អត្ថបទសិក្សា ៧
ចូរស្វែងរកសេចក្ដីសុភាពរាបទាបដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត
«អស់អ្នករាបសានៅផែនដី . . . ចូរស្វែងរក[ព្រះយេហូវ៉ា] . . . ចូរស្វែងរកសេចក្ដីសុភាពចុះ»។—សេផ. ២:៣
ចម្រៀងលេខ៨០ «សូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាលោកល្អ»
សេចក្ដីសង្ខេបa
១-២. (ក) តើគម្ពីររៀបរាប់យ៉ាងណាអំពីម៉ូសេ ហើយតើគាត់បានធ្វើអ្វី? (ខ) ហេតុអ្វីយើងគួរបណ្ដុះឲ្យមានចិត្តសុភាពរាបទាប?
គម្ពីររៀបរាប់អំពីម៉ូសេថា គាត់ជាមនុស្ស«សុភាពណាស់លើសអស់ទាំងមនុស្សនៅលើផែនដី»។ (ជន. ១២:៣) តើនេះមានន័យថាគាត់ជាមនុស្សទន់ខ្សោយ មិនហ៊ានធ្វើការសម្រេចចិត្ត និងទន់ជ្រាយឬទេ? មនុស្សខ្លះគិតថាបុគ្គលដែលមានចិត្តសុភាពរាបទាបជាបុគ្គលបែបនេះ។ ប៉ុន្តែ ទស្សនៈបែបនេះគឺមិនត្រឹមត្រូវទាល់តែសោះ។ ម៉ូសេជាបុគ្គលដែលរឹងមាំ មិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត និងមានចិត្តក្លាហានក្នុងការបម្រើព្រះ។ ដោយមានជំនួយពីព្រះយេហូវ៉ា គាត់បានទៅនិយាយជាមួយនឹងអ្នកគ្រប់គ្រងដ៏អង់អាចនៃស្រុកអេស៊ីប បានដឹកនាំបណ្ដាជនប្រហែលជា៣លាននាក់ឲ្យឆ្លងកាត់វាលខ្សាច់ និងជួយប្រជាជនអ៊ីស្រាអែលឲ្យច្បាំងឈ្នះសត្រូវរបស់ពួកគេ។
២ យើងមិនប្រឈមមុខនឹងកាលៈទេសៈដូចម៉ូសេទេ តែជារៀងរាល់ថ្ងៃយើងត្រូវជួបមនុស្ស ឬស្ថានភាពដែលអាចធ្វើឲ្យយើងពិបាកមានចិត្តសុភាពរាបទាប។ ប៉ុន្តែ យើងមានមូលហេតុដ៏សំខាន់មួយដែលយើងគួរបណ្ដុះឲ្យមានគុណសម្បត្ដិនេះ។ ព្រះយេហូវ៉ាសន្យាថា៖ «មនុស្សរាបសា គេនឹងបានផែនដីជាមរដក»។ (ទំនុក. ៣៧:១១) តើអ្នកគិតថាអ្នកជាមនុស្សសុភាពរាបទាបឬទេ? តើអ្នកឯទៀតចាត់ទុកថាអ្នកជាមនុស្សបែបនោះឬទេ? មុនយើងអាចឆ្លើយសំណួរដ៏សំខាន់ទាំងនេះ យើងត្រូវដឹងថាចិត្តសុភាពរាបទាបមានអត្ថន័យយ៉ាងណា។
តើចិត្តសុភាពរាបទាបគឺជាអ្វី?
៣-៤. (ក) តើចិត្តសុភាពរាបទាបប្រៀបដូចជាអ្វី? (ខ) ដើម្បីមានចិត្តសុភាពរាបទាប តើយើងត្រូវការគុណសម្បត្ដិបួនអ្វី ហើយហេតុអ្វី?
៣ ចិត្តសុភាពរាបទាបគឺប្រៀបដូចជាគំនូរដ៏ស្រស់ស្អាតមួយ។ តើតាមរបៀបណា? ដូចវិចិត្រករលាយពណ៌ស្អាតៗដើម្បីគូរឲ្យចេញជាគំនូរ យើងក៏ត្រូវលាយគុណសម្បត្ដិដ៏គួរឲ្យសរសើរមួយចំនួនដើម្បីមានចិត្តសុភាពរាបទាប។ គុណសម្បត្ដិខ្លះដ៏សំខាន់គឺចិត្តរាបទាប ការចេះចុះចូល ចិត្តស្លូតបូត និងចិត្តក្លាហាន។b ហេតុអ្វីយើងត្រូវការគុណសម្បត្ដិទាំងនេះ បើយើងចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត?
៤ មានតែមនុស្សមានចិត្តរាបទាបប៉ុណ្ណោះដែលចុះចូលនឹងបំណងប្រាថ្នារបស់ព្រះ។ ម្យ៉ាងទៀត បំណងប្រាថ្នារបស់ព្រះរួមបញ្ចូលការចង់ឲ្យយើងមានចិត្តស្លូតបូត។ (ម៉ាថ. ៥:៥; កាឡ. ៥:២៣) ពេលយើងធ្វើតាមបំណងប្រាថ្នារបស់ព្រះ យើងធ្វើឲ្យសាថានខឹងយ៉ាងខ្លាំង។ ដូច្នេះ ទោះជាយើងជាមនុស្សដែលមានចិត្តរាបទាបនិងស្លូតបូតក្ដី មនុស្សជាច្រើនក្នុងពិភពលោករបស់សាថានស្អប់យើង។ (យ៉ូន. ១៥:១៨, ១៩) ហេតុនេះហើយ យើងត្រូវមានចិត្តក្លាហានដើម្បីតយុទ្ធនឹងសាថាន។
៥-៦. (ក) ហេតុអ្វីសាថានស្អប់មនុស្សសុភាពរាបទាប? (ខ) តើយើងនឹងពិចារណាសំណួរអ្វី?
៥ ផ្ទុយពីមនុស្សសុភាពរាបទាប គឺមនុស្សដែលក្រអឺតក្រទម មិនចេះទប់កំហឹង និងមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ សាថានមានលក្ខណៈទាំងនេះ។ យ៉ាងនេះវាស្អប់មនុស្សដែលមានចិត្តសុភាពរាបទាប! ដោយសារពួកគេមានគុណសម្បត្ដិដែលវាមិនមាន នោះពួកគេបង្ហាញថាសាថានជាបុគ្គលដែលអាក្រក់ណាស់។ ជាងនេះទៅទៀត ពួកគេបង្ហាញថាសាថានជាអ្នកភូតភរ។ ហេតុអ្វី? ពីព្រោះទោះជាវានិយាយឬធ្វើអ្វីក៏ដោយ វាមិនអាចបញ្ឈប់មនុស្សសុភាពរាបទាបពីការបម្រើព្រះយេហូវ៉ាទេ!—យ៉ូប ២:៣-៥
៦ តើយើងប្រហែលជាពិបាកមានចិត្តសុភាពនៅពេលណា? ហេតុអ្វីយើងគួរបន្តស្វែងរកសេចក្ដីសុភាពរាបទាប? ដើម្បីឆ្លើយសំណួរទាំងនេះ យើងនឹងពិចារណាអំពីគំរូរបស់ម៉ូសេ បុរសជនជាតិហេប្រឺបីនាក់ដែលបានត្រូវចាប់ជាឈ្លើយទៅបាប៊ីឡូន និងលោកយេស៊ូ។
តើយើងពិបាកមានចិត្តសុភាពរាបទាបនៅពេលណា?
៧-៨. តើម៉ូសេមានប្រតិកម្មយ៉ាងណាពេលគេប្រព្រឹត្តលើគាត់ដោយមិនបង្ហាញការគោរព?
៧ ពេលទទួលអំណាច: ពួកអ្នកដែលមានអំណាចប្រហែលជាពិបាករក្សាចិត្តសុភាពរាបទាប ជាពិសេសពេលបុគ្គលដែលនៅក្រោមអំណាចរបស់ពួកគេមិនបង្ហាញការគោរពឬនិយាយថាពួកគេធ្វើការសម្រេចចិត្តមិនល្អ។ តើនេះធ្លាប់កើតឡើងចំពោះអ្នកឬទេ? ចុះបើសមាជិកក្រុមគ្រួសារប្រព្រឹត្តដូច្នេះ? តើអ្នកនឹងមានប្រតិកម្មយ៉ាងណា? សូមពិចារណាអំពីរបៀបដែលម៉ូសេបានប្រព្រឹត្តពេលគាត់ស្ថិតក្នុងស្ថានភាពនោះ។
៨ ព្រះយេហូវ៉ាបានតែងតាំងម៉ូសេជាអ្នកដឹកនាំជនជាតិអ៊ីស្រាអែល ហើយបានអនុញ្ញាតឲ្យគាត់សរសេរច្បាប់សម្រាប់ប្រជាជាតិនោះ។ ព្រះយេហូវ៉ាពិតជាបានគាំទ្រម៉ូសេ។ ទោះជាយ៉ាងនោះក៏ដោយ ម៉ារាមនិងអេរ៉ុនដែលជាបងប្អូនបង្កើតរបស់គាត់បាននិយាយទាស់នឹងគាត់ ហើយបានរិះគន់គាត់អំពីប្រពន្ធដែលគាត់បានជ្រើសរើស។ ប្រហែលជាបុរសខ្លះដែលស្ថិតនៅក្នុងស្ថានភាពដូចម៉ូសេខឹងនិងចង់ប្រព្រឹត្តមិនល្អតបទៅវិញ ប៉ុន្តែម៉ូសេមិនបានធ្វើដូច្នេះឡើយ។ គាត់មិនឆាប់ទើសចិត្តទេ។ គាត់ថែមទាំងបានអង្វរសុំព្រះយេហូវ៉ាលើកលែងទោសឲ្យម៉ារាមទៀតផង។ (ជន. ១២:១-១៣) ហេតុអ្វីម៉ូសេធ្វើដូច្នេះ?
៩-១០. (ក) តើព្រះយេហូវ៉ាបានជួយម៉ូសេឲ្យយល់អ្វី? (ខ) តើប្រមុខគ្រួសារនិងពួកអ្នកចាស់ទុំអាចរៀនអ្វីពីម៉ូសេ?
៩ ម៉ូសេបានអនុញ្ញាតឲ្យព្រះយេហូវ៉ាបង្ហាត់បង្រៀនគាត់។ ប្រហែលជា៤០ឆ្នាំមុននោះ ពេលគាត់ជាសមាជិករាជវង្សនៃស្រុកអេស៊ីប ម៉ូសេមិនមានចិត្តសុភាពរាបទាបទេ។ តាមការពិត គាត់ឆាប់ខឹង ហើយបានសម្លាប់បុរសម្នាក់ដែលគាត់បានគិតថាប្រព្រឹត្តដោយអយុត្ដិធម៌។ ម៉ូសេក៏បានសន្និដ្ឋានថាព្រះយេហូវ៉ានឹងយល់ស្របចំពោះការប្រព្រឹត្តរបស់គាត់។ អស់៤០ឆ្នាំ ព្រះយេហូវ៉ាបានជួយម៉ូសេឲ្យយល់ថាដើម្បីដឹកនាំជនជាតិអ៊ីស្រាអែល គាត់មិនគ្រាន់តែត្រូវមានចិត្តក្លាហានប៉ុណ្ណោះទេ តែគាត់ត្រូវមានចិត្តសុភាពរាបទាបដែរ។ ដើម្បីមានចិត្តសុភាព គាត់ក៏ត្រូវមានចិត្តស្លូតបូត ចេះចុះចូល និងមានចិត្តរាបទាប។ គាត់បានរៀនឲ្យមានគុណសម្បត្ដិទាំងនេះ ហើយបានទៅជាអ្នកដឹកនាំដ៏ល្អ។—និក្ខ. ២:១១, ១២; សកម្ម. ៧:២១-៣០, ៣៦
១០ សព្វថ្ងៃនេះ ប្រមុខគ្រួសារនិងពួកអ្នកចាស់ទុំគួរយកតម្រាប់ម៉ូសេ។ ពេលអ្នកឯទៀតមិនបង្ហាញការគោរពចំពោះអ្នក សូមកុំឆាប់ទើសចិត្តឬខឹងឡើយ។ ដោយចិត្តរាបទាប សូមទទួលស្គាល់កំហុសរបស់អ្នក។ (សាស្ដ. ៧:៩, ២០) សូមចុះចូលនិងធ្វើតាមការណែនាំពីព្រះយេហូវ៉ាអំពីរបៀបដោះស្រាយបញ្ហាផ្សេងៗ។ ម្យ៉ាងទៀត សូមតបឆ្លើយយ៉ាងស្រទន់ឬដោយចិត្តស្លូតបូតជានិច្ច។ (សុភ. ១៥:១) ប្រមុខគ្រួសារនិងអ្នកត្រួតពិនិត្យដែលប្រព្រឹត្តបែបនេះធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ជួយធ្វើឲ្យមានសន្ដិភាព និងទុកគំរូអំពីរបៀបមានចិត្តសុភាពរាបទាប។
១១-១៣. តើបុរសជនជាតិហេប្រឺបីនាក់បានទុកគំរូអ្វីសម្រាប់យើង?
១១ ពេលត្រូវគេបៀតបៀន: ក្នុងប្រវត្ដិសាស្ត្ររបស់មនុស្ស អ្នកគ្រប់គ្រងបានបៀតបៀនរាស្ត្ររបស់ព្រះយេហូវ៉ា។ ពួកគេប្រហែលជាចោទប្រកាន់យើងពីបទឧក្រិដ្ឋផ្សេងៗ ប៉ុន្តែមូលហេតុដែលពួកគេមិនចូលចិត្តយើងគឺដោយសារយើងសម្រេចចិត្ត«ស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស»។ (សកម្ម. ៥:២៩) ពួកគេប្រហែលជាសើចចំអកយើង ចាប់យើងដាក់គុក ឬថែមទាំងធ្វើបាបយើងខាងរូបរាងកាយ។ ប៉ុន្តែ ដោយមានជំនួយពីព្រះយេហូវ៉ា យើងនឹងមិនប្រព្រឹត្តមិនល្អតបទៅវិញទេ តែយើងនឹងរក្សាចិត្តស្លូតបូត។
១២ សូមពិចារណាអំពីគំរូរបស់បុរសជនជាតិហេប្រឺបីនាក់ គឺហាណានា មីសាអែល និងអ័សារា។c ស្តេចបាប៊ីឡូនបានបង្គាប់ឲ្យពួកគាត់ក្រាបគោរពប្រណិប័តន៍រូបមាសដ៏ធំមួយ។ ដោយស្លូតបូត ពួកគាត់បានពន្យល់ស្តេចអំពីមូលហេតុដែលពួកគាត់មិនអាចគោរពប្រណិប័តន៍រូបនោះ។ ពួកគាត់បានបន្តស្ដាប់បង្គាប់ព្រះ ទោះជាស្តេចបានគំរាមបោះពួកគាត់ក្នុងភ្លើងដែលឆេះសន្ធោសន្ធៅក្ដី។ ព្រះយេហូវ៉ាបានសម្រេចចិត្តសង្គ្រោះពួកគាត់ភ្លាមៗនោះ តែពួកគាត់មិនបានដឹងថាលោកនឹងធ្វើដូច្នេះឡើយ។ ផ្ទុយទៅវិញ ពួកគាត់សុខចិត្តទទួលអ្វីក៏ដោយដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យកើតឡើង។ (ដាន. ៣:១, ៨-២៨) ពួកគាត់បានបង្ហាញថាមនុស្សដែលមានចិត្តសុភាពរាបទាបពិតជាមានចិត្តក្លាហាន ហើយថាគ្មានការគំរាមកំហែង ការដាក់ទោសឬទណ្ឌកម្ម ឬស្តេចណា ដែលអាចធ្វើឲ្យយើងលែងតាំងចិត្តជូនព្រះយេហូវ៉ានូវភក្ដីភាពផ្ដាច់មុខ។—និក្ខ. ២០:៤, ៥
១៣ ពេលភក្ដីភាពរបស់យើងចំពោះព្រះបានត្រូវសាកល្បង តើយើងអាចយកតម្រាប់បុរសជនជាតិហេប្រឺបីនាក់នេះយ៉ាងដូចម្ដេច? ដោយចិត្តរាបទាបយើងមានទំនុកចិត្តថាព្រះយេហូវ៉ានឹងថែរក្សាយើង។ (ទំនុក. ១១៨:៦, ៧) យើងតបឆ្លើយដោយស្លូតបូតនិងដោយការគោរពទៅកាន់ពួកអ្នកដែលចោទប្រកាន់យើង។ (១ពេ. ៣:១៥) ម្យ៉ាងទៀត យើងមិនព្រមធ្វើអ្វីណាក៏ដោយដែលអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងបិតាយើងដែលប្រកបដោយសេចក្ដីស្រឡាញ់។
១៤-១៥. (ក) តើអ្វីអាចកើតឡើងពេលយើងតានតឹងចិត្ត? (ខ) យោងទៅតាមអេសាយ ៥៣:៧, ១០ ហេតុអ្វីយើងអាចនិយាយថាលោកយេស៊ូគឺជាគំរូដ៏ល្អប្រសើរអំពីបុគ្គលដែលបានបង្ហាញចិត្តសុភាពរាបទាបពេលមានការតានតឹងចិត្ត?
១៤ ពេលតានតឹងចិត្ត: មានមូលហេតុផ្សេងៗដែលធ្វើឲ្យយើងតានតឹងចិត្ត។ យើងប្រហែលជាតានតឹងចិត្តមុនពេលប្រឡង ឬមុនធ្វើកិច្ចការណាមួយនៅកន្លែងធ្វើការ។ ឬប្រហែលជាការគ្រាន់តែគិតអំពីការវះកាត់ឬការពិនិត្យផ្សេងៗខាងសុខភាព នាំឲ្យយើងតានតឹងចិត្ត។ ពេលមានការតានតឹងចិត្ត គឺពិបាកមានចិត្តសុភាពរាបទាប។ អ្វីៗដែលគេធ្វើនាំឲ្យយើងខឹង ទោះជាតាមធម្មតាយើងមិនខឹងចំពោះរឿងបែបនោះក្ដី។ យើងប្រហែលជានិយាយនិងប្រព្រឹត្តចំពោះអ្នកឯទៀតដោយមិនសប្បុរស។ បើអ្នកធ្លាប់តានតឹងចិត្ត សូមគិតអំពីគំរូរបស់លោកយេស៊ូ។
១៥ ក្នុងអំឡុងប៉ុន្មានខែចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅផែនដី លោកតានតឹងចិត្តជាខ្លាំង។ លោកដឹងថា លោកនឹងត្រូវគេសម្លាប់ ហើយថាលោកនឹងត្រូវរងទុក្ខយ៉ាងខ្លាំង។ (យ៉ូន. ៣:១៤, ១៥; កាឡ. ៣:១៣) ប៉ុន្មានខែមុនលោកស្លាប់ លោកបានមានប្រសាសន៍ថាលោកកើតទុក្ខយ៉ាងខ្លាំង។ (លូក. ១២:៥០) ម្យ៉ាងទៀត ប៉ុន្មានថ្ងៃមុនលោកយេស៊ូស្លាប់ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំពិបាកចិត្តណាស់»។ យើងអាចឃើញថាលោកមានចិត្តរាបទាបនិងចុះចូលចំពោះព្រះ ពេលលោកបានមានប្រសាសន៍ក្នុងសេចក្ដីអធិដ្ឋានថា៖ «បិតាអើយ សូមសង្គ្រោះខ្ញុំឲ្យរួចពីគ្រានេះ។ ប៉ុន្តែហេតុនេះហើយបានជាខ្ញុំមក គឺដើម្បីឆ្លងកាត់គ្រានេះ។ បិតាអើយ សូមលើកតម្កើងនាមរបស់លោក»។ (យ៉ូន. ១២:២៧, ២៨) កាលដែលពេលកំណត់បានមកដល់ លោកយេស៊ូបានអនុញ្ញាតឲ្យសត្រូវរបស់ព្រះចាប់លោក ហើយពួកគេបានសម្លាប់លោកតាមរបៀបដ៏ឈឺចាប់និងអាម៉ាស់មុខបំផុត។ ទោះជាលោកយេស៊ូរងការឈឺចាប់និងតានតឹងចិត្តយ៉ាងខ្លាំងក្ដី លោកបានធ្វើតាមបំណងប្រាថ្នារបស់ព្រះដោយចិត្តសុភាពរាបទាប។ មែនហើយ លោកយេស៊ូគឺជាគំរូដ៏ល្អប្រសើរអំពីបុគ្គលដែលបានបង្ហាញចិត្តសុភាពរាបទាបពេលមានការតានតឹងចិត្ត!—សូមអាន អេសាយ ៥៣:៧, ១០
១៦-១៧. (ក) តើការប្រព្រឹត្តរបស់មិត្តភក្ដិលោកយេស៊ូបានសាកល្បងចិត្តសុភាពរាបទាបរបស់លោកយ៉ាងដូចម្ដេច? (ខ) តើយើងអាចយកតម្រាប់លោកយេស៊ូតាមរបៀបណា?
១៦ នៅយប់ចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅផែនដី ការប្រព្រឹត្តរបស់មិត្តជិតស្និទ្ធលោកបានសាកល្បងចិត្តសុភាពរាបទាបរបស់លោក។ សូមស្រមៃគិតថាលោកយេស៊ូតានតឹងចិត្តខ្លាំងយ៉ាងណានៅយប់នោះ។ លោកប្រាកដជាបារម្ភថា តើលោកនឹងរក្សាចិត្តស្មោះត្រង់យ៉ាងល្អឥតខ្ចោះរហូតដល់ស្លាប់ឬទេ? អាយុជីវិតរបស់មនុស្សរាប់ពាន់លាននាក់គឺអាស្រ័យលើលោក។ (រ៉ូម ៥:១៨, ១៩) សំខាន់ជាងនេះទៅទៀត នេះជាប់ទាក់ទងនឹងកេរ្ដិ៍ឈ្មោះរបស់បិតាលោក។ (យ៉ូប ២:៤) ប៉ុន្តែ ក្នុងអំឡុងពេលចុងក្រោយដែលលោកបរិភោគអាហារជាមួយនឹងពួកសាវ័កដែលជាមិត្តជិតស្និទ្ធបំផុតរបស់លោក ពួកគាត់បានសន្ទនាគ្នា ហើយបានចាប់ផ្ដើម«ប្រកែកគ្នាយ៉ាងខ្លាំងអំពីរឿងថាអ្នកណាដែលពួកគាត់គិតថាជាអ្នកធំជាងគេក្នុងចំណោមពួកគាត់»។ លោកយេស៊ូបានកែតម្រង់មិត្តភក្ដិរបស់លោកអំពីរឿងនេះអស់ជាច្រើនដងរួចហើយ រួមទាំងនៅប៉ុន្មានម៉ោងមុននៅល្ងាចដដែលនោះ! ប៉ុន្តែ លោកយេស៊ូមិនបានខឹងទេ។ ផ្ទុយទៅវិញ លោកបាននិយាយនិងប្រព្រឹត្តយ៉ាងស្លូតបូត។ ដោយសប្បុរសតែម៉ឺងម៉ាត់ លោកយេស៊ូបានពន្យល់ម្ដងទៀតអំពីចិត្តគំនិតដែលពួកគាត់គួរមាន។ លោកក៏បានសរសើរពួកគាត់ដោយសារពួកគាត់បានបង្ហាញចិត្តស្មោះត្រង់ដោយនៅជាប់ជាមួយនឹងលោក។—លូក. ២២:២៤-២៨; យ៉ូន. ១៣:១-៥, ១២-១៥
១៧ បើអ្នកស្ថិតក្នុងស្ថានភាពស្រដៀងនឹងនេះ តើអ្នកនឹងធ្វើយ៉ាងណា? យើងអាចយកតម្រាប់លោកយេស៊ូដោយរក្សាចិត្តស្លូតបូត ទោះជាយើងតានតឹងចិត្តក្ដី។ ចូរសុខចិត្តធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាដែលថា៖ «ចូរទ្រាំទ្រគ្នាទៅវិញទៅមក»។ (កូឡ. ៣:១៣) យើងនឹងធ្វើតាមបង្គាប់នេះ បើយើងចាំថាយើងទាំងអស់គ្នានិយាយនិងធ្វើអ្វីដែលនាំឲ្យអ្នកឯទៀតខឹង។ (សុភ. ១២:១៨; យ៉ា. ៣:២, ៥) ម្យ៉ាងទៀត សូមសរសើរអ្នកឯទៀតអំពីគុណសម្បត្ដិដែលពួកគេមាន។—អេភ. ៤:២៩
មូលហេតុបន្តស្វែងរកសេចក្ដីសុភាពរាបទាប
១៨. តើព្រះយេហូវ៉ាជួយមនុស្សសុភាពរាបទាបឲ្យធ្វើការសម្រេចចិត្តល្អយ៉ាងដូចម្ដេច? ប៉ុន្តែតើពួកគេត្រូវធ្វើអ្វី?
១៨ យើងនឹងធ្វើការសម្រេចចិត្តល្អជាង។ ពេលយើងត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកក្នុងជីវិត ព្រះយេហូវ៉ានឹងជួយយើងឲ្យធ្វើការសម្រេចចិត្តដ៏ល្អ។ ប៉ុន្តែលោកនឹងជួយយើង លុះត្រាតែយើងមានចិត្តសុភាពរាបទាប។ លោកសន្យាថាលោកនឹង«ស្ដាប់សេចក្ដីបំណងរបស់មនុស្សរាបទាប»ឬសំណូមពររបស់ពួកគេ។ (ទំនុក. ១០:១៧) ម្យ៉ាងទៀត លោកនឹងមិនគ្រាន់តែស្ដាប់សំណូមពររបស់យើងប៉ុណ្ណោះទេ។ គម្ពីរសន្យាថា៖ «ទ្រង់នឹងនាំមនុស្សសុភាពក្នុងសេចក្ដីយុត្ដិធម៌[ឬ«តាមមាគ៌ាដ៏សុចរិត»] ហើយនឹងបង្រៀនមនុស្សរាបទាបឲ្យស្គាល់ផ្លូវទ្រង់»។ (ទំនុក. ២៥:៩; ខ.ស.) ព្រះយេហូវ៉ាផ្ដល់ការណែនាំនេះតាមរយៈគម្ពីរ សៀវភៅផ្សេងៗd និងតាមរយៈកម្មវិធីផ្សេងៗដែលបានត្រូវរៀបចំឡើងដោយ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថ. ២៤:៤៥-៤៧) តែយើងក៏ត្រូវមានចិត្តរាបទាបនិងទទួលស្គាល់ថាយើងត្រូវការជំនួយ។ យើងត្រូវសិក្សាអ្វីៗដែលព្រះយេហូវ៉ាផ្ដល់ឲ្យយើង ព្រមទាំងសុខចិត្តធ្វើតាមអ្វីដែលយើងរៀន។
១៩-២១. តើម៉ូសេបានធ្វើខុសអ្វីនៅឯកាដេស ហើយតើយើងអាចរៀនអ្វីពីកំហុសរបស់គាត់?
១៩ យើងនឹងជៀសវាងពីការធ្វើខុស។ សូមគិតម្ដងទៀតអំពីម៉ូសេ។ អស់រាប់សិបឆ្នាំ គាត់បានរក្សាចិត្តសុភាពរាបទាប ហើយបានធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ ប៉ុន្តែ នៅជិតទីបញ្ចប់នៃការធ្វើដំណើរ៤០ឆ្នាំក្នុងតំបន់ស្ងាត់ជ្រងំ ម៉ូសេមិនបានបង្ហាញចិត្តសុភាពទេ។ បងស្រីគាត់ដែលទំនងជាបានសង្គ្រោះជីវិតរបស់គាត់នៅស្រុកអេស៊ីបបានស្លាប់ ហើយបានត្រូវបញ្ចុះនៅឯកាដេស។ មួយវិញទៀត ជនជាតិអ៊ីស្រាអែលបានអះអាងថាពួកគេមិនបានទទួលការថែរក្សាយ៉ាងត្រឹមត្រូវទេ។ លើកនេះ ពួកគេ«រករឿងឈ្លោះនឹងម៉ូសេ»ដោយសារគ្មានទឹក។ ទោះជាព្រះយេហូវ៉ាបានធ្វើអព្ភូតហេតុជាច្រើនតាមរយៈម៉ូសេ ហើយម៉ូសេបានដឹកនាំបណ្ដាជនដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនអស់ជាច្រើនឆ្នាំក្ដី ពួកគេបានត្អូញត្អែរ។ ពួកគេមិនគ្រាន់តែបានត្អូញត្អែរអំពីការគ្មានទឹកប៉ុណ្ណោះទេ តែក៏ត្អូញត្អែរអំពីម៉ូសេដែរ ហាក់ដូចជាការគ្មានទឹកជាកំហុសរបស់គាត់។—ជន. ២០:១-៥, ៩-១១
២០ ម៉ូសេខឹងយ៉ាងខ្លាំង ហើយបានបាត់បង់ចិត្តសុភាពរាបទាប។ ជាជាងនិយាយដោយជំនឿទៅកាន់ថ្មដូចដែលព្រះយេហូវ៉ាបានបង្គាប់ ម៉ូសេបាននិយាយទាំងកំហឹងទៅកាន់បណ្ដាជន ហើយបានប្រាប់អំពីអ្វីដែលខ្លួនគាត់នឹងធ្វើ។ បន្ទាប់មក គាត់បានវាយថ្មពីរដង ហើយមានទឹកចេញមកជាបរិបូរ។ អំណួតនិងកំហឹងបាននាំឲ្យគាត់ធ្វើខុសយ៉ាងធ្ងន់ធ្ងរ។ (ទំនុក. ១០៦:៣២, ៣៣) ដោយសារម៉ូសេបានបាត់បង់ចិត្តសុភាពរាបទាបអស់មួយរយៈ គាត់មិនបានត្រូវអនុញ្ញាតឲ្យចូលស្រុកដែលព្រះបានសន្យាទេ។—ជន. ២០:១២
២១ យើងអាចទាញយកមេរៀនដ៏មានតម្លៃពីគំរូរបស់ម៉ូសេ។ ទី១ យើងត្រូវខំរក្សាចិត្តគំនិតឲ្យនៅតែសុភាពរាបទាបជានិច្ច។ បើយើងឈប់ព្យាយាមឲ្យមានចិត្តសុភាពរាបទាប ទោះជាមួយភ្លែតក៏ដោយ យើងអាចចាប់ផ្ដើមមានអំណួត ហើយនេះអាចធ្វើឲ្យយើងនិយាយនិងប្រព្រឹត្តដោយឆោតល្ងង់។ ទី២ ការតានតឹងចិត្តអាចធ្វើឲ្យយើងពិបាករក្សាចិត្តសុភាពរាបទាប ដូច្នេះយើងត្រូវខំព្យាយាមរក្សាចិត្តសុភាព ទោះជាយើងតានតឹងចិត្តក្ដី។
២២-២៣. (ក) ហេតុអ្វីយើងគួរបន្តស្វែងរកសេចក្ដីសុភាពរាបទាប? (ខ) តើពាក្យនៅសេផានា ២:៣មានន័យយ៉ាងណា?
២២ យើងនឹងទទួលការការពារ។ មិនយូរទៀត ព្រះយេហូវ៉ានឹងបំផ្លាញមនុស្សអាក្រក់ទាំងអស់នៅលើផែនដី ហើយនឹងមានតែមនុស្សសុភាពរាបទាបប៉ុណ្ណោះដែលនឹងរស់នៅទីនេះ។ យ៉ាងនេះ នឹងមានសេចក្ដីសុខសាន្តពិតប្រាកដនៅផែនដី។ (ទំនុក. ៣៧:១០, ១១) តើអ្នកនឹងនៅក្នុងចំណោមមនុស្សដែលមានចិត្តសុភាពរាបទាបទាំងនោះឬទេ? អ្នកអាចនៅក្នុងចំណោមពួកគេបាន បើអ្នកធ្វើតាមការអញ្ជើញដ៏កក់ក្ដៅរបស់ព្រះយេហូវ៉ាដែលសេផានាជាអ្នកប្រកាសទំនាយបានកត់ទុក។—សូមអាន សេផានា ២:៣
២៣ ហេតុអ្វីសេផានា ២:៣ចែងថា៖ «ប្រហែលជាអ្នករាល់គ្នានឹងបានបាំងទុក»? ពាក្យទាំងនេះមិនមានន័យថាព្រះយេហូវ៉ាមិនអាចការពារពួកអ្នកដែលចង់ធ្វើឲ្យលោកពេញចិត្តនិងដែលលោកស្រឡាញ់ទេ។ ផ្ទុយទៅវិញ នេះបង្ហាញថាយើងត្រូវធ្វើអ្វីមួយដើម្បីទទួលការការពារ។ បើយើងខំព្យាយាមនៅឥឡូវនេះដើម្បីស្វែងរកសេចក្ដីសុភាពរាបទាបនិងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត យើងអាចរួចជីវិតនៅ«ថ្ងៃនៃសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា»ហើយរស់នៅជារៀងរហូត។
ចម្រៀងលេខ១២០ ចូរមានចិត្តស្លូតបូតដូចគ្រិស្ត
a គ្មានអ្នកណាមានចិត្តសុភាពរាបទាបតាំងពីកំណើតទេ។ ប៉ុន្តែគុណសម្បត្ដិនេះជាអ្វីមួយដែលយើងត្រូវបណ្ដុះឲ្យមាន។ យើងប្រហែលជាឃើញថាយើងមានចិត្តសុភាពពេលយើងនៅជាមួយនឹងមនុស្សស្លូតបូត តែយើងប្រហែលជាពិបាករក្សាចិត្តសុភាពរាបទាបពេលយើងប្រឈមមុខនឹងមនុស្សដែលមានអំណួត។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីការពិបាកខ្លះដែលយើងប្រហែលជាត្រូវយកឈ្នះដើម្បីមានចិត្តសុភាពដែលជាគុណសម្បត្ដិដ៏ល្អប្រសើរ។
b ការពន្យល់ពាក្យ: មនុស្សដែលមានចិត្តសុភាពរាបទាបគឺជាបុគ្គលដែលប្រព្រឹត្តដោយសប្បុរសចំពោះអ្នកឯទៀត ហើយរក្សាចិត្តស្លូតបូតទោះជាអ្នកឯទៀតធ្វើអ្វីចំពោះពួកគេក៏ដោយ។ មនុស្សដែលមានចិត្តរាបទាបមិនមានអំណួតទេ ពួកគេចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន។ ពេលសំដៅលើព្រះយេហូវ៉ា ចិត្តរាបទាបមានន័យថាលោកប្រព្រឹត្តដោយសេចក្ដីស្រឡាញ់និងមេត្ដាករុណាចំពោះពួកអ្នកដែលមានឋានៈទាបជាងលោក។
c ជនជាតិបាប៊ីឡូនបានដាក់ឈ្មោះឲ្យបុរសជនជាតិហេប្រឺបីនាក់នេះថា សាដ្រាក់ មែសាក់ និងអ័បេឌនេកោ។—ដាន. ១:៧
d ជាឧទាហរណ៍ សូមមើលអត្ថបទដែលមានចំណងជើងថា «ចូរធ្វើការសម្រេចចិត្តដែលលើកកិត្ដិយសព្រះ» ដែលបានត្រូវបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ២០១១។
e ការពណ៌នាអំពីរូបភាព: លោកយេស៊ូបានរក្សាចិត្តស្លូតបូត ហើយកែតម្រង់ពួកអ្នកកាន់តាមលោកដោយស្លូតបូត បន្ទាប់ពីពួកគេបានឈ្លោះប្រកែកគ្នាអំពីអ្នកណាធំជាងគេ