តើអ្នកស្ថិតក្នុងចំណោមអ្នកដែលព្រះស្រឡាញ់ឬទេ?
«អ្នកដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំនោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ»។—យ៉ូហាន ១៤:២១
១, ២. (ក) តើព្រះយេហូវ៉ាបានបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះមនុស្សជាតិយ៉ាងដូចម្ដេច? (ខ) តើព្រះយេស៊ូបានផ្ដើមធ្វើពិធីអ្វីនៅវេលាយប់ថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ស.យ.?
ព្រះយេហូវ៉ាស្រឡាញ់មនុស្សជាតិដែលទ្រង់បានបង្កើតនោះ។ ជាការពិត ព្រះទ្រង់ស្រឡាញ់មនុស្ស«ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។ (យ៉ូហាន ៣:១៦) ដោយគិតអំពីពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ព្រះគ្រីស្ទ ដែលទើបតែកន្លងផុតទៅហើយនោះ គ្រីស្ទានពិតត្រូវមានសតិសម្បជញ្ញៈដឹងថា ព្រះយេហូវ៉ា‹ស្រឡាញ់យើងហើយបានចាត់ព្រះរាជបុត្រាទ្រង់ឲ្យមក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង›។—យ៉ូហានទី១ ៤:១០
២ នៅវេលាយប់នាថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ស.យ.នោះ ព្រះយេស៊ូនិងសាវ័ក១២នាក់របស់ទ្រង់បានជួបជុំគ្នានៅបន្ទប់ខាងលើមួយនៅទីក្រុងយេរូសាឡិម ដើម្បីធ្វើបុណ្យរំលងដែលគេប្រារព្ធឡើងដើម្បីរំឭកនូវការរំដោះជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបមក។ (ម៉ាថាយ ២៦:១៧-២០) ក្រោយព្រះយេស៊ូបានប្រារព្ធពិធីបុណ្យរបស់សាសន៍យូដានេះរួចហើយ ទ្រង់បានអនុញ្ញាតឲ្យយូដាសអ៊ីស្ការីយ៉ុតចេញទៅ រួចទ្រង់ផ្ដើមធ្វើពិធីលៀងមួយទៀត ដែលនឹងក្លាយជាពិធីបុណ្យរបស់ជនគ្រីស្ទានដើម្បីរំឭកនូវការសោយទិវង្គតរបស់ព្រះគ្រីស្ទ។a ព្រះយេស៊ូនិងសាវ័ក១១នាក់បានទទួលទានអាហារជាមួយគ្នាដែលបញ្ជាក់នូវមេត្រីភាព ដោយប្រើនំប៉័ងឥតដំបែនិងស្រាក្រហមជាវត្ថុតំណាងរូបកាយនិងព្រះលោហិតរបស់ព្រះយេស៊ូ។ ម៉ាថាយ ម៉ាកុស លូកា យ៉ូហាន ដែលបានសរសេរសៀវភៅដំណឹងល្អបានរៀបរាប់យ៉ាងល្អិតល្អន់អំពីបែបបទនៃពិធីនេះ និងសាវ័កប៉ុលបានហៅពិធីនេះជា«លៀងបរិសុទ្ធនៃព្រះអម្ចាស់»។—កូរិនថូសទី១ ១១:២០; ម៉ាថាយ ២៦:២៦-២៨; ម៉ាកុស ១៤:២២-២៥; លូកា ២២:១៩, ២០
៣. តើយ៉ាងដូចម្ដេចដែលកំណត់ហេតុរបស់យ៉ូហានស្តីពីពេលចុងក្រោយដែលព្រះយេស៊ូបានជួបជុំជាមួយសិស្សរបស់ទ្រង់នៅបន្ទប់ខាងលើនោះ គឺខុសគ្នាពីកំណត់ហេតុរបស់អ្នកឯទៀត?
៣ គួរឲ្យចាប់អារម្មណ៍មែន ដែលសាវ័កយ៉ូហានមិនបានរៀបរាប់អំពីការហុចនំប៉័ងនិងស្រាទេ នេះប្រហែលជាដោយព្រោះទំរាំដល់ពេលគាត់សរសេរសៀវភៅដំណឹងល្អរបស់ខ្លួននោះ(ប្រមាណឆ្នាំ៩៨ស.យ.) ពិធីនេះត្រូវប្រារព្ធដោយគ្រីស្ទានទូទៅនៅសម័យដើមរួចទៅហើយ។ (កូរិនថូសទី១ ១១:២៣-២៦) ក៏ប៉ុន្តែ ដោយមានការណែនាំពីព្រះនោះ មានតែយ៉ូហានដែលបានផ្ដល់ពត៌មានសំខាន់ៗ ស្តីពីអ្វីដែលព្រះយេស៊ូបានប្រព្រឹត្តមុននិងភ្លាមៗក្រោយទ្រង់បានផ្ដើមធ្វើពិធីបុណ្យរំឭកនូវការសោយទិវង្គតរបស់ទ្រង់។ ពត៌មានល្អិតល្អន់ដ៏គួរឲ្យរំភើបចិត្តនេះ គឺពេញអស់ប្រាំជំពូកក្នុងសៀវភៅដំណឹងល្អរបស់យ៉ូហាន។ នោះបញ្ជាក់យ៉ាងច្បាស់ឲ្យដឹងថាព្រះស្រឡាញ់មនុស្សបែបណា។ យើងសូមពិចារណាយ៉ូហាន ជំពូក១៣ដល់១៧។
ចូររៀនពីសេចក្ដីស្រឡាញ់ដ៏គួរឲ្យត្រាប់តាមរបស់ព្រះយេស៊ូ
៤. (ក) តើយ៉ូហានបានបញ្ជាក់សាច់រឿងនៃការប្រជុំរបស់ព្រះយេស៊ូជាមួយនឹងសិស្សទ្រង់ ពេលទ្រង់ផ្ដើមធ្វើពិធីបុណ្យរំឭកយ៉ាងដូចម្ដេច? (ខ) តើអ្វីជាមូលហេតុសំខាន់មួយដែលព្រះយេហូវ៉ាស្រឡាញ់ព្រះយេស៊ូ?
៤ សេចក្ដីស្រឡាញ់ជាសាច់រឿងដែលលេចធ្លោក្នុងជំពូកទាំងប៉ុន្មាននេះ ដែលចែងនូវឱវាទដែលព្រះយេស៊ូបានផ្ដែផ្ដាំដល់សិស្សរបស់ទ្រង់។ តាមពិត ប្រភេទផ្សេងៗនៃពាក្យ«ស្រឡាញ់»នោះមាន៣១ដងក្នុងជំពូកទាំងប៉ុន្មាននេះ។ សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះយេស៊ូចំពោះព្រះយេហូវ៉ាជាព្រះវរបិតារបស់ទ្រង់ និងចំពោះសិស្សរបស់ទ្រង់គឺសឲ្យឃើញក្នុងជំពូកទាំងប៉ុន្មាននេះជាងនៅកន្លែងណាផ្សេងទៀត។ សេចក្ដីស្រឡាញ់របស់ព្រះយេស៊ូចំពោះព្រះយេហូវ៉ាអាចត្រូវមើលឃើញក្នុងសៀវភៅដំណឹងល្អទាំងអស់ដែលបញ្ជាក់អំពីព្រះជន្មរបស់ទ្រង់ ប៉ុន្តែមានតែយ៉ូហានទេដែលកត់ព្រះបន្ទូលរបស់ព្រះយេស៊ូថា៖ ‹ខ្ញុំស្រឡាញ់ព្រះវរបិតា›។ (យ៉ូហាន ១៤:៣១) ព្រះយេស៊ូក៏បានមានបន្ទូលថាព្រះយេហូវ៉ាស្រឡាញ់ទ្រង់ដែរ និងបានពន្យល់នូវមូលហេតុដែលព្រះយេហូវ៉ាស្រឡាញ់ទ្រង់។ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ»។ (យ៉ូហាន ១៥:៩, ១០) ពិតណាស់ ព្រះយេហូវ៉ាស្រឡាញ់រាជបុត្រារបស់ទ្រង់ដោយព្រោះព្រះយេស៊ូស្ដាប់បង្គាប់តាមយ៉ាងសព្វគ្រប់។ នេះជាគំរូដ៏ល្អណាស់ហ្ន៎! សំរាប់អស់អ្នកដែលកាន់តាមព្រះយេស៊ូគ្រីស្ទ!
៥. តើព្រះយេស៊ូបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះសិស្សទ្រង់យ៉ាងដូចម្ដេច?
៥ សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ព្រះយេស៊ូចំពោះអ្នកកាន់តាមទ្រង់នោះ បញ្ជាក់នៅប្រយោគដើមនៃកំណត់ហេតុរបស់យ៉ូហានស្តីពីពេលចុងក្រោយដែលព្រះយេស៊ូបានជួបជាមួយនឹងសាវ័កទ្រង់។ យ៉ូហានរៀបរាប់ថា៖ «កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយនេះទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយនេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត»។ (យ៉ូហាន ១៣:១) នៅរាត្រីកាលដ៏គួរឲ្យចងចាំនោះ ព្រះយេស៊ូបានបង្រៀនមេរៀនមួយដែលពុំអាចភ្លេចបានអំពីការបំរើអ្នកឯទៀតដោយសេចក្ដីស្រឡាញ់។ ទ្រង់បានលាងជើងរបស់គេ។ នេះជាអ្វីដែលគេគួរសុខចិត្តធ្វើសំរាប់ព្រះយេស៊ូនិងបងប្អូនរបស់គេ តែគេមិនបានធ្វើទេ។ ក្រោយព្រះយេស៊ូបានធ្វើកិច្ចការដែលមនុស្សចាត់ទុកថាថោកទាបរួចហើយនោះ ទ្រង់មានបន្ទូលទៅកាន់សិស្សរបស់ទ្រង់ថា៖ «បើខ្ញុំ ដែលជាព្រះអម្ចាស់ ហើយជាគ្រូ បានលាងជើង ឲ្យអ្នករាល់គ្នា នោះគួរតែឲ្យអ្នករាល់គ្នាលាងជើង ដល់គ្នានឹងគ្នាដែរ ដ្បិតខ្ញុំបានធ្វើដំរាប់ទុកឲ្យអ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាត្រាប់តាមការដែលខ្ញុំបានធ្វើឲ្យនោះ»។ (យ៉ូហាន ១៣:១៤, ១៥) គ្រីស្ទានពិតគួរសុខចិត្តថែមទាំងសប្បាយចិត្តបំរើបងប្អូនរបស់គេ។—ម៉ាថាយ ២០:២៦, ២៧; យ៉ូហាន ១៣:១៧
ចូរអនុវត្តតាមបញ្ញត្ដិថ្មី
៦, ៧. (ក) តើយ៉ូហានបញ្ជាក់ពត៌មានល្អិតល្អន់អ្វីអំពីការផ្ដើមធ្វើពិធីបុណ្យរំឭក? (ខ) តើព្រះយេស៊ូបានបង្គាប់សិស្សរបស់ទ្រង់ឲ្យកាន់តាមបញ្ញត្ដិថ្មីអ្វី? ហើយហេតុអ្វីនេះជាបញ្ញត្ដិថ្មី?
៦ កំណត់ហេតុរបស់យ៉ូហានអំពីអ្វីដែលកើតឡើងនៅបន្ទប់ខាងលើនៅរាត្រីថ្ងៃទី១៤ ខែណែសាន គឺជាកំណត់ហេតុតែមួយគត់ដែលបញ្ជាក់អំពីការចាកចេញរបស់យូដាសអ៊ីស្ការីយ៉ុតយ៉ាងច្បាស់ក្រឡែត។ (យ៉ូហាន ១៣:២១-៣០) បើសិនជាយើងប្រៀបធៀបកំណត់ហេតុក្នុងសៀវភៅដំណឹងល្អទាំងអស់នោះ យើងអាចឃើញថាព្រះយេស៊ូបានផ្ដើមធ្វើពិធីបុណ្យរំឭកការសោយទិវង្គតរបស់ទ្រង់ ក្រោយពីយូដាសជាអ្នកក្បត់បានចេញទៅហើយ។ ទ្រង់បានមានបន្ទូលយ៉ាងវែងជាមួយសាវ័កស្មោះត្រង់របស់ទ្រង់ ដោយផ្ដែផ្ដាំនូវឱវាទនិងការណែនាំក្រោយបង្អស់។ ពេលយើងបានរៀបចំខ្លួនមុនពិធីបុណ្យរំឭកនោះ យើងគួរចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្វីដែលព្រះយេស៊ូបានមានបន្ទូលនៅឱកាសនោះ ជាពិសេសដោយព្រោះយើងចង់ស្ថិតក្នុងចំណោមអ្នកដែលព្រះស្រឡាញ់។
៧ ការណែនាំមុនដំបូងដែលព្រះយេស៊ូមានបន្ទូលក្រោយទ្រង់ផ្ដើមពិធីបុណ្យរំឭក គឺជាអ្វីថ្មី។ ទ្រង់មានបន្ទូលថា៖ «ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៤, ៣៥) តើបញ្ញត្តនេះមានអ្វីថ្មី? បន្ដិចក្រោយមកនៅរាត្រីនោះ ព្រះយេស៊ូបានបញ្ជាក់ច្បាស់ថា៖ «នេះជាសេចក្ដីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្ដូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ»។ (យ៉ូហាន ១៥:១២, ១៣) ក្រិត្យវិន័យលោកម៉ូសេបានបង្គាប់អ៊ីស្រាអែលឲ្យ«ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»។ (លេវីវិន័យ ១៩:១៨) ក៏ប៉ុន្តែ បញ្ញត្តរបស់ព្រះយេស៊ូគឺមានលើសពីនោះទៅទៀត។ បណ្ដាគ្រីស្ទានត្រូវស្រឡាញ់គ្នាដូចជាព្រះគ្រីស្ទបានស្រឡាញ់គេដែរ ទាំងសុខចិត្តលះបង់ជីវិតខ្លួនដើម្បីបងប្អូនរបស់គេ។
៨. (ក) តើសេចក្ដីស្រឡាញ់ដែលជំរុញចិត្តយើងឲ្យស៊ូលះបង់ទាក់ទងនឹងអ្វីខ្លះ? (ខ) តើស្មរបន្ទាល់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ បង្ហាញសេចក្ដីស្រឡាញ់បែបនេះយ៉ាងដូចម្ដេច?
៨ ក្នុងកំឡុងខែបុណ្យរំឭកគឺជាពេលដែលយើងគួរពិចារណានូវចិត្តរបស់ខ្លួនយើងម្នាក់ៗនិងជាក្រុមជំនុំដែរ ដើម្បីដឹងថាតើយើងពិតជាមានសញ្ញាសម្គាល់គ្រីស្ទានពិតជាសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទឬក៏អត់។ សេចក្ដីស្រឡាញ់ដែលជំរុញឲ្យសុខចិត្តលះបង់ជីវិតខ្លួនបែបនេះ ជួនកាលតម្រូវឲ្យគ្រីស្ទានម្នាក់ស៊ូប្រថុយជីវិតខ្លួនជាជាងក្បត់បងប្អូនរបស់គាត់។ ក៏ប៉ុន្តែ តាមធម្មតា នេះរួមបញ្ចូលការសុខចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួនដើម្បីជួយនិងបំរើបងប្អូននិងអ្នកឯទៀត។ សាវ័កប៉ុលជាគំរូដ៏ប្រសើរអំពីរឿងនេះ។ (កូរិនថូសទី២ ១២:១៥; ភីលីព ២:១៧) ស្មរបន្ទាល់ព្រះយេហូវ៉ាត្រូវគេស្គាល់ទូទាំងពិភពលោកជាមនុស្សដែលមានស្មារតីលះបង់ ក្នុងការជួយបងប្អូននិងអ្នកជិតខាងរបស់ខ្លួន ហើយចំណាយកម្លាំង ពេលវេលានិងធនធានរបស់ខ្លួនដើម្បីប្រាប់សេចក្ដីពិតពីព្រះគម្ពីរដល់មនុស្សឯទៀត។b—កាឡាទី ៦:១០
ទំនាក់ទំនងដ៏វិសេសវិសាល
៩. ដើម្បីរក្សាទំនាក់ទំនងដ៏វិសេសវិសាលរបស់យើងជាមួយព្រះនិងរាជបុត្រារបស់ទ្រង់ តើយើងសប្បាយចិត្តធ្វើអ្វី?
៩ គ្មានអ្វីដែលមានតម្លៃខ្ពស់ជាងការស្ថិតក្នុងចំណោមអ្នកដែលព្រះយេហូវ៉ានិងរាជបុត្រាទ្រង់ព្រះយេស៊ូគ្រីស្ទស្រឡាញ់នោះទេ។ ប៉ុន្តែ ដើម្បីទទួលសេចក្ដីស្រឡាញ់នោះ មានអ្វីដែលយើងត្រូវធ្វើ។ នៅវេលាយប់ចុងក្រោយដែលព្រះយេស៊ូនៅជាមួយសិស្សរបស់ទ្រង់ ព្រះយេស៊ូមានបន្ទូលថា៖ «អ្នកណាដែលមានបញ្ញត្តរបស់ខ្ញុំ ហើយកាន់តាម គឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំហើយ ខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសំដែងខ្លួនឲ្យអ្នកនោះស្គាល់ផង»។ (យ៉ូហាន ១៤:២១) ដោយសារយើងចាត់ទុកទំនាក់ទំនងរបស់យើងជាមួយនឹងព្រះនិងរាជបុត្រារបស់ទ្រង់ជាអ្វីដ៏វិសេសវិសាលដូច្នេះ នោះយើងស្ដាប់បង្គាប់បញ្ញត្ដិទ្រង់ដោយចិត្តរីករាយ។ នេះរួមបញ្ចូលបញ្ញត្ដិថ្មីដែលបង្គាប់ឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ដោយស៊ូលះបង់ខ្លួន និងបញ្ញត្ដិរបស់ព្រះយេស៊ូបានមានបន្ទូលមកក្រោយពីទ្រង់បានត្រូវប្រោសឲ្យរស់ឡើងវិញថា៖ «ប្រកាសប្រាប់ដល់បណ្ដាជនទាំងឡាយ ហើយឲ្យធ្វើបន្ទាល់សព្វគ្រប់»ដោយខិតខំ«បញ្ចុះបញ្ចូលឲ្យមានសិស្ស»ចំពោះអ្នកដែលព្រមស្ដាប់តាមដំណឹងល្អ។—កិច្ចការ ១០:៤២; ម៉ាថាយ ២៨:១៩, ២០
១០. តើអ្នកចាក់ប្រេងតាំងនិង«ចៀមឯទៀត»អាចមានទំនាក់ទំនងដ៏វិសេសអ្វី?
១០ លុះក្រោយមកនៅរាត្រីដដែលនោះ ព្រះយេស៊ូបានមានបន្ទូលឆ្លើយសំនួររបស់សាវ័កស្មោះត្រង់ឈ្មោះយូដាស(ឬថាដេ)ថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ នោះព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមកឯអ្នកនោះ ក៏នឹងតាំងទីលំនៅនៅជាមួយដែរ»។ (យ៉ូហាន ១៤:២២, ២៣) សូម្បីតែពេលទ្រង់នៅតែគង់លើផែនដីក៏ដោយ គ្រីស្ទានចាក់ប្រេងតាំងដែលត្រូវហៅឲ្យសោយរាជ្យជាមួយព្រះគ្រីស្ទនៅស្ថានសួគ៌មានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់។ (យ៉ូហាន ១៥:១៥; ១៦:២៧; ១៧:២២; ហេព្រើរ ៣:១; យ៉ូហានទី១ ៣:២, ២៤) ប៉ុន្តែ ពួកសហការីរបស់គេដែលជា«ចៀមឯទៀត»ដែលមានសេចក្ដីសង្ឃឹមរស់នៅលើផែនដីជារៀងរហូតនោះ ក៏មានទំនាក់ទំនងដ៏វិសេសជាមួយនឹង«អ្នកគង្វាលតែ១»របស់គេជាព្រះយេស៊ូគ្រីស្ទ និងជាមួយព្រះរបស់គេជាព្រះយេហូវ៉ាដែរ ដរាបណាគេនៅតែស្ដាប់បង្គាប់។—យ៉ូហាន ១០:១៦; ទំនុកដំកើង ១៥:១-៥; ២៥:១៤
«អ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ»
១១. តើព្រះយេស៊ូបានដាស់តឿនដោយព្រមានសិស្សទ្រង់យ៉ាងណា?
១១ ពេលព្រះយេស៊ូជួបជុំជាមួយសិស្សស្មោះត្រង់មុនទ្រង់សោយទិវង្គតនោះ ព្រះយេស៊ូបានដាស់តឿនគេដោយព្រមានថា បើសិនជាព្រះស្រឡាញ់មនុស្សណាម្នាក់ នោះលោកីយ៍នេះនឹងស្អប់អ្នកនោះ។ ព្រះយេស៊ូបានប្រកាសថា៖ «បើសិនជាលោកីយស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងហើយ ថាគេបានស្អប់ខ្ញុំជាមុន បើអ្នករាល់គ្នាជារបស់ផងលោកីយ នោះលោកីយនឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយមក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយទៀត នោះបានជាលោកីយស្អប់អ្នករាល់គ្នាវិញ ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ»។—យ៉ូហាន ១៥:១៨-២០
១២. (ក) ហេតុអ្វីបានជាព្រះយេស៊ូបានព្រមានសិស្សរបស់ទ្រង់ថាលោកីយ៍នឹងស្អប់ពួកគេ? (ខ) តើយើងទាំងអស់គ្នាយកល្អពិចារណាអ្វី ពេលគិតអំពីបុណ្យរំឭកដែលកន្លងទៅហើយនេះ?
១២ ព្រះយេស៊ូបានព្រមានដូច្នេះ ដើម្បីកុំឲ្យសាវ័ក១១នាក់នេះរួមនិងគ្រីស្ទានពិតទាំងឡាយធ្លាក់ទឹកចិត្ត ហើយឈប់បំរើដោយសារលោកីយ៍ស្អប់ពួកគេ។ ទ្រង់ក៏បានមានបន្ទូលបន្ថែមថា៖ «ខ្ញុំបាននិយាយសេចក្ដីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នាដើម្បីកុំឲ្យអ្នករាល់គ្នារវាតចិត្តឡើយ គេនឹងកាត់អ្នករាល់គ្នាចេញពីជំនុំរបស់គេ ក៏នឹងមានពេលវេលាមក នោះអស់អ្នកណា ដែលសំឡាប់អ្នករាល់គ្នា នឹងគិតស្មានថា ខ្លួនបំរើដល់ព្រះដែរ គេនឹងប្រព្រឹត្តការទាំងនោះ ដល់អ្នករាល់គ្នា ដោយព្រោះគេមិនស្គាល់ព្រះវរបិតាឬខ្ញុំទេ»។ (យ៉ូហាន ១៦:១-៣) វចនាធិប្បាយព្រះគម្ពីរមួយពន្យល់នូវពាក្យបកប្រែថា«រវាតចិត្ត»ក្នុងភាសាដើមមានន័យថា «ធ្វើឲ្យមនុស្សម្នាក់លែងទុកចិត្តនិងលះចោលអ្នកដែលគាត់គួរទុកចិត្តនិងស្ដាប់តាម ឬក៏ធ្វើឲ្យឃ្លាតចាកឆ្ងាយ»។ ដោយគិតអំពីបុណ្យរំឭកកន្លងទៅហើយនេះ យកល្អឲ្យយើងពិចារណានូវខ្សែជីវិតរបស់អ្នកស្មោះត្រង់នៅបច្ចុប្បន្នកាលនេះនិងនៅអតីតកាលដែរ ហើយធ្វើតម្រាប់តាមគំរូរបស់គេស្តីពីការតាំងជំហរមុតមាំពេលជួបនឹងការល្បងល។ កុំបីឲ្យការប្រឆាំងឬការបៀតបៀនធ្វើឲ្យអ្នកលះចោលព្រះយេហូវ៉ានិងព្រះយេស៊ូឡើយ តែផ្ទុយទៅវិញតាំងចិត្តទុកចិត្តទៅលើទ្រង់និងស្ដាប់បង្គាប់។
១៣. តើព្រះយេស៊ូបានអធិស្ឋានសុំអ្វីពីព្រះវរបិតាដោយនៅក្នុងនាមអ្នកកាន់តាមទ្រង់?
១៣ ក្នុងសេចក្ដីអធិស្ឋានចុងបញ្ចប់របស់ព្រះយេស៊ូមុនទ្រង់យាងចេញពីបន្ទប់ខាងលើនៅទីក្រុងយេរូសាឡិមនោះ ទ្រង់មានបន្ទូលទៅកាន់វរបិតារបស់ទ្រង់ថា៖ «ទូលបង្គំបានឲ្យព្រះបន្ទូលទ្រង់ដល់គេ ហើយលោកីយបានស្អប់គេ ពីព្រោះគេមិនមែនជារបស់លោកីយទេ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្ដីអាក្រក់វិញ គេមិនមែនជារបស់ផងលោកីយ ដូចជាទូលបង្គំក៏មិនមែនជារបស់លោកីយដែរ»។ (យ៉ូហាន ១៧:១៤-១៦) យើងអាចប្រាកដថា ព្រះយេហូវ៉ាការពារអស់អ្នកដែលទ្រង់ស្រឡាញ់ ដើម្បីផ្ដល់កម្លាំងចិត្តដល់គេពេលពួកគេរក្សាទុកឲ្យខ្លួននៅដោយឡែកពីលោកីយ៍។—អេសាយ ៤០:២៩-៣១
ចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះវរបិតានិងព្រះរាជបុត្រា
១៤, ១៥. (ក) តើព្រះយេស៊ូបានប្រៀបអង្គទ្រង់ទៅនឹងអ្វី? ហើយតើអ្វីជា‹ដើមទំពាំងជូរអត់ល្អ›? (ខ) តើអ្នកណាជា«ខ្នែង»នៃ«ដើមទំពាំងបាយជូរដ៏ពិត»?
១៤ នៅវេលាយប់ថ្ងៃទី១៤ ខែណែសាន ពេលព្រះយេស៊ូសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយសិស្សស្មោះត្រង់នោះ ព្រះយេស៊ូប្រៀបអង្គទ្រង់ទៅនឹង«ដើមទំពាំងបាយជូរដ៏ពិត»ខុសផ្ទុយពីអ៊ីស្រាអែលមិនស្មោះត្រង់ដែលជា‹ដើមទំពាំងបាយជូរដែលគ្មានផ្លែល្អ›។ ព្រះយេស៊ូមានបន្ទូលថា៖ «ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតាខ្ញុំជាអ្នកដាំ»។ (យ៉ូហាន ១៥:១) រាប់សតវត្សមុននោះ ព្យាការីយេរេមាបានកត់បន្ទូលរបស់ព្រះយេហូវ៉ាទៅកាន់រាស្ត្របះបោររបស់ទ្រង់ថា៖ «អញបានផ្សាំឯងទុកជាទំពាំងបាយជូរសំរាំង . . . ចុះធ្វើដូចម្ដេចឲ្យឯងបានក្លាយទៅជាខ្នែង[«អត់ល្អ», ព.ថ.]របស់ដើមទំពាំងបាយជូរដទៃ ដល់អញដូច្នេះ?»។ (យេរេមា ២:២១) ព្យាការីហូសេបានសរសេរថា៖ «អ៊ីស្រាអែលជាដើមទំពាំងបាយជូរ[«អត់ល្អ», ព.ថ.]ដែលកើតមានផ្លែ គេមានផលកាន់តែច្រើនឡើងយ៉ាងណា . . . ចិត្តគេចែកជាពីរយ៉ាងនោះ»ដែរ។—ហូសេ ១០:១, ២
១៥ អ៊ីស្រាអែលបានក្លាយទៅជាអ្នកក្បត់ជំនឿនិងបង្កើតផលសំរាប់ខ្លួនគេជាជាងបង្កើតផលជាការថ្វាយបង្គំពិត។ បីថ្ងៃមុនព្រះយេស៊ូជួបគ្នាជាលើកចុងក្រោយជាមួយសិស្សស្មោះត្រង់របស់ទ្រង់នោះ ព្រះយេស៊ូមានបន្ទូលប្រាប់អ្នកដឹកនាំសាសនាយូដាដ៏លាក់ពុតនោះថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ»។ (ម៉ាថាយ ២១:៤៣) សាសន៍ថ្មីនោះគឺ«អ៊ីស្រាអែលនៃព្រះ»ជាគ្រីស្ទានចាក់ប្រេងតាំងដែលមានចំនួន១៤៤.០០០នាក់ប្រៀបដូចជា«ខ្នែង»ជាប់នឹង«ដើមទំពាំងបាយជូរដ៏ពិត»គឺជាព្រះយេស៊ូគ្រីស្ទ។—កាឡាទី ៦:១៦; យ៉ូហាន ១៥:៥; វិវរណៈ ១៤:១, ៣
១៦. តើព្រះយេស៊ូបានដាស់តឿនសាវ័ក១១នាក់ដ៏ស្មោះត្រង់របស់ទ្រង់នោះឲ្យធ្វើអ្វី? ហើយតើយើងអាចនិយាយយ៉ាងណាអំពីសំណល់អ្នកចាក់ប្រេងតាំងនៅថ្ងៃជាន់ក្រោយបង្អស់នេះ?
១៦ ព្រះយេស៊ូបានមានបន្ទូលទៅកាន់សិស្សរបស់ទ្រង់នៅបន្ទប់ខាងលើនោះថា៖ «អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នែងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាចុះ! ប្រៀបដូចជាខ្នែង បើមិននៅជាប់នឹងគល់ នោះពុំអាចនឹងបង្កើតផលដោយឯកឯងបានទេ ដូច្នេះអ្នករាល់គ្នាក៏ពុំបានដែរ លើកតែនៅជាប់នឹងខ្ញុំ»។ (យ៉ូហាន ១៥:២, ៤) ប្រវត្ដិសាស្ត្របច្ចុប្បន្នរបស់រាស្ត្រព្រះយេហូវ៉ា សឲ្យឃើញថាសំណល់អ្នកចាក់ប្រេងតាំងពិតជាបាននៅជាប់នឹងសិរសារបស់ពួកគេជាព្រះយេស៊ូគ្រីស្ទ។ (អេភេសូរ ៥:២៣) ពួកគេបានសុខចិត្តឲ្យខ្លួនត្រូវសំរងនិងសំអាត។ (ម៉ាឡាគី ៣:២, ៣) តាំងតែពីឆ្នាំ១៩១៩ ពួកគេបានបង្កើតផលជាច្រើនខាងព្រះរាជាណាចក្រជាផលដំបូងនោះជាគ្រីស្ទានចាក់ប្រេងតាំង និងចាប់ពីឆ្នាំ១៩៣៥មកម្ល៉េះផលផ្លែជាសហការីរបស់គេ គឺ«ហ្វូងយ៉ាងធំ»ដែលកំពុងតែចំរើនឡើង។—វិវរណៈ ៧:៩; អេសាយ ៦០:៤, ៨-១១
១៧, ១៨. (ក) តើបន្ទូលណារបស់ព្រះយេស៊ូជួយអ្នកចាក់ប្រេងតាំងនិងចៀមឯទៀតនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា? (ខ) តើការចូលរួមបុណ្យរំឭកបានជួយយើងធ្វើដូច្នេះយ៉ាងដូចម្ដេច?
១៧ បន្ទូលឯទៀតរបស់ព្រះយេស៊ូក៏ទាក់ទងនឹងអ្នកចាក់ប្រេងតាំងទាំងឡាយនិងពួកសហការីរបស់គេ ពេលទ្រង់មានបន្ទូលថា៖ «ព្រះវរបិតាខ្ញុំបានដំកើងឡើង ដោយសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាបង្កើតផលជាច្រើន យ៉ាងនោះអ្នករាល់គ្នានឹងធ្វើជាសិស្សខ្ញុំមែន។ ខ្ញុំបានស្រឡាញ់អ្នករាល់គ្នា ដូចជាព្រះវរបិតា ទ្រង់ស្រឡាញ់ខ្ញុំដែរ ចូរនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ! បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ»។—យ៉ូហាន ១៥:៨-១០
១៨ យើងទាំងអស់គ្នាចង់នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះ ហើយនេះជំរុញចិត្តយើងឲ្យធ្វើជាគ្រីស្ទានដែលបង្កើតផល។ យើងធ្វើដូច្នេះដោយឆ្លៀតគ្រប់ឱកាសដើម្បីផ្សព្វផ្សាយ«ដំណឹងល្អនេះ ដែលសំដែងពីនគរ»។ (ម៉ាថាយ ២៤:១៤) យើងក៏ខំអស់ពីសមត្ថភាពដើម្បីបង្ហាញ«ផលផ្លែនៃព្រះវិញ្ញាណ»ក្នុងជីវិតរបស់យើង។ (កាឡាទី ៥:២២, ២៣) ការចូលរួមពិធីបុណ្យរំឭកនៃការសោយទិវង្គតរបស់ព្រះគ្រីស្ទបានជួយយើងតាំងចិត្តធ្វើដូច្នេះ ដ្បិតយើងបានត្រូវរំឭកអំពីសេចក្ដីស្រឡាញ់ដ៏លើសលប់ដែលព្រះនិងព្រះគ្រីស្ទមានចំពោះយើង។—កូរិនថូសទី២ ៥:១៤, ១៥
១៩. តើអត្ថបទជាបន្ទាប់នឹងពន្យល់ពីជំនួយបន្ថែមអ្វី?
១៩ ក្រោយព្រះយេស៊ូបានផ្ដើមបុណ្យរំឭកនោះ ទ្រង់សន្យាថាព្រះវរបិតានឹងចាត់«ជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ»ឲ្យដល់អ្នកកាន់តាមទ្រង់ដែលស្មោះត្រង់។ (យ៉ូហាន ១៤:២៦) អត្ថបទជាបន្ទាប់នឹងពន្យល់នូវរបៀបវិញ្ញាណនេះជួយអ្នកចាក់ប្រេងតាំងនិងចៀមឯទៀតឲ្យនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។
[កំណត់សម្គាល់]
a បើសិនជារាប់តាមក្បួនក្នុងព្រះគម្ពីរនោះ ថ្ងៃទី១៤ ខែណែសាន សំរាប់ឆ្នាំ២០០២ បានចាប់ផ្ដើមនាពេលថ្ងៃលិច ដែលចំនឹងថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា។ នៅវេលាយប់នោះ ស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងពិភពលោកបានជួបជុំគ្នាដើម្បីរំឭកនូវការសោយទិវង្គតរបស់ព្រះអម្ចាស់ព្រះយេស៊ូគ្រីស្ទ។
b សូមមើលសៀវភៅជាភាសាអង់គ្លេសចំណងជើងថាស្មរបន្ទាល់ព្រះយេហូវ៉ា—ពួកអ្នកប្រកាសព្រះរាជាណាចក្របោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា ជំពូក១៩និង៣២។
សំនួរដើម្បីរៀនសារឡើងវិញ
• តើព្រះយេស៊ូបានបង្រៀនមេរៀនដ៏ស្រួលអនុវត្តអ្វី ដល់សិស្សទ្រង់ស្តីអំពីការបំរើដោយសេចក្ដីស្រឡាញ់?
• ហេតុអ្វីបានជាក្នុងកំឡុងខែបុណ្យរំឭកគឺជាពេលសមរម្យសំរាប់ការពិនិត្យចិត្តខ្លួន?
• ហេតុអ្វីបានជាការព្រមានរបស់ព្រះយេស៊ូថា លោកីយ៍នឹងស្អប់ហើយបៀតបៀនយើងមិនគួរធ្វើឲ្យយើងរវាតចិត្តនោះ?
• តើអ្នកណាជា«ដើមទំពាំងបាយជូរពិត»? តើអ្នកណាជា«ខ្នែង»? ហើយតើអ្នកទាំងនោះត្រូវធ្វើអ្វី?
[រូបភាពនៅទំព័រ៩]
ព្រះយេស៊ូបានបង្រៀនសាវ័ករបស់ទ្រង់នូវមេរៀន មួយដែលពួកគេបំភ្លេចមិនបានស្តីពីការបំរើ អ្នកឯទៀតដោយសេចក្ដីស្រឡាញ់
[រូបភាពនៅទំព័រ១០, ១១]
សិស្សរបស់ព្រះយេស៊ូស្ដាប់បង្គាប់ទ្រង់ឲ្យបង្ហាញសេចក្ដីស្រឡាញ់ដោយមានស្មារតីលះបង់