចន្លុះដែរ ក្នុងគោលបំណងស្វែងរកលោកយេស៊ូឲ្យទាល់តែឃើញ។
កាលដែលយូដាសនាំពួកគេឡើងលើភ្នំដើមអូលីវ គាត់ប្រាកដក្នុងចិត្តថាគាត់ស្គាល់កន្លែងដែលគាត់អាចរកលោកយេស៊ូឃើញ។ ហេតុអ្វី? ពីព្រោះក្នុងអំឡុងសប្ដាហ៍មុន កាលដែលលោកយេស៊ូនិងពួកសាវ័ករបស់លោកធ្វើដំណើរទៅវិញទៅមកពីភូមិបេថានីទៅក្រុងយេរូសាឡិម ពួកគាត់តែងតែបានឈប់សម្រាកនៅសួនហ្គេតសេម៉ានី។ ឥឡូវនេះគឺជាពេលយប់ ហើយស្រមោលដើមអូលីវដែលនៅក្នុងសួននោះប្រហែលជាបានបាំងលោកយេស៊ូផងដែរ។ ដូច្នេះ តើពួកទាហានដែលប្រហែលជាមិនធ្លាប់ឃើញលោកយេស៊ូពីមុនសោះ អាចសម្គាល់លោកតាមរបៀបណា? យូដាសប្រាប់សញ្ញាមួយដល់ពួកគេដើម្បីជួយពួកគេឲ្យសម្គាល់លោកយេស៊ូ។ គាត់និយាយថា៖ «អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ។ ត្រូវចាប់គាត់ហើយនាំទៅដោយប្រុងប្រយ័ត្ន»។—ម៉ាកុស ១៤:៤៤
ពេលដែលយូដាសនាំក្រុមមនុស្សចូលក្នុងសួន គាត់ឃើញលោកយេស៊ូនៅជាមួយនឹងពួកសាវ័ក ដូច្នេះគាត់បានដើរតម្រង់ទៅរកលោក។ យូដាសនិយាយថា៖ «ជម្រាបសួររ៉ាប៊ី!»។ បន្ទាប់មក គាត់ថើបលោកដោយថ្នម។ ពេលនោះ លោកយេស៊ូសួរគាត់ថា៖ «តើអ្នកមកទីនេះក្នុងបំណងអ្វី?»។ (ម៉ាថាយ ២៦:៤៩, ៥០) ក្រោយពីសួរយូដាសរួច លោកយេស៊ូក៏សួរសំណួរមួយទៀតថា៖ «យូដាស តើអ្នកក្បត់កូនមនុស្សដោយថើបលោកឬ?»។ (លូកា ២២:៤៨) ប៉ុន្តែ លោកមិនបានចាំឲ្យយូដាសឆ្លើយតបនឹងលោកឡើយ!
ឥឡូវនេះ លោកយេស៊ូចូលទៅជិតពន្លឺចង្កៀងនិងចន្លុះ ហើយសួរពួកគេថា៖ «តើអ្នករាល់គ្នាកំពុងរកអ្នកណា?»។ ក្រុមមនុស្សដែលមានកំហឹងនោះបានឆ្លើយថា៖ «យេស៊ូពីក្រុងណាសារ៉ែត»។ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ដោយក្លាហានថា៖ «ខ្ញុំនេះហើយជាអ្នកនោះ»។ (យ៉ូហាន ១៨:៤, ៥) ពួកមនុស្សទាំងនោះមិនដឹងថាលោកយេស៊ូនឹងធ្វើអ្វីទេ ហើយពួកគេក៏ដួលដល់ដី។
ជាជាងឆ្លៀតយកឱកាសនោះដើម្បីរត់គេចខ្លួន លោកយេស៊ូសួរពួកគេម្ដងទៀតថា តើពួកគេកំពុងរកអ្នកណា? នៅពេលដែលគេឆ្លើយថា៖ «យេស៊ូពីក្រុងណាសារ៉ែត» នោះលោកមានប្រសាសន៍ទៅពួកគេបន្តទៀតថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយថា ខ្ញុំនេះហើយជាអ្នកនោះ។ ដូច្នេះ ប្រសិនបើអ្នករាល់គ្នាកំពុងរកខ្ញុំ ចូរឲ្យអ្នកទាំងនេះទៅចុះ»។ ទោះបីជាស្ថិតក្នុងពេលដ៏សំខាន់នេះក្ដី លោកយេស៊ូនៅតែចាំអំពីអ្វីដែលលោកបានមានប្រសាសន៍ថ្មីៗនេះថា លោកនឹងមិនបាត់បង់អ្នកណាម្នាក់សោះ។ (យ៉ូហាន ៦:៣៩; ១៧:១២) លោកយេស៊ូបានការពារពួកសាវ័កស្មោះត្រង់របស់លោក ហេតុនេះគ្មានអ្នកណាម្នាក់ត្រូវបាត់បង់នោះឡើយ «លើកលែងតែអ្នកនោះដែលនឹងត្រូវបំផ្លាញ»ពោលគឺយូដាស។ (យ៉ូហាន ១៨:៧-៩) ដូច្នេះ ឥឡូវនេះលោកសុំពួកគេឲ្យពួកអ្នកកាន់តាមស្មោះត្រង់របស់លោកចេញទៅ។
ពេលដែលពួកទាហានចូលមកជិតលោកយេស៊ូ ពួកសាវ័កយល់អំពីអ្វីដែលកំពុងកើតឡើង។ ពួកគាត់សួរលោកថា៖ «លោកម្ចាស់ តើយើងគួរកាប់នឹងដាវឬ?»។ (លូកា ២២:៤៩) មុនពេលដែលលោកយេស៊ូឆ្លើយតបនឹងពួកគាត់ ពេត្រុសបានហូតដាវមួយក្នុងចំណោមដាវពីរដែលពួកគាត់មាន មកកាប់ដាច់ស្លឹកត្រចៀកខាងស្ដាំរបស់ម៉ាលឃូសដែលជាខ្ញុំបម្រើរបស់សម្ដេចសង្ឃ។
ឃើញដូចនោះ លោកយេស៊ូក៏ពាល់ត្រចៀករបស់ម៉ាលឃូស ហើយធ្វើឲ្យរបួសនោះជាសះស្បើយវិញ។ បន្ទាប់មក លោកបង្រៀនមេរៀនដ៏សំខាន់មួយដោយប្រាប់ពេត្រុសថា៖ «ចូរស៊កដាវរបស់អ្នកទៅក្នុងស្រោមវិញ ព្រោះអស់អ្នកដែលប្រើដាវក៏នឹងស្លាប់ដោយដាវដែរ»។ លោកយេស៊ូសុខចិត្តឲ្យគេចាប់លោក ពីព្រោះលោកពន្យល់ថា៖ «តើធ្វើដូចម្ដេចឲ្យសម្រេចនូវបទគម្ពីរថា ត្រូវកើតឡើងដូច្នេះ?»។ (ម៉ាថាយ ២៦:៥២, ៥៤) លោកមានប្រសាសន៍បន្ថែមថា៖ «តើខ្ញុំមិនគួរផឹកពីពែងដែលបិតានៅស្ថានសួគ៌បានឲ្យខ្ញុំទេឬ?»។ (យ៉ូហាន ១៨:១១) លោកយេស៊ូយល់ស្របចំពោះគោលបំណងរបស់ព្រះសម្រាប់លោក ទោះបីជាលោកត្រូវស្លាប់ក៏ដោយ។
លោកយេស៊ូសួរក្រុមមនុស្សថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវកាន់ដំបង ដូចជាមកចាប់ចោរប្លន់ដូច្នេះ? ខ្ញុំធ្លាប់អង្គុយបង្រៀននៅក្នុងវិហាររៀងរាល់ថ្ងៃ តែអ្នករាល់គ្នាមិនបានមកចាប់ខ្ញុំទេ។ ប៉ុន្តែការទាំងនេះបានកើតឡើង ដើម្បីសម្រេចនូវបទគម្ពីររបស់ពួកអ្នកប្រកាសទំនាយ»។—ម៉ាថាយ ២៦:៥៥, ៥៦
ពលទាហាន មេបញ្ជាការ ព្រមទាំងពួកអាជ្ញាធររបស់ជនជាតិយូដាបានចាប់ចងលោកយេស៊ូ។ ពេលឃើញដូច្នេះ ពួកសាវ័កបានរត់ចោលលោកទាំងអស់គ្នាទៅ។ ប៉ុន្តែមាន«យុវជនម្នាក់» ដែលប្រហែលជាម៉ាកុសដែលជាអ្នកកាន់តាមលោក បានបន្តនៅក្នុងចំណោមក្រុមមនុស្ស ហើយទៅតាមលោកយេស៊ូ។ (ម៉ាកុស ១៤:៥១) យុវជនម្នាក់នេះបានត្រូវក្រុមមនុស្សស្គាល់ថាជាអ្នកកាន់តាមលោកយេស៊ូ ដូច្នេះពួកគេក៏ខំចាប់គាត់ដែរ ហេតុនេះគាត់បានចោលសំពត់សាច់ល្អរបស់គាត់ ហើយគេចចេញទៅ។