មេរៀនទី២៨
ចូរដឹងគុណព្រះយេហូវ៉ានិងលោកយេស៊ូ
ពេលមិត្តម្នាក់ឲ្យអំណោយវិសេសដល់អ្នក តើអ្នកមានអារម្មណ៍យ៉ាងណា? អ្នកប្រាកដជាសប្បាយចិត្តខ្លាំងណាស់ ហើយអ្នកចង់បង្ហាញមិត្តរបស់អ្នកថា អ្នកឲ្យតម្លៃចំពោះអំណោយដែលគាត់បានឲ្យអ្នក។ ចុះអំណោយវិសេសបំផុតដែលព្រះយេហូវ៉ានិងលោកយេស៊ូបានឲ្យយើង តើនោះជាអ្វី? ហើយតើយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះអំណោយនោះយ៉ាងដូចម្ដេច?
១. តើតាមវិធីណាយើងអាចបង្ហាញថាយើងឲ្យតម្លៃចំពោះអ្វីដែលព្រះនិងគ្រិស្តបានធ្វើសម្រាប់យើង?
គម្ពីរសន្យាថា៖ «អស់អ្នកដែលបង្ហាញជំនឿលើ[លោកយេស៊ូ]»អាចរស់ជារៀងរហូត។ (យ៉ូហាន ៣:១៦) តើការបង្ហាញជំនឿមានន័យយ៉ាងណា? នេះមានន័យថាយើងមិនគ្រាន់តែជឿលោកយេស៊ូប៉ុណ្ណោះទេ តែយើងក៏ត្រូវបង្ហាញជំនឿលើលោកតាមរយៈការសម្រេចចិត្តនិងអ្វីដែលយើងធ្វើដែរ។ (យ៉ាកុប ២:១៧) ពេលយើងបង្ហាញជំនឿតាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ត នោះយើងពង្រឹងចំណងមិត្តភាពរបស់យើងជាមួយលោកយេស៊ូ និងព្រះយេហូវ៉ាដែលជាបិតារបស់លោក។—សូមអាន យ៉ូហាន ១៤:២១
២. តើការចូលរួមកម្មវិធីពិសេសអ្វីជួយយើងឲ្យបង្ហាញថា យើងដឹងគុណព្រះយេហូវ៉ានិងលោកយេស៊ូ?
នៅល្ងាចមុនលោកយេស៊ូស្លាប់ លោកបានប្រាប់ពួកអ្នកកាន់តាមលោកអំពីវិធីមួយទៀត ដែលពួកគេអាចដឹងគុណលោកដែលបានលះបង់ជីវិត។ លោកបានប្រាប់ពួកគេឲ្យមកជួបជុំគ្នាដើម្បីធ្វើពិធីពិសេសមួយ ដែលគម្ពីរហៅថា«អាហារល្ងាចរបស់លោកម្ចាស់» ហើយក៏បានត្រូវហៅដែរថា ពិធីរំលឹកមរណភាពរបស់គ្រិស្ត។ (កូរិនថូសទី១ ១១:២០) លោកយេស៊ូបានផ្ដើមធ្វើពិធីនោះ ព្រោះលោកចង់ឲ្យពួកសាវ័ករបស់លោកនិងគ្រិស្តសាសនិកពិតទាំងអស់ចាំថា លោកបានប្រគល់ជីវិតសម្រាប់ពួកគេ។ ស្ដីអំពីពិធីនេះ លោកយេស៊ូបានបង្គាប់ថា៖ «ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។ (លូកា ២២:១៩) ពេលអ្នកចូលរួមពិធីរំលឹក អ្នកបង្ហាញថាអ្នកដឹងគុណព្រះយេហូវ៉ានិងលោកយេស៊ូដែលបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ធំធេងចំពោះយើង។
បង្កើនចំណេះ
សូមពិនិត្យមើលវិធីផ្សេងទៀតដែលអ្នកអាចដឹងគុណព្រះយេហូវ៉ានិងលោកយេស៊ូចំពោះសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់លោកទាំងពីរ។ សូមពិចារណាអំពីសារៈសំខាន់នៃពិធីរំលឹកមរណភាពរបស់គ្រិស្ត។
៣. តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញចិត្តដឹងគុណ?
សូមស្រមៃគិតថា អ្នកកំពុងលង់ទឹក ហើយមានមនុស្សម្នាក់បានមកជួយសង្គ្រោះអ្នក។ តើអ្នកនឹងគិតថាអ្វីដែលគាត់បានធ្វើចំពោះអ្នកគឺជារឿងធម្មតាឬទេ? ឬក៏អ្នកខំរកវិធីដើម្បីសងគុណគាត់វិញ?
យើងអាចមានឱកាសបានជីវិតដែលគ្មានទីបញ្ចប់ ដោយសារសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ សូមអាន យ៉ូហានទី១ ៤:៨-១០ រួចពិភាក្សាសំណួរដូចតទៅ៖
ហេតុអ្វីគ្រឿងបូជាលោះរបស់លោកយេស៊ូជាអំណោយដ៏វិសេសមួយ?
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះអ្វីដែលព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើសម្រាប់អ្នក?
តើតាមរបៀបណាយើងអាចបង្ហាញថាយើងដឹងគុណព្រះយេហូវ៉ានិងលោកយេស៊ូ? សូមអាន កូរិនថូសទី២ ៥:១៥ និងយ៉ូហានទី១ ៤:១១; ៥:៣។ ក្រោយពីអានបទគម្ពីរនីមួយៗហើយ សូមពិភាក្សាសំណួរនេះ៖
យោងតាមបទគម្ពីរនេះ តើយើងអាចធ្វើអ្វីដើម្បីដឹងគុណលោកទាំងពីរ?
៤. យកតម្រាប់លោកយេស៊ូ
វិធីមួយទៀតដែលយើងអាចដឹងគុណ គឺដោយយកតម្រាប់លោកយេស៊ូ។ សូមអាន ពេត្រុសទី១ ២:២១ រួចពិភាក្សាសំណួរនេះ៖
តើអ្នកអាចដើរតាមលំអានដានរបស់លោកយេស៊ូឲ្យបានដិតដល់តាមវិធីណាខ្លះ?
៥. ចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្ត
ដើម្បីដឹងថាពិធីអាហារល្ងាចរបស់លោកម្ចាស់ដែលធ្វើនៅលើកដំបូង មានលំនាំបែបណា សូមអាន លូកា ២២:១៤, ១៩, ២០ រួចពិភាក្សាសំណួរដូចតទៅ៖
តើពិធីអាហារល្ងាចរបស់លោកម្ចាស់មានលំនាំបែបណា?
តើនំប៉័ងនិងស្រាទំពាំងបាយជូរតំណាងអ្វី? (សូមមើលខ១៩និង២០)
លោកយេស៊ូចង់ឲ្យពួកអ្នកកាន់តាមលោកធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់មួយឆ្នាំម្ដង នៅចំថ្ងៃដែលលោកស្លាប់។ ហេតុនេះ ជារៀងរាល់ឆ្នាំ សាក្សីព្រះយេហូវ៉ាតែងតែជួបជុំគ្នាដើម្បីធ្វើពិធីរំលឹកមរណភាពរបស់គ្រិស្ត តាមលំនាំដើមដែលលោកបានបង្គាប់ឲ្យធ្វើ។ ដើម្បីដឹងអំពីសារៈសំខាន់នៃកិច្ចប្រជុំនេះ សូមលេងវីដេអូ។ រួចពិភាក្សាសំណួរដូចតទៅ៖
តើពិធីរំលឹកធ្វើឡើងតាមរបៀបណា?
នំប៉័ងនិងស្រាទំពាំងបាយជូរជាវត្ថុតំណាង។ នំប៉័ងតំណាងរូបកាយល្អឥតខ្ចោះរបស់លោកយេស៊ូ ដែលបានត្រូវលះបង់ដើម្បីយើង។ ស្រាទំពាំងបាយជូរតំណាងឈាមរបស់លោក
មនុស្សខ្លះនិយាយថា៖ «គ្រាន់តែជឿលោកយេស៊ូ បានសង្គ្រោះហើយ»។
តើអ្នកអាចប្រើយ៉ូហាន ៣:១៦ និងយ៉ាកុប ២:១៧ ដើម្បីពន្យល់យ៉ាងណាថា គ្រាន់តែជឿប៉ុណ្ណោះគឺមិនគ្រប់គ្រាន់ទេ?
សេចក្ដីសង្ខេប
យើងបង្ហាញថាយើងឲ្យតម្លៃចំពោះអ្វីដែលលោកយេស៊ូបានធ្វើសម្រាប់យើង ដោយបង្ហាញជំនឿលើលោក និងដោយចូលរួមពិធីរំលឹកមរណភាពរបស់លោក។
រៀនសាឡើងវិញ
តើការបង្ហាញជំនឿលើលោកយេស៊ូមានន័យយ៉ាងណា?
តើអ្នកចង់ធ្វើអ្វីដើម្បីបង្ហាញថាអ្នកដឹងគុណព្រះយេហូវ៉ានិងលោកយេស៊ូ?
ហេតុអ្វីជាការសំខាន់ម្ល៉េះឲ្យយើងចូលរួមពិធីរំលឹកមរណភាពរបស់គ្រិស្ត?
ស្វែងយល់ថែមទៀត
តើមរណភាពរបស់គ្រិស្តជំរុញចិត្តយើងឲ្យធ្វើអ្វី?
សូមរៀនថែមទៀតអំពីជំនឿនិងរបៀបដែលយើងអាចបង្ហាញជំនឿ។
សូមអានបទពិសោធន៍«ខ្ញុំមានជីវិតស្អាតស្អំម្ដងទៀត» ដើម្បីស្គាល់អំពីរបៀបដែលស្ត្រីម្នាក់មានជីវិតប្រសើរជាង ពេលនាងដឹងអំពីគ្រឿងបូជាលោះរបស់គ្រិស្ត។
សូមពិចារណាអំពីមូលហេតុដែលអ្នកខ្លះបរិភោគវត្ថុតំណាងនៅពិធីរំលឹក។