តើលោកយេស៊ូលើកតម្កើងភាពសុចរិតរបស់ព្រះយ៉ាងដូចម្ដេច?
«ព្រះបានតាំងគ្រិស្តជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងមនុស្សនិងលោក តាមរយៈជំនឿលើឈាមរបស់គ្រិស្ត។ ព្រះបានធ្វើដូច្នេះ ដើម្បីបង្ហាញពីភាពសុចរិតរបស់លោក»។—រ៉ូម ៣:២៥
១, ២. (ក) តើគម្ពីរបង្រៀនយ៉ាងណាអំពីស្ថានភាពរបស់មនុស្សជាតិ? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
មនុស្សជាច្រើនដឹងអំពីកំណត់ហេតុគម្ពីរស្តីអំពីការបះបោរប្រឆាំងនៅសួនច្បារអេដែន។ យើងទាំងអស់គ្នាទទួលឥទ្ធិពលពីភាពខុសឆ្គងរបស់អាដាម ដូចពាក្យទាំងនេះបានពន្យល់ថា៖ «ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់ ពីព្រោះពួកគេទាំងអស់គ្នាជាអ្នកធ្វើខុស»។ (រ៉ូម ៥:១២) ទោះជាយើងខំប្រឹងប្រព្រឹត្តត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នានៅតែធ្វើខុស ហើយត្រូវការការអភ័យទោសពីព្រះ។ សូម្បីតែសាវ័កប៉ូលក៏បាននិយាយដោយមានទុក្ខព្រួយដែរថា៖ «ខ្ញុំមិនធ្វើការល្អដែលខ្ញុំប៉ងប្រាថ្នាធ្វើនោះទេ ប៉ុន្តែខ្ញុំមានទម្លាប់ធ្វើការអាក្រក់ដែលខ្ញុំមិនប៉ងប្រាថ្នាធ្វើវិញ។ ពិបាកចិត្តណាស់ខ្ញុំ!»។—រ៉ូម ៧:១៩, ២៤
២ ដោយសារយើងទាំងអស់គ្នាមានភាពខុសឆ្គងពីកំណើត គឺសមហេតុផលដែលយើងសួរសំណួរសំខាន់ៗទាំងនេះថា៖ ‹តើលោកយេស៊ូពីក្រុងណាសារ៉ែតអាចកើតមកដោយគ្មានឆ្លងភាពខុសឆ្គងយ៉ាងដូចម្ដេចបាន? ហេតុអ្វីបានជាលោកទទួលការជ្រមុជទឹក? តើគន្លងជីវិតរបស់លោកយេស៊ូតម្កើងភាពសុចរិតរបស់ព្រះយ៉ាងដូចម្ដេច? សំខាន់បំផុត តើមរណភាពរបស់គ្រិស្តបានសម្រេចអ្វីខ្លះ?›។
ការសង្ស័យទៅលើភាពសុចរិតរបស់ព្រះ
៣. តើសាថានបានបំភាន់នាងអេវ៉ាយ៉ាងដូចម្ដេច?
៣ អាដាមនិងអេវ៉ាដែលជាឪពុកម្ដាយដំបូងរបស់យើងបានប្រព្រឹត្តដោយល្ងង់ខ្លៅ ពេលពួកគេបដិសេធការគ្រប់គ្រងរបស់ព្រះ ដើម្បីឲ្យ«ពស់ដំបូងបង្អស់ ជាអ្នកដែលត្រូវហៅថាមេកំណាចនិងសាថាន»គ្រប់គ្រងលើពួកគេវិញ។ (បប. ១២:៩) សូមគិតអំពីរបៀបដែលពួកគេធ្វើដូច្នេះ។ សាថានបានធ្វើឲ្យមានការសង្ស័យលើភាពសុចរិតនៃរបៀបដែលព្រះយេហូវ៉ាគ្រប់គ្រង។ វាបានធ្វើដូច្នេះដោយសួរនាងអេវ៉ាថា៖ «តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ?»។ នាងអេវ៉ាបានប្រាប់វាអំពីបញ្ញត្ដិដ៏ច្បាស់លាស់របស់ព្រះដែលថា មានតែដើមឈើមួយប៉ុណ្ណោះដែលពួកគេមិនត្រូវប៉ះពាល់ ពុំនោះសោតពួកគេនឹងស្លាប់ជាមិនខាន។ សាថានចោទប្រកាន់ព្រះថាលោកបានភូតកុហក។ វានិយាយថា៖ «អ្នកមិនស្លាប់ជាពិតមែនទេ»។ នៅទីបំផុត វាបានបំភាន់នាងអេវ៉ាឲ្យជឿថាព្រះលាក់អ្វីដែលល្អពីពួកគេ ហើយថាបើបរិភោគផ្លែឈើនោះ នាងនឹងបានដូចជាព្រះ ហើយអាចដឹងអ្វីដែលខុសនិងអ្វីដែលត្រូវដោយមិនពឹងផ្អែកលើព្រះ។—លោ. ៣:១-៥
៤. តើតាមរបៀបណាដែលមនុស្សជាតិបានស្ថិតក្រោមការគ្រប់គ្រងរបស់សាថាន ដែលជាការគ្រប់គ្រងដែលប្រឆាំងព្រះ?
៤ បើនិយាយឲ្យចំទៅ សាថានបានបង្ហើបថា មនុស្សជាតិនឹងសប្បាយជាង បើព្រះមិនគ្រប់គ្រងលើពួកគេ។ ជាជាងគាំទ្រភាពសុចរិតនៃការគ្រប់គ្រងរបស់ព្រះ អាដាមបានស្ដាប់តាមប្រពន្ធរបស់គាត់ ហើយបានចូលរួមជាមួយគាត់ក្នុងការបរិភោគផ្លែឈើដែលព្រះបានហាម។ យ៉ាងនេះ អាដាមបានបាត់បង់ទំនាក់ទំនងដ៏ល្អឥតខ្ចោះជាមួយព្រះយេហូវ៉ា ហើយនាំឲ្យយើងស្ថិតក្រោមនឹមដ៏ធ្ងន់នៃភាពខុសឆ្គងនិងសេចក្ដីស្លាប់។ ដំណាលគ្នានោះ មនុស្សជាតិក៏បានស្ថិតក្រោមការគ្រប់គ្រងដែលប្រឆាំងព្រះ ពោលគឺការគ្រប់គ្រងរបស់សាថានដែលជា«ព្រះនៃរបៀបរបបពិភពលោកនេះ»។—២កូ. ៤:៤; រ៉ូម ៧:១៤
៥. (ក) តើតាមរបៀបណាដែលព្រះយេហូវ៉ាបានធ្វើតាមប្រសាសន៍របស់លោក? (ខ) តើព្រះបានផ្ដល់ឲ្យកូនចៅរបស់អាដាមនិងអេវ៉ានូវសេចក្ដីសង្ឃឹមអ្វី?
៥ ព្រះយេហូវ៉ាបានកាត់ទោសអាដាមនិងអេវ៉ាឲ្យត្រូវស្លាប់ ដូចប្រសាសន៍របស់លោកដែលមិនចេះខុស។ (លោ. ៣:១៦-១៩) ប៉ុន្តែនេះមិនមានន័យថា គោលបំណងរបស់ព្រះមិនបានសម្រេចនោះទេ។ តែតាមពិត គឺផ្ទុយស្រឡះពីនោះវិញ! ពេលព្រះយេហូវ៉ាកំពុងកាត់ទោសអាដាមនិងអេវ៉ា លោកបានផ្ដល់ឲ្យកូនចៅរបស់ពួកគេដែលមិនទាន់កើតមកនូវសេចក្ដីសង្ឃឹមមួយដ៏អស្ចារ្យ។ លោកបានធ្វើដូច្នេះដោយប្រកាសអំពីគោលបំណងរបស់លោកក្នុងការបង្កើត«ពូជ»មួយដែលសាថាននឹងចឹកកែងជើងរបស់ពូជនោះ។ ប៉ុន្តែ ពូជដែលបានត្រូវសន្យានោះនឹងជាឡើងវិញពីរបួសនៅកែងជើង ហើយនឹង«កិនក្បាល[សាថាន]»។ (លោ. ៣:១៥) គម្ពីរបានពន្យល់ថែមទៀតអំពីប្រធានបទនេះដោយចែងអំពីលោកយេស៊ូគ្រិស្តដូចតទៅថា៖ «នេះជាមូលហេតុដែលបុត្ររបស់ព្រះបានមក ពោលគឺដើម្បីបំផ្លាញស្នាដៃរបស់មេកំណាច»។ (១យ៉ូន. ៣:៨) ប៉ុន្តែ តើការប្រព្រឹត្តនិងមរណភាពរបស់លោកយេស៊ូលើកតម្កើងភាពសុចរិតរបស់ព្រះយ៉ាងដូចម្ដេច?
អត្ថន័យនៃការជ្រមុជទឹករបស់លោកយេស៊ូ
៦. តើយើងដឹងយ៉ាងដូចម្ដេចថាលោកយេស៊ូមិនបានឆ្លងភាពខុសឆ្គងពីអាដាម?
៦ ពេលលោកយេស៊ូជាមនុស្សពេញវ័យ លោកត្រូវជាមនុស្សដែលស្មើគ្នាទាំងស្រុងនឹងអាដាមដែលធ្លាប់ជាមនុស្សល្អឥតខ្ចោះ។ (រ៉ូម ៥:១៤; ១កូ. ១៥:៤៥) នេះមានន័យថា លោកយេស៊ូត្រូវកើតមកដោយមានភាពល្អឥតខ្ចោះ។ តើនេះអាចកើតឡើងយ៉ាងដូចម្ដេច? ទេវតាកាព្រីយ៉ែលបានពន្យល់យ៉ាងច្បាស់ទៅនាងម៉ារៀដែលជាម្ដាយរបស់លោកយេស៊ូថា៖ «សកម្មពលបរិសុទ្ធរបស់ព្រះនឹងសណ្ឋិតលើនាង ហើយឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះហើយ កូនដែលនឹងកើតមកនោះ នឹងត្រូវហៅថាជាបរិសុទ្ធ និងជាបុត្ររបស់ព្រះ»។ (លូក. ១:៣៥) តាមមើលទៅ តាំងពីពេលលោកយេស៊ូនៅក្មេង នាងម៉ារៀបានប្រាប់លោកនូវហេតុការណ៍ខ្លះអំពីកំណើតរបស់លោក។ នៅពេលមួយ ពេលដែលនាងម៉ារៀនិងយ៉ូសែបដែលជាឪពុកចិញ្ចឹមរបស់លោកយេស៊ូ បានរកឃើញលោកនៅវិហារ នោះលោកយេស៊ូបានសួរពួកគាត់ថា៖ «តើមិនបាននឹកឃើញថាកូននៅកន្លែងគោរពបូជារបស់បិតាកូនទេឬ?»។ (លូក. ២:៤៩) ដូច្នេះ តាំងពីក្មេងមក លោកយេស៊ូជ្រាបថាលោកជាបុត្ររបស់ព្រះ។ ហេតុនេះ ការលើកតម្កើងភាពសុចរិតរបស់ព្រះគឺសំខាន់ណាស់ចំពោះលោក។
៧. តើលោកយេស៊ូមានអ្វីខ្លះដែលវិសេសវិសាល?
៧ លោកយេស៊ូបានបង្ហាញថា លោកមានចំណាប់អារម្មណ៍និងចង់ដឹងអំពីព្រះដោយទៅកិច្ចប្រជុំយ៉ាងទៀងទាត់ដើម្បីគោរពបូជាព្រះ។ ដោយមានខួរក្បាលល្អឥតខ្ចោះ លោកពិតជាបានយល់ហើយចាំអ្វីៗទាំងអស់ដែលលោកបានឮនិងបានអានក្នុងបទគម្ពីរភាសាហេប្រឺ។ (លូក. ៤:១៦) លោកក៏មានអ្វីមួយទៀតដែលវិសេសវិសាល ពោលគឺរូបកាយដ៏ល្អឥតខ្ចោះរបស់លោកដែលអាចធ្វើជាគ្រឿងបូជាដើម្បីមនុស្សជាតិ។ ពេលលោកយេស៊ូទទួលការជ្រមុជទឹក លោកបានអធិដ្ឋាន ហើយលោកប្រហែលជាបានគិតអំពីទំនាយក្នុងទំនុកតម្កើង ៤០:៦-៨។—លូក. ៣:២១; សូមអាន ហេប្រឺ ១០:៥-១០a
៨. ហេតុអ្វីបានជាយ៉ូហានដែលជាអ្នកជ្រមុជទឹកឃាត់លោកយេស៊ូមិនឲ្យទទួលការជ្រមុជទឹក?
៨ ដំបូង យ៉ូហានដែលជាអ្នកជ្រមុជទឹកចង់ឃាត់លោកយេស៊ូមិនឲ្យទទួលការជ្រមុជទឹក។ ហេតុអ្វី? ពីព្រោះយ៉ូហានបានជ្រមុជទឹកជនជាតិយូដាដើម្បីជានិមិត្តរូបនៃការប្រែចិត្តពីការធ្វើខុសច្បាប់របស់ម៉ូសេ។ យ៉ូហានជាសាច់ញាតិជិតរបស់លោកយេស៊ូ ម្ល៉ោះហើយគាត់ពិតជាដឹងថាលោកយេស៊ូជាមនុស្សសុចរិត ហេតុនេះហើយលោកមិនត្រូវការការប្រែចិត្តឡើយ។ លោកយេស៊ូបានពង្រឹងទំនុកចិត្តយ៉ូហានថា ជាការល្អដែលលោកទទួលការជ្រមុជទឹក។ លោកយេស៊ូបានពន្យល់ថា៖ «គឺសមត្រឹមត្រូវឲ្យយើងសម្រេចគ្រប់ការសុចរិតតាមរបៀបនេះ»។—ម៉ាថ. ៣:១៥
៩. តើការជ្រមុជទឹករបស់លោកយេស៊ូតំណាងអ្វី?
៩ ក្នុងនាមជាមនុស្សល្អឥតខ្ចោះ លោកយេស៊ូប្រហែលជាអាចសន្និដ្ឋានថា ដូចអាដាម លោកមានលទ្ធភាពបង្កើតពូជមនុស្សល្អឥតខ្ចោះ។ ក៏ប៉ុន្តែ លោកយេស៊ូមិនដែលមានបំណងធ្វើដូច្នេះទេ ពីព្រោះនេះមិនមែនជាបំណងប្រាថ្នារបស់ព្រះយេហូវ៉ាសម្រាប់លោកឡើយ។ ព្រះបានចាត់លោកយេស៊ូឲ្យមកផែនដីដើម្បីបំពេញតួនាទីជាពូជដែលបានត្រូវសន្យា ឬមេស្ស៊ី និងដើម្បីផ្ដល់ជីវិតល្អឥតខ្ចោះរបស់លោកធ្វើជាគ្រឿងបូជា។ (សូមអាន អេសាយ ៥៣:៥, ៦, ១២) ការជ្រមុជទឹករបស់លោកយេស៊ូមិនមានអត្ថន័យដូចការជ្រមុជទឹករបស់យើងឡើយ។ ការជ្រមុជទឹករបស់លោកមិនមែនជាការប្រគល់ខ្លួនជូនព្រះយេហូវ៉ាទេ ដោយសារលោកយេស៊ូកើតមកក្នុងប្រជាជាតិដែលបានប្រគល់ខ្លួនជូនព្រះរួចហើយ ពោលគឺប្រជាជាតិអ៊ីស្រាអែល។ ផ្ទុយទៅវិញ ការជ្រមុជទឹករបស់លោកយេស៊ូតំណាងការបង្ហាញខ្លួនលោកដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ ដូចបទគម្ពីរបានទាយទុកស្តីអំពីមេស្ស៊ី។
១០. ក្នុងនាមជាមេស្ស៊ី តើការធ្វើតាមបំណងប្រាថ្នារបស់ព្រះរួមបញ្ចូលអ្វីខ្លះ? ហើយតើលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះរឿងនេះ?
១០ បំណងប្រាថ្នារបស់ព្រះយេហូវ៉ាសម្រាប់លោកយេស៊ូក៏រួមបញ្ចូលការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ ការបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោក និងការរៀបចំពួកគេឲ្យចេះបង្រៀនអ្នកឯទៀតឲ្យក្លាយជាអ្នកកាន់តាមលោកដែរ។ ការបង្ហាញខ្លួនរបស់លោកយេស៊ូក៏រួមបញ្ចូលការស្ម័គ្រចិត្តស៊ូទ្រាំការបៀតបៀន និងសេចក្ដីស្លាប់យ៉ាងឈឺចាប់ដើម្បីគាំទ្រការគ្រប់គ្រងដ៏សុចរិតរបស់ព្រះយេហូវ៉ា។ ដោយសារលោកយេស៊ូពិតជាស្រឡាញ់បិតារបស់លោកនៅស្ថានសួគ៌ នោះលោកសប្បាយចិត្តធ្វើតាមបំណងប្រាថ្នារបស់ព្រះ ហើយពេញចិត្តជូនរូបកាយរបស់លោកជាគ្រឿងបូជា។ (យ៉ូន. ១៤:៣១) លោកក៏គាប់ចិត្តដោយដឹងថាតម្លៃនៃជីវិតល្អឥតខ្ចោះរបស់លោកអាចជូនព្រះជាថ្លៃលោះដើម្បីលោះយើងពីទាសភាពនៃអំពើខុសឆ្គងនិងសេចក្ដីស្លាប់។ តើព្រះពេញចិត្តពេលលោកយេស៊ូបង្ហាញខ្លួនលោកដើម្បីបំពេញភារកិច្ចដ៏សំខាន់ទាំងនេះឬទេ? លោកពិតជាពេញចិត្តមែន!
១១. តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកពេញចិត្តនឹងលោកយេស៊ូជាមេស្ស៊ីឬគ្រិស្តដែលបានត្រូវសន្យា?
១១ ម៉ាថាយ ម៉ាកុស លូកានិងយ៉ូហានបញ្ជាក់អំពីប្រសាសន៍ដ៏ច្បាស់លាស់របស់ព្រះយេហូវ៉ាដែលបង្ហាញថាលោកពេញចិត្ត កាលដែលលោកយេស៊ូងើបឡើងពីទឹកទន្លេយ៉ូដាន់។ យ៉ូហានជាអ្នកជ្រមុជទឹកបានធ្វើការបញ្ជាក់ដោយប្រាប់ថា៖ «ខ្ញុំបានឃើញសកម្មពលរបស់ព្រះចុះពីស្ថានសួគ៌ដូចជាសត្វព្រាប ហើយសណ្ឋិតនៅលើលោក[យេស៊ូ] . . . ហើយខ្ញុំបានឃើញការនោះ ក៏បានធ្វើការបញ្ជាក់ថា លោកនោះហើយជាបុត្ររបស់ព្រះ»។ (យ៉ូន. ១:៣២-៣៤) ម្យ៉ាងទៀត នៅឱកាសនោះ ព្រះយេហូវ៉ាបានប្រកាសថា៖ «នេះជាបុត្រដែលជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។—ម៉ាថ. ៣:១៧; ម៉ាក. ១:១១; លូក. ៣:២២
លោកយេស៊ូស្មោះត្រង់រហូតដល់ស្លាប់
១២. អស់រយៈពេលបីឆ្នាំកន្លះក្រោយទទួលការជ្រមុជទឹក តើលោកយេស៊ូបានធ្វើអ្វី?
១២ អស់រយៈពេលបីឆ្នាំកន្លះក្រោយទទួលការជ្រមុជទឹក លោកយេស៊ូជាប់រវល់បង្រៀនមនុស្សអំពីបិតារបស់លោក និងអំពីភាពសុចរិតនៃការគ្រប់គ្រងរបស់ព្រះ។ ការធ្វើដំណើរដោយថ្មើរជើងពាសពេញស្រុកសន្យា បានធ្វើឲ្យលោកអស់កម្លាំង តែគ្មានអ្វីសោះដែលអាចរារាំងលោកមិនឲ្យធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់អំពីសេចក្ដីពិតទេ។ (យ៉ូន. ៤:៦, ៣៤; ១៨:៣៧) លោកយេស៊ូបានបង្រៀនអ្នកឯទៀតអំពីរាជាណាចក្ររបស់ព្រះ។ ដោយធ្វើការអស្ចារ្យឲ្យអ្នកឈឺជាសះស្បើយ ផ្ដល់អាហារឲ្យបណ្ដាជនដែលឃ្លាន ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ នោះលោកបានបង្ហាញពីអ្វីៗដែលរាជាណាចក្ររបស់ព្រះនឹងសម្រេចសម្រាប់មនុស្សជាតិ។—ម៉ាថ. ១១:៤, ៥
១៣. តើលោកយេស៊ូបានបង្រៀនអ្វីស្តីអំពីសេចក្ដីអធិដ្ឋាន?
១៣ ជាជាងឲ្យមនុស្សលើកតម្កើងខ្លួនលោកផ្ទាល់ចំពោះសេចក្ដីបង្រៀននិងការធ្វើឲ្យជាសះស្បើយ នោះលោកយេស៊ូទុកគំរូដ៏អស្ចារ្យក្នុងការណែនាំមនុស្សដោយចិត្តរាបទាបឲ្យពួកគេលើកតម្កើងព្រះយេហូវ៉ាវិញ។ (យ៉ូន. ៥:១៩; ១១:៤១-៤៤) លោកយេស៊ូក៏បានប្រាប់ដែរអំពីរឿងសំខាន់ៗបំផុតដែលយើងគួរអធិដ្ឋាន។ សេចក្ដីអធិដ្ឋានរបស់យើងគួររួមបញ្ចូលសំណូមពរឲ្យនាមរបស់ព្រះ ពោលគឺយេហូវ៉ា«បានបរិសុទ្ធ» ហើយឲ្យការគ្រប់គ្រងដ៏សុចរិតរបស់ព្រះជំនួសការគ្រប់គ្រងដ៏ទុច្ចរិតរបស់សាថាន ដើម្បីឲ្យ«បំណងប្រាថ្នារបស់លោកបានសម្រេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថ. ៦:៩, ១០) លោកយេស៊ូក៏បានបំផុសទឹកចិត្តយើងដែរឲ្យប្រព្រឹត្តសមស្របតាមការអធិដ្ឋានបែបនោះដោយ«ស្វែងរករាជាណាចក្រនិងសេចក្ដីសុចរិតរបស់ព្រះជាមុន»។—ម៉ាថ. ៦:៣៣
១៤. ថ្វីបើលោកយេស៊ូជាមនុស្សល្អឥតខ្ចោះក៏ដោយ ហេតុអ្វីលោកត្រូវខំប្រឹងប្រែងដើម្បីបំពេញតួនាទីរបស់លោកក្នុងគោលបំណងរបស់ព្រះ?
១៤ កាលដែលជិតដល់ពេលដែលលោកយេស៊ូត្រូវផ្ដល់ជីវិតលោកជាគ្រឿងបូជា លោកកាន់តែដឹងច្បាស់នូវភារកិច្ចដ៏ធ្ងន់ដែលលោកត្រូវបំពេញ។ គោលបំណងនិងកេរ្ដិ៍ឈ្មោះរបស់បិតាលោក អាស្រ័យទៅលើលោកយេស៊ូស៊ូទ្រាំការវិនិច្ឆ័យក្ដីដោយអយុត្ដិធម៌និងសេចក្ដីស្លាប់យ៉ាងឈឺចាប់។ ប្រាំថ្ងៃមុនលោកយេស៊ូស្លាប់ លោកបានអធិដ្ឋានថា៖ «ឥឡូវនេះ ខ្ញុំពិបាកចិត្តណាស់ ហើយតើខ្ញុំអាចនិយាយយ៉ាងណា? បិតាអើយ សូមសង្គ្រោះខ្ញុំឲ្យរួចពីគ្រានេះ។ ប៉ុន្តែហេតុនេះហើយបានជាខ្ញុំមក គឺដើម្បីឆ្លងកាត់គ្រានេះ»។ ក្រោយលោកបានប្រាប់ពីអារម្មណ៍ទាំងនេះរបស់លោកដែលជាអារម្មណ៍ធម្មតារបស់មនុស្ស លោកមិនបានគិតអំពីខ្លួនលោកទេ ហើយបានប្រមូលអារម្មណ៍ទៅលើរឿងដែលសំខាន់ជាងដោយអធិដ្ឋានថា៖ «បិតាអើយ សូមលើកតម្កើងនាមរបស់លោក»។ ព្រះយេហូវ៉ាបានតបឆ្លើយភ្លាមៗថា៖ «ខ្ញុំបានលើកតម្កើង ក៏នឹងលើកតម្កើងម្ដងទៀត»។ (យ៉ូន. ១២:២៧, ២៨) ត្រូវហើយ លោកយេស៊ូស្ម័គ្រចិត្តឆ្លងកាត់ការល្បងលចំពោះចិត្តស្មោះគ្រប់លក្ខណៈរបស់លោក ដែលជាការល្បងលដ៏ខ្លាំងបំផុតដែលគ្មានមនុស្សណាម្នាក់ធ្លាប់ប្រឈមមុខឡើយ។ ប៉ុន្តែការឮពាក្យទាំងនោះរបស់បិតាលោកនៅស្ថានសួគ៌ ពិតជាពង្រឹងទំនុកចិត្តលោកយេស៊ូឲ្យដឹងថា លោកអាចមានជោគជ័យក្នុងការលើកតម្កើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយបង្ហាញថាការគ្រប់គ្រងនោះគឺត្រឹមត្រូវ។ លោកពិតជាបានជោគជ័យក្នុងរឿងនោះមែន!
តើមរណភាពរបស់លោកយេស៊ូបានសម្រេចអ្វីខ្លះ?
១៥. មុនលោកយេស៊ូស្លាប់ ហេតុអ្វីបានជាលោកមានប្រសាសន៍ថា៖ «ការទាំងអស់បានសម្រេចហើយ»?
១៥ មុនលោកយេស៊ូជិតផុតដង្ហើមនៅលើបង្គោលទារុណកម្ម លោកមានប្រសាសន៍ថា៖ «ការទាំងអស់បានសម្រេចហើយ!»។ (យ៉ូន. ១៩:៣០) ដោយមានជំនួយពីព្រះ លោកយេស៊ូពិតជាបានសម្រេចអ្វីៗដ៏អស្ចារ្យក្នុងអំឡុងបីឆ្នាំកន្លះ តាំងពីពេលលោកទទួលការជ្រមុជទឹករហូតដល់ពេលលោកស្លាប់! ពេលលោកស្លាប់ មានការរញ្ជួយដីយ៉ាងខ្លាំង ហើយនាយទាហានដែលមើលការខុសត្រូវលើការប្រហារជីវិតលោក បានត្រូវជំរុញទឹកចិត្តឲ្យនិយាយថា៖ «អ្នកនេះប្រាកដជាបុត្ររបស់ព្រះមែន»។ (ម៉ាថ. ២៧:៥៤) តាមមើលទៅ នាយទាហាននោះបានឃើញគេចំអកឲ្យលោក ដោយសារលោកអះអាងថាជាបុត្ររបស់ព្រះ។ ទោះជាលោកបានឆ្លងកាត់ទុក្ខលំបាកសព្វបែបយ៉ាងក៏ដោយ លោកយេស៊ូបានរក្សាចិត្តស្មោះគ្រប់លក្ខណៈរបស់លោក ហើយបង្ហាញថាសាថានជាអ្នកភូតភរដ៏អាក្រក់ក្រៃលែងម្នាក់។ ចំពោះអស់អ្នកដែលគាំទ្រការគ្រប់គ្រងរបស់ព្រះ សាថានបានចោទប្រកាន់ថា៖«មនុស្សនឹងសុខចិត្តលះបង់ទាំងអស់ចោល ដើម្បីឲ្យបានជីវិតគង់នៅ»។ (យ៉ូប ២:៤) ដោយសារលោកយេស៊ូរក្សាភាពស្មោះត្រង់ លោកបានបង្ហាញថាអាដាមនិងអេវ៉ាអាចនៅស្មោះត្រង់បានក្នុងការល្បងលដែលស្រួលជាងដែលពួកគេបានឆ្លងកាត់។ សំខាន់បំផុត ជីវិតនិងមរណភាពរបស់លោកយេស៊ូបានគាំទ្រ ហើយបានលើកតម្កើងភាពសុចរិតនៃការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (សូមអាន សុភាសិត ២៧:១១) តើមរណភាពរបស់លោកយេស៊ូបានសម្រេចអ្វីទៀតឬទេ? ពិតជាបានសម្រេចអ្វីទៀតមែន!
១៦, ១៧. (ក) ចំពោះសាក្សីព្រះយេហូវ៉ាដែលរស់នៅមុនលោកយេស៊ូមកផែនដី តើព្រះអាចចាត់ទុកពួកគេជាមនុស្សសុចរិតដោយផ្អែកលើអ្វី? (ខ) តើព្រះយេហូវ៉ាបានឲ្យរង្វាន់អ្វីខ្លះដល់បុត្ររបស់លោកដែលស្មោះត្រង់? ហើយតើលោកម្ចាស់យេស៊ូគ្រិស្តបន្តធ្វើអ្វី?
១៦ អ្នកបម្រើព្រះយេហូវ៉ាជាច្រើននាក់បានរស់នៅមុនលោកយេស៊ូមកផែនដី។ ព្រះបានចាត់ទុកពួកគេជាមនុស្សសុចរិត ហើយផ្ដល់ឲ្យពួកគេមានសេចក្ដីសង្ឃឹមរស់ឡើងវិញ។ (អេ. ២៥:៨; ដាន. ១២:១៣) ប៉ុន្តែ តើព្រះយេហូវ៉ាដែលជាព្រះដ៏បរិសុទ្ធអាចផ្ដល់ពរដ៏អស្ចារ្យបែបនេះដល់មនុស្សដែលមានភាពខុសឆ្គង ដោយផ្អែកលើអ្វី? គម្ពីរពន្យល់ថា៖ «ព្រះបានតាំងគ្រិស្តជាគ្រឿងបូជាសម្រាប់ផ្សះផ្សាចំណងមិត្តភាពរវាងមនុស្សនិងលោក តាមរយៈជំនឿលើឈាមរបស់គ្រិស្ត។ ព្រះបានធ្វើដូច្នេះ ដើម្បីបង្ហាញពីភាពសុចរិតរបស់លោក ពីព្រោះលោកបានអភ័យទោសចំពោះការខុសឆ្គងដែលកើតមាននៅអតីតកាល ពេលដែលលោកទ្រាំអត់សង្កត់ចិត្ត ដើម្បីឲ្យព្រះបង្ហាញពីសេចក្ដីសុចរិតរបស់លោកនៅគ្រានេះ ដើម្បីឲ្យលោកសុចរិត សូម្បីតែពេលដែលលោកប្រកាសថា អ្នកដែលមានជំនឿលើលោកយេស៊ូគឺជាមនុស្សសុចរិតក៏ដោយ»។—រ៉ូម ៣:២៥, ២៦
១៧ ព្រះយេហូវ៉ាបានឲ្យរង្វាន់ដល់លោកយេស៊ូដោយប្រោសឲ្យលោករស់ឡើងវិញ ដោយមានឋានៈខ្ពស់ជាងឋានៈដែលលោកមានមុនមកផែនដី។ ឥឡូវលោកយេស៊ូមានជីវិតអមតៈជាបុគ្គលវិញ្ញាណដ៏រុងរឿង។ (ហេ. ១:៣) ក្នុងនាមជាសម្ដេចសង្ឃនិងជាស្តេច លោកម្ចាស់យេស៊ូគ្រិស្តបន្តជួយអ្នកកាន់តាមលោកឲ្យលើកតម្កើងភាពសុចរិតរបស់ព្រះ។ យើងពិតជាសប្បាយចិត្តដោយសារព្រះយេហូវ៉ាជាបិតារបស់យើងនៅស្ថានសួគ៌ គឺជាអ្នកឲ្យរង្វាន់ដល់អស់អ្នកដែលលើកតម្កើងភាពសុចរិតរបស់លោក ហើយបម្រើលោកយ៉ាងស្មោះត្រង់ដោយយកតម្រាប់តាមបុត្ររបស់លោក!—សូមអាន ទំនុកតម្កើង ៣៤:៣; ហេប្រឺ ១១:៦
១៨. តើយើងនឹងពិភាក្សាអ្វីនៅអត្ថបទបន្ទាប់?
១៨ មនុស្សដែលស្មោះត្រង់តាំងពីអេបិលមក មានចំណងមេត្រីភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា ដោយសារពួកគេបង្ហាញជំនឿ ហើយមានទំនុកចិត្តទៅលើពូជដែលបានត្រូវសន្យា។ ព្រះយេហូវ៉ាជ្រាបថាបុត្ររបស់លោកនឹងរក្សាចិត្តស្មោះគ្រប់លក្ខណៈ ហើយជ្រាបថាមរណភាពរបស់លោកនឹងគ្របបាំងយ៉ាងល្អឥតខ្ចោះនូវ«ភាពខុសឆ្គងរបស់ពិភពលោក»។ (យ៉ូន. ១:២៩) មរណភាពរបស់លោកយេស៊ូក៏នាំឲ្យមនុស្សដែលរស់នៅសព្វថ្ងៃនេះទទួលប្រយោជន៍ដែរ។ (រ៉ូម ៣:២៦) ដូច្នេះ តើថ្លៃលោះរបស់គ្រិស្តអាចនាំឲ្យអ្នកមានពរអ្វីខ្លះ? យើងនឹងពិភាក្សារឿងនេះនៅអត្ថបទបន្ទាប់។
[កំណត់សម្គាល់]
a នៅខទាំងនេះ សាវ័កប៉ូលបានដកស្រង់ទំនុកតម្កើង ៤០:៦-៨ពីសេចក្ដីបកប្រែភាសាក្រិច ដែលហៅថាសេបទូជីន ដែលបកប្រែពីបទគម្ពីរភាសាហេប្រឺ ដែលមានប្រយោគថា«លោកបានរៀបចំរូបកាយមួយឲ្យខ្ញុំ»។ ប្រយោគនេះមិនមានក្នុងឯកសារបុរាណនៃបទគម្ពីរភាសាហេប្រឺដែលនៅសល់សព្វថ្ងៃនេះទេ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើសាថានធ្វើឲ្យមានការសង្ស័យទៅលើភាពសុចរិតរបស់ព្រះយ៉ាងដូចម្ដេច?
• តើការជ្រមុជទឹករបស់លោកយេស៊ូតំណាងអ្វី?
• តើមរណភាពរបស់លោកយេស៊ូបានសម្រេចអ្វីខ្លះ?
[រូបភាពនៅទំព័រ១១]
តើអ្នកដឹងឬទេថាការជ្រមុជទឹករបស់លោកយេស៊ូតំណាងអ្វី?