តើអ្នក«យល់អត្ថន័យ»ឬទេ?
«លោកបានបំភ្លឺគំនិតរបស់ពួកគាត់យ៉ាងពេញលេញ ដើម្បីយល់អត្ថន័យនៃបទគម្ពីរ»។—លូកា ២៤:៤៥
១, ២. នៅថ្ងៃដែលលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ តើលោកបានពង្រឹងពួកអ្នកកាន់តាមលោកយ៉ាងដូចម្ដេច?
ពួកអ្នកកាន់តាមលោកយេស៊ូពីរនាក់កំពុងដើរទៅភូមិមួយដែលមានចម្ងាយប្រហែលជា១១គីឡូម៉ែត្រ(៧ម៉ៃល៍)ពីក្រុងយេរូសាឡិម។ ពួកគាត់កើតទុក្ខដោយសារលោកយេស៊ូបានស្លាប់ ហើយពួកគាត់មិនទាន់បានដឹងថាលោកបានត្រូវប្រោសឲ្យរស់ឡើងវិញទេ។ រំពេចនោះ លោកយេស៊ូបានលេចមក ហើយបានដើរជាមួយនឹងពួកគាត់។ រួចលោក«ក៏តាំងបកស្រាយប្រាប់ពួកគាត់នូវអ្វីៗស្តីអំពីលោកក្នុងបទគម្ពីរទាំងឡាយ ចាប់តាំងពីម៉ូសេនិងពួកអ្នកប្រកាសទំនាយគ្រប់រូប»។ (លូកា ២៤:១៣-១៥, ២៧) ពួកគាត់មានអារម្មណ៍ធូរស្រាលក្នុងចិត្ត ហើយរំភើបចិត្តជាខ្លាំង ពីព្រោះលោកបាន«ពន្យល់បទគម្ពីរយ៉ាងអស់សេចក្ដី»ឲ្យពួកគាត់យល់។—លូកា ២៤:៣២
២ នៅល្ងាចដដែលនោះ ពួកអ្នកកាន់តាមពីរនាក់នេះបានត្រឡប់ទៅក្រុងយេរូសាឡិម។ ពេលពួកគាត់ឃើញពួកសាវ័ក ពួកគាត់បានប្រាប់ពួកសាវ័កអំពីអ្វីដែលបានកើតឡើង។ កាលដែលពួកគាត់កំពុងនិយាយ លោកយេស៊ូបានលេចមកជួបពួកគាត់ទាំងអស់គ្នា។ ពួកសាវ័កភ័យខ្លាចជាខ្លាំង ហើយចាប់ផ្ដើមសង្ស័យថាតើនេះពិតជាលោកយេស៊ូមែន ឬមិនមែន។ គម្ពីរពន្យល់អំពីរបៀបដែលលោកបានពង្រឹងពួកគាត់ ដោយចែងថា៖ «លោកបានបំភ្លឺគំនិតរបស់ពួកគាត់យ៉ាងពេញលេញ ដើម្បីយល់អត្ថន័យនៃបទគម្ពីរ»។—លូកា ២៤:៤៥
៣. ហេតុអ្វីយើងប្រហែលជាធ្លាក់ទឹកចិត្តក្នុងកិច្ចបម្រើព្រះយេហូវ៉ា ប៉ុន្តែតើតាមរបៀបណាយើងអាចរក្សាអំណររបស់យើង?
៣ ជួនកាលយើងប្រហែលជាក្រៀមក្រំចិត្តជាខ្លាំងដូចពួកអ្នកកាន់តាមទាំងនោះដែរ។ ទោះជាយើងជាប់រវល់ក្នុងការបម្រើព្រះយេហូវ៉ាក៏ដោយ យើងប្រហែលជាធ្លាក់ទឹកចិត្ត បើកិច្ចផ្សព្វផ្សាយរបស់យើងមិនសូវមានលទ្ធផលល្អ។ (កូរិនថូសទី១ ១៥:៥៨) ឬយើងប្រហែលជាមានអារម្មណ៍ថាសិស្សគម្ពីររបស់យើងមិនសូវជឿនទៅមុខ។ ពួកគេខ្លះថែមទាំងបដិសេធព្រះយេហូវ៉ាទៀតផង។ តើតាមរបៀបណាយើងអាចរក្សាអំណររបស់យើងក្នុងកិច្ចបម្រើផ្សាយ? អ្វីមួយដែលនឹងជួយយើង គឺយល់ឲ្យបានពេញលេញនូវអត្ថន័យនៃឧទាហរណ៍របស់លោកយេស៊ូ។ ឥឡូវនេះ យើងនឹងពិនិត្យមើលឧទាហរណ៍បីក្នុងចំណោមឧទាហរណ៍ទាំងនោះ ហើយពិចារណាអំពីមេរៀនដែលយើងអាចទាញយកពីឧទាហរណ៍ទាំងនោះ។
អ្នកសាបព្រោះដែលដេក
៤. តើឧទាហរណ៍របស់លោកយេស៊ូអំពីអ្នកសាបព្រោះដែលដេកមានអត្ថន័យយ៉ាងណា?
៤ សូមអាន ម៉ាកុស ៤:២៦-២៩។ តើឧទាហរណ៍របស់លោកយេស៊ូអំពីអ្នកសាបព្រោះដែលដេកមានអត្ថន័យយ៉ាងណា? អ្នកសាបព្រោះជាតំណាងពួកអ្នកផ្សព្វផ្សាយរាជាណាចក្រ ហើយគ្រាប់ពូជជាតំណាងដំណឹងដែលពួកគេផ្សព្វផ្សាយដល់មនុស្សដែលមានចិត្តគំនិតល្អ។ អ្នកសាបព្រោះធ្វើអ្វីធម្មតាដែលមនុស្សឯទៀតគ្រប់រូបធ្វើ គឺ«ពេលយប់គាត់ដេក ហើយពេលថ្ងៃគាត់ក្រោកឡើង»។ ការដុះឡើងនៃគ្រាប់ពូជត្រូវការមួយរយៈពេល ចាប់តាំងពីថ្ងៃដែលគ្រាប់ពូជនោះបានត្រូវដាំរហូតដល់រដូវចម្រូត។ ក្នុងអំឡុងពេលនេះ ‹គ្រាប់ពូជចេញពន្លក ហើយធំឡើង›។ ការដុះឡើងនេះកើតឡើង«ដោយឯកឯង» បន្ដិចម្ដងៗ និងមួយដំណាក់កាលម្ដងៗ។ ស្រដៀងគ្នាដែរ បុគ្គលម្នាក់ជឿនទៅមុខក្នុងសេចក្ដីពិត ឬចូលទៅជិតព្រះយេហូវ៉ាបន្ដិចម្ដងៗ និងមួយដំណាក់កាលម្ដងៗ។ ពេលគាត់ជឿនទៅមុខរហូតដល់គាត់សម្រេចចិត្តបម្រើព្រះ គាត់«បង្កើតផល»ដោយប្រគល់ជីវិតរបស់គាត់ជូនព្រះយេហូវ៉ា និងដោយទទួលការជ្រមុជទឹក។
ព្រះយេហូវ៉ាធ្វើឲ្យសេចក្ដីពិតដុះឡើងនៅក្នុងចិត្តរបស់មនុស្សដែល«មានចិត្តគំនិតត្រឹមត្រូវ»
៥. ហេតុអ្វីលោកយេស៊ូបានប្រើឧទាហរណ៍អំពីអ្នកសាបព្រោះដែលដេក?
៥ ហេតុអ្វីលោកយេស៊ូបានប្រើឧទាហរណ៍នេះ? លោកយេស៊ូចង់ឲ្យយើងទទួលស្គាល់ថាព្រះយេហូវ៉ាគឺជាអ្នកធ្វើឲ្យសេចក្ដីពិតដុះឡើងនៅក្នុងចិត្តរបស់មនុស្សដែល«មានចិត្តគំនិតត្រឹមត្រូវ»។ (សកម្មភាព ១៣:៤៨; កូរិនថូសទី១ ៣:៧) យើងដាំ ហើយស្រោចទឹក ប៉ុន្តែយើងមិនអាចបង្ខំ ឬធ្វើឲ្យដុះឡើងលឿនជាងបានទេ។ ដូចបុរសនៅក្នុងឧទាហរណ៍នេះ យើងមិនដឹងថាគ្រាប់ពូជដុះឡើងតាមរបៀបណាឡើយ។ កាលដែលយើងធ្វើកិច្ចការប្រចាំថ្ងៃរបស់យើង យើងប្រហែលជាមិនទាំងកត់សម្គាល់ការដុះឡើងរបស់គ្រាប់ពូជនៃរាជាណាចក្រនៅក្នុងបុគ្គលណាម្នាក់ផង។ ប៉ុន្តែ មួយរយៈពេលក្រោយមកគ្រាប់ពូជនោះប្រហែលជាបង្កើតផល ហើយក្រោយមកអ្នកកាន់តាមថ្មីនោះធ្វើការជាមួយនឹងយើងក្នុងកិច្ចការច្រូតកាត់។—យ៉ូហាន ៤:៣៦-៣៨
៦. ស្តីអំពីជំនឿនរបស់សិស្សគម្ពីរ តើយើងត្រូវទទួលស្គាល់អ្វី?
៦ តើយើងអាចទាញមេរៀនអ្វីពីឧទាហរណ៍នេះ? ទី១ យើងត្រូវទទួលស្គាល់ថាយើងមិនអាចគ្រប់គ្រងលើជំនឿនរបស់សិស្សគម្ពីរក្នុងសេចក្ដីពិតបានឡើយ។ ទោះជាយើងខំអស់ពីសមត្ថភាពដើម្បីជួយនិងគាំទ្រសិស្សគម្ពីរក៏ដោយ យើងមិនគួរបង្ខំគាត់ឲ្យទទួលការជ្រមុជទឹកទេ។ ផ្ទុយទៅវិញ ដោយចិត្តរាបទាប យើងទទួលស្គាល់ថាមានតែខ្លួនគាត់ប៉ុណ្ណោះអាចសម្រេចចិត្តថាគាត់នឹងប្រគល់ជីវិតគាត់ជូនព្រះ ឬយ៉ាងណា។ ព្រះយេហូវ៉ាព្រមទទួលការប្រគល់ខ្លួនរបស់យើង លុះត្រាតែយើងពិតជាស្រឡាញ់លោក។—ទំនុកតម្កើង ៥១:១២; ៥៤:៦; ១១០:៣
៧, ៨. (ក) តើយើងអាចទាញមេរៀនអ្វីទៀតពីឧទាហរណ៍របស់លោកយេស៊ូស្តីអំពីអ្នកសាបព្រោះដែលដេក? សូមលើកឧទាហរណ៍មួយ។ (ខ) តើនេះបង្រៀនយើងយ៉ាងណាអំពីព្រះយេហូវ៉ានិងលោកយេស៊ូ?
៧ ទី២ ការយល់ដឹងមេរៀនក្នុងឧទាហរណ៍នេះនឹងជួយយើងមិនឲ្យធ្លាក់ទឹកចិត្ត បើនៅដើមដំបូងយើងមិនបានឃើញលទ្ធផលនៃកិច្ចការបង្រៀនរបស់យើងទេ។ យើងត្រូវមានចិត្តអត់ធ្មត់។ (យ៉ាកុប ៥:៧, ៨) បើយើងបានខំអស់ពីសមត្ថភាពដើម្បីជួយសិស្សគម្ពីរ ប៉ុន្តែសេចក្ដីពិតមិនដុះឡើងនៅក្នុងចិត្តរបស់គាត់ នេះមិនមានន័យថាយើងមិនមែនជាអ្នកបង្រៀនដ៏ល្អនោះឡើយ។ ព្រះយេហូវ៉ាឲ្យគ្រាប់ពូជនៃសេចក្ដីពិតដុះឡើងតែនៅក្នុងចិត្តរបស់បុគ្គលដែលមានចិត្តរាបទាបដែលសុខចិត្តកែខ្លួនប៉ុណ្ណោះ។ (ម៉ាថាយ ១៣:២៣) ហេតុនេះ យើងមិនគួរគិតថាកិច្ចបម្រើផ្សាយរបស់យើងមានប្រសិទ្ធភាព ឬមិនមាន ដោយសារមានមនុស្សប៉ុន្មាននាក់ដែលបានទទួលការជ្រមុជទឹកឡើយ។ យ៉ាងណាមិញ ព្រះយេហូវ៉ាមិនវាយតម្លៃកិច្ចបម្រើផ្សាយរបស់យើងថាមានជោគជ័យ ដោយសារមនុស្សស្ដាប់និងធ្វើតាមអ្វីដែលយើងបង្រៀននោះទេ។ ផ្ទុយទៅវិញ លោកឲ្យតម្លៃទៅលើការខំព្យាយាមរបស់យើង។—សូមអាន លូកា ១០:១៧-២០; កូរិនថូសទី១ ៣:៨
ព្រះយេហូវ៉ាមិនវាយតម្លៃកិច្ចបម្រើផ្សាយរបស់យើងថាមានជោគជ័យ ដោយសារមនុស្សស្ដាប់និងធ្វើតាមអ្វីដែលយើងបង្រៀននោះទេ
៨ ទី៣ យើងមិនតែងតែឃើញការផ្លាស់ប្ដូរដែលកំពុងកើតឡើងនៅក្នុងចិត្តរបស់បុគ្គលម្នាក់ទេ។ ជាឧទាហរណ៍ ប្ដីប្រពន្ធមួយគូដែលសិក្សាគម្ពីរជាមួយនឹងសាសនទូតម្នាក់បានប្រាប់គាត់ថា ពួកគេចង់ធ្វើជាអ្នកផ្សព្វផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក។ សាសនទូតនោះបានរំលឹកពួកគេថាមុនដំបូងពួកគេត្រូវឈប់ជក់បារីសិន។ គាត់បានភ្ញាក់ផ្អើលពេលពួកគេបានប្រាប់គាត់ថាពួកគេបានឈប់ជក់ប៉ុន្មានខែមុន។ ពួកគេបានទទួលស្គាល់ថា បើពួកគេជក់ដោយលួចលាក់ ព្រះយេហូវ៉ានៅតែអាចឃើញពួកគេ ហើយលោកស្អប់ពុតត្បុត។ ហេតុនេះ ពួកគេបានសម្រេចចិត្តថា បើពួកគេជក់ ពួកគេនឹងជក់នៅមុខសាសនទូត ឬឈប់ជក់តែម្ដង។ ទោះជាសាសនទូតនោះមិនដឹងសោះថាប្ដីប្រពន្ធមួយគូនេះបានធ្វើការកែប្រែយ៉ាងធំនេះក៏ដោយ សេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើងដែលពួកគេមានចំពោះព្រះយេហូវ៉ាបានជួយពួកគេឲ្យធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។
អួន
៩. តើឧទាហរណ៍អំពីអួនមានអត្ថន័យយ៉ាងណា?
៩ សូមអាន ម៉ាថាយ ១៣:៤៧-៥០។ តើឧទាហរណ៍របស់លោកយេស៊ូអំពីអួនមានអត្ថន័យយ៉ាងណា? លោកយេស៊ូបានមានប្រសាសន៍ថាកិច្ចផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រគឺដូចជាការទម្លាក់អួនធំមួយទៅក្នុងសមុទ្រ។ ដូចអួនដែលចាប់«ត្រីគ្រប់យ៉ាង»ជាច្រើន កិច្ចផ្សព្វផ្សាយរបស់យើងទាក់ទាញមនុស្សគ្រប់ប្រភេទរាប់លាននាក់។ (អេសាយ ៦០:៥) នេះបានត្រូវឃើញជាក់ស្តែង ពេលដែលមនុស្សរាប់លាននាក់មកពិធីរំលឹកនិងមហាសន្និបាតរបស់យើងជារៀងរាល់ឆ្នាំ។ បុគ្គលខ្លះក្នុងចំណោមមនុស្សទាំងនេះគឺដូចជា«ត្រីល្អ» ហើយពួកគេក្លាយទៅជាសមាជិកនៃក្រុមជំនុំគ្រិស្តសាសនិកពិត។ អ្នកខ្លះទៀតគឺដូចជា«ត្រីដែលមិនអាចបរិភោគបាន»ឬត្រីមិនល្អ ហើយព្រះយេហូវ៉ាមិនព្រមទទួលពួកគេទេ។
១០. ហេតុអ្វីលោកយេស៊ូបានប្រើឧទាហរណ៍អំពីអួន?
១០ ហេតុអ្វីលោកយេស៊ូបានប្រើឧទាហរណ៍នេះ? ក្នុងឧទាហរណ៍នេះ ការញែកត្រីមិនសំដៅលើការវិនិច្ឆ័យចុងក្រោយក្នុងអំឡុងគ្រាទុក្ខវេទនាជាខ្លាំងទេ។ ផ្ទុយទៅវិញ ឧទាហរណ៍នេះពន្យល់អំពីអ្វីដែលកើតឡើងក្នុងអំឡុងគ្រាចុងក្រោយបង្អស់នៃរបៀបរបបពិភពលោកនេះ។ លោកយេស៊ូបានបញ្ជាក់ថា មិនមែនមនុស្សទាំងអស់ដែលចូលចិត្តដំណឹងអំពីរាជាណាចក្រនឹងចង់ទៅជាអ្នកបម្រើរបស់ព្រះយេហូវ៉ាទេ។ មនុស្សជាច្រើនដែលធ្លាប់មកកិច្ចប្រជុំរបស់យើង ឬបានរៀនគម្ពីរជាមួយនឹងយើង មិនសុខចិត្តប្រគល់ជីវិតខ្លួនជូនព្រះយេហូវ៉ាឡើយ។ (ពង្សាវតារក្សត្រទី១ ១៨:២១) អ្នកឯទៀតថែមទាំងឈប់មកកិច្ចប្រជុំទៀតផង។ ប្អូនៗវ័យក្មេងខ្លះបានត្រូវចិញ្ចឹមអប់រំដោយឪពុកម្ដាយជាគ្រិស្តសាសនិក ប៉ុន្តែពួកគេផ្ទាល់មិនបានបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាទេ។ លោកយេស៊ូបានបញ្ជាក់ថា យើងម្នាក់ៗត្រូវធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន។ បើយើងធ្វើការសម្រេចចិត្តត្រឹមត្រូវ ព្រះយេហូវ៉ានឹងចាត់ទុកយើងជា«ទីគាប់ចិត្ត» ឬជាអ្វីដែលមានតម្លៃចំពោះលោក។—ហាកាយ ២:៧
១១, ១២. (ក) តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីឧទាហរណ៍អំពីអួន? (ខ) តើនេះបង្រៀនយើងយ៉ាងណាអំពីព្រះយេហូវ៉ានិងលោកយេស៊ូ?
១១ តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីឧទាហរណ៍អំពីអួន? ការយល់ដឹងមេរៀនក្នុងឧទាហរណ៍នេះនឹងជួយយើងមិនឲ្យកើតទុក្ខខ្លាំងពេក ឬខកចិត្ត បើសិស្សគម្ពីរម្នាក់ ឬកូនម្នាក់របស់យើងមិនចង់បម្រើព្រះយេហូវ៉ា។ យើងប្រហែលជាបានខំអស់ពីសមត្ថភាពដើម្បីបង្ហាត់បង្រៀនគាត់។ បុគ្គលម្នាក់មិនអាចទៅជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ាដោយស្វ័យប្រវត្ដិ ដោយសារតែគាត់ព្រមរៀនគម្ពីរ ឬបានត្រូវចិញ្ចឹមអប់រំក្នុងសេចក្ដីពិតទេ។ បើគាត់មិនសុខចិត្តទទួលស្គាល់សិទ្ធិអំណាចរបស់ព្រះយេហូវ៉ា គាត់មិនអាចទៅជាអ្នកបម្រើរបស់លោកបានឡើយ។
១២ តើនេះមានន័យថាពួកអ្នកដែលបានចាកចេញពីសេចក្ដីពិតនឹងមិនត្រូវអនុញ្ញាតឲ្យត្រឡប់មកក្រុមជំនុំវិញ ឬយ៉ាងណា? ឬបើបុគ្គលម្នាក់មិនទាន់បានប្រគល់ខ្លួនជូនព្រះយេហូវ៉ា តើនេះមានន័យថាយើងមិនអាចមានសេចក្ដីសង្ឃឹមចំពោះគាត់ឬ? មិនមែនទេ ពួកគេនៅតែមានឱកាសទៅជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ាមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។ ព្រះយេហូវ៉ាហៅពួកគេដោយមានប្រសាសន៍ថា៖ «ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ»។ (ម៉ាឡាគី ៣:៧) នេះជាអ្វីដែលបានត្រូវបញ្ជាក់ក្នុងឧទាហរណ៍របស់លោកយេស៊ូអំពីកូនបង្ហិនទ្រព្យ។—សូមអាន លូកា ១៥:១១-៣២
កូនបង្ហិនទ្រព្យ
១៣. តើឧទាហរណ៍អំពីកូនបង្ហិនទ្រព្យមានអត្ថន័យយ៉ាងណា?
១៣ តើឧទាហរណ៍របស់លោកយេស៊ូអំពីកូនបង្ហិនទ្រព្យមានអត្ថន័យយ៉ាងណា? ឪពុកដែលមានចិត្តមេត្ដាករុណាក្នុងឧទាហរណ៍នេះ ជាតំណាងព្រះយេហូវ៉ាដែលជាបិតារបស់យើងនៅស្ថានសួគ៌ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ កូនដែលខ្ជះខ្ជាយទ្រព្យសម្បត្ដិដ៏មានតម្លៃដែលជាកេរដំណែលរបស់គាត់ ជាតំណាងមនុស្សដែលចាកចេញពីក្រុមជំនុំគ្រិស្តសាសនិកពិត។ ពួកគេរួមចំណែកក្នុងពិភពលោករបស់សាថាន ដែលដូចជា«ស្រុកឆ្ងាយ»ដែលនៅឆ្ងាយពីព្រះយេហូវ៉ា។ (អេភេសូរ ៤:១៨; កូឡុស ១:២១) ក្រោយមក បុគ្គលខ្លះទទួលស្គាល់ថាពួកគេបានធ្វើខុសយ៉ាងធ្ងន់ធ្ងរ ហើយសម្រេចចិត្តត្រឡប់មកព្រះយេហូវ៉ាវិញ។ នេះតម្រូវឲ្យពួកគេខំប្រឹងប្រែង ប៉ុន្តែដោយសារពួកគេមានចិត្តរាបទាប ហើយពិតជាស្ដាយក្រោយចំពោះអ្វីដែលពួកគេបានធ្វើ ព្រះយេហូវ៉ាអភ័យទោសឲ្យពួកគេ ហើយទទួលស្វាគមន៍ពួកអ្នកទាំងនោះដោយចិត្តរំភើប។—អេសាយ ៤៤:២២; ពេត្រុសទី១ ២:២៥
ព្រះយេហូវ៉ាពិតជាចង់ឲ្យអ្នកដែលបានចាកចេញពីលោកត្រឡប់មកវិញ
១៤. ហេតុអ្វីលោកយេស៊ូបានប្រើឧទាហរណ៍អំពីកូនបង្ហិនទ្រព្យ?
១៤ ហេតុអ្វីលោកយេស៊ូបានប្រើឧទាហរណ៍នេះ? លោកយេស៊ូបានបង្ហាញថាព្រះយេហូវ៉ាពិតជាចង់ឲ្យអ្នកដែលបានចាកចេញពីលោកត្រឡប់មកវិញ។ ឪពុកក្នុងឧទាហរណ៍នេះ មិនដែលឈប់សង្ឃឹមថាកូនរបស់គាត់នឹងត្រឡប់មកវិញទេ។ កាលដែលកូនដែលត្រឡប់មកវិញ«នៅឆ្ងាយនៅឡើយ» នោះគាត់បានឃើញ ហើយបានរត់ទៅជួប។ ឪពុកនេះចង់ឲ្យកូនដឹងថាគាត់ចង់ឲ្យកូនត្រឡប់មកវិញ។ ឧទាហរណ៍នេះគួរជំរុញពួកអ្នកដែលបានចាកចេញពីសេចក្ដីពិតឲ្យត្រឡប់មកព្រះយេហូវ៉ាវិញភ្លាមៗ។ ទំនាក់ទំនងដែលពួកគេមានជាមួយនឹងលោកប្រហែលជាខ្សោយខ្លាំង ពួកគេប្រហែលជាខ្មាស ហើយអាចមើលទៅដូចជាពិបាកពេកដើម្បីត្រឡប់មកវិញ ប៉ុន្តែបើពួកគេខំព្យាយាម ពួកគេនឹងទទួលលទ្ធផលល្អ! នៅពេលដែលពួកគេមកវិញ ព្រះយេហូវ៉ា លោកយេស៊ូ ហើយបណ្ដាទេវតានឹងអរសប្បាយ។—លូកា ១៥:៧
១៥, ១៦. (ក) តើយើងទាញមេរៀនអ្វីខ្លះពីឧទាហរណ៍របស់លោកយេស៊ូស្តីអំពីកូនបង្ហិនទ្រព្យ? សូមលើកឧទាហរណ៍ខ្លះ។ (ខ) តើនេះបង្រៀនយើងយ៉ាងណាអំពីព្រះយេហូវ៉ានិងលោកយេស៊ូ?
១៥ តើយើងអាចទទួលប្រយោជន៍យ៉ាងណាពីឧទាហរណ៍អំពីកូនបង្ហិនទ្រព្យ? យើងត្រូវធ្វើតាមគំរូរបស់ព្រះយេហូវ៉ាស្តីអំពីសេចក្ដីស្រឡាញ់។ ពេលបុគ្គលម្នាក់ត្រឡប់មកក្រុមជំនុំវិញ យើងមិនគួរធ្វើជា«មនុស្សសុចរិតហួសល្បត់» ដោយមិនព្រមទទួលស្វាគមន៍គាត់ឡើយ។ នេះនឹងបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ (សាស្ដា ៧:១៦) មេរៀនមួយទៀតដែលយើងអាចទាញពីឧទាហរណ៍នេះគឺ យើងគួរចាត់ទុកបុគ្គលដែលបានចាកចេញពីក្រុមជំនុំថាជា«ចៀមបាត់បង់» ដែលប្រហែលជានឹងត្រឡប់មកវិញ។ (ទំនុកតម្កើង ១១៩:១៧៦) ម្យ៉ាងទៀត បើយើងជួបបុគ្គលដែលបានចាកចេញពីក្រុមជំនុំ តើយើងនឹងធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីជួយគាត់ឲ្យត្រឡប់មកវិញឬទេ? តើយើងនឹងប្រាប់ពួកអ្នកចាស់ទុំភ្លាមៗដើម្បីពួកគាត់អាចជួយឬទេ? យើងនឹងធ្វើដូច្នេះ បើយើងពិតជាយល់មេរៀនដែលនៅក្នុងឧទាហរណ៍របស់លោកយេស៊ូ ហើយអនុវត្តមេរៀននោះ។
«ការធ្វើជាសមាជិកនៃអង្គការព្រះយេហូវ៉ាគឺជាអ្វីដ៏អស្ចារ្យ!»
១៦ ពួកអ្នកដែលត្រឡប់មកវិញមានចិត្តដឹងគុណចំពោះសេចក្ដីមេត្ដាករុណារបស់ព្រះយេហូវ៉ា ព្រមទាំងសេចក្ដីស្រឡាញ់និងការគាំទ្ររបស់ក្រុមជំនុំ។ បងប្រុសម្នាក់ដែលបានត្រូវបណ្ដាច់មិត្តភាពអស់រយៈពេល២៥ឆ្នាំនិយាយថា៖ «អំណរដែលខ្ញុំមានគឺកាន់តែខ្លាំងឡើងតាំងពីខ្ញុំបានត្រូវទទួលស្គាល់ជាសមាជិកក្រុមជំនុំវិញ កាលដែលខ្ញុំបានទទួល‹ការល្ហើយចិត្ត›ពីព្រះយេហូវ៉ា។ (សកម្មភាព ៣:១៩) បងប្អូនទាំងអស់ពិតជាបានគាំទ្រខ្ញុំ ហើយបានបង្ហាញសេចក្ដីស្រឡាញ់ដល់ខ្ញុំ! ឥឡូវខ្ញុំមានបងប្អូនរួមជំនឿដែលប្រៀបដូចជាក្រុមគ្រួសារដ៏អស្ចារ្យ»។ ប្អូនស្រីវ័យក្មេងម្នាក់ដែលបានត្រឡប់មកក្រុមជំនុំវិញក្រោយពីប្រាំឆ្នាំនិយាយថា៖ «ខ្ញុំពិបាករៀបរាប់ប្រាប់អ្នកអំពីអារម្មណ៍ដែលខ្ញុំមាន ពេលខ្ញុំឃើញយ៉ាងច្បាស់នូវសេចក្ដីស្រឡាញ់ដែលបងប្អូនបង្ហាញដល់ខ្ញុំ ដូចលោកយេស៊ូបានមានប្រសាសន៍។ ការធ្វើជាសមាជិកនៃអង្គការព្រះយេហូវ៉ាគឺជាអ្វីដ៏អស្ចារ្យ!»។
១៧, ១៨. (ក) តើយើងបានទាញមេរៀនអ្វីខ្លះពីឧទាហរណ៍ទាំងបីនេះ? (ខ) តើយើងតាំងចិត្តធ្វើអ្វី?
១៧ តើយើងបានទាញមេរៀនអ្វីខ្លះពីឧទាហរណ៍ទាំងបីនេះ? ទី១ យើងត្រូវយល់ថាយើងមិនអាចគ្រប់គ្រងលើជំនឿនរបស់សិស្សគម្ពីរក្នុងសេចក្ដីពិតបានឡើយ។ យើងទុករឿងនេះឲ្យព្រះយេហូវ៉ា។ ទី២ គឺមិនសមហេតុសមផលទេ បើយើងរំពឹងថាអស់អ្នកដែលសេពគប់ជាមួយនឹងក្រុមជំនុំ ហើយរៀនគម្ពីរជាមួយនឹងយើងនឹងចង់បម្រើព្រះយេហូវ៉ា។ ទី៣ ទោះបីជាបុគ្គលខ្លះចាកចេញពីព្រះយេហូវ៉ាក៏ដោយ សូមឲ្យយើងនៅតែសង្ឃឹមជានិច្ចថាពួកគេនឹងត្រឡប់មកវិញ។ ពេលពួកគេត្រឡប់មកវិញ ចូរឲ្យយើងទទួលស្វាគមន៍ពួកគេតាមរបៀបដែលបង្ហាញឲ្យឃើញនូវសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាចំពោះពួកគេ។
១៨ សូមឲ្យយើងម្នាក់ៗបន្តស្វែងរកចំណេះ ការយល់ដឹង និងប្រាជ្ញា។ ពេលអ្នកអានឧទាហរណ៍របស់លោកយេស៊ូ សូមសួរខ្លួនអ្នកថា ‹តើឧទាហរណ៍នេះមានអត្ថន័យយ៉ាងណា? ហេតុអ្វីឧទាហរណ៍នេះបានត្រូវកត់ទុកក្នុងគម្ពីរ? តើខ្ញុំអាចអនុវត្តមេរៀនពីឧទាហរណ៍នេះយ៉ាងដូចម្ដេច? តើនេះបង្រៀនខ្ញុំយ៉ាងណាអំពីព្រះយេហូវ៉ានិងលោកយេស៊ូ?›។ ពេលយើងធ្វើដូច្នេះ យើងបង្ហាញថាយើងយល់អត្ថន័យនៃពាក្យរបស់លោកយេស៊ូ។