ជំពូកទី៧៨
អ្នកបម្រើដ៏ស្មោះត្រង់អើយ ចូរត្រៀមខ្លួនជានិច្ច!
អ្នកបម្រើដ៏ស្មោះត្រង់ ចូរត្រៀមខ្លួនជានិច្ច
លោកយេស៊ូមកដើម្បីធ្វើឲ្យមានការបែកបាក់គ្នា
លោកយេស៊ូបានពន្យល់ថាមានតែ«ហ្វូងតូច»ប៉ុណ្ណោះ ដែលនឹងទទួលរាជាណាចក្រនៅស្ថានសួគ៌។ (លូកា ១២:៣២) ប៉ុន្តែ ពួកគាត់មិនត្រូវមើលស្រាលចំពោះរង្វាន់ដ៏អស្ចារ្យនោះទេ។ តាមពិត លោកយេស៊ូបន្តបញ្ជាក់ថាបើបុគ្គលណាម្នាក់ចង់រួមចំណែកក្នុងរាជាណាចក្រនោះ ជាការសំខាន់ដែលគាត់ត្រូវមានចិត្តគំនិតត្រឹមត្រូវ។
រួចមក លោកយេស៊ូបានដាស់តឿនពួកអ្នកកាន់តាមឲ្យត្រៀមខ្លួនជានិច្ចសម្រាប់ពេលដែលលោកត្រឡប់មកវិញ។ លោកមានប្រសាសន៍ថា៖ «ចូរចុកក្បិន ហើយឲ្យចង្កៀងរបស់អ្នករាល់គ្នានៅឆេះ ព្រមទាំងធ្វើឲ្យដូចពួកបុរសដែលកំពុងរង់ចាំម្ចាស់របស់ពួកគេវិលត្រឡប់មកពីពិធីមង្គលការ ដើម្បីពួកគេអាចបើកទ្វារជូនលោកភ្លាមពេលដែលលោកមកដល់ហើយគោះទ្វារ។ ខ្ញុំបម្រើណាដែលម្ចាស់ឃើញថាកំពុងចាំយាមពេលលោកមកដល់ ខ្ញុំបម្រើទាំងនោះនឹងមានសុភមង្គល!»។—លូកា ១២:៣៥-៣៧
ពួកអ្នកកាន់តាមលោកអាចងាយយល់នូវចិត្តគំនិតរបស់ខ្ញុំបម្រើក្នុងឧទាហរណ៍របស់លោកយេស៊ូ។ លោកបញ្ជាក់ថាខ្ញុំបម្រើនោះបានត្រៀមខ្លួនរង់ចាំម្ចាស់របស់ពួកគេវិលត្រឡប់មកវិញ។ រួចលោកពន្យល់ថា៖ «ទោះជា[ម្ចាស់]មកដល់នៅយាមទីពីរ[ប្រហែលជាម៉ោង៩យប់រហូតដល់កណ្ដាលអធ្រាត្រ] ឬរហូតដល់យាមទីបី[ប្រហែលជាកណ្ដាលអធ្រាត្ររហូតដល់ម៉ោង៣ព្រឹក]ក៏ដោយ ហើយឃើញថាពួកខ្ញុំបម្រើកំពុងធ្វើដូច្នោះ នោះពួកគេនឹងមានសុភមង្គល!»។—លូកា ១២:៣៨
យើងអាចឃើញច្បាស់ថា នេះមិនគ្រាន់តែជាឱវាទសម្រាប់ដាស់តឿនឲ្យធ្វើជាអ្នកបម្រើដែលខ្នះខ្នែងធ្វើការប៉ុណ្ណោះទេ តែលោកយេស៊ូដែលជាកូនមនុស្សក៏បានរៀបរាប់អំពីខ្លួនលោកក្នុងឧទាហរណ៍នេះដែរ ដោយប្រាប់អ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ចដូច្នេះដែរ ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន»។ (លូកា ១២:៤០) នេះបញ្ជាក់ថា លោកយេស៊ូនឹងមកក្នុងពេលណាមួយនាថ្ងៃអនាគត។ ដូច្នេះ លោកចង់ឲ្យអ្នកកាន់តាមលោក ជាពិសេសអ្នកដែលជា«ហ្វូងតូច»ត្រូវត្រៀមខ្លួនជានិច្ច។
ពេត្រុសចង់យល់ឲ្យបានច្បាស់អំពីប្រសាសន៍របស់លោកយេស៊ូ ហេតុនេះគាត់សួរលោកថា៖ «លោកម្ចាស់ តើលោកកំពុងលើកឧទាហរណ៍នេះសម្រាប់យើងតែប៉ុណ្ណោះ ឬក៏សម្រាប់ទាំងអស់គ្នា?»។ ជាជាងឆ្លើយសំណួរពេត្រុសចំៗ លោកយេស៊ូបានរៀបរាប់អំពីឧទាហរណ៍មួយដែលទាក់ទងនឹងរឿងនោះ ដោយមានប្រសាសន៍ថា៖ «តើអ្នកណាជាអ្នកបម្រើដ៏ស្មោះត្រង់ ហើយចេះពិចារណា ដែលម្ចាស់នឹងតែងតាំងឲ្យមើលខុសត្រូវពួកអ្នកបម្រើរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគគ្រប់គ្រាន់តាមពេលកំណត់? ខ្ញុំបម្រើនោះមានសុភមង្គលហើយ! ប្រសិនបើម្ចាស់មកដល់ ហើយឃើញថាគាត់កំពុងធ្វើដូច្នោះមែន! ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងតែងតាំងគាត់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្ដិទាំងអស់របស់លោក»។—លូកា ១២:៤១-៤៤
ក្នុងឧទាហរណ៍មុននោះ «ម្ចាស់»គឺសំដៅលើលោកយេស៊ូដែលជាកូនមនុស្ស។ ដូច្នេះពិតជាសមហេតុសមផល ដែល«អ្នកបម្រើដ៏ស្មោះត្រង់» គឺសំដៅលើមនុស្សខ្លះដែលមកពី«ហ្វូងតូច»។ ហ្វូងតូចនឹងទទួលរាជាណាចក្រព្រះ។ (លូកា ១២:៣២) បើនិយាយឲ្យស្រួលយល់ លោកយេស៊ូចង់ប្រាប់ថា មនុស្សខ្លះដែលមកពីហ្វូងតូចនោះនឹងឲ្យ‹អាហារបរិភោគគ្រប់គ្រាន់តាមពេលកំណត់›ដល់«ពួកអ្នកបម្រើរបស់លោក»។ ហេតុនេះ ពេត្រុសនិងអ្នកកាន់តាមផ្សេងទៀតដែលកំពុងទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារពីលោកយេស៊ូ អាចសន្និដ្ឋានបានថាកូនមនុស្សនឹងមកក្នុងអំឡុងពេលណាមួយនាអនាគត។ ម្យ៉ាងទៀត ពួកគាត់យល់ថា នៅអំឡុងពេលនោះនឹងមានរបៀបរៀបចំរួចហើយសម្រាប់ផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារដល់អ្នកកាន់តាមលោកយេស៊ូ ពោលគឺដល់«ពួកអ្នកបម្រើ»របស់ម្ចាស់។
ក្រោយមក លោកយេស៊ូបានមានប្រសាសន៍ថា៖ «ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើនោះគិតក្នុងចិត្តថា៖ ‹ម្ចាស់ខ្ញុំកំពុងបង្អង់យូរ› រួចចាប់ផ្ដើមវាយពួកខ្ញុំបម្រើប្រុសស្រី ហើយស៊ីផឹកស្រវឹង នោះម្ចាស់របស់គាត់នឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មាន និងនៅម៉ោងដែលគាត់មិនដឹង ហើយនឹងដាក់ទោសគាត់ធ្ងន់បំផុត ក៏រាប់បញ្ចូលក្នុងចំណោមមនុស្សឥតស្មោះត្រង់»។ (លូកា ១២:៤៥, ៤៦) លោកមានប្រសាសន៍ដូច្នេះ ដើម្បីបញ្ជាក់ចំណុចមួយទៀតអំពីមូលហេតុដែលអ្នកកាន់តាមលោកត្រូវដឹងខ្លួនជានិច្ច ហើយត្រូវយកចិត្តទុកដាក់ចំពោះចិត្តគំនិតរបស់ពួកគាត់។ បើមិនដូច្នេះទេ ពួកគាត់ប្រហែលជាលែងប្រុងប្រយ័ត្ន ហើយរហូតដល់ប្រឆាំងបងប្អូនរួមជំនឿទៀតផង។
រួចមក លោកយេស៊ូមានប្រសាសន៍ថាលោកមក«ដើម្បីធ្វើឲ្យមានភ្លើងឆេះនៅផែនដី»។ លោកពិតជាបានធ្វើដូច្នេះមែន ដោយលើករឿងដែលនាំឲ្យមានការជជែកតវ៉ាគ្នាយ៉ាងខ្លាំង។ ជាលទ្ធផលនេះនាំឲ្យមានភ្លើងឆេះដែលជាការបំផ្លាញចោលនូវទំនៀមទម្លាប់និងសេចក្ដីបង្រៀនមិនពិត។ ម្យ៉ាងទៀត នេះថែមទាំងធ្វើឲ្យបុគ្គលខ្លះដែលមនុស្សប្រហែលជារំពឹងថាមានសាមគ្គីភាព បែរជាទាស់ទែងគ្នាទៅវិញ។ ជាឧទាហរណ៍«គឺឪពុកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្ដាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្ដាយ ម្ដាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក»។—លូកា ១២:៤៩, ៥៣
ជាពិសេសលោកយេស៊ូមានប្រសាសន៍អំពីរឿងទាំងអស់នេះ ដើម្បីជួយអ្នកកាន់តាមលោក។ រួចមក លោកយេស៊ូមានប្រសាសន៍ទៅកាន់បណ្ដាជន។ ពួកគេភាគច្រើនមានចិត្តរឹងចចេសមិនព្រមទទួលស្គាល់ភ័ស្តុតាងដែលបញ្ជាក់ថាលោកជាមេស្ស៊ីនោះទេ។ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «កាលណាអ្នករាល់គ្នាឃើញពពកឡើងនៅទិសខាងលិច អ្នកនិយាយភ្លាមថា៖ ‹នឹងមានព្យុះភ្លៀង› ហើយក៏កើតមានព្យុះភ្លៀងមែន។ ហើយកាលណាអ្នករាល់គ្នាឃើញថាខ្យល់បក់មកពីទិសខាងត្បូង នោះអ្នកនិយាយថា៖ ‹នឹងមានអាកាសធាតុក្ដៅ› ហើយក៏កើតឡើងមែន។ មនុស្សលាក់ពុត! អ្នករាល់គ្នាចេះសម្គាល់លក្ខណៈនៃផ្ទៃមេឃ និងផែនដី តែហេតុអ្វីបានជាមិនចេះពិចារណាអត្ថន័យនៃអ្វីដែលកំពុងកើតឡើងនៅគ្រានេះ?»។ (លូកា ១២:៥៤-៥៦) នេះបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនបានត្រៀមខ្លួនទេ។