ចូរធ្វើតាមរាជប្រពៃណី
«ត្រូវឲ្យ[ស្តេច]ចំឡងក្រិត្យវិន័យ តាមគម្ពីរ . . . ទុកក្នុងសៀវភៅសំរាប់ខ្លួន ត្រូវឲ្យសៀវភៅនោះនៅជាមួយនឹងខ្លួន ហើយត្រូវមើលរាល់តែថ្ងៃជានិច្ច អស់១ជីវិតផង»។—ចោទិយកថា ១៧:១៨, ១៩
១. តើគ្រីស្ទានម្នាក់ប្រហែលជាចង់យកតម្រាប់តាមអ្នកណា?
អ្នកច្បាស់ជាមិនចាត់ទុកខ្លួនជាមហាក្សត្រឬមហាក្សត្រីមួយអង្គនោះឡើយ។ គ្រីស្ទានណាដែលស្មោះត្រង់និងដែលជាសិស្សព្រះគម្ពីរនោះ មិនដែលគិតក្នុងចិត្តទេ ថាខ្លួនមានរាជានុភាពដូចជាស្តេចដាវីឌ យ៉ូសៀស ហេសេគា ឬយ៉ូសាផាតដែលជាស្តេចស្មោះត្រង់នោះ។ ប៉ុន្តែ យ៉ាងហោចណាស់ អ្នកអាចយកតម្រាប់តាមស្តេចទាំងនោះត្រង់លក្ខណៈដ៏ពិសេសមួយ ហើយក៏គួរយកតម្រាប់តាមលក្ខណៈនោះដែរ។ តើលក្ខណៈនោះជាអ្វីទៅ? ហើយហេតុអ្វីបានជាអ្នកគួរយកតម្រាប់តាមស្តេចទាំងនេះក្នុងរឿងនោះ?
២, ៣. តើព្រះយេហូវ៉ាបានទាយអ្វី ស្តីអំពីចំណង់ឲ្យបានស្តេចជាមនុស្សជាតិនោះ? ហើយតើស្តេចនោះត្រូវធ្វើអ្វី?
២ នៅសម័យលោកម៉ូសេ ជាច្រើនឆ្នាំមុនព្រះបានសព្វព្រះហឫទ័យឲ្យអ៊ីស្រាអែលមានរាជាគ្រប់គ្រងលើមនុស្សជាតិនោះ ព្រះយេហូវ៉ាបានជ្រាបទុកជាមុនថា រាស្ត្ររបស់ទ្រង់នឹងចង់មានស្តេចមួយអង្គក្រោយមកទៀតដែរ។ ហេតុនេះហើយបានជាទ្រង់បណ្ដាលឲ្យម៉ូសេសរសេរការណែនាំស្តីអំពីរឿងនេះនៅក្នុងកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ។ នេះជារាជនីតិ ឬក៏ការណែនាំសំរាប់ស្តេច។
៣ ព្រះបានមានបន្ទូលថា៖ «កាលណាឯងបានទៅដល់ស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ . . . រួចជំនុំគ្នាថា៖ ‹យើងនឹងតាំងស្តេចឲ្យសោយរាជ្យលើយើង ដូចជាសាសន៍ទាំងប៉ុន្មានដែលនៅជុំវិញយើងដែរ› នោះត្រូវតាំងអ្នកណាមួយឡើង ឲ្យធ្វើជាស្តេចតាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើស។ . . . កាលណាស្តេចនោះ បានឡើងគង់លើបល្ល័ង្ករាជ្យហើយ នោះត្រូវឲ្យចំឡងក្រិត្យវិន័យតាមគម្ពីរ . . . ទុកក្នុងសៀវភៅសំរាប់ខ្លួន ត្រូវឲ្យសៀវភៅនោះនៅជាមួយនឹងខ្លួន ហើយត្រូវមើលរាល់តែថ្ងៃជានិច្ច អស់១ជីវិតផង ដើម្បីនឹងទំលាប់ខ្លួន ឲ្យចេះកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃខ្លួន ប្រយោជន៍ឲ្យបានកាន់តាមគ្រប់ទាំងសេចក្ដី ដែលនៅក្នុងក្រិត្យវិន័យនឹងច្បាប់ទាំងនេះ ព្រមទាំងប្រព្រឹត្តតាមផង»។—ចោទិយកថា ១៧:១៤-១៩
៤. តើព្រះបានណែនាំបណ្ដាស្តេចឲ្យធ្វើអ្វី?
៤ ពិតណាស់ ស្តេចដែលព្រះយេហូវ៉ានឹងរើសឲ្យគ្រប់គ្រងទៅលើអ្នកថ្វាយបង្គំទ្រង់ ត្រូវចំឡងសេចក្ដីដូចដែលមានក្នុងព្រះគម្ពីររបស់អ្នក។ រួចមក ស្តេចត្រូវអានឯកសារចំឡងនោះជារៀងរាល់ថ្ងៃ ម្ដងហើយម្ដងទៀត។ នេះមិនមែនដើម្បីបង្ហាត់សមត្ថភាពចងចាំរបស់ទ្រង់ឡើយ។ នេះជាការសិក្សា ដោយមានគោលបំណងទទួលផលប្រយោជន៍ពីនោះ។ ស្តេចដែលចង់ពេញព្រះហឫទ័យរបស់ព្រះយេហូវ៉ាក៏ត្រូវព្យាយាមក្នុងការសិក្សានេះ ដើម្បីបណ្ដុះឲ្យមានព្រះទ័យត្រឹមត្រូវជានិច្ច។ ស្តេចក៏ត្រូវសិក្សាបទគម្ពីរនោះដែលព្រះបានបណ្ដាលឲ្យតែងតាមវិញ្ញាណទ្រង់ដែរ ដើម្បីឲ្យក្លាយជាស្តេចមួយអង្គដែលមានការយល់ធ្លុះជ្រៅ និងដើម្បីបានជោគជ័យក្នុងការសោយរាជ្យ។—ពង្សាវតារក្សត្រទី២ ២២:៨-១៣; សុភាសិត ១:១-៤
ចូររៀនដូចជាស្តេចមួយអង្គ
៥. តើស្តេចដាវីឌមានផ្នែកអ្វីខ្លះនៃព្រះគម្ពីរ ដែលទ្រង់ត្រូវចំឡងហើយអាននោះ? ហើយតើទ្រង់មានទស្សនៈយ៉ាងណាចំពោះក្រិត្យវិន័យរបស់ព្រះ?
៥ តើការណែនាំនោះតម្រូវឲ្យស្តេចដាវីឌធ្វើអ្វីខ្លះ ពេលទ្រង់ឡើងសោយរាជ្យជាស្តេចសាសន៍អ៊ីស្រាអែល? ស្តេចដាវីឌត្រូវចំឡងសៀវភៅប្រាំដំបូងក្នុងព្រះគម្ពីរ គឺសៀវភៅលោកុប្បត្តិ និក្ខមនំ លេវីវិន័យ ជនគណនា និងចោទិយកថា។ ដោយសារស្តេចដាវីឌប្រើព្រះហស្ថនិងព្រះនេត្ររបស់ទ្រង់ផ្ទាល់ដើម្បីចំឡងក្រិត្យវិន័យនោះ នេះបានផ្ដិតសេចក្ដីក្នុងនោះជាប់យ៉ាងជ្រៅទៅក្នុងសតិនិងព្រះទ័យរបស់ទ្រង់។ អ្នកដែលបានសរសេរសៀវភៅយ៉ូបនិងសៀវភៅទំនុកដំកើង ទំនុកទី៩០និង៩១ ក៏ទំនងជាលោកម៉ូសេដែរ។ តើស្តេចដាវីឌបានចំឡងសៀវភៅទាំងនោះដែរឬទេ? ប្រហែលជាទ្រង់បានចំឡងមែន។ ម្យ៉ាងទៀត ស្តេចដាវីឌប្រហែលជាមានសៀវភៅយ៉ូស្វេ សៀវភៅពួកចៅហ្វាយ និងសៀវភៅនាងរស់ទៀតផង។ ដូច្នេះ អ្នកឃើញថាស្តេចដាវីឌមានព្រះគម្ពីរមួយផ្នែកធំ ដែលទ្រង់អាចអានឲ្យជ្រួតជ្រាបទៅក្នុងសតិនិងព្រះទ័យទ្រង់។ អ្នកអាចជឿជាក់ថាទ្រង់បានធ្វើដូច្នេះមែន ដ្បិតអ្នកអាចអានបន្ទូលរបស់ទ្រង់ស្តីអំពីក្រិត្យវិន័យរបស់ព្រះនៅទំនុកដំកើង ១៩:៧-១១។
៦. តើយើងអាចដឹងយ៉ាងដូចម្ដេចថា ព្រះយេស៊ូបានចាប់អារម្មណ៍ទៅលើបទគម្ពីរដូចជាស្តេចដាវីឌជាឰយុកោទ្រង់នោះ?
៦ ដាវីឌដ៏ឧត្តមជាង ជាព្រះយេស៊ូដែលជាព្រះរាជនត្ដារបស់ស្តេចដាវីឌ ទ្រង់ក៏បានធ្វើស្រដៀងគ្នានឹងនេះដែរ។ ព្រះយេស៊ូមានទម្លាប់ទៅសាលាប្រជុំជារៀងរាល់សប្ដាហ៍។ នៅទីនោះព្រះយេស៊ូបានសណ្ដាប់មនុស្សអាននិងពន្យល់នូវបទគម្ពីរ។ ម្យ៉ាងទៀត មានពេលខ្លះដែលព្រះយេស៊ូអង្គទ្រង់ផ្ទាល់បានអានជាសាធារណៈពីព្រះបន្ទូលរបស់ព្រះនិងបានពន្យល់អត្ថន័យ។ (លូកា ៤:១៦-២១) អ្នកអាចឃើញយ៉ាងងាយស្រួលថា ព្រះយេស៊ូស្គាល់បទគម្ពីរយ៉ាងច្បាស់លាស់។ បើអ្នកគ្រាន់តែអានសៀវភៅដំណឹងល្អ អ្នកនឹងកត់សម្គាល់ប៉ុន្មានដងដែលព្រះយេស៊ូមានបន្ទូលថា៖ «មានសេចក្ដីចែងទុកមក» ឬក៏បានសំដៅទៅលើបទគម្ពីរជាក់លាក់តាមវិធីផ្សេងទៀតផង។ ជាឧទាហរណ៍ ក្នុងធម្មទានរបស់ទ្រង់នៅលើភ្នំ ដែលម៉ាថាយបានកត់ទុកនោះ ព្រះយេស៊ូបានដកស្រង់ពីបទគម្ពីរភាសាហេព្រើរអស់២១ដង។—ម៉ាថាយ ៤:៤-១០; ៧:២៩; ១១:១០; ២១:១៣; ២៦:២៤, ៣១; យ៉ូហាន ៦:៣១, ៤៥; ៨:១៧
៧. តើព្រះយេស៊ូខុសគ្នាពីអ្នកដឹកនាំសាសានាយ៉ាងដូចម្ដេចខ្លះ?
៧ ព្រះយេស៊ូបានធ្វើតាមឱវាទនៅទំនុកដំកើង ១:១-៣ ដែលថា៖ «មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ . . . [ប៉ុន្តែ]អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ។ . . . ការអ្វីដែលអ្នកនោះធ្វើ នោះនឹងចំរើនឡើងទាំងអស់»។ នេះគឺផ្ទុយស្រឡះពីអ្នកដឹកនាំសាសនានៅសម័យនោះ ដែលបាន«តាំងខ្លួនគេ អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ» ប៉ុន្តែពួកគេឥតអើពើនឹង«ក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»ឡើយ!—ម៉ាថាយ ២៣:២-៤
៨. ហេតុអ្វីបានជាគ្មានប្រយោជន៍ ដែលអ្នកដឹកនាំសាសនាយូដា អាននិងសិក្សាព្រះគម្ពីរនោះ?
៨ ប៉ុន្តែ បុគ្គលខ្លះប្រហែលជាងឿងឆ្ងល់អំពីខគម្ពីរមួយដែលអានទៅដូចជាព្រះយេស៊ូមិនចង់ឲ្យយើងសិក្សាព្រះគម្ពីរឡើយ។ នៅយ៉ូហាន ៥:៣៩, ៤០ ព្រះយេស៊ូមានបន្ទូលទៅកាន់មនុស្សខ្លះនៅសម័យទ្រង់ថា៖ «អ្នករាល់គ្នាស្ទង់មើលគម្ពីរ ដោយស្មានថា បានជីវិតដ៏នៅអស់កល្បជានិច្ចអំពីគម្ពីរនោះមក គឺជាគម្ពីរនោះឯង ដែលធ្វើបន្ទាល់ពីខ្ញុំ។ តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»។ ដោយមានបន្ទូលដូច្នេះ ព្រះយេស៊ូមិនមែនបញ្ជាក់ថាសាសន៍យូដាដែលកំពុងតែស្ដាប់ទ្រង់នោះ មិនគួរសិក្សាបទគម្ពីរនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានលាតត្រដាងនូវភាពមិនស្មោះនិងចិត្តរាយមាយរបស់ពួកគេជាចំហ។ អ្នកទាំងនោះបានទទួលស្គាល់ថា បទគម្ពីរអាចនាំពួកគេទៅដល់ជីវិតជារៀងរហូតបាន តែបទគម្ពីរដែលពួកគេកំពុងតែសិក្សាស្វែងយល់នោះ ក៏គួរនាំពួកគេឲ្យទទួលស្គាល់ព្រះយេស៊ូជាព្រះមេស្ស៊ីដែរ។ យ៉ាងណាក៏ដោយ ពួកគេមិនព្រមទទួលស្គាល់ព្រះយេស៊ូឡើយ។ ដូច្នេះ ការសិក្សារបស់ពួកគេគ្មានប្រយោជន៍ ពីព្រោះពួកគេសិក្សាមិនមែនដោយចិត្តស្មោះ និងមិនព្រមឲ្យខ្លួនទទួលការបង្ហាត់បង្រៀនឡើយ។—ចោទិយកថា ១៨:១៥; លូកា ១១:៥២; យ៉ូហាន ៧:៤៧, ៤៨
៩. តើពួកសាវ័កនិងព្យាការីមុនៗបានទុកគំរូអ្វី?
៩ ពួកសិស្សនិងសាវ័ករបស់ព្រះយេស៊ូគឺផ្ទុយស្រឡះពីនេះទៅវិញ! ពួកសិស្សនិងពួកសាវ័កនោះបានសិក្សា«បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យ[យើង]មានប្រាជ្ញាដល់ទីសង្គ្រោះ»។ (ធីម៉ូថេទី២ ៣:១៥) ពួកសិស្សនិងពួកសាវ័កនោះគឺស្រដៀងគ្នានឹងព្យាការីពីសម័យបុរាណដែលបាន«ស៊ើបសួរ ហើយខំរកឲ្យដឹង»។ ព្យាការីទាំងនេះមិនបានចាត់ទុកការស្វែងរកចំណេះនោះជាកិច្ចការដែលពួកគេត្រូវធ្វើយ៉ាងខ្នះខ្នែងសំរាប់តែប៉ុន្មានខែ ឬក៏មួយឆ្នាំប៉ុណ្ណោះទេ។ សាវ័កពេត្រុសប្រាប់ថា ព្យាការីទាំងនោះបាន«ស្វែងរក[«ជានិច្ច», ព.ថ.]» ជាពិសេសអំពីព្រះគ្រីស្ទនិងសិរីលំអដែលទាក់ទងនឹងតួនាទីរបស់ទ្រង់ក្នុងការសង្គ្រោះមនុស្សជាតិ។ ក្នុងសំបុត្រទីមួយរបស់ពេត្រុស អស់៣៤ដងគាត់បានដកស្រង់ពាក្យពីសៀវភៅដប់ក្បាលក្នុងព្រះគម្ពីរ។—ពេត្រុសទី១ ១:១០, ១១
១០. ហេតុអ្វីយើងម្នាក់ៗគួរចាប់អារម្មណ៍ទៅលើការសិក្សាព្រះគម្ពីរ?
១០ យ៉ាងច្បាស់ហើយ ការសិក្សាព្រះបន្ទូលរបស់ព្រះយ៉ាងហ្មត់ចត់ គឺជារាជកិច្ចមួយរបស់ស្តេចអ៊ីស្រាអែលពីបុរាណ។ ព្រះយេស៊ូក៏បានធ្វើតាមគំរូនេះដែរ។ បន្ថែមទៅទៀត ការសិក្សាព្រះបន្ទូលបានទៅជាកាតព្វកិច្ចមួយសំរាប់អស់អ្នកដែលនឹងគ្រប់គ្រងជាស្តេចជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌។ (លូកា ២២:២៨-៣០; រ៉ូម ៨:១៧; ធីម៉ូថេទី២ ២:១២; វិវរណៈ ៥:១០; ២០:៦) រាជប្រពៃណីនេះគឺសំខាន់ដូចគ្នាដែរនៅសព្វថ្ងៃនេះ សំរាប់អស់អ្នកណាដែលចង់ទទួលនូវជីវភាពដ៏ល្អនៅលើផែនដីនេះ នៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ។—ម៉ាថាយ ២៥:៣៤, ៤៦
រាជកិច្ចរបស់ស្តេចនិងកាតព្វកិច្ចរបស់អ្នក
១១. (ក) តើជនគ្រីស្ទានអាចចាប់ផ្ដើមមានទម្លាប់មិនល្អអ្វីស្តីពីការសិក្សា? (ខ) តើយើងគួរសួរខ្លួនសំនួរអ្វីខ្លះ?
១១ ដោយចិត្តស្មោះយើងសូមលើកចំណុចនេះមកបញ្ជាក់ដោយសង្កត់ធ្ងន់ថា ជនគ្រីស្ទានពិតម្នាក់ៗគួរសិក្សាព្រះគម្ពីរដោយផ្ទាល់ខ្លួន។ នេះមិនគ្រាន់តែជាអ្វីដ៏ចាំបាច់ពេលអ្នកទើបតែចាប់សិក្សាព្រះគម្ពីរជាមួយស្មរបន្ទាល់ព្រះយេហូវ៉ាប៉ុណ្ណោះទេ។ យើងម្នាក់ៗគួរតាំងចិត្តមិនធ្វើដូចមនុស្សខ្លះនៅសម័យសាវ័កប៉ុល ដែលលែងព្យាយាមក្នុងការសិក្សាផ្ទាល់ខ្លួន។ ពួកគេបានរៀន«ខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូល» ដូចជា«សេចក្ដីបថមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ»។ ប៉ុន្តែ អ្នកទាំងនោះមិនបានបន្តសិក្សា ដូច្នេះពួកគេមិនបាន«ជឿនទៅមុខ ដរាបដល់ពេញខ្នាត»ឡើយ។ (ហេព្រើរ ៥:១២–៦:៣) ដូច្នេះ យើងក៏អាចសួរខ្លួនយើងថា៖ ‹តើខ្ញុំមានទស្សនៈយ៉ាងណា ចំពោះការសិក្សាព្រះបន្ទូលរបស់ព្រះដោយផ្ទាល់ខ្លួន មិនថាខ្ញុំជាសមាជិកថ្មីនៃក្រុមជំនុំគ្រីស្ទាន ឬក៏ជាសមាជិកអស់រាប់សិបឆ្នាំហើយក៏ដោយ? ប៉ុលបានអធិស្ឋានសុំឲ្យជនគ្រីស្ទាននៅសម័យរបស់គាត់«ស្គាល់ព្រះកាន់តែច្បាស់ឡើង»។ តើខ្ញុំបង្ហាញថាខ្ញុំមានចំណង់ដូចនោះឬទេ?—កូល៉ុស ១:៩, ១០
១២. ហេតុអ្វីបានជាសេចក្ដីស្រឡាញ់ដែលមិនរសាយចំពោះព្រះបន្ទូលរបស់ព្រះគឺសំខាន់ម្ល៉េះ?
១២ កត្ដាដ៏សំខាន់មួយដែលនឹងជួយយើងមានទម្លាប់ល្អខាងការសិក្សានោះ គឺជាការបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះព្រះបន្ទូលរបស់ព្រះ។ ទំនុកដំកើង ១១៩:១៤-១៦ បញ្ជាក់ថា ការរំពឹងគិតជាទៀងទាត់និងដោយមានគោលដៅច្បាស់លាស់អំពីព្រះបន្ទូលរបស់ព្រះ គឺជាវិធីដែលយើងអាចចាប់ផ្ដើមស្រឡាញ់ព្រះបន្ទូលរបស់ព្រះ។ សូមចាំថា នេះជាកត្ដាដ៏សំខាន់ មិនថាអ្នកជាគ្រីស្ទានអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ។ ដើម្បីបញ្ជាក់ចំណុចនេះ សូមគិតអំពីគំរូរបស់ធីម៉ូថេ។ ទោះជាធីម៉ូថេជាអ្នកចាស់ទុំម្នាក់ដែលកំពុងតែបំរើ«ជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទ»ក៏ដោយ តែប៉ុលបានដាស់តឿនធីម៉ូថេឲ្យខំប្រឹង(«ព្យាយាមអស់ពីសមត្ថភាព», ព.ថ.)ក្នុងការ«កាត់ស្រាយព្រះបន្ទូលនៃសេចក្ដីពិតយ៉ាងត្រឹមត្រូវ»។ (ធីម៉ូថេទី២ ២:៣, ១៥; ធីម៉ូថេទី១ ៤:១៥) យ៉ាងច្បាស់ណាស់ ការ«ព្យាយាមអស់ពីសមត្ថភាព»រួមបញ្ចូលទម្លាប់ល្អខាងការសិក្សា។
១៣. (ក) តើអ្នកអាចរកពេលច្រើនជាងសំរាប់ការសិក្សាព្រះគម្ពីរយ៉ាងដូចម្ដេច? (ខ) តើអ្នកផ្ទាល់អាចកែប្រែអ្វីខ្លះដើម្បីមានពេលច្រើនជាងសំរាប់ការសិក្សា?
១៣ ជំហានមួយក្នុងការឈានទៅរកទម្លាប់ល្អខាងការសិក្សា គឺជាការឆ្លៀតពេលជាទៀងទាត់សំរាប់ការសិក្សាព្រះគម្ពីរ។ ក្នុងរឿងនេះ តើអ្នកមានទម្លាប់ដូចម្ដេចដែរ? ទោះបីចម្លើយដ៏ស្មោះរបស់អ្នកគឺយ៉ាងណាក៏ដោយនោះ តើអ្នកគិតថាអ្នកនឹងបានប្រយោជន៍ពីការឆ្លៀតពេលច្រើនជាងសំរាប់ការសិក្សាផ្ទាល់ខ្លួនឬទេ? អ្នកប្រហែលជាឆ្ងល់ថា ‹តើខ្ញុំអាចរកពេលថែមទៀតយ៉ាងដូចម្ដេចបាន?›។ បងប្អូនខ្លះបានរកពេលវេលាបន្ថែមសំរាប់ការសិក្សាព្រះគម្ពីរដោយប្រសិទ្ធិភាព ដោយក្រោកមុនម៉ោងបន្ដិចពេលព្រឹក។ បងប្អូននោះប្រហែលជាអានព្រះគម្ពីរ១៥នាទី ឬក៏ធ្វើការស្រាវជ្រាវផ្ទាល់ខ្លួន។ យោបល់មួយទៀត គឺអ្នកប្រហែលជាអាចកែប្រែកាលវិភាគប្រចាំសប្ដាហ៍របស់អ្នកបន្ដិចបន្តួច។ ជាឧទាហរណ៍ ប្រសិនបើតាមធម្មតាអ្នកមានទម្លាប់អានកាសែត ឬក៏មើលពត៌មានពេលល្ងាចក្នុងទូរទស្សន៍ តើអ្នកអាចផ្អាកការអានឬទស្សនានោះមួយដងក្នុងមួយសប្ដាហ៍បានឬទេ? នៅថ្ងៃនោះ អ្នកអាចប្រើពេលនោះសំរាប់ការសិក្សាព្រះគម្ពីរបន្ថែម។ នៅថ្ងៃមួយ ប្រសិនបើអ្នកយកពេល៣០នាទីដែលអ្នកមើលពត៌មាន និងប្រើពេលនេះសំរាប់ការសិក្សាផ្ទាល់ខ្លួនវិញនោះ អ្នកនឹងបាន២៥ម៉ោងក្នុងមួយឆ្នាំ។ សូមគិតអំពីផលប្រយោជន៍ដែលអ្នកអាចទទួលបន្ថែមពីការអានឬសិក្សាព្រះគម្ពីរ២៥ម៉ោងទៀតនោះ! យោបល់មួយទៀត: រៀងរាល់យប់សប្ដាហ៍ក្រោយ ចូរខំវិភាគមើលសកម្មភាពរបស់អ្នកក្នុងថ្ងៃនោះ។ ចូរមើលថាតើមានអ្វីមួយដែលអ្នកអាចផ្អាកឬក៏បន្ថយ ដើម្បីមានពេលច្រើនជាងសំរាប់ការអានឬសិក្សាព្រះគម្ពីរ?—អេភេសូរ ៥:១៥, ១៦
១៤, ១៥. (ក) ហេតុអ្វីការមានគោលដៅក្នុងការសិក្សាផ្ទាល់ខ្លួនជាអ្វីដ៏សំខាន់? (ខ) តើអ្នកអាចមានគោលដៅអ្វីខ្លះស្តីអំពីការអានព្រះគម្ពីរផ្ទាល់ខ្លួន?
១៤ តើអ្វីនឹងធ្វើឲ្យការសិក្សាស្រួលជាងនិងគួរឲ្យចាប់អារម្មណ៍ជាងសំរាប់ខ្លួនអ្នក? គឺគោលដៅ។ តើអ្នកអាចរៀបចំគោលដៅអ្វីខ្លះដែលអ្នកអាចសម្រេចបានក្នុងការសិក្សានោះ? សំរាប់មនុស្សភាគច្រើន គោលដៅមុនបង្អស់គឺជាការអានព្រះគម្ពីរទាំងមូល។ ទំរាំដល់ពេលនេះ អ្នកប្រហែលជាបានអានផ្នែកផ្សេងៗនៃព្រះគម្ពីរ នឹងបានទទួលផលប្រយោជន៍ពីអំនាននោះ។ តើអ្នកអាចតាំងចិត្តអានព្រះគម្ពីរទាំងមូលបានឬទេ? គោលដៅដំបូងរបស់អ្នកអាចជាការអានសៀវភៅដំណឹងល្អទាំងបួន រួចមក អ្នកអាចអានបទគម្ពីរភាសាក្រិចចប់សំរាប់ជាគោលដៅទីពីរ។ ក្រោយអ្នកបានផលប្រយោជន៍និងការពេញចិត្តពីអំនាននោះហើយ គោលដៅបន្តបន្ទាប់អាចជាការអានសៀវភៅនានារបស់លោកម៉ូសេ និងសៀវភៅប្រវត្ដិសាស្ត្ររហូតដល់សៀវភៅនាងអេសធើរ។ ក្រោយអ្នកបានសម្រេចគោលដៅនោះ អ្នកនឹងឃើញថា អ្នកអាចអានបទគម្ពីរសល់ប៉ុន្មានទៀតចប់បាន។ បងស្រីម្នាក់ដែលបានក្លាយជាគ្រីស្ទានពេលគាត់មានអាយុ៦៥ឆ្នាំ បានសរសេរក្នុងក្របព្រះគម្ពីរនូវថ្ងៃខែដែលគាត់ចាប់ផ្ដើមអានព្រះគម្ពីរនិងថ្ងៃខែដែលគាត់អានព្រះគម្ពីរចប់។ ឥឡូវបងស្រីនេះបានអានព្រះគម្ពីរចប់ប្រាំដងហើយ! (ចោទិយកថា ៣២:៤៥-៤៧) ម្យ៉ាងទៀត ជាជាងអានពីអេក្រង់កុំព្យូទ័រ គាត់អានព្រះគម្ពីរនៅក្នុងដៃតែម្ដង។
១៥ បងប្អូនខ្លះដែលបានសម្រេចគោលដៅអានព្រះគម្ពីរទាំងមូលរួចហើយនោះ ពួកគេធ្វើតាមជំហានផ្សេងទៀត ដែលធ្វើឲ្យការសិក្សារបស់ពួកគេផ្ដល់ប្រយោជន៍និងការពេញចិត្តរឹតតែច្រើន។ វិធីមួយគឺដោយអានពត៌មានខ្លះមុនដែលអានសៀវភៅព្រះគម្ពីរនិមួយៗ។ ក្នុងសៀវភៅចំណងជើងថា៖ គ្រប់ទាំងបទគម្ពីរគឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងក៏មានប្រយោជន៍ និងការយល់ធ្លុះជ្រៅនឹងបទគម្ពីរ អ្នកអាចរកឃើញពត៌មានល្អៗជាច្រើនអំពីស្ថានភាពប្រវត្ដិសាស្ត្រ របៀបសរសេរ និងប្រយោជន៍ដែលអាចត្រូវទទួលពីសៀវភៅនិមួយៗក្នុងព្រះគម្ពីរ។a
១៦. យើងគួរជៀសវាងពីការតាមគំរូមិនល្អអ្វីខ្លះ ស្តីអំពីការសិក្សាព្រះគម្ពីរ?
១៦ ក្នុងកំឡុងពេលសិក្សា កុំសិក្សាដូចជាមនុស្សដែលចាត់ទុកខ្លួនជាបណ្ឌិតព្រះគម្ពីរនោះឡើយ។ អ្នកទាំងនោះផ្ចង់អារម្មណ៍ហួសហេតុទៅលើការវិភាគខគម្ពីរ ដូចជាព្រះគម្ពីរជាគំនិតរបស់មនុស្សជាតិវិញ។ បុគ្គលបែបនេះខំរកទីសំអាងដែលបញ្ជាក់ថា សៀវភៅនិមួយៗត្រូវសរសេរសំរាប់មនុស្សមួយក្រុមជាក់លាក់ប៉ុណ្ណោះ ព្រមទាំងខំប្រឌិតឡើងដោយមានគោលបំណងនិងទស្សនៈដែលពួកគេអះអាងថា ជារបស់អ្នកសរសេរសៀវភៅព្រះគម្ពីរនោះ។ លទ្ធផលពីគំនិតបែបនេះគឺជាការចាត់ទុកសៀវភៅនិមួយៗក្នុងព្រះគម្ពីរជាប្រវត្ដិសាស្ត្រប៉ុណ្ណោះ ឬក៏ជាកំណត់ហេតុដែលបញ្ជាក់ការវិវឌ្ឍន៍នៃសាសនា។ បណ្ឌិតឯទៀតជក់ស្លុងនឹងការសិក្សាស្រាវជ្រាវពាក្យ ដូចជាពត៌មានល្អិតល្អន់អំពីភាសាផ្សេងៗដែលប្រើក្នុងព្រះគម្ពីរ។ អ្នកទាំងនោះចាប់អារម្មណ៍ទៅលើកំណើតពាក្យ និងអត្ថន័យពាក្យពេចន៍ភាសាហេព្រើរនិងភាសាក្រិច ជាជាងចាប់អារម្មណ៍ទៅលើខ្លឹមសារនៃព្រះបន្ទូលរបស់ព្រះ។ តើអ្នកគិតថា ការសិក្សាដោយមានទស្សនៈបែបនេះនឹងបណ្ដាលឲ្យមានជំនឿមុតមាំហើយជំរុញទឹកចិត្តយើងឬទេ?—ថែស្សាឡូនីចទី១ ២:១៣
១៧. ហេតុអ្វីយើងគួរចាត់ទុកព្រះគម្ពីរជាសៀវភៅដែលមានសារប្រយោជន៍សំរាប់មនុស្សគ្រប់រូប?
១៧ តើទស្សនៈរបស់បណ្ឌិតទាំងនេះពិតជាអាចយកជាការបានឬ? តើសៀវភៅនិមួយៗក្នុងព្រះគម្ពីរពិតជាមានចំណុចសំខាន់តែមួយគត់ឬ? តើសៀវភៅនិមួយៗពិតជាបានត្រូវសរសេរសំរាប់មនុស្សតែមួយក្រុមប៉ុណ្ណោះឬ?។ (កូរិនថូសទី១ ១:១៩-២១) ការពិត ព្រះបន្ទូលរបស់ព្រះមានតម្លៃជានិច្ចសំរាប់មនុស្សគ្រប់វ័យគ្រប់វប្បធម៌។ ទោះបើនៅដើមដំបូង សៀវភៅមួយបានត្រូវសរសេរទៅកាន់មនុស្សតែម្នាក់ ដូចជាធីម៉ូថេឬក៏ទីតុស ឬមនុស្សមួយក្រុមដូចជាពលរដ្ឋកាឡាទីឬក៏ភីលីពក៏ដោយនោះ តែយើងទាំងអស់គ្នាអាចសិក្សានិងគួរសិក្សាសៀវភៅទាំងនេះដែរ។ សៀវភៅទាំងនេះគឺសំខាន់សំរាប់យើងម្នាក់ៗ ហើយសៀវភៅនិមួយៗអាចបញ្ជាក់ប្រធានផ្សេងៗជាច្រើន និងមានប្រយោជន៍សំរាប់មនុស្សជាច្រើនផងដែរ។ ពិតណាស់ សារព្រះគម្ពីរមានតម្លៃជាសកល និងជួយយើងយល់នូវមូលហេតុដែលព្រះគម្ពីរបានត្រូវបកប្រែជាភាសារបស់មនុស្សទូទាំងផែនដី។—រ៉ូម ១៥:៤
ផលប្រយោជន៍សំរាប់អ្នកនិងអ្នកឯទៀត
១៨. ពេលដែលអ្នកអានព្រះបន្ទូលរបស់ព្រះ តើអ្នកគួរជញ្ជឹងគិតអំពីសំនួរអ្វី?
១៨ ពេលដែលអ្នកសិក្សា អ្នកនឹងបានផលប្រយោជន៍ជាច្រើនពីការស្វែងយល់អំពីព្រះគម្ពីរ និងរបៀបពត៌មានល្អិតល្អន់ក្នុងព្រះគម្ពីរជាប់ទាក់ទងគ្នានោះ។ (សុភាសិត ២:៣-៥; ៤:៧) អ្វីដែលព្រះយេហូវ៉ាបានបើកសម្ដែងតាមរយៈព្រះបន្ទូលរបស់ទ្រង់ជាប់ទាក់ទងនឹងគោលបំណងរបស់ទ្រង់។ ដូច្នេះ ពេលអ្នកអាន ចូររករបៀបដែលពត៌មាននិងឱវាទក្នុងព្រះគម្ពីរទាក់ទងនឹងគោលបំណងនោះ។ អ្នកប្រហែលជាអាចពិចារណារបៀបដែលហេតុការណ៍មួយ មតិមួយ ឬក៏ទំនាយមួយទាក់ទងនឹងគោលបំណងរបស់ព្រះយេហូវ៉ា។ ចូរសួរខ្លួនថា៖ ‹តើនេះបញ្ជាក់អ្វីខ្លះអំពីព្រះយេហូវ៉ា? តើនេះទាក់ទងយ៉ាងដូចម្ដេចនឹងការសម្រេចនៃគោលបំណងរបស់ព្រះ តាមរយៈព្រះរាជាណាចក្ររបស់ទ្រង់?›។ អ្នកក៏អាចជញ្ជឹងគិតអំពីសំនួរថា៖ ‹តើខ្ញុំអាចប្រើពត៌មាននេះយ៉ាងដូចម្ដេច? តើខ្ញុំអាចប្រើពត៌មាននេះ ដើម្បីបង្រៀនឬក៏ជូនឱវាទដោយប្រើព្រះគម្ពីរជាមូលដ្ឋាននោះបានទេ?›។—យ៉ូស្វេ ១:៨
១៩. តើអ្នកណាខ្លះទទួលប្រយោជន៍ពេលអ្នករៀបរាប់អ្វីដែលអ្នកបានរៀននោះ? សូមពន្យល់។
១៩ ការគិតអំពីអ្នកឯទៀតមានប្រយោជន៍ម្យ៉ាងដែរ។ ពេលដែលអ្នកអាននិងសិក្សាព្រះគម្ពីរនោះ អ្នកនឹងរៀនចំណុចថ្មីៗ និងបានការយល់ធ្លុះជ្រៅថែមទៀត។ ចូរខិតខំប្រើពត៌មាននេះក្នុងការសន្ទនា ដើម្បីលើកទឹកចិត្តសមាជិកក្រុមគ្រួសារឬក៏អ្នកឯទៀត។ ប្រសិនបើអ្នកធ្វើដូច្នេះនៅពេលសមរម្យ និងតាមរបៀបសុភាពនោះ ការពិគ្រោះទាំងនេះនឹងនាំមកនូវផលប្រយោជន៍។ ការរៀបរាប់ដោយស្មោះអំពីអ្វីដែលអ្នកបានរៀន ឬក៏ពត៌មានដែលអ្នកបានចាត់ទុកថាគួរឲ្យចាប់អារម្មណ៍នោះ ទំនងជានឹងធ្វើឲ្យអ្នកឯទៀតចាប់អារម្មណ៍ជាងដែរ។ ម្យ៉ាងទៀត អ្នកនឹងទទួលផលប្រយោជន៍ផ្ទាល់ខ្លួនដែរ។ តើតាមរបៀបណា? អ្នកជំនាញបានកត់សម្គាល់ថា បុគ្គលម្នាក់អាចចងចាំយូរជាងនូវអ្វីដែលខ្លួនបានរៀន ប្រសិនបើគាត់ប្រើឬក៏ប្រាប់អ្នកដទៃក្រោយគាត់ទើបតែរៀនពត៌មាននោះ។b
២០. ហេតុអ្វីការអានព្រះគម្ពីរម្ដងហើយម្ដងទៀតមានប្រយោជន៍នោះ?
២០ ជារៀងរាល់ដងដែលអ្នកអានសៀវភៅនិមួយៗក្នុងព្រះគម្ពីរ អ្នកច្បាស់ជានឹងរៀនអ្វីដ៏ថ្មី។ ខគម្ពីរខ្លះដែលមិនសូវធ្វើឲ្យអ្នកចាប់អារម្មណ៍ពីមុននឹងលេចធ្លោវិញ គឺនឹងធ្វើឲ្យអ្នកចាប់អារម្មណ៍ច្រើនជាង។ អ្នកនឹងយល់ខគម្ពីរទាំងនោះបានច្បាស់ជាងមុន។ នេះគួរបញ្ជាក់ចំណុចថា ព្រះគម្ពីរមិនមែនជាអក្សរសាស្ត្ររបស់មនុស្សជាតិឡើយ តែគឺប្រៀបដូចជារតនៈសម្បត្ដិដែលគួរគប្បីឲ្យអ្នកអាន សិក្សាម្ដងហើយម្ដងទៀត និងដែលផ្ដល់ប្រយោជន៍ដល់អ្នក។ សូមចាំថា ស្តេចមួយអង្គ ដូចជាស្តេចដាវីឌជាដើម ក៏ត្រូវ«មើលរាល់តែថ្ងៃជានិច្ច»ដែរ។
២១. តើអ្នកអាចបានប្រយោជន៍អ្វីពីការសិក្សាព្រះបន្ទូលរបស់ព្រះឲ្យបានច្រើនជាង?
២១ ពិតមែនហើយ អស់អ្នកដែលឆ្លៀតពេលដើម្បីសិក្សាស៊ីជម្រៅក្នុងព្រះគម្ពីរ ពួកគេទទួលផលប្រយោជន៍ជាអនេក។ អ្នកទាំងនោះទទួលពត៌មានដែលមានតម្លៃខាងវិញ្ញាណដ៏លើសលប់ ថែមទាំងមានការយល់ធ្លុះជ្រៅទៀតផង។ ទំនាក់ទំនងរបស់អ្នកនោះជាមួយព្រះទៅជាខ្លាំងជាង និងជិតស្និទ្ធជាងផងដែរ។ ពួកអ្នកដែលសិក្សាបែបនេះមានតម្លៃណាស់ចំពោះក្រុមគ្រួសារ បងប្អូនប្រុសស្រីក្នុងក្រុមជំនុំគ្រីស្ទាន និងចំពោះអស់អ្នកដែលមិនទាន់ក្លាយជាអ្នកថ្វាយបង្គំព្រះយេហូវ៉ាដែរ។—រ៉ូម ១០:៩-១៤; ធីម៉ូថេទី១ ៤:១៦
[កំណត់សម្គាល់]
a សៀវភៅទាំងនេះដែលជួយយើងសិក្សាព្រះគម្ពីរត្រូវបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ានិងមិនទាន់មានគ្រប់ភាសានៅឡើយទេ។
b សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៩៣ ទំព័រ១៣-១៤ (ជាភាសាអង់គ្លេស)
តើអ្នកចាំទេ?
• តើស្តេចនៃសាសន៍អ៊ីស្រាអែលត្រូវធ្វើអ្វី?
• តើព្រះយេស៊ូនិងសាវ័ករបស់ទ្រង់បានទុកគំរូអ្វី ស្តីអំពីការសិក្សាព្រះគម្ពីរ?
• តើអ្នកអាចកែប្រែយ៉ាងណាខ្លះ ដើម្បីបង្កើនពេលដែលអ្នកចំណាយក្នុងការសិក្សាផ្ទាល់ខ្លួន?
• តើអ្នកគួរមានទស្សនៈយ៉ាងណាចំពោះការសិក្សាព្រះបន្ទូលរបស់ព្រះ?
[ប្រអប់នៅទំព័រ២៣]
«នៅក្នុងដៃរបស់យើង»
«បើយើងចង់បាន . . . លិបិក្រមមួយអំពីព្រះគម្ពីរ នោះប្រព័ន្ធអ៊ិនថឺណិតគឺជាមធ្យោបាយល្អបំផុត។ ប៉ុន្តែ ប្រសិនបើយើងចង់អាន សិក្សា រំពឹងគិត និងជញ្ជឹងគិតអំពីព្រះគម្ពីរ យើងគួរមានព្រះគម្ពីរនៅក្នុងដៃ ដ្បិតនេះជាវិធីតែមួយគត់ដែលពត៌មាននោះអាចជ្រួតជ្រាបចូលទៅក្នុងចិត្តនិងគំនិតរបស់ខ្ញុំ»។—អ្នកគ្រូហ៊្គែទ្រូដ ហិមិលហ្វាប ជាអតីតសាស្ដ្រាចារ្យដ៏ឆ្នើមនៅសកលវិទ្យាល័យស៊ីដធី រដ្ឋញូវយ៉ក