ជំពូកទី៧៩
ហេតុអ្វីពួកគេនឹងត្រូវបំផ្លាញចោល?
លោកយេស៊ូបញ្ជាក់អំពីមេរៀនមួយក្នុងរឿងខ្លោចផ្សាពីរ
ស្ត្រីកោងខ្នងម្នាក់បានត្រូវធ្វើឲ្យជានៅថ្ងៃឈប់សម្រាក
លោកយេស៊ូបានព្យាយាមយ៉ាងខ្លាំងដើម្បីលើកទឹកចិត្តបណ្ដាជនឲ្យគិតអំពីចំណងមិត្តភាពរបស់ពួកគេជាមួយនឹងព្រះ។ ក្រោយពីបានវែកញែកជាមួយនឹងក្រុមមនុស្សនៅខាងក្រៅផ្ទះរបស់ផារិស៊ីម្នាក់ ឥឡូវលោកមានឱកាសដើម្បីធ្វើដូច្នេះម្ដងទៀត។
មនុស្សខ្លះជម្រាបលោកយេស៊ូអំពីរឿងខ្លោចផ្សាមួយ។ ពួកគេនិយាយថា៖ «[ប៉ុនទាស]ពីឡាត[ជាអភិបាលរ៉ូម]បានសម្លាប់អ្នកស្រុកកាលីឡេដែលកំពុងជូនគ្រឿងបូជា»។ (លូកា ១៣:១) តើពួកគេចង់មានន័យអ្វី?
ប្រហែលជាអ្នកស្រុកកាលីឡេទាំងនេះបានត្រូវសម្លាប់ ពេលជនជាតិយូដារាប់ពាន់នាក់ប្រឆាំងតវ៉ានឹងពីឡាត ដោយសារគាត់បានយកប្រាក់ពីឃ្លាំងប្រាក់របស់វិហារទៅសាងសង់ប្រឡាយទឹកបង្ហូរទៅក្នុងក្រុងយេរូសាឡិម។ ពីឡាតប្រើប្រាក់នោះបាន ប្រហែលជាដោយសារពួកអាជ្ញាធរវិហារបានជួយគាត់។ អ្នកដែលជម្រាបលោកយេស៊ូអំពីរឿងខ្លោចផ្សានេះ ប្រហែលជាគិតថាពួកអ្នកស្រុកកាលីឡេបានរងគ្រោះបែបនេះ គឺដោយសារពួកគេបានប្រព្រឹត្តអំពើទុច្ចរិត។ ក៏ប៉ុន្តែ លោកយេស៊ូមិនយល់ស្របទេ។
ដូច្នេះ លោកសួរពួកគេថា៖ «តើអ្នករាល់គ្នាស្មានថា អ្នកស្រុកកាលីឡេទាំងនេះបានប្រព្រឹត្តអំពើខុសឆ្គងច្រើនជាងអ្នកស្រុកកាលីឡេឯទៀត ដោយសារពួកគេបានរងគ្រោះយ៉ាងនេះឬ?»។ រួចមកលោកឆ្លើយថា គឺមិនដូច្នោះទេ។ ប៉ុន្តែ លោកប្រើហេតុការណ៍នេះដើម្បីព្រមានជនជាតិយូដាថា៖ «អ្នកទាំងអស់គ្នានឹងត្រូវបំផ្លាញចោលដូចអ្នកទាំងនោះ ប្រសិនបើអ្នកមិនប្រែចិត្ត»។ (លូកា ១៣:២, ៣) បន្ទាប់មក លោកយេស៊ូបានលើកឡើងរឿងខ្លោចផ្សាមួយទៀតដែលប្រហែលជាទើបតែបានកើតឡើង ហើយប្រហែលជាជាប់ទាក់ទងនឹងការសាងសង់ប្រឡាយទឹកនោះ។
លោកសួរពួកគេថា៖ «រីឯមនុស្សដប់ប្រាំបីនាក់វិញដែលបានស្លាប់ដោយសារប៉មនៅស៊ីឡូមបានរលំលើពួកគេ តើអ្នកស្មានថាពួកគេបានប្រព្រឹត្តអំពើខុសឆ្គង ច្រើនជាងមនុស្សឯទៀតនៅក្រុងយេរូសាឡិមឬ?»។ (លូកា ១៣:៤) ពួកបណ្ដាជនប្រហែលជាគិតថា អ្នកទាំងនោះស្លាប់ដោយសារពួកគេបានប្រព្រឹត្តអំពើទុច្ចរិតណាមួយ។ ក៏ប៉ុន្តែ ម្ដងនេះទៀត លោកយេស៊ូមិនយល់ស្របទេ។ លោកជ្រាបថា«ពេលវេលានឹងឱកាស»ដែលមិនដឹងទុកជាមុនអាចកើតឡើងបាន ហើយនេះទំនងជាដើមហេតុនៃរឿងខ្លោចផ្សានោះ។ (សាស្ដា ៩:១១) ទោះជាយ៉ាងនោះក៏ដោយ ពួកបណ្ដាជនគួរទាញមេរៀនពីហេតុការណ៍នេះ។ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្នកទាំងអស់គ្នានឹងត្រូវបំផ្លាញចោលដូចអ្នកទាំងនោះ ប្រសិនបើអ្នកមិនប្រែចិត្ត»។ (លូកា ១៣:៥) ប៉ុន្តែ ហេតុអ្វីលោកកំពុងបញ្ជាក់មេរៀននេះនៅឥឡូវនេះ?
លោកធ្វើដូច្នោះ ពីព្រោះលោកដឹងថាទីបញ្ចប់នៃកិច្ចបម្រើរបស់លោកគឺជិតមកដល់ហើយ។ ស្តីអំពីរឿងនេះ លោកលើកឧទាហរណ៍មួយដែលថា៖ «មានបុរសម្នាក់មានដើមល្វាតូច នៅចម្ការទំពាំងបាយជូររបស់គាត់ ហើយគាត់មករកបេះផ្លែពីដើមល្វានោះ តែដើមនោះគ្មានផ្លែទេ។ នោះគាត់ប្រាប់អ្នកថែចម្ការទំពាំងបាយជូរថា៖ ‹ខ្ញុំបានមករកបេះផ្លែពីដើមល្វាតូចនេះអស់បីឆ្នាំហើយ តែដើមនេះគ្មានផ្លែសោះ។ ចូរកាប់វាចោល! មិនចាំបាច់ទុកឲ្យខាតដីតទៅទៀតទេ›។ អ្នកថែចម្ការទំពាំងបាយជូរតបថា៖ ‹លោកម្ចាស់ សូមលោកទុកដើមនោះឲ្យនៅមួយរដូវទៀត ចាំខ្ញុំជ្រួយដីនៅជុំវិញហើយដាក់ជី។ រួចបើនៅថ្ងៃមុខដើមនេះមានផ្លែ ជាការល្អហើយ ប៉ុន្តែបើគ្មានផ្លែទេ លោកអញ្ជើញកាប់ចោលចុះ›»។—លូកា ១៣:៦-៩
អស់ជាងបីឆ្នាំហើយដែលលោកយេស៊ូបានព្យាយាមជួយជនជាតិយូដាឲ្យមានជំនឿលើព្រះ។ ទោះជាយ៉ាងនោះក៏ដោយ មានមនុស្សតិចណាស់ដែលបានក្លាយទៅជាអ្នកកាន់តាមលោក។ លោកយេស៊ូអាចគិតថាពួកគេជាផលផ្លែនៃការខំព្យាយាមរបស់លោក។ ឥឡូវនៅឆ្នាំទី៤នៃកិច្ចបម្រើរបស់លោក លោកកំពុងខំបង្កើនសកម្មភាពផ្សព្វផ្សាយនិងបង្រៀននៅតំបន់យូឌានិងតំបន់ភេរៀ។ នេះហាក់ដូចជាលោកកំពុងជ្រួយដីហើយដាក់ជីនៅជុំវិញដើមល្វាដែលជាជនជាតិយូដា។ តើមានលទ្ធផលអ្វី? មានតែជនជាតិយូដាមួយចំនួនតូចប៉ុណ្ណោះដែលបានប្រែចិត្ត។ ប៉ុន្តែ ជនជាតិយូដាភាគច្រើនមិនព្រមប្រែចិត្តឡើយ។ ហេតុនេះ ពួកគេនឹងត្រូវបំផ្លាញចោល។
មិនយូរប៉ុន្មានក្រោយមកនៅថ្ងៃឈប់សម្រាក យើងឃើញយ៉ាងច្បាស់ម្ដងទៀតថា ជនជាតិយូដាភាគច្រើនមិនប្រែចិត្តឡើយ។ ពេលលោកយេស៊ូកំពុងបង្រៀនក្នុងសាលាប្រជុំមួយ លោកបានឃើញស្ត្រីម្នាក់ដែលឈឺអស់១៨ឆ្នាំ ដោយសារឥទ្ធិពលនៃវិញ្ញាណកំណាច។ នាងកោងខ្នងជិតដល់ដី ហើយពុំអាចងើបត្រង់បានឡើយ។ លោកយេស៊ូបង្ហាញចិត្តមេត្ដាករុណា ដោយប្រាប់ស្ត្រីនោះថា៖ «នាងអើយ នាងបានត្រូវរំដោះពីជំងឺរបស់នាងហើយ»។ (លូកា ១៣:១២) រួចលោកដាក់ដៃលើនាង នាងក៏ងើបត្រង់ភ្លាម ហើយចាប់ផ្ដើមលើកតម្កើងព្រះ។
នេះបានធ្វើឲ្យអ្នកទទួលខុសត្រូវនៅសាលាប្រជុំខឹងយ៉ាងខ្លាំង ហើយគាត់និយាយទៅបណ្ដាជនថា៖ «មានប្រាំមួយថ្ងៃដែលអ្នករាល់គ្នាគួរធ្វើការ។ ដូច្នេះ ចូរមកនៅថ្ងៃទាំងនោះដើម្បីជាពីជំងឺ មិនមែននៅថ្ងៃឈប់សម្រាកទេ»។ (លូកា ១៣:១៤) អ្នកទទួលខុសត្រូវនៅសាលាប្រជុំមិនបានបដិសេធថាលោកយេស៊ូគ្មានឫទ្ធានុភាពដើម្បីធ្វើឲ្យមនុស្សជាសះស្បើយនោះឡើយ។ ប៉ុន្តែ គាត់កំពុងស្តីបន្ទោសឲ្យបណ្ដាជនដែលមកជួបលោកយេស៊ូដើម្បីជាពីជំងឺនៅថ្ងៃឈប់សម្រាក! លោកយេស៊ូតបទៅគាត់ដោយសមហេតុសមផលថា៖ «មនុស្សលាក់ពុត! នៅថ្ងៃឈប់សម្រាក អ្នករាល់គ្នាតែងតែស្រាយគោឈ្មោលឬលារបស់ខ្លួន រួចដឹកចេញពីក្រោលទៅឲ្យផឹកទឹក មែនទេ? បើដូច្នេះ ចុះស្ត្រីនេះដែលជាកូនអាប្រាហាំ ហើយដែលបានជាប់ចំណងរបស់សាថាន អស់ដប់ប្រាំបីឆ្នាំហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះនៅថ្ងៃឈប់សម្រាកទេឬ?»។—លូកា ១៣:១៥, ១៦
ពេលដែលលោកមានប្រសាសន៍ដូច្នេះ អស់អ្នកដែលប្រឆាំងលោកក៏មានសេចក្ដីអៀនខ្មាស ប៉ុន្តែបណ្ដាជនត្រេកអរវិញ ដោយឃើញការអស្ចារ្យទាំងប៉ុន្មានដែលលោកបានធ្វើ។ បន្ទាប់មកក្នុងតំបន់យូឌានេះ លោកយេស៊ូលើកឡើងម្ដងទៀតនូវឧទាហរណ៍ពីរដែលជាទំនាយទាក់ទងនឹងរាជាណាចក្រ។ នៅពេលមុន លោកបានប្រាប់បណ្ដាជននូវឧទាហរណ៍ទាំងពីរនោះ កាលដែលលោកអង្គុយលើទូកនៅសមុទ្រកាលីឡេ។—ម៉ាថាយ ១៣:៣១-៣៣; លូកា ១៣:១៨-២១