ចូរមានចិត្តក្លាហាន ព្រះយេហូវ៉ានៅជាមួយនឹងអ្នក!
‹ចូរឲ្យមានកំឡាំងនិងចិត្តក្លាហាន ព្រះយេហូវ៉ាជាព្រះនៃអ្នក លោកគង់ជាមួយនឹងអ្នក›។—យ៉ូស. ១:៩
១, ២. (ក) តើគុណសម្បត្ដិអ្វីខ្លះដែលជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាក? (ខ) តើអ្នកនឹងពន្យល់យ៉ាងណាអំពីជំនឿ? សូមលើកឧទាហរណ៍។
ការបម្រើព្រះយេហូវ៉ានាំឲ្យយើងមានអំណរ។ ក៏ប៉ុន្តែ យើងជួបនឹងទុក្ខលំបាកដែលមនុស្សជាតិធ្លាប់ជួប ហើយយើងប្រហែលជា«រងទុក្ខដោយសារសេចក្ដីសុចរិត»។ (១ពេ. ៣:១៤; ៥:៨, ៩; ១កូ. ១០:១៣) ដើម្បីស៊ូទ្រាំនឹងទុក្ខលំបាកបែបនេះដោយជោគជ័យ យើងត្រូវមានជំនឿនិងចិត្តក្លាហាន។
២ តើជំនឿគឺជាអ្វី? សាវ័កប៉ូលបានសរសេរថា៖ «ជំនឿគឺជាការទុកចិត្តដោយមានទីសំអាងមាំមួនថា អ្វីៗនឹងកើតឡើងដូចសង្ឃឹម ហើយជាការឃើញភ័ស្តុតាងដែលនាំឲ្យជឿជាក់ថា អ្វីដែលភ្នែកមើលមិនឃើញពិតជាមានមែន»។ (ហេ. ១១:១) ការបកប្រែមួយទៀតចែងថា៖ «ជំនឿគឺជាប័ណ្ណកម្មសិទ្ធិដែលបញ្ជាក់ថាអ្វីៗនឹងកើតឡើងដូចសង្ឃឹម។ ជំនឿគឺការប្រាកដអំពីអ្វីដែលយើងមិនអាចមើលឃើញ»។ (The Simple English Bible) ប្រសិនបើយើងបានទទួលប័ណ្ណបញ្ជាក់កម្មសិទ្ធិលើអចលនវត្ថុណាមួយ នោះយើងមានទំនុកចិត្តថាយើងជាម្ចាស់អចលនវត្ថុនោះ។ ដោយសារយើងមានជំនឿថាព្រះធ្វើតាមប្រសាសន៍របស់លោកជានិច្ច គឺហាក់ដូចជាយើងមានប័ណ្ណកម្មសិទ្ធិដ៏មានតម្លៃ។ យើងមានទំនុកចិត្តទាំងស្រុងថាអ្វីដែលព្រះបានសន្យានឹងកើតឡើងមែន ហើយថាអ្វីៗទាំងអស់ដែលលោកប្រាប់យើងក្នុងបណ្ដាំរបស់លោកគឺជាសេចក្ដីពិត សូម្បីតែ«អ្វីដែលយើងមិនអាចមើលឃើញ»ក៏ដោយ។
៣, ៤. (ក) តើចិត្តក្លាហានជាអ្វី? (ខ) តើវិធីមួយដើម្បីពង្រឹងជំនឿនិងចិត្តក្លាហានគឺជាអ្វី?
៣ ចិត្តក្លាហានគឺជាកម្លាំងដែលជំរុញឲ្យនិយាយនិងប្រព្រឹត្តដោយឥតភ័យខ្លាច ពេលយើងស្ថិតនៅក្នុងស្ថានភាពពិបាកនិងប្រកបដោយគ្រោះថ្នាក់។ ដើម្បីមានចិត្តក្លាហាន យើងត្រូវមានទំនុកចិត្ត ហើយអង់អាច រហូតដល់សុខចិត្តរងទុក្ខដោយសារអ្វីដែលយើងជឿ។—ម៉ាក. ៦:៤៩, ៥០; ២ធី. ១:៧
៤ ជំនឿនិងចិត្តក្លាហានគឺជាគុណសម្បត្ដិដែលយើងចង់មាន។ ប៉ុន្តែ ប្រហែលជាយើងមានអារម្មណ៍ថាត្រូវមានជំនឿនិងចិត្តក្លាហានថែមទៀត។ គម្ពីររៀបរាប់អំពីអ្នកបម្រើព្រះរាប់ពាន់នាក់ដែលជាគំរូល្អស្តីអំពីជំនឿនិងចិត្តក្លាហាន។ វិធីមួយដែលយើងអាចពង្រឹងជំនឿនិងចិត្តក្លាហានគឺដោយពិចារណាគំរូខ្លះក្នុងចំណោមគំរូទាំងនោះ។
ព្រះយេហូវ៉ានៅជាមួយនឹងយ៉ូស្វេ
៥. ដើម្បីទទួលជោគជ័យក្នុងភារកិច្ចរបស់គាត់ តើយ៉ូស្វេត្រូវការអ្វី?
៥ ចូរយើងពិចារណាអំពីអ្វីដែលបានកើតឡើងប្រហែលជា៣.៥០០ឆ្នាំមុន។ សែសិបឆ្នាំបានកន្លងទៅហើយតាំងពីបណ្ដាជនអ៊ីស្រាអែលរាប់លាននាក់បានត្រូវដោះលែងពីទាសភាពនៅស្រុកអេស៊ីបដោយដៃដ៏ខ្លាំងពូកែរបស់ព្រះយេហូវ៉ា។ អ្នកប្រកាសទំនាយម៉ូសេបានដឹកនាំពួកគេ។ ឥឡូវនេះគាត់មានអាយុ១២០ឆ្នាំ គាត់បានឃើញពីចម្ងាយនូវទឹកដីដែលព្រះបានសន្យា ហើយបន្ទាប់មកគាត់បានស្លាប់នៅលើកំពូលភ្នំនេបូរ។ អ្នកទទួលតំណែងជំនួសគាត់គឺយ៉ូស្វេជាបុរស«មានចិត្តពេញដោយប្រាជ្ញា»។ (ចោ. ៣៤:១-៩) បណ្ដាជនអ៊ីស្រាអែលហៀបនឹងយកស្រុកកាណាន។ ដើម្បីធ្វើជាអ្នកដឹកនាំដ៏ល្អ យ៉ូស្វេត្រូវការប្រាជ្ញាដែលមកពីព្រះ។ គាត់ក៏ត្រូវបង្ហាញជំនឿលើព្រះយេហូវ៉ា ហើយក៏ត្រូវមានចិត្តក្លាហាននិងមានកម្លាំងដែរ។—ចោ. ៣១:២២, ២៣
បទគម្ពីរប្រចាំឆ្នាំ២០១៣របស់យើងគឺ ‹ចូរឲ្យមានកំឡាំងនិងចិត្តក្លាហាន ព្រះយេហូវ៉ាជាព្រះនៃអ្នក លោកគង់ជាមួយនឹងអ្នក›។—យ៉ូស្វេ ១:៩
៦. (ក) តើយ៉ូស្វេ ២៣:៦ តម្រូវឲ្យមានចិត្តក្លាហានដើម្បីធ្វើអ្វី? (ខ) តើយើងរៀនអ្វីពីពាក្យនៅសកម្មភាព ៤:១៨-២០និងសកម្មភាព ៥:២៩?
៦ ប្រាជ្ញា ចិត្តក្លាហាន និងជំនឿដែលយ៉ូស្វេបានបង្ហាញក្នុងអំឡុងពេលជាច្រើនឆ្នាំដែលគាត់ច្បាំងដណ្ដើមយកស្រុកកាណាន ច្បាស់ជាបានពង្រឹងកម្លាំងបណ្ដាជនអ៊ីស្រាអែល។ ពួកគេត្រូវការចិត្តក្លាហានមិនគ្រាន់តែដើម្បីធ្វើសង្គ្រាមប៉ុណ្ណោះទេ តែក៏ដើម្បីស្ដាប់បង្គាប់ព្រះយេហូវ៉ាដែរ។ មុនយ៉ូស្វេស្លាប់ គាត់បានប្រាប់ពួកគេថា៖ «ចូរសំរេចចិត្តនឹងកាន់ ហើយប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងគម្ពីរក្រិត្យវិន័យរបស់លោកម៉ូសេចុះ ដើម្បីកុំឲ្យឯងបែរចេញពីសេចក្ដីទាំងនោះ ទៅខាងស្ដាំឬខាងឆ្វេងឡើយ»។ (យ៉ូស. ២៣:៦) យើងក៏ត្រូវមានចិត្តក្លាហានដើម្បីស្ដាប់បង្គាប់ព្រះយេហូវ៉ានៅគ្រប់ពេលវេលាដែរ ជាពិសេសពេលដែលមនុស្សសុំយើងឲ្យធ្វើអ្វីដែលផ្ទុយពីបំណងប្រាថ្នារបស់ព្រះ។ (សូមអាន សកម្មភាព ៤:១៨-២០; ៥:២៩) បើយើងអធិដ្ឋានហើយទុកចិត្តលើព្រះយេហូវ៉ា លោកនឹងជួយយើងឲ្យស្ដាប់បង្គាប់ព្រះដោយចិត្តក្លាហាន។
របៀបដែលយើងអាចធ្វើឲ្យគ្រប់ទាំងផ្លូវរបស់យើងបានជោគជ័យ
៧. ដើម្បីប្រព្រឹត្តដោយចិត្តក្លាហានហើយទទួលជោគជ័យ តើយ៉ូស្វេត្រូវធ្វើអ្វី?
៧ ដើម្បីមានចិត្តក្លាហានធ្វើតាមបំណងប្រាថ្នារបស់ព្រះ យើងត្រូវសិក្សានិងត្រូវធ្វើតាមបណ្ដាំរបស់លោក។ ពេលដែលយ៉ូស្វេបានក្លាយជាអ្នកស្នងតំណែងពីម៉ូសេ ព្រះយេហូវ៉ាបានប្រាប់គាត់ថា៖ «ឲ្យឯងគ្រាន់តែមានកម្លាំងនឹងចិត្តក្លាហានប៉ុណ្ណោះ ដើម្បីនឹងកាន់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យគ្រប់ជំពូកដែលម៉ូសេជាអ្នកបំរើអញបានបង្គាប់មក . . . កុំឲ្យគម្ពីរក្រិត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ ដើម្បីឲ្យបានកាន់ ហើយប្រព្រឹត្តតាមអស់ទាំងសេចក្ដីដែលកត់ទុកក្នុងគម្ពីរនេះឯង ដ្បិតគឺយ៉ាងនោះដែលឯងនឹងបានកើតការនៅគ្រប់ទាំងផ្លូវឯង ហើយនឹងបានចំរើនឡើងផង»។ (យ៉ូស. ១:៧, ៨) យ៉ូស្វេបានធ្វើតាមដំបូន្មាននេះ ហើយ‹គ្រប់ទាំងផ្លូវរបស់គាត់បានកើតការ›។ បើយើងធ្វើដូច្នេះ យើងនឹងមានចិត្តក្លាហានខ្លាំងជាង ហើយមានជោគជ័យក្នុងកិច្ចបម្រើព្រះ។
គ្រិស្តសាសនិកសម័យដើម មិនព្រមគោរពបូជាអធិរាជរ៉ូម
៨. តើបទគម្ពីរប្រចាំឆ្នាំ២០១៣បានត្រូវដកស្រង់ពីបទគម្ពីរមួយណា ហើយតើអ្នកគិតថាពាក្យទាំងនោះនឹងជួយអ្នកយ៉ាងដូចម្ដេច?
៨ យ៉ូស្វេច្បាស់ជាបានទទួលការពង្រឹងកម្លាំងយ៉ាងខ្លាំងពេលដែលគាត់បានឮប្រសាសន៍តទៅទៀតរបស់ព្រះយេហូវ៉ាដែលថា៖ «ចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណាដែលឯងទៅផង»។ (យ៉ូស. ១:៩) ព្រះយេហូវ៉ាក៏នៅជាមួយនឹងយើងដែរ។ ដូច្នេះ ចូរយើង‹កុំខ្លាចឡើយ ក៏កុំស្រយុតចិត្ត›ទោះជាយើងជួបប្រទះនឹងទុក្ខលំបាកណាក៏ដោយ។ ជាពិសេស ពាក្យដែលគួរឲ្យចាប់អារម្មណ៍គឺពាក្យថា៖ ‹ចូរឲ្យមានកំឡាំងនិងចិត្តក្លាហាន ព្រះយេហូវ៉ាជាព្រះនៃអ្នក លោកគង់ជាមួយនឹងអ្នក›។ ពាក្យទាំងនេះនៅយ៉ូស្វេ ១:៩ បានត្រូវជ្រើសរើសជាបទគម្ពីរប្រចាំឆ្នាំ២០១៣។ ពាក្យទាំងនេះនិងគំរូរបស់អ្នកឯទៀតដែលបានបង្ហាញជំនឿនិងចិត្តក្លាហាន នឹងពង្រឹងទំនុកចិត្តយើងនៅពេលខាងមុខ។
ពួកគេប្រកាន់ជំហរដោយចិត្តក្លាហាន
៩. តើរ៉ាហាបបានបង្ហាញជំនឿនិងចិត្តក្លាហានតាមរបៀបណា?
៩ ពេលយ៉ូស្វេបញ្ជូនអ្នកស៊ើបការណ៍ពីរនាក់ឲ្យទៅស្រុកកាណាន រ៉ាហាបដែលស្ត្រីពេស្យាបានលាក់ពួកគេ ហើយបានបង្វែងដានសត្រូវរបស់ពួកគេដែរ។ ដោយសារនាងបានប្រព្រឹត្តដោយជំនឿនិងចិត្តក្លាហាន នាងនិងគ្រួសាររបស់នាងបានរួចជីវិត ពេលបណ្ដាជនអ៊ីស្រាអែលវាយយកបានក្រុងយេរីខូ។ (ហេ. ១១:៣០, ៣១; យ៉ា. ២:២៥) រ៉ាហាបបានបោះបង់ចោលគន្លងជីវិតដែលប្រាសចាកសីលធម៌របស់នាងដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។ អ្នកខ្លះដែលបានក្លាយជាគ្រិស្តសាសនិកមានជំនឿ ចិត្តក្លាហាន បានកែប្រែជីវិតរបស់ពួកគេដើម្បីធ្វើឲ្យព្រះពេញចិត្ត។
១០. តើក្រោមស្ថានភាពអ្វីដែលនាងរូថបានប្រកាន់ជំហរក្នុងការគោរពប្រណិប័តន៍ពិត ហើយជាលទ្ធផលតើនាងបានទទួលពរអ្វី?
១០ បន្ទាប់ពីយ៉ូស្វេស្លាប់ រូថដែលជាស្ត្រីជនជាតិម៉ូអាប់បានកាន់ជំហរយ៉ាងក្លាហានក្នុងការគោរពប្រណិប័តន៍ពិត។ ដោយសារនាងបានរៀបការជាមួយនឹងជនជាតិអ៊ីស្រាអែល នាងទំនងជាបានដឹងព័ត៌មានខ្លះៗអំពីព្រះយេហូវ៉ា។ ន៉ាអូមីដែលជាម្ដាយក្មេករបស់នាងបានរស់នៅក្នុងស្រុកម៉ូអាប់ ប៉ុន្តែបានសម្រេចចិត្តត្រឡប់ទៅក្រុងបេថ្លេហិមក្នុងប្រទេសអ៊ីស្រាអែលវិញ។ នៅតាមផ្លូវ ន៉ាអូមីបានប្រាប់នាងរូថឲ្យត្រឡប់ទៅរស់នៅជាមួយប្រជាជនរបស់នាងវិញ ប៉ុន្តែ ស្ត្រីជនជាតិម៉ូអាប់នេះបានតបថា៖ «សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្ដាយ នឹងវិលទៅវិញ លែងតាមអ្នកម្ដាយនោះឡើយ . . . សាសន៍របស់អ្នកម្ដាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្ដាយនឹងបានជាព្រះរបស់ខ្ញុំដែរ»។ (រស់. ១:១៦) ក្រោយមក បូអូសដែលជាសាច់ញាតិរបស់ន៉ាអូមី បានរៀបការជាមួយនឹងនាងរូថ ដែលក្រោយមកបានបង្កើតកូនប្រុសម្នាក់ ហើយនាងបានក្លាយទៅជាជីដូនរបស់ដាវីឌនិងលោកយេស៊ូ។ មែនហើយ ព្រះយេហូវ៉ាឲ្យពរចំពោះការប្រព្រឹត្តដែលបង្ហាញជំនឿនិងចិត្តក្លាហាន។—រស់. ២:១២; ៤:១៧-២២; ម៉ាថ. ១:១-៦
អ្នកបម្រើព្រះជាច្រើននាក់បានប្រថុយជីវិតរបស់ពួកគេ
១១. តើយេហូយ៉ាដានិងយ៉ូសេបាបានបង្ហាញចិត្តក្លាហានតាមរបៀបណា ហើយតើនេះនាំឲ្យមានលទ្ធផលអ្វី?
១១ យើងមានជំនឿនិងចិត្តក្លាហានកាន់តែខ្លាំងឡើង ពេលយើងឃើញថាព្រះយេហូវ៉ានៅជាមួយពួកអ្នកដែលបានប្រថុយជីវិតរបស់ពួកគេដើម្បីធ្វើតាមបំណងប្រាថ្នារបស់ព្រះ ហើយការពារបងប្អូនរួមជំនឿរបស់ពួកគេ។ ជាឧទាហរណ៍ សូមពិចារណាអំពីសម្ដេចសង្ឃយេហូយ៉ាដានិងប្រពន្ធរបស់គាត់យ៉ូសេបា។ ក្រោយពីស្តេចអ័ហាស៊ីយ៉ាបានស្លាប់ អ័ថាលាដែលជាម្ដាយរបស់គាត់បានសម្លាប់កូនទាំងអស់របស់ស្តេច លើកលែងតែយ៉ូអាស ហើយតាំងខ្លួនជាមហាក្សត្រី។ ប៉ុន្តែយេហូយ៉ាដា និងយ៉ូសេបា បានប្រថុយជីវិតដើម្បីលាក់យ៉ូអាសដែលជាកូនរបស់អ័ហាស៊ីយ៉ាអស់៦ឆ្នាំ។ ប្រាំពីរឆ្នាំក្រោយមក យេហូយ៉ាដាបានប្រកាសតែងតាំងយ៉ូអាសជាស្តេច ហើយបានឲ្យគេសម្លាប់អ័ថាលា។ (២ព. ១១:១-១៦) ក្រោយមក យេហូយ៉ាដាបានគាំទ្រស្តេចយ៉ូអាសក្នុងការជួសជុលវិហារឡើងវិញ។ ពេលយេហូយ៉ាដាបានស្លាប់ក្នុងអាយុ១៣០ឆ្នាំ គាត់បានត្រូវបញ្ចុះជាមួយនឹងពួកស្តេច «ពីព្រោះលោកបានធ្វើល្អ ក្នុងសាសន៍អ៊ីស្រាអែល ហើយចំពោះព្រះ នឹងព្រះវិហារទ្រង់ផង»។ (២រប. ២៤:១៥, ១៦) ម្យ៉ាងទៀត ដោយសារយេហូយ៉ាដានិងប្រពន្ធរបស់គាត់បានប្រព្រឹត្តដោយចិត្តក្លាហាន នេះបានការពារពូជពង្សរបស់ស្តេចតាំងពីដាវីឌរហូតដល់មេស្ស៊ី។
១២. តើអេបេឌមេលេកបានប្រព្រឹត្តដោយចិត្តក្លាហានយ៉ាងដូចម្ដេច?
១២ អេបេឌមេលេកជាមន្ត្រីម្នាក់ដែលបម្រើក្នុងវាំងរបស់ស្តេចសេដេគា គាត់បានប្រថុយជីវិតដើម្បីយេរេមា។ ស្តេចបានប្រគល់យេរេមាទៅឲ្យពួកចៅហ្វាយនៃស្រុកយូដា ដែលបានចោទប្រកាន់មិនពិតថាយេរេមាបានបំបះបំបោរ ហើយបានទម្លាក់គាត់ទៅក្នុងអណ្ដូងភក់មួយឲ្យគាត់ស្លាប់នៅទីនោះ។ (យេ. ៣៨:៤-៦) អេបេឌមេលេកបានអង្វរសុំសេដេគាជួយយេរេមា ទោះជាធ្វើដូច្នេះនាំឲ្យខ្លួនគាត់មានគ្រោះថ្នាក់ក៏ដោយ ពីព្រោះមនុស្សជាច្រើននាក់ស្អប់អ្នកប្រកាសទំនាយនេះ។ សេដេគាបានយល់ព្រមហើយបានឲ្យបុរស៣០នាក់ទៅជាមួយអេបេឌមេលេកដើម្បីសង្គ្រោះយេរេមា។ តាមរយៈអ្នកប្រកាសទំនាយនោះ ព្រះបានធានាថា អេបេឌមេលេកនឹងមិនត្រូវស្លាប់ទេពេលជនជាតិបាប៊ីឡូនឡោមព័ទ្ធក្រុងយេរូសាឡិម។ (យេ. ៣៩:១៥-១៨) ចិត្តក្លាហានដែលមកពីព្រះនាំឲ្យបានទទួលរង្វាន់។
១៣. តើជនជាតិហេប្រឺបីនាក់បានបង្ហាញចិត្តក្លាហានយ៉ាងដូចម្ដេច ហើយតើយើងអាចទាញមេរៀនអ្វីពីរឿងរបស់ពួកគាត់?
១៣ នៅសតវត្សរ៍ទី៧ មុនគ.ស. ជនជាតិហេប្រឺបីនាក់ដែលជាអ្នកបម្រើព្រះយេហូវ៉ាបានឃើញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាឲ្យរង្វាន់ដោយសារពួកគាត់បង្ហាញជំនឿនិងចិត្តក្លាហាន។ ស្តេចនេប៊ូក្នេសាបានប្រមូលជនជាតិបាប៊ីឡូនដែលជាអ្នកមានយសសក្ដិខ្ពង់ខ្ពស់ ហើយបានបង្គាប់ពួកគេឲ្យគោរពប្រណិប័តន៍រូបធំសម្បើមមួយដែលធ្វើពីមាស។ អ្នកណាដែលមិនធ្វើដូច្នេះនឹងត្រូវសម្លាប់នៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ជនជាតិហេប្រឺបីនាក់បានប្រាប់នេប៊ូក្នេសាដោយគោរពថា៖ «ព្រះនៃយើងខ្ញុំដែលយើងខ្ញុំគោរពប្រតិបត្ដិតាម ទ្រង់អាចនឹងជួយឲ្យយើងខ្ញុំរួចពីគុកភ្លើងដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងខ្ញុំរួចពីព្រះហស្តទ្រង់ដែរ តែបើមិនជួយទេ នោះសូមឲ្យទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាសដែលទ្រង់បានតាំងឡើងនោះដែរ»។ (ដាន. ៣:១៦-១៨) នៅដានីយ៉ែល ៣:១៩-៣០ យើងអាចអានកំណត់ហេតុដ៏គួរឲ្យរំភើបចិត្តអំពីរបៀបដែលព្រះយេហូវ៉ាបានសង្គ្រោះជនជាតិហេប្រឺបីនាក់នោះ។ ទោះជាយើងទំនងជាមិនត្រូវគេគំរាមកំហែងថាសម្លាប់ក្នុងគុកភ្លើងក្ដី យើងក៏ត្រូវប្រឈមមុខនឹងការល្បងលចំពោះចិត្តស្មោះគ្រប់លក្ខណៈ ហើយយើងអាចប្រាកដថាព្រះយេហូវ៉ានឹងឲ្យពរយើងចំពោះជំនឿនិងចិត្តក្លាហានរបស់យើង។
១៤. យោងទៅតាមដានីយ៉ែលជំពូក៦ តើដានីយ៉ែលបានប្រព្រឹត្តដោយចិត្តក្លាហានយ៉ាងដូចម្ដេច ហើយតើនេះនាំឲ្យមានលទ្ធផលយ៉ាងណា?
១៤ ដានីយ៉ែលបានបង្ហាញជំនឿនិងចិត្តក្លាហានពេលសត្រូវរបស់គាត់បញ្ចុះបញ្ចូលស្តេចដារីយុសឲ្យចេញក្រឹត្យមួយថា៖ «បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាដ៏ដោយ វៀរតែសូមពីព្រះរាជាក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ»។ ពេលដែលដានីយ៉ែលបានដឹងភ្លាមថាស្តេចបានចុះហត្ថលេខាលើក្រឹត្យនោះ គាត់«ក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោកខាងក្រុងយេរូសាឡិមក៏នៅចំហ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដងដូចជាកាលពីមុន»។ (ដាន. ៦:៦-១០) នៅទីបំផុតដានីយ៉ែលដែលមានចិត្តក្លាហានបានត្រូវបោះទៅក្នុងរូងសិង្ហ ប៉ុន្តែព្រះយេហូវ៉ាបានសង្គ្រោះគាត់។—ដាន. ៦:១៦-២៣
១៥. (ក) តើអាគីឡានិងព្រីស៊ីលបានទុកគំរូអ្វីស្តីអំពីជំនឿនិងចិត្តក្លាហាន? (ខ) តើពាក្យរបស់លោកយេស៊ូនៅយ៉ូហាន ១៣:៣៤ មានន័យយ៉ាងណា ហើយតើគ្រិស្តសាសនិកជាច្រើននាក់បានបង្ហាញសេចក្ដីស្រឡាញ់បែបនេះយ៉ាងដូចម្ដេច?
១៥ ក្នុងស្ថានភាពដែលគម្ពីរមិនបានប្រាប់ អាគីឡានិងព្រីស៊ីល‹បានប្រថុយជីវិតដើម្បីសង្គ្រោះជីវិតប៉ូល›។ (សកម្ម. ១៨:២; រ៉ូម ១៦:៣, ៤) ពួកគាត់បានប្រព្រឹត្តដោយចិត្តក្លាហានស្របតាមពាក្យរបស់លោកយេស៊ូដែលថា៖ «ខ្ញុំឲ្យបញ្ញត្ដិថ្មីមួយដល់អ្នករាល់គ្នា គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ»។ (យ៉ូន. ១៣:៣៤) ច្បាប់របស់ម៉ូសេតម្រូវឲ្យបុគ្គលម្នាក់ស្រឡាញ់អ្នកជិតខាងដូចគាត់ស្រឡាញ់ខ្លួនគាត់។ (លេវី. ១៩:១៨) ដូច្នេះ ហេតុអ្វីបញ្ញត្ដិរបស់លោកយេស៊ូគឺជាបញ្ញត្ដិ«ថ្មី»? ពីព្រោះបញ្ញត្ដិនេះតម្រូវឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ដោយសុខចិត្តលះបង់ជីវិតរបស់យើងដើម្បីអ្នកឯទៀត ដូចលោកដែរ។ គ្រិស្តសាសនិកជាច្រើននាក់បានបង្ហាញសេចក្ដីស្រឡាញ់‹ដោយប្រថុយជីវិតរបស់ពួកគេ› ដើម្បីកុំឲ្យសត្រូវធ្វើបាបឬសម្លាប់បងប្អូនរួមជំនឿ។—សូមអាន យ៉ូហានទី១ ៣:១៦
១៦, ១៧. តើជំនឿរបស់គ្រិស្តសាសនិកខ្លះនៅសម័យដើមបានត្រូវសាកល្បងយ៉ាងដូចម្ដេច ហើយតើជំនឿរបស់គ្រិស្តសាសនិកខ្លះនៅសម័យយើងបានទទួលការល្បងលយ៉ាងណា?
១៦ ដូចលោកយេស៊ូ គ្រិស្តសាសនិកនៅសម័យដើមមានចិត្តក្លាហានគោរពប្រណិប័តន៍តែព្រះយេហូវ៉ាប៉ុណ្ណោះ។ (ម៉ាថ. ៤:៨-១០) ពួកគេមិនព្រមដុតគ្រឿងក្រអូបជូនអធិរាជរ៉ូម។ (សូមមើលរូបភាព) នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា ពួកអ្នកដែលហៀបនឹងស្លាប់ លោកដានីយ៉ែល ម៉ាណិចបានសរសេរថា ជាធម្មតាគេដាក់ទីបូជាដែលគេដុតភ្លើងនៅកីឡាដ្ឋានមួយ។ គាត់បាននិយាយថាអ្វីដែលអ្នកទោសទាំងអស់ត្រូវធ្វើគឺរោយគ្រឿងក្រអូបទៅក្នុងភ្លើង ហើយគាត់នឹងទទួលបានលិខិតបញ្ជាក់មួយ ហើយបានត្រូវដោះលែង។ គេបានពន្យល់អ្នកទោសថាគាត់មិនចាំបាច់គោរពបូជាអធិរាជទេ។ គេបានប្រាប់អ្នកទោសថាគាត់គ្រាន់តែទទួលស្គាល់ថាអធិរាជរ៉ូមគឺជាព្រះមួយរូបប៉ុណ្ណោះ។ ទោះជាយ៉ាងនោះក៏ដោយ គ្រិស្តសាសនិកតិចណាស់យល់ព្រមធ្វើដូច្នេះដើម្បីឲ្យបានរួចខ្លួន។
១៧ នៅក្នុងជំរំឃុំឃាំងរបស់ពួកណាត្ស៊ី គេបានផ្ដល់ឱកាសម្ដងហើយម្ដងទៀតដល់គ្រិស្តសាសនិកនៅសម័យយើងនេះថាពួកគេអាចមានសេរីភាព ហើយរួចពីស្លាប់ បើពួកគេចុះហត្ថលេខាលើលិខិតដែលប្រកាសបដិសេធព្រះយេហូវ៉ា។ ប៉ុន្តែ មានគ្រិស្តសាសនិកតិចណាស់បានចុះហត្ថលេខា។ ដោយប្រថុយជីវិតនឹងសេចក្ដីស្លាប់ក្នុងអំឡុងការប្រល័យពូជសាសន៍នៅប្រទេសរ្វ៉ាន់ដានៅពេលថ្មីៗនេះ សាក្សីព្រះយេហូវ៉ាពីកុលសម្ព័ន្ធធុត្ស៊ី និងកុលសម្ព័ន្ធហ៊ុតធូបានការពារគ្នាទៅវិញទៅមក។ ទុក្ខលំបាកបែបនេះតម្រូវឲ្យមានចិត្តក្លាហាននិងជំនឿ។
សូមចាំថាព្រះយេហូវ៉ានៅជាមួយនឹងយើង!
១៨, ១៩. តើគំរូអ្វីក្នុងគម្ពីរស្តីអំពីជំនឿនិងចិត្តក្លាហាន ដែលអាចជួយយើងឲ្យធ្វើកិច្ចការផ្សព្វផ្សាយ?
១៨ ឥឡូវនេះយើងមានឯកសិទ្ធិដើម្បីរួមចំណែកក្នុងកិច្ចការដ៏អស្ចារ្យបំផុតដែលព្រះបានប្រគល់ឲ្យអ្នកបម្រើរបស់លោកដែលជាមនុស្សជាតិ ពោលគឺការប្រកាសដំណឹងអំពីរាជាណាចក្រនិងបង្រៀនមនុស្សឲ្យក្លាយជាអ្នកកាន់តាមលោកយេស៊ូ។ (ម៉ាថ. ២៤:១៤; ២៨:១៩, ២០) យើងពិតជាដឹងគុណមែនចំពោះលោកយេស៊ូដែលបានទុកគំរូដ៏អស្ចារ្យឲ្យយើង! លោកបាន«ចាប់ផ្ដើមធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ហើយពីភូមិមួយទៅភូមិមួយ ដោយផ្សព្វផ្សាយនិងប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»។ (លូក. ៨:១) ដូចលោកយេស៊ូ យើងត្រូវមានជំនឿនិងចិត្តក្លាហានដើម្បីផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្រ។ ដោយមានជំនួយពីព្រះ យើងអាចមានចិត្តក្លាហានដូចណូអេដែលជាអ្នក«ផ្សព្វផ្សាយអំពីសេចក្ដីសុចរិត»យ៉ាងអង់អាចដល់«ពិភពលោកនៃមនុស្សទុច្ចរិត»ដែលហៀបនឹងត្រូវបំផ្លាញដោយទឹកជន់លិចពិភពលោក។—២ពេ. ២:៤, ៥
១៩ ការអធិដ្ឋានជួយយើងឲ្យធ្វើកិច្ចការផ្សព្វផ្សាយ។ អ្នកកាន់តាមលោកយេស៊ូខ្លះដែលបានទទួលការបៀតបៀនបានអធិដ្ឋានសុំឲ្យពួកគេអាចបន្ត«ប្រកាសបណ្ដាំរបស់លោកដោយសេចក្ដីក្លាហាន» ហើយព្រះបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់ពួកគេ។ (សូមអាន សកម្មភាព ៤:២៩-៣១) ប្រសិនបើអ្នកមិនហ៊ានផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ សូមអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកឲ្យមានជំនឿនិងចិត្តក្លាហានកាន់តែខ្លាំងឡើង ហើយលោកនឹងជួយអ្នក។—សូមអាន ទំនុកតម្កើង ៦៦:១៩, ២០a
២០ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា តើយើងមានការគាំទ្រពីអ្នកណាខ្លះ?
២០ មិនមែនជាការងាយស្រួលទេដែលយើងបន្តធ្វើតាមបំណងប្រាថ្នារបស់ព្រះក្នុងពិភពលោកដ៏អាក្រក់នេះ។ ប៉ុន្តែ យើងមិនមែនតែឯងទេ។ ព្រះនៅជាមួយនឹងយើង។ បុត្ររបស់លោកជាប្រមុខនៃក្រុមជំនុំក៏នៅជាមួយនឹងយើងដែរ។ យើងក៏មានសាក្សីព្រះយេហូវ៉ាជាបងប្អូនរួមជំនឿជាង៧.០០០.០០០នាក់នៅទូទាំងពិភពលោក។ ចូរយើងបន្តបង្ហាញជំនឿនិងប្រកាសដំណឹងល្អ កាលដែលយើងចាំជានិច្ចអំពីបទគម្ពីរប្រចាំឆ្នាំ២០១៣ដែលថា៖ ‹ចូរឲ្យមានកំឡាំងនិងចិត្តក្លាហាន ព្រះយេហូវ៉ាជាព្រះនៃអ្នក លោកគង់ជាមួយនឹងអ្នក›។—យ៉ូស. ១:៩
a សូមមើលបន្ថែមនូវគំរូនៃជំនឿនិងចិត្តក្លាហានក្នុងអត្ថបទ‹ចូរមានកម្លាំងនិងចិត្តក្លាហាន›នៅក្នុងទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២។