យ៉ូហានដែលជាអ្នកជ្រមុជទឹក ជាគំរូល្អស្តីអំពីការរក្សាអំណរ
តើអ្នកពិតជាចង់ទទួលភារកិច្ចណាមួយក្នុងក្រុមជំនុំ តែមិនទាន់បានទទួលឬទេ? ប្រហែលជាភារកិច្ចនោះជាអ្វីដែលបុគ្គលម្នាក់ទៀតមាន ឬក៏នោះប្រហែលជាភារកិច្ចក្នុងកិច្ចបម្រើព្រះឬជាឯកសិទ្ធិដែលអ្នកធ្លាប់មាន។ ប៉ុន្តែ ដោយសារបញ្ហាសុខភាព អាយុ សេដ្ឋកិច្ច ឬភារកិច្ចក្នុងក្រុមគ្រួសារ អ្នកមិនអាចធ្វើច្រើនដូចដែលអ្នកចង់ធ្វើទេ។ ម្យ៉ាងទៀត អ្នកប្រហែលជាត្រូវឈប់ពីភារកិច្ចដែលអ្នកមានជាច្រើនឆ្នាំមកហើយ ដោយសារការផ្លាស់ប្ដូរក្នុងអង្គការយើង។ ទោះជាមានមូលហេតុណាក៏ដោយ អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកមិនធ្វើល្អដូចអ្វីដែលអ្នកចង់ធ្វើក្នុងកិច្ចបម្រើព្រះទេ។ ក្នុងស្ថានភាពបែបនេះ គឺសមហេតុផលដែលជួនកាលអ្នកខកចិត្ត។ ទោះជាយ៉ាងនេះក៏ដោយ តើអ្នកអាចធ្វើអ្វីដើម្បីលះចោលចិត្តគំនិតមិនត្រឹមត្រូវ ដូចជាការធ្លាក់ទឹកចិត្ត ការខកចិត្ត ឬការតូចចិត្តជាដើម? តើអ្នកអាចរក្សាអំណរយ៉ាងដូចម្ដេច?
ស្តីអំពីការរក្សាអំណរ យើងអាចទាញយកមេរៀនពីគំរូរបស់យ៉ូហានដែលជាអ្នកជ្រមុជទឹក។ យ៉ូហានមានឯកសិទ្ធិពិសេស ដូច្នេះគាត់ទំនងជាបានរំពឹងថាជីវិតរបស់គាត់ក្នុងកិច្ចបម្រើព្រះយេហូវ៉ានឹងខុសពីអ្វីដែលបានកើតឡើង។ គាត់ប្រហែលជាមិនបានគិតថាគាត់នឹងជាប់គុកយូរជាងកិច្ចបម្រើផ្សាយរបស់គាត់នោះទេ។ ប៉ុន្តែ យ៉ូហាននៅតែបន្តមានអំណរ ហើយគាត់បានរក្សាចិត្តគំនិតបែបនេះពេញមួយជីវិតរបស់គាត់។ តើអ្វីបានជួយគាត់? តើយើងអាចរក្សាអំណរយ៉ាងដូចម្ដេច ទោះជាយើងប្រឈមមុខនឹងការខកចិត្តក្ដី?
ភារកិច្ចដែលនាំឲ្យមានអំណរ
នៅឆ្នាំ២៩ គ.ស. យ៉ូហានបានចាប់ផ្ដើមបំពេញភារកិច្ចរបស់គាត់ជាអ្នករៀបចំផ្លូវសម្រាប់ការមកដល់របស់មេស្ស៊ី។ គាត់និយាយថា៖ «ចូរប្រែចិត្ត ពីព្រោះរាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ»។ (ម៉ាថ. ៣:២; លូក. ១:១២-១៧) មនុស្សជាច្រើនបានស្ដាប់តាមគាត់។ មានក្រុមមនុស្សមកពីកន្លែងឆ្ងាយដើម្បីស្ដាប់ដំណឹងដែលគាត់ផ្សាយ ហើយមនុស្សជាច្រើនបានប្រែចិត្ត និងទទួលការជ្រមុជទឹក។ ដោយចិត្តក្លាហាន យ៉ូហានក៏បានព្រមានពួកអ្នកដឹកនាំសាសនាដែលចាត់ទុកខ្លួនជាមនុស្សសុចរិតថា ពួកគេនឹងទទួលការផ្ដន្ទាទោស បើពួកគេមិនប្រែចិត្ត។ (ម៉ាថ. ៣:៥-១២) នៅ៦ខែក្រោយពីគាត់បានចាប់ផ្ដើមកិច្ចបម្រើរបស់គាត់ គាត់បានធ្វើអ្វីដែលសំខាន់បំផុត ពេលគាត់បានជ្រមុជទឹកឲ្យលោកយេស៊ូ។ ចាប់ពីពេលនោះមក យ៉ូហានបានណែនាំអ្នកឯទៀតឲ្យទៅតាមលោកយេស៊ូដែលជាមេស្ស៊ីដែលព្រះបានសន្យា។—យ៉ូន. ១:៣២-៣៧
ពេលគិតអំពីតួនាទីពិសេសរបស់យ៉ូហាន លោកយេស៊ូបានមានប្រសាសន៍ថា៖ «ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅ គ្មានអ្នកណាលេចមកដែលធំជាងយ៉ូហាន ជាអ្នកជ្រមុជទឹកឡើយ»។ (ម៉ាថ. ១១:១១) យ៉ូហានច្បាស់ជាមានអំណរចំពោះពរជាច្រើនដែលគាត់បានទទួល។ ដូចយ៉ូហាន បងប្អូនជាច្រើននៅសព្វថ្ងៃនេះបានទទួលពរជាច្រើន។ សូមគិតអំពីគំរូរបស់បងប្រុសម្នាក់ឈ្មោះធែរី។ គាត់និងបងសាន់ដ្រាដែលជាប្រពន្ធរបស់គាត់បានបម្រើពេញពេលអស់ជាង៥០ឆ្នាំ។ បងធែរីនិយាយថា៖ «ខ្ញុំបានទទួលឯកសិទ្ធិជាច្រើន។ ខ្ញុំបានបម្រើជាអ្នកត្រួសត្រាយ សមាជិកបេតអែល អ្នកត្រួសត្រាយពិសេស អ្នកត្រួតពិនិត្យប្រចាំមណ្ឌល អ្នកត្រួតពិនិត្យប្រចាំតំបន់ ហើយឥឡូវខ្ញុំបម្រើជាអ្នកត្រួសត្រាយពិសេសម្ដងទៀត»។ ការទទួលឯកសិទ្ធិផ្សេងៗក្នុងកិច្ចបម្រើព្រះ គឺជាអ្វីដែលនាំឲ្យមានអំណរ ប៉ុន្តែដូចដែលយើងនឹងរៀនពីគំរូរបស់យ៉ូហាន ការរក្សាអំណរពេលស្ថានភាពរបស់យើងផ្លាស់ប្ដូរ តម្រូវឲ្យយើងខំព្យាយាម។
ចូរបន្តមានចិត្តកតញ្ញូ
មូលហេតុសំខាន់ដែលយ៉ូហានដែលជាអ្នកជ្រមុជទឹកបានរក្សាអំណរ គឺដោយសារគាត់បន្តឲ្យតម្លៃចំពោះឯកសិទ្ធិដែលគាត់មាន។ ជាឧទាហរណ៍ ក្រោយពីលោកយេស៊ូបានទទួលការជ្រមុជទឹក កិច្ចបម្រើផ្សាយរបស់យ៉ូហានចាប់ផ្ដើមថយចុះ ហើយកិច្ចបម្រើផ្សាយរបស់លោកយេស៊ូចាប់ផ្ដើមកើនឡើង។ អ្នកកាន់តាមយ៉ូហានបានបារម្ភអំពីរឿងនេះ ដូច្នេះពួកគេបានមកឯគាត់ ហើយបាននិយាយថា៖ «សូមមើល! លោកកំពុងជ្រមុជទឹកឲ្យគេ ហើយមនុស្សទាំងអស់កំពុងទៅឯលោក»។ (យ៉ូន. ៣:២៦) យ៉ូហានឆ្លើយតបថា៖ «កូនក្រមុំនៅជាមួយនឹងអ្នកណា អ្នកនោះជាកូនកំលោះហើយ។ ក៏ប៉ុន្តែ មិត្តភក្ដិរបស់កូនកំលោះក៏ត្រេកអរយ៉ាងខ្លាំងនៅពេលដែលឮសំឡេងរបស់កូនកំលោះ។ ដូច្នេះ អំណររបស់ខ្ញុំបានពេញខ្នាតហើយ»។ (យ៉ូន. ៣:២៩) យ៉ូហានមិនបានប្រកួតប្រជែងជាមួយនឹងលោកយេស៊ូទេ ហើយគាត់ក៏មិនបានគិតថាដោយសារកិច្ចការរបស់លោកយេស៊ូគឺសំខាន់ជាង នោះកិច្ចការរបស់គាត់គឺមិនសូវមានតម្លៃទេ។ ផ្ទុយទៅវិញ យ៉ូហានបានរក្សាអំណរដោយសារគាត់បានឲ្យតម្លៃចំពោះឯកសិទ្ធិធ្វើជា«មិត្តភក្ដិរបស់កូនកំលោះ»។
ដោយសារយ៉ូហានមានចិត្តគំនិតត្រឹមត្រូវ នោះបានជួយគាត់ឲ្យរក្សាអំណរ ទោះជាភារកិច្ចដែលគាត់មានគឺមិនស្រួលក្ដី។ ជាឧទាហរណ៍ យ៉ូហានជាន៉ាសារីតម្នាក់តាំងពីគាត់កើតមក ហេតុនេះហើយគាត់បានត្រូវហាមមិនឲ្យពិសាស្រា។ (លូក. ១:១៥) ពេលនិយាយអំពីរបៀបរស់នៅដ៏សាមញ្ញរបស់យ៉ូហាន លោកយេស៊ូបានមានប្រសាសន៍ថា៖ «ពេលដែលយ៉ូហានមក គាត់មិនបានពិសាអាហារ ពិសាស្រា»ទេ។ ផ្ទុយទៅវិញ លោកយេស៊ូនិងពួកអ្នកកាន់តាមលោកមិនចាំបាច់បំពេញតម្រូវការដូចយ៉ូហានទេ ហើយអាចមានជីវិតដូចមនុស្សធម្មតា។ (ម៉ាថ. ១១:១៨, ១៩) ម្យ៉ាងទៀត យ៉ូហានមិនបានធ្វើអព្ភូតហេតុទេ តែគាត់ដឹងថាអ្នកកាន់តាមលោកយេស៊ូដែលរួមទាំងអ្នកដែលធ្លាប់កាន់តាមគាត់ បានទទួលឫទ្ធានុភាពដើម្បីធ្វើអព្ភូតហេតុ។ (ម៉ាថ. ១០:១; យ៉ូន. ១០:៤១) ជាជាងអនុញ្ញាតឲ្យអ្វីទាំងនោះបង្វែរអារម្មណ៍គាត់ យ៉ូហានបន្តបំពេញភារកិច្ចដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យគាត់ដោយចិត្តខ្នះខ្នែង។
បើយើងក៏ឲ្យតម្លៃចំពោះភារកិច្ចដែលយើងមានក្នុងកិច្ចបម្រើព្រះយេហូវ៉ានៅឥឡូវនេះដែរ យើងអាចរក្សាអំណរ។ បងធែរីដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «ខ្ញុំបានផ្ដោតអារម្មណ៍ទៅលើភារកិច្ចនីមួយៗដែលខ្ញុំបានទទួល»។ ពេលគាត់គិតឡើងវិញអំពីជីវិតរបស់គាត់ក្នុងកិច្ចបម្រើពេញពេល គាត់និយាយថា៖ «ខ្ញុំមិនបានស្ដាយក្រោយទេ ផ្ទុយទៅវិញខ្ញុំមានតែអនុស្សាវរីយ៍ល្អៗ»។
យើងអាចមានអំណរច្រើនជាងក្នុងកិច្ចបម្រើព្រះ ដោយរំពឹងគិតអំពីមូលហេតុដែលភារកិច្ចឬឯកសិទ្ធិរបស់យើងពិតជាមានតម្លៃ។ ការធ្វើ«ជាអ្នករួមការងារជាមួយនឹងព្រះ»គឺជាឯកសិទ្ធិ។ (១កូ. ៣:៩) ដូចការជូតវត្ថុទ្រព្យដែលជាកេរ្ដិ៍ដំណែលពីដូនតាដើម្បីធ្វើឲ្យវានៅតែភ្លឺរលោង ការរំពឹងគិតអំពីឯកសិទ្ធិដ៏ខ្ពង់ខ្ពស់ដែលយើងមានដើម្បីបម្រើព្រះ អាចការពារយើងពីការមានទស្សនៈមិនត្រឹមត្រូវ ហើយជួយយើងបន្តមានអំណរ។ យើងនឹងមិនប្រៀបធៀបការលះបង់របស់យើងទៅនឹងការលះបង់របស់អ្នកឯទៀតក្នុងកិច្ចបម្រើព្រះឡើយ។ យើងនឹងមិនចាត់ទុកថាឯកសិទ្ធិដែលយើងមានគឺមិនសូវមានតម្លៃ ដោយសារឯកសិទ្ធិដែលអ្នកឯទៀតមាននោះទេ។—កាឡ. ៦:៤
ចូរផ្ដោតអារម្មណ៍លើអ្វីដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ
យ៉ូហានប្រហែលជាបានដឹងថាកិច្ចបម្រើផ្សាយរបស់គាត់នឹងមិនបន្តអស់រយៈពេលយូរទេ ប៉ុន្តែគាត់ប្រហែលជាមិនបាននឹកស្មានថានោះនឹងបញ្ចប់មួយរំពេចនោះឡើយ។ (យ៉ូន. ៣:៣០) នៅឆ្នាំ៣០ គ.ស. ប្រហែលជា៦ខែក្រោយពីគាត់បានជ្រមុជទឹកឲ្យលោកយេស៊ូ យ៉ូហានបានត្រូវស្តេចហេរ៉ូឌចាប់ដាក់គុក។ ប៉ុន្តែ យ៉ូហាននៅតែធ្វើអ្វីដែលគាត់អាចធ្វើដើម្បីបន្តផ្សព្វផ្សាយ។ (ម៉ាក. ៦:១៧-២០) តើអ្វីជួយគាត់ឲ្យរក្សាអំណរ ទោះជាមានការផ្លាស់ប្ដូរទាំងនោះក្ដី? គាត់បន្តផ្ដោតអារម្មណ៍ទៅលើអ្វីដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ។
ពេលយ៉ូហាននៅក្នុងគុក គាត់បានឮថាកិច្ចបម្រើផ្សាយរបស់លោកយេស៊ូកំពុងកើនឡើង។ (ម៉ាថ. ១១:២; លូក. ៧:១៨) យ៉ូហានបានជឿជាក់ថាលោកយេស៊ូគឺជាមេស្ស៊ី។ ប៉ុន្តែគាត់ប្រហែលជាឆ្ងល់ថាតើតាមរបៀបណាលោកយេស៊ូនឹងធ្វើឲ្យបទគម្ពីរទាំងអស់ដែលរៀបរាប់អំពីមេស្ស៊ីបានសម្រេច? ដោយសារមេស្ស៊ីនឹងទទួលអំណាចគ្រប់គ្រងជាស្តេច តើការគ្រប់គ្រងរបស់លោកយេស៊ូនឹងចាប់ផ្ដើមនៅពេលឆាប់ៗនោះឬ? តើនេះនឹងនាំឲ្យយ៉ូហានបានត្រូវដោះលែងពីគុកឬទេ? ដោយចង់យល់កាន់តែច្បាស់អំពីតួនាទីរបស់លោកយេស៊ូ យ៉ូហានបានចាត់អ្នកកាន់តាមពីរនាក់ឲ្យទៅសួរលោកយេស៊ូថា៖ «តើលោកជាអ្នកដែលត្រូវមកឬ? ឬក៏តើយើងត្រូវរង់ចាំអ្នកមួយទៀត?»។ (លូក. ៧:១៩) ពេលពួកគេត្រឡប់មកវិញ យ៉ូហានប្រាកដជាបានស្ដាប់យ៉ាងយកចិត្តទុកដាក់កាលដែលពួកគេរៀបរាប់ថាលោកយេស៊ូបានធ្វើអព្ភូតហេតុដោយប្រោសមនុស្សឲ្យជាសះស្បើយ ហើយក្រោយមកបានចាត់ពួកគេឲ្យមកប្រាប់យ៉ូហានវិញថា៖ «មនុស្សងងឹតភ្នែកកំពុងមើលឃើញ មនុស្សខ្វិនកំពុងដើរ មនុស្សកើតឃ្លង់បានជាស្អាត មនុស្សថ្លង់កំពុងស្ដាប់ឮ មនុស្សស្លាប់កំពុងត្រូវប្រោសឲ្យរស់ឡើងវិញ ហើយដំណឹងល្អកំពុងត្រូវប្រាប់ដល់មនុស្សក្រីក្រ»។—លូក. ៧:២០-២២
យ៉ូហានប្រាកដជាបានទទួលការលើកទឹកចិត្តពេលឮដំណឹងនោះ។ នេះបញ្ជាក់ថាលោកយេស៊ូកំពុងសម្រេចទំនាយអំពីមេស្ស៊ី។ ទោះជាការលេចមករបស់លោកយេស៊ូមិនបានធ្វើឲ្យយ៉ូហានរួចពីគុកក្ដី យ៉ូហានដឹងថាកិច្ចបម្រើរបស់គាត់មិនមែនឥតប្រយោជន៍ទេ។ គាត់មានមូលហេតុឲ្យមានអំណរ ទោះជាស្ថិតក្នុងកាលៈទេសៈនោះក៏ដោយ។
ដូចយ៉ូហាន បើយើងផ្ដោតអារម្មណ៍ទៅលើអ្វីដែលទាក់ទងនឹងការគោរពប្រណិប័តន៍ យើងអាចស៊ូទ្រាំដោយអំណរនិងដោយចិត្តធ្ងន់។ (កូឡ. ១:៩-១១) យើងអាចធ្វើដូច្នេះ តាមរយៈការអានគម្ពីរនិងរំពឹងគិតអំពីអ្វីដែលយើងអាន ហើយនេះនឹងរំលឹកយើងថាកិច្ចការរបស់យើងក្នុងកិច្ចបម្រើព្រះគឺមិនមែនឥតប្រយោជន៍ទេ។ (១កូ. ១៥:៥៨) បងសាន់ដ្រានិយាយថា៖ «ការអានគម្ពីរមួយថ្ងៃមួយជំពូកបានជួយខ្ញុំឲ្យចូលកាន់តែជិតព្រះយេហូវ៉ា។ នេះជួយខ្ញុំឲ្យផ្ដោតអារម្មណ៍លើលោក មិនមែនខ្លួនឯងទេ»។ យើងក៏អាចផ្ដោតអារម្មណ៍លើសេចក្ដីរាយការណ៍អំពីកិច្ចការរាជាណាចក្រ ដែលអាចជួយយើងមិនឲ្យគិតតែអំពីកាលៈទេសៈរបស់ខ្លួនប៉ុណ្ណោះ ហើយជួយយើងឲ្យផ្ដោតអារម្មណ៍លើអ្វីដែលព្រះយេហូវ៉ាកំពុងសម្រេច។ បងសាន់ដ្រានិយាយថា៖ «កម្មវិធីJWទូរទស្សន៍ប្រចាំខែ ជួយយើងឲ្យមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងអង្គការយើង ហើយក៏ជួយយើងឲ្យរក្សាអំណរក្នុងភារកិច្ចរបស់យើងដែរ»។
យ៉ូហានដែលជាអ្នកជ្រមុជទឹកបានបំពេញកិច្ចបម្រើផ្សាយអស់មួយរយៈពេលខ្លី «ដោយមានចិត្តខ្នះខ្នែងនិងមានឫទ្ធានុភាពដូចអេលីយ៉ា» ហើយដូចអេលីយ៉ាគាត់«ចេះមានអារម្មណ៍ដូចយើងដែរ»។ (លូក. ១:១៧; យ៉ា. ៥:១៧) បើយើងយកតម្រាប់គាត់ដោយឲ្យតម្លៃទៅលើភារកិច្ចរបស់យើងនិងផ្ដោតអារម្មណ៍ទៅលើអ្វីដែលទាក់ទងនឹងការគោរពប្រណិប័តន៍ យើងក៏អាចរក្សាអំណរក្នុងកិច្ចការរាជាណាចក្រ ទោះជាមានអ្វីកើតឡើងក៏ដោយ។