ជំពូកទី១២៧
តុលាការជាន់ខ្ពស់ជម្រះក្ដីហើយនាំទៅពីឡាត
ម៉ាថាយ ២៧:១-១១ ម៉ាកុស ១៥:១ លូកា ២២:៦៦–២៣:៣ យ៉ូហាន ១៨:២៨-៣៥
ការវិនិច្ឆ័យក្ដីនៅពេលព្រឹកដោយក្រុមប្រឹក្សាជាន់ខ្ពស់
យូដាសអ៊ីស្ការីយ៉ុតព្យាយាមចងកសម្លាប់ខ្លួន
លោកយេស៊ូបានត្រូវនាំទៅពីឡាតដើម្បីទទួលការកាត់ទោស
នៅពេលជិតភ្លឺ ពេត្រុសបានបដិសេធលោកយេស៊ូជាលើកទី៣។ សមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់បានបញ្ចប់ការវិនិច្ឆ័យក្ដីខុសច្បាប់ ហើយបានចាកចេញទៅ។ នៅពេលព្រឹកព្រលឹមថ្ងៃសុក្រ ពួកគេមកជុំគ្នាម្ដងទៀត។ ពួកគេប្រហែលជាចង់ធ្វើឲ្យការវិនិច្ឆ័យក្ដីនៅពេលយប់ដែលខុសច្បាប់ ហាក់ដូចជាស្របច្បាប់វិញ។ លោកយេស៊ូបានត្រូវនាំមកឈរនៅមុខពួកគេ។
តុលាការសួរលោកយេស៊ូម្ដងទៀតថា៖ «បើអ្នកជាគ្រិស្ត ចូរប្រាប់យើងមក»។ ប៉ុន្តែលោកមានប្រសាសន៍ទៅពួកគេថា៖ «ទោះជាខ្ញុំប្រាប់អ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាមិនជឿខ្ញុំឡើយ។ ម្យ៉ាងទៀត បើខ្ញុំសួរអ្នករាល់គ្នាវិញ អ្នកមិនឆ្លើយសោះ»។ យ៉ាងណាក្ដី លោកយេស៊ូបានបញ្ជាក់អំពីអត្តសញ្ញាណរបស់លោកដោយចិត្តក្លាហាន ដូចអ្វីដែលបានចែងទុកជាមុនក្នុង ដានីយ៉ែល ៧:១៣។ លោកមានប្រសាសន៍ថា៖ «ចាប់តាំងពីពេលនេះទៅ កូនមនុស្សនឹងអង្គុយនៅខាងស្ដាំនៃព្រះដែលមានឫទ្ធានុភាពខ្លាំងក្លា»។—លូកា ២២:៦៧-៦៩; ម៉ាថាយ ២៦:៦៣
ពួកគេទទូចសួរលោកថា៖ «បើដូច្នេះ តើអ្នកជាបុត្រព្រះឬ?»។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «គឺអ្នករាល់គ្នាដែលនិយាយថាខ្ញុំជាបុត្រព្រះ»។ ពេលឮដូច្នេះ ពួកគេគិតថាលោកយេស៊ូប្រមាថព្រះ ហើយពួកគេយកប្រសាសន៍របស់លោកធ្វើជាហេតុដើម្បីសម្លាប់លោក។ ហេតុនេះ ពួកគេសួរគ្នាថា៖ «តើយើងត្រូវការសក្ខីភាពថែមទៀតធ្វើអ្វី?»។ (លូកា ២២:៧០, ៧១; ម៉ាកុស ១៤:៦៤) រួចមក ពួកគេចងលោកយេស៊ូហើយនាំទៅប្រគល់ឲ្យអភិបាលរ៉ូមឈ្មោះប៉ុនទាសពីឡាត។
យូដាសអ៊ីស្ការីយ៉ុតប្រហែលជាបានឃើញគេចងលោកយេស៊ូហើយនាំទៅប្រគល់ឲ្យពីឡាត។ ពេលយូដាសបានឃើញថាពួកគេបានកាត់ទោសលោកហើយ នោះគាត់ស្ដាយក្រោយហើយកើតទុក្ខ។ ក៏ប៉ុន្តែ ជាជាងប្រែចិត្តយ៉ាងស្មោះហើយសុំការអភ័យទោសពីព្រះ គាត់យក៣០កាក់ធ្វើពីប្រាក់ទៅប្រគល់ឲ្យពួកសង្ឃនាយកនិងពួកបុរសចាស់ទុំវិញ។ រួចយូដាសប្រាប់ពួកសង្ឃនាយកថា៖ «ខ្ញុំបានធ្វើខុស ពេលដែលខ្ញុំក្បត់បុរសសុចរិតនោះ»។ ប៉ុន្តែពួកគេនិយាយដោយគ្មានមេត្ដាថា៖ «នេះមិនមែនជារឿងរបស់យើងទេ អ្នកត្រូវដោះស្រាយរឿងនេះដោយខ្លួនឯង!»។—ម៉ាថាយ ២៧:៤
ដូច្នេះ យូដាសបោះប្រាក់៣០កាក់ទាំងនោះទៅក្នុងវិហារ។ បន្ទាប់មក គាត់បានប្រព្រឹត្តខុសថែមទៀតដោយព្យាយាមចងកសម្លាប់ខ្លួន។ តាមមើលទៅ កាលដែលយូដាសព្យាយាមចងកសម្លាប់ខ្លួន មែកឈើដែលគាត់ចងខ្សែសម្រាប់ចងកនោះបានបាក់។ រួចមក គាត់បានធ្លាក់ទៅចំថ្មខាងក្រោម បែកពោះធ្លាយពោះវៀនចេញដោយឮសូរយ៉ាងខ្លាំង។—សកម្មភាព ១:១៧, ១៨
ពេលព្រឹកព្រលឹមនៅឡើយ លោកយេស៊ូបានត្រូវនាំទៅវិមានរបស់ប៉ុនទាសពីឡាត។ ប៉ុន្តែ ជនជាតិយូដាដែលនាំលោកទៅទីនោះមិនចង់ចូលក្នុងវិមាននោះទេ ពីព្រោះពួកគេគិតថាទំនាក់ទំនងបែបនេះជាមួយនឹងសាសន៍ដទៃ នឹងធ្វើឲ្យពួកគេទៅជាមិនស្អាតបរិសុទ្ធ នោះពួកគេនឹងមិនអាចបរិភោគអាហារនៅបុណ្យថ្ងៃទី១៥ ខែណែសាន ដែលជាថ្ងៃដំបូងនៃបុណ្យនំឥតដំបែ ដែលជាផ្នែកមួយនៃបុណ្យរំលងឡើយ។
ក្រោយមក ពីឡាតចេញមកក្រៅហើយសួរពួកគេថា៖ «តើអ្នករាល់គ្នាចោទប្រកាន់បុរសនេះអំពីបទអ្វី?»។ ពួកគេតបទៅគាត់ថា៖ «ប្រសិនបើបុរសនេះមិនបានធ្វើអ្វីខុស យើងមិនប្រគល់គាត់ឲ្យលោកទេ»។ ពីឡាតប្រហែលជាមានអារម្មណ៍ថាពួកគេកំពុងបង្ខិតបង្ខំគាត់ ដូច្នេះគាត់និយាយទៅកាន់ពួកគេថា៖ «ចូរយកគាត់ទៅវិនិច្ឆ័យតាមច្បាប់របស់អ្នករាល់គ្នាចុះ»។ ជនជាតិយូដាបង្ហាញនូវគោលបំណងដ៏អាក្រក់របស់ពួកគេ ពេលពួកគេនិយាយថា៖ «យើងគ្មានច្បាប់សម្លាប់អ្នកណាទេ»។—យ៉ូហាន ១៨:២៩-៣១
តាមពិត បើពួកគេសម្លាប់លោកយេស៊ូក្នុងអំឡុងបុណ្យរំលង នោះប្រហែលជាធ្វើឲ្យបណ្ដាជនចលាចល។ ប៉ុន្តែ ពួកគេដឹងថាអាជ្ញាធររ៉ូមមានអំណាចប្រហារជីវិតអ្នកបះបោរប្រឆាំងរដ្ឋាភិបាលរ៉ូម។ ដូច្នេះ បើពួកគេអាចធ្វើឲ្យអាជ្ញាធររ៉ូមប្រហារជីវិតលោកយេស៊ូក្រោមការចោទប្រកាន់នេះ នោះពួកគេមិនចាំបាច់ទទួលខុសត្រូវចំពោះបណ្ដាជនទេ។
ពួកអ្នកដឹកនាំសាសនាមិនប្រាប់ពីឡាតអំពីការវិនិច្ឆ័យក្ដីថាលោកយេស៊ូជាអ្នកប្រមាថព្រះឡើយ។ ឥឡូវនេះ ពួកគេចាប់ផ្ដើមធ្វើការចោទប្រកាន់មិនពិតផ្សេងទៀតថា៖ «យើងឃើញបុរសនេះ[១]កំពុងបំបះបំបោរជាតិយើង ហើយ[២]ហាមមិនឲ្យបង់ពន្ធជូនសេសារ ក៏[៣]និយាយថាខ្លួនគាត់ជាគ្រិស្តដែលជាស្តេច»។—លូកា ២៣:២
ដោយសារពីឡាតជាតំណាងរដ្ឋាភិបាលរ៉ូម នោះមានហេតុឲ្យគាត់ព្រួយបារម្ភអំពីការចោទប្រកាន់ថាលោកយេស៊ូកំពុងអះអាងថាខ្លួនជាស្តេច។ ដូច្នេះ ពីឡាតចូលក្នុងវិមានវិញ រួចហៅលោកយេស៊ូមកសួរថា៖ «តើអ្នកជាស្តេចនៃជនជាតិយូដាឬ?»។ បើនិយាយឲ្យចំទៅ គាត់ចង់សួរថា ‹តើអ្នកបានធ្វើខុសច្បាប់របស់រដ្ឋាភិបាលរ៉ូមដោយប្រកាសថាខ្លួនអ្នកជាស្តេចដែលប្រឆាំងនឹងសេសារឬ?›។ បន្ទាប់មក លោកយេស៊ូប្រហែលជាចង់ដឹងថាពីឡាតបានឮអ្វីខ្លះអំពីលោក នោះលោកសួរគាត់ថា៖ «តើអ្នកនិយាយដូច្នេះចេញពីខ្លួនអ្នកឬ? ឬក៏តើអ្នកឯទៀតបានប្រាប់អ្នកអំពីខ្ញុំ?»។—យ៉ូហាន ១៨:៣៣, ៣៤
ពីឡាតធ្វើហាក់ដូចជាគាត់មិនបានឮអំពីលោកយេស៊ូ ហើយចង់ដឹងអំពីលោក។ ដូច្នេះ គាត់ឆ្លើយថា៖ «ខ្ញុំមិនមែនជាជនជាតិយូដាទេ មែនទេ?»។ រួចមក គាត់និយាយបន្ថែមថា៖ «ជនរួមជាតិរបស់អ្នកនិងពួកសង្ឃនាយកបានប្រគល់អ្នកឲ្យខ្ញុំ។ តើអ្នកបានធ្វើអ្វី?»។—យ៉ូហាន ១៨:៣៥
លោកយេស៊ូមិនព្យាយាមបង្វែងដានដើម្បីមិនចាំបាច់ឆ្លើយថាលោកស្តេចនោះទេ។ លោកឆ្លើយតាមរបៀបមួយដែលច្បាស់ជាធ្វើឲ្យអភិបាលពីឡាតភ្ញាក់ផ្អើលយ៉ាងខ្លាំង។