ជំពូកទី១០៦
ឧទាហរណ៍ពីរអំពីចម្ការទំពាំងបាយជូរ
ម៉ាថាយ ២១:២៨-៤៦ ម៉ាកុស ១២:១-១២ លូកា ២០:៩-១៩
ឧទាហរណ៍អំពីកូនប្រុសពីរនាក់
ឧទាហរណ៍អំពីពួកកសិករក្នុងចម្ការទំពាំងបាយជូរ
ថ្មីៗនេះនៅឯវិហារ លោកយេស៊ូបានធ្វើឲ្យពួកសង្ឃនាយកនិងពួកបុរសចាស់ទុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេគឺជាអ្នកដែលសួរដេញដោលលោកយេស៊ូអំពីប្រភពនៃអំណាចរបស់លោកក្នុងការធ្វើអ្វីៗទាំងនោះ។ ប៉ុន្តែ ការឆ្លើយតបរបស់លោកយេស៊ូធ្វើឲ្យពួកគេបាត់មាត់។ បន្ទាប់មក លោកលើកឧទាហរណ៍មួយដើម្បីបង្ហាញថាពួកគេពិតជាមនុស្សបែបណា។
លោកយេស៊ូមានប្រសាសន៍ថា៖ «បុរសម្នាក់មានកូនពីរនាក់។ គាត់ទៅប្រាប់កូនទីមួយថា៖ ‹កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ›។ កូនទីមួយឆ្លើយថា៖ ‹ខ្ញុំមិនទៅទេ› ប៉ុន្តែគាត់ស្ដាយក្រោយ ហើយបានចេញទៅចម្ការ។ រួចមក បុរសនោះទៅប្រាប់កូនទីពីរដូចគ្នា។ កូនទីពីរឆ្លើយថា៖ ‹ខ្ញុំនឹងទៅ លោកឪពុក!› ប៉ុន្តែគាត់មិនបានទៅទេ។ តើកូនមួយណាបានធ្វើតាមចិត្តរបស់ឪពុក?»។ (ម៉ាថាយ ២១:២៨-៣១, ព.ថ.) យើងឃើញច្បាស់ថា នៅទីបំផុតកូនទី១គឺជាអ្នកដែលបានធ្វើតាមចិត្តរបស់ឪពុក។
ហេតុនេះ លោកយេស៊ូប្រាប់ពួកអ្នកប្រឆាំងលោកថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ពួកអ្នកយកពន្ធនិងពួកស្រីពេស្យាកំពុងចូលរាជាណាចក្ររបស់ព្រះមុនអ្នករាល់គ្នា»។ នៅពេលដំបូង ពួកអ្នកយកពន្ធនិងពួកស្រីពេស្យាមិនបម្រើព្រះទេ។ ប៉ុន្តែ ដូចកូនទី១ដែរ ក្រោយមកពួកគេបានប្រែចិត្ត ហើយឥឡូវកំពុងបម្រើព្រះ។ ផ្ទុយទៅវិញ ពួកអ្នកដឹកនាំសាសនាគឺដូចជាកូនទី២ ពីព្រោះពួកគេអះអាងថាពួកគេបម្រើព្រះ តែពួកគេមិនបានធ្វើដូច្នេះសោះ។ លោកយេស៊ូមានប្រសាសន៍ថា៖ «យ៉ូហាន[ដែលជាអ្នកជ្រមុជទឹក]បានមកឯអ្នករាល់គ្នាដោយបង្រៀនអំពីផ្លូវនៃសេចក្ដីសុចរិត តែអ្នករាល់គ្នាមិនបានជឿគាត់ឡើយ។ ក៏ប៉ុន្តែ ពួកអ្នកយកពន្ធនិងពួកស្រីពេស្យាបានជឿគាត់ ឯអ្នករាល់គ្នាទោះជាឃើញដូច្នេះក៏ដោយ ក៏នៅតែមិនស្ដាយក្រោយហើយជឿគាត់ទេ»។—ម៉ាថាយ ២១:៣១, ៣២
លោកយេស៊ូបន្តរៀបរាប់រឿងនេះដោយលើកឧទាហរណ៍មួយទៀត។ ម្ដងនេះ លោកបង្ហាញថាពួកអ្នកដឹកនាំសាសនាមិនគ្រាន់តែមិនបានបំពេញភារកិច្ចក្នុងកិច្ចបម្រើព្រះប៉ុណ្ណោះទេ ប៉ុន្តែពួកគេពិតជាអាក្រក់ខ្លាំងណាស់។ លោកយេស៊ូមានប្រសាសន៍ថា៖ «បុរសម្នាក់បានធ្វើចម្ការទំពាំងបាយជូរមួយ ហើយព័ទ្ធរបង និងជីកកន្លែងសម្រាប់ជាន់ផ្លែយកទឹកធ្វើស្រា ក៏បានសង់ប៉មមួយ រួចប្រវាស់ចម្ការឲ្យពួកកសិករ។ ក្រោយមក បុរសនោះធ្វើដំណើរទៅក្រៅប្រទេស។ លុះដល់ពេលកំណត់ គាត់ចាត់ខ្ញុំបម្រើម្នាក់ឲ្យទៅឯពួកកសិករ ដើម្បីទទួលផលដែលជាចំណែករបស់គាត់។ ប៉ុន្តែពួកកសិករបានចាប់ខ្ញុំបម្រើនោះ វាយដំ រួចបណ្ដេញឲ្យទៅវិញដោយដៃទទេ។ ក្រោយមក បុរសនោះចាត់ខ្ញុំបម្រើម្នាក់ទៀតឲ្យទៅឯពួកកសិករម្ដងទៀត តែពួកគេវាយក្បាលអ្នកនោះ ហើយប្រមាថមើលងាយគាត់។ រួចបុរសនោះបានចាត់ខ្ញុំបម្រើម្នាក់ទៀត តែពួកកសិករសម្លាប់អ្នកនោះចោល។ បុរសនោះចាត់ខ្ញុំបម្រើជាច្រើននាក់ទៀតឲ្យទៅ តែអ្នកខ្លះត្រូវកសិករវាយដំ ហើយខ្លះទៀតត្រូវពួកគេសម្លាប់»។—ម៉ាកុស ១២:១-៥
តើពួកអ្នកដែលកំពុងស្ដាប់លោកយេស៊ូនឹងយល់ឧទាហរណ៍នេះឬទេ? ពួកគេប្រហែលជានៅចាំប្រសាសន៍របស់ព្រះតាមរយៈអេសាយដែលថា៖ «ចំការទំពាំងបាយជូររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នោះគឺជាពូជពង្សរបស់អ៊ីស្រាអែល នឹងពីយូដា ជាដំណាំដែលគាប់ដល់ព្រះនេត្រទ្រង់ ហើយទ្រង់ប្រាថ្នាចង់បានសេចក្ដីយុត្ដិធម៌ តែមើល បានតែការកំចាយឈាមវិញ»។ (អេសាយ ៥:៧) ឧទាហរណ៍របស់លោកយេស៊ូក៏ស្រដៀងនេះដែរ។ ម្ចាស់ដីគឺជាព្រះយេហូវ៉ា ហើយចម្ការគឺជាប្រជាជាតិអ៊ីស្រាអែល។ ច្បាប់របស់ព្រះបានការពារពួកគេ ដូចជារបងព័ទ្ធចម្ការ។ ព្រះយេហូវ៉ាបានចាត់ពួកអ្នកប្រកាសទំនាយដើម្បីណែនាំរាស្ត្ររបស់លោក ហើយជួយពួកគេឲ្យបង្កើតផលផ្លែល្អ។
ប៉ុន្តែ«ពួកកសិករ»បានធ្វើបាបហើយសម្លាប់«ពួកខ្ញុំបម្រើ» ដែលបានត្រូវចាត់ទៅឯពួកគេ។ លោកយេស៊ូពន្យល់ថា៖ «នៅមានម្នាក់ទៀត គឺជាកូនប្រុសជាទីស្រឡាញ់របស់គាត់[ម្ចាស់ចម្ការ]។ ក្រោយបង្អស់ គាត់ចាត់កូនប្រុសឲ្យទៅដោយពោលថា៖ ‹ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ›។ ប៉ុន្តែកសិករទាំងនោះបាននិយាយគ្នាថា៖ ‹គាត់ជាអ្នកទទួលមត៌ក។ ចូរយើងនាំគ្នាសម្លាប់គាត់ រួចចម្ការនេះនឹងក្លាយជារបស់យើង›។ ដូច្នេះ ពួកគេចាប់កូនប្រុសនោះ សម្លាប់ចោល»។—ម៉ាកុស ១២:៦-៨
ឥឡូវ លោកយេស៊ូសួរថា៖ «តើម្ចាស់ចម្ការនោះនឹងធ្វើយ៉ាងណា?»។ (ម៉ាកុស ១២:៩) ពួកអ្នកដឹកនាំសាសនាឆ្លើយថា៖ «ដោយសារពួកគេជាមនុស្សអាក្រក់ នោះលោកនឹងបំផ្លាញពួកគេចោលឥតត្រាប្រណី ក៏នឹងប្រវាស់ចម្ការនោះឲ្យពួកកសិករផ្សេងទៀត ដែលនឹងឲ្យផលដល់លោកតាមរដូវ»។—ម៉ាថាយ ២១:៤១
ហេតុនេះ ដោយមិនដឹងខ្លួនពួកគេបានប្រកាសអំពីការវិនិច្ឆ័យមកលើខ្លួនពួកគេ ពីព្រោះពួកគេស្ថិតក្នុងចំណោម«ពួកកសិករ» ដែលធ្វើការក្នុង«ចម្ការ»របស់ព្រះយេហូវ៉ា ពោលគឺប្រជាជាតិអ៊ីស្រាអែល។ តើព្រះយេហូវ៉ាមានសិទ្ធិតម្រូវឲ្យពួកកសិករទាំងនោះឲ្យផលផ្លែអ្វី? ផលផ្លែនោះរួមបញ្ចូលជំនឿលើបុត្ររបស់លោកដែលជាមេស្ស៊ី។ លោកយេស៊ូមើលចំពួកអ្នកដឹកនាំសាសនា រួចមានប្រសាសន៍ថា៖ «តើអ្នករាល់គ្នាមិនធ្លាប់អានបទគម្ពីរទេឬ ដែលថា៖ ‹ថ្មដែលអ្នកសាងសង់មិនព្រមយក បានទៅជាថ្មជ្រុងដែលនៅលើថ្មជ្រុងទាំងអស់›ទេឬ? តើមិនធ្លាប់អានទេឬថា៖ ‹ព្រះយេហូវ៉ាបានធ្វើឲ្យការនេះកើតឡើង ហើយនោះជាការអស្ចារ្យចំពោះយើង›?»។ (ម៉ាកុស ១២:១០, ១១) បន្ទាប់មក លោកយេស៊ូបញ្ជាក់អំពីចំណុចសំខាន់នៃប្រសាសន៍របស់លោកថា៖ «ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា រាជាណាចក្ររបស់ព្រះនឹងត្រូវដកហូតពីអ្នករាល់គ្នា ហើយប្រគល់ឲ្យប្រជាជាតិមួយដែលបង្កើតផលនៃរាជាណាចក្រនោះ»។—ម៉ាថាយ ២១:៤៣
ពួកអ្នកជំនាញខាងច្បាប់និងពួកសង្ឃនាយកដឹងថាលោកយេស៊ូ«លើកឧទាហរណ៍នេះសំដៅលើពួកគេ»។ (លូកា ២០:១៩) ដូច្នេះ ខ្លាំងជាងមុនទៅទៀត ពួកគេចង់សម្លាប់លោកយេស៊ូដែលជា«អ្នកទទួលមត៌ក»ស្របច្បាប់។ ប៉ុន្តែពួកគេខ្លាចបណ្ដាជន ដោយសារមនុស្សទាំងនោះចាត់ទុកលោកយេស៊ូជាអ្នកប្រកាសទំនាយ ដូច្នេះពួកគេមិនបានព្យាយាមសម្លាប់លោកនៅពេលនោះឡើយ។