ជំពូកទី៧២
លោកយេស៊ូចាត់អ្នកកាន់តាម៧០នាក់ឲ្យទៅផ្សព្វផ្សាយ
លោកយេស៊ូជ្រើសរើសអ្នកកាន់តាម៧០នាក់ ហើយចាត់ពួកគាត់ឲ្យទៅផ្សព្វផ្សាយ
រហូតដល់ចុងឆ្នាំ៣២ គ.ស. លោកយេស៊ូបានទទួលការជ្រមុជទឹកអស់ប្រហែលជាបីឆ្នាំហើយ។ លោកនិងអ្នកកាន់តាមលោកទើបតែបានចូលរួមបុណ្យរោងនៅក្រុងយេរូសាឡិម ហើយតាមមើលទៅពួកគាត់នៅជិតក្រុងនោះនៅឡើយ។ (លូកា ១០:៣៨; យ៉ូហាន ១១:១) តាមការពិត លោកយេស៊ូបានចំណាយពេលប្រហែលជា៦ខែចុងក្រោយក្នុងកិច្ចបម្រើផ្សាយនៅតំបន់យូឌា ឬឆ្លងទៅទន្លេយ៉ូដាន់ក្នុងតំបន់ភេរៀ ពីព្រោះនៅទីនោះមនុស្សក៏ត្រូវការឮដំណឹងអំពីរាជាណាចក្រដែរ។
ក្រោយពីបុណ្យរំលងឆ្នាំ៣០ គ.ស. លោកយេស៊ូបានចំណាយពេលអស់ប៉ុន្មានខែក្នុងកិច្ចផ្សព្វផ្សាយនៅតំបន់យូឌា ហើយធ្វើដំណើរកាត់ស្រុកសាម៉ារី។ បន្ទាប់មក ពេលជិតដល់បុណ្យរំលងឆ្នាំ៣១ គ.ស. ជនជាតិយូដានៅក្រុងយេរូសាឡិមបានប៉ុនប៉ងសម្លាប់លោក។ ក្រោយពីបុណ្យនោះ លោកយេស៊ូបានចំណាយពេលអស់មួយឆ្នាំកន្លះដើម្បីបង្រៀនបណ្ដាជននៅតំបន់ខាងជើងនៃស្រុកកាលីឡេ។ នាអំឡុងពេលនោះ មនុស្សជាច្រើនបានក្លាយទៅជាអ្នកកាន់តាមលោក។ ក្នុងស្រុកកាលីឡេ លោកយេស៊ូបានបង្ហាត់បង្រៀនពួកសាវ័ករបស់លោក រួចមកលោកចាត់ពួកគាត់ឲ្យទៅផ្សព្វផ្សាយ ដោយបង្គាប់ថា៖ «ចូរផ្សព្វផ្សាយថា៖ ‹រាជាណាចក្រស្ថានសួគ៌គឺជិតដល់ហើយ›»។ (ម៉ាថាយ ១០:៥-៧) ឥឡូវ លោករៀបចំឲ្យមានសកម្មភាពពិសេសក្នុងការផ្សព្វផ្សាយនៅតំបន់យូឌា។
ដើម្បីចាប់ផ្ដើមសកម្មភាពពិសេសនេះ លោកយេស៊ូបានជ្រើសរើសអ្នកកាន់តាម៧០នាក់ ហើយចាត់ពួកគាត់ជាគូៗ។ ដូច្នេះ ទាំងអស់មាន៣៥គូដែលជាអ្នកផ្សព្វផ្សាយរាជាណាចក្រក្នុងតំបន់នោះ។ នៅទីនោះ«ផលដំណាំដែលត្រូវប្រមូលមានច្រើនមែន តែកម្មករមានតិចទេ»។ (លូកា ១០:២) ពួកគាត់បានទៅផ្សព្វផ្សាយនៅតំបន់នោះមុន រួចមកលោកយេស៊ូប្រហែលជាទៅតាមក្រោយ។ អ្នកកាន់តាម៧០នាក់នោះបានធ្វើឲ្យមនុស្សឈឺជាសះស្បើយ ហើយផ្សាយដំណឹងដែលលោកយេស៊ូកំពុងប្រកាសផ្សាយដែរ។
ពួកអ្នកកាន់តាមទាំងនេះមិនបានផ្ដោតអារម្មណ៍ទៅលើការបង្រៀនក្នុងសាលាប្រជុំទេ។ ហេតុអ្វី? ពីព្រោះលោកយេស៊ូបានប្រាប់ពួកគាត់ឲ្យចូលក្នុងផ្ទះរបស់បណ្ដាជនវិញ ដោយបង្គាប់ថា៖ ‹ពេលដែលអ្នកចូលក្នុងផ្ទះណាមួយ ចូរជូនពរជាមុនថា៖ «សូមឲ្យផ្ទះនេះបានប្រកបដោយសេចក្ដីសុខ»។ បើអ្នកដែលចង់បានសេចក្ដីសុខនៅទីនោះ សេចក្ដីសុខដែលអ្នករាល់គ្នាបានជូនពរនឹងកើតមានដល់អ្នកនោះ›។ ចុះតើពួកគាត់នឹងផ្សាយអំពីដំណឹងអ្វី? លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ ‹ចូរប្រាប់ពួកគេថា៖ «រាជាណាចក្ររបស់ព្រះបានចូលមកជិតអ្នករាល់គ្នាហើយ»›។—លូកា ១០:៥-៩
ការណែនាំដែលលោកយេស៊ូបានឲ្យដល់អ្នកកាន់តាម៧០នាក់ ក៏ដូចគ្នានឹងការណែនាំដែលលោកបានឲ្យដល់ពួកសាវ័ក១២នាក់ ដែលលោកបានចាត់ឲ្យទៅផ្សព្វផ្សាយប្រហែលជាមួយឆ្នាំមុនដែរ។ លោកព្រមានពួកគាត់ជាមុនថា មិនមែនមនុស្សទាំងអស់នឹងទទួលស្វាគមន៍ពួកគាត់ទេ។ ទោះជាយ៉ាងនោះក៏ដោយ ពួកគាត់នៅតែព្យាយាមជួយមនុស្សដែលព្រមស្ដាប់ឲ្យត្រៀមចិត្តដើម្បីទទួលលោកយេស៊ូដែលនឹងមកនាពេលបន្ដិចទៀត។ ដូច្នេះ មនុស្សជាច្រើននឹងចង់ជួបលោកយេស៊ូដែលជាម្ចាស់ ហើយរៀនពីលោក។
មិនយូរប៉ុន្មានក្រោយមក អ្នកផ្សព្វផ្សាយរាជាណាចក្រទាំង៣៥គូនោះត្រឡប់មកជួបលោកយេស៊ូវិញ។ ពួកគាត់ជម្រាបលោកដោយមានអំណរយ៉ាងខ្លាំងថា៖ «លោកម្ចាស់ សូម្បីតែពួកវិញ្ញាណកំណាចក៏ស្ដាប់បង្គាប់យើងដោយសារនាមរបស់លោក»។ សេចក្ដីរាយការណ៍ដ៏ល្អនេះពិតជាបានធ្វើឲ្យលោកយេស៊ូរំភើបចិត្តមែន! ហេតុនេះហើយបានជាលោកមានប្រសាសន៍ថា៖ «ខ្ញុំបានឃើញសាថាន ធ្លាក់ដូចផ្លេកបន្ទោរពីស្ថានសួគ៌រួចហើយ។ មើល! ខ្ញុំបានឲ្យអ្នកមានអំណាចជាន់ឈ្លីសត្វពស់និងខ្យាដំរី»។—លូកា ១០:១៧-១៩
ដូច្នេះ លោកយេស៊ូពង្រឹងទំនុកចិត្តអ្នកកាន់តាមលោកថា ពួកគាត់នឹងអាចយកឈ្នះឧបសគ្គផ្សេងៗ។ នេះប្រៀបដូចជាការជាន់ឈ្លីសត្វពស់និងខ្យាដំរី។ ម្យ៉ាងទៀត ពួកគាត់អាចជឿជាក់ថាសាថាននឹងត្រូវបោះទម្លាក់ពីស្ថានសួគ៌នាពេលខាងមុខ។ លោកយេស៊ូក៏បានជួយអ្នកកាន់តាម៧០នាក់ឲ្យយល់នូវអ្វីដែលពិតជាសំខាន់ជាងនៅថ្ងៃអនាគតដែរ ដោយមានប្រសាសន៍ថា៖ «កុំត្រេកអរដោយសារពួកវិញ្ញាណត្រូវចុះចូលក្នុងអំណាចអ្នករាល់គ្នានោះឡើយ ប៉ុន្តែចូរត្រេកអរពីព្រោះឈ្មោះរបស់អ្នករាល់គ្នាបានត្រូវចារឹកទុកនៅឯស្ថានសួគ៌វិញ»។—លូកា ១០:២០
លោកយេស៊ូត្រេកអរពន់ពេក ហើយសរសើរបិតារបស់លោក ដោយសារលោកកំពុងប្រើខ្ញុំបម្រើដែលមានចិត្តរាបទាបទាំងនេះឲ្យសម្រេចកិច្ចការតាមរបៀបដ៏អស្ចារ្យដូចនេះ។ រួចមក លោកក៏បែរទៅរកអ្នកកាន់តាមលោក ហើយមានប្រសាសន៍ទៅពួកគាត់ថា៖ «អស់អ្នកណាដែលមើលឃើញអ្វីៗដែលអ្នករាល់គ្នាកំពុងមើលឃើញ អ្នកទាំងនោះមានសុភមង្គលហើយ។ ព្រោះខ្ញុំប្រាប់អ្នករាល់គ្នាថា ធ្លាប់មានពួកអ្នកប្រកាសទំនាយនិងស្តេចជាច្រើននាក់ដែលចង់ឃើញអ្វីដែលអ្នកកំពុងឃើញ តែមិនបានឃើញឡើយ ក៏ចង់ឮអ្វីដែលអ្នកកំពុងឮ តែមិនបានឮដែរ»។—លូកា ១០:២៣, ២៤