ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នោះរស់នៅ
គោលសំខាន់ៗពីសៀវភៅលូកា
តាមធម្មតា គេយល់ថាសៀវភៅដំណឹងល្អរបស់លោកម៉ាថាយ បានសរសេរជាពិសេសសម្រាប់ជនជាតិអ៊ីស្រាអែល។ រីឯកំណត់ហេតុដែលលោកម៉ាកុសបានសរសេរ គឺសម្រាប់អ្នកដែលមិនមែនជាជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ សៀវភៅដំណឹងល្អដែលលោកលូកាបានសរសេរ គឺសម្រាប់មនុស្សពីគ្រប់ប្រជាជាតិទាំងអស់។ សៀវភៅលូកាដែលបានសរសេរប្រហែលជានៅឆ្នាំ៥៦ដល់ឆ្នាំ៥៨គ.ស. រៀបរាប់យ៉ាងល្អិតល្អន់ពីជីវិតនិងកិច្ចបម្រើរបស់ព្រះយេស៊ូ។
ដោយសារលូកាជាគ្រូពេទ្យដែលចេះយល់ចិត្តនិងធ្វើការដោយយកចិត្តទុកដាក់ គាត់តាក់តែង«រឿងទាំងនោះ តាំងតែពីដើមរៀងមកដោយហ្មត់ចត់» ដែលទាក់ទងនឹងព្រឹត្ដិការណ៍ដែលបានកើតឡើងក្នុងរយៈពេល៣៥ឆ្នាំ គឺចាប់ពីឆ្នាំ៣មុនគ.ស. រហូតដល់ឆ្នាំ៣៣គ.ស.។ (លូ. ១:៣) ជិត៦០ភាគរយនៃព្រឹត្ដិការណ៍ដែលលូកាបានរៀបរាប់ មិនមានក្នុងសៀវភៅដំណឹងល្អផ្សេងទៀតទេ។
កិច្ចបម្រើផ្សាយដំបូង
ក្រោយពីបានរៀបរាប់យ៉ាងល្អិតល្អន់អំពីកំណើតរបស់យ៉ូហានបាទីស្ទដែលជាអ្នកជ្រមុជទឹកឲ្យគេ និងអំពីកំណើតរបស់ព្រះយេស៊ូ លូកាក៏រៀបរាប់ប្រាប់យើងថា យ៉ូហានបានចាប់ផ្ដើមកិច្ចបម្រើរបស់គាត់នៅឆ្នាំទី១៥ ក្នុងរាជ្យសេសារទីប៊ើរ គឺនៅដើមឆ្នាំ២៩ គ.ស.។ (លូ. ៣:១, ២) ព្រះយេស៊ូបានទទួលការជ្រមុជទឹកនៅចុងឆ្នាំនោះ។ (លូ. ៣:២១, ២២) នៅឆ្នាំ៣០ គ.ស. «ព្រះយេស៊ូវទ្រង់វិលទៅស្រុកកាលីឡេវិញ [ហើយក៏]បង្រៀនក្នុងសាលាប្រជុំរបស់គេ»។—លូ. ៤:១៤, ១៥
ពេលព្រះយេស៊ូផ្ដើមការផ្សព្វផ្សាយជាលើកទីមួយនៅស្រុកកាលីឡេ ទ្រង់មានប្រសាសន៍ទៅកាន់ក្រុមមនុស្សថា៖ «ខ្ញុំត្រូវប្រាប់ដំណឹងល្អពីនគរព្រះដល់អស់ទាំងស្រុកឯទៀតដែរ»។ (លូ. ៤:៤៣) ព្រះយេស៊ូក៏នាំលោកស៊ីម៉ូនដែលជាអ្នកនេសាទត្រី និងអ្នកឯទៀតទៅជាមួយដែរ។ ព្រះយេស៊ូមានប្រសាសន៍ថា៖ «ពីនេះទៅមុខ អ្នកនឹងចាប់មនុស្សវិញ»។ (លូ. ៥:១-១១; ម៉ាថ. ៤:១៨, ១៩) ពេលព្រះយេស៊ូទៅផ្សព្វផ្សាយនៅស្រុកកាលីឡេជាលើកទីពីរ ព្រះយេស៊ូបាននាំពួកសាវ័កទាំង១២នាក់ឲ្យទៅជាមួយផង។ (លូ. ៨:១) នៅលើកទីបីដែលព្រះយេស៊ូផ្សព្វផ្សាយនៅស្រុកកាលីឡេ ទ្រង់ចាត់ពួកសាវ័កទាំង១២ឲ្យទៅ«ប្រកាសប្រាប់ពីនគរព្រះ ហើយឲ្យមើលមនុស្សមានជំងឺឲ្យបានជាផង»។—លូ. ៩:១, ២
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១:៣៥—ពេលព្រះយេស៊ូចាប់កំណើតក្នុងផ្ទៃនាងម៉ារា តើទាក់ទងនឹងស៊ុតបង្កកំណើតរបស់នាងទេ? ព្រះយេហូវ៉ាត្រូវតែប្រើស៊ុតបង្កកំណើតរបស់នាងម៉ារា ទើបកូនរបស់នាងអាចចាត់ទុកជាពូជរបស់អ័ប្រាហាំ យូដានិងដាវីឌ ស្របទៅតាមសេចក្ដីសន្យារបស់ទ្រង់។ (លោ. ២២:១៥, ១៨; ៤៩:១០; ២សាំ. ៧:៨, ១៦) យ៉ាងណាក្ដី ព្រះយេហូវ៉ាបានផ្ទេរជីវិតដ៏ល្អឥតខ្ចោះរបស់បុត្រទ្រង់មកក្នុងផ្ទៃនាងម៉ារា តាមរយៈសកម្មពលរបស់ទ្រង់ ហើយពេលនោះនាងម៉ារាក៏ចាប់មានគភ៌។ (ម៉ាថ. ១:១៨) តាមមើលទៅ ចាប់ពីពេលនោះមក ស៊ុតបង្កកំណើតរបស់នាងម៉ារាលែងមានភាពមិនល្អឥតខ្ចោះ។ ណាមួយទៀត ព្រះយេហូវ៉ាបានការពារកូនដែលនៅក្នុងផ្ទៃនាងតាមរយៈសកម្មពលរបស់ទ្រង់ មិនឲ្យខ្វះកន្លះក្នុងការលូតលាស់។
១:៦២—តើលោកសាការីក្លាយទៅជាគហើយថ្លង់មែនទេ? មិនមែនទេ។ សាការីគ្រាន់តែនិយាយមិនកើតប៉ុណ្ណោះ។ ពេលអ្នកឯទៀតចង់ដឹងថា តើសាការីចង់ដាក់ឈ្មោះអ្វីឲ្យកូន? ពួកគេបាន«ធ្វើគ្រឿងសំគាល់[ឬ«ធ្វើសញ្ញា»]»មែន ប៉ុន្តែមិនមែនដោយសារគាត់ថ្លង់ទេ។ តាមមើលទៅ សាការីបានឮអ្វីដែលភរិយារបស់គាត់និយាយស្តីអំពីការដាក់ឈ្មោះកូន។ ប្រហែលជាអ្នកដទៃបានសួរយោបល់របស់សាការី ដោយធ្វើសញ្ញាឬកាយវិការ។ ដោយសារព្រះយេហូវ៉ាបានប្រោសឲ្យសាការីអាចនិយាយឡើងវិញតែប៉ុណ្ណោះ នេះសឲ្យឃើញថា មួយរយៈនោះត្រចៀកគាត់មិនថ្លង់ទេ។—លូ.[លក.] ១:១៣, ១៨-២០, ៦០-៦៤; ខ.ស.
២:១, ២—ដោយសារកំណត់ហេតុនេះសំដៅទៅលើ«បញ្ជីមុនដំបូង» តើនេះជួយយើងឲ្យរកឆ្នាំកំណើតរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច? ក្រោមរាជ្យរបស់សេសារអូគូស្ទ គេមិនបានចុះបញ្ជីតែម្ដងគត់ទេ។ គេបានចុះបញ្ជីម្ដងនៅឆ្នាំ២ មុនគ.ស. ស្របទៅតាមទំនាយក្នុងសៀវភៅដានីយ៉ែល ១១:២០ និងបានចុះបញ្ជីម្ដងទៀតនៅឆ្នាំ៦ឬ៧ គ.ស.។ (កិច្ច. ៥:៣៧) នៅពេលដែលគេចុះបញ្ជីទាំងពីរលើកនោះ លោកគីរេនាសជាចៅហ្វាយស្រុកស៊ីរី។ ដូច្នេះ តាមមើលទៅគាត់ជាចៅហ្វាយស្រុកនោះដល់ទៅពីរដង។ ដោយសារលូកាសំដៅទៅលើបញ្ជីមុនដំបូងនោះ យើងដឹងថាព្រះយេស៊ូកើតនៅឆ្នាំ២ មុនគ.ស.។
២:៣៥—តើម៉ារាត្រូវមាន«ដាវ»ចាក់ទម្លុះទ្រូងនាងក្នុងន័យអ្វី? នេះសំដៅទៅសេចក្ដីទុក្ខព្រួយដែលម៉ារាមាន ពេលឃើញមនុស្សភាគច្រើនមិនទទួលស្គាល់ព្រះយេស៊ូជាមេស្ស៊ី និងទុក្ខសោកដ៏ខ្លាំងដែលនាងមានពេលឃើញព្រះយេស៊ូទទួលមរណភាពយ៉ាងឈឺចាប់បំផុត។—យ៉ូន. ១៩:២៥
៩:២៧, ២៨—ស្តីអំពីការផ្លាស់ប្រែទ្រង់ទ្រាយ កំណត់ហេតុក្នុងសៀវភៅម៉ាថាយនិងម៉ាកុសរៀបរាប់ថា នេះបានកើតឡើង«៦ថ្ងៃ»បន្ទាប់ពីព្រះយេស៊ូសន្យាដល់សាវ័ករបស់ទ្រង់ថា មានអ្នកខ្លះ«មិនត្រូវភ្លក់សេចក្ដីស្លាប់»ទាល់តែបានឃើញទ្រង់យាងមកក្នុងនគរទ្រង់។ ដូច្នេះ ហេតុអ្វីបានជាកំណត់ហេតុរបស់លូកាចែងថា ការផ្លាស់ប្រែទ្រង់ទ្រាយបានកើតឡើង«៨ថ្ងៃ»ក្រោយវិញ? (ម៉ាថ. ១៧:១; ម៉ាក. ៩:២) តាមមើលទៅ ពីរថ្ងៃទៀតក៏រួមបញ្ចូលថ្ងៃដែលព្រះយេស៊ូបានពោលពាក្យទាំងនោះ និងថ្ងៃដែលទ្រង់បានផ្លាស់ប្រែទ្រង់ទ្រាយផងដែរ។
៩:៤៩, ៥០—ដោយសារអ្នកនោះមិនមែនជាអ្នកកាន់តាមព្រះយេស៊ូ ហេតុអ្វីបានជាទ្រង់មិនហាមឃាត់គាត់ពីការដេញអារក្ស? ព្រះយេស៊ូមិនហាមឃាត់មនុស្សនោះពីការដេញអារក្សទេ ពីព្រោះនៅពេលនោះមិនទាន់មានក្រុមជំនុំនៃពួកគ្រិស្តសាសនិកនៅឡើយ។ ដូច្នេះហើយ មិនទាន់មានតម្រូវការឲ្យមនុស្សកាន់តាមព្រះយេស៊ូដើម្បីដេញអារក្សដោយអាងឈ្មោះលោកទេ។—ម៉ាក. ៩:៣៨-៤០
មេរៀនសម្រាប់យើង:
១:៣២, ៣៣; ២:១៩, ៥១: ម៉ារាចងចាំទុកក្នុងចិត្តអំពីព្រឹត្ដិការណ៍និងពាក្យទំនាយទាំងប៉ុន្មានដែលបានសម្រេច។ រីឯទំនាយរបស់ព្រះយេស៊ូអំពី«បំផុតកល្ប»ឬអវសានកាលនៃពិភពលោកនេះ តើយើងចាំទុកពាក្យទាំងនោះក្នុងចិត្ត និងពិនិត្យពិច័យអ្វីដែលយើងកំពុងឃើញសព្វថ្ងៃនេះដែរឬទេ?—ម៉ាថ. ២៤:៣
២:៣៧: គំរូរបស់យាយអាណបង្រៀនយើងថា យើងត្រូវតែមានជំហររឹងមាំក្នុងការថ្វាយបង្គំព្រះយេហូវ៉ា មានទម្លាប់យ៉ាង«ខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន» ហើយឥតលែង«ប្រជុំគ្នា»នៅឯកិច្ចប្រជុំរបស់ពួកគ្រិស្តសាសនិកឡើយ។—រ៉ូម ១២:១២; ហេ. ១០:២៤, ២៥
២:៤១-៥០: យ៉ូសែបចាត់ទុកការថ្វាយបង្គំព្រះយេហូវ៉ាជាអ្វីដែលសំខាន់ចម្បងក្នុងជីវិត ដូច្នេះគាត់បានចិញ្ចឹមក្រុមគ្រួសាររបស់ខ្លួន ព្រមទាំងនាំមុខពួកគេក្នុងការថ្វាយបង្គំថែមទៀតផង។ ក្នុងករណីនេះ យ៉ូសែបតាំងគំរូល្អដល់មេគ្រួសារគ្រប់រូប។
៤:៤: គប្បីឲ្យយើងរំពឹងគិតពីបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ។
៦:៤០: អស់អ្នកដែលបង្រៀនអ្នកដទៃពីបណ្ដាំរបស់ព្រះយេហូវ៉ា ត្រូវតែតាំងគំរូល្អដល់សិស្សរបស់ខ្លួន ព្រមទាំងមានរបៀបរស់នៅសមស្របទៅតាមអ្វីដែលគាត់បង្រៀន។
៨:១៥: យើងត្រូវតែយល់និងឲ្យតម្លៃចំពោះបណ្ដាំរបស់ព្រះយេហូវ៉ា ព្រមទាំងអនុញ្ញាតឲ្យព័ត៌មាននោះជ្រាបចូលមកក្នុងចិត្តយើង ទើបយើងអាច«យកចិត្តទុកដាក់[នឹងបណ្ដាំទ្រង់] រួចបង្កើតផលដោយសេចក្ដីអត់ធន់»។ ណាមួយទៀត គឺចាំបាច់ណាស់ឲ្យយើងអធិដ្ឋាននិងរំពឹងគិតពេលអានគម្ពីរនិងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។
កិច្ចបម្រើផ្សាយជិតចប់
នៅស្រុកយូដា ព្រះយេស៊ូចាត់៧០នាក់ទៀតឲ្យទៅទីក្រុងនិងកន្លែងផ្សេងៗមុនទ្រង់។ (លូ. ១០:១) ព្រះយេស៊ូក៏ធ្វើដំណើរកាត់«អស់ទាំងក្រុង អស់ទាំងភូមិ ទាំងបង្រៀន»ពួកគេផង។—លូ. ១៣:២២
ប្រាំថ្ងៃមុនបុណ្យរំលងនៅឆ្នាំ៣៣ គ.ស. ព្រះយេស៊ូចូលទៅក្នុងទីក្រុងយេរូសាឡិមដោយជិះសត្វលា។ ពេលវេលាបានមកដល់ឲ្យពាក្យរបស់ព្រះយេស៊ូសម្រេច ជាពាក្យដែលទ្រង់មានប្រសាសន៍ទៅកាន់ពួកសាវ័កថា៖ «ត្រូវឲ្យកូនមនុស្សរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជនឹងពួកអាចារ្យបោះបង់ចោល ត្រូវគេសម្លាប់ ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ»។—លូ. ៩:២២, ៤៤
ចម្លើយចំពោះសំណួរអំពីបទគម្ពីរ:
១០:១៨—ពេលព្រះយេស៊ូមានប្រសាសន៍ទៅកាន់សិស្សទាំង៧០នាក់របស់ទ្រង់ថា៖ «ខ្ញុំបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃមកដូចជាផ្លេកបន្ទោរ» តើទ្រង់សំដៅទៅលើអ្វី? ពាក្យរបស់ព្រះយេស៊ូមិនមានន័យថា សាតាំងបានបោះទម្លាក់ពីលើមេឃនៅសម័យនោះរួចហើយទេ។ ព្រឹត្ដិការណ៍នោះបានកើតឡើងក្រោយពេលដែលព្រះគ្រិស្តបានតែងតាំងជាស្តេចនៅស្ថានសួគ៌នាឆ្នាំ១៩១៤។ (វិវរ. ១២:១-១០) យើងអាចយល់ថា ព្រះយេស៊ូបានរៀបរាប់អំពីព្រឹត្ដិការណ៍ដែលត្រូវកើតឡើងនៅពេលអនាគត ហាក់ដូចជាបានកើតឡើងរួចទៅហើយ ដើម្បីបញ្ជាក់ថាព្រឹត្ដិការណ៍ទាំងនោះនឹងកើតឡើងជាពុំខាន។
១៤:២៦—តើសិស្សរបស់ព្រះយេស៊ូត្រូវ«លះអាល័យ»ឪពុកម្ដាយ ប្រពន្ធកូននិងបងប្អូនក្នុងន័យអ្វី? ពួកគ្រិស្តសាសនិកត្រូវតែ«លះអាល័យ[ភាសាដើមថា «ស្អប់»]»ក្រុមគ្រួសារក្នុងន័យថា ត្រូវតែស្រឡាញ់ពួកគាត់តិចជាងស្រឡាញ់ព្រះយេស៊ូ។ ហេតុនេះហើយបានជាព្រះគម្ពីរភាសាខ្មែរសម្រាយបកប្រែឃ្លានេះថា៖ ‹អ្នកដែលចង់តាមព្រះយេស៊ូ ត្រូវតែស្រឡាញ់ទ្រង់ខ្លាំងជាងឪពុកម្ដាយ ប្រពន្ធកូននិងបងប្អូន›។ ក្នុងគម្ពីរ ពាក្យ«ស្អប់»អាចមានន័យថា ស្រឡាញ់មនុស្សម្នាក់ឬវត្ថុអ្វីមួយតិចជាងមួយទៀត។—លោ. ២៩:៣០, ៣១; ម៉ាថ. ១០:៣៧
១៧:៣៤-៣៧—តើនរណាប្រៀបដូចជា«ឥន្ទ្រី»? តើ«ខ្មោច»ដែលជាទីប្រជុំគ្នានោះ សំដៅទៅលើអ្វី? សត្វឥន្ទ្រីអាចមើលឃើញឆ្ងាយ ដូច្នេះអស់អ្នកដែល«បានយកទៅ» ប្រៀបដូចជាឥន្ទ្រីពីព្រោះចេះគិតវែងឆ្ងាយ។ «ខ្មោច»ដែលជាទីប្រជុំគ្នា សំដៅទៅលើព្រះគ្រិស្តនិងការណែនាំពីព្រះយេហូវ៉ាដែលប្រៀបដូចជាអាហារ ដែលយើងទទួលក្នុងអំឡុងវត្តមានដ៏មើលមិនឃើញរបស់ព្រះយេស៊ូ។—ម៉ាថ. ២៤:២៨
២២:៤៤—ហេតុអ្វីក៏ព្រះយេស៊ូកើតទុក្ខជាខ្លាំងដល់ម្ល៉េះ? មានមូលហេតុមួយចំនួន។ ព្រះយេស៊ូបារម្ភអំពីអារម្មណ៍របស់ព្រះយេហូវ៉ានិងកិត្ដិនាមទ្រង់ ដោយសារគេនឹងធ្វើគុតព្រះយេស៊ូដូចជាឧក្រិដ្ឋជន។ បន្ថែមទៀត ព្រះយេស៊ូជ្រាបថា អនាគតរបស់មនុស្សជាតិទាំងមូល និងសេចក្ដីសង្ឃឹមរបស់មនុស្សម្នាក់ៗក្នុងការទទួលជីវិតដែលគ្មានទីបញ្ចប់ គឺពឹងផ្អែកទៅលើចិត្តស្មោះភក្ដីរបស់ទ្រង់។
២៣:៤៤—តើសូរ្យគ្រាសបណ្ដាលឲ្យមានភាពងងឹតនោះអស់រយៈបីម៉ោងមែនទេ? មិនមែនទេ។ សូរ្យគ្រាសតែងតែមាននៅពេលចូលខែ ដែលហៅថាខ្នើត មិនមែននៅពេលខែពេញបូណ៌មី ដែលត្រូវនឹងបុណ្យរំលងនោះទេ។ ភាពងងឹតដែលគ្របមកលើផែនដីពេលព្រះយេស៊ូទទួលមរណភាពនោះ ជាអព្ភូតហេតុដែលព្រះយេហូវ៉ាបានធ្វើវិញ។
មេរៀនសម្រាប់យើង:
១១:១-៤: ពាក្យក្នុងខទាំងនេះ គឺខុសគ្នាបន្ដិចពីពាក្យដែលព្រះយេស៊ូបានពោល១៨ខែមុននោះ ពេលទ្រង់ឲ្យគំរូពីរបៀបអធិដ្ឋានក្នុងធម្មទាននៅលើភ្នំ។ ពាក្យខុសគ្នាទាំងនេះបញ្ជាក់យ៉ាងច្បាស់ថា ពេលអធិដ្ឋាន មិនគប្បីឲ្យយើងសូត្រពាក្យដែលបានទន្ទេញចាំមាត់ទេ។—ម៉ាថ. ៦:៩-១៣
១១:៥, ១៣: ថ្វីបើព្រះយេហូវ៉ាពេញចិត្តធ្វើតាមសំណូមពររបស់យើងក្ដី យើងនៅតែគួរព្យាយាមជាប់ជានិច្ចក្នុងការអធិដ្ឋាន។—១យ៉ូន. ៥:១៤
១១:៤១: ពេលយើងឲ្យទាននោះ នេះគួរផុសចេញពីចិត្តស្មោះស្ម័គ្រដែលចង់បង្ហាញសេចក្ដីស្រឡាញ់។
១២:៤៧, ៤៨: អ្នកណាដែលមានភារកិច្ចច្រើន តែមិនបំពេញភារកិច្ចនោះឲ្យបានល្អ អ្នកនោះមានកំហុសខ្លាំងជាងអ្នកដែលមិនដឹងថាមានភារកិច្ច ឬមិនយល់ច្បាស់ពីអ្វីដែលគាត់គួរធ្វើទៅវិញ។
១៤:២៨, ២៩: គប្បីឲ្យយើងចេះរស់នៅស្របទៅតាមកម្រិតធនធានរបស់ខ្លួន។
២២:៣៦-៣៨: ព្រះយេស៊ូមិនបានសុំសិស្សរបស់ទ្រង់ឲ្យយកអាវុធដើម្បីការពារខ្លួនទេ។ ផ្ទុយទៅវិញ មូលហេតុដែលពួកគាត់មានដាវនៅវេលាយប់ដែលយូដាសបានក្បត់ព្រះយេស៊ូ គឺដើម្បីផ្ដល់ឱកាសឲ្យទ្រង់បង្រៀនមេរៀនសំខាន់មួយថា៖ «អស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ»។—ម៉ាថ. ២៦:៥២
[រូបភាពនៅទំព័រ៣១]
ក្នុងនាមជាមេគ្រួសារមួយរូប លោកយ៉ូសែបជាគំរូដ៏ល្អ
[រូបភាពនៅទំព័រ៣២]
កំណត់ហេតុរបស់លោកលូកាស្តីអំពីជីវិតនិងកិច្ចបម្រើរបស់ព្រះយេស៊ូមានព័ត៌មានល្អិតល្អន់ជាងកំណត់ហេតុឯទៀត