ជំពូកទី៩១
ឡាសាបានត្រូវប្រោសឲ្យរស់ឡើងវិញ
ការប្រោសឡាសាឲ្យរស់ឡើងវិញ
ក្រុមប្រឹក្សាជាន់ខ្ពស់រកវិធីសម្លាប់លោកយេស៊ូ
ក្រោយពីលោកយេស៊ូបានជួបម៉ាថា រួចមកជួបម៉ារៀនៅជិតភូមិបេថានី ពួកគាត់ធ្វើដំណើរទៅទីបញ្ចុះសពឡាសា។ ទីបញ្ចុះសពនោះជារូងថ្ម ហើយមានដុំថ្មមួយបិទមាត់រូង។ លោកយេស៊ូបង្គាប់ថា៖ «ចូរយកថ្មនោះចេញ»។ ម៉ាថាមិនយល់ថាលោកយេស៊ូបម្រុងនឹងធ្វើអ្វីទេ នោះនាងនិយាយទាំងព្រួយបារម្ភទៅលោកថា៖ «លោកម្ចាស់ សពច្បាស់ជាធុំក្លិន ព្រោះបួនថ្ងៃបានកន្លងទៅហើយ»។ ប៉ុន្តែ លោកយេស៊ូប្រាប់នាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីរុងរឿងរបស់ព្រះទេឬ?»។—យ៉ូហាន ១១:៣៩, ៤០
ដូច្នេះ ពួកគេបានយកថ្មនោះចេញ។ បន្ទាប់មក លោកយេស៊ូងើយភ្នែកទៅលើ ហើយអធិដ្ឋានថា៖ «បិតាអើយ ខ្ញុំសូមអរគុណលោកដែលលោកបានស្ដាប់ខ្ញុំ។ ពិតមែនតែខ្ញុំដឹងថាលោកតែងតែស្ដាប់ខ្ញុំ ប៉ុន្តែខ្ញុំបាននិយាយដូច្នេះដោយសារមានបណ្ដាជនកំពុងឈរនៅជុំវិញ ដើម្បីពួកគេអាចជឿថាលោកបានចាត់ខ្ញុំឲ្យមក»។ សេចក្ដីអធិដ្ឋានជាសាធារណៈរបស់លោកយេស៊ូបង្ហាញបណ្ដាជនថាលោកបានទទួលអំណាចពីព្រះដើម្បីធ្វើអ្វីដែលលោកហៀបនឹងធ្វើ។ រួចមក លោកបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «ឡាសា! ចូរចេញមក!»។ ភ្លាមនោះ ឡាសាចេញមកទាំងមានក្រណាត់រុំដៃ ជើង និងមុខរបស់គាត់។ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ចូរស្រាយគាត់ ហើយឲ្យគាត់ទៅចុះ»។—យ៉ូហាន ១១:៤១-៤៤
ដូច្នេះ ជនជាតិយូដាជាច្រើននាក់ដែលបានមកសម្រាលទុក្ខម៉ារៀនិងម៉ាថា បានឃើញអ្វីដែលលោកយេស៊ូធ្វើ ក៏ចាប់ផ្ដើមជឿលើលោក។ ប៉ុន្តែ ពួកគេខ្លះបានចេញទៅប្រាប់ពួកផារិស៊ីអំពីអ្វីៗដែលលោកយេស៊ូបានធ្វើ។ ម្ល៉ោះហើយ ពួកសង្ឃនាយកនិងពួកផារិស៊ីបានហៅក្រុមប្រឹក្សាជាន់ខ្ពស់ដែលជាតុលាការកំពូលរបស់ជនជាតិយូដាមកប្រជុំគ្នា។ ក្រុមប្រឹក្សាជាន់ខ្ពស់នោះរួមមានសង្ឃនាយកឈ្មោះកៃផាស។ ពួកគេខ្លះត្អូញត្អែរថា៖ «តើយើងត្រូវធ្វើយ៉ាងណាទៅ? ព្រោះបុរសនេះធ្វើសញ្ញាសម្គាល់ជាច្រើន ប្រសិនបើយើងទុកឲ្យគាត់ធ្វើដូច្នេះ ពួកគេទាំងអស់គ្នានឹងជឿលើគាត់ រួចជនជាតិរ៉ូមនិងមកដណ្ដើមយកទាំងកន្លែងគោរពបូជារបស់យើងទាំងជាតិរបស់យើងផង»។ (យ៉ូហាន ១១:៤៧, ៤៨) ទោះជាពួកគេបានឮការបញ្ជាក់ពីសាក្សីជាច្រើននាក់ថាលោកយេស៊ូ«ធ្វើសញ្ញាសម្គាល់ជាច្រើន»ក្ដី តែពួកគេមិនបានត្រេកអរចំពោះអ្វីដែលព្រះកំពុងធ្វើតាមរយៈលោកយេស៊ូឡើយ។ ពួកគេគ្រាន់តែបារម្ភអំពីឋានៈនិងអំណាចរបស់ពួកគេប៉ុណ្ណោះ។
ការប្រោសឡាសាឲ្យរស់ឡើងវិញ បានធ្វើឲ្យពួកសាឌូស៊ីបរាជ័យទាំងស្រុង ពីព្រោះពួកគេមិនជឿលើការប្រោសឲ្យរស់ឡើងវិញឡើយ។ ឥឡូវ កៃផាសដែលជាសាឌូស៊ីម្នាក់ចាប់ផ្ដើមនិយាយថា៖ «អ្នករាល់គ្នាមិនដឹងអ្វីសោះ ក៏មិនបានពិចារណាថា គឺមានប្រយោជន៍ដល់អ្នករាល់គ្នាដែលមនុស្សម្នាក់ស្លាប់ដើម្បីបណ្ដាជន ជាជាងជាតិទាំងមូលរបស់យើងត្រូវបំផ្លាញចោល»។—យ៉ូហាន ១១:៤៩, ៥០; សកម្មភាព ៥:១៧; ២៣:៨
ព្រះបានបណ្ដាលឲ្យកៃផាសនិយាយដូច្នេះ ដោយសារគាត់ជាសម្ដេចសង្ឃ។ ហេតុនេះ កៃផាសមិនបាននិយាយដូច្នេះ«ចេញពីគំនិតខ្លួនគាត់ឡើយ»។ កៃផាសចង់មានន័យថាលោកយេស៊ូត្រូវស្លាប់ ពីព្រោះគាត់ខ្លាចថាមនុស្សនឹងលែងតាមពួកអ្នកដឹកនាំសាសនាយូដាទៀត។ ប៉ុន្តែ សម្ដីរបស់កៃផាសបញ្ជាក់ទុកជាមុនថា តាមរយៈសេចក្ដីស្លាប់របស់លោកយេស៊ូ នោះលោកនឹងផ្ដល់ថ្លៃលោះ មិនគ្រាន់តែសម្រាប់ជនជាតិយូដាប៉ុណ្ណោះទេ តែសម្រាប់«កូនទាំងអស់របស់ព្រះដែលនៅខ្ចាត់ខ្ចាយ»។—យ៉ូហាន ១១:៥១, ៥២
កៃផាសបានជោគជ័យក្នុងការបញ្ចុះបញ្ចូលក្រុមប្រឹក្សាជាន់ខ្ពស់ឲ្យរៀបគម្រោងសម្លាប់លោកយេស៊ូ។ តើនីកូដេមដែលជាសមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់និងជាអ្នកដែលចូលចិត្តលោកយេស៊ូ ប្រហែលជាប្រាប់លោកអំពីគម្រោងនោះឬទេ? ទោះជាយ៉ាងណាក្ដី លោកយេស៊ូចាកចេញពីតំបន់នៅជិតក្រុងយេរូសាឡិម ដើម្បីកុំឲ្យគេសម្លាប់លោកមុនពេលកំណត់របស់ព្រះ។