ជំពូកទី៩០
«ការរស់ឡើងវិញនិងជីវិត»
លោកយេស៊ូមកដល់ក្រោយពីឡាសាបានស្លាប់
«ការរស់ឡើងវិញនិងជីវិត»
ក្រោយពីធ្វើដំណើរពីតំបន់ភេរៀ ឥឡូវលោកយេស៊ូបានមកដល់ជាយភូមិបេថានី ដែលមានចម្ងាយប្រមាណបីគីឡូម៉ែត្រខាងកើតក្រុងយេរូសាឡិម។ ម៉ារៀនិងម៉ាថាដែលជាបងស្រីរបស់ឡាសាកំពុងកើតទុក្ខដោយសារឡាសាបានស្លាប់។ មនុស្សជាច្រើនបានមកដើម្បីសម្រាលទុក្ខពួកគាត់។
បន្ទាប់មក ពេលដែលម៉ាថាឮថាលោកយេស៊ូកំពុងមក នាងក៏ប្រញាប់ចេញទៅជួបលោក។ ម៉ាថាប្រាប់លោកយេស៊ូនូវអ្វីដែលនាងនិងប្អូនស្រីនាងទំនងជាបានគិតអស់បួនថ្ងៃមកហើយ ដោយជម្រាបលោកថា៖ «លោកម្ចាស់ ប្រសិនបើលោកបាននៅទីនេះ ប្អូនប្រុសរបស់ខ្ញុំមិនបានស្លាប់ទេ»។ ប៉ុន្តែ នេះមិនមានន័យថានាងគ្មានសេចក្ដីសង្ឃឹមនោះទេ ពីព្រោះនាងនិយាយបន្តទៀតថា៖ «ខ្ញុំដឹងថាអ្វីក៏ដោយដែលលោកសុំពីព្រះ នោះព្រះនឹងឲ្យដល់លោក»។ (យ៉ូហាន ១១:២១, ២២) នាងដឹងថាលោកយេស៊ូនៅតែអាចជួយប្អូនប្រុសរបស់នាងបាន។
លោកយេស៊ូមានប្រសាសន៍ទៅនាងថា៖ «ប្អូនប្រុសរបស់នាងនឹងរស់ឡើងវិញ»។ ម៉ាថាស្មានថាលោកកំពុងមានប្រសាសន៍អំពីការប្រោសឲ្យរស់ឡើងវិញនាថ្ងៃអនាគតនៅផែនដី ហើយនេះក៏ជាសេចក្ដីសង្ឃឹមដែលអាប្រាហាំនិងអ្នកឯទៀតមានដែរ។ ដូច្នេះ នាងជឿថានេះពិតជានឹងកើតឡើងមែន ដោយនិយាយទៅកាន់លោកថា៖ «ខ្ញុំដឹងថាគាត់នឹងរស់ឡើងវិញ នៅថ្ងៃចុងក្រោយពេលដែលមនុស្សស្លាប់ត្រូវប្រោសឲ្យរស់ឡើងវិញ»។—យ៉ូហាន ១១:២៣, ២៤
ក៏ប៉ុន្តែ តើលោកយេស៊ូអាចសម្រាលទុក្ខនាងដោយប្រោសឡាសាឲ្យរស់ឡើងវិញភ្លាមបានទេ? លោករំលឹកម៉ាថា ថាព្រះបានផ្ដល់ឲ្យលោកមានអំណាចលើសេចក្ដីស្លាប់ ដោយមានប្រសាសន៍ទៅនាងថា៖ «អ្នកណាដែលបង្ហាញជំនឿលើខ្ញុំ ទោះជាអ្នកនោះស្លាប់ទៅក៏ដោយ ក៏នឹងរស់ឡើងវិញ ឯអស់អ្នកណាដែលមានជីវិតរស់នៅហើយបង្ហាញជំនឿលើខ្ញុំ អ្នកទាំងនោះនឹងមិនស្លាប់សោះឡើយ»។—យ៉ូហាន ១១:២៥, ២៦
លោកយេស៊ូមិនមានន័យថាពួកអ្នកកាន់តាមលោកដែលរស់នៅពេលនោះនឹងមិនស្លាប់នោះទេ ពីព្រោះសូម្បីតែលោកក៏ត្រូវស្លាប់ដែរ ដូចដែលលោកធ្លាប់ប្រាប់ពួកសាវ័ក។ (ម៉ាថាយ ១៦:២១; ១៧:២២, ២៣) តាមពិត លោកយេស៊ូកំពុងបញ្ជាក់ថាអ្នកណាដែលបង្ហាញជំនឿលើលោកអាចទទួលជីវិតដែលគ្មានទីបញ្ចប់។ មនុស្សជាច្រើននឹងទទួលជីវិតដែលគ្មានទីបញ្ចប់តាមរយៈការប្រោសឲ្យរស់ឡើងវិញ។ ម្យ៉ាងទៀត មនុស្សស្មោះត្រង់ដែលរស់នៅគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះប្រហែលជានឹងមិនស្លាប់សោះឡើយ។ ក្នុងករណីទាំងពីរនេះ មនុស្សដែលបង្ហាញជំនឿលើលោកអាចមានទំនុកចិត្តថាពួកគេនឹងមិនស្លាប់រហូតនោះទេ។
នៅពេលនោះ លោកយេស៊ូមានប្រសាសន៍ថា៖ «ការរស់ឡើងវិញនិងជីវិតគឺដោយសារខ្ញុំ»។ ដូច្នេះ តើលោកអាចជួយឡាសាដែលបានស្លាប់អស់បួនថ្ងៃហើយបានឬទេ? ហេតុនេះ លោកយេស៊ូសួរម៉ាថាថា៖ «តើនាងជឿរឿងនេះទេ?»។ នាងឆ្លើយថា៖ «ចាសលោកម្ចាស់ ខ្ញុំជឿថាលោកជាគ្រិស្ត ជាបុត្រព្រះ និងជាលោកដែលបានចូលមកក្នុងពិភពលោក»។ ដោយសារម៉ាថាជឿថាលោកយេស៊ូអាចធ្វើអ្វីមួយដ៏អស្ចារ្យនៅថ្ងៃនោះ នាងក៏ប្រញាប់ទៅផ្ទះ ហើយប្រាប់ប្អូនស្រីរបស់នាងស្ងាត់ៗថា៖ «លោកគ្រូមកដល់ហើយ លោកកំពុងសួររកប្អូន»។ (យ៉ូហាន ១១:២៥-២៨) ពេលម៉ារៀឮដូច្នោះ នាងក៏ចេញពីផ្ទះ រួចមកអ្នកឯទៀតក៏ចេញទៅតាមនាងដែរ ព្រោះពួកគេស្មានថានាងកំពុងទៅទីបញ្ចុះសពឡាសា។
ផ្ទុយទៅវិញ ម៉ារៀទៅជួបលោកយេស៊ូ ពេលឃើញលោក នាងបានលំឱនកាយនៅជិតជើងរបស់លោកទាំងទឹកភ្នែក ដោយនិយាយពាក្យដូចបងស្រីរបស់នាងដែលថា៖ «លោកម្ចាស់ ប្រសិនបើលោកនៅទីនេះ ប្អូនប្រុសរបស់ខ្ញុំមិនបានស្លាប់ទេ»។ ពេលលោកយេស៊ូឃើញម៉ារៀនិងក្រុមមនុស្សកំពុងយំ លោកក៏ក្ដុកក្ដួលហើយរំជួលចិត្ត រហូតដល់ស្រក់ទឹកភ្នែក។ អ្នកដែលនៅទីនោះអាចឃើញថាលោកយេស៊ូពិតជាស្រឡាញ់ឡាសាខ្លាំងណាស់។ ប៉ុន្តែ ពួកគេខ្លះសួរគ្នាថា៖ «បុរសនេះបានធ្វើឲ្យបុរសងងឹតភ្នែកនោះអាចមើលឃើញ ដូច្នេះ តើគាត់មិនអាចជួយកុំឲ្យអ្នកនេះស្លាប់បានទេឬ?»។—យ៉ូហាន ១១:៣២, ៣៧