តើអ្នកសុខចិត្តអត់ឱនទោសទេ?
ប៊ីលនិងកូនស្រីរបស់គាត់ឈ្មោះល៉ីសាអាយុ១៦ឆ្នាំ មានការពិបាកនឹងស្រុះស្រួលគ្នាណាស់។ ការខ្វែងគំនិតគ្នាតូចតាចរវាងគេទាំងពីរតែងតែលូតលាស់ឡើងរហូតដល់ការស្រែកដាក់គ្នាទៅវិញទៅមក។ នៅទីបំផុត ការតានតឹងនេះមានសភាពរឹតតែខ្លាំងឡើង រហូតដល់ថ្នាក់ដែលឪពុកបានសុំល៉ីសាឲ្យចាកចេញពីផ្ទះរបស់គាត់។a
មួយរយៈក្រោយមក ល៉ីសាបានទទួលស្គាល់ថានាងជាអ្នកមានកំហុស ហើយក៏ខំសូមការអត់ឱនទោសពីឪពុករបស់នាងវិញ។ ប៉ុន្តែជាជាងបំភ្លេចអតីតកំហុសរបស់ល៉ីសា ឪពុករបស់នាងដែលមានចិត្តដ៏ជូរចត់បានបដិសេធការខ្នះខ្នែងរបស់នាងក្នុងការស្វែងរកមេត្រីភាព។ សូមគិតមើលចុះ! គាត់មិនសុខចិត្តសម្ដែងសេចក្ដីមេត្ដាករុណាដល់កូនស្រីរបស់គាត់ឡើយ!
រាប់រយសតវត្សកន្លងទៅនេះ បុរសដែលឥតមានទោសម្នាក់ ត្រូវបានគេកាត់ទោសប្រហារជីវិត ចំពោះឧក្រិដ្ឋកម្មដែលគាត់មិនបានប្រព្រឹត្តសោះ។ ពួកសាក្សីបានផ្ដល់នូវភស្តុតាងមិនពិត ហើយពួកឥស្សរជនខាងនយោបាយបានបែរមុខចេញ ហើយឥតរកយុត្ដិធម៌ឲ្យទេ។ បុរសនិរទោសនេះជាព្រះយេស៊ូវគ្រីស្ទ។ មុននឹងទ្រង់បានទទួលមរណភាព ទ្រង់បានអធិស្ឋានសូមព្រះថា៖ «ឱព្រះវរបិតាអើយ សូមអត់ឱនទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ»។—លូកា ២៣:៣៤
ព្រះយេស៊ូវបានអត់ឱនទោសដោយឥតរួញរាពីព្រះទ័យរបស់ទ្រង់ ហើយអ្នកកាន់តាមទ្រង់ក៏ត្រូវបានដាស់តឿនឲ្យធ្វើតាមទ្រង់ចំពោះរឿងនេះដែរ។ (អេភេសូរ ៤:៣២) ប៉ុន្តែ មនុស្សជាច្រើនដូចប៊ីលគ្មានចិត្តមេត្ដាករុណានិងសុខចិត្តអត់ឱនទោសទេ។ តើអ្នកធ្វើបានយ៉ាងណាដែរចំពោះរឿងនេះ? តើអ្នកសុខចិត្តអត់ឱនទោសដល់អ្នកដទៃ នៅពេលដែលគេប្រព្រឹត្តខុសនឹងអ្នកទេ? ហើយចុះយ៉ាងណាវិញ ចំពោះអំពើបាបដ៏ធ្ងន់ធ្ងរនោះ? តើអំពើបាបដ៏ធ្ងន់ធ្ងរទាំងនេះត្រូវអត់ឱនទោសឲ្យដែរឬ?
ការអត់ឱនទោសជាការដ៏ពិបាកមួយ
ការអត់ឱនទោស មិនមែនជាការស្រួលទេ។ ហើយនៅក្នុងគ្រាដ៏ពិបាកនេះ ទំនាក់ទំនងរវាងមនុស្សកាន់តែយ៉ាប់យ៉ឺនឡើង។ ជាពិសេស ជីវភាពគ្រួសារគឺតែងតែពោរពេញទៅដោយភាពតានតឹងនិងការបង្ខិតបង្ខំជាច្រើន។ សាវកប៉ុលជាជនគ្រីស្ទានពីដើមម្នាក់បានថ្លែងថា ស្ថានភាពដូចនេះនឹងមានឡើង«នៅថ្ងៃជាន់ក្រោយបង្អស់»។ គាត់មានប្រសាសន៍ថា៖ «មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ . . . មិនចូលចិត្តនឹងការល្អ ក្បត់គេ ឥតបើគិត មានចិត្តធំ»។—ធីម៉ូថេទី២ ៣:១-៤
ដូច្នេះហើយ យើងទាំងអស់គ្នាចៀសវាងមិនរួចពីការជួបប្រទះនឹងអានុភាពខាងក្រៅ ដែលសាកល្បងនឹងសមត្ថភាពរបស់យើងក្នុងការអត់ឱនទោសដល់អ្នកដទៃបានឡើយ។ ម្យ៉ាងវិញទៀតនោះ យើងក៏ប្រយុទ្ធនឹងអានុភាពនៅខាងក្នុងខ្លួនយើងដែរ។ ប៉ុលបានសម្ដែងការសោកស្ដាយនេះថា៖ «ខ្ញុំមិនប្រព្រឹត្តការល្អ ដែលខ្ញុំចង់ធ្វើនោះទេ តែការអាក្រក់ដែលខ្ញុំមិនចង់ធ្វើ នោះបែរជាខ្ញុំធ្វើវិញ ដូច្នេះ បើខ្ញុំប្រព្រឹត្តការដែលខ្ញុំមិនចង់ធ្វើ នោះមិនមែនខ្ញុំដែលធ្វើការនោះទៀតទេ គឺជាបាបទេតើ ដែលនៅក្នុងខ្លួនខ្ញុំវិញ»។ (រ៉ូម ៧:១៩, ២០) ជាលទ្ធផល យើងជាច្រើនក៏មិនសូវសុខចិត្តអត់ឱនទោស ដូចជាយើងប្រាថ្នានោះទេ។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនល្អឥតខ្ចោះនិងអំពើបាបដែលមានពីកំណើត បានមានឥទ្ធិពលយ៉ាងខ្លាំងមកលើយើងរាល់គ្នា ហើយជួនកាលក៏ធ្វើឲ្យយើងលែងមានសេចក្ដីមេត្ដាចំពោះមនុស្សគ្នីគ្នាផង។
នៅពេលដែលគេបានណែនាំឲ្យអត់ឱនទោសដល់អ្នកដទៃ ចំពោះទោសកម្មបន្ដិចបន្តួចនោះ ស្ត្រីម្នាក់បានតបឆ្លើយថា៖ «ក្នុងការខំខ្នះខ្នែងដើម្បីអត់ឱនទោសឲ្យនោះ គ្មានអ្នកណាម្នាក់សមនឹងទទួលទេ»។ បើមើលពីខាងក្រៅ ការនិយាយបែបនេះហាក់បីដូចជាសោះកក្រោះ ឥតមានមេត្ដា ព្រមទាំងមើលឃើញតែអាក្រក់ផង។ តែបើមើលឲ្យជ្រៅទៅទៀតនោះ យើងឃើញថា ការនេះបង្ហាញឲ្យឃើញថាមនុស្សជាច្រើនមានអារម្មណ៍អន្ទះអន្ទែង នៅពេលដែលគេប្រឈមមុខនឹងលោកីយ៍ដែលគេគិតថាជាអាត្មានិយម ឥតខ្វល់ខ្វាយ និងឃោរឃៅ។ បុរសម្នាក់និយាយថា៖ «មនុស្សនឹងយកប្រយោជន៍ពីអ្នក បើកាលណាអ្នកអត់ឱនទោសឲ្យគេនោះ។ នេះគឺហាក់បីដូចជាគេដើរជាន់លើអញ្ចឹង»។
បើដូច្នេះ មិនជាការគួរឲ្យភ្ញាក់ផ្អើលឡើយ ដែលការបណ្ដុះឲ្យមានអាកប្បកិរិយាចេះអត់ឱនទោស ជាការពិបាកណាស់ក្នុងថ្ងៃជាន់ក្រោយបង្អស់នេះ។ តែព្រះគម្ពីរលើកទឹកចិត្តយើងឲ្យអត់ឱនទោសដោយស្មោះពីចិត្ត។ (ប្រៀបធៀប កូរិនថូសទី២ ២:៧) ហេតុអ្វីក៏យើងត្រូវអត់ឱនទោសឲ្យដូច្នេះ?
[កំណត់សម្គាល់]
a ឈ្មោះខ្លះត្រូវបានផ្លាស់។