ជំពូកទី៨២
កិច្ចបម្រើរបស់លោកយេស៊ូនៅតំបន់ភេរៀ
ចូរខំប្រឹងឲ្យខ្លាំងដើម្បីចូលតាមទ្វារចង្អៀត
លោកយេស៊ូត្រូវស្លាប់នៅក្រុងយេរូសាឡិម
លោកយេស៊ូបានបង្រៀនបណ្ដាជននៅតំបន់យូឌានិងនៅក្រុងយេរូសាឡិម ព្រមទាំងធ្វើឲ្យពួកគេបានជាសះស្បើយ។ បន្ទាប់មក លោកក៏ឆ្លងទន្លេយ៉ូដាន់ រួចធ្វើដំណើរពីក្រុងមួយទៅក្រុងមួយដើម្បីបង្រៀនបណ្ដាជនក្នុងតំបន់ភេរៀ។ ប៉ុន្តែ មិនយូរទៀត លោកនឹងត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
ពេលលោកយេស៊ូនៅតំបន់ភេរៀ មានបុរសម្នាក់បានមកសួរលោកថា៖ «លោកម្ចាស់ តើមនុស្សដែលនឹងត្រូវសង្គ្រោះមានចំនួនតិចឬ?»។ បុរសនោះប្រហែលជាបានដឹងអំពីការជជែកតវ៉ាដែលមានក្នុងចំណោមអ្នកដឹកនាំសាសនាស្តីអំពីរឿងថា តើមានចំនួនមនុស្សតិចឬច្រើនដែលនឹងទទួលការសង្គ្រោះ? ជាជាងតបឆ្លើយសំណួរបុរសនោះ លោកបានលើកឡើងនូវអ្វីដែលមនុស្សត្រូវធ្វើដើម្បីទទួលការសង្គ្រោះ។ ហេតុនេះ លោកមានប្រសាសន៍ទៅគាត់ថា៖ «ចូរអ្នករាល់គ្នាខំប្រឹងឲ្យខ្លាំងដើម្បីចូលតាមទ្វារចង្អៀត»។ ពិតមែន ដើម្បីចូលតាមទ្វារចង្អៀត មនុស្សត្រូវខំប្រឹងយ៉ាងខ្លាំង។ ហេតុអ្វីដូច្នេះ? លោកយេស៊ូពន្យល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សជាច្រើននឹងខំចូល តែចូលមិនបានទេ»។—លូកា ១៣:២៣, ២៤
លោកយេស៊ូពន្យល់ថែមទៀតអំពីសារៈសំខាន់នៃការខំប្រឹងយ៉ាងខ្លាំង ដោយមានប្រសាសន៍ថា៖ «ព្រោះពេលដែលម្ចាស់ផ្ទះបានក្រោកឡើងហើយចាក់សោទ្វារ រួចអ្នករាល់គ្នាក៏តាំងឈរខាងក្រៅហើយគោះទ្វារថា៖ ‹លោក សូមបើកទ្វារឲ្យយើងចូលផង› . . . ប៉ុន្តែលោកនឹងប្រាប់អ្នករាល់គ្នាថា៖ ‹ខ្ញុំមិនដឹងថាអ្នកមកពីណាទេ។ ពួកអ្នកធ្វើអំពើទុច្ចរិតអើយ! ចូរចេញឲ្យឆ្ងាយពីខ្ញុំទៅ!›»។—លូកា ១៣:២៥-២៧
លោកយេស៊ូចង់បញ្ជាក់អំពីផលវិបាករបស់បុគ្គលណាម្នាក់ដែលមកយឺត។ តាមមើលទៅ គាត់មកនៅពេលណាដែលស្រួលសម្រាប់គាត់។ ប៉ុន្តែនៅពេលគាត់មកដល់ ទ្វារបានត្រូវបិទ និងចាក់សោហើយ។ គាត់គួរមកឲ្យបានមុន ទោះបើនោះជាពេលដែលមិនស្រួលសម្រាប់គាត់ក្ដី។ ស្រដៀងគ្នាដែរ មនុស្សជាច្រើនអាចទទួលប្រយោជន៍ពីសេចក្ដីបង្រៀនរបស់លោកយេស៊ូ ដោយសារលោកនៅទីនោះហើយ។ ប៉ុន្តែ ពួកគេមិនបានឆ្លៀតយកឱកាសនោះដើម្បីចាត់ទុកការគោរពប្រណិប័តន៍ពិតជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់ពួកគេទេ។ មនុស្សភាគច្រើនមិនព្រមទទួលការរៀបចំដែលព្រះផ្ដល់ឲ្យតាមរយៈលោកយេស៊ូ ដើម្បីបានការសង្គ្រោះឡើយ។ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ថាពួកគេនឹង«យំហើយសង្កៀតធ្មេញ» ពេលដែលពួកគេត្រូវបោះទៅក្រៅ។ ប៉ុន្តែ មនុស្ស«ពីតំបន់ខាងកើត និងតំបន់ខាងលិច ហើយពីទិសខាងជើង និងទិសខាងត្បូង» ពោលគឺមនុស្សដែលមកពីគ្រប់ជាតិសាសន៍ «នឹងមកអង្គុយនៅតុក្នុងរាជាណាចក្ររបស់ព្រះ»។—លូកា ១៣:២៨, ២៩
លោកយេស៊ូពន្យល់ថា៖ «អ្នកក្រោយគេខ្លះ[ដូចជាជនជាតិដទៃ និងជនជាតិយូដាដែលត្រូវគេគាបសង្កត់] នឹងទៅជាអ្នកមុនគេ ហើយអ្នកមុនគេខ្លះ[អ្នកដឹកនាំសាសនាយូដាដែលមានអំនួតដោយសារពួកគេជាកូនចៅរបស់អាប្រាហាំ] នឹងទៅជាអ្នកក្រោយគេវិញ»។ (លូកា ១៣:៣០) ពួកអ្នកដឹកនាំសាសនាដែលគ្មានចិត្តដឹងគុណទាំងនោះ នឹងទៅជា«អ្នកក្រោយគេ» ក្នុងន័យថាពួកគេនឹងមិនទទួលរាជាណាចក្រព្រះទាល់តែសោះ។
នៅវេលានោះ ពួកផារិស៊ីខ្លះបានចូលមកជិតលោកយេស៊ូ ហើយជម្រាបលោកថា៖ «ចូរចេញពីកន្លែងនេះទៅ ពីព្រោះហេរ៉ូឌ[អាន់ទីប៉ាស]ចង់សម្លាប់អ្នក»។ ស្តេចហេរ៉ូឌប្រហែលជាអ្នកផ្ដើមឲ្យមានពាក្យចចាមអារ៉ាមដើម្បីឲ្យលោកយេស៊ូគេចខ្លួនពីតំបន់នេះ។ ហេរ៉ូឌធ្វើដូច្នេះ ប្រហែលជាដោយសារគាត់ភ័យខ្លាចថាគាត់នឹងជាប់ពាក់ព័ន្ធក្នុងការសម្លាប់អ្នកប្រកាសទំនាយម្នាក់ទៀត ដូចដែលគាត់ធ្លាប់បញ្ជាឲ្យគេសម្លាប់យ៉ូហានដែលជាអ្នកជ្រមុជទឹក។ ក៏ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកផារិស៊ីថា៖ «ចូរទៅប្រាប់មនុស្សក្រឡេចក្រឡុច នោះថា៖ ‹មើល! ថ្ងៃនេះនិងថ្ងៃស្អែក ខ្ញុំនឹងបណ្ដេញវិញ្ញាណកំណាច ហើយធ្វើឲ្យមនុស្សជាសះស្បើយ រួចនៅថ្ងៃទីបីខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ›»។ (លូកា ១៣:៣១, ៣២) ទោះជាហេរ៉ូឌជាមនុស្សក្រឡេចក្រឡុចមានកលល្បិចក៏ដោយ លោកយេស៊ូមិនព្រមចាញ់កលល្បិចរបស់គាត់ ឬបុគ្គលណាម្នាក់ឡើយ។ លោកបន្តបំពេញភារកិច្ចដែលព្រះជាបិតាបានផ្ដល់ឲ្យលោក។ លោកធ្វើដូច្នេះស្របតាមពេលកំណត់របស់បិតាលោក មិនមែនរបស់មនុស្សទេ។
រួចមក លោកយេស៊ូធ្វើដំណើរទៅក្រុងយេរូសាឡិម ពីព្រោះដូចលោកមានប្រសាសន៍ថា៖ «អ្នកប្រកាសទំនាយពុំអាចត្រូវបំផ្លាញនៅខាងក្រៅក្រុងយេរូសាឡិមបានឡើយ»។ (លូកា ១៣:៣៣) ក្នុងបទគម្ពីរគ្មានទំនាយណាដែលចែងថាមេស្ស៊ីត្រូវស្លាប់នៅក្រុងយេរូសាឡិមទេ។ ដូច្នេះ ហេតុអ្វីបានជាលោកយេស៊ូប្រាប់ថាលោកនឹងត្រូវគេសម្លាប់នៅទីនោះ? ពីព្រោះក្រុងយេរូសាឡិមជារាជធានី ហើយជាកន្លែងដែលគេជូនសត្វជាគ្រឿងបូជា។ ម្យ៉ាងទៀត នៅទីនោះមានតុលាការកំពូលរបស់ជនជាតិយូដា ដែលមានសមាជិក៧១នាក់ ហើយក៏ជាកន្លែងដែលគេវិនិច្ឆ័យអ្នកដែលបានត្រូវចោទប្រកាន់ថាជាអ្នកប្រកាសទំនាយមិនពិតដែរ។ ដូច្នេះ លោកយេស៊ូជ្រាបថាជាការមិនត្រឹមត្រូវឡើយដែលឲ្យគេសម្លាប់លោកនៅកន្លែងផ្សេងទៀត។
លោកយេស៊ូមានប្រសាសន៍ទាំងសោកស្ដាយថា៖ «ក្រុងយេរូសាឡិម ក្រុងយេរូសាឡិមអើយ! គឺនាងហើយដែលបានសម្លាប់ពួកអ្នកប្រកាសទំនាយ ហើយបានគប់ដុំថ្មសម្លាប់អ្នកដែលបានត្រូវចាត់មកឯនាង! ច្រើនដងហើយដែលខ្ញុំចង់ប្រមូលកូនរបស់នាងមក ដូចមេមាន់ក្រុងកូនក្រោមស្លាបវា។ ប៉ុន្តែអ្នករាល់គ្នាមិនព្រមសោះ! មើល! វិហារនេះ នឹងត្រូវបោះបង់ចោល ហើយទុកឲ្យអ្នករាល់គ្នាវិញ»។ (លូកា ១៣:៣៤, ៣៥) ប្រជាជាតិនេះបានបដិសេធបុត្ររបស់ព្រះ ដូច្នេះពួកគេច្បាស់ជាត្រូវទទួលការវិនិច្ឆ័យ!
មុនពេលលោកយេស៊ូបានទៅដល់ក្រុងយេរូសាឡិម មេដឹកនាំម្នាក់នៃពួកផារិស៊ីបានអញ្ជើញលោកឲ្យពិសាអាហារនៅផ្ទះរបស់គាត់នៅថ្ងៃឈប់សម្រាក។ អស់អ្នកដែលនៅទីនោះបានសង្កេតមើលអ្វីដែលលោកហៀបនឹងធ្វើចំពោះបុរសម្នាក់ដែលមានជំងឺហើម (ជាជំងឺដែលផ្ទុកទឹកច្រើនក្នុងខ្លួន ជាញឹកញយកើតមាននៅជើងនិងប្រអប់ជើង)។ ដូច្នេះ លោកយេស៊ូសួរពួកផារិស៊ីនិងពួកអ្នកចេះច្បាប់ស្ទាត់ថា៖ «តើមានច្បាប់ធ្វើឲ្យមនុស្សជាសះស្បើយនៅថ្ងៃឈប់សម្រាកឬទេ?»។—លូកា ១៤:៣
ពេលឮដូច្នេះ ពួកគេក៏នៅស្ងៀម។ រួចលោកយេស៊ូធ្វើឲ្យបុរសនោះជាសះស្បើយ ហើយលោកមានប្រសាសន៍ទៅពួកគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើកូនប្រុសឬគោឈ្មោលរបស់ខ្លួនធ្លាក់អណ្ដូងនៅថ្ងៃឈប់សម្រាក តើមានអ្នកណាមិនលើកចេញភ្លាមទេឬ?»។ (លូកា ១៤:៥) ម្ដងនេះទៀត ពួកគេក៏នៅស្ងៀមដែរ ដោយសារការវែកញែកដ៏សមហេតុសមផលរបស់លោកយេស៊ូ។