ជំពូកទី១០៩
លោកយេស៊ូផ្ដន្ទាទោសពួកអ្នកប្រឆាំង
ម៉ាថាយ ២២:៤១–២៣:២៤ ម៉ាកុស ១២:៣៥-៤០ លូកា ២០:៤១-៤៧
តើគ្រិស្តជាបុត្ររបស់អ្នកណា?
លោកយេស៊ូបកអាក្រាតមនុស្សមានពុតដែលប្រឆាំងលោក
ពួកអ្នកដឹកនាំសាសនាដែលប្រឆាំងលោកយេស៊ូបានបរាជ័យក្នុងការបង្ខូចកេរ្ដិ៍ឈ្មោះលោក ហើយពួកគេក៏មិនអាចបញ្ឆោតលោកដើម្បីចាប់លោកប្រគល់ទៅឲ្យពួកអាជ្ញាធររ៉ូមដែរ។ (លូកា ២០:២០) នៅថ្ងៃទី១១ ខែណែសាន កាលដែលលោកយេស៊ូនៅឯវិហារនៅឡើយ លោកបានសួរពួកអ្នកប្រឆាំងលោកវិញ ហើយលោកក៏បង្ហាញអត្តសញ្ញាណពិតរបស់លោកដែរ។ លោកសួរពួកគេថា៖ «តើអ្នករាល់គ្នាគិតដូចម្ដេចអំពីគ្រិស្ត? តើលោកជាបុត្ររបស់អ្នកណា?»។ (ម៉ាថាយ ២២:៤២) បណ្ដាជនជាទូទៅដឹងថាគ្រិស្តឬមេស្ស៊ីនឹងមកតាមវង្សត្រកូលរបស់ដាវីឌ។ ហេតុនេះ ពួកអ្នកប្រឆាំងលោកបានឆ្លើយដូច្នេះមែន។—ម៉ាថាយ ៩:២៧; ១២:២៣; យ៉ូហាន ៧:៤២
រួចមក លោកយេស៊ូសួរពួកគេថា៖ «ចុះហេតុអ្វីបានជាសកម្មពលរបស់ព្រះបានបណ្ដាលឲ្យដាវីឌហៅលោកថា‹ម្ចាស់› ពេលគាត់និយាយថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់ម្ចាស់ខ្ញុំថា៖ «ចូរអង្គុយនៅខាងស្ដាំខ្ញុំ រហូតដល់ខ្ញុំដាក់សត្រូវរបស់អ្នកនៅក្រោមបាតជើងអ្នក»›? ដូច្នេះ ប្រសិនបើដាវីឌហៅលោកថា‹ម្ចាស់› នោះតើលោកអាចជាបុត្ររបស់ដាវីឌដូចម្ដេចបាន?»។—ម៉ាថាយ ២២:៤៣-៤៥
ពួកផារិស៊ីនៅស្ងៀមពីព្រោះពួកគេសង្ឃឹមថាកូនចៅរបស់ដាវីឌ ទំនងជាអាចរំដោះពួកគេពីការជិះជាន់របស់រដ្ឋាភិបាលរ៉ូម។ ប៉ុន្តែ លោកយេស៊ូបានដកស្រង់ពាក្យសម្ដីរបស់ដាវីឌដែលបានត្រូវចែងទុកក្នុង ទំនុកតម្កើង ១១០:១, ២ ហើយលោកបញ្ជាក់ថាមេស្ស៊ីមិនដូចអ្នកគ្រប់គ្រងឯទៀតដែលជាមនុស្សនោះទេ។ ហេតុអ្វី? ពីព្រោះមេស្ស៊ីគឺជាម្ចាស់របស់ដាវីឌ ហើយក្រោយពីអង្គុយនៅខាងស្ដាំដៃរបស់ព្រះ នោះមេស្ស៊ីនឹងចាប់ផ្ដើមប្រើសិទ្ធិគ្រប់គ្រងរបស់លោក។ ចម្លើយរបស់លោកយេស៊ូបានធ្វើឲ្យពួកអ្នកប្រឆាំងលោកនៅស្ងៀម។
នៅពេលនោះ ពួកអ្នកកាន់តាមលោកយេស៊ូនិងបណ្ដាជនជាច្រើនទៀតក៏កំពុងស្ដាប់លោកដែរ។ ឥឡូវ លោកយេស៊ូព្រមានពួកគេអំពីពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ី ដោយមានប្រសាសន៍ថា ពួកបុរសទាំងនោះ«បានតាំងខ្លួនអង្គុយនៅកន្លែងរបស់ម៉ូសេ»ដើម្បីបង្រៀនច្បាប់របស់ព្រះ។ រួចលោកយេស៊ូបង្គាប់ពួកអ្នកស្ដាប់លោកថា៖ «អ្វីៗទាំងអស់ដែលពួកគេប្រាប់អ្នករាល់គ្នា ចូរធ្វើតាមហើយកាន់តាមចុះ ប៉ុន្តែកុំយកតម្រាប់តាមការប្រព្រឹត្តរបស់ពួកគេឡើយ ពីព្រោះពួកគេមិនធ្វើតាមអ្វីដែលពួកគេប្រាប់នោះទេ»។—ម៉ាថាយ ២៣:២, ៣
បន្ទាប់មក លោកយេស៊ូលើកចំណុចខ្លះដើម្បីបញ្ជាក់អំពីពុតត្បុតរបស់ពួកអ្នកដឹកនាំសាសនាទាំងនោះ ដោយមានប្រសាសន៍ថា៖ «ប្រអប់តូចៗសម្រាប់ដាក់បទគម្ពីរ ដែលពួកគេពាក់ជាគ្រឿងការពារនោះ ពួកគេយកមកពង្រីកឲ្យធំ»។ ជនជាតិយូដាខ្លះពាក់ប្រអប់តូចៗសម្រាប់ដាក់បទគម្ពីរពីច្បាប់ម៉ូសេនៅលើថ្ងាស ឬលើដៃ។ ប៉ុន្តែ ពួកផារិស៊ីពង្រីកប្រអប់តូចៗសម្រាប់ដាក់បទគម្ពីរនោះ ដើម្បីឲ្យមនុស្សឃើញថាពួកគេធ្វើតាមច្បាប់ម៉ូសេយ៉ាងខ្នះខ្នែង។ បន្ថែមទៀត ពួកគេ«ធ្វើឲ្យរំយោលនៅជាយអាវរបស់ពួកគេវែង»។ នៅសម័យបុរាណ ជនជាតិអ៊ីស្រាអែលបានត្រូវបង្គាប់ឲ្យធ្វើរំយោលនៅជាយអាវរបស់ពួកគេ ប៉ុន្តែពួកផារិស៊ីបានធ្វើឲ្យរំយោលនៅជាយអាវរបស់ពួកគេវែងជាង។ (ជនគណនា ១៥:៣៨-៤០) ហេតុអ្វីពួកគេធ្វើដូច្នេះ? ពីព្រោះពួកគេធ្វើអ្វីៗទាំងអស់«គឺដើម្បីឲ្យមនុស្សមើលឃើញ»។—ម៉ាថាយ ២៣:៥
សូម្បីតែពួកអ្នកកាន់តាមលោកយេស៊ូក៏អាចទទួលឥទ្ធិពលពីការប្រព្រឹត្តរបស់ពួកអ្នកដឹកនាំសាសនា ហើយមានបំណងប្រាថ្នាចង់បានមុខមាត់ដែរ។ ដូច្នេះ លោកយេស៊ូឲ្យឱវាទទៅពួកគាត់ថា៖ «កុំឲ្យអ្នកណាហៅថារ៉ាប៊ីឡើយ ពីព្រោះអ្នកមានគ្រូតែមួយទេ ហើយអ្នករាល់គ្នាជាបងប្អូននឹងគ្នា។ ម្យ៉ាងទៀត កុំហៅអ្នកណានៅផែនដីថាបិតាឡើយ ពីព្រោះបិតារបស់អ្នកមានតែមួយទេ ហើយលោកស្ថិតនៅស្ថានសួគ៌។ អ្នកក៏មិនត្រូវឲ្យអ្នកណាហៅថា‹អ្នកដឹកនាំ›ដែរ ពីព្រោះអ្នកដឹកនាំរបស់អ្នករាល់គ្នាមានតែមួយទេ គឺជាគ្រិស្ត»។ ដូច្នេះ តើពួកអ្នកកាន់តាមលោកយេស៊ូគួរមានទស្សនៈយ៉ាងណាចំពោះខ្លួន ហើយតើពួកគាត់គួរប្រព្រឹត្តយ៉ាងដូចម្ដេច? លោកយេស៊ូប្រាប់ពួកគាត់ថា៖ «អ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ។ អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង»។—ម៉ាថាយ ២៣:៨-១២
បន្ទាប់មក លោកយេស៊ូប្រាប់អំពីសេចក្ដីវេទនាមួយចំនួនដែលនឹងមានមកលើពួកអ្នកជំនាញខាងច្បាប់និងពួកផារិស៊ីដែលជាមនុស្សមានពុត។ លោកមានប្រសាសន៍ថា៖ «ពួកផារិស៊ីនិងពួកអ្នកជំនាញខាងច្បាប់ ជាមនុស្សមានពុតអើយ! អ្នករាល់គ្នានឹងត្រូវវេទនា! ពីព្រោះអ្នកបិទទ្វាររាជាណាចក្រស្ថានសួគ៌នៅមុខមនុស្ស។ អ្នករាល់គ្នាមិនចូល ហើយអ្នកដែលកំពុងចូល ក៏អ្នកមិនឲ្យចូលដែរ»។—ម៉ាថាយ ២៣:១៣
រួចមក លោកយេស៊ូផ្ដន្ទាទោសពួកផារិស៊ីដោយសារពួកគេមិនយកចិត្តទុកដាក់ចំពោះអ្វីដែលសំខាន់ជាងស្របតាមទស្សនៈរបស់ព្រះ។ ពួកគេធ្វើដូច្នេះនៅពេលដែលពួកគេបន្ថែមបន្ថយច្បាប់របស់ព្រះដោយគ្មានមូលដ្ឋានសោះ។ ជាឧទាហរណ៍ ពួកគេនិយាយថា៖ «បើអ្នកណាស្បថដោយយកវិហារជាសាក្សី ហើយមិនធ្វើតាមសម្បថ នោះមិនមែនជាការខុសទេ។ តែអ្នកណាដែលស្បថដោយយកមាសរបស់វិហារជាសាក្សី អ្នកនោះត្រូវធ្វើតាមសម្បថ»។ ហេតុនេះ ពួកគេបង្ហាញថាពួកគេមិនយល់អ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះទេ ពីព្រោះពួកគេឲ្យតម្លៃទៅលើមាសរបស់វិហារជាងឲ្យតម្លៃទៅលើវិហារដែលជាកន្លែងគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយក៏ជាកន្លែងដែលពួកគេអាចចូលទៅជិតលោកដែរ។ ម្យ៉ាងទៀត ពួកគេ«មិនអើពើចំពោះគោលការណ៍ដែលសំខាន់ជាងក្នុងច្បាប់ គឺយុត្ដិធម៌ សេចក្ដីមេត្ដាករុណា និងសេចក្ដីស្មោះត្រង់»។—ម៉ាថាយ ២៣:១៦, ២៣; លូកា ១១:៤២
ស្តីអំពីពួកផារិស៊ីទាំងនោះ លោកយេស៊ូមានប្រសាសន៍ថា៖ «មនុស្សងងឹតភ្នែកអើយ! អ្នករាល់គ្នាត្រងសត្វសុចចេញ តែលេបសត្វអូដ្ឋវិញ!»។ (ម៉ាថាយ ២៣:២៤) ពួកគេត្រងសត្វសុចចេញពីស្រារបស់ពួកគេ ពីព្រោះសត្វសុចគឺជាសត្វមិនស្អាតបរិសុទ្ធតាមច្បាប់ម៉ូសេ។ ប៉ុន្តែ ការដែលពួកគេមិនអើពើចំពោះគោលការណ៍ដែលសំខាន់ជាងក្នុងច្បាប់ នោះប្រៀបដូចជាពួកគេកំពុងលេបសត្វអូដ្ឋដែលជាសត្វធំជាងសត្វសុចឆ្ងាយណាស់ ហើយក៏ជាសត្វដែលមិនស្អាតបរិសុទ្ធដែរ។—លេវីវិន័យ ១១:៤, ២១-២៤