ជំពូកទីដប់មួយ
‹ចូរបន្តស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន›
១. (ក) ហេតុអ្វីបានជាព្រះយេស៊ូដាស់តឿនពួកអ្នកស្ដាប់ទ្រង់ ឲ្យស្វែងរកព្រះរាជាណាចក្រនៃព្រះជាមុនសិន? (ខ) តើយើងគួរសួរសំនួរអ្វី?
ជាង១.៩០០ឆ្នាំកន្លងទៅហើយ ក្នុងសុន្ទរកថាមួយនៅស្រុកកាលីឡេ នោះព្រះយេស៊ូបានដាស់តឿនពួកអ្នកស្ដាប់ទ្រង់ថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន»។ ប៉ុន្តែ តើមានមូលហេតុអ្វីចំពោះភាពបន្ទាន់នេះ? បើគ្រាដែលព្រះគ្រីស្ទនឹងទទួលអំណាចគ្រប់គ្រងក្នុងព្រះរាជាណាចក្រ គឺនៅច្រើនសតវត្សក្រោយមកទៀតនោះ។ មែនហើយ ព្រះរាជាណាចក្រនៃព្រះមេស្ស៊ី នឹងត្រូវធ្វើជាខ្សែរយៈដែលព្រះយេហូវ៉ានឹងប្រើដើម្បីធ្វើយុត្ដិកម្មដល់អធិបតេយ្យរបស់ទ្រង់ និងដើម្បីសម្រេចនូវគោលបំណងដ៏ធំអស្ចារ្យចំពោះផែនដីនេះ។ អ្នកណាម្នាក់ដែលពិតជាយល់នូវសារៈសំខាន់នៃរឿងទាំងនេះ នឹងឲ្យព្រះរាជាណាចក្រមានអាទិភាពក្នុងជីវិតរបស់ខ្លួន។ ប្រសិនបើមានភាពបន្ទាន់ដូច្នេះក្នុងសតវត្សទីមួយមែន សព្វថ្ងៃនេះគឺមានភាពបន្ទាន់ជាងនោះទៅទៀត ដ្បិតឥឡូវនេះព្រះគ្រីស្ទបានឡើងសោយរាជ្យហើយ! ដូច្នេះ សំនួរដែលត្រូវសួរឡើងគឺថា តើជីវភាពរបស់ខ្ញុំបង្ហាញថា ខ្ញុំកំពុងតែស្វែងរកព្រះរាជាណាចក្រនៃព្រះទុកជាមុនឬ?—ម៉ាថាយ ៦:៣៣
២. តើមនុស្សទូទៅខំប្រឹងស្វះស្វែងរកអ្វី?
២ តាមការពិត សព្វថ្ងៃនេះគឺមានមនុស្សរាប់លាននាក់ទូទាំងពិភពលោក ដែលកំពុងតែស្វែងរកព្រះរាជាណាចក្រនៃព្រះជាមុនសិន។ ពួកគេកំពុងតែបង្ហាញការគាំទ្រចំពោះការគ្រប់គ្រងនៃព្រះរាជាណាចក្រនេះ ដោយចាត់ទុកការថ្វាយខ្លួនចំពោះព្រះយេហូវ៉ា និងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ ជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់ខ្លួន។ ផ្ទុយទៅវិញ មនុស្សភាគច្រើន គឺចាប់អារម្មណ៍នឹងការស្វែងរករបស់ធម្មតាក្នុងជីវិតប្រចាំថ្ងៃ។ ពួកគេខំស្វះស្វែងរកប្រាក់កាស វត្ថុទ្រព្យ ការកំសាន្ត និងអ្វីៗដែលលុយអាចទិញបាន។ ឬក៏ពួកគេខំប្រឹងធ្វើឲ្យអាជីពរបស់ពួកគេចំរើនឡើង។ ជីវភាពរបស់ពួកគេបង្ហាញថា ពួកគេខ្វល់តែរឿងផ្ទាល់ខ្លួន ខ្វល់ខ្វាយអំពីទ្រព្យសម្បត្ដិ និងការកំសាន្តតែប៉ុណ្ណោះ។ ពួកគេចាត់ទុកការស្វែងរកព្រះជាកិច្ចការដែលមិនសំខាន់ ព្រមទាំងមិនជឿថាមានព្រះទៀតផង។—ម៉ាថាយ ៦:៣១, ៣២
៣. (ក) តើព្រះយេស៊ូលើកទឹកចិត្តសិស្សរបស់ទ្រង់ឲ្យស្វែងរកទ្រព្យសម្បត្ដិបែបណា? ហើយហេតុអ្វី? (ខ) ហេតុអ្វីក៏យើងមិនត្រូវខ្វល់ខ្វាយពីទ្រព្យសម្បត្ដិហួសហេតុពេក?
៣ ប៉ុន្តែ ចំពោះពួកសិស្សរបស់ព្រះយេស៊ូវិញ នោះទ្រង់ប្រទាននូវឱវាទនេះថា៖ «កុំឲ្យប្រមូលទ្រព្យសម្បត្ដិ ទុកសំរាប់ខ្លួន នៅផែនដី» ពីព្រោះរបស់ទាំងនេះមិនដែលនៅបានយូរទេ។ ទ្រង់មានបន្ទូលថា៖ «ត្រូវប្រមូលទ្រព្យសម្បត្ដិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ»ដោយបំរើព្រះយេហូវ៉ា។ ព្រះយេស៊ូបានដាស់តឿនពួកអ្នកកាន់តាមទ្រង់ឲ្យរក្សាភ្នែករបស់ពួកគេឲ្យបាន«ល្អ[«សម្លឹងឲ្យចំ», ព.ថ.]» ដោយប្រមូលអារម្មណ៍និងកម្លាំងទុកធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវិញ។ ទ្រង់មានបន្ទូលប្រាប់ពួកគេថា៖ «គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ»។ ចុះយ៉ាងណាវិញចំពោះសេចក្ដីត្រូវការខាងរាងកាយ ដូចជាម្ហូបអាហារ សំលៀកបំពាក់ និងទីជម្រក? ព្រះយេស៊ូឲ្យឱវាទថា៖ «កុំឲ្យខ្វល់ខ្វាយ»ឡើយ។ ទ្រង់បានអញ្ជើញឲ្យពួកគេគិតអំពីសត្វស្លាបទាំងឡាយ ដែលព្រះបានចិញ្ចឹមពួកវាទាំងនោះ។ ព្រះយេស៊ូបានលើកទឹកចិត្តពួកអ្នកកាន់តាមទ្រង់ឲ្យរៀនពីផ្កាទាំងឡាយ ពីព្រោះព្រះបានតុបតែងផ្កាទាំងនោះ។ ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាដែលមានសតិបញ្ញានោះ គឺមានតម្លៃច្រើនជាងរបស់ទាំងនេះ មែនទេ? ព្រះយេស៊ូមានបន្ទូលថា៖ «ចូរស្វែងរកនគរ នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់[ដ៏ចាំបាច់]ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ (ម៉ាថាយ ៦:១៩-៣៤) តើសកម្មភាពរបស់អ្នកបង្ហាញថា អ្នកជឿលើបន្ទូលរបស់ទ្រង់ទេ?
ចូរកុំឲ្យអ្វីមករួបខ្ទប់សេចក្ដីពិតអំពីព្រះរាជាណាចក្ររបស់ព្រះ
៤. តើអាចមានលទ្ធផលយ៉ាងណា បើបុគ្គលម្នាក់ចាត់ទុកទ្រព្យសម្បត្ដិជាអ្វីដ៏សំខាន់នោះ?
៤ គឺជាការត្រឹមត្រូវដែលខ្វល់ខ្វាយអំពីការរកឲ្យបានល្មមគ្រប់គ្រាន់ ដើម្បីបំពេញនូវសេចក្ដីត្រូវការខាងរាងកាយរបស់ខ្លួននិងក្រុមគ្រួសារ។ ប៉ុន្តែ ប្រសិនបើបុគ្គលម្នាក់ខ្វល់ខ្វាយហួសហេតុពេកចំពោះវត្ថុទ្រព្យ នោះនឹងមានលទ្ធផលដ៏ហិនហោចជាពុំខាន។ ទោះជាបុគ្គលម្នាក់អះអាងថា គាត់ជឿលើព្រះរាជាណាចក្រនៃព្រះហើយក្ដី តែបើក្នុងចិត្តគាត់ស្វែងរកអ្វីទៀតមុនព្រះរាជាណាចក្ររបស់ព្រះ នេះនឹងរួបខ្ទប់សេចក្ដីពិតអំពីព្រះរាជាណាចក្ររបស់ព្រះមិនខាន។ (ម៉ាថាយ ១៣:១៨-២២) ជាឧទាហរណ៍ នៅគ្រាមួយនាម៉ឺនវ័យក្មេងម្នាក់ជាអ្នកមានបានទូលសួរព្រះយេស៊ូថា៖ «តើត្រូវឲ្យខ្ញុំធ្វើដូចម្ដេច ប្រយោជន៍ឲ្យបានគ្រងជីវិតរស់អស់កល្បជានិច្ច?»។ ជីវិតគាត់បានដើរតាមគន្លងសីលធម៌ជានិច្ច និងគាត់តែងប្រព្រឹត្តល្អដល់អ្នកដទៃ តែគាត់ស្រឡាញ់ទ្រព្យសម្បត្ដិហួសហេតុពេក។ គាត់មិនអាចបោះបង់ចោលទ្រព្យសម្បត្ដិរបស់ខ្លួន ដើម្បីឲ្យអាចក្លាយទៅជាអ្នកកាន់តាមរបស់ព្រះគ្រីស្ទឡើយ។ ដូច្នេះហើយ គាត់មិនបានឆ្លៀតយកឱកាសដែលគាត់មាន ដើម្បីនៅជាមួយនឹងព្រះគ្រីស្ទក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌នោះទេ។ ព្រះយេស៊ូមានបន្ទូលនៅពេលនោះថា៖ «ដែលមនុស្សអ្នកមានចូលទៅក្នុងនគរព្រះនោះពិបាកណាស់!»។—ម៉ាកុស ១០:១៧-២៣
៥. (ក) តើប៉ុលលើកទឹកចិត្តធីម៉ូថេឲ្យស្កប់ចិត្តនឹងអ្វី? ហើយហេតុអ្វី? (ខ) តើតាមរបៀបណាដែលសាតាំងប្រើ«ការដែលស្រឡាញ់ប្រាក់» ជាអន្ទាក់ដែលនាំទៅដល់ក្ដីអន្តរាយ?
៥ ជាច្រើនឆ្នាំក្រោយមក សាវ័កប៉ុលបានសរសេរទៅកាន់ធីម៉ូថេ ដែលនៅពេលនោះធីម៉ូថេរស់នៅក្នុងក្រុងអេភេសូរ ជាទីក្រុងពាណិជ្ជកម្មដ៏រីកចំរើន។ ប៉ុលបានរំឭកធីម៉ូថេថា៖ «ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ»។ ការប្រកបមុខរបរដើម្បីឲ្យមាន«អាហារទទួលទាន នឹងសំលៀកបំពាក់»សំរាប់ខ្លួននិងក្រុមគ្រួសាររបស់យើង គឺសមត្រឹមត្រូវ។ ប៉ុន្តែ ប៉ុលបានព្រមានថា៖ «ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្ដីល្បួងនឹងអន្ទាក់ ហើយក្នុងបំណងជាច្រើនដែលផ្ដេសផ្ដាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្ដីហិនវិនាស នឹងសេចក្ដីអន្តរធានវិញ»។ សាតាំងវាមានកលល្បិចពិសពុលណាស់។ ជាដំបូង វាអាចល្បួងមនុស្សម្នាក់តាមវិធីមួយដ៏ស្រួល។ ក្រោយមក វាធ្វើឲ្យមានការបង្ខិតបង្ខំខ្លាំងជាង ប្រហែលជាវាធ្វើឲ្យយើងមានឱកាសឡើងឋានៈ ឬមានការងារដែលបានប្រាក់ខែច្រើនជាងមុន ដែលការងារនោះទាមទារយកពេលវេលារបស់យើងដែលទុកសំរាប់រឿងខាងវិញ្ញាណ។ បើយើងមិនប្រុងប្រយ័ត្នទេ នោះ «ការដែលស្រឡាញ់ប្រាក់» អាចជាការរារាំងដល់ភារកិច្ចដ៏សំខាន់ៗខាងព្រះរាជាណាចក្រ។ ប៉ុលបានមានប្រសាសន៍ដូចនេះថា៖ «អ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្ដីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្ដីព្រួយលំបាកជាច្រើន»។—ធីម៉ូថេទី១ ៦:៧-១០
៦. (ក) តើយើងត្រូវតែធ្វើអ្វី ដើម្បីជៀសវាងពីឥទ្ធិពលទាក់ទាញឲ្យស្វែងរកទ្រព្យសម្បត្ដិ? (ខ) ទោះជាមានស្ថានការណ៍សេដ្ឋកិច្ចក្នុងពិភពលោកសព្វថ្ងៃនេះយ៉ាងណាក៏ដោយ តើយើងអាចមានទំនុកចិត្តយ៉ាងណា?
៦ ប៉ុលមានសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះធីម៉ូថេ ហើយគាត់ក៏បានដាស់តឿនធីម៉ូថេដែរថា៖ «ចូរឲ្យអ្នករត់ចៀសចេញពីសេចក្ដីទាំងនោះ» និង«ត្រូវពុះពារតយុទ្ធ សំរាប់ជំនឿអោយបានល្អប្រសើរ»។ (ធីម៉ូថេទី១ ៦:១១, ១២, ព្រះគម្ពីរភាសាខ្មែរសម្រាយ) យើងត្រូវខំប្រឹងជាចាំបាច់ បើយើងចង់ជៀសវាងពីការធ្លាក់ខ្លួនចូលទៅក្នុងជីវិតដែលមានបែបបទរស់នៅដូចលោកីយ៍នេះ ដែលគិតតែពីទ្រព្យសម្បត្ដិប៉ុណ្ណោះ។ ព្រះយេហូវ៉ានឹងមិនបោះបង់យើងចោលទេ បើយើងខំប្រឹងធ្វើតាមជំនឿរបស់យើងនោះ។ ទោះជាទំនិញកាន់តែថ្លៃឡើងៗ និងមនុស្សជាច្រើនគ្មានការងារធ្វើក៏ដោយ តែព្រះយេហូវ៉ានឹងធានារ៉ាប់រងយើងថា យើងនឹងមានអ្វីដែលយើងត្រូវការ។ ប៉ុលបានសរសេរថា៖ «ចូរឲ្យកិរិយាដែលអ្នករាល់គ្នាប្រព្រឹត្ត បានឥតលោភឡើយ ឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះចុះ!។ ដ្បិតទ្រង់មានបន្ទូលថា‹អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ›។ បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា‹ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបាន?›»។ (ហេព្រើរ ១៣:៥, ៦) ស្តេចដាវីឌក៏បានសរសេរថា៖ «យើងពីដើមនៅក្មេង ឥឡូវនេះចាស់ហើយ តែមិនដែលឃើញមនុស្សសុចរិតត្រូវលះបង់ចោល ឬពូជពង្សគេសូមទានអាហារឡើយ»។—ទំនុកដំកើង ៣៧:២៥
ពួកសិស្សពីដើមផ្ដល់នូវគំរូ
៧. តើព្រះយេស៊ូបានប្រទានសេចក្ដីណែនាំអ្វីដល់ពួកសិស្ស ស្តីអំពីការផ្សព្វផ្សាយ? ហេតុអ្វីក៏សេចក្ដីណែនាំទាំងនេះគឺសមត្រឹមត្រូវ?
៧ ក្រោយពីព្រះយេស៊ូបានអប់រំពួកសាវ័ករួចមក ទ្រង់ក៏បញ្ជូនពួកគាត់ឲ្យទៅផ្សព្វផ្សាយនៅកន្លែងផ្សេងៗក្នុងប្រទេសអ៊ីស្រាអែល ទាំងឲ្យពួកគាត់ប្រកាសថា៖ «នគរស្ថានសួគ៌ជិតដល់ហើយ!»។ នេះជាសារដែលធ្វើឲ្យរំភើបចិត្តមែន! សម្ដេចព្រះយេស៊ូគ្រីស្ទជាព្រះមេស្ស៊ី បានគង់នៅក្នុងចំណោមពួកសាវ័ក។ ព្រះយេស៊ូបានដាស់តឿនពួកសាវ័កឲ្យមានទំនុកចិត្តលើព្រះ ថាទ្រង់នឹងមើលថែរក្សាពួកគាត់ ពីព្រោះពួកគាត់ថ្វាយខ្លួនបំរើព្រះ។ ដូច្នេះព្រះយេស៊ូមានបន្ទូលថា៖ «កុំឲ្យយកអ្វីសំរាប់តាមផ្លូវឡើយ ទោះជាដំបង យាម នំប៉័ង ឬប្រាក់ក្ដី ក៏កុំឲ្យមានអាវ២ដែរ បើអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាចូរស្នាក់នៅផ្ទះនោះហើយចេញចូលធ្វើការចុះ!»។ (ម៉ាថាយ ១០:៥-១០; លូកា ៩:១-៦) ព្រះយេហូវ៉ាបានធានារ៉ាប់រងថា ជនជាតិអ៊ីស្រាអែលគ្នីគ្នានឹងបំពេញនូវសេចក្ដីត្រូវការរបស់ពួកគាត់ ដែលមានតាមទំនៀមទម្លាប់ ដោយជនជាតិអ៊ីស្រាអែលមានទំលាប់ទទួលស្វាគមន៍មនុស្សចម្លែកយ៉ាងរាក់ទាក់។
៨. (ក) ពីមុននឹងព្រះយេស៊ូសោយទិវង្គត ហេតុអ្វីបានជាទ្រង់ប្រទាននូវសេចក្ដីណែនាំថ្មីអំពីការផ្សព្វផ្សាយ? (ខ) តើអ្វីដែលត្រូវជាកិច្ចការដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកអ្នកកាន់តាមព្រះយេស៊ូ?
៨ ក្រោយមក មុនព្រះយេស៊ូសោយទិវង្គត ទ្រង់បានប្រាប់ពួកសាវ័កថានៅអនាគតពួកគាត់នឹងធ្វើកិច្ចការនេះក្រោមកាលៈទេសៈដែលផ្លាស់ប្ដូរ។ ដោយសារមានការប្រឆាំងជាផ្លូវការចំពោះកិច្ចការផ្សព្វផ្សាយរបស់ពួកគាត់ នោះមនុស្សនឹងពុំសូវទទួលរាក់ទាក់ពួកគាត់ក្នុងប្រទេសអ៊ីស្រាអែលឡើយ។ មិនយូរប៉ុន្មានទៀត ពួកគាត់ក៏នឹងនាំសារព្រះរាជាណាចក្រទៅសាសន៍ដទៃដែរ។ ឥឡូវនេះ ពួកគាត់ត្រូវយក«កាបូប» និង‹ថង់យាម›ទៅជាមួយខ្លួន។ ប៉ុន្តែពួកគាត់ត្រូវបន្តស្វែងរកព្រះរាជាណាចក្រ និងសេចក្ដីសុចរិតរបស់ព្រះយេហូវ៉ាទុកជាមុនសិនដែរ ទាំងទុកចិត្តថាព្រះនឹងប្រទានពរដល់ពួកគាត់ក្នុងការចិញ្ចឹមជីវិតរបស់ខ្លួន។—លូកា ២២:៣៥-៣៧
៩. តើតាមរបៀបណាដែលប៉ុលស្វែងរកព្រះរាជាណាចក្រនៃព្រះជាមុនសិនក្នុងជីវិតរបស់គាត់? និងតើគាត់ទំនុកបំរុងខ្លួនឯងដោយដូចម្ដេច? ហើយតើគាត់ឲ្យឱវាទអ្វីស្តីអំពីរឿងនេះ?
៩ សាវ័កប៉ុលបានទុកគំរូដ៏ល្អជាបុគ្គលដែលបានអនុវត្តតាមឱវាទរបស់ព្រះយេស៊ូ។ ប៉ុលបានចាត់ទុកកិច្ចបំរើផ្សាយជាអ្វីដ៏សំខាន់ជាងគេក្នុងជីវិតរបស់គាត់។ (កិច្ចការ ២០:២៤, ២៥) ពេលប៉ុលទៅផ្សព្វផ្សាយនៅកន្លែងណាមួយ គាត់បានទំនុកបំរុងខ្លួនឯង ដោយប្រកបមុខរបរធ្វើជាជាងដេរតង់។ គាត់មិនតម្រូវឲ្យអ្នកដទៃទំនុកបំរុងគាត់នោះទេ។ (កិច្ចការ ១៨:១-៤; ថែស្សាឡូនីចទី១ ២:៩) ប៉ុន្តែ ពេលអ្នកដទៃបង្ហាញសេចក្ដីស្រឡាញ់ដោយទទួលស្វាគមន៍និងផ្ដល់អំណោយជូនគាត់ នោះគាត់បានទទួលដោយចិត្តកតញ្ញូ។ (កិច្ចការ ១៦:១៥, ៣៤; ភីលីព ៤:១៥-១៧) ប៉ុលបានលើកទឹកចិត្តបណ្ដាគ្រីស្ទានថា ពួកគ្រីស្ទានពុំត្រូវបំភ្លេចនូវកាតព្វកិច្ចចិញ្ចឹមក្រុមគ្រួសាររបស់ខ្លួន ដើម្បីផ្សព្វផ្សាយនោះទេ តែក៏ត្រូវមានតុល្យភាពរវាងភារកិច្ចផ្សេងៗរបស់ខ្លួនដែរ។ គាត់បានទូន្មានឲ្យពួកគ្រីស្ទានរកការងារធ្វើ ឲ្យស្រឡាញ់ក្រុមគ្រួសារ និងឲ្យចែកដល់អ្នកណាដែលត្រូវការផង។ (អេភេសូរ ៤:២៨; ថែស្សាឡូនីចទី២ ៣:៧-១២) ប៉ុលបានដាស់តឿនពួកគ្រីស្ទានឲ្យមានទំនុកចិត្តលើព្រះ ជាជាងលើទ្រព្យសម្បត្ដិ ហើយឲ្យប្រើជីវិតរបស់ខ្លួនតាមរបៀបដែលបង្ហាញថា ពួកគេពិតជាយល់នូវអ្វីដ៏សំខាន់ជាងក្នុងជីវិត។ នេះមានន័យថា ពួកគេត្រូវធ្វើតាមសេចក្ដីបង្រៀនរបស់ព្រះយេស៊ូដែលថា ត្រូវស្វែងរកព្រះរាជាណាចក្រនៃព្រះនិងសេចក្ដីសុចរិតរបស់ព្រះមុនអ្វីៗទាំងអស់។—ភីលីព ១:៩-១១
ចូរបន្តឲ្យព្រះរាជាណាចក្រមានអាទិភាពទីមួយក្នុងជីវិតរបស់អ្នក
១០. តើការស្វែងរកព្រះរាជាណាចក្រនៃព្រះជាមុនសិនមានន័យយ៉ាងណា?
១០ តើយើងផ្សព្វផ្សាយដំណឹងល្អដល់អ្នកដទៃដល់កំរិតណា? នោះច្រើនតែស្រេចទៅលើកាលៈទេសៈ និងជំរៅនៃការដឹងគុណរបស់យើង។ ចូរចាំថា ព្រះយេស៊ូមិនបានមានបន្ទូលថា ‹ចូរស្វែងរកព្រះរាជាណាចក្រនៃព្រះ ពេលអ្នកឥតមានអ្វីធ្វើ›នោះទេ។ ព្រះយេស៊ូយល់នូវសារៈសំខាន់នៃព្រះរាជាណាចក្រនេះ ដោយទ្រង់បានសម្ដែងនូវបំណងព្រះហឫទ័យរបស់ព្រះវរបិតា ដោយមានបន្ទូលថា៖ «ចូរខំបន្តស្វែងរកព្រះរាជាណាចក្ររបស់ទ្រង់ដោយឥតឈប់ឈរចុះ!»។ (លូកា ១២:៣១, ព.ថ.) ទោះជាយើងសឹងតែគ្រប់គ្នាត្រូវប្រកបមុខរបរដើម្បីចិញ្ចឹមខ្លួននិងក្រុមគ្រួសាររបស់យើងក៏ដោយ តែបើយើងមានជំនឿ នោះយើងចាត់ទុកកិច្ចការខាងព្រះរាជាណាចក្រ ដែលព្រះបានប្រទានមកជាអ្វីដ៏សំខាន់បំផុតក្នុងជីវិតរបស់យើង។ នៅពេលដំណាលគ្នានេះ យើងក៏នៅមានភារកិច្ចមើលថែរក្សាក្រុមគ្រួសាររបស់យើងដែរ។—ធីម៉ូថេទី១ ៥:៨
១១. (ក) តើព្រះយេស៊ូបានពន្យល់យ៉ាងណាថា មិនមែនមនុស្សទាំងអស់គ្នាអាចចំណាយពេលដូចគ្នា ក្នុងការផ្សព្វផ្សាយសារព្រះរាជាណាចក្ររបស់ព្រះបាននោះទេ? (ខ) តើមានកត្ដាណាខ្លះដែលមានអានុភាពលើចំនួនម៉ោងដែលយើងអាចផ្សព្វផ្សាយនោះ?
១១ មនុស្សខ្លះអាចចំណាយពេលច្រើនជាងអ្នកដទៃ ក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រនៃព្រះ។ ប៉ុន្តែ ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូស្តីអំពីដីបែបផ្សេងៗ នោះទ្រង់បានបង្ហាញថា ចិត្តរបស់អស់អ្នកដែលប្រៀបដូចជាដីល្អ នឹងបង្កើតផលបាន។ តើពួកគេនឹងបង្កើតផលដល់កំរិតណា? កាលៈទេសៈរបស់បុគ្គលម្នាក់ៗគឺមានផ្សេងៗគ្នា។ កត្ដាខ្លះៗគឺជាអាយុ សុខភាព និងភារកិច្ចក្នុងក្រុមគ្រួសារ។ ប៉ុន្តែ នៅពេលបុគ្គលម្នាក់ពិតជាស្រឡាញ់ដំណឹងល្អនៃព្រះរាជាណាចក្រនៃព្រះ នេះក៏អាចសម្រេចបានផលច្រើនដែរ។—ម៉ាថាយ ១៣:២៣
១២. តើមានគោលដៅដ៏ត្រឹមត្រូវខាងវិញ្ញាណអ្វី ដែលត្រូវលើកទឹកចិត្តពួកយុវវ័យឲ្យគិតនោះ?
១២ យកល្អយើងត្រូវមានគោលដៅចូលរួមឲ្យបានច្រើនជាងក្នុងកិច្ចបំរើផ្សាយព្រះរាជាណាចក្រ។ ពួកយុវវ័យគួរតែគិតឲ្យបានដិតដល់អំពីគំរូដ៏ប្រសើររបស់ធីម៉ូថេដែលជាយុវវ័យគ្រីស្ទានម្នាក់ ដែលមានចិត្តដ៏ខ្នះខ្នែងក្នុងកិច្ចបំរើព្រះ។ (ភីលីព ២:១៩-២២) ពេលពួកគេរៀនចប់ការសិក្សាពីវិទ្យាល័យ នោះគឺជាការប្រសើរមែន បើពួកគេចាប់ផ្ដើមកិច្ចបំរើពេញពេល។ ពួកអ្នកចាស់ទុំក៏ទទួលប្រយោជន៍ដែរ ដោយមានគោលដៅដ៏ល្អខាងវិញ្ញាណ។
១៣. (ក) តើអ្នកណាជាអ្នកសម្រេចនូវកំរិតនៃអ្វីដែលយើងអាចធ្វើក្នុងកិច្ចបំរើព្រះរាជាណាចក្រ? (ខ) ប្រសិនបើយើងពិតជាស្វែងរកព្រះរាជាណាចក្រជាមុនសិន តើយើងសឲ្យឃើញអ្វី?
១៣ ជាជាងរិះគន់អស់អ្នកដែលយើងគិតថា អាចចំណាយពេលច្រើនជាងនោះ យើងត្រូវជំរុញដោយជំនឿ ដើម្បីខំប្រឹងឲ្យមានការរីកចំរើនផ្ទាល់ខ្លួន ដើម្បីឲ្យយើងអាចបំរើព្រះដល់កំរិតដ៏ពេញលេញ តាមកាលៈទេសៈរបស់យើងផ្ទាល់។ (រ៉ូម ១៤:១០-១២; កាឡាទី ៦:៤, ៥) ដូចបានបង្ហាញនៅក្នុងករណីរបស់យ៉ូប សាតាំងអះអាងថា កង្វល់ដ៏ចំបងរបស់យើង គឺមានតែទ្រព្យសម្បត្ដិ ភាពស្រណុកសុខស្រួល និងសុខុមាលភាពផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយវាថាបំណងចិត្តរបស់មនុស្សបំរើព្រះ គឺប្រកបដោយអត្តទត្ថភាព។ ប៉ុន្តែ ប្រសិនបើយើងឲ្យព្រះរាជាណាចក្រមានអាទិភាពទីមួយ នោះយើងក៏មានចំណែកផងដែរក្នុងការបង្ហាញថា អារក្សគឺជាអ្នកភូតភរដ៏អាក្រក់យ៉ាងពិតប្រាកដ។ យើងកំពុងតែផ្ដល់ភស្តុតាងថា អ្វីដែលមានអាទិភាពក្នុងជីវិតរបស់យើង គឺជាការបំរើព្រះ។ តាមរយៈពាក្យសំដីនិងទង្វើរបស់យើង នោះយើងក៏បង្ហាញនូវសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់យើងចំពោះព្រះយេហូវ៉ា និងចំពោះការគាំទ្រយ៉ាងស្មោះនូវអធិបតេយ្យរបស់ទ្រង់ ថែមទាំងចំពោះមនុស្សគ្នីគ្នាផងដែរ។—យ៉ូប ១:៩-១១; ២:៤, ៥; សុភាសិត ២៧:១១
១៤. (ក) ហេតុអ្វីក៏ការមានកាលវិភាគសំរាប់កិច្ចបំរើផ្សាយគឺមានប្រយោជន៍នោះ? (ខ) តើស្មរបន្ទាល់ជាច្រើនកំពុងតែចូលរួមក្នុងកិច្ចបំរើផ្សាយដល់កំរិតណា?
១៤ ការមានកាលវិភាគ អាចជួយយើងឲ្យសម្រេចបានច្រើនជាង។ ព្រះយេហូវ៉ា«កំណត់ពេលវេលា»ចំពោះការសម្រេចគោលបំណងរបស់ទ្រង់ដែរ។ (និក្ខមនំ ៩:៥, ព្រះគម្ពីរភាសាខ្មែរសម្រាយ; ម៉ាកុស ១:១៥) បើអាចធ្វើទៅបាន គឺល្អដែលយើងអាចចូលរួមកិច្ចបំរើផ្សាយ តាមពេលកំណត់មួយឬច្រើនជាងរៀងរាល់សប្ដាហ៍។ ស្មរបន្ទាល់ព្រះយេហូវ៉ារាប់សែននាក់ទូទាំងពិភពលោក បានចុះឈ្មោះធ្វើជាអ្នកត្រួសត្រាយជំនួយ ដែលចំណាយពេលប្រមាណពីរម៉ោងក្នុងការផ្សព្វផ្សាយដំណឹងល្អរៀងរាល់ថ្ងៃ។ ស្មរបន្ទាល់ព្រះយេហូវ៉ារាប់ពាន់នាក់ទៀតក៏បំរើជាអ្នកត្រួសត្រាយពេញពេល ដែលចំណាយពេលប្រហែលពីរម៉ោងកន្លះ ក្នុងការផ្សព្វផ្សាយសារព្រះរាជាណាចក្រជារៀងរាល់ថ្ងៃ។ អ្នកត្រួសត្រាយពិសេសនិងពួកសាសនទូតក៏ចំណាយពេលច្រើនជាងក្នុងកិច្ចបំរើព្រះផងដែរ។ យើងក៏អាចរកឱកាសក្រៅផ្លូវការដើម្បីប្រាប់សេចក្ដីសង្ឃឹមខាងព្រះរាជាណាចក្រ ដល់អ្នកណាដែលចង់ស្ដាប់បានដែរ។ (យ៉ូហាន ៤:៧-១៥) យើងគួរមានបំណងចូលរួមឲ្យបានពេញលេញក្នុងកិច្ចបំរើផ្សាយនេះ ដែលយើងអាចធ្វើទៅបាន ដ្បិតព្រះយេស៊ូបានទាយថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។—ម៉ាថាយ ២៤:១៤; អេភេសូរ ៥:១៥-១៧
១៥. ស្តីអំពីកិច្ចបំរើរបស់យើង ហេតុអ្វីបានជាឱវាទក្នុងកូរិនថូសទី១ ១៥:៥៨ គឺត្រូវពេលម្ល៉េះ?
១៥ ស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែចូលរួមក្នុងកិច្ចបំរើនេះ ដោយសាមគ្គីភាពទូទាំងពិភពលោក មិនថាពួកគេរស់នៅប្រទេសណាក៏ដោយ។ ពួកគេធ្វើតាមឱវាទនេះក្នុងព្រះគម្ពីរដែលថា៖ «ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ! ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ»។—កូរិនថូសទី១ ១៥:៥៨
ការពិគ្រោះសាឡើងវិញ
• ពេលព្រះយេស៊ូមានបន្ទូលថាឲ្យបន្ត«ស្វែងរកនគរ . . . នៃព្រះជាមុនសិន» តើទ្រង់បានចង្អុលប្រាប់អ្វីថាពុំសូវសំខាន់នោះ?
• តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការទំនុកបំរុងខ្លួនយើងនិងក្រុមគ្រួសាររបស់យើង? តើព្រះនឹងប្រទានជំនួយអ្វីដល់យើង?
• តើយើងអាចចូលរួមកិច្ចបំរើបែបណាខ្លះខាងព្រះរាជាណាចក្រ?
[រូបភាពនៅទំព័រ១០៧]
នៅគ្រប់ប្រទេស ស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះកំពុងតែផ្សព្វផ្សាយដំណឹងល្អមុននឹងទីបញ្ចប់មកដល់