មេរៀនទី២៩
តើមានអ្វីកើតឡើងពេលមនុស្សស្លាប់ទៅ?
តើអ្នកធ្លាប់មានមនុស្សជាទីស្រឡាញ់ស្លាប់ទេ? បើអ្នកធ្លាប់មាន នៅក្នុងពេលដ៏ឈឺចាប់នោះ អ្នកប្រហែលជាឆ្ងល់ថា ‹តើមានអ្វីកើតឡើងពេលមនុស្សស្លាប់ទៅ? តើយើងមានសង្ឃឹមថានឹងជួបមនុស្សជាទីស្រឡាញ់របស់យើងម្ដងទៀតទេ?›។ ក្នុងមេរៀននេះនិងមេរៀនបន្ទាប់ សូមពិចារណាចម្លើយពីគម្ពីរដែលសម្រាលទុក្ខយើង។
១. តើមនុស្សស្លាប់ស្ថិតក្នុងស្ថានភាពបែបណា?
លោកយេស៊ូបានប្រដូចសេចក្ដីស្លាប់ទៅនឹងការដេកលក់ស៊ប់។ ធម្មតាមនុស្សដែលដេកលក់ស៊ប់ មិនដឹងអ្វីដែលកើតឡើងនៅជុំវិញគាត់ទេ។ តើសេចក្ដីស្លាប់ស្រដៀងនឹងការដេកលក់យ៉ាងដូចម្ដេច? ពេលមនុស្សស្លាប់ទៅ គាត់មិនមានអារម្មណ៍ឈឺចាប់អ្វីទេ ហើយក៏មិនឯកោដែរ ទោះជាគាត់ព្រាត់ពីមិត្តភក្ដិនិងក្រុមគ្រួសារជាទីស្រឡាញ់ក៏ដោយ។ គម្ពីរចែងថា៖ «មនុស្សស្លាប់មិនដឹងអ្វីទាល់តែសោះ»។—សូមអាន អ្នកទូន្មាន ៩:៥
២. ពេលដឹងការពិតអំពីសេចក្ដីស្លាប់ តើនេះជួយយើងយ៉ាងណា?
មនុស្សជាច្រើនខ្លាចស្លាប់ ហើយថែមទាំងខ្លាចមនុស្សស្លាប់ទៀតផង! ប៉ុន្តែ អ្នកអាចទទួលការសម្រាលទុក្ខពីអ្វីដែលគម្ពីរប្រាប់អំពីសេចក្ដីស្លាប់។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «សេចក្ដីពិតនោះនឹងរំដោះអ្នករាល់គ្នាឲ្យមានសេរីភាព»។ (យ៉ូហាន ៨:៣២) ផ្ទុយពីអ្វីដែលសាសនាខ្លះបានអះអាង គម្ពីរមិនបានបង្រៀនថាមនុស្សមានព្រលឹងអមតៈដែលបន្តរស់ក្រោយពីស្លាប់ទេ។ ដូច្នេះ ក្រោយពីមនុស្សស្លាប់ទៅ គាត់មិនរងទុក្ខឡើយ។ ម្យ៉ាងទៀត ដោយសារមនុស្សស្លាប់មិនដឹងអ្វីទាល់តែសោះ នោះពួកគេមិនអាចធ្វើបាបយើងទេ។ ហេតុនេះ យើងមិនចាំបាច់ផ្គាប់ចិត្តឬគោរពបូជាដល់មនុស្សស្លាប់ឡើយ ហើយយើងក៏មិនចាំបាច់បួងសួងឲ្យពួកគេដែរ។
មនុស្សខ្លះនិយាយថាពួកគេអាចប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សស្លាប់បាន។ ប៉ុន្តែ នេះមិនអាចទៅរួចទេ។ ដូចដែលយើងបានរៀន មនុស្សស្លាប់«មិនដឹងអ្វីទាល់តែសោះ»។ អស់អ្នកដែលគិតថាខ្លួនកំពុងប្រាស្រ័យទាក់ទងនឹងមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ តាមពិតពួកគេប្រហែលជាកំពុងប្រាស្រ័យទាក់ទងនឹងពួកវិញ្ញាណកំណាចដែលធ្វើពុតជាមនុស្សដែលបានស្លាប់នោះ។ ក៏ប៉ុន្តែ ពេលយើងដឹងការពិតអំពីសេចក្ដីស្លាប់ យើងនឹងមិនធ្វើដូច្នេះទេ។ នោះជួយការពារយើងពីពួកវិញ្ញាណកំណាច។ ព្រះយេហូវ៉ាព្រមានយើងអំពីការខំព្យាយាមទាក់ទងនឹងមនុស្សស្លាប់ ដោយសារលោកដឹងថាការទាក់ទងពួកវិញ្ញាណកំណាចនឹងបង្កគ្រោះថ្នាក់ដល់យើង។—សូមអាន ការបំភ្លឺច្បាប់ ១៨:១០-១២
បង្កើនចំណេះ
សូមរៀនថែមទៀតអំពីអ្វីដែលគម្ពីរបង្រៀនអំពីសេចក្ដីស្លាប់ ហើយក៏រៀនដែរអំពីអ្វីដែលពង្រឹងជំនឿរបស់អ្នកថា ព្រះដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់មិនធ្វើទារុណកម្មអស់អ្នកដែលបានស្លាប់ទេ។
៣. រៀនអំពីស្ថានភាពពិតរបស់មនុស្សស្លាប់
មនុស្សនៅជុំវិញពិភពលោកមានជំនឿខុសៗគ្នាអំពីស្ថានភាពមនុស្សស្លាប់។ ប៉ុន្តែ អ្វីដែលពួកគេជឿមិនមែនសុទ្ធតែត្រឹមត្រូវទេ។
នៅតំបន់របស់អ្នក តើមនុស្សទូទៅជឿយ៉ាងណាអំពីស្ថានភាពមនុស្សស្លាប់?
ដើម្បីមើលអ្វីដែលគម្ពីរបង្រៀន សូមលេងវីដេអូ។
សូមអាន អ្នកទូន្មាន ៣:២០ រួចពិភាក្សាសំណួរដូចតទៅ៖
យោងតាមខគម្ពីរនេះ តើមនុស្សស្លាប់ស្ថិតក្នុងស្ថានភាពបែបណា?
តើមានព្រលឹងឬអ្វីផ្សេងទៀតបន្តរស់ ក្រោយពីមនុស្សស្លាប់ឬទេ?
គម្ពីរប្រាប់អំពីការស្លាប់របស់ឡាសាដែលជាមិត្តជិតស្និទ្ធរបស់លោកយេស៊ូ។ ពេលអ្នកអានយ៉ូហាន ១១:១១-១៤ សូមកត់សម្គាល់អ្វីដែលលោកយេស៊ូបានមានប្រសាសន៍អំពីការស្លាប់របស់ឡាសា។ រួចពិភាក្សាសំណួរដូចតទៅ៖
តើលោកយេស៊ូបានប្រៀបប្រដូចសេចក្ដីស្លាប់ទៅនឹងអ្វី?
តើការប្រៀបប្រដូចនេះប្រាប់យើងយ៉ាងណាអំពីស្ថានភាពមនុស្សស្លាប់?
តើអ្នកគិតថាអ្វីដែលគម្ពីរចែងអំពីសេចក្ដីស្លាប់ គឺសមហេតុសមផលឬទេ?
៤. ការពិតអំពីសេចក្ដីស្លាប់ផ្ដល់ប្រយោជន៍ដល់យើង
ពេលយើងដឹងការពិតអំពីសេចក្ដីស្លាប់ នោះជួយយើងមិនឲ្យខ្លាចមនុស្សស្លាប់។ សូមអាន អ្នកទូន្មាន ៩:១០ រួចពិភាក្សាសំណួរនេះ៖
តើមនុស្សស្លាប់អាចធ្វើបាបយើងទេ?
សេចក្ដីពិតក្នុងគម្ពីរជួយការពារយើងពីជំនឿមិនពិតដែលថា យើងត្រូវផ្គាប់ចិត្តឬគោរពបូជាដល់មនុស្សស្លាប់។ សូមអាន អេសាយ ៨:១៩ និងការបើកបង្ហាញ ៤:១១ រួចពិភាក្សាសំណួរនេះ៖
តើអ្នកគិតថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះមនុស្សដែលគោរពបូជាមនុស្សស្លាប់ឬស្វែងរកជំនួយពីពួកគេ?
៥. ការពិតអំពីសេចក្ដីស្លាប់សម្រាលទុក្ខយើង
មនុស្សជាច្រើនជឿថា បើពួកគេធ្វើអាក្រក់ នោះពេលស្លាប់ទៅ ពួកគេនឹងរងទុក្ខវេទនា។ ប៉ុន្តែ យើងពិតជាទទួលការសម្រាលទុក្ខមែន ពេលដឹងថាគ្មានអ្នកណាម្នាក់រងទុក្ខវេទនាក្រោយពីស្លាប់ ទោះជាមនុស្សដែលស្លាប់ធ្លាប់ប្រព្រឹត្តអំពើអាក្រក់ខ្លាំងយ៉ាងណាក៏ដោយ។ សូមអាន រ៉ូម ៦:៧ រួចពិភាក្សាសំណួរនេះ៖
គម្ពីរប្រាប់ថាពេលអ្នកណាម្នាក់ស្លាប់ ព្រះលែងចាត់ទុកអ្នកនោះថាមានកំហុសទៀត។ ដូច្នេះ តើអ្នកគិតថាមនុស្សស្លាប់កំពុងរងទុក្ខវេទនាដោយសារកំហុសពីមុនរបស់ខ្លួនឬទេ?
ពេលយើងស្គាល់ព្រះយេហូវ៉ាកាន់តែច្បាស់ នោះយើងកាន់តែជឿជាក់ថា លោកគ្មានថ្ងៃធ្វើទារុណកម្មមនុស្សស្លាប់ឡើយ។ សូមអាន ការបំភ្លឺច្បាប់ ៣២:៤ និងយ៉ូហានទី១ ៤:៨ រួចពិភាក្សាសំណួរដូចតទៅ៖
ខគម្ពីរទាំងនេះបានលើកឡើងអំពីគុណសម្បត្តិជាច្រើនរបស់ព្រះ តើព្រះដែលមានគុណសម្បត្តិទាំងនេះអាចធ្វើទារុណកម្មមនុស្សស្លាប់ឬទេ?
ពេលដឹងការពិតអំពីសេចក្ដីស្លាប់ តើនេះសម្រាលទុក្ខអ្នកទេ? ហេតុអ្វី?
មនុស្សខ្លះនិយាយថា៖ «ខ្ញុំខ្លាចថា ពេលខ្ញុំស្លាប់ទៅ ខ្ញុំនឹងរងទុក្ខវេទនា»។
ក្នុងករណីនេះ តើអ្នកចង់ប្រាប់ខគម្ពីរមួយណា?
សេចក្ដីសង្ខេប
ពេលអ្នកណាម្នាក់ស្លាប់ គាត់លែងដឹងអ្វីទាំងអស់។ មនុស្សស្លាប់មិនរងទុក្ខវេទនា ហើយក៏មិនអាចធ្វើបាបមនុស្សដែលនៅរស់ដែរ។
រៀនសាឡើងវិញ
តើមានអ្វីកើតឡើងពេលមនុស្សស្លាប់ទៅ?
ពេលយើងដឹងការពិតអំពីសេចក្ដីស្លាប់ តើនោះផ្ដល់ប្រយោជន៍អ្វីខ្លះដល់យើង?
ពេលយើងដឹងការពិតអំពីសេចក្ដីស្លាប់ ហេតុអ្វីនោះសម្រាលទុក្ខយើង?
ស្វែងយល់ថែមទៀត
សូមស្វែងយល់ថា តើព្រះប្រើស្ថាននរកដើម្បីដាក់ទោសមនុស្សអាក្រក់ឬទេ?
តើយើងចាំបាច់ខ្លាចមនុស្សស្លាប់ឬទេ?
សូមពិចារណាអំពីរបៀបដែលបុរសម្នាក់បានទទួលការសម្រាលទុក្ខ ពេលគាត់បានរៀនសេចក្ដីពិតអំពីស្ថានភាពមនុស្សស្លាប់។