អ្នកមិនដឹងខាងណានឹងចម្រើនឡើងទេ!
«នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង»។—សាស្ដ. ១១:៦
១. ដោយឃើញដំណើរការនៃការលូតលាស់របស់ធញ្ញជាតិ ហេតុអ្វីនេះក៏អស្ចារ្យនិងនាំឲ្យយើងមានចិត្តរាបទាប?
អ្នកធ្វើស្រែត្រូវមានចិត្តអត់ធ្មត់។ (យ៉ា. ៥:៧) បន្ទាប់ពីសាបព្រោះពូជ គាត់ត្រូវតែចាំឲ្យគ្រាប់ពូជចេញពន្លកនិងដុះឡើង។ បន្ដិចម្ដងៗ ពេលមានជីនិងទឹកគ្រប់គ្រាន់ នោះពន្លកដុះចេញផុតពីដីមក។ ក្រោយមកគ្រាប់ពូជនោះដុះឡើងទៅជាធញ្ញជាតិដែលបង្កើតផលជាគ្រាប់ស្រូវ។ នៅទីបំផុត អ្នកធ្វើស្រែអាចប្រមូលផលដោយច្រូតកាត់បាន។ ការឃើញដំណើរការណ៍នៃការលូតលាស់របស់រុក្ខជាតិ ពិតជាអស្ចារ្យមែន! ណាមួយទៀត ដោយដឹងថានរណាជាប្រភពនៃការលូតលាស់នេះនាំឲ្យយើងមានចិត្តរាបទាបដែរ។ យើងអាចថែរក្សាហើយស្រោចទឹកគ្រាប់ពូជ។ ប៉ុន្តែមានតែព្រះទេ ដែលអាចបណ្ដាលឲ្យគ្រាប់ពូជនោះដុះឡើង។—សូមពិនិត្យបន្ថែម កូរិនថូសទី១ ៣:៦
២. ក្នុងរឿងប្រៀបប្រដូចនៅអត្ថបទមុន តើព្រះយេស៊ូបង្រៀនអ្វីអំពីដំណើរការណ៍នៃការក្លាយទៅជាសិស្សរបស់ទ្រង់?
២ ដូចបានរៀបរាប់នៅអត្ថបទមុន ព្រះយេស៊ូបានប្រដូចកិច្ចផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះទៅនឹងអ្នកធ្វើស្រែដែលសាបព្រោះពូជ។ ក្នុងរឿងប្រៀបប្រដូចអំពីដីដែលមានប្រភេទផ្សេងៗ នោះព្រះយេស៊ូបានបញ្ជាក់ថា ថ្វីបើអ្នកធ្វើស្រែសាបព្រោះគ្រាប់ពូជល្អៗក្ដី តែសន្ដានចិត្តរបស់បុគ្គលម្នាក់ៗនឹងបញ្ជាក់ថាគ្រាប់ពូជអាចដុះឡើងរួចបង្កើនផលផ្លែឬក៏អត់។ (ម៉ាក. ៤:៣-៩) ក្នុងរឿងប្រៀបប្រដូចអំពីអ្នកព្រោះពូជដែលដេក ព្រះយេស៊ូបញ្ជាក់ថាអ្នកព្រោះពូជមិនយល់យ៉ាងពេញលេញអំពីរបៀបដែលបុគ្គលម្នាក់ក្លាយទៅជាសិស្សថ្មីទេ។ នេះគឺដោយសារព្រះចេស្ដារបស់ព្រះដែលបណ្ដាលឲ្យបុគ្គលនោះក្លាយទៅជាសិស្ស មិនមែនការខំប្រឹងប្រែងរបស់មនុស្សឡើយ។ (ម៉ាក. ៤:២៦-២៩) ឥឡូវសូមឲ្យយើងពិចារណារឿងប្រៀបប្រដូចរបស់ព្រះយេស៊ូបីទៀត ពោលគឺអំពីគ្រាប់មូស្ដាត ដំបែនិងអួន។
រឿងប្រៀបប្រដូច អំពីគ្រាប់មូស្ដាត
៣, ៤. តើរឿងប្រៀបប្រដូចអំពីគ្រាប់មូស្ដាត បានបញ្ជាក់អ្វីស្តីអំពីសារនៃរាជាណាចក្ររបស់ព្រះ?
៣ រឿងប្រៀបប្រដូចអំពីគ្រាប់មូស្ដាត ក៏បានកត់ទុកនៅសៀវភៅម៉ាកុសជំពូកទី៤ដែរ ហើយបានបញ្ជាក់អំពីចំណុចពីរយ៉ាង។ ទី១ ការរីកចម្រើនដ៏អស្ចារ្យនៃមនុស្សដែលស្ដាប់សារអំពីរាជាណាចក្ររបស់ព្រះ ហើយទី២គឺ អ្នកដែលធ្វើតាមសារនោះនឹងទទួលការការពារ។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «តើយើងនឹងធៀបនគរព្រះជាអ្វី ឬត្រូវយកពាក្យប្រៀបអ្វីមកប្រដូចនឹងនគរនោះ គឺដូចជាគ្រាប់ពូជ១[ឬ«គ្រាប់មូស្ដាត»] ដែលកាលណាគេព្រោះ នៅដីជាពូជយ៉ាងល្អិតជាងគ្រាប់ទាំងអស់នៅផែនដី តែកាលណាគេព្រោះចុះទៅ នោះក៏ដុះឡើងត្រឡប់ជាធំ លើសជាងតិណជាតិទាំងអស់វិញ ទាំងបែកមែកជាធំផង ដល់ម្ល៉េះបានជាសត្វហើរនៅលើអាកាស មកទំនៅក្រោមម្លប់បាន»។—ម៉ាក. ៤:៣០-៣២; ព.ថ.
៤ នៅបទគម្ពីរខាងលើនេះ ការលូតលាស់នៃ«នគរ»ឬរាជាណាចក្ររបស់ព្រះ គឺសឲ្យឃើញដោយការផ្សព្វផ្សាយសារអំពីរាជាណាចក្ររបស់ព្រះ និងការរីកចម្រើននៃក្រុមជំនុំរបស់ពួកគ្រិស្តសាសនិកតាំងពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.មក។ គ្រាប់មូស្ដាតជាគ្រាប់ពូជយ៉ាងល្អិតមួយដែលអាចតំណាងអ្វីដែលតូចតាច។ (សូមពិនិត្យបន្ថែម លូកា ១៧:៦) ក៏ប៉ុន្តែ នៅទីបំផុតតិណជាតិឬដំណាំមូស្ដាតអាចដុះឡើងទៅជាមានកម្ពស់រវាងបីទៅប្រាំម៉ែត្រ ព្រមទាំងបែកមែកសាខារឹងមាំផង។ យ៉ាងនេះ ដំណាំមូស្ដាតក្លាយទៅដូចជាដើមឈើមួយដើម។—ម៉ាថ. ១៣:៣១, ៣២
៥. តើក្រុមជំនុំនៃពួកគ្រិស្តសាសនិកនាសតវត្សរ៍ទី១មានការរីកចម្រើនបែបណា?
៥ ការរីកចម្រើនឡើងរបស់ក្រុមជំនុំនៃពួកគ្រិស្តសាសនិកចាប់ផ្ដើមនៅឆ្នាំ៣៣ គ.ស. ពេលសកម្មពលបរិសុទ្ធរបស់ព្រះបានរើសតាំងសិស្សប្រហែល១២០នាក់។ ប៉ុន្តែ ក្នុងរយៈពេលខ្លី ក្រុមជំនុំដ៏តូចនេះបានកើនឡើងទៅជាក្រុមជំនុំដ៏ធំដែលមានអ្នកជឿដល់ទៅរាប់ពាន់នាក់។ (សូមអាន កិច្ចការ ២:៤១; ៤:៤; ៥:២៨; ៦:៧; ១២:២៤; ១៩:២០) នៅក្នុងរយៈពេល៣០ឆ្នាំតែប៉ុណ្ណោះ ចំនួនអ្នកផ្សាយបានកើនឡើងដល់ម្ល៉េះបានជាសាវ័កប៉ុលជម្រាបជូនក្រុមជំនុំនៅទីក្រុងកូល៉ុសថា ដំណឹងល្អ«បានផ្សាយទៅដល់គ្រប់ទាំងមនុស្ស ដែលកើតក្រោមមេឃផង»រួចទៅហើយ។ (កូល. ១:២៣) នេះពិតជាការរីកចម្រើនដ៏អស្ចារ្យមែន!
៦, ៧. (ក) តើមានការរីកចម្រើនអ្វីចាប់តាំងពីឆ្នាំ១៩១៤មក? (ខ) តើនឹងមានការរីកចម្រើនអ្វីទៀតនៅថ្ងៃមុខ?
៦ តាំងពីពេលរាជាណាចក្ររបស់ព្រះបានស្ថាបនាឡើងនៅឆ្នាំ១៩១៤មក នោះមានការរីកចម្រើននៃកិច្ចការផ្សព្វផ្សាយលើសពីអ្វីដែលយើងនឹកស្មានទៅទៀត ប្រៀបដូចជាដើមមូស្ដាតដែលបានបែកមែកសាខារឹងមាំឡើង។ រាស្ត្ររបស់ព្រះបានឃើញនូវការសម្រេចនៃទំនាយដែលលោកអេសាយបានកត់ទុកថា៖ «អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់ ហើយពួកមានគ្នាតិច នឹងត្រឡប់ទៅជាសាសន៍១យ៉ាងពូកែ»។ (អេសា. ៦០:២២) នៅដើមសតវត្សរ៍ទី២០ ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌មួយក្រុមតូចដែលចូលរួមក្នុងកិច្ចផ្សព្វផ្សាយ មិនបាននឹកស្មានសោះថា នៅឆ្នាំ២០០៨យើងនឹងមានបងប្អូនជិត៧លាននាក់ដែលកំពុងតែផ្សព្វផ្សាយនៅច្រើនជាង២៣០ប្រទេស។ នេះពិតជាការរីកចម្រើនដ៏ល្អក្រៃលែងមែន! ហើយការរីកចម្រើននេះគឺស្រដៀងនឹងការលូតលាស់នៃគ្រាប់មូស្ដាតក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ។
៧ ប៉ុន្តែ តើមានការរីកចម្រើនតែប៉ុណ្ណឹងឬ? មិនមែនទេ។ នៅទីបំផុត មនុស្សដែលរស់នៅផែនដីទាំងមូលនឹងក្លាយទៅជាអនុរាស្ត្រនៃរាជាណាចក្ររបស់ព្រះ។ អ្នកប្រឆាំងទាំងឡាយនឹងលែងមានទៀត។ ទាំងអស់នេះកើតឡើងបានដោយសារព្រះយេហូវ៉ាជាលោកម្ចាស់មហាក្សត្រធ្វើអន្តរាគមន៍ក្នុងអ្វីដែលកើតឡើងនៅផែនដី មិនមែនដោយសារការខំប្រឹងរបស់មនុស្សទេ។ (សូមអាន ដានីយ៉ែល ២:៣៤, ៣៥) នៅពេលនោះ យើងនឹងឃើញការសម្រេចចុងបំផុតនៃទំនាយមួយទៀតរបស់លោកអេសាយ៖ «ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ»។—អេសា. ១១:៩
៨. (ក) តើសត្វស្លាបក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូតំណាងនរណា? (ខ) សូម្បីតែពីឥឡូវនេះទៅ តើយើងត្រូវបានការពារពីអ្វីខ្លះ?
៨ ព្រះយេស៊ូបានមានប្រសាសន៍ថា សត្វហើរឬសត្វស្លាបនៅលើអាកាសមកទំនៅឬជ្រកអាស្រ័យក្រោមម្លប់នៃដើមមូស្ដាតដែលតំណាងរាជាណាចក្ររបស់ព្រះ។ សត្វស្លាបទាំងនេះមិនតំណាងសត្រូវនៃរាជាណាចក្ររបស់ព្រះដែលខំចឹកស៊ីគ្រាប់ពូជល្អៗឡើយ។ មិនដូចជាសត្វស្លាបដែលបានរៀបរាប់ក្នុងរឿងប្រៀបប្រដូចអំពីបុគ្គលដែលបាចគ្រាប់ពូជទៅលើដីដែលមានប្រភេទផ្សេងៗនោះទេ។ (ម៉ាក. ៤:៤) ផ្ទុយទៅវិញ ក្នុងរឿងប្រៀបប្រដូចនេះ សត្វស្លាបតំណាងមនុស្សដែលមានចិត្តស្មោះដែលស្វែងរកការការពារក្នុងក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ សូម្បីតែឥឡូវនេះ មនុស្សដែលមានចិត្តស្មោះទាំងនេះត្រូវបានការពារពីទម្លាប់ផ្សេងៗដែលបង្ការមិនឲ្យពួកគាត់មានទំនាក់ទំនងល្អជាមួយនឹងព្រះ ព្រមទាំងត្រូវបានការពារពីការប្រព្រឹត្តដ៏ស្មោកគ្រោករបស់ពិភពលោកដ៏អាក្រក់នេះដែរ។ (សូមពិនិត្យបន្ថែម អេសាយ ៣២:១, ២) ស្រដៀងគ្នាដែរ ព្រះយេហូវ៉ាបានប្រដូចរាជាណាចក្រនៃព្រះមេស្ស៊ីទៅនឹងដើមឈើហើយបានទាយថា៖ «គឺអញនឹងដាំនៅលើភ្នំយ៉ាងខ្ពស់នៃស្រុកអ៊ីស្រាអែល ដើមនោះនឹងបោះមែក ហើយកើតផល ព្រមទាំងត្រឡប់ទៅជាដើមតាត្រៅយ៉ាងល្អ ឯអស់ទាំងសត្វស្លាបគ្រប់មុខ នឹងជ្រកនៅក្រោម ហើយធ្វើសំបុកនៅក្រោមម្លប់នៃមែកវា»។—អេសេ. ១៧:២៣
អំពីដំបែ
៩, ១០. (ក) តើព្រះយេស៊ូបានដៅបញ្ជាក់ទៅលើចំណុចណានៅក្នុងរឿងប្រៀបប្រដូចអំពីដំបែ? (ខ) តើគម្ពីរប្រើដំបែជាច្រើនដងដើម្បីតំណាងអ្វី? ស្តីអំពីដំបែដែលព្រះយេស៊ូបានសំដៅទៅលើ តើយើងនឹងពិចារណាសំណួរណាមួយ?
៩ យើងមិនតែងតែឃើញជាក់ស្តែងនូវការលូតលាស់ឬការរីកចម្រើនឡើយ។ ព្រះយេស៊ូបានដៅបញ្ជាក់ទៅលើចំណុចនេះក្នុងរឿងប្រៀបប្រដូចបន្ទាប់។ ទ្រង់មានប្រសាសន៍ថា៖«នគរស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់បានយកមកលាយនឹងម្សៅ ៣រង្វាល់ ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់»។ (ម៉ាថ. ១៣:៣៣) តើដំបែតំណាងអ្វីទៅ? តើដំបែនេះទាក់ទងនឹងការរីកចម្រើននៃកិច្ចផ្សព្វផ្សាយសាររាជាណាចក្ររបស់ព្រះយ៉ាងដូចម្ដេច?
១០ ជាច្រើនដង គម្ពីរប្រើដំបែដើម្បីតំណាងអំពើបាបឬភាពខុសឆ្គង។ សាវ័កប៉ុលបានសំដៅទៅលើដំបែជាភាពខុសឆ្គង ពេលលោកនិយាយអំពីឥទ្ធិពលដ៏អាក្រក់ដែលមកពីមនុស្សម្នាក់ដែលបានធ្វើខុសក្នុងក្រុមជំនុំនៅទីក្រុងកូរិនថូស។ (១កូ. ៥:៦-៨) ដូច្នេះ ក្នុងរឿងប្រៀបប្រដូចនេះ តើព្រះយេស៊ូបានប្រើដំបែដើម្បីតំណាងការរីកចម្រើននូវអ្វីដែលមិនល្អឬ?
១១. តើសាសន៍អ៊ីស្រាអែលនៅសម័យបុរាណប្រើដំបែយ៉ាងដូចម្ដេច?
១១ មុននឹងឆ្លើយសំណួរនោះ យើងត្រូវចងចាំហេតុការណ៍ពិតបីយ៉ាងសិន។ ទី១ ទោះបីព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យប្រើដំបែក្នុងអំឡុងបុណ្យរំលងក៏ដោយ តែនៅពេលឯទៀត ទ្រង់ក៏ទទួលគ្រឿងបូជាដែលមានដំបែដែរ។ គេធ្លាប់ប្រើដំបែក្នុងនំប៉័ងសម្រាប់ការថ្វាយដង្វាយមេត្រីដើម្បីថ្លែងអំណរគុណចំពោះព្រះ ហើយអ្នកថ្វាយដង្វាយស្ម័គ្រចិត្តជូនដើម្បីអរគុណព្រះយេហូវ៉ាចំពោះពរដែលខ្លួនបានទទួលយ៉ាងបរិបូរ។ អាហារនេះនឹងនាំឲ្យអ្នកដែលបរិភោគមានអំណរ។—លេវី. ៧:១១-១៥
១២. តើយើងអាចរៀនអ្វីពីរបៀបដែលគម្ពីរប្រើពាក្យដែលជានិមិត្តរូប?
១២ ទី២ ទោះបើពាក្យដែលជានិមិត្តរូបបានប្រើនៅពេលមួយបង្កប់អត្ថន័យមិនល្អក៏ពិតមែន តែនៅពេលផ្សេងទៀតពាក្យដែលជានិមិត្តរូបដដែលនោះអាចប្រើដើម្បីតំណាងអ្វីដែលល្អវិញ។ ជាឧទាហរណ៍ នៅសៀវភៅពេត្រុសទី១ ៥:៨ សាតាំងបានប្រដូចទៅនឹងសត្វសិង្ហ ដែលចង់បញ្ជាក់ពីធាតុពិតរបស់វាដែលនាំឲ្យគ្រោះថ្នាក់។ ក៏ប៉ុន្តែ នៅសៀវភៅវិវរណៈ ៥:៥ ព្រះយេស៊ូត្រូវបានប្រដូចទៅនឹងសត្វសិង្ហ ពោលគឺ«សត្វសិង្ហដែលកើតពីពូជអំបូរយូដា»។ សត្វសិង្ហនៅសៀវភៅវិវរណៈតំណាងយុត្ដិធម៌ដែលប្រកបទៅដោយសេចក្ដីក្លាហាន។
១៣. តើរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីដំបែ បង្ហាញអ្វីស្តីអំពីបុគ្គលម្នាក់ដែលបណ្ដុះចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ា?
១៣ ទី៣ ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ទ្រង់មិនមានប្រសាសន៍ថា ដំបែបានបង្ខូចម្សៅទាំងអស់ដែលគេមិនអាចប្រើម្សៅនោះទៀតទេ។ ទ្រង់គ្រាន់តែលើកបញ្ជាក់ពីរបៀបធម្មតាដែលគេធ្វើនំប៉័ងប៉ុណ្ណោះ។ ស្ត្រីម្នាក់នោះបានបន្ថែមដំបែដោយចេតនា ហើយនាំឲ្យមានលទ្ធផលល្អ។ ដំបែបានយកលាយនឹងម្សៅ។ យ៉ាងនេះ ពេលដំបែបានលាយនឹងម្សៅទៅ ស្ត្រីនោះមិនអាចមើលឃើញដំបែដែលធ្វើឲ្យនំប៉័ងដោរឡើងទេ។ នេះរំលឹកយើងអំពីបុរសដែលព្រោះគ្រាប់ពូជហើយដេកពេលយប់។ ព្រះយេស៊ូមានប្រសាសន៍ថាបុរសនោះ«មិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ»។ (ម៉ាក. ៤:២៧) នេះពិតជាឧទាហរណ៍ដ៏ស្រួលយល់មែន! អំពីការរីកចម្រើនដែលមិនអាចមើលឃើញចំពោះបុគ្គលម្នាក់ដែលបណ្ដុះចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ា។ នៅដើមដំបូង យើងប្រហែលជាមិនអាចឃើញការរីកចម្រើនទេ តែជាយថាហេតុ យើងនឹងពិតជាឃើញលទ្ធផលបាន។
១៤. ដំបែជាមេដែលធ្វើឲ្យម្សៅទាំងអស់ដោរឡើង តើនេះបញ្ជាក់អ្វីស្តីអំពីការផ្សព្វផ្សាយ?
១៤ ការរីកចម្រើននេះមិនគ្រាន់តែមើលមិនឃើញប៉ុណ្ណោះទេ។ ប៉ុន្តែ ការរីកចម្រើននេះក៏កំពុងតែកើតឡើងនៅទូទាំងផែនដីដែរ។ នេះជាចំណុចមួយទៀតដែលរឿងប្រៀបប្រដូចអំពីដំបែបានបញ្ជាក់។ ដំបែជាមេដែលធ្វើឲ្យម្សៅទាំងអស់ ជា«ម្សៅ៣រង្វាល់»ដោរឡើង។ (លូ. ១៣:២១) ដូចដំបែ ការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះដែលបង្កឲ្យមានសិស្សកាន់តែច្រើនឡើង នោះបានរីកចម្រើនយ៉ាងច្រើនណាស់ ដែលឥឡូវនេះ យើងកំពុងតែផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ«រហូតដល់ចុងផែនដីបំផុតផង»។ (កិច្ច. ១:៨; ម៉ាថ. ២៤:១៤) ពិតជាកិត្ដិយសដ៏លើសលប់មែន! ដែលយើងអាចរួមចំណែកក្នុងការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះដែលបានរីកចម្រើនយ៉ាងអស្ចារ្យ។
អំពីអួន
១៥, ១៦. (ក) សូមរៀបរាប់យ៉ាងខ្លីអំពីរឿងប្រៀបប្រដូចស្តីអំពីអួន។ (ខ) តើអួនតំណាងអ្វី? តើរឿងប្រៀបប្រដូចនេះ សំដៅទៅលើអ្វី?
១៥ សំខាន់ជាងចំនួនអ្នកដែលអះអាងថាខ្លួនជាសិស្សរបស់ព្រះយេស៊ូគ្រិស្ត នោះគឺជាលក្ខណៈរបស់សិស្សទៅវិញ។ ព្រះយេស៊ូក៏បានសំដៅទៅលើលក្ខណៈរបស់សិស្សដែរ ពេលទ្រង់លើករឿងប្រៀបប្រដូចមួយទៀតអំពីអួន។ ទ្រង់មានប្រសាសន៍ថា៖«មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអួន ដែលគេទំលាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខ»។—ម៉ាថ. ១៣:៤៧
១៦ អួនដែលតំណាងការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ នោះជាប់បានត្រីគ្រប់មុខ។ ព្រះយេស៊ូមានប្រសាសន៍ទៀតថា៖«កាល[អួន]បានពេញហើយ នោះគេទាញឡើងមកលើគោក រួចអង្គុយជ្រើសរើសត្រីល្អៗ ដាក់ក្នុងកញ្ឆេទុក តែត្រីអាក្រក់ៗគេចាក់ចោលចេញ ដល់ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំហើយសង្កៀតធ្មេញ»។—ម៉ាថ. ១៣:៤៨-៥០
១៧. តើការញែកចេញពីគ្នាដែលបានរៀបរាប់ក្នុងរឿងប្រៀបប្រដូចអំពីអួនសំដៅទៅលើគ្រាមួយណា?
១៧ តើការញែកចេញពីគ្នានេះសំដៅទៅលើសេចក្ដីជំនុំជម្រះចុងបំផុត ដែលព្រះយេស៊ូមានប្រសាសន៍ថានឹងញែកពួកចៀមចេញពីពពែនៅពេលទ្រង់យាងមកក្នុងសិរីល្អរបស់ទ្រង់ទេឬ? (ម៉ាថ. ២៥:៣១-៣៣) អត់ទេ។ សេចក្ដីជំនុំជម្រះចុងបំផុតនោះនឹងកើតឡើងនៅពេលព្រះយេស៊ូយាងមកក្នុងអំឡុងគ្រាដែលមានសេចក្ដីវេទនាជាខ្លាំង។ ផ្ទុយទៅវិញ ការញែកចេញពីគ្នាក្នុងរឿងប្រៀបប្រដូចអំពីអួនកើតឡើងក្នុងអំឡុង«បំផុតកល្ប»ឬគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក។a យើងកំពុងតែរស់នៅគ្រានេះ ជាគ្រាដែលនាំទៅដល់គ្រាដែលមានសេចក្ដីវេទនាជាខ្លាំង។ ដូច្នេះ តើការញែកចេញពីគ្នាកំពុងតែកើតឡើងយ៉ាងដូចម្ដេច?
១៨, ១៩. (ក) តើការញែកចេញពីគ្នាកំពុងតែកើតឡើងឥឡូវនេះយ៉ាងដូចម្ដេច? (ខ) តើមនុស្សដែលមានចិត្តស្មោះត្រង់គួរតែធ្វើអ្វី? (សូមមើលសម្គាល់ហេតុដែរនៅទំព័រទី២៦)
១៨ មនុស្សរាប់លាននាក់ដែលតំណាងដោយត្រី ត្រូវបានទាក់ទាញចិត្តឲ្យចូលទៅក្រុមជំនុំរបស់ព្រះយេហូវ៉ានាសម័យនេះ។ មនុស្សខ្លះចូលរួមពិធីបុណ្យរំលឹក ខ្លះទៅកិច្ចប្រជុំរបស់យើង ហើយខ្លះទៀតព្រមសិក្សាគម្ពីរជាមួយយើង។ ប៉ុន្តែ តើមនុស្សទាំងអស់នេះក្លាយទៅជាគ្រិស្តសាសនិកពិតទេ? ប្រហែលជាគេត្រូវបាន«ទាញឡើងមកលើគោក»មែន តែព្រះយេស៊ូរៀបរាប់ថា មានតែ«ត្រីល្អៗ»ទេដែលគេប្រមូលដាក់ក្នុងកញ្ឆេឬផើង ដែលតំណាងក្រុមជំនុំនៃពួកគ្រិស្តសាសនិក។ នៅទីបំផុត គេបានបោះត្រីអាក្រក់ចោលនៅក្នុងគុកឬឡភ្លើងជានិមិត្តរូប ដែលតំណាងសេចក្ដីហិនវិនាសនាអនាគតកាល។
១៩ ដូចជាត្រីអាក្រក់ឬត្រីដែលមិនអាចបរិភោគបាន មនុស្សជាច្រើនដែលធ្លាប់សិក្សាគម្ពីរជាមួយរាស្ត្ររបស់ព្រះ បានឈប់រៀនតែម្ដង។ មនុស្សខ្លះដែលមានមាតាបិតាជាគ្រិស្តសាសនិកតាំងពីខ្លួនកើតមក មិនមានចិត្តចង់ធ្វើជាអ្នកកាន់តាមព្រះយេស៊ូទេ។ ពួកគេមិនសុខចិត្តធ្វើការសម្រេចចិត្តដើម្បីបម្រើព្រះយេហូវ៉ា ឬក៏បានសម្រេចចិត្តបម្រើទ្រង់មួយរយៈ តែក្រោយមកលែងបម្រើទ្រង់តទៅទៀត។b (អេសេ. ៣៣:៣២, ៣៣) គឺជាចាំបាច់ណាស់ ដែលអស់អ្នកដែលមានចិត្តស្មោះត្រង់ត្រូវចូលទៅក្នុងក្រុមជំនុំ មុនថ្ងៃជំនុំជម្រះចុងបំផុតមកដល់ ហើយស្ថិតនៅកន្លែងដែលមានសុវត្ថិភាពនោះ។
២០, ២១. (ក) តើយើងបានរៀនអ្វីពីការពិនិត្យមើលរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីការរីកចម្រើន? (ខ) តើអ្នកតាំងចិត្តធ្វើអ្វី?
២០ ដូច្នេះ ដោយពិនិត្យមើលឡើងវិញយ៉ាងសង្ខេបនៃរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីការរីកចម្រើន តើយើងបានរៀនអ្វីខ្លះ? ទី១ ដូចការលូតលាស់នៃគ្រាប់មូស្ដាត យើងក៏បានឃើញការរីកចម្រើនយ៉ាងធំក្រៃលែងចំពោះមនុស្សដែលស្ដាប់តាមសារនៃរាជាណាចក្ររបស់ព្រះ។ គ្មានអ្វីសោះដែលអាចរារាំងការពង្រីកនៃកិច្ចការរបស់ព្រះយេហូវ៉ាឡើយ! (អេសា. ៥៤:១៧) ម្យ៉ាងទៀត អស់អ្នកដែល«នៅក្រោមម្លប់[ដើមមូស្ដាត]» ក៏បានការពារពីសាតាំងនិងពិភពលោកដ៏អាក្រក់របស់វាដែរ។ ទី២ គឺជាព្រះទេដែលធ្វើឲ្យអ្វីៗលូតលាស់! ដូចដំបែដែលបានលាយនឹងម្សៅទាំងអស់ ការរីកចម្រើននេះមិនអាចឃើញជាក់ស្តែងឬក៏មិនអាចយល់រាល់តែដងទេ ប៉ុន្តែពិតជាមានការរីកចម្រើនមែន! ទី៣ មិនមែនមនុស្សទាំងអស់ដែលធ្វើតាមសាររាជាណាចក្ររបស់ព្រះក្លាយទៅជាមនុស្សដែលមានចិត្តរាបទាបចង់ទទួលការបង្ហាត់បង្រៀនឡើយ។ មនុស្សខ្លះគឺដូចជាត្រីអាក្រក់ឬត្រីមិនអាចបរិភោគបានក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ។
២១ ពិតជាលើកទឹកចិត្តយើងមែន! ដោយឃើញព្រះយេហូវ៉ាទាក់ទាញមនុស្សដែលមានចិត្តរាបទាបជាច្រើននាក់ដែលចង់ទទួលការបង្ហាត់បង្រៀន។ (យ៉ូន. ៦:៤៤) ដោយសារព្រះយេហូវ៉ាទាក់ទាញចិត្តមនុស្ស នេះនាំឲ្យមានការរីកចម្រើនដ៏អស្ចារ្យក្នុងប្រទេសជាច្រើន។ ព្រះយេហូវ៉ាគួរទទួលការសរសើរទាំងអស់ចំពោះការរីកចម្រើននេះ។ ដោយឃើញការរីកចម្រើននេះកំពុងតែកើតឡើង នេះគួរជំរុញចិត្តយើងឲ្យចង់ស្ដាប់បង្គាប់តាមការដាស់តឿនដែលបានកត់ទុករាប់រយឆ្នាំមុន ដែលថា៖ «នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ! . . . ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង ទោះបើខាងណេះឬខាងណោះក្ដី ឬបើទាំង២នឹងចំរើនបានល្អដូចគ្នាផង»។—សាស. ១១:៦
[កំណត់សម្គាល់]
a ទោះបីម៉ាថាយ ១៣:៣៩-៤៣បានបញ្ជាក់អំពីផ្នែកផ្សេងនៃការផ្សព្វផ្សាយរាជាណាចក្ររបស់ព្រះក្ដី តែគ្រាដែលសម្រេចទំនាយនេះគឺដូចនឹងគ្រាដែលសម្រេចរឿងប្រៀបប្រដូចអំពីអួនដែរ ពោលគឺក្នុងអំឡុង«បំផុតកល្ប»ឬគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក។ ការញែកចេញពីគ្នានៃត្រីដែលជានិមិត្តរូប ជាកិច្ចការដែលត្រូវធ្វើជាបន្ត។ ដូចជាកិច្ចការសាបព្រោះនិងច្រូតកាត់ ជាកិច្ចការដែលនឹងមានជាប់រហូតក្នុងគ្រានេះ (ចូរថ្វាយបង្គំព្រះពិតតែមួយ ទំព័រ១៧៨-១៨១ វគ្គ៨-១១ បោះពុម្ពដោយសាក្សីព្រះយេហូវ៉ា)។
b តើនេះបានសេចក្ដីថា មនុស្សទាំងអស់ដែលលែងសិក្សា ឬមកប្រជុំជាមួយនឹងរាស្ត្ររបស់ព្រះយេហូវ៉ា ត្រូវបានបោះចោលជាមនុស្សដែលមិនមានចិត្តរាបទាបចង់ទទួលការបង្ហាត់បង្រៀនដោយបណ្ដាទេវតាឬទេ? មិនមែនទេ! ប្រសិនបើបុគ្គលម្នាក់មានចិត្តចង់ត្រឡប់មកព្រះយេហូវ៉ាវិញយ៉ាងស្មោះ ទ្រង់នឹងទទួលស្វាគមន៍គាត់។—ម៉ាឡ. ៣:៧
តើអ្នកនឹងឆ្លើយយ៉ាងណា?
• ស្តីអំពីការរីកចម្រើនចំពោះមនុស្សដែលស្ដាប់តាមសារនៃរាជាណាច្រករបស់ព្រះ ហើយការការពារពីសាតាំងនិងពិភពលោកដ៏អាក្រក់របស់វា តើរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូអំពីគ្រាប់មូស្ដាតបង្រៀនយើងអ្វីខ្លះ?
• តើដំបែក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូតំណាងអ្វី? តើទ្រង់បានបញ្ជាក់ហេតុការណ៍ពិតណាអំពីការរីកចម្រើនចំពោះមនុស្សដែលស្ដាប់តាមសារនៃរាជាណាចក្ររបស់ព្រះ?
• តើរឿងប្រៀបប្រដូចអំពីអួនបង្ហាញអ្វី ស្តីពីការរីកចម្រើននៃរាជាណាចក្ររបស់ព្រះ?
• តើយើងអាចប្រាកដថាយើងស្ថិតនៅក្នុងចំណោមអ្នកដែលបាន«ដាក់ក្នុងកញ្ឆេ»ឬផើងយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២៣]
ស្តីអំពីការរីកចម្រើនចំពោះមនុស្សដែលស្ដាប់តាមសារនៃរាជាណាច្រករបស់ព្រះ តើរឿងប្រៀបប្រដូចអំពីគ្រាប់មូស្ដាតបង្រៀនយើងអ្វីខ្លះ?
[រូបភាពនៅទំព័រ២៤]
រឿងប្រៀបប្រដូចអំពីដំបែ តើយើងបានរៀនអ្វី?
[រូបភាពនៅទំព័រ២៥]
តើការញែកត្រីល្អចេញពីត្រីអាក្រក់តំណាងអ្វី?