ជំពូកទី៧១
ពួកផារិស៊ីជជែកតវ៉ានឹងបុរសដែលធ្លាប់ងងឹតភ្នែក
ពួកផារិស៊ីជជែកតវ៉ានឹងបុរសដែលធ្លាប់ងងឹតភ្នែក
ពួកអ្នកដឹកនាំសាសនាគឺជាអ្នកដែល«ងងឹតភ្នែក»
ពួកផារិស៊ីមិនព្រមជឿថាលោកយេស៊ូបានធ្វើឲ្យបុរសដែលងងឹតភ្នែកពីកំណើតមើលឃើញឡើយ ដូច្នេះពួកគេហៅឪពុកម្ដាយបុរសនោះមកសួរ។ ឪពុកម្ដាយបុរសនោះដឹងថា ពួកគាត់អាចត្រូវគេ«បណ្ដេញចោលពីសាលាប្រជុំ»។ (យ៉ូហាន ៩:២២) ជាទូទៅ បើបុគ្គលម្នាក់បានត្រូវបណ្ដេញចោលពីសាលាប្រជុំ ឬបានត្រូវបណ្ដាច់មិត្តភាពពីជនជាតិយូដាឯទៀត បុគ្គលនោះនឹងអាម៉ាស់មុខ ហើយនឹងមានបញ្ហាខាងជីវភាពគ្រួសារ។
ពួកផារិស៊ីសួរឪពុកម្ដាយបុរសនោះនូវសំណួរពីរដែលថា៖ «តើនេះជាកូនប្រុសរបស់អ្នក ដែលអ្នកនិយាយថាបានងងឹតភ្នែកពីកំណើតឬ? បើដូច្នេះ ហេតុអ្វីឥឡូវនេះគាត់អាចមើលឃើញ?»។ ឪពុកម្ដាយបុរសនោះឆ្លើយថា៖ «យើងដឹងថានេះជាកូនប្រុសរបស់យើង ហើយក៏ដឹងថាគាត់ងងឹតភ្នែកពីកំណើត។ ប៉ុន្តែយើងមិនដឹងនូវមូលហេតុដែលគាត់អាចមើលឃើញឥឡូវនេះទេ ហើយក៏មិនដឹងថាអ្នកណាបានធ្វើឲ្យភ្នែកគាត់ភ្លឺដូច្នេះដែរ»។ ទោះជាកូនប្រុសរបស់ពួកគាត់ទំនងជាបានប្រាប់ពួកគាត់អំពីរឿងនោះក៏ដោយ ក៏ពួកគាត់ឆ្លើយដោយប្រុងប្រយ័ត្នថា៖ «សូមសួរគាត់។ គាត់មានអាយុពេញវ័យតាមច្បាប់ហើយ។ គាត់ត្រូវនិយាយដោយខ្លួនគាត់»។—យ៉ូហាន ៩:១៩-២១
ដូច្នេះ ពួកផារិស៊ីក៏ហៅបុរសនោះមកវិញ ហើយគំរាមគាត់ដោយអះអាងថាពួកគេមានភ័ស្តុតាងដើម្បីចោទប្រកាន់លោកយេស៊ូ។ ពួកគេបង្គាប់បុរសនោះថា៖ «ចូរលើកតម្កើងព្រះ។ យើងដឹងថាបុរសនេះជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង»។ ពេលឮដូច្នោះ បុរសដែលធ្លាប់ងងឹតភ្នែកនោះមិនបានបដិសេធនឹងការចោទប្រកាន់របស់ពួកគេទេ តែគាត់និយាយថា៖ «ខ្ញុំមិនដឹងថាបុរសនេះជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឬក៏មិនមែនជាអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឡើយ។ ប៉ុន្តែអ្វីដែលខ្ញុំដឹង គឺថា ពីមុនខ្ញុំងងឹតភ្នែក តែឥឡូវខ្ញុំអាចមើលឃើញ»។—យ៉ូហាន ៩:២៤, ២៥
ពួកផារិស៊ីមិនព្រមឈប់ជជែកតវ៉ាអំពីរឿងនោះទេ ដូច្នេះពួកគេបន្តសួរបុរសនោះថា៖ «តើគាត់បានធ្វើអ្វីដល់អ្នក? តើគាត់បានធ្វើឲ្យភ្នែករបស់អ្នកភ្លឺយ៉ាងដូចម្ដេច?»។ បុរសនោះឆ្លើយតបដោយក្លាហានថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ តែអ្នកមិនបានស្ដាប់ទេ។ ហេតុអ្វីអ្នកចង់ឮរឿងនោះម្ដងទៀត? តើអ្នករាល់គ្នាចង់ទៅជាអ្នកកាន់តាមរបស់គាត់ដែរឬ?»។ ពេលឮដូច្នេះ ពួកផារិស៊ីខឹងយ៉ាងខ្លាំង ហើយចោទបុរសនោះថា៖ «អ្នកឯងជាអ្នកកាន់តាមបុរសនោះ តែយើងជាអ្នកកាន់តាមម៉ូសេ។ យើងដឹងថាព្រះបានមានប្រសាសន៍នឹងម៉ូសេ ប៉ុន្តែយើងមិនដឹងថាបុរសនោះមកពីណាទេ»។—យ៉ូហាន ៩:២៦-២៩
សម្ដីរបស់ពួកផារិស៊ីបានធ្វើឲ្យបុរសសុំទាននោះហួសចិត្ត ហើយគាត់និយាយថា៖ «គួរឲ្យអស្ចារ្យណាស់! ដែលអ្នករាល់គ្នាមិនដឹងថាគាត់មកពីណា តែគាត់បានធ្វើឲ្យខ្ញុំអាចមើលឃើញ»។ រួចមក បុរសនោះបានវែកញែកដោយសមហេតុសមផលអំពីមនុស្សដែលព្រះពេញចិត្តស្ដាប់សេចក្ដីអធិដ្ឋាន។ គាត់និយាយថា៖ «យើងដឹងថាព្រះមិនស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកដែលប្រព្រឹត្តអំពើខុសឆ្គងឡើយ ប៉ុន្តែបើមានអ្នកណាកោតខ្លាចព្រះ ហើយធ្វើតាមបំណងប្រាថ្នារបស់ព្រះ នោះលោកស្ដាប់អ្នកនោះ។ តាំងពីបុរាណកាលមក យើងមិនដែលឮថាមានអ្នកណាធ្វើឲ្យមនុស្សងងឹតភ្នែកពីកំណើតមើលឃើញឡើយ»។ បន្ទាប់មក គាត់សរុបសេចក្ដីថា៖ «ប្រសិនបើបុរសនោះមិនមកពីព្រះទេ គាត់មិនអាចធ្វើអ្វីទាល់តែសោះ»។—យ៉ូហាន ៩:៣០-៣៣
ពួកផារិស៊ីមិនអាចបដិសេធការវែកញែកដ៏សមហេតុសមផលរបស់បុរសសុំទាននោះឡើយ។ ដូច្នេះ ពួកគេប្រមាថមើលងាយគាត់ថា៖ «អ្នកឯងបានកើតមកក្នុងភាពខុសឆ្គងសុទ្ធសាធ តើអ្នកឯងហ៊ានបង្រៀនយើងផងឬ?»។ រួចពួកគេក៏បណ្ដេញគាត់ចេញ។—យ៉ូហាន ៩:៣៤
លោកយេស៊ូឮថាពួកគេបានបណ្ដេញបុរសនោះចេញ ដូច្នេះពេលដែលលោកជួបគាត់ លោកមានប្រសាសន៍ទៅគាត់ថា៖ «តើអ្នកមានជំនឿលើកូនមនុស្សទេ?»។ បុរសដែលលោកបានធ្វើឲ្យជានោះឆ្លើយថា៖ «តើលោកនោះជាអ្នកណា? សូមប្រាប់ខ្ញុំ ដើម្បីខ្ញុំអាចជឿលើលោកនោះ»។ លោកយេស៊ូមានប្រសាសន៍ទៅគាត់ដោយត្រង់ថា៖ «អ្នកបានឃើញលោកហើយ ម្យ៉ាងទៀត អ្នកដែលកំពុងនិយាយជាមួយនឹងអ្នក គឺជាលោកនោះ»។—យ៉ូហាន ៩:៣៥-៣៧
បុរសនោះឆ្លើយថា៖ «លោកម្ចាស់ ខ្ញុំជឿលើលោកហើយ»។ រួចបុរសនោះបង្ហាញការគោរពនិងជំនឿទៅលើលោកយេស៊ូ ដោយលំឱនកាយនៅមុខលោក។ បន្ទាប់មក លោកយេស៊ូមានប្រសាសន៍ដែលមានន័យជ្រាលជ្រៅថា៖ «ខ្ញុំបានចូលមកក្នុងពិភពលោកនេះដើម្បីផ្ដល់មូលដ្ឋានសម្រាប់ការវិនិច្ឆ័យនេះ ពោលគឺដើម្បីឲ្យអស់អ្នកដែលមើលមិនឃើញ អាចមើលឃើញបាន ហើយអស់អ្នកដែលមើលឃើញ ទៅជាងងឹតភ្នែកវិញ»។—យ៉ូហាន ៩:៣៨, ៣៩
ដំណាលគ្នានោះ ពួកផារិស៊ីក៏នៅទីនោះដែរ ហើយពួកគេដឹងថាពួកគេមិនងងឹតភ្នែកក្នុងន័យត្រង់ទេ។ បើដូច្នេះ តើពួកគេងងឹតភ្នែកខាងការបង្រៀនបណ្ដាជនអំពីព្រះឬ? ហេតុនេះ ពួកគេនិយាយការពារខ្លួនថា៖ «តើយើងងងឹតភ្នែកដែរឬ?»។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ប្រសិនបើអ្នករាល់គ្នាងងឹតភ្នែក អ្នករាល់គ្នានឹងគ្មានភាពខុសឆ្គងឡើយ។ ប៉ុន្តែ ដោយសារអ្នករាល់គ្នានិយាយថា៖ ‹យើងមើលឃើញ› នោះអ្នករាល់គ្នានៅមានភាពខុសឆ្គងនៅឡើយ»។ (យ៉ូហាន ៩:៤០, ៤១) បើពួកគេមិនមែនជាគ្រូបង្រៀនខាងសាសនារបស់ជនជាតិអ៊ីស្រាអែលទេ យើងអាចយល់អំពីមូលហេតុដែលពួកគេបដិសេធលោកយេស៊ូថាជាមេស្ស៊ី។ ប៉ុន្តែ ដោយសារពួកគេជាអ្នកបង្រៀនខាងសាសនា ហើយស្គាល់ច្បាប់ម៉ូសេ នោះពួកគេមានទោសធ្ងន់ណាស់ដែលបដិសេធលោកយេស៊ូថាជាមេស្ស៊ី។