ពួកគ្រីស្ទានរកបានសុភមង្គលពីការបំរើ
«ដែលឲ្យ នោះបានពរជាជាងទទួល»។—កិច្ចការ ២០:៣៥
១. តើអាកប្បកិរិយាដ៏ខុសណាដែលមានជាទូទៅនៅសព្វថ្ងៃនេះ ហើយហេតុអ្វីក៏ធ្វើឲ្យខូចប្រយោជន៍?
ក្នុងកំឡុងទសវត្សរ៍នានានៃចុងសតវត្សទី២០ ពាក្យ«អាត្មានិយម» បានឮជាញឹកញយ។ «អាត្មានិយម»មានន័យថា«អត្តទត្ថភាព» ហើយជាសញ្ញានៃអាកប្បកិរិយាមួយ ដែលរួមបញ្ចូលអត្តទត្ថភាព និងសេចក្ដីលោភ ដែលឥតចេះខ្វល់ខ្វាយនឹងអ្នកដទៃ។ យើងអាចដឹងប្រាកដក្នុងចិត្តថា នៅក្នុងឆ្នាំ២០០០នេះ អាត្មានិយមមិនមែនសាបសូន្យបាត់ទៅឡើយ។ តើមានប៉ុន្មានដងដែលអ្នកឮសំនួរទាំងឡាយដូចជា «តើមានអ្វីសំរាប់ខ្ញុំនោះ?» ឬក៏ «តើខ្ញុំបានអ្វីពីនេះ?»។ អាកប្បកិរិយាដែលប្រកបដោយអត្តទត្ថភាពបែបនេះ គឺមិននាំឲ្យមានសុភមង្គលឡើយ។ នេះគឺផ្ទុយស្រឡះនឹងគោលការណ៍មួយ ដែលព្រះយេស៊ូបានមានបន្ទូលថា៖ «ដែលឲ្យ នោះបានពរជាជាងទទួល»។—កិច្ចការ ២០:៣៥
២. តើបានសឲ្យឃើញយ៉ាងណាថា ការឲ្យនាំឲ្យមានសុភមង្គលនោះ?
២ តើពិតមែនឬដែលការឲ្យនាំឲ្យមានសុភមង្គលជាងការទទួលនោះ? មែនហើយ។ សូមគិតអំពីព្រះយេហូវ៉ា។ ទ្រង់ជា‹ប្រភពនៃជីវិត›។ (ទំនុកដំកើង ៣៦:៩) ទ្រង់ផ្ដល់របស់ទាំងអស់ដែលយើងត្រូវការ ដើម្បីធ្វើឲ្យជីវិតសប្បាយនិងបង្កើតផលបាន។ ប្រាកដហើយ ទ្រង់ជាប្រភពនៃ«គ្រប់ទាំងរបស់ដ៏ល្អ . . . នឹងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍»។ (យ៉ាកុប ១:១៧) ព្រះយេហូវ៉ាដែលជា«ព្រះដ៏សប្បាយ» គឺតែងតែផ្ដល់ឲ្យជានិច្ច។ (ធីម៉ូថេទី១ ១:១១ ព.ថ.) ទ្រង់ស្រឡាញ់មនុស្សដែលជាការបង្កើតរបស់ទ្រង់ ដោយទ្រង់បានប្រទានអ្វីៗជាច្រើនឲ្យពួកគេ។ (យ៉ូហាន ៣:១៦) ចូរគិតដែរអំពីក្រុមគ្រួសារជាមនុស្សលោក។ ប្រសិនបើអ្នកជាមាតាឬបិតា នោះអ្នកនឹងដឹងថាមានពលិកម្មប៉ុន្មាន និងការឲ្យប៉ុន្មានដែលត្រូវការដើម្បីចិញ្ចឹមកូនម្នាក់នោះ។ ហើយអស់រយៈពេលជាច្រើនឆ្នាំ កូននោះឥតដឹងនូវពលិកម្មទាំងប៉ុន្មានដែលអ្នកបានធ្វើនោះឡើយ។ គាត់ពុំសូវយកចិត្តទុកដាក់នឹងពលិកម្មទាំងអស់របស់អ្នកទេ។ ក៏ប៉ុន្តែ គឺធ្វើឲ្យអ្នកសប្បាយចិត្តដោយឃើញកូនរបស់អ្នកកំពុងតែរីកចំរើន ដោយព្រោះការឲ្យដ៏ឥតកំណាញ់របស់អ្នក។ តើហេតុអ្វី? ពីព្រោះអ្នកស្រឡាញ់កូន។
៣. ហេតុអ្វីក៏ជាការរីករាយក្នុងការបំរើព្រះយេហូវ៉ា និងពួកអ្នកជឿគ្នីគ្នារបស់យើងនោះ?
៣ តាមរបៀបស្រដៀងគ្នានេះ ការថ្វាយបង្គំពិតគឺមានជាលក្ខណៈដោយការឲ្យ ដែលមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។ ដោយព្រោះយើងស្រឡាញ់ព្រះយេហូវ៉ា និងយើងស្រឡាញ់ពួកអ្នកជឿគ្នីគ្នា នោះគឺជាការរីករាយក្នុងការបំរើគេ ដើម្បីប្រគល់ខ្លួនយើងឲ្យពួកគេនោះ។ (ម៉ាថាយ ២២:៣៧-៣៩) អ្នកណាម្នាក់ដែលថ្វាយបង្គំដោយមានបំណងដែលប្រកបដោយអត្តទត្ថភាព នឹងពុំសូវមានអំណរឡើយ។ ក៏ប៉ុន្តែ អស់អ្នកដែលបំរើដោយមិនប្រកបដោយអត្តទត្ថភាព ដែលមានចិត្តខ្វល់ខ្វាយតែនឹងអ្វីដែលគេអាចឲ្យ ជាជាងលើអ្វីដែលគេសង្ឃឹមថានឹងទទួល នោះរកបានសុភមង្គលពិតប្រាកដមែន។ សេចក្ដីពិតនេះគឺឃើញច្បាស់បាន ដោយពិនិត្យមើលនូវរបៀបដែលពាក្យខ្លះក្នុងព្រះគម្ពីរ ដែលបានទាក់ទងនឹងការថ្វាយបង្គំរបស់យើង បានត្រូវប្រើក្នុងបទគម្ពីរនោះ។ យើងនឹងពិគ្រោះពាក្យទាំងបីនេះក្នុងអត្ថបទនេះនិងអត្ថបទជាបន្ទាប់។
កិច្ចបំរើសាធារណៈរបស់ព្រះយេស៊ូ
៤. តើ«កិច្ចបំរើសាធារណៈ»របស់ពិភពគ្រីស្ទសាសនា មានលក្ខណៈយ៉ាងណា?
៤ នៅក្នុងភាសាក្រិកពីដើម ពាក្យដ៏សំខាន់មួយដែលទាក់ទងនឹងការថ្វាយបង្គំគឺ លីទូយីអរ (lei·tour·giʹa) ដែលបានបកប្រែថា«កិច្ចបំរើសាធារណៈ» នៅក្នុងសេចក្ដីបកប្រែព្រះគម្ពីរពិភពលោកថ្មី។ នៅក្នុងពិភពគ្រីស្ទសាសនា ពាក្យលីទូយីអរ បានបង្កើតឃ្លានេះឲ្យទៅជា«របៀបរបបបុណ្យសាសនា»។a ក៏ប៉ុន្តែ របៀបរបបបុណ្យសាសនាតាមទម្រង់ការរបស់ពិភពគ្រីស្ទសាសនា គឺមិនមែនជាកិច្ចបំរើសាធារណៈដែលមានប្រយោជន៍ដ៏ពិតនោះទេ។
៥, ៦. (ក) តើកិច្ចបំរើសាធារណៈអ្វី ដែលបានធ្វើឡើងនៅក្នុងស្រុកអ៊ីស្រាអែល ហើយមានប្រយោជន៍យ៉ាងណា? (ខ) តើកិច្ចបំរើសាធារណៈដ៏ធំជាងណា ដែលនឹងត្រូវផ្លាស់ជំនួសកិច្ចបំរើសាធារណៈក្នុងស្រុកអ៊ីស្រាអែល ហើយហេតុអ្វី?
៥ សាវ័កប៉ុលបានប្រើពាក្យក្រិកមួយ ដែលទាក់ទងនឹងពាក្យលីទូយីអរ ដែលសំដៅទៅពួកសង្ឃរបស់សាសន៍អ៊ីស្រាអែល។ គាត់បានមានប្រសាសន៍ថា៖ «អស់ទាំងសង្ឃក៏ឈរធ្វើការងារ[បែបយ៉ាងនៃលីទូយីអរ]រាល់តែថ្ងៃ ទាំងថ្វាយយញ្ញបូជាដដែលជាញឹកញយ»។ (ហេព្រើរ ១០:១១) ពួកសង្ឃលេវីធ្វើកិច្ចបំរើសាធារណៈដែលមានតម្លៃណាស់នៅក្នុងស្រុកអ៊ីស្រាអែល។ ពួកគេបានបង្រៀនក្រិត្យវិន័យរបស់ព្រះ និងថ្វាយយញ្ញបូជា ដែលគ្របបាំងអំពើបាបរបស់បណ្ដាជន។ (របាក្សត្រទី២ ១៥:៣; ម៉ាឡាគី ២:៧) នៅពេលដែលពួកសង្ឃនិងបណ្ដាជនធ្វើតាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា នោះសាសន៍នេះមានមូលហេតុដើម្បីអរសប្បាយ។—ចោទិយកថា ១៦:១៥
៦ ការធ្វើកិច្ចបំរើសាធារណៈក្រោមក្រិត្យវិន័យនេះ ជាឯកសិទ្ធិដ៏ល្អចំពោះពួកសង្ឃជនជាតិអ៊ីស្រាអែល ក៏ប៉ុន្តែកិច្ចបំរើរបស់គេលែងមានតម្លៃទៀត ពេលដែលសាសន៍អ៊ីស្រាអែលបានត្រូវបោះបង់ចោលដោយព្រោះភាពមិនស្មោះត្រង់។ (ម៉ាថាយ ២១:៤៣) ព្រះយេហូវ៉ាបានរៀបចំអ្វីមួយដែលធំអស្ចារ្យជាង—នោះជាកិច្ចបំរើសាធារណៈដែលបានធ្វើដោយសម្ដេចសង្ឃធំជាង គឺព្រះយេស៊ូ។ ស្តីអំពីទ្រង់ នោះយើងអានថា៖ «ទ្រង់មានការងារជាសង្ឃឥតផ្ទេរឡើយ ពីព្រោះទ្រង់នៅជាប់អស់កល្បជានិច្ចវិញ ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ»។—ហេព្រើរ ៧:២៤, ២៥
៧. ហេតុអ្វីក៏កិច្ចបំរើសាធារណៈរបស់ព្រះយេស៊ូនាំឲ្យមានផលប្រយោជន៍ ដែលពុំអាចប្រៀបផ្ទឹមបាន?
៧ ព្រះយេស៊ូនឹងបន្តធ្វើជាសង្ឃរៀងរហូតតទៅដោយគ្មានអ្នកស្នង។ ដូច្នេះហើយ មានតែទ្រង់ទេដែលអាចសង្គ្រោះមនុស្សយ៉ាងពេញលេញនោះ។ ទ្រង់ធ្វើកិច្ចបំរើសាធារណៈដែលមិនអាចប្រៀបផ្ទឹមបាន មិនមែននៅក្នុងព្រះវិហារដែលធ្វើដោយមនុស្សទេ ក៏ប៉ុន្តែនៅក្នុងព្រះវិហារដូចគំរូដើម គឺក្នុងរបៀបរៀបចំដ៏ធំរបស់ព្រះយេហូវ៉ា ចំពោះការថ្វាយបង្គំ ដែលចាប់ប្រតិបត្ដិការនៅក្នុងឆ្នាំ២៩ ស.យ.។ ឥឡូវនេះ ព្រះយេស៊ូបំរើនៅក្នុងទីបរិសុទ្ធបំផុតនៃព្រះវិហារនោះ គឺនៅស្ថានសួគ៌។ ទ្រង់ជា«អ្នកមានការងារ[លីទូយីហ្គូ]ក្នុងទីបរិសុទ្ធ ហើយក្នុងរោងឧបោសថដ៏ពិត ដែលព្រះអម្ចាស់បានដំឡើង មិនមែនជាមនុស្សទេ»។ (ហេព្រើរ ៨:២; ៩:១១, ១២) ទោះជាព្រះយេស៊ូមានឋានៈដ៏ខ្ពង់ខ្ពស់ក៏ដោយ ក៏ទ្រង់នៅតែជា‹អ្នកបំរើសាធារណៈ›។ ទ្រង់ប្រើអំណាចគ្រប់គ្រងដ៏ខ្ពស់របស់ទ្រង់ដើម្បីផ្ដល់ឲ្យ មិនមែនដើម្បីយកនោះទេ។ ហើយការឲ្យបែបនេះនាំឲ្យទ្រង់មានអំណរ។ នេះជាផ្នែកនៃ«សេចក្ដីអំណរដែលនៅចំពោះទ្រង់» ហើយនោះបានពង្រឹងទ្រង់ឲ្យស៊ូទ្រាំអស់មួយជីវិតរបស់ទ្រង់នៅលើផែនដីនេះ។—ហេព្រើរ ១២:២
៨. តើតាមរបៀបណាដែលព្រះយេស៊ូធ្វើកិច្ចបំរើសាធារណៈ ដើម្បីផ្លាស់ជំនួសកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ?
៨ គឺមានទិដ្ឋភាពមួយទៀតស្តីអំពីកិច្ចបំរើសាធារណៈរបស់ព្រះយេស៊ូ។ ប៉ុលបានសរសេរថា៖ «[ព្រះយេស៊ូ]ទ្រង់ជាអ្នកកណ្ដាលរបស់សេចក្ដីសញ្ញា១ដ៏ប្រសើរជាងប៉ុណ្ណា ដែលសេចក្ដីសញ្ញានោះបានតាំងឡើង លើពាក្យសន្យាប្រសើរជាងផង នោះទ្រង់ក៏បានទទួលការងារដ៏ប្រសើរជាងប៉ុណ្ណោះដែរ»។ (ហេព្រើរ ៨:៦) លោកម៉ូសេបានសម្រុះសម្រួលកិច្ចព្រមព្រៀងនេះ ដែលជាមូលដ្ឋាននៃទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយនឹងព្រះយេហូវ៉ា។ (និក្ខមនំ ១៩:៤, ៥) ព្រះយេស៊ូបានសម្រុះសម្រួលកិច្ចព្រមព្រៀងថ្មី ដោយអាចធ្វើឲ្យមានកំណើតនៃសាសន៍ថ្មីមួយ ជា«អ៊ីស្រាអែលនៃព្រះ» ដែលមានពួកគ្រីស្ទានចាក់ប្រេងតាំង ដែលចេញពីសាសន៍ជាច្រើន។ (កាឡាទី ៦:១៦; ហេព្រើរ ៨:៨, ១៣; វិវរណៈ ៥:៩, ១០) នេះជាកិច្ចបំរើសាធារណៈដ៏ល្អប្រសើរយ៉ាងណាទៅហ្ន៎! យើងមានចិត្តរីករាយណាស់ ដែលបានស្គាល់ព្រះយេស៊ូ ដែលជាអ្នកបំរើសាធារណៈ នោះតាមរយៈទ្រង់ យើងអាចផ្ដល់ការថ្វាយបង្គំដែលត្រឹមត្រូវជូនព្រះយេហូវ៉ា។—យ៉ូហាន ១៤:៦
ពួកគ្រីស្ទានក៏ធ្វើកិច្ចបំរើសាធារណៈដែរ
៩, ១០. តើមានកិច្ចបំរើសាធារណៈអ្វីខ្លះ ដែលពួកគ្រីស្ទានបានធ្វើនោះ?
៩ គ្មានមនុស្សណាដែលធ្វើកិច្ចបំរើសាធារណៈ ដែលបានខ្ពង់ខ្ពស់ដូចព្រះយេស៊ូនោះទេ។ ក៏ប៉ុន្តែ នៅពេលដែលពួកគ្រីស្ទានចាក់ប្រេងតាំងទទួលរង្វាន់របស់គេខាងស្ថានសួគ៌ នោះពួកគេនឹងទទួលចំណែកនៅជិតព្រះយេស៊ូ និងចូលរួមក្នុងកិច្ចបំរើសាធារណៈ ជាស្តេចនិងជាសង្ឃនៅស្ថានសួគ៌។ (វិវរណៈ ២០:៦; ២២:១-៥) ប៉ុន្តែ ពួកគ្រីស្ទាននៅលើផែនដីក៏ធ្វើកិច្ចបំរើសាធារណៈដែរ ហើយពួកគេថែមទាំងមានអំណរយ៉ាងខ្លាំងក្នុងការធ្វើដូច្នេះ។ ជាឧទាហរណ៍ ពេលដែលមានការខ្វះខាតចំណីអាហារនៅស្រុកប៉ាឡេស្ទីន នោះសាវ័កប៉ុលបានយកវិភាគទានពីបងប្អូននៅទ្វីបអឺរ៉ុប ដើម្បីជួយសម្រាលទុក្ខវេទនានៃពួកគ្រីស្ទានជនជាតិយូដា នៅស្រុកយូដា។ នោះជាកិច្ចបំរើសាធារណៈមួយ។ (រ៉ូម ១៥:២៧; កូរិនថូសទី២ ៩:១២) សព្វថ្ងៃនេះ ពួកគ្រីស្ទានក៏ធ្វើការងារស្រដៀងគ្នាដែរ ដោយផ្ដល់ជំនួយភ្លាមៗ ពេលដែលបងប្អូនរបស់គេរងទុក្ខវេទនា ដោយមហន្តរាយធម្មជាតិ ឬវិបត្ដិភ័យផ្សេងៗទៀត។—សុភាសិត ១៤:២១
១០ ប៉ុលបានសំដៅទៅកិច្ចបំរើសាធារណៈមួយទៀត ពេលដែលគាត់បានសរសេរថា៖ «បើសិនជាត្រូវច្រួចខ្ញុំចេញលើយញ្ញបូជា នឹងការជំនួយរបស់សេចក្ដីជំនឿនៃអ្នករាល់គ្នា នោះខ្ញុំក៏អរ ហើយមានសេចក្ដីអំណរជាមួយនឹងអ្នករាល់គ្នាទាំងអស់ដែរ»។ (ភីលីព ២:១៧) ការខំប្រឹងធ្វើការជាប្រយោជន៍ដល់ពួកភីលីព គឺជាកិច្ចបំរើសាធារណៈដែលបានធ្វើឡើង ដោយសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់។ សព្វថ្ងៃនេះក៏ស្រដៀងគ្នាដែរ កិច្ចបំរើសាធារណៈកំពុងតែប្រព្រឹត្តឡើង ជាពិសេសដោយពួកគ្រីស្ទានចាក់ប្រេងតាំង ដែលបំរើជា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដោយផ្ដល់អាហារខាងវិញ្ញាណតាមពេលដ៏ត្រឹមត្រូវ។ (ម៉ាថាយ ២៤:៤៥-៤៧) បន្ថែមទៅទៀតជាក្រុមមួយ ពួកទាំងនេះជា«ពួកសង្ឃបរិសុទ្ធ» ដែលបានប្រគល់មុខងារឲ្យ«ថ្វាយគ្រឿងបូជាខាងព្រលឹងវិញ្ញាណ ដែលព្រះទ្រង់សព្វព្រះហឫទ័យទទួល ដោយព្រះយេស៊ូវគ្រីស្ទ» និងឲ្យ«សំដែងចេញ ឲ្យឃើញអស់ទាំងលក្ខណៈរបស់ព្រះ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត មកក្នុងពន្លឺអស្ចារ្យរបស់ទ្រង់»។ (ពេត្រុសទី១ ២:៥, ៩) ដូចជាប៉ុលដែរ ពួកគេអរសប្បាយនឹងឯកសិទ្ធិនោះ កាលដែលគេ‹ខំប្រឹងអស់ពីសមត្ថភាព› ក្នុងការបំពេញភារកិច្ចទាំងឡាយរបស់គេ។ ហើយ«ចៀមឯទៀត»គឺជាគូកនរបស់គេ ក៏ចូលរួមនិងគាំទ្រពួកគេក្នុងកិច្ចការនៃការប្រកាសប្រាប់មនុស្សអំពីព្រះយេហូវ៉ា និងអំពីគោលបំណងរបស់ទ្រង់ផងដែរ។b (យ៉ូហាន ១០:១៦; ម៉ាថាយ ២៤:១៤) នេះជាកិច្ចបំរើសាធារណៈដ៏អស្ចារ្យហើយដ៏សប្បាយយ៉ាងណាទៅហ្ន៎!—ទំនុកដំកើង ១០៧:២១, ២២
ការផ្ដល់នូវកិច្ចបំរើដ៏ពិសិដ្ឋ
១១. តើតាមរបៀបណាដែលព្យាការីនីអាណ ផ្ដល់នូវគំរូដ៏ល្អសំរាប់ពួកគ្រីស្ទានទាំងអស់គ្នានោះ?
១១ ពាក្យក្រិកមួយទៀតដែលទាក់ទងនឹងការថ្វាយបង្គំរបស់យើងគឺ ឡរទ្រីអរ ដែលបានបកប្រែជា«កិច្ចបំរើពិសិដ្ឋ» នៅក្នុងសេចក្ដីបកប្រែព្រះគម្ពីរពិភពលោកថ្មី។ កិច្ចបំរើពិសិដ្ឋទាក់ទងនឹងកិច្ចការនៃការថ្វាយបង្គំ។ ជាឧទាហរណ៍ ស្ត្រីមេម៉ាយម្នាក់ជាព្យាការីនីអាណដែលមានអាយុ៨៤ឆ្នាំ គឺបានរៀបរាប់ថា«ក៏នៅតែក្នុងព្រះវិហារ មិនដែលចេញឡើយ គាត់គោរព[ពាក្យក្រិកដែលទាក់ទងនឹងឡរទ្រីអរ]ទាំងយប់ទាំងថ្ងៃ ដោយការតមហើយអធិស្ឋាន»។ (លូកា ២:៣៦, ៣៧) អាណបានថ្វាយបង្គំព្រះយេហូវ៉ាដោយឥតឈប់ឈរ។ គាត់ជាគំរូដ៏ល្អមួយចំពោះយើងរាល់គ្នា ទាំងក្មេងនិងចាស់ ទាំងប្រុសនិងស្រី។ ដូចជាអាណបានអធិស្ឋានទៅព្រះយេហូវ៉ាយ៉ាងខ្នះខ្នែង ហើយបានថ្វាយបង្គំទ្រង់ជាទៀងទាត់នៅឯព្រះវិហារ នោះកិច្ចបំរើពិសិដ្ឋរបស់យើងក៏រួមបញ្ចូលការអធិស្ឋាននិងការចូលរួមប្រជុំនោះដែរ។—រ៉ូម ១២:១២; ហេព្រើរ ១០:២៤, ២៥
១២. តើអ្វីជាលក្ខណៈដ៏ចំបងនៃកិច្ចបំរើពិសិដ្ឋរបស់យើង ហើយតើតាមរបៀបណាដែលនេះជាកិច្ចការសាធារណៈនោះ?
១២ សាវ័កប៉ុលបានរៀបរាប់នូវលក្ខណៈដ៏ធំមួយទៀតនៃកិច្ចបំរើពិសិដ្ឋរបស់យើង ពេលដែលគាត់បានសរសេរថា៖ «ដ្បិតព្រះដែលខ្ញុំបំរើដោយវិញ្ញាណខ្ញុំ ក្នុងដំណឹងល្អពីព្រះរាជបុត្រាទ្រង់ នោះជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំទូលដំណាលពីអ្នករាល់គ្នា ក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំជានិច្ច»។ (រ៉ូម ១:៩) ត្រូវហើយ ការផ្សព្វផ្សាយដំណឹងល្អ គឺមិនគ្រាន់តែជាមុខងារសាធារណៈដល់អស់អ្នកដែលឮនោះទេ ក៏ប៉ុន្តែជាការប្រព្រឹត្តដែលបង្ហាញនូវការថ្វាយបង្គំព្រះយេហូវ៉ា។ ទោះជាយើងរកឃើញអ្នកព្រមស្ដាប់ឬអត់ក៏ដោយ នោះកិច្ចការផ្សព្វផ្សាយនេះ ជាកិច្ចបំរើពិសិដ្ឋដែលបានផ្ដល់ជូនព្រះយេហូវ៉ា។ ការខំប្រឹងប្រាប់អ្នកដទៃអំពីគុណសម្បត្ដិនិងគោលបំណងដ៏មានប្រយោជន៍ របស់ព្រះវរបិតាដ៏ជាទីស្រឡាញ់របស់យើងនៅស្ថានសួគ៌ ប្រាកដជានាំឲ្យយើងមានអំណរខ្លាំងមែន។—ទំនុកដំកើង ៧១:២៣
តើយើងផ្ដល់នូវកិច្ចបំរើដ៏ពិសិដ្ឋនៅឯណា?
១៣. តើពួកអ្នកដែលនឹងផ្ដល់កិច្ចបំរើដ៏ពិសិដ្ឋនៅទីធ្លាខាងក្នុងនៃព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា មានសេចក្ដីសង្ឃឹមយ៉ាងណា ហើយតើអ្នកណាអរសប្បាយជាមួយនឹងពួកគេនោះ?
១៣ ជូនចំពោះពួកគ្រីស្ទានចាក់ប្រេងតាំង នោះប៉ុលបានសរសេរថា៖ «ដែលទទួលនគរ១ដ៏កក្រើករញ្ជួយពុំបាន នោះត្រូវឲ្យយើងដឹងគុណ ដែលដោយសារសេចក្ដីនោះ យើងនឹងបំរើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្ដិ ហើយកោតខ្លាចដល់ទ្រង់»។ (ហេព្រើរ ១២:២៨) ដោយមានសេចក្ដីសង្ឃឹមដ៏ទុកចិត្តចំពោះការទទួលព្រះរាជាណាចក្រនេះ នោះពួកចាក់ប្រេងតាំងមានជំនឿយ៉ាងមុតមាំ កាលដែលគេថ្វាយបង្គំព្រះដ៏ខ្ពស់បំផុត។ មានតែពួកគេទេដែលអាចផ្ដល់នូវកិច្ចបំរើដ៏ពិសិដ្ឋក្នុងកន្លែងបរិសុទ្ធ និងទីធ្លាខាងក្នុងនៃព្រះវិហារខាងវិញ្ញាណរបស់ព្រះយេហូវ៉ា។ ហើយពួកគេទន្ទឹងចាំដោយរំភើបចិត្តក្នុងការបំរើជាមួយនឹងព្រះយេស៊ូនៅក្នុងទីបរិសុទ្ធបំផុត គឺជាស្ថានសួគ៌នោះតែម្ដង។ ពួកគូកននៃក្រុមខាងចៀមឯទៀត អរសប្បាយជាមួយនឹងពួកគេ ចំពោះសេចក្ដីសង្ឃឹមដ៏អស្ចារ្យនេះរបស់គេ។—ហេព្រើរ ៦:១៩, ២០; ១០:១៩-២២
១៤. តើពួកហ្វូងធំទទួលប្រយោជន៍ពីកិច្ចបំរើសាធារណៈរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច?
១៤ ចុះយ៉ាងណាវិញចំពោះអស់អ្នកដែលជាផ្នែកនៃចៀមឯទៀត? ដូចជាសាវ័កយ៉ូហានបានឃើញជាមុន នោះមនុស្សមួយហ្វូងធំបានលេចខ្លួនមកនៅថ្ងៃជាន់ក្រោយបង្អស់នេះ ហើយ«គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។ (វិវរណៈ ៧:១៤) នេះបានសេចក្ដីថា ដូចពួកអ្នកថ្វាយបង្គំដែលចាក់ប្រេងតាំងរបស់គេ នោះពួកគេក៏អនុវត្តជំនឿលើកិច្ចបំរើសាធារណៈរបស់ព្រះយេស៊ូ គឺការថ្វាយជីវិតដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក។ ពួកចៀមឯទៀត ក៏ទទួលផលប្រយោជន៍ពីកិច្ចបំរើសាធារណៈរបស់ព្រះយេស៊ូដែរ ក្នុងន័យថាពួកគេ«កាន់ខ្ជាប់តាមសេចក្ដីសញ្ញារបស់[ព្រះយេហូវ៉ា]»។ (អេសាយ ៥៦:៦) ទេ! ពួកគេមិនមែនជាអ្នកចូលរួមកិច្ចព្រមព្រៀងថ្មីទេ ក៏ប៉ុន្តែពួកគេកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងនេះ ដោយស្ដាប់បង្គាប់ក្រិត្យវិន័យទាំងប៉ុន្មានដែលទាក់ទងនឹងនោះ ហើយធ្វើកិច្ចសហប្រតិបត្ដិការជាមួយនឹងរបៀបរៀបចំ ដែលបានធ្វើឡើងតាមរយៈនោះ។ ពួកគេចូលរួមនឹងអ៊ីស្រាអែលនៃព្រះ ដោយបរិភោគអាហារនៅឯតុខាងវិញ្ញាណដូចគ្នា និងធ្វើការជាមួយសមាជិកនោះ ដោយសរសើរព្រះជាសាធារណៈ និងថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលផ្គាប់ព្រះហឫទ័យទ្រង់។—ហេព្រើរ ១៣:១៥
១៥. តើពួកហ្វូងធំផ្ដល់នូវកិច្ចបំរើដ៏ពិសិដ្ឋនៅឯណា ហើយតើប្រសិទ្ធិពរនេះមានអានុភាពលើគេយ៉ាងដូចម្ដេច?
១៥ ដូច្នេះហើយ ពួកហ្វូងធំបានត្រូវឃើញ«ឈរនៅមុខបល្ល័ង្ក នឹងកូនចៀមទាំងពាក់អាវសវែង»។ បន្ថែមទៀត «គេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ»។ (វិវរណៈ ៧:៩, ១៥) នៅស្រុកអ៊ីស្រាអែល ពួកអ្នកចូលសាសនាយូដាបានថ្វាយបង្គំនៅទីលានខាងក្រៅនៃព្រះវិហាររបស់សាឡូម៉ូន។ តាមរបៀបស្រដៀងគ្នានេះ ពួកហ្វូងធំថ្វាយបង្គំព្រះយេហូវ៉ានៅទីលានខាងក្រៅនៃព្រះវិហារខាងវិញ្ញាណរបស់ទ្រង់។ ការបំរើនៅទីនោះធ្វើឲ្យគេមានចិត្តអរសប្បាយណាស់។ (ទំនុកដំកើង ១២២:១) ទោះជាក្រោយពីពួកអ្នកចាក់ប្រេងតាំងចុងក្រោយទទួលមរតកខាងស្ថានសួគ៌របស់គេ ក៏ពួកគេនឹងបន្តផ្ដល់នូវកិច្ចបំរើដ៏ពិសិដ្ឋដល់ព្រះយេហូវ៉ាជារាស្ត្ររបស់ទ្រង់ដែរ។—វិវរណៈ ២១:៣
កិច្ចបំរើដ៏ពិសិដ្ឋដែលមិនមានការយល់ព្រម
១៦. តើការព្រមានអ្វីដែលបានផ្ដល់មកស្តីអំពីកិច្ចបំរើដ៏ពិសិដ្ឋនោះ?
១៦ នៅអ៊ីស្រាអែលពីសម័យបុរាណ កិច្ចបំរើដ៏ពិសិដ្ឋត្រូវតែផ្ដល់ឲ្យស្របតាមនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ា។ (និក្ខមនំ ៣០:៩; លេវីវិន័យ ១០:១, ២) អ៊ីចឹងដែរសព្វថ្ងៃនេះ គឺត្រូវធ្វើតាមសេចក្ដីតម្រូវផ្សេងៗ ប្រសិនបើយើងចង់ឲ្យកិច្ចបំរើដ៏ពិសិដ្ឋរបស់យើង បានទទួលការយល់ព្រមពីព្រះយេហូវ៉ានោះ។ ដូច្នេះហើយបានជាប៉ុលបានសរសេរជូនពួកអ្នកនៅក្រុងកូល៉ុសថា៖ «យើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង»។ (កូល៉ុស ១:៩, ១០) គឺមិនស្រេចលើយើងនោះទេឲ្យសម្រេចចិត្តនូវផ្លូវត្រឹមត្រូវ ដើម្បីថ្វាយបង្គំព្រះនោះ។ ចំណេះត្រឹមត្រូវពីព្រះគម្ពីរ ការយល់ដឹងខាងវិញ្ញាណ និងប្រាជ្ញាពីព្រះ គឺសំខាន់ជាចាំបាច់។ បើមិនដូច្នោះទេ នោះអាចមានលទ្ធផលដ៏អាក្រក់។
១៧. (ក) តើកិច្ចបំរើដ៏ពិសិដ្ឋបានត្រូវធ្វើឲ្យខូចក្នុងសម័យលោកម៉ូសេយ៉ាងដូចម្ដេច? (ខ) តើកិច្ចបំរើដ៏ពិសិដ្ឋអាចឲ្យការណែនាំខុសយ៉ាងណាសព្វថ្ងៃនេះ?
១៧ សូមចងចាំអំពីជនជាតិអ៊ីស្រាអែលនៅក្នុងសម័យលោកម៉ូសេ។ យើងអានថា៖ «ព្រះទ្រង់ផ្លាស់ប្រែទៅជាបញ្ជូនគេ ឲ្យគោរពប្រតិបត្ដិដល់ពួកបរិវារដែលនៅលើមេឃវិញ»។ (កិច្ចការ ៧:៤២) ពួកអ៊ីស្រាអែលទាំងនោះបានឃើញការប្រព្រឹត្តដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ា ដែលជាប្រយោជន៍ចំពោះពួកគេ។ ក៏ប៉ុន្តែ ពួកគេបានពឹងព្រះឯទៀត ពេលដែលគេបានគិតថា នេះនឹងបានជាប្រយោជន៍ចំពោះគេវិញ។ ពួកគេឥតមានចិត្តស្មោះត្រង់ទេ ហើយគឺត្រូវតែមានសេចក្ដីស្មោះត្រង់ ប្រសិនបើយើងចង់ឲ្យកិច្ចបំរើដ៏ពិសិដ្ឋរបស់យើង ជាទីផ្គាប់ព្រះហឫទ័យដល់ព្រះនោះ។ (ទំនុកដំកើង ១៨:២៥) ពិតមែនហើយ មានមនុស្សមួយចំនួនតូចនៅសព្វថ្ងៃនេះ ដែលបែរចេញពីព្រះយេហូវ៉ាទៅថ្វាយបង្គំផ្កាយ កូនគោមាស ក៏ប៉ុន្តែក៏មានបែបការថ្វាយបង្គំរូបផ្សេងៗទៀតដែរ។ ព្រះយេស៊ូបានព្រមាននឹងការបំរើទ្រព្យសម្បត្ដិ ហើយប៉ុលបានហៅការច្រណែនលោភចង់បាន ជាការថ្វាយបង្គំរូបព្រះ។ (ម៉ាថាយ ៦:២៤; កូល៉ុស ៣:៥) សាតាំងបានតម្កើងខ្លួនវាជាព្រះមួយអង្គ។ (កូរិនថូសទី២ ៤:៤) ការថ្វាយបង្គំរូបបែបនេះ គឺមានជាទូទៅ ហើយក៏ជាអន្ទាក់ផងដែរ។ ជាឧទាហរណ៍ ចូរគិតអំពីបុគ្គលម្នាក់ ដែលអះអាងថានឹងធ្វើតាមព្រះយេស៊ូ ប៉ុន្តែគោលបំណងពិតក្នុងជីវិតរបស់គាត់ គឺដើម្បីឲ្យក្លាយទៅជាអ្នកមាន ឬក៏ទំនុកចិត្តដ៏ពិតរបស់គាត់គឺទៅលើខ្លួនឯង និងលើគំនិតរបស់គាត់។ តើគាត់ពិតជាបំរើអ្នកណាគេ? តើគាត់គឺមិនខុសគ្នាពីពួកយូដានៅសម័យអ៊ីស្រាអែលទេឬ ដែលបានស្បថក្នុងព្រះនាមព្រះយេហូវ៉ា ប៉ុន្តែចំពោះការសម្ដែងអ្វីដ៏អស្ចារ្យរបស់ទ្រង់បែរជាផ្ដល់ឲ្យសិរីល្អដល់រូបសំណាកដ៏ស្មោកគ្រោកនោះទៅវិញ?—អេសាយ ៤៨:១, ៥
១៨. តើកិច្ចបំរើដ៏ពិសិដ្ឋបានធ្វើដោយខុសយ៉ាងណានៅសម័យពីដើម និងសព្វថ្ងៃនេះ?
១៨ ព្រះយេស៊ូក៏បានព្រមានថា៖ «នឹងមានពេលវេលាមក នោះអស់អ្នកណា ដែលសំឡាប់អ្នករាល់គ្នា នឹងគិតស្មានថា ខ្លួនបំរើដល់ព្រះដែរ»។ (យ៉ូហាន ១៦:២) សុលដែលបានក្លាយទៅជាសាវ័កប៉ុល ប្រាកដជាបានគិតថាគាត់កំពុងតែបំរើព្រះ ពេលដែលគាត់‹បានយល់ព្រមនឹងការសម្លាប់ស្ទេផាន› និង‹បញ្ចេញសេចក្ដីគំរាម នឹងពាក្យកំហែង ព្រមទាំងការសម្លាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់›។ (កិច្ចការ ៨:១; ៩:១) សព្វថ្ងៃនេះ ពួកអ្នកប្រព្រឹត្តការបោសសំអាតជាតិសាសន៍និងការប្រល័យពូជសាសន៍ ក៏អះអាងថាថ្វាយបង្គំព្រះដែរ។ គឺមានមនុស្សជាច្រើនដែលអះអាងថាថ្វាយបង្គំព្រះ ក៏ប៉ុន្តែការថ្វាយបង្គំរបស់គេ គឺពិតជាសំដៅទៅព្រះផ្សេងៗខាងជាតិនិយម កុលសម្ព័ន្ធនិយម ទ្រព្យសម្បត្ដិនិយម គំនិតសួនតួ ឬព្រះឯទៀត។
១៩. (ក) តើយើងមានទស្សនៈយ៉ាងណានឹងកិច្ចបំរើដ៏ពិសិដ្ឋរបស់យើង? (ខ) តើកិច្ចបំរើដ៏ពិសិដ្ឋបែបណា ដែលនឹងនាំឲ្យយើងមានអំណរនោះ?
១៩ ព្រះយេស៊ូបានមានបន្ទូលថា៖ «ឯងត្រូវថ្វាយបង្គំដល់[ព្រះយេហូវ៉ា] ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ»។ (ម៉ាថាយ ៤:១០) ទ្រង់កំពុងតែមានបន្ទូលទៅសាតាំង ក៏ប៉ុន្តែគឺជាការសំខាន់ចាំបាច់ណាស់! ដែលយើងរាល់គ្នាធ្វើតាមបន្ទូលរបស់ទ្រង់នោះ។ ការផ្ដល់នូវកិច្ចបំរើដ៏ពិសិដ្ឋជូនព្រះអម្ចាស់មហាក្សត្រនៃសកលលោកនេះ ជាឯកសិទ្ធិមួយដ៏ខ្ពស់ ដែលគួរឲ្យស្ញែងខ្លាច។ ហើយតើអាចនិយាយយ៉ាងណាបាន អំពីការធ្វើកិច្ចបំរើសាធារណៈ ដែលទាក់ទងនឹងការថ្វាយបង្គំរបស់យើងនោះ? ការធ្វើដូច្នេះសំរាប់ជាប្រយោជន៍ដល់មនុស្សគ្នីគ្នារបស់យើង គឺជាកិច្ចការដ៏អរសប្បាយ ដែលនាំឲ្យមានសុភមង្គលយ៉ាងខ្លាំង។ (ទំនុកដំកើង ៤១:១, ២; ៥៩:១៦) ក៏ប៉ុន្តែ កិច្ចបំរើបែបនេះនាំឲ្យមានសុភមង្គលពិត បើកិច្ចបំរើនេះបានត្រូវថ្វាយដោយស្មោះអស់ពីចិត្ត និងតាមរបៀបដ៏ត្រឹមត្រូវនោះ។ តើពួកណាដែលពិតជាថ្វាយបង្គំព្រះយ៉ាងត្រឹមត្រូវនោះ? តើកិច្ចបំរើដ៏ពិសិដ្ឋរបស់អ្នកណាដែលព្រះយេហូវ៉ាយល់ព្រម? យើងអាចឆ្លើយសំនួរបែបនេះ ប្រសិនបើយើងពិនិត្យមើលនូវពាក្យទីបីក្នុងព្រះគម្ពីរ ដែលទាក់ទងនឹងការថ្វាយបង្គំរបស់យើង។ យើងនឹងពិគ្រោះពាក្យនេះនៅក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a របៀបរបបបុណ្យសាសនាខាងពិភពគ្រីស្ទសាសនា ជាទូទៅមានក្បួនរីតិ៍ខាងការថ្វាយបង្គំ ឬមានក្បួនរីតិ៍ដ៏ចំៗ ដូចជាបុណ្យចែកនំប៉័ងនិងស្រាក្នុងសាសនាកាតូលិក។
b នៅឯកិច្ចការ ១៣:២ នេះគឺបានរាយការណ៍ថា ពួកព្យាការីនិងពួកគ្រូៗនៅទីក្រុងអាន់ទីយ៉ូកបាន‹បំរើសាធារណៈ› (បកប្រែពីពាក្យក្រិកដែលទាក់ទងនឹងលីទូយីអរ) ចំពោះព្រះយេហូវ៉ា។ ការបំរើសាធារណៈនេះប្រហែលជារួមបញ្ចូលការផ្សព្វផ្សាយទៅពួកសាធារណជន។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើកិច្ចបំរើសាធារណៈដ៏ធំយ៉ាងណា ដែលព្រះយេស៊ូបានធ្វើ?
• តើកិច្ចបំរើសាធារណៈអ្វីដែលពួកគ្រីស្ទាននឹងធ្វើ?
• តើកិច្ចបំរើដ៏ពិសិដ្ឋរបស់ពួកគ្រីស្ទានជាអ្វី ហើយតើត្រូវធ្វើកិច្ចការនេះនៅឯណា?
• តើយើងត្រូវតែទទួលអ្វី បើយើងចង់ឲ្យកិច្ចបំរើដ៏ពិសិដ្ឋរបស់យើងគាប់ព្រះហឫទ័យព្រះនោះ?
[រូបភាពនៅទំព័រ១៨]
មាតាបិតាមានអំណរយ៉ាងខ្លាំងក្នុងការឲ្យ
[រូបភាពនៅទំព័រ២០, ២១]
ពួកគ្រីស្ទានផ្ដល់នូវកិច្ចបំរើសាធារណៈ ពេលដែលគេជួយអ្នកដទៃ និងពេលដែលគេប្រកាសដំណឹងល្អ
[រូបភាពនៅទំព័រ២២]
យើងត្រូវការចំណេះត្រឹមត្រូវនិងការយល់ដឹង ដើម្បីធ្វើឲ្យប្រាកដថាកិច្ចបំរើបរិសុទ្ធរបស់យើង គឺជាអ្វីដែលទទួលការយល់ព្រមពីព្រះ