ជំពូកទី២
លោកយេស៊ូបានទទួលកិត្ដិយសមុនលោកកើតមក
ម៉ារៀទៅលេងអេលីសាបិតដែលជាញាតិសន្ដានរបស់នាង
ក្រោយពីទេវតាកាព្រីយ៉ែលបានប្រាប់ម៉ារៀថា នាងនឹងមានកូនម្នាក់ដែលនាងត្រូវឲ្យនាមថាយេស៊ូ ហើយកូននោះនឹងគ្រប់គ្រងជាស្តេចជារៀងរហូត នោះម៉ារៀសួរថា៖ «តើការនេះអាចកើតឡើងយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានរួមរស់ជាមួយនឹងបុរសណាឡើយ»។—លូកា ១:៣៤
កាព្រីយ៉ែលឆ្លើយតបថា៖ «សកម្មពលបរិសុទ្ធរបស់ព្រះនឹងសណ្ឋិតលើនាង ហើយឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះហើយ កូនដែលនឹងកើតមកនោះ នឹងត្រូវហៅថាជាបរិសុទ្ធ និងជាបុត្ររបស់ព្រះ»។—លូកា ១:៣៥
កាព្រីយ៉ែលទំនងជាចង់ជួយម៉ារៀឲ្យជឿ ដូច្នេះគាត់និយាយបន្ថែមថា៖ «មើល! ក្នុងកាលមានវ័យចាស់ អេលីសាបិត ជាញាតិសន្ដាន ដែលគេហៅថាស្រីអារ មានផ្ទៃពោះប្រាំមួយខែហើយ។ កូនដែលនៅក្នុងផ្ទៃជាកូនប្រុសមួយដែរ ព្រោះគ្មានប្រសាសន៍ណារបស់ព្រះ ដែលលោកពុំអាចសម្រេចបានឡើយ»។—លូកា ១:៣៦, ៣៧
យើងដឹងថាម៉ារៀជឿអ្វីដែលកាព្រីយ៉ែលបាននិយាយ ពេលយើងឮការតបឆ្លើយរបស់នាងថា៖ «មើល! ខ្ញុំជាខ្ញុំបម្រើរបស់ព្រះយេហូវ៉ា! សូមឲ្យការនេះកើតឡើងដល់ខ្ញុំ តាមសេចក្ដីប្រកាសរបស់អ្នកចុះ»។—លូកា ១:៣៨
ពេលកាព្រីយ៉ែលចេញទៅ ម៉ារៀរៀបចំទៅលេងអេលីសាបិតនិងប្ដីរបស់គាត់ឈ្មោះសាការី។ ពួកគាត់រស់នៅតំបន់ជួរភ្នំយូឌាជិតក្រុងយេរូសាឡិម។ ដើម្បីទៅកន្លែងដែលពួកគាត់រស់នៅ ម៉ារៀធ្វើដំណើរអស់បីឬបួនថ្ងៃពីផ្ទះរបស់នាងនៅភូមិណាសារ៉ែត។
នៅទីបំផុត ម៉ារៀបានទៅដល់ផ្ទះរបស់សាការី។ ពេលនាងចូលក្នុងផ្ទះ នាងជម្រាបសួរអេលីសាបិតដែលជាញាតិសន្ដានរបស់នាង។ រំពេចនោះ អេលីសាបិតបានពេញដោយសកម្មពលបរិសុទ្ធ ហើយនិយាយទៅម៉ារៀថា៖ «ក្នុងចំណោមស្រីទាំងឡាយ នាងមានពរហើយ! ឯកូនដែលនាងនឹងបង្កើតក៏មានពរដែរ! ហេតុដូចម្ដេចបានជាម្ដាយរបស់ម្ចាស់ខ្ញុំបានផ្ដល់កិត្ដិយសឲ្យខ្ញុំ ដោយមកជួបខ្ញុំដូច្នេះ? ព្រោះមើល! ពេលដែលខ្ញុំឮនាងជម្រាបសួរ នោះកូននៅក្នុងផ្ទៃខ្ញុំបានកញ្ជ្រោលឡើងដោយត្រេកអរក្រៃលែង»។—លូកា ១:៤២-៤៤
បន្ទាប់មក ម៉ារៀឆ្លើយតបដោយចិត្តកតញ្ញូថា៖ «ខ្ញុំលើកតម្កើងព្រះយេហូវ៉ា ហើយខ្ញុំទប់ចិត្តពុំបានឡើយ ព្រោះខ្ញុំត្រេកអរពន់ពេកនឹងព្រះដែលជាអ្នកសង្គ្រោះខ្ញុំ ពីព្រោះលោកបានមើលសភាពទន់ទាបនៃខ្ញុំបម្រើរបស់លោក។ មើល! ចាប់តាំងពីពេលនេះទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គល ពីព្រោះលោកដែលមានឫទ្ធានុភាពខ្លាំងក្លាបានធ្វើកិច្ចការដ៏អស្ចារ្យដើម្បីខ្ញុំ»។ យើងអាចកត់សម្គាល់ថា ទោះជាម៉ារៀបានទទួលការសរសើរក៏ដោយ តែនាងឲ្យការសរសើរនោះទៅព្រះដោយនិយាយថា៖ «នាមរបស់លោកគឺបរិសុទ្ធ ហើយពីជំនាន់មួយទៅជំនាន់មួយ លោកក៏មានចិត្តមេត្ដាករុណាដល់អស់អ្នកដែលកោតខ្លាចលោក»។—លូកា ១:៤៦-៥០
ម៉ារៀបន្តសរសើរព្រះ ដោយលើកយកទំនាយដែលបានសរសេរក្រោមការដឹកនាំរបស់លោកថា៖ «លោកបានធ្វើកិច្ចការយ៉ាងខ្លាំងពូកែដោយដៃរបស់លោក ក៏បានកម្ចាត់កម្ចាយអស់អ្នកដែលបង្ហាញថាពួកគេជាមនុស្សក្រអឺតក្រទមដោយបំណងចិត្តរបស់ខ្លួន។ លោកបានទម្លាក់មនុស្សមានអំណាចពីបល្ល័ង្ក ហើយតម្កើងមនុស្សទន់ទាប។ លោកបានបំពេញចិត្តអ្នកដែលស្រេកឃ្លាន ដោយរបស់ល្អ ឯអ្នកដែលមានស្តុកស្តម្ភ លោកបានឲ្យចេញទៅដៃទទេ។ លោកបានជួយអ៊ីស្រាអែល ជាអ្នកបម្រើរបស់លោក ដើម្បីបង្ហាញថា លោកចាំសេចក្ដីសន្យារបស់លោកដែលថា លោកនឹងបង្ហាញសេចក្ដីមេត្ដាករុណាជារៀងរហូត ដល់អាប្រាហាំនិងពូជរបស់គាត់ ដូចលោកបានមានប្រសាសន៍ទៅបណ្ដាបុព្វបុរសរបស់យើង»។—លូកា ១:៥១-៥៥
ម៉ារៀស្នាក់នៅជាមួយនឹងអេលីសាបិតអស់រយៈពេលប្រហែលជាបីខែ នាងទំនងជាជួយមើលថែអេលីសាបិត ជាពិសេសប៉ុន្មានសប្ដាហ៍ចុងក្រោយដែលអេលីសាបិតពពោះ។ ស្ត្រីដ៏ស្មោះត្រង់ទាំងពីរនាក់នេះមានផ្ទៃពោះដោយសារជំនួយពីព្រះ ហើយពិតជាល្អមែនដែលពួកគាត់អាចនៅជាមួយគ្នាក្នុងគ្រានោះ!
ម្យ៉ាងទៀត សូមកត់សម្គាល់អំពីកិត្ដិយសដែលលោកយេស៊ូបានទទួល សូម្បីតែលោកមិនទាន់កើតមកក្ដី។ កាលដែលម៉ារៀចូលទៅជួបអេលីសាបិត នោះអេលីសាបិតបានហៅលោកថា«ម្ចាស់ខ្ញុំ» ហើយកូននៅក្នុងផ្ទៃនាង«បានកញ្ជ្រោលឡើងដោយត្រេកអរក្រៃលែង»។ ផ្ទុយទៅវិញ ក្រោយមកយើងនឹងឃើញថា អ្នកឯទៀតមិនបានឲ្យកិត្ដិយសដល់ម៉ារៀនិងកូនក្នុងផ្ទៃរបស់នាងទេ។