ពួកអ្នកស្ងួនភ្ងាដែលបានស្លាប់ទៅ—តើអ្នកនឹងឃើញពួកគេម្ដងទៀតទេ?
ចនមានអាយុតែប្រាំបួនឆ្នាំប៉ុណ្ណោះ នៅពេលដែលម្ដាយរបស់គាត់បានស្លាប់ទៅ។ បន្ទាប់មក គាត់បាននឹកឃើញពីអ្វីៗដែលបានកើតឡើងនៅឯគ្រឹះស្ថានបញ្ចុះខ្មោច៖ «ខ្ញុំបានគូររូបមួយ ហើយបានសរសេរសំបុត្រតូចមួយសុំឲ្យម្ដាយខ្ញុំរង់ចាំពួកយើងនៅឯស្ថានសួគ៌។ ខ្ញុំបានឲ្យសំបុត្រនោះទៅឪពុកខ្ញុំឲ្យគាត់ដាក់ទៅក្នុងក្ដារមឈូស។ ថ្វីបើម្ដាយខ្ញុំបានស្លាប់ទៅហើយក្ដី ខ្ញុំចង់គិតថា គាត់ទទួលសារចុងក្រោយនេះពីខ្ញុំ»។—អារម្មណ៍ដែលមាន ពេលឪពុកឬម្ដាយស្លាប់ និពន្ធដោយ ជាល ក្រឹមមេន្សគ្មានការសង្ស័យទេ ចនច្បាស់ជាមានចិត្តស្រឡាញ់ម្ដាយរបស់គាត់ណាស់។ បន្ទាប់ពីរាយរាប់ពីគុណសម្បត្ដិល្អៗរបស់ម្ដាយគាត់ គាត់ក៏បានមានប្រសាសន៍ថា៖ «ប្រហែលជាខ្ញុំមិនចង់រំឭកពីអ្វីៗដែលអាក្រក់ក៏មិនដឹង ក៏ប៉ុន្តែ ខ្ញុំពុំអាចនឹកឃើញពីអ្វីៗដែលអាក្រក់អំពីគាត់សោះ។ គាត់ជាស្ត្រីដ៏ល្អបំផុតដែលខ្ញុំធ្លាប់ឃើញក្នុងមួយជីវិតខ្ញុំ»។
មានមនុស្សជាច្រើនដូចចនដែរ ដែលមានអនុស្សាវរីយល្អៗអំពីពួកអ្នកស្ងួនភ្ងាដែលបានស្លាប់ទៅរបស់គេ ហើយមានចិត្តចង់ជួបពួកគេវិញ។ ស្ត្រីម្នាក់ឈ្មោះអេឌីត្សដែលមានកូនប្រុសម្នាក់អាយុ២៦ឆ្នាំដែលបានស្លាប់ដោយសាររោគមហារីកនោះ បានមានប្រសាសន៍ថា៖ «ខ្ញុំត្រូវតែជឿថា កូនប្រុសរបស់ខ្ញុំកំពុងតែនៅកន្លែងណាមួយហើយ ប៉ុន្តែខ្ញុំមិនដឹងនៅកន្លែងណាទេ។ តើខ្ញុំនឹងឃើញកូនខ្ញុំម្ដងទៀតទេ? ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំនៅតែមានសង្ឃឹមថានឹងឃើញ»។
ពិតប្រាកដណាស់ អ្នកបង្កើតមនុស្សដែលប្រកបដោយសេចក្ដីស្រឡាញ់ច្បាស់ជាមានព្រះទ័យមេត្ដាដល់សេចក្ដីប្រាថ្នាធម្មតារបស់មនុស្សហើយ។ ដូច្នេះហើយបានជាទ្រង់សន្យាថា នឹងមានពេលវេលាមកដល់ ដែលមនុស្សរាប់លាននាក់នឹងជួបជុំពួកអ្នកស្ងួនភ្ងាដែលបានស្លាប់ទៅរបស់គេវិញ។ ព្រះគម្ពីរមានសេចក្ដីយោងជាច្រើនដែលសំដៅទៅលើសេចក្ដីសន្យានៃដំណើររស់ឡើងវិញនៃពួកមនុស្សស្លាប់នៅអនាគត។—អេសាយ ២៦:១៩; ដានីយ៉ែល ១២:២, ១៣; ហូសេ ១៣:១៤; យ៉ូហាន ៥:២៨, ២៩; វិវរណៈ ២០:១២, ១៣
តើអ្នកណាខ្លះនឹងរស់ឡើងវិញទៅស្ថានសួគ៌?
សូមយើងពិចារណានូវសេចក្ដីសង្ឃឹមរបស់ចន ដែលថាម្ដាយស្ងួនភ្ងារបស់គាត់កំពុងតែរង់ចាំគាត់នៅឯស្ថានសួគ៌។ អ្នកដែលទៅព្រះវិហារគ្រីស្ទសាសនាជាច្រើនមានសេចក្ដីសង្ឃឹមឬជំនឿដូចនេះដែរ។ ក្នុងការខំប្រឹងប្រែងគាំទ្រទស្សនៈបែបនេះ ពួកបព្វជិតនិងពួកអ្នកធ្វើការខាងសង្គមកិច្ចខ្លះ យកបទគម្ពីរមកអនុវត្តដោយមិនត្រូវ។
ជាឧទាហរណ៍ នៅក្នុងសៀវភៅរបស់នាង ចំពោះកូនក្មេងនិងសេចក្ដីស្លាប់ វេជ្ជបណ្ឌិតអេលីសាបិត ឃូបប្លើរស់ ជាអ្នកជំនាញម្នាក់ខាងការជួយមនុស្សដែលមានបងប្អូនស្លាប់នោះ បានសរសេរថា៖ «ការស្លាប់គ្រាន់តែមានន័យថា យើងចោលរូបកាយរបស់យើង ដូចជាយើងទុកចោលខោអាវចាស់ដាច់ដាច ឬក៏ដូចជាយើងឈានជើងចូលពីបន្ទប់មួយទៅឯបន្ទប់មួយទៀតប៉ុណ្ណោះ។ នៅក្នុងសាស្ដា ១២:៧ យើងអានថា៖ ‹ហើយធូលីត្រឡប់ជាដីដូចដើមវិញ នឹងវិញ្ញាណត្រឡប់ទៅឯព្រះ ដែលទ្រង់បានប្រទានមកនោះ›។ ព្រះយេស៊ូវបានមានបន្ទូលថា៖ ‹ខ្ញុំទៅរៀបចំកន្លែងឲ្យអ្នករាល់គ្នា ដើម្បីកន្លែងណាដែលខ្ញុំនៅ នោះអ្នករាល់គ្នាក៏នឹងនៅទីនោះដែរ›។ ហើយចំពោះចោរម្នាក់នៅលើឈើឆ្កាង ‹ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំ›»។
តើបទគម្ពីរនៅខាងលើនេះពិតជាមានន័យថា ពួកអ្នកស្ងួនភ្ងាដែលបានស្លាប់ទៅរបស់យើង កំពុងតែមានជីវិតរស់នៅ ហើយកំពុងតែរង់ចាំយើងនៅស្ថានសួគ៌មែនឬ? សូមឲ្យយើងយកបទគម្ពីរទាំងនេះមកពិនិត្យឲ្យបានជិតដិត ចាប់ផ្ដើមពីបទគម្ពីរសាស្ដា ១២:៧។ ពិតមែនហើយ បុគ្គលដែលប្រកបដោយប្រាជ្ញា ដែលបានសរសេរពាក្យទាំងនោះមុខជាគ្មានបំណងចង់និយាយប្រឆាំងនឹងអ្វីៗ ដែលគាត់បានថ្លែងរួចមកហើយនៅក្នុងសៀវភៅដដែលនោះទេ ដែលចែងថា៖ «ដ្បិតមនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ គេក៏គ្មានរង្វាន់អ្វីទៀតដែរ ពីព្រោះសេចក្ដីនឹកចាំពីគេបានសូន្យបាត់ហើយ»។ (សាស្ដា ៩:៥) គាត់បានមានប្រសាសន៍អំពីសេចក្ដីស្លាប់របស់មនុស្សជាទូទៅ។ តើសមហេតុផលទេក្នុងការជឿថា ពួកដែលតាំងចិត្តថាគ្មានព្រះ និងពួកឧក្រិដ្ឋជនដ៏រឹងចចេស អាចវិលត្រឡប់ទៅព្រះវិញពេលដែលពួកគេស្លាប់នោះ? គឺមិនសមទេ។ តាមការពិត យើងម្នាក់ៗក៏មិនអាចនិយាយទុកជាមុនថា យើងនឹងត្រឡប់ទៅព្រះបានឡើយ ទោះបីជាយើងចាត់ថាខ្លួនជាអាក្រក់ឬល្អក្ដី។ ដោយសារតែគ្មានពួកយើងណាម្នាក់ធ្លាប់បាននៅជាមួយព្រះនៅឯស្ថានសួគ៌ តើយើងអាចនិយាយទុកជាមុនដូចម្ដេចបាន ថាយើងនឹងវិលត្រឡប់ទៅឯព្រះវិញនោះ?
បើអញ្ចឹង តើអ្នកសរសេរព្រះគម្ពីរចង់មានន័យយ៉ាងណា កាលដែលបានថ្លែងថា ‹វិញ្ញាណត្រឡប់ទៅឯព្រះ› ពេលដែលស្លាប់នោះ? ក្នុងការប្រើពាក្យភាសាហេព្រើរដែលបកប្រែចេញជា «វិញ្ញាណ» គាត់មិនមែនយោងសំដៅទៅអ្វីអស្ចារ្យដែលធ្វើឲ្យមនុស្សម្នាក់មានលក្ខណៈខុសប្លែកពីម្នាក់ទៀតនោះទេ។ ផ្ទុយទៅវិញ នៅឯសាស្ដា ៣:១៩ អ្នកសរសេរព្រះគម្ពីរដដែលនោះ ដែលព្រះបញ្ចេញព្រះវិញ្ញាណមកលើគាត់ បានពន្យល់ថា មនុស្សនិងសត្វតិរច្ឆាន «ទាំងអស់មានដង្ហើមជីវិត[វិញ្ញាណ,ពថ]ដូចគ្នា»។ គួរឲ្យជាក់ស្តែងណាស់ អ្វីដែលគាត់ចង់និយាយនោះគឺថា «វិញ្ញាណ» គឺជាថាមពលនៃជីវិតក្នុងកោសិកាដែលផ្សំឡើងធ្វើជារូបកាយរបស់មនុស្សនិងសត្វ។ យើងពុំបានទទួលវិញ្ញាណនេះមកពីព្រះដោយផ្ទាល់ទេ។ គឺយើងបានទទួលមកតាមរយៈឪពុកម្ដាយរបស់យើង នៅពេលយើងចាប់លូតលាស់ក្នុងផ្ទៃម្ដាយហើយកើតមក។ បន្ថែមទៅទៀត វិញ្ញាណនេះមិនមែនធ្វើដំណើរហោះកាត់អវកាសមែនទែន ត្រឡប់ទៅឯព្រះវិញនៅពេលស្លាប់នោះទេ។ ឃ្លាដែលថា ‹វិញ្ញាណត្រឡប់ទៅឯព្រះ› គឺជាការនិយាយដោយប្រៀបធៀប។ គឺបានន័យថា សេចក្ដីសង្ឃឹមចំពោះជីវិតនៅអនាគតរបស់បុគ្គលដែលបានស្លាប់ទៅនោះ គឺស្ថិតទៅលើព្រះវិញ។ គឺស្រេចតែនឹងទ្រង់ទេ ក្នុងការសម្រេចព្រះទ័យជនណាដែលទ្រង់នឹងនឹកចាំហើយធ្វើឲ្យមានជីវិតរស់ឡើងវិញនោះ។ សូមមើលដោយខ្លួនឯងចុះ នូវរបៀបដែលព្រះគម្ពីរបង្ហាញយ៉ាងច្បាស់នៅ ទំនុកដំកើង ១០៤:២៩, ៣០។
ព្រះយេហូវ៉ាមានគោលបំណងនឹងប្រោសពួកអ្នកកាន់តាមព្រះគ្រីស្ទដ៏ស្មោះត្រង់ដែលមានចំនួនតែ១៤៤.០០០នាក់ ដើម្បីឲ្យរស់នៅស្ថានសួគ៌ ធ្វើជាបុត្រខាងវិញ្ញាណរបស់ព្រះ។ (វិវរណៈ ១៤:១, ៣) ពួកគេនឹងផ្គុំគ្នាឡើងធ្វើជារដ្ឋាភិបាលនៃស្ថានសួគ៌ជាមួយព្រះគ្រីស្ទដើម្បីជាប្រសិទ្ធិពរដល់មនុស្សជាតិនៅលើផែនដី។
ពួកទីមួយដែលបានរៀនដឹងអំពីរឿងនេះ គឺពួកសាវកដ៏ស្មោះត្រង់របស់ព្រះយេស៊ូវ ដែលទ្រង់បានមានបន្ទូលទៅគេថា៖ «នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ»។ (យ៉ូហាន ១៤:២, ៣) ពួកសាវកទាំងនោះ និងពួកជនគ្រីស្ទានជំនាន់ដើមបានស្លាប់អស់ទៅហើយៗ ពួកគេត្រូវរង់ចាំដោយឥតដឹងអ្វីសោះក្នុងសេចក្ដីស្លាប់ ទាល់តែដល់ពេលដែលព្រះយេស៊ូវយាងត្រឡប់មកប្រទានរង្វាន់នូវជីវិតរស់ឡើងវិញទៅស្ថានសួគ៌ដល់ពួកគេ។ ម្ល៉ោះហើយបានជាយើងបានអានអំពីស្ទេផានជាជនទុក្ករបុគ្គលទីមួយដែលបាន«ដេកលក់ទៅ[ក្នុងសេចក្ដីស្លាប់,ពថ]»។—កិច្ចការ ៧:៦០; ថែស្សាឡូនីចទី១ ៤:១៣
ជីវិតរស់ឡើងវិញនៅលើផែនដី
ប៉ុន្តែ ចុះយ៉ាងណាវិញ ចំពោះសេចក្ដីសន្យារបស់ព្រះយេស៊ូវទៅឯឧក្រិដ្ឋជនដែលបានស្លាប់ក្បែរទ្រង់នោះ? ដូចពួកសាសន៍យូដាជាច្រើននៅជំនាន់នោះ បុរសម្នាក់នេះក៏ជឿថា ព្រះនឹងបញ្ជូនព្រះមែស៊ីដែលនឹងស្ថាបនានគរមួយឡើង ហើយនឹងរៀបចំឲ្យមានសន្ដិភាពនិងសន្ដិសុខឡើងវិញដល់សាសន៍យូដានៅលើផែនដី។ (ប្រៀបធៀប ពង្សាវតារក្សត្រទី១ ៤:២០-២៥ ជាមួយ លូកា ១៩:១១; ២៤:២១ និង កិច្ចការ ១:៦) ថែមទៅទៀត ឧក្រិដ្ឋជននោះសម្ដែងនូវសេចក្ដីជំនឿថា ព្រះយេស៊ូវនេះហើយជាបុគ្គលម្នាក់ដែលព្រះបានរើសតាំងឡើងជាស្តេច។ ប៉ុន្តែ នៅវេលានោះ ការជិតទទួលមរណភាពរបស់ព្រះយេស៊ូវ ក្នុងឋានៈជាជនជាប់ទោសនោះ ធ្វើឲ្យការនេះហាក់បីដូចជាមិនពិតសោះ។ ដោយហេតុនេះហើយ បានជាព្រះយេស៊ូវធ្វើឲ្យឧក្រិដ្ឋជននោះមានការទុកចិត្តឡើង ដោយសន្យាថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដនៅថ្ងៃនេះថា អ្នកនឹងនៅជាមួយខ្ញុំនៅក្នុងទីមនោរម្យដែរ»។—លូកា ២៣:៤២, ៤៣,ពថ
សេចក្ដីបកប្រែព្រះគម្ពីរដែលមានដកឃ្លាឬដាក់សញ្ញាក្បៀសមុននឹងពាក្យ«ថ្ងៃនេះ» ធ្វើឲ្យមានបញ្ហាចំពោះមនុស្សណាដែលចង់យល់នូវពាក្យបន្ទូលរបស់ព្រះយេស៊ូវ។ ព្រះយេស៊ូវឥតបានយាងទៅឯទីមនោរម្យណាមួយនៅថ្ងៃនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានផ្ទំក្នុងមរណភាពដោយឥតដឹងអ្វីសោះ អស់រយៈពេល៣ថ្ងៃ ទាល់តែព្រះបានប្រោសទ្រង់ឲ្យរស់ឡើងវិញ។ ទោះបីបន្ទាប់ពីទ្រង់ត្រូវបានប្រោសឲ្យរស់ឡើងវិញ រួចបានយាងទៅស្ថានសួគ៌ហើយ ទ្រង់ក៏នៅតែរង់ចាំនៅខាងស្ដាំព្រះហស្តនៃព្រះវរបិតារបស់ទ្រង់ ទាល់តែដល់ពេលវេលាដែលទ្រង់ត្រូវចាប់ផ្ដើមសោយរាជ្យជាស្តេចលើមនុស្សជាតិ។ (ហេព្រើរ ១០:១២, ១៣) បន្ដិចទៀត ការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះយេស៊ូវនឹងនាំឲ្យមានការធូរស្បើយដល់មនុស្សជាតិ ហើយនឹងរៀបចំផែនដីទាំងមូលឲ្យទៅជាទីមនោរម្យ។ (លូកា ២១:១០, ១១, ២៥-៣១) នៅពេលនោះទ្រង់នឹងបំពេញសេចក្ដីសន្យារបស់ទ្រង់ដល់ឧក្រិដ្ឋជនម្នាក់នោះ ដោយប្រោសគាត់ឲ្យរស់ឡើងវិញនៅលើផែនដី។ ហើយព្រះយេស៊ូវនឹងគង់នៅជាមួយជននោះក្នុងន័យថា ទ្រង់នឹងជួយផ្គត់ផ្គង់បុរសម្នាក់នោះគ្រប់បែបយ៉ាង ព្រមទាំងធ្វើឲ្យដំណើររស់នៅរបស់គាត់ឲ្យមានភាពស្របគ្នានឹងច្បាប់ដ៏សុចរិតរបស់ព្រះ។
ដំណើររស់ឡើងវិញនៃមនុស្សជាច្រើន
ដូចជាឧក្រិដ្ឋជនដែលបានប្រែចិត្តនោះ ដំណើររស់ឡើងវិញនៃមនុស្សជាច្រើននឹងកើតមានឡើងនៅលើផែនដីនេះដែរ។ នេះគឺសមស្របនឹងគោលបំណងរបស់ព្រះក្នុងការបង្កើតមនុស្សមក។ បុរសនិងស្ត្រីទីមួយត្រូវបានដាក់នៅក្នុងសួនមនោរម្យ ហើយបានប្រាប់ឲ្យបង្ក្រាបផែនដី។ បើសិនជាពួកគេនៅតែគោរពតាមព្រះ ពួកគេច្បាស់ជាពុំបានចាស់ជរា ហើយស្លាប់នោះទេ។ កាលដែលពេលវេលារបស់ព្រះមកដល់ ផែនដីទាំងមូលច្បាស់ជាបានត្រូវបង្ក្រាប ហើយពួកកូនចៅល្អឥតខ្ចោះរបស់អ័ដាមច្បាស់ជាបានកសាងផែនដីទាំងមូលនេះទៅជាសួនមនោរម្យហើយ។—លោកុប្បត្តិ ១:២៨; ២:៨, ៩
ប៉ុន្តែ ដោយសារតែអ័ដាមនិងនាងអេវ៉ាប្រព្រឹត្តអំពើបាបដោយចេតនា ពួកគេបាននាំសេចក្ដីស្លាប់មកលើគេ ហើយនិងកូនចៅរបស់គេនៅអនាគតដែរ។ (លោកុប្បត្តិ ២:១៦, ១៧; ៣:១៧-១៩) ដោយហេតុនេះហើយបានជាព្រះគម្ពីរបានចែងថា៖ «ដូច្នេះដែលបាបបានចូលមកក្នុងលោកីយ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្ដីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្ដីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ»។—រ៉ូម ៥:១២
មានតែមនុស្សម្នាក់គត់ដែលបានប្រសូតមកដោយគ្មានបាប។ បុគ្គលនោះជារាជបុត្រាដ៏ឥតខ្ចោះរបស់ព្រះ គឺព្រះយេស៊ូវគ្រីស្ទ ដែលព្រះជន្មរបស់ទ្រង់ត្រូវបានបញ្ជូនពីស្ថានសួគ៌មកដាក់ក្នុងស្បូនស្ត្រីក្រមុំសាសន៍យូដាម្នាក់ឈ្មោះ ម៉ារា។ ព្រះយេស៊ូវឥតបានប្រព្រឹត្តអំពើបាបអ្វីសោះ ហើយមិនសមនឹងទទួលនូវមរណភាពឡើយ។ ម្ល៉ោះហើយបានជាមរណភាពរបស់ទ្រង់ គឺជាតម្លៃលោះ«បាបមនុស្សលោក»។ (យ៉ូហាន ១:២៩; ម៉ាថាយ ២០:២៨) ដូច្នេះហើយបានជាព្រះយេស៊ូវអាចមានបន្ទូលថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ»។—យ៉ូហាន ១១:២៥
ដូច្នេះ លោកអ្នកអាចសង្ឃឹមនឹងជួបពួកអ្នកស្ងួនភ្ងាដែលបានស្លាប់ទៅរបស់អ្នក ប៉ុន្តែការនេះតម្រូវឲ្យអ្នកអនុវត្តជំនឿដល់ព្រះយេស៊ូវជាអ្នកលោះបាបរបស់អ្នក ហើយគោរពតាមទ្រង់ជាស្តេចដែលព្រះបានតាំងឡើង។ បន្ដិចទៀត ព្រះរាជាណាចក្ររបស់ព្រះនឹងបោសសំអាតអំពើអាក្រក់ទាំងអស់ចេញពីផែនដីនេះ។ អស់មនុស្សណាដែលមិនព្រមចុះចូលនឹងការគ្រប់គ្រងរបស់ព្រះទេ នឹងត្រូវកំទេចចោល។ ក៏ប៉ុន្តែ អនុរាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះនឹងបានរួចរស់ជីវិត ហើយពួកគេនឹងរវល់ក្នុងការកសាងផែនដីនេះឲ្យទៅជាទីមនោរម្យឡើងវិញ។—ទំនុកដំកើង ៣៧:១០, ១១; វិវរណៈ ២១:៣-៥
បន្ទាប់មក គ្រាដ៏រំភើបចិត្តនឹងមកដល់ ដែលនឹងចាប់ផ្ដើមនូវដំណើររស់ឡើងវិញ។ តើអ្នកនឹងនៅទីនោះ ដើម្បីទទួលស្វាគមន៍ពួកមនុស្សស្លាប់មកវិញទេ? រឿងនេះគឺពឹងពាក់ទៅលើអ្វីៗដែលអ្នកប្រព្រឹត្តនៅពេលឥឡូវនេះ។ ប្រសិទ្ធិពរដ៏រុងរឿងនឹងរង់ចាំអស់អ្នកណាដែលចុះចូលនឹងព្រះរាជាអាណាចក្ររបស់ព្រះយេហូវ៉ា ដែលគ្រប់គ្រងដោយព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ។