ជំពូកទី៥១
ការប្រហារជីវិតក្នុងពិធីខួបកំណើត
ម៉ាថាយ ១៤:១-១២ ម៉ាកុស ៦:១៤-២៩ លូកា ៩:៧-៩
ហេរ៉ូឌបានចាត់ឲ្យគេកាត់ក្បាលយ៉ូហានដែលជាអ្នកជ្រមុជទឹក
កាលដែលពួកសាវ័ករបស់លោកយេស៊ូកំពុងបំពេញកិច្ចបម្រើនៅស្រុកកាលីឡេដោយសេរី នោះយ៉ូហានជាអ្នកជ្រមុជទឹកដែលបាននាំបណ្ដាជនឲ្យស្គាល់លោកយេស៊ូ គ្មានសេរីភាពដូចនោះទេ។ ហេតុអ្វី? ពីព្រោះអស់រយៈពេលជិតពីរឆ្នាំហើយ ដែលគាត់នៅជាប់គុកនៅឡើយ។
យ៉ូហានបានប្រកាសជាសាធារណៈថាស្តេចហេរ៉ូឌអាន់ទីប៉ាសបានប្រព្រឹត្តអំពើខុសឆ្គង ដោយយកហេរ៉ូឌាសដែលជាភរិយារបស់ភីលីពជាប្អូន ធ្វើជាប្រពន្ធខ្លួន។ ហេរ៉ូឌបានលែងលះប្រពន្ធទី១របស់គាត់ដើម្បីរៀបការជាមួយនឹងហេរ៉ូឌាស។ ហេរ៉ូឌបានអះអាងថាគាត់កាន់តាមច្បាប់ម៉ូសេ តែគាត់មិនបានធ្វើតាមច្បាប់នោះទេ ពីព្រោះយោងតាមច្បាប់នោះ អាពាហ៍ពិពាហ៍របស់គាត់គឺជាអំពើផិតក្បត់។ ដូច្នេះ ដើម្បីតបនឹងការស្តីបន្ទោសពីយ៉ូហាន ហេរ៉ូឌបានចាត់ឲ្យគេចាប់យ៉ូហានដាក់គុក។ គាត់បានធ្វើដូច្នេះទំនងជាដោយសារហេរ៉ូឌាសបានបង្ខំគាត់។
ហេរ៉ូឌមិនដឹងថាគួរធ្វើយ៉ាងណាចំពោះយ៉ូហានឡើយ ពីព្រោះបណ្ដាជន‹ចាត់ទុកគាត់ជាអ្នកប្រកាសទំនាយ›។ (ម៉ាថាយ ១៤:៥) ផ្ទុយទៅវិញ ហេរ៉ូឌាសដឹងច្បាស់ថានាងចង់ធ្វើយ៉ាងណាចំពោះយ៉ូហាន ដោយសារនាង‹បានចងគំនុំនឹងគាត់› ហើយបន្តស្វែងរកឱកាសដើម្បីសម្លាប់គាត់។ (ម៉ាកុស ៦:១៩) នៅទីបំផុត នាងមានឱកាសធ្វើដូច្នេះមែន។ តើនៅពេលណា?
ជិតដល់បុណ្យរំលងនៅឆ្នាំ៣២ គ.ស. ហេរ៉ូឌរៀបចំពិធីជប់លៀងខួបកំណើតយ៉ាងធំមួយរបស់គាត់។ ហេរ៉ូឌបានអញ្ជើញមន្ត្រីជាន់ខ្ពស់ទាំងឡាយ ពួកមេទ័ព និងអ្នកមានមុខមាត់ធំដុំនៅស្រុកកាលីឡេ។ ក្នុងអំឡុងពិធីជប់លៀង សាឡូមេដែលជាកូនស្រីរបស់ហេរ៉ូឌាសជាមួយនឹងភីលីពដែលជាប្ដីមុន បានត្រូវអញ្ជើញឲ្យចូលមករាំសម្រាប់ភ្ញៀវ។ ពួកបុរសទាំងអស់ចូលចិត្តការសម្ដែងរាំរបស់សាឡូមេខ្លាំងណាស់។
ដោយសារហេរ៉ូឌពេញចិត្តយ៉ាងខ្លាំងនឹងការសម្ដែងរាំរបស់សាឡូមេដែលជាកូនរបស់ប្រពន្ធគាត់ នោះគាត់និយាយទៅនាងថា៖ «ចូរសុំអ្វីក៏ដោយ ខ្ញុំនឹងឲ្យដល់នាង»។ គាត់ក៏បានស្បថនឹងនាងថា៖ «អ្វីក៏ដោយដែលនាងសុំពីខ្ញុំ ខ្ញុំនឹងឲ្យ ទោះជាសុំរាជាណាចក្រខ្ញុំមួយចំហៀងក៏ដោយ»។ ប៉ុន្តែ មុននឹងសាឡូមេឆ្លើយតប នាងចេញទៅសួរម្ដាយនាងថា៖ «តើខ្ញុំគួរសុំអ្វី?»។—ម៉ាកុស ៦:២២-២៤
នេះហើយជាឱកាសដែលហេរ៉ូឌាសកំពុងស្វែងរក! នាងប្រាប់កូនស្រីនាងភ្លាមថា៖ «ចូរសុំក្បាលរបស់យ៉ូហាន ដែលជាអ្នកជ្រមុជទឹក»។ រួចមក សាឡូមេក៏ប្រញាប់ចូលទៅសុំហេរ៉ូឌថា៖ «ខ្ញុំចង់បានក្បាលរបស់យ៉ូហាន ជាអ្នកជ្រមុជទឹក ដាក់លើថាសភ្លាម»។—ម៉ាកុស ៦:២៤, ២៥
ពេលហេរ៉ូឌបានឮដូច្នេះ គាត់កើតទុក្ខយ៉ាងខ្លាំង ក៏ប៉ុន្តែគាត់បានស្បថនឹងសាឡូមេហើយ។ ម្យ៉ាងទៀត ភ្ញៀវទាំងអស់ក៏បានឮសម្បថរបស់គាត់នឹងសាឡូមេដែរ។ ដូច្នេះគាត់នឹងអាម៉ាស់មុខ បើគាត់មិនធ្វើតាមសំណូមពររបស់នាង។ ហេតុនេះ គាត់ក៏យល់ព្រមតាមសំណូមពររបស់នាង ទោះជានេះមានន័យថាគាត់ត្រូវប្រហារជីវិតយ៉ូហានដែលមិនបានធ្វើខុសក៏ដោយ។ ម្ល៉ោះហើយ ហេរ៉ូឌចាត់អង្គរក្សម្នាក់ឲ្យទៅក្នុងគុក ហើយបង្គាប់ឲ្យយកក្បាលរបស់យ៉ូហានមក។ មិនយូរក្រោយមក អង្គរក្សនោះត្រឡប់មកវិញដោយដាក់ក្បាលយ៉ូហានលើថាសមួយ យកមកឲ្យសាឡូមេ ហើយនាងយកទៅឲ្យម្ដាយ។
ពេលអ្នកកាន់តាមយ៉ូហានបានឮថាយ៉ូហានបានស្លាប់ នោះពួកគាត់បានមកយកសពយ៉ូហានទៅបញ្ចុះ រួចយកដំណឹងទៅជម្រាបលោកយេស៊ូ។
ក្រោយមក ពេលហេរ៉ូឌឮថាលោកយេស៊ូកំពុងធ្វើឲ្យមនុស្សជាសះស្បើយ ហើយកំពុងបណ្ដេញវិញ្ញាណកំណាច នោះគាត់ក៏ភ័យខ្លាចយ៉ាងខ្លាំង។ ហេតុអ្វី? ពីព្រោះគាត់ខ្លាចថាយ៉ូហានដែលជាអ្នកជ្រមុជទឹក«បានត្រូវប្រោសឲ្យរស់ឡើងវិញ» ហើយគឺជាលោកយេស៊ូដែលកំពុងធ្វើការអស្ចារ្យទាំងនោះ។ (លូកា ៩:៧) ដូច្នេះ ហេរ៉ូឌអាន់ទីប៉ាសចង់ជួបលោកយេស៊ូយ៉ាងខ្លាំង ប៉ុន្តែមិនមែនដោយសារគាត់ចង់ឮសេចក្ដីបង្រៀនរបស់លោកយេស៊ូឡើយ។ ផ្ទុយទៅវិញ ហេរ៉ូឌចង់ជួបលោកយេស៊ូ ដោយសារគាត់ចង់ដឹងឲ្យច្បាស់ថាការព្រួយបារម្ភរបស់គាត់គឺជាការពិតឬមិនមែន។