ចូរបម្រើព្រះយេហូវ៉ាដោយគ្មានអ្វីបំបែរអារម្មណ៍
«ម៉ារៀ . . . ស្ដាប់លោក[យេស៊ូ]មានប្រសាសន៍។ រីឯម៉ាថាវិញ នាងកំពុងរវល់ធ្វើកិច្ចការជាច្រើន»។—លូកា ១០:៣៩, ៤០
១, ២. ហេតុអ្វីលោកយេស៊ូស្រឡាញ់ម៉ាថា ប៉ុន្តែតើនាងបានធ្វើអ្វីដែលបង្ហាញថានាងជាមនុស្សមិនល្អឥតខ្ចោះ?
ពេលអ្នកគិតអំពីម៉ាថាដែលជាបងស្រីរបស់ឡាសា តើអ្នកស្រមៃឃើញថានាងជាមនុស្សបែបណា? គម្ពីរបង្ហាញថាម៉ាថាគឺជាមិត្តភក្ដិដ៏ល្អរបស់លោកយេស៊ូ ហើយថាលោកស្រឡាញ់នាង។ ប៉ុន្តែ នាងមិនមែនជាស្ត្រីតែម្នាក់ដែលលោកយេស៊ូស្រឡាញ់និងឲ្យតម្លៃទេ។ ជាឧទាហរណ៍ ម៉ារៀដែលជាប្អូនស្រីរបស់ម៉ាថាក៏ជាមិត្តភក្ដិជិតស្និទ្ធរបស់លោកយេស៊ូដែរ។ ម្យ៉ាងទៀត លោកយេស៊ូស្រឡាញ់ម៉ារៀដែលជាម្ដាយរបស់លោក។ (យ៉ូហាន ១១:៥; ១៩:២៥-២៧) ដូច្នេះ ហេតុអ្វីលោកយេស៊ូស្រឡាញ់ម៉ាថា?
២ លោកយេស៊ូស្រឡាញ់ម៉ាថា ដោយសារនាងមានចិត្តទូលាយនិងចិត្តសប្បុរស ហើយនាងក៏ជាមនុស្សឧស្សាហ៍ដែរ។ ប៉ុន្តែមូលហេតុសំខាន់បំផុតដែលលោកយេស៊ូស្រឡាញ់នាងគឺដោយសារនាងមានជំនឿមាំមួន។ នាងជឿអ្វីទាំងអស់ដែលលោកយេស៊ូបានបង្រៀន ហើយនាងជឿជាក់ថាលោកគឺជាមេស្ស៊ីដែលបានត្រូវសន្យា។ (យ៉ូហាន ១១:២១-២៧) ទោះជាយ៉ាងនោះក៏ដោយ ម៉ាថាមិនមែនជាមនុស្សល្អឥតខ្ចោះទេ។ ដូចយើងទាំងអស់គ្នា នាងក៏ធ្វើខុសដែរ។ ជាឧទាហរណ៍ មានពេលមួយដែលលោកយេស៊ូបានទៅលេងពួកគាត់ ម៉ាថាបានអន់ចិត្តនឹងម៉ារៀដែលជាប្អូនស្រីរបស់នាង ហើយនាងបានប្រាប់លោកយេស៊ូថាលោកគួរតែកែតម្រង់ម៉ារៀ។ ម៉ាថាបាននិយាយថា៖ «តើលោកមិនឃើញថា ប្អូនខ្ញុំបានទុកឲ្យខ្ញុំធ្វើកិច្ចការតែម្នាក់ឯងទេឬ? ដូច្នេះ សូមប្រាប់គាត់ឲ្យជួយខ្ញុំផង»។ (សូមអាន លូកា ១០:៣៨-៤២) ហេតុអ្វីម៉ាថាបាននិយាយដូច្នេះ ហើយតើយើងអាចរៀនអ្វីពីពាក្យតបឆ្លើយរបស់លោកយេស៊ូទៅកាន់នាង?
ម៉ាថារវល់ធ្វើកិច្ចការជាច្រើន
៣, ៤. តើម៉ារៀធ្វើអ្វីបានជាលោកយេស៊ូពេញចិត្ត ហើយតើម៉ាថាបានរៀនអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)
៣ លោកយេស៊ូសប្បាយចិត្តដែលម៉ាថានិងម៉ារៀបានអញ្ជើញលោកឲ្យមកផ្ទះរបស់ពួកគាត់ ហើយលោកចង់ប្រើពេលវេលានោះដើម្បីបង្រៀនពួកគាត់ថែមទៀតអំពីសេចក្ដីពិតដ៏មានតម្លៃ។ ភ្លាមៗម៉ារៀបានទៅអង្គុយជិតលោកយេស៊ូដើម្បី«ស្ដាប់លោកមានប្រសាសន៍»។ នាងចង់រៀនអ្វីទាំងអស់ដែលនាងអាចរៀនពីគ្រូដ៏ល្អប្រសើរ។ ម៉ាថាក៏អាចសម្រេចចិត្តស្ដាប់លោកយេស៊ូដែរ។ ម្យ៉ាងទៀត បើម៉ាថាបានឈប់ធ្វើអ្វីផ្សេងៗដើម្បីយកចិត្តទុកដាក់ស្ដាប់លោក នោះលោកនឹងសរសើរនាង។
៤ ប៉ុន្តែ ម៉ាថាបានអនុញ្ញាតឲ្យកិច្ចការជាច្រើនដែលនាងត្រូវធ្វើបំបែរអារម្មណ៍របស់នាង។ នាងរវល់រៀបចំម្ហូបពិសេសជូនលោកយេស៊ូ ហើយធ្វើអ្វីផ្សេងៗជាច្រើនទៀតដើម្បីឲ្យលោកស្នាក់នៅស្រួល។ ពេលនាងបានឃើញថាម៉ារៀមិនមកជួយនាង នាងបានខឹង ហើយត្អូញត្អែរដាក់លោកយេស៊ូ។ លោកបានដឹងថាម៉ាថាកំពុងព្យាយាមធ្វើអ្វីផ្សេងៗច្រើនពេក ហេតុនេះ លោកបានមានប្រសាសន៍ទៅកាន់នាងដោយចិត្តសប្បុរសថា៖ «ម៉ាថា ម៉ាថា នាងកំពុងខ្វល់ចិត្តណាស់អំពីកិច្ចការជាច្រើន»។ លោកក៏បានឲ្យយោបល់នាងថាគ្រាន់តែម្ហូបសាមញ្ញ ប្រហែលជាតែមួយមុខគឺគ្រប់គ្រាន់ហើយ។ ក្រោយមកលោកយេស៊ូបានសរសើរម៉ារៀដែលបានស្ដាប់លោកយ៉ាងយកចិត្តទុកដាក់។ លោកបានមានប្រសាសន៍ថា៖ «ឯម៉ារៀ នាងបានរើសយកចំណែកល្អវិញ ហើយចំណែកនោះនឹងមិនត្រូវយកចេញពីនាងឡើយ»។ ម៉ារៀប្រហែលជាភ្លេចអំពីអ្វីដែលនាងបានបរិភោគនៅពេលនោះ ប៉ុន្តែនាងច្បាស់ជាមិនភ្លេចអ្វីៗដែលនាងបានរៀនពីលោកយេស៊ូ ហើយមិនភ្លេចអំពីរបៀបដែលលោកបានសរសើរនាងឡើយ។ ជាង៦០ឆ្នាំក្រោយមក សាវ័កយ៉ូហានបានសរសេរថា៖ ‹លោកយេស៊ូស្រឡាញ់ម៉ាថា និងប្អូនរបស់នាង›។ (យ៉ូហាន ១១:៥) ពាក្យទាំងនេះបង្ហាញថាម៉ាថាបានធ្វើតាមការកែតម្រង់របស់លោកយេស៊ូដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់មួយជីវិតរបស់នាង។
៥. ជាពិសេសនៅសព្វថ្ងៃនេះ ហេតុអ្វីយើងពិបាកបន្តផ្ដោតអារម្មណ៍ទៅលើអ្វីដែលសំខាន់ជាង ហើយតើយើងនឹងឆ្លើយសំណួរអ្វី?
៥ យើងទទួលស្គាល់ថានៅសព្វថ្ងៃនេះមានអ្វីៗច្រើនជាងនៅសម័យគម្ពីរ ដែលអាចបំបែរអារម្មណ៍យើងពីការបម្រើព្រះយេហូវ៉ា។ ទស្សនាវដ្ដីប៉មយាមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៥៨ បានព្រមានបងប្អូនកុំឲ្យបច្ចេកវិទ្យាបំបែរអារម្មណ៍ពួកគាត់ពីការបម្រើព្រះយេហូវ៉ា។ សូម្បីតែនៅពេលនោះក៏ដោយ មើលទៅមានអ្វីថ្មីជារៀងរាល់ថ្ងៃ។ អ្វីៗដូចជាទស្សនាវដ្ដី វិទ្យុ ភាពយន្ត និងទូរទស្សន៍បានទៅជាអ្វីដែលពេញនិយម។ ទស្សនាវដ្ដីប៉មយាមបានចែងថាកាលដែលយើងកាន់តែជិតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ «នោះទំនងជានឹងមានអ្វីៗកាន់តែច្រើនដែលអាចបំបែរអារម្មណ៍យើង»។ សព្វថ្ងៃនេះ មានអ្វីដែលអាចបំបែរអារម្មណ៍ច្រើនជាងពីមុនទៅទៀត។ តើយើងអាចធ្វើអ្វីខ្លះដើម្បីឲ្យកាន់តែដូចម៉ារៀ ដោយបន្តផ្ដោតអារម្មណ៍ទៅលើការគោរពប្រណិប័តន៍ព្រះយេហូវ៉ា?
កុំប្រើប្រាស់អ្វីៗពីពិភពលោកយ៉ាងពេញលេញ
៦. តើរាស្ត្ររបស់ព្រះយេហូវ៉ាបានប្រើបច្ចេកវិទ្យាយ៉ាងដូចម្ដេច?
៦ រាស្ត្ររបស់ព្រះយេហូវ៉ាបានប្រើបច្ចេកវិទ្យារបស់ពិភពលោកនេះដើម្បីផ្សព្វផ្សាយដំណឹងល្អ។ ជាឧទាហរណ៍ មុននិងក្នុងអំឡុងសង្គ្រាមលោកលើកទី១ ពួកគាត់បានបង្ហាញ«ល្ខោនរូបភាពនៃការបង្កើត»។ ដោយប្រើការបញ្ចាំងរូបភាពនិងភាពយន្តខ្លីដែលមានពណ៌រួមទាំងសំឡេង ពួកគាត់បានផ្សព្វផ្សាយដល់មនុស្សរាប់លាននាក់នៅប្រទេសជាច្រើន។ ចុងបញ្ចប់នៃ«ល្ខោនរូបភាព»នោះបានរៀបរាប់អំពីគ្រាដែលមានសន្ដិភាពពេលដែលលោកយេស៊ូគ្រិស្តនឹងគ្រប់គ្រងលើផែនដី។ ក្រោយមក រាស្ត្ររបស់ព្រះយេហូវ៉ាបានប្រើវិទ្យុដើម្បីផ្សាយដំណឹងអំពីរាជាណាចក្រដល់មនុស្សរាប់លាននាក់ជុំវិញពិភពលោក។ សព្វថ្ងៃនេះ យើងប្រើកុំព្យូទ័រនិងប្រព័ន្ធអ៊ីនធឺណិតដើម្បីផ្សព្វផ្សាយដល់មនុស្សនៅកន្លែងណាក៏ដោយដែលពួកគេរស់នៅ សូម្បីតែនៅតំបន់ដាច់ស្រយាល។
៧. (ក) ហេតុអ្វីការប្រើប្រាស់អ្វីៗពីពិភពលោកយ៉ាងពេញលេញនាំឲ្យមានគ្រោះថ្នាក់? (ខ) តើយើងគួរតែប្រុងប្រយ័ត្នយ៉ាងខ្លាំងនឹងអ្វី? (សូមមើលកំណត់សម្គាល់)
៧ គម្ពីរព្រមានយើងកុំឲ្យប្រើប្រាស់អ្វីៗពីពិភពលោកយ៉ាងពេញលេញឡើយ។ នេះរួមបញ្ចូលការចំណាយពេលច្រើនពេកទៅលើអ្វីដែលពិភពលោកនេះផ្ដល់ឲ្យ។ (សូមអាន កូរិនថូសទី១ ៧:២៩-៣១) អ្វីខ្លះទាំងនោះមិនមែនអាក្រក់ទេ ប៉ុន្តែវាអាចស៊ីពេលរបស់យើងច្រើន។ ជាឧទាហរណ៍ យើងប្រហែលជាចូលចិត្តធ្វើអ្វីមួយជាការកម្សាន្ត អានសៀវភៅ មើលទូរទស្សន៍ ទៅលេងកន្លែងដែលគួរឲ្យចាប់អារម្មណ៍ ទៅផ្សារដើម្បីទិញអីវ៉ាន់ និងចង់ដឹងអំពីគ្រឿងអេឡិចត្រូនិចថ្មីបំផុតឬរបស់ថ្លៃៗ។ មនុស្សជាច្រើនចូលចិត្តផ្ញើសារទៅវិញទៅមកតាមប្រព័ន្ធអ៊ីនធឺណិត ផ្ញើសារតាមទូរស័ព្ទឬផ្ញើអ៊ីមែល ឬចេះតែមើលព័ត៌មានឬក៏លទ្ធផលនៃការប្រកួតកីឡា។ ប៉ុន្តែ មនុស្សខ្លះអាចទៅជាញៀនធ្វើអ្វីៗទាំងនោះ។a (សូមមើលកំណត់សម្គាល់) (សាស្ដា ៣:១, ៦) បើយើងប្រើពេលវេលាច្រើនទៅលើអ្វីដែលមិនសំខាន់ចាំបាច់ យើងប្រហែលជាមិនសូវយកចិត្តទុកដាក់នឹងអ្វីដែលសំខាន់បំផុត ពោលគឺការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។—សូមអាន អេភេសូរ ៥:១៥-១៧
៨. ហេតុអ្វីគឺសំខាន់ណាស់ដែលយើងមិនស្រឡាញ់អ្វីៗក្នុងពិភពលោកនេះ?
៨ សាថានខំព្យាយាមអស់ពីសមត្ថភាពដើម្បីទាក់ទាញយើងដោយអ្វីៗក្នុងពិភពលោករបស់វា ហើយបំបែរអារម្មណ៍របស់យើងពីការបម្រើព្រះយេហូវ៉ា។ សាថានបានធ្វើដូច្នេះនៅសតវត្សរ៍ទី១ ហើយវាធ្វើដូច្នេះកាន់តែច្រើននៅសព្វថ្ងៃនេះ។ (ធីម៉ូថេទី២ ៤:១០) ដូច្នេះ យើងគួរពិនិត្យពិចារណាជានិច្ចអំពីទស្សនៈរបស់យើងចំពោះអ្វីៗក្នុងពិភពលោកនេះ ហើយធ្វើការកែប្រែដែលយើងត្រូវធ្វើ។ គម្ពីរប្រាប់យើងថាយើងមិនត្រូវស្រឡាញ់អ្វីៗក្នុងពិភពលោកនេះទេ។ ផ្ទុយទៅវិញ យើងត្រូវបន្តពង្រឹងសេចក្ដីស្រឡាញ់ដែលយើងមានចំពោះព្រះយេហូវ៉ា។ បើយើងធ្វើដូច្នេះ យើងនឹងស្រួលស្ដាប់បង្គាប់ព្រះយេហូវ៉ាជាង ហើយក៏ស្រួលនៅជិតស្និទ្ធនឹងលោកជាងដែរ។—យ៉ូហានទី១ ២:១៥-១៧
ចូរផ្ដោតអារម្មណ៍ជានិច្ចទៅលើអ្វីដែលសំខាន់បំផុត
៩. តើលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកឲ្យផ្ដោតអារម្មណ៍ទៅលើអ្វី ហើយតើលោកបានទុកគំរូយ៉ាងណា?
៩ ដូចលោកយេស៊ូបានបង្រៀនម៉ាថាដោយចិត្តសប្បុរសថាកុំឲ្យអ្វីៗជាច្រើនបំបែរអារម្មណ៍នាង លោកបានបង្រៀនអ្នកកាន់តាមរបស់លោកនូវមេរៀនដូចគ្នាដែរ។ លោកបានលើកទឹកចិត្តពួកគេឲ្យបន្តផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ានិងរាជាណាចក្ររបស់ព្រះ។ (សូមអាន ម៉ាថាយ ៦:២២, ៣៣) លោកយេស៊ូផ្ទាល់បានទុកគំរូដ៏ល្អប្រសើរ។ លោកមិនមានរបស់របរច្រើនទេ ហើយលោកមិនមានផ្ទះឬដីឡើយ។—លូកា ៩:៥៨; ១៩:៣៣-៣៥
១០. តើលោកយេស៊ូបានទុកគំរូល្អអ្វីសម្រាប់យើង?
១០ លោកយេស៊ូមិនបានឲ្យអ្វីណាក៏ដោយបំបែរអារម្មណ៍លោកពីការផ្សព្វផ្សាយឡើយ។ ជាឧទាហរណ៍ មិនយូរក្រោយពីលោកបានចាប់ផ្ដើមផ្សព្វផ្សាយ បណ្ដាជននៅក្រុងកាពើណិមចង់ឲ្យលោកយេស៊ូនៅក្រុងរបស់ពួកគេយូរជាង។ តើលោកបានធ្វើយ៉ាងណា? លោកបានបន្តផ្ដោតអារម្មណ៍ទៅលើភារកិច្ចរបស់លោក។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំត្រូវប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះនៅក្រុងផ្សេងទៀតដែរ ពីព្រោះនេះជាមូលហេតុដែលខ្ញុំបានត្រូវចាត់ឲ្យមក»។ (លូកា ៤:៤២-៤៤) លោកយេស៊ូបានដើរយ៉ាងឆ្ងាយដើម្បីផ្សព្វផ្សាយដំណឹងល្អ និងបង្រៀនមនុស្សឲ្យបានច្រើនបំផុត។ លោកជាមនុស្សល្អឥតខ្ចោះ ប៉ុន្តែលោកនៅតែចេះអស់កម្លាំងនិងត្រូវការសម្រាក ដោយសារលោកខំប្រឹងយ៉ាងខ្លាំងដើម្បីបំពេញកិច្ចបម្រើព្រះ។—លូកា ៨:២៣; យ៉ូហាន ៤:៦
លោកយេស៊ូបានបង្រៀនយើងថាបើយើងផ្ដោតអារម្មណ៍ទៅលើការចង់បានទ្រព្យសម្បត្ដិថែមទៀត នោះយើងអាចត្រូវបំបែរអារម្មណ៍ពីការបម្រើព្រះ
១១. តើលោកយេស៊ូបានធ្វើអ្វីពេលបុរសម្នាក់បានសុំលោកឲ្យដោះស្រាយបញ្ហារបស់គាត់? តើលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកនូវមេរៀនអ្វី?
១១ ក្រោយមក ពេលលោកយេស៊ូកំពុងបង្រៀនអ្នកកាន់តាមលោកនូវមេរៀនដ៏សំខាន់មួយ បុរសម្នាក់បាននិយាយកាត់លោកថា៖ «លោកគ្រូ សូមប្រាប់បងប្រុសខ្ញុំចែកមត៌កឲ្យខ្ញុំផង»។ លោកយេស៊ូមិនបានព្យាយាមដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់បុរសនេះទេ។ លោកមិនបានឲ្យអ្វីនោះបំបែរអារម្មណ៍លោកពីការបង្រៀនអ្នកកាន់តាមលោកឡើយ។ តាមពិត លោកបានប្រើឱកាសនេះដើម្បីបង្រៀនពួកគេថាបើពួកគេផ្ដោតអារម្មណ៍ទៅលើការចង់បានទ្រព្យសម្បត្ដិថែមទៀត នោះពួកគេអាចត្រូវបំបែរអារម្មណ៍ពីការបម្រើព្រះ។—លូកា ១២:១៣-១៥
១២, ១៣. (ក) តើលោកយេស៊ូបានធ្វើអ្វីដែលនាំឲ្យជនជាតិក្រិចខ្លះនៅក្រុងយេរូសាឡិមកោតស្ងើច? (ខ) តើលោកយេស៊ូបានមានប្រតិកម្មយ៉ាងណាពេលភីលីពប្រាប់ថាមនុស្សទាំងនោះចង់ជួបលោក?
១២ នៅប៉ុន្មានថ្ងៃចុងក្រោយនៃជីវិតរបស់លោកយេស៊ូជាមនុស្សជាតិ លោកតានតឹងចិត្តខ្លាំងណាស់។ (ម៉ាថាយ ២៦:៣៨; យ៉ូហាន ១២:២៧) លោកបានដឹងថាលោកនឹងរងការឈឺចាប់យ៉ាងខ្លាំង ហើយនឹងស្លាប់។ លោកក៏បានដឹងថាលោកមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើមុនលោកស្លាប់។ ជាឧទាហរណ៍ នៅថ្ងៃទី៩ ខែណែសាន ត្រូវនឹងថ្ងៃអាទិត្យ លោកយេស៊ូបានចូលក្រុងយេរូសាឡិមដោយជិះសត្វលា។ បណ្ដាជនបានទទួលស្វាគមន៍លោកជាស្តេចរបស់ពួកគេ។ (លូកា ១៩:៣៨) នៅថ្ងៃបន្ទាប់ ដោយចិត្តក្លាហានលោកយេស៊ូបានបណ្ដេញពួកបុរសលោភលន់ចេញពីវិហារ។ បុរសទាំងនោះបានលក់អ្វីៗក្នុងតម្លៃថ្លៃនៅវិហារ ហើយហេតុនេះ លោកយេស៊ូប្រាប់ថាពួកគេគឺមិនខុសពីពួកចោរទេ។—លូកា ១៩:៤៥, ៤៦
១៣ ជនជាតិក្រិចខ្លះដែលបានមកក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរំលង បានឃើញអ្វីដែលលោកយេស៊ូបានធ្វើ ហើយពួកគេបានកោតស្ងើច។ ដូច្នេះ ពួកគេបានសុំសាវ័កភីលីពដើម្បីជួបលោកយេស៊ូ។ ប៉ុន្តែ លោកយេស៊ូមិនបានព្យាយាមរកមនុស្សដែលអាចគាំទ្រលោកនិងការពារលោកពីសត្រូវរបស់លោកឡើយ។ លោកបានដឹងអំពីអ្វីដែលសំខាន់ជាង។ លោកបានបន្តផ្ដោតអារម្មណ៍ទៅលើបំណងប្រាថ្នារបស់ព្រះយេហូវ៉ាសម្រាប់លោក ពោលគឺផ្ដល់ជីវិតលោកជាគ្រឿងបូជា។ ហេតុនេះ លោកបានរំលឹកអ្នកកាន់តាមលោកថាមិនយូរទៀតលោកនឹងស្លាប់ ហើយថាអស់អ្នកដែលកាន់តាមលោកក៏ត្រូវតែសុខចិត្តលះបង់ជីវិតរបស់ពួកគេដែរ។ លោកបានមានប្រសាសន៍ថា៖ «អ្នកណាដែលស្រឡាញ់ជីវិតខ្លួន អ្នកនោះបំផ្លាញជីវិតខ្លួនវិញ ប៉ុន្តែអ្នកដែលស្អប់ជីវិតខ្លួនក្នុងពិភពលោកនេះ នឹងរក្សាជីវិតដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។ ប៉ុន្តែ លោកយេស៊ូក៏បានសន្យាដែរថាអ្នកកាន់តាមលោក«នឹងទទួលកិត្ដិយសពីបិតា» ហើយបិតានឹងផ្ដល់ឲ្យពួកគេនូវជីវិតដែលគ្មានទីបញ្ចប់។ ភីលីពអាចប្រាប់ជនជាតិក្រិចទាំងនោះនូវដំណឹងដែលលើកទឹកចិត្តនេះ។—យ៉ូហាន ១២:២០-២៦
១៤. ទោះជាលោកយេស៊ូបានចាត់ទុកការផ្សព្វផ្សាយថាសំខាន់បំផុតក្នុងជីវិតរបស់លោកក៏ដោយ តើលោកបានធ្វើឲ្យប្រាកដថាលោកមានពេលសម្រាប់ធ្វើអ្វី?
១៤ ពេលលោកយេស៊ូនៅផែនដី កិច្ចការសំខាន់ចម្បងរបស់លោកគឺការផ្សព្វផ្សាយដំណឹងល្អ។ ទោះជាលោកបានផ្ដោតអារម្មណ៍ទៅលើការផ្សព្វផ្សាយក៏ដោយ លោកមិនចេះតែគិតអំពីកិច្ចការដែលលោកត្រូវធ្វើប៉ុណ្ណោះទេ។ ជាឧទាហរណ៍ យ៉ាងហោចណាស់ លោកបានទៅពិធីអាពាហ៍ពិពាហ៍មួយ ហើយនៅពិធីនោះលោកបានធ្វើឲ្យទឹកក្លាយទៅជាស្រាល្អ។ (យ៉ូហាន ២:២, ៦-១០) លោកក៏បានបរិភោគអាហារនៅផ្ទះរបស់មិត្តភក្ដិលោកនិងផ្ទះរបស់អ្នកឯទៀតដែលចាប់អារម្មណ៍ដំណឹងល្អ។ (លូកា ៥:២៩; យ៉ូហាន ១២:២) អ្វីដែលសំខាន់ជាងនោះទៅទៀត លោកយេស៊ូច្រើនតែទុកពេលដើម្បីអធិដ្ឋាន រំពឹងគិត និងសម្រាក។—ម៉ាថាយ ១៤:២៣; ម៉ាកុស ១:៣៥; ៦:៣១, ៣២
‹ចូរចោលអ្វីៗគ្រប់យ៉ាងដែលធ្ងន់›
១៥. តើសាវ័កប៉ូលបាននិយាយថាគ្រិស្តសាសនិកត្រូវធ្វើអ្វី ហើយតើតាមរបៀបណាគាត់បានទុកគំរូល្អ?
១៥ សាវ័កប៉ូលបាននិយាយថាគ្រិស្តសាសនិកគឺដូចជាអ្នករត់ក្នុងទីប្រណាំងដ៏វែងឆ្ងាយមួយ ហើយដើម្បីរត់ទៅដល់គោលដៅ ពួកគេត្រូវលះចោលអ្វីណាក៏ដោយដែលអាចធ្វើឲ្យពួកគេរត់យឺតឬអាចនាំឲ្យពួកគេឈប់រត់ប្រណាំង។ (សូមអាន ហេប្រឺ ១២:១) ប៉ូលផ្ទាល់បានទុកគំរូល្អ។ គាត់អាចទៅជាអ្នកដឹកនាំសាសនាយូដាដែលមានទ្រព្យសម្បត្ដិច្រើននិងល្បីល្បាញបាន ប៉ុន្តែគាត់បានលះចោលអាជីពនោះដើម្បីផ្ដោតអារម្មណ៍ទៅលើ«អ្វីដែលសំខាន់ជាង»។ គាត់ខំព្យាយាមយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ ហើយបានធ្វើដំណើរទៅកន្លែងជាច្រើន ដូចជាស្រុកស៊ីរី តំបន់អាស៊ីប៉ែកខាងលិច ស្រុកម៉ាសេដូន និងតំបន់យូឌាជាដើម។ ប៉ូលបានទន្ទឹងរង់ចាំរង្វាន់របស់គាត់ ពោលគឺជីវិតដែលគ្មានទីបញ្ចប់នៅស្ថានសួគ៌។ គាត់បាននិយាយថា៖ «ខ្ញុំកំពុងបំភ្លេចអ្វីៗដែលនៅខាងក្រោយ ហើយកំពុងប្រឹងរត់សំដៅទៅអ្វីៗនៅខាងមុខ ខ្ញុំកំពុងរត់ដោយមានគោលដៅទទួលរង្វាន់»។ (ភីលីព ១:១០; ៣:៨, ១៣, ១៤) ប៉ូលមិនមានប្រពន្ធទេ ហើយនោះបានជួយគាត់«ឲ្យបម្រើលោកម្ចាស់ជានិច្ចដោយគ្មានអ្វីបំបែរអារម្មណ៍»។—កូរិនថូសទី១ ៧:៣២-៣៥
ប៉ូលបានលះចោលអាជីពរបស់គាត់ដើម្បីផ្ដោតអារម្មណ៍ទៅលើ«អ្វីដែលសំខាន់ជាង»
១៦, ១៧. ទោះជាយើងរៀបការហើយឬនៅលីវក៏ដោយ តើតាមរបៀបណាយើងអាចធ្វើតាមគំរូរបស់ប៉ូល? តើបងម៉ាកនិងបងគ្លែរបានធ្វើដូច្នេះយ៉ាងដូចម្ដេច?
១៦ ដូចប៉ូលដែរ នៅសព្វថ្ងៃនេះអ្នកបម្រើខ្លះរបស់ព្រះយេហូវ៉ាសម្រេចចិត្តមិនរៀបការដើម្បីពួកគេអាចចូលរួមច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ (ម៉ាថាយ ១៩:១១, ១២) មនុស្សដែលនៅលីវច្រើនតែមានភារកិច្ចក្នុងក្រុមគ្រួសារតិចជាងមនុស្សដែលរៀបការហើយ។ ប៉ុន្តែ ទោះជាយើងរៀបការហើយឬនៅលីវក៏ដោយ យើងទាំងអស់គ្នាអាច«ចោលអ្វីៗគ្រប់យ៉ាងដែលធ្ងន់»ដែលអាចបំបែរអារម្មណ៍យើងពីការបម្រើព្រះយេហូវ៉ា។ យើងប្រហែលជាត្រូវកែប្រែទម្លាប់របស់យើងដើម្បីជៀសវាងការចំណាយពេលដោយឥតប្រយោជន៍ និងដើម្បីឲ្យយើងអាចចូលរួមច្រើនជាងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។
១៧ ជាឧទាហរណ៍ បងប្រុសម៉ាកនិងបងស្រីគ្លែរដែលបានធំឡើងនៅប្រទេសវ៉េលស៍ បានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយពេលពួកគាត់រៀនចប់នៅវិទ្យាល័យ។ ក្រោយពីពួកគាត់បានរៀបការ ពួកគាត់បានបន្តធ្វើជាអ្នកត្រួសត្រាយ។ ប៉ុន្តែ ពួកគាត់ចង់បម្រើព្រះឲ្យបានច្រើនជាង។ បងម៉ាកពន្យល់ថា៖ «យើងបានធ្វើឲ្យជីវិតរបស់យើងសាមញ្ញជាងដោយលក់ផ្ទះរបស់យើងដែលមានបីបន្ទប់ ហើយឈប់ពីការងារមិនពេញពេលរបស់យើងដើម្បីអាចចូលរួមកិច្ចការសាងសង់អន្តរជាតិ»។ អស់រយៈពេល២០ឆ្នាំ ពួកគាត់បានធ្វើដំណើរទៅតំបន់ជាច្រើននៃទ្វីបអាហ្វ្រិកដើម្បីជួយសង់សាលប្រជុំ។ ជួនកាលពួកគាត់មិនសូវមានលុយទេ ប៉ុន្តែព្រះយេហូវ៉ាតែងតែបានថែរក្សាពួកគាត់។ បងគ្លែរនិយាយថា៖ «ការចំណាយពេលជារៀងរាល់ថ្ងៃដើម្បីបម្រើព្រះយេហូវ៉ាធ្វើឲ្យយើងស្កប់ចិត្តក្រៃលែង។ យើងមានមិត្តភក្ដិជាច្រើននៅកន្លែងផ្សេងៗ ហើយយើងមិនខ្វះអ្វីសោះ។ ការលះបង់បន្ដិចបន្តួចរបស់យើងមិនអាចប្រៀបផ្ទឹមនឹងសុភមង្គលដែលមកពីការបម្រើព្រះយេហូវ៉ាពេញពេលឡើយ»។ អ្នកបម្រើពេញពេលជាច្រើននាក់ក៏មានអារម្មណ៍ដូច្នេះដែរb (សូមមើលកំណត់សម្គាល់)។
១៨. តើយើងអាចសួរខ្លួនយើងនូវសំណួរអ្វីខ្លះ?
១៨ តើអ្នកមានអារម្មណ៍ថាអ្នកអាចមានចិត្តរំភើបថែមទៀតក្នុងកិច្ចបម្រើព្រះយេហូវ៉ាឬទេ? តើមានអ្វីដែលកំពុងបំបែរអារម្មណ៍អ្នកពីអ្វីដែលសំខាន់ជាងឬទេ? បើដូច្នេះ តើអ្នកអាចធ្វើអ្វី? ប្រហែលជាអ្នកអាចធ្វើឲ្យការអាននិងការសិក្សាគម្ពីរកាន់តែប្រសើរឡើង។ អត្ថបទបន្ទាប់នឹងពន្យល់អំពីរបៀបដែលអ្នកអាចធ្វើដូច្នេះ។
a សូមមើលអត្ថបទដែលមានចំណងជើងថា‹មនុស្សឆោតល្ងង់ជឿគ្រប់ពាក្យទាំងអស់›។
b សូមមើលដែរនូវអត្ថបទដែលមានចំណងជើងថា«ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ត នៅប្រទេសម៉ិចស៊ិច» ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ ទំព័រ៣-៦។