ជំពូកទី៧៣
តើតាមរបៀបណាជនជាតិសាម៉ារីម្នាក់ជាអ្នកជិតខាងពិត?
របៀបទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក
ជនជាតិសាម៉ារីម្នាក់ដែលបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកឯទៀត
កាលដែលលោកយេស៊ូនៅជិតក្រុងយេរូសាឡិមនៅឡើយ មានជនជាតិយូដាជាច្រើនបានមកជួបលោក។ អ្នកខ្លះចង់រៀនពីលោក រីឯអ្នកខ្លះទៀតចង់ល្បងលលោក។ ក្នុងចំណោមពួកគេមានអ្នកជំនាញខាងច្បាប់ម្នាក់បានសួរលោកថា៖ «លោកគ្រូ តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។—លូកា ១០:២៥
លោកយេស៊ូដឹងថាបុរសនោះមិនមែនសួរដើម្បីចង់ដឹងចម្លើយនោះទេ។ លោកជ្រាបថាបុរសនោះមានទស្សនៈផ្ទាល់ខ្លួនរួចហើយ។ ប៉ុន្តែ បុរសនោះប្រហែលជាព្យាយាមឲ្យលោកយេស៊ូឆ្លើយតាមរបៀបមួយដែលធ្វើឲ្យជនជាតិយូដាទើសចិត្ត។ ដូច្នេះ លោកឆ្លើយដោយប្រាជ្ញាតាមរបៀបមួយដែលនាំឲ្យបុរសនោះបង្ហាញអំពីអ្វីដែលគាត់កំពុងគិត។
លោកយេស៊ូសួរបុរសនោះថា៖ «តើច្បាប់ចែងយ៉ាងណា? ពេលដែលអានតើអ្នកយល់ដូចម្ដេច?»។ បុរសម្នាក់នេះបានសិក្សាច្បាប់របស់ព្រះ ហេតុនេះចម្លើយរបស់គាត់មានមូលដ្ឋានលើច្បាប់នោះ។ គាត់ដកស្រង់បទគម្ពីរនៅចោទិយកថា ៦:៥ និងលេវីវិន័យ ១៩:១៨ ដោយឆ្លើយថា៖ «‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង អស់ពីកម្លាំង ហើយអស់ពីសមត្ថភាពរិះគិត› ហើយ ‹អ្នកត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនអ្នក›»។ (លូកា ១០:២៦, ២៧) តើនេះពិតជាចម្លើយចំពោះសំណួរដែលគាត់សួរលោកយេស៊ូឬ?
លោកយេស៊ូប្រាប់បុរសនោះថា៖ «អ្នកឆ្លើយត្រឹមត្រូវហើយ ‹ចូរបន្តធ្វើដូច្នោះ ហើយអ្នកនឹងបានជីវិត›»។ ប៉ុន្តែ តើនេះបានបញ្ចប់ការពិគ្រោះនោះឬទេ? បុរសនោះមិនគ្រាន់តែចង់បានចម្លើយត្រង់នោះទេ តែគាត់កំពុង«បញ្ជាក់ថាខ្លួនគាត់សុចរិត» ដោយចង់បង្ហាញថាទស្សនៈរបស់គាត់គឺត្រឹមត្រូវ ហើយថាការប្រព្រឹត្តរបស់គាត់ចំពោះអ្នកឯទៀតក៏ត្រឹមត្រូវដែរ។ ដូច្នេះ គាត់សួរលោកយេស៊ូថា៖ «តើអ្នកណាទៅ ជាអ្នកជិតខាងរបស់ខ្ញុំ?»។ (លូកា ១០:២៨, ២៩) សំណួរនេះហាក់ដូចជាស្រួលឆ្លើយ តែមានអត្ថន័យជ្រាលជ្រៅ។ ហេតុអ្វីដូច្នេះ?
ជនជាតិយូដាជឿថាពាក្យ«អ្នកជិតខាង»គ្រាន់តែសំដៅទៅលើតែអ្នកដែលធ្វើតាមទំនៀមទម្លាប់របស់ជនជាតិយូដាប៉ុណ្ណោះ ហើយបទគម្ពីរនៅលេវីវិន័យ ១៩:១៨ ហាក់ដូចជាគាំទ្រជំនឿនេះ។ តាមពិត ជនជាតិយូដាម្នាក់ប្រហែលជាអះអាងថា«គ្មានច្បាប់»ឲ្យជនជាតិយូដាទាក់ទងជាមួយនឹងជនជាតិដទៃឡើយ។ (សកម្មភាព ១០:២៨) ដូច្នេះ បុរសនេះ រួមទាំងអ្នកកាន់តាមខ្លះរបស់លោកយេស៊ូ ប្រហែលជាគិតថាពួកគេជាមនុស្សសុចរិត បើពួកគេប្រព្រឹត្តដោយសប្បុរសចំពោះជនជាតិយូដាដូចគ្នា។ ប៉ុន្តែ ពួកគេទំនងជាប្រព្រឹត្តដោយមិនសប្បុរសចំពោះជនជាតិដទៃ ពីព្រោះពួកគេគិតថាជនជាតិដទៃមិនមែនជា«អ្នកជិតខាង»ឡើយ។
តើតាមរបៀបណាលោកយេស៊ូអាចកែប្រែទស្សនៈរបស់ពួកគេដោយមិនធ្វើឲ្យបុរសនោះនិងជនជាតិយូដាឯទៀតទើសចិត្ត? លោកបានធ្វើដូច្នេះដោយប្រាប់រឿងមួយថា៖ «មានបុរសម្នាក់កំពុងធ្វើដំណើរចុះពីក្រុងយេរូសាឡិមទៅក្រុងយេរីខូ ក៏បានធ្លាក់ក្នុងកណ្ដាប់ដៃពួកចោរប្លន់។ ចោរទាំងនោះបានចាប់ដោះយកសម្លៀកបំពាក់គាត់ ក៏វាយដំ រួចចេញទៅដោយទុកគាត់ចោលស្ទើរស្លាប់ស្ទើររស់។ ចៃដន្យ នៅពេលនោះមានសង្ឃម្នាក់កំពុងចុះតាមផ្លូវនោះដែរ ប៉ុន្តែកាលដែលឃើញបុរសនោះ សង្ឃក៏ជៀសទៅម្ខាងផ្លូវហើយបន្តដំណើរ។ ដូចគ្នាដែរ ពេលបុរសម្នាក់ពីកុលសម្ព័ន្ធលេវីបានចុះទៅដល់កន្លែងនោះហើយឃើញបុរសនោះ គាត់ក៏ជៀសទៅម្ខាងផ្លូវ ហើយបន្តដំណើរដែរ។ ប៉ុន្តែបុរសជនជាតិសាម៉ារីម្នាក់ដែលកំពុងធ្វើដំណើរតាមផ្លូវនោះបានប្រទះឃើញបុរសនោះ។ កាលបានឃើញហើយ គាត់ក៏មានចិត្តក្ដួលអាណិត»។—លូកា ១០:៣០-៣៣
បុរសដែលលោកយេស៊ូកំពុងប្រាប់រឿងនោះ ពិតជាដឹងថាមានពួកសង្ឃជាច្រើននិងជំនួយការជាពួកលេវី ដែលបម្រើនៅវិហារ។ ពួកគេរស់នៅក្នុងក្រុងយេរីខូ។ ដើម្បីត្រឡប់ពីវិហារ ពួកគេត្រូវធ្វើដំណើរចុះតាមផ្លូវដែលមានចម្ងាយប្រហែលជា២៣គីឡូម៉ែត្រ។ អ្នកដែលធ្វើដំណើរតាមផ្លូវនេះអាចជួបនឹងគ្រោះថ្នាក់ ពីព្រោះមានចោរចាំស្ទាក់ប្លន់។ បើសង្ឃម្នាក់និងលេវីម្នាក់ឃើញជនជាតិយូដាដូចគ្នាស្ថិតក្នុងគ្រោះថ្នាក់ តើពួកគេគួរជួយគាត់ឬទេ? ក្នុងរឿងនេះ លោកយេស៊ូប្រាប់ថាពួកគេមិនបានធ្វើដូច្នោះឡើយ។ ប៉ុន្តែ អ្នកដែលជួយបុរសនោះគឺជាជនជាតិសាម៉ារីម្នាក់ ជាជាតិសាសន៍មួយដែលជនជាតិយូដាស្អប់។—យ៉ូហាន ៨:៤៨
តើជនជាតិសាម៉ារីនោះជួយជនជាតិយូដាដែលមានគ្រោះថ្នាក់យ៉ាងដូចម្ដេច? លោកយេស៊ូបន្តប្រាប់ថា៖ «គាត់ទៅជិតហើយរុំរបួសឲ្យបុរសនោះ ក៏ចាក់ប្រេងនិងស្រាលើរបួសនោះផង។ រួចមក គាត់លើកបុរសនោះដាក់លើសត្វជាជំនិះរបស់គាត់ ក៏នាំយកទៅផ្ទះសម្នាក់មួយហើយថែទាំ។ លុះថ្ងៃស្អែក គាត់យកប្រាក់ពីរឌីណារី ជូនម្ចាស់ផ្ទះសម្នាក់ ក៏ប្រាប់ថា៖ ‹សូមថែទាំគាត់ ហើយបើអ្នកចំណាយប្រាក់លើសពីនេះ ខ្ញុំនឹងសងអ្នកពេលខ្ញុំត្រឡប់មកវិញ›»។—លូកា ១០:៣៤, ៣៥
ក្រោយពីបានប្រាប់រឿងនោះហើយ លោកយេស៊ូដែលជាគ្រូដ៏ឧត្តម សួរបុរសនោះនូវសំណួរមួយដែលធ្វើឲ្យគាត់រិះគិត ដោយមានប្រសាសន៍ថា៖ «តាមយោបល់របស់អ្នក តើអ្នកណាក្នុងចំណោមបុរសទាំងបីនាក់នោះបានប្រព្រឹត្តជាអ្នកជិតខាងចំពោះបុរសដែលបានធ្លាក់ក្នុងកណ្ដាប់ដៃពួកចោរ?»។ បុរសនោះប្រហែលជាមានអារម្មណ៍មិនស្រួលក្នុងការឆ្លើយថាជា«ជនជាតិសាម៉ារី»។ ដូច្នេះ គាត់ឆ្លើយថា៖ «គឺបុរសដែលបានប្រព្រឹត្តទៅលើគាត់ដោយមេត្ដាករុណា»។ បន្ទាប់មក លោកយេស៊ូប្រាប់យ៉ាងច្បាស់អំពីអ្វីដែលបុរសនោះត្រូវធ្វើ ដោយមានប្រសាសន៍ថា៖ «ចូរទៅចុះ! ហើយប្រព្រឹត្តដូច្នោះដែរ»។—លូកា ១០:៣៦, ៣៧
នេះពិតជារបៀបបង្រៀនដែលមានប្រសិទ្ធភាពមែន! បើលោកយេស៊ូគ្រាន់តែប្រាប់បុរសនោះថា ជនជាតិដទៃក៏ជាអ្នកជិតខាងរបស់គាត់ដែរ តើបុរសនោះនិងជនជាតិយូដាឯទៀតព្រមទទួលចម្លើយរបស់លោកយេស៊ូឬទេ? ពួកគេប្រហែលជាមិនព្រមទេ។ ក៏ប៉ុន្តែ លោកយេស៊ូបានលើករឿងមួយដែលមានព័ត៌មានជាក់លាក់ដែលអ្នកស្ដាប់អាចយល់បាន ហេតុនេះពួកគេអាចយល់ច្បាស់ចំពោះសំណួរដែលថា«តើអ្នកណាទៅ ជាអ្នកជិតខាងរបស់ខ្ញុំ?»។ ដូច្នេះ អ្នកជិតខាងពិតគឺជាអ្នកដែលបង្ហាញសេចក្ដីស្រឡាញ់និងមានចិត្តសប្បុរស ដូចខគម្ពីរបង្គាប់ឲ្យយើងធ្វើ។