តើអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងសព្វថ្ងៃនេះ?
«ហើយមានឮសំឡេងចេញពីពពកនោះថា៖ ‹នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្ដាប់តាមចុះ›»។—ម៉ាថាយ ១៧:៥
១. តើនៅពេលណាដែលក្រិត្យវិន័យបំពេញគោលបំណងរបស់វា?
ព្រះយេហូវ៉ាបានប្រទានឲ្យសាសន៍អ៊ីស្រាអែលនូវក្រិត្យវិន័យ ដែលមានលក្ខណៈជាច្រើន។ ស្តីអំពីក្រិត្យវិន័យ នោះសាវ័កប៉ុលបានសរសេរថា៖ «ដ្បិតមានតែសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ . . . ដែលបង្គាប់មក ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ»។ (ហេព្រើរ ៩:១០) នៅពេលដែលក្រិត្យវិន័យបាននាំពួកអ៊ីស្រាអែលដែលនៅសល់ ឲ្យទទួលយកព្រះយេស៊ូជាព្រះមេស្ស៊ី ឬព្រះគ្រីស្ទ នោះក្រិត្យវិន័យនេះបានបំពេញគោលបំណងហើយ។ ដូច្នេះហើយ ប៉ុលបានប្រកាសថា៖ «ព្រះគ្រីស្ទជាចុងបំផុតនៃក្រិត្យវិន័យ»។—រ៉ូម ១០:៤; កាឡាទី ៣:១៩-២៥; ៤:៤, ៥
២. តើអ្នកណាដែលនៅក្រោមក្រិត្យវិន័យនោះ ហើយតើនៅពេលណាដែលគេរួចផុតពីក្រិត្យវិន័យ?
២ តើនេះមានសេចក្ដីថា ក្រិត្យវិន័យឥតជាប់ទាក់ទងលើយើងសព្វថ្ងៃនេះឬទេ? តាមការពិត មនុស្សលោកភាគច្រើន មិនដែលនៅក្រោមក្រិត្យវិន័យនេះទេ ដូច្នេះអ្នកតែងបទទំនុកដំកើងបានពន្យល់ថា៖ «[ព្រះយេហូវ៉ា]ទ្រង់សំដែងព្រះបន្ទូលដល់យ៉ាកុប ហើយបញ្ញត្ត នឹងច្បាប់របស់ទ្រង់ ដល់អ៊ីស្រាអែល ទ្រង់មិនដែលប្រព្រឹត្តនឹងសាសន៍ណាទៀតយ៉ាងនោះឡើយ ឯច្បាប់ទាំងប៉ុន្មានរបស់ទ្រង់ គេមិនបានស្គាល់ទេ»។ (ទំនុកដំកើង ១៤៧:១៩, ២០) នៅពេលដែលព្រះបានស្ថាបនាកិច្ចព្រមព្រៀងថ្មី ដែលមានមូលដ្ឋានលើយញ្ញបូជារបស់ព្រះយេស៊ូ សូម្បីតែសាសន៍អ៊ីស្រាអែលក៏ឥតមានចាំបាច់គោរពតាមក្រិត្យវិន័យនេះដែរ។ (កាឡាទី ៣:១៣; អេភេសូរ ២:១៥; កូល៉ុស ២:១៣, ១៤, ១៦) បើអ៊ីចឹង ប្រសិនបើក្រិត្យវិន័យលែងដំណើរការ តើព្រះយេហូវ៉ាតម្រូវអ្វីពីអស់អ្នកដែលមានសេចក្ដីប្រាថ្នាចង់បំរើទ្រង់សព្វថ្ងៃនេះ?
អ្វីដែលព្រះយេហូវ៉ាតម្រូវ
៣, ៤. (ក) ជាគោលតើអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងសព្វថ្ងៃនេះ? (ខ) ហេតុអ្វីក៏យើងគួរតែដើរតាមលំអានដានរបស់ព្រះយេស៊ូ?
៣ ក្នុងកំឡុងឆ្នាំក្រោយកិច្ចបំរើរបស់ព្រះយេស៊ូ នោះពួកសាវ័ករបស់ទ្រង់ ពេត្រុស យ៉ាកុប និងយ៉ូហានបានទៅជាមួយទ្រង់ដល់កំពូលភ្នំ ប្រហែលជាជួរភ្នំហ៊ើម៉ូន។ នៅទីនោះ ពួកគេបានឃើញនូវចក្ខុនិមិត្តជាទំនាយមួយអំពីព្រះយេស៊ូ នៅក្នុងសិរីរុងរឿងដ៏អស្ចារ្យរបស់ទ្រង់ ហើយបានឮបន្ទូលរបស់ព្រះប្រកាសថា៖ «នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្ដាប់តាមចុះ»។ (ម៉ាថាយ ១៧:១-៥) ជាគោល នេះហើយជាអ្វីដែលព្រះយេហូវ៉ាកំពុងតែតម្រូវពីយើង គឺឲ្យស្ដាប់តាមរាជបុត្រារបស់ទ្រង់ ហើយធ្វើតាមគំរូនិងការបង្រៀនរបស់ទ្រង់។ (ម៉ាថាយ ១៦:២៤) ដូច្នេះហើយ សាវ័កពេត្រុសបានសរសេរថា៖ «ព្រះគ្រីស្ទក៏បានរងទុក្ខជំនួសយើងដែរទាំងទុកដំរាប់ ឲ្យយើងរាល់គ្នាដើរតាមលំអានដាននៃទ្រង់»។—ពេត្រុសទី១ ២:២១
៤ ហេតុអ្វីក៏យើងត្រូវដើរតាមលំអានដានរបស់ព្រះយេស៊ូ? ពីព្រោះដោយយកតម្រាប់តាមទ្រង់ នោះយើងយកតម្រាប់តាមព្រះយេហូវ៉ា។ ព្រះយេស៊ូស្គាល់ព្រះវរបិតាយ៉ាងជិតស្និទ្ធ ដោយបានចំណាយពេលជាច្រើនឆ្នាំដែលមិនអាចរាប់បាន ជាមួយនឹងទ្រង់នៅលើស្ថានសួគ៌ មុននឹងទ្រង់យាងមកផែនដីនេះ។ (សុភាសិត ៨:២២-៣១; យ៉ូហាន ៨:២៣; ១៧:៥; កូល៉ុស ១:១៥-១៧) កាលដែលនៅលើផែនដី ព្រះយេស៊ូបានតំណាងព្រះវរបិតារបស់ទ្រង់យ៉ាងស្មោះត្រង់។ ទ្រង់បានពន្យល់ថា៖ «ខ្ញុំនិយាយសេចក្ដីទាំងនេះ តាមដែលព្រះវរបិតាបានបង្រៀនខ្ញុំវិញ»។ តាមការពិត ព្រះយេស៊ូបានយកតម្រាប់តាមព្រះយេហូវ៉ាដូចបេះបិទដល់ម្ល៉េះ ដែលទ្រង់អាចមានបន្ទូលថា៖ «អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ»។—យ៉ូហាន ៨:២៨; ១៤:៩
៥. តើពួកគ្រីស្ទាននៅក្រោមក្រិត្យវិន័យណាមួយ ហើយតើនៅពេលណាដែលក្រិត្យវិន័យនោះបានក្លាយមកសំរាប់ប្រតិបត្ដិនោះ?
៥ តើការស្ដាប់តាមព្រះយេស៊ូនិងយកតម្រាប់តាមទ្រង់ជាប់ទាក់ទងអ្វីខ្លះ? តើនេះមានន័យថានៅក្រោមក្រិត្យវិន័យមួយឬ? ប៉ុលបានសរសេរថា៖ «ខ្ញុំមិនមែននៅក្រោមបន្ទុកក្រិត្យវិន័យទេ»។ លោកបានសំដៅទៅឯ‹កិច្ចព្រមព្រៀងចាស់› ជាកិច្ចព្រមព្រៀងខាងក្រិត្យវិន័យដែលបានធ្វើឡើងជាមួយនឹងសាសន៍អ៊ីស្រាអែល។ ប៉ុលបានទទួលស្គាល់ថា«នៅក្នុងក្រិត្យវិន័យព្រះគ្រីស្ទ»។ (កូរិនថូសទី១ ៩:២០, ២១; កូរិនថូសទី២ ៣:១៤) ដោយកិច្ចព្រមព្រៀងខាងក្រិត្យវិន័យចាស់ចប់ហើយ នោះ‹កិច្ចព្រមព្រៀងថ្មី›មួយក៏បានក្លាយមកសំរាប់ឲ្យប្រតិបត្ដិតាមគឺជា«ក្រិត្យវិន័យព្រះគ្រីស្ទ» ដែលពួកអ្នកបំរើទាំងអស់របស់ព្រះយេហូវ៉ាសព្វថ្ងៃនេះ តម្រូវឲ្យស្ដាប់បង្គាប់តាមនោះ។—លូកា ២២:២០; កាឡាទី ៦:២; ហេព្រើរ ៨:៧-១៣
៦. តើ«ក្រិត្យវិន័យព្រះគ្រីស្ទ» ប្រហែលជាអាចរៀបរាប់យ៉ាងដូចម្ដេច ហើយតើតាមរបៀបណាដែលយើងស្ដាប់បង្គាប់តាមនោះ?
៦ ព្រះយេហូវ៉ាមិនបានធ្វើឲ្យ«ក្រិត្យវិន័យព្រះគ្រីស្ទ» សរសេរតាមបែបបទជាក្រម រៀបចំឡើងតាមផ្នែកផ្សេងៗ ដូចបានធ្វើឡើងជាមួយនឹងកិច្ចព្រមព្រៀងខាងក្រិត្យវិន័យចាស់នោះឡើយ។ ក្រិត្យវិន័យថ្មីនេះសំរាប់ពួកអ្នកកាន់តាមព្រះគ្រីស្ទ មិនរួមបញ្ចូលបញ្ជីយ៉ាងវែងនូវអ្វីដែលធ្វើនិងមិនគួរធ្វើនោះទេ។ ក៏ប៉ុន្តែ តាមបន្ទូលរបស់ទ្រង់ ព្រះយេហូវ៉ាបានរក្សាទុកដំណើររឿងបួនដ៏ទូលំទូលាយ ស្តីអំពីជីវិតនិងការបង្រៀនរបស់រាជបុត្រាទ្រង់។ ម្យ៉ាងវិញទៀត ព្រះបានបណ្ដាលពួកអ្នកកាន់តាមដំបូងខ្លះៗរបស់ព្រះយេស៊ូ ឲ្យផ្ដល់នូវសេចក្ដីបង្គាប់ជាលាយល័ក្ខណ៍អក្សរ ស្តីអំពីមារយាទផ្ទាល់ខ្លួន រឿងខាងក្រុមជំនុំ ចរិយានៅក្នុងក្រុមគ្រួសារ និងរឿងផ្សេងៗទៀត។ (កូរិនថូសទី១ ៦:១៨; ១៤:២៦-៣៥; អេភេសូរ ៥:២១-៣៣; ហេព្រើរ ១០:២៤, ២៥) នៅពេលដែលយើងអនុលោមជីវិតរបស់យើងតាមគំរូនិងការបង្រៀនរបស់ព្រះយេស៊ូគ្រីស្ទ ហើយធ្វើតាមឱវាទនៃពួកសរសេរព្រះគម្ពីរនៅសតវត្សទីមួយ ដែលបានត្រូវបណ្ដាលដោយព្រះ នោះយើងកំពុងតែស្ដាប់បង្គាប់តាម«ក្រិត្យវិន័យព្រះគ្រីស្ទ»។ ព្រះយេហូវ៉ាតម្រូវឲ្យពួកអ្នកបំរើរបស់ទ្រង់សព្វថ្ងៃនេះឲ្យធ្វើអ៊ីចឹង។
សារៈសំខាន់នៃសេចក្ដីស្រឡាញ់
៧. តើតាមរបៀបណាដែលព្រះយេស៊ូបានបញ្ជាក់នូវខ្លឹមសារនៃក្រិត្យវិន័យទ្រង់ ក្នុងកំឡុងធ្វើបុណ្យរំលងចុងក្រោយជាមួយនឹងពួកសាវ័កទ្រង់នោះ?
៧ កាលដែលសេចក្ដីស្រឡាញ់គឺសំខាន់នៅក្រោមក្រិត្យវិន័យក៏ដោយ តែសេចក្ដីស្រឡាញ់ជាគោល ឬក៏ជាលក្ខណៈដ៏សំខាន់បំផុតនៅក្រោមក្រិត្យវិន័យរបស់ព្រះគ្រីស្ទ។ ហេតុការណ៍ពិតនេះបានត្រូវបញ្ជាក់ដោយព្រះយេស៊ូ នៅពេលដែលទ្រង់បានជួបពួកសាវ័ករបស់ទ្រង់ ដើម្បីធ្វើបុណ្យរំលងនៅឆ្នាំ៣៣ ស.យ.។ យោងទៅតាមសេចក្ដីសង្ខេបរបស់សាវ័កយ៉ូហាននូវអ្វីដែលបានកើតឡើងនៅយប់ហ្នឹង នោះបន្ទូលដ៏ស្មោះអស់ពីចិត្តរបស់ព្រះយេស៊ូ រួមបញ្ចូលឯកសារយោង២៨ដងអំពីសេចក្ដីស្រឡាញ់។ នេះបានបញ្ជាក់ដល់ពួកសាវ័កទ្រង់នូវខ្លឹមសារឬគតិនៃក្រិត្យវិន័យរបស់ទ្រង់។ គួរឲ្យសំខាន់ដែរ យ៉ូហានបានចាប់ផ្ដើមរាយការណ៍ ស្តីអំពីព្រឹត្ដិការណ៍នៃរាត្រីដ៏សំខាន់នោះ? ដោយមានប្រសាសន៍ថា៖ «កាលមុនបុណ្យរំលង នោះព្រះយេស៊ូវទ្រង់ជ្រាបថា ពេលកំណត់ ដែលទ្រង់ត្រូវចេញពីលោកីយនេះទៅឯព្រះវរបិតាវិញ បានមកដល់ហើយ ដូច្នេះដែលទ្រង់បានស្រឡាញ់ដល់ពួកទ្រង់នៅក្នុងលោកីយនេះ នោះទ្រង់ក៏ចេះតែស្រឡាញ់គេ ដរាបដល់ចុងបំផុត»។—យ៉ូហាន ១៣:១
៨. (ក) តើមានការបង្ហាញអ្វីអំពីការឈ្លោះប្រកែក ដែលមានឥតដាច់ក្នុងចំណោមពួកសាវ័ក? (ខ) តើព្រះយេស៊ូបានបង្រៀនពួកសាវ័កទ្រង់នូវមេរៀនមួយ អំពីការបន្ទាបខ្លួនយ៉ាងណា?
៨ ព្រះយេស៊ូបានស្រឡាញ់ពួកសាវ័កទ្រង់ ទោះជាទ្រង់បានខំប្រឹងដោយឥតឃើញការមានជោគជ័យដ៏ជាក់លាក់ក៏ដោយ គឺជួយគេឲ្យឈ្នះលើសេចក្ដីប្រាថ្នាដ៏ហួសហេតុរបស់គេស្តីអំពីអំណាចនិងឋានៈនោះ។ ជាយូរខែមុននឹងពួកគេមកដល់ទីក្រុងយេរូសាឡិម «គេបានជជែកគ្នា អំពីអ្នកណាដែលធំជាង»។ ហើយគ្រាន់តែមុនពួកគេបានមកដល់ទីក្រុងនេះ ដើម្បីធ្វើបុណ្យរំលង នោះការឈ្លោះប្រកែកអំពីឋានៈក៏បានផ្ទុះឡើងម្ដងទៀត។ (ម៉ាកុស ៩:៣៣-៣៧; ១០:៣៥-៤៥) ដែលថានេះជាបញ្ហាដែលមានឥតដាច់ គឺបានត្រូវបង្ហាញដោយអ្វីដែលបានកើតឡើង មិនយូរប៉ុន្មានក្រោយពីពួកសាវ័កបានចូលទៅបន្ទប់លើ ដើម្បីចូលរួមនឹងបុណ្យរំលងចុងបំផុតជាមួយគ្នា។ នៅពេលនោះគ្មានអ្នកណាម្នាក់បានឆ្លៀតយកឱកាសដើម្បីផ្ដល់កិច្ចបំរើដ៏រាក់ទាក់ ដែលមានជាទំនៀមទម្លាប់ នៃការលាងជើងឲ្យអ្នកដទៃនោះទេ។ ដើម្បីបង្រៀនពួកគេនូវមេរៀនមួយអំពីការបន្ទាបខ្លួន នោះព្រះយេស៊ូទ្រង់បានលាងជើងឲ្យពួកគេ។—យ៉ូហាន ១៣:២-១៥; ធីម៉ូថេទី១ ៥:៩, ១០
៩. តើតាមរបៀបណាដែលព្រះយេស៊ូប្រឈមដោះស្រាយនឹងស្ថានការណ៍ ដែលបានកើតឡើងក្រោយពីបុណ្យរំលងចុងក្រោយនោះ?
៩ ថ្វីបើបានទទួលមេរៀននោះ ក្រោយពីបានធ្វើបុណ្យរំលងហើយ បន្ទាប់មកព្រះយេស៊ូបានប្រារព្ធពិធីបុណ្យរំឭកនៃការសោយទិវង្គតដែលជិតមកដល់ ចូរកត់សម្គាល់នូវអ្វីដែលបានកើតឡើងម្ដងទៀត។ សៀវភៅដំណឹងល្អរបស់លូកាចែងថា៖ «ក៏កើតមានសេចក្ដីទាស់ទែងគ្នា អំពីអ្នកណាដែលរាប់ជាធំជាងគេ»។ ជាជាងមានសេចក្ដីខ្ញាល់នឹងពួកសាវ័ក ហើយស្តីបន្ទោសឲ្យគេ នោះព្រះយេស៊ូបានឲ្យឱវាទយ៉ាងសប្បុរស អំពីតម្រូវការឲ្យខុសប្លែកពីពួកអ្នកគ្រប់គ្រងនៃលោកីយ៍ ដែលល្មោភតែអំណាចនោះ។ (លូកា ២២:២៤-២៧) រួចមក ទ្រង់ក៏ផ្ដល់នូវអ្វីមួយ ដែលប្រហែលជាអាចហៅថា ថ្មជ្រុងនៃក្រិត្យវិន័យរបស់ព្រះគ្រីស្ទ ដោយមានបន្ទូលថា៖ «ខ្ញុំឲ្យសេចក្ដីបញ្ញត្ត១ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ»។—យ៉ូហាន ១៣:៣៤
១០. តើបទបញ្ជាអ្វីដែលព្រះយេស៊ូបានប្រទានឲ្យដល់ពួកសិស្សទ្រង់ ហើយតើនេះជាប់ទាក់ទងអ្វីខ្លះ?
១០ ក្រោយមកក្នុងរាត្រីនោះ ព្រះយេស៊ូបានចង្អុលប្រាប់នូវសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ នេះគួរតែមានដល់កំរិតណា។ ទ្រង់បានមានបន្ទូលថា៖ «នេះជាសេចក្ដីបញ្ញត្តរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រឡាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្ដូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ»។ (យ៉ូហាន ១៥:១២, ១៣) តើព្រះយេស៊ូកំពុងតែមានបន្ទូលថា ពួកអ្នកកាន់តាមទ្រង់គួរតែសុខចិត្តស្លាប់ជាប្រយោជន៍នៃអ្នកជឿគ្នីគ្នា ប្រសិនបើមានសេចក្ដីតម្រូវឲ្យធ្វើនោះឬ? នេះហើយជាការយល់របស់យ៉ូហាន ដែលជាសាក្សីនៅគ្រានោះ ដ្បិតក្រោយមកគាត់បានសរសេរថា៖ «ដោយសារសេចក្ដីនេះ យើងរាល់គ្នាបានស្គាល់សេចក្ដីស្រឡាញ់ គឺដោយទ្រង់[ព្រះយេស៊ូគ្រីស្ទ]បានស៊ូប្ដូរព្រះជន្មទ្រង់ជំនួសយើង ដូច្នេះ គួរឲ្យយើងប្ដូរជីវិតយើងជំនួសបងប្អូនដែរ»។—យ៉ូហានទី១ ៣:១៦
១១. (ក) តើយើងបំពេញតាមក្រិត្យវិន័យរបស់ព្រះគ្រីស្ទយ៉ាងដូចម្ដេច? (ខ) តើព្រះយេស៊ូប្រទានឲ្យនូវគំរូអ្វី?
១១ ដូច្នេះយើងមិនបំពេញតាមក្រិត្យវិន័យរបស់ព្រះគ្រីស្ទ ដោយគ្រាន់តែបង្រៀនអ្នកដទៃអំពីទ្រង់នោះទេ។ យើងក៏ត្រូវតែរស់នៅហើយកាន់មារយាទដូចព្រះយេស៊ូដែរ។ ពិតមែន ព្រះយេស៊ូបានប្រើពាក្យបន្ទូលយ៉ាងពីរោះ ដែលបានជ្រើសរើសត្រឹមត្រូវនៅក្នុងសុន្ទរកថារបស់ទ្រង់។ ក៏ប៉ុន្តែ ទ្រង់ក៏បានបង្រៀនដោយគំរូផងដែរ។ ទោះជាព្រះយេស៊ូធ្លាប់ជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លានៅក្នុងស្ថានសួគ៌ក៏ដោយ នោះទ្រង់បានឆ្លៀតយកនូវឱកាសដើម្បីបំរើប្រយោជន៍របស់ព្រះវរបិតាទ្រង់នៅលើផែនដី ហើយដើម្បីបង្ហាញនូវរបៀបដែលយើងត្រូវរស់នៅ។ ទ្រង់មានព្រះទ័យរាបទាប សប្បុរស និងចេះគិតដល់អ្នកដទៃ ជួយអស់អ្នកដែលបានមានបន្ទុកនិងបានត្រូវជិះជាន់។ (ម៉ាថាយ ១១:២៨-៣០; ២០:២៨; ភីលីព ២:៥-៨; យ៉ូហានទី១ ៣:៨) ហើយព្រះយេស៊ូបានដាស់តឿនពួកអ្នកកាន់តាមទ្រង់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក ដូចជាទ្រង់បានស្រឡាញ់ពួកគេ។
១២. ហេតុអ្វីក៏អាចនិយាយថា ក្រិត្យវិន័យរបស់ព្រះគ្រីស្ទមិនបន្ថយនូវតម្រូវការនៃការស្រឡាញ់ព្រះយេហូវ៉ានោះ?
១២ តើការស្រឡាញ់ព្រះយេហូវ៉ា ដែលជាបទបញ្ជាដ៏សំខាន់បំផុត មានយ៉ាងឋាន:បែបណានៅក្នុងក្រិត្យវិន័យរបស់ព្រះគ្រីស្ទ? (ម៉ាថាយ ២២:៣៧, ៣៨; កាឡាទី ៦:២) តើមានសារៈសំខាន់ទីពីរឬ? គឺអត់ទាល់តែសោះ! ការស្រឡាញ់ព្រះយេហូវ៉ានិងសេចក្ដីស្រឡាញ់បងប្អូនគ្រីស្ទានរបស់យើង គឺជាប់គ្នាដែលមិនអាចផ្ដាច់ចេញពីគ្នាបាន។ បុគ្គលម្នាក់មិនអាចពិតជាស្រឡាញ់ព្រះយេហូវ៉ា ដោយឥតស្រឡាញ់បងប្អូនរបស់គាត់នោះឡើយ ដ្បិតសាវ័កយ៉ូហានបានកត់សម្គាល់ថា៖ «បើអ្នកណាថា៖ ‹ខ្លួនស្រឡាញ់ព្រះ› តែស្អប់ដល់បងប្អូនវិញ អ្នកនោះជាអ្នកកុហក ដ្បិតអ្នកណាដែលមិនស្រឡាញ់បងប្អូន ដែលបានមើលឃើញទៅហើយ នោះធ្វើដូចម្ដេចឡើយ ឲ្យស្រឡាញ់ដល់ព្រះ ដែលមើលមិនឃើញទៅបាន»។—យ៉ូហានទី១ ៤:២០; ប្រៀបមើល យ៉ូហានទី១ ៣:១៧, ១៨
១៣. តើមានឥទ្ធិពលយ៉ាងណាដោយសារពួកសិស្សស្ដាប់បង្គាប់តាមបញ្ញត្តថ្មីរបស់ព្រះយេស៊ូ?
១៣ នៅពេលដែលព្រះយេស៊ូបានប្រទានឲ្យសិស្សទ្រង់នូវបទបញ្ជាថ្មី ដើម្បីឲ្យស្រឡាញ់គ្នាទៅវិញទៅមកដូចទ្រង់បានស្រឡាញ់គេ នោះទ្រង់បានរៀបរាប់នូវឥទ្ធិពលដែលនេះនឹងមាន។ ទ្រង់បានមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) យោងទៅតាមធូថឺលាន ដែលបានរស់នៅជាងមួយរយឆ្នាំក្រោយពីព្រះយេស៊ូបានសោយទិវង្គត នោះសេចក្ដីស្រឡាញ់ជាបងប្អូននៃពួកគ្រីស្ទានសម័យដើម គឺមានឥទ្ធិពលបែបនោះមែន។ លោកធូថឺលានបានស្រង់ពាក្យរបស់ពួកអ្នកមិនកាន់សាសនាគ្រីស្ទាន ដែលពួកគេនិយាយអំពីពួកអ្នកកាន់តាមរបស់ព្រះគ្រីស្ទថា៖ ‹ឃើញនូវរបៀបដែលគេស្រឡាញ់គ្នាទៅវិញទៅមក និងនូវរបៀបដែលគេប្រុងនឹងស្លាប់សំរាប់គ្នា›។ យើងប្រហែលជាសួរខ្លួនយើងថា ‹តើខ្ញុំបង្ហាញសេចក្ដីស្រឡាញ់បែបនេះសំរាប់គ្រីស្ទានគ្នីគ្នា ដែលជាភស្តុតាងថាខ្ញុំជាសិស្សម្នាក់របស់ព្រះយេស៊ូឬទេ›?
របៀបដែលយើងបង្ហាញភស្តុតាងនូវសេចក្ដីស្រឡាញ់របស់យើង
១៤, ១៥. តើអ្វីដែលប្រហែលជាធ្វើឲ្យពិបាកនឹងគោរពតាមក្រិត្យវិន័យរបស់ព្រះគ្រីស្ទ ក៏ប៉ុន្តែតើអ្វីដែលអាចជួយយើងឲ្យធ្វើដូច្នេះ?
១៤ គឺជាការចាំបាច់ដែលពួកអ្នកបំរើរបស់ព្រះយេហូវ៉ា សម្ដែងសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ។ ក៏ប៉ុន្តែ តើអ្នកមានការពិបាកនឹងបង្ហាញសេចក្ដីស្រឡាញ់ដល់គ្រីស្ទានគ្នីគ្នា ដែលមានលក្ខណៈដ៏កំណាញ់ឬទេ? បើអ៊ីចឹង ដូចជាយើងបានឃើញមកហើយ សូម្បីតែពួកសាវ័កក៏បានប្រកែក ហើយបានខំបណ្ដុះបណ្ដាលនូវផលប្រយោជន៍របស់គេដែរ។ (ម៉ាថាយ ២០:២០-២៤) ពួកកាឡាទីក៏បានឈ្លោះគ្នាដែរ។ ក្រោយពីបានចង្អុលប្រាប់ថា សេចក្ដីស្រឡាញ់នៃអ្នកជិតខាងបានបំពេញក្រិត្យវិន័យ នោះប៉ុលបានព្រមានពួកគេថា៖ «បើអ្នករាល់គ្នាចេះតែប្រខាំ ហើយហែកគ្នាស៊ីទៅវិញទៅមក នោះត្រូវប្រយ័តចុះ ក្រែងលោវិនាសអស់រលីងទៅ»។ ក្រោយពីធ្វើឲ្យឃើញនូវភាពខុសគ្នា រវាងកិច្ចការខាងសាច់ឈាមជាមួយនឹងផលផ្លែនៃព្រះវិញ្ញាណរបស់ព្រះ នោះប៉ុលបានបន្ថែមសេចក្ដីដាស់តឿននេះថា៖ «កុំឲ្យយើងរាល់គ្នារកកេរ្ដិ៍ឈ្មោះ ដែលឥតប្រយោជន៍ ទាំងចាក់រុក ហើយឈ្នានីសគ្នាទៅវិញទៅមកឡើយ»។ រួចមក សាវ័កប៉ុលក៏បានដាស់តឿនថា៖ «ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រិត្យវិន័យនៃព្រះគ្រីស្ទ»។—កាឡាទី ៥:១៤–៦:២
១៥ ដោយតម្រូវនូវការស្ដាប់បង្គាប់នឹងក្រិត្យវិន័យរបស់ព្រះគ្រីស្ទ តើព្រះយេហូវ៉ាកំពុងតម្រូវពីយើងច្រើនពេកឬ? ថ្វីបើប្រហែលជាពិបាកដោយមានចិត្តសប្បុរសដល់អស់អ្នក បើនិយាយឲ្យចំទៅចំពោះអ្នកដែលបាននិយាយដ៏ទ្រគោះនឹងយើង ហើយបានធ្វើឲ្យយើងមានគ្រោះថ្នាក់ខាងអារម្មណ៍ក៏ដោយ តែយើងបានត្រូវតម្រូវឲ្យ«ត្រាប់តាមព្រះ ដូចជាកូនស្ងួនភ្ងា ហើយដើរក្នុងសេចក្ដីស្រឡាញ់»។ (អេភេសូរ ៥:១, ២) យើងត្រូវការបន្តមើលនូវគំរូរបស់ព្រះ ដែល«សំដែងសេចក្ដីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង»។ (រ៉ូម ៥:៨) ដោយការផ្ដើមគំនិតចាត់វិធានការដើម្បីជួយអ្នកដទៃ រួមបញ្ចូលពួកអ្នកដែលធ្វើទុក្ខទោសដល់យើង នោះយើងអាចមានសេចក្ដីស្កប់ស្កល់ ដោយដឹងថាយើងកំពុងតែយកតម្រាប់តាមព្រះ ហើយមានចិត្តស្ដាប់បង្គាប់តាមក្រិត្យវិន័យរបស់ព្រះគ្រីស្ទ។
១៦. តើតាមរបៀបណាដែលយើងបង្ហាញភស្តុតាងនូវសេចក្ដីស្រឡាញ់របស់យើង ចំពោះព្រះនិងព្រះគ្រីស្ទនោះ
១៦ យើងគួរតែនឹកចាំថា យើងបង្ហាញភស្តុតាងនូវសេចក្ដីស្រឡាញ់របស់យើង ដោយអ្វីដែលយើងធ្វើ មិនគ្រាន់តែអ្វីដែលយើងនិយាយនោះទេ។ នៅពេលមួយ សូម្បីតែព្រះយេស៊ូក៏បានឃើញថាលក្ខណៈមួយនៃបំណងព្រះហឫទ័យរបស់ព្រះ ក៏ពិបាកនឹងទទួលផងដែរ ដោយព្រោះនូវអ្វីៗដែលបានជាប់ទាក់ទងនោះ។ ព្រះយេស៊ូបានអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ បើសិនជាទ្រង់សព្វព្រះហឫទ័យ នោះសូមយកពែងនេះចេញពីទូលបង្គំទៅ»។ ក៏ប៉ុន្តែទ្រង់បានមានបន្ទូលបន្ថែមយ៉ាងលឿនថា៖ «ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ»។ (លូកា ២២:៤២) ទោះជាព្រះយេស៊ូបានរងទុក្ខជាច្រើនយ៉ាងណាក៏ដោយ ក៏ទ្រង់នៅធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះដែរ។ (ហេព្រើរ ៥:៧, ៨) សេចក្ដីស្ដាប់បង្គាប់ជាភស្តុតាងនៃសេចក្ដីស្រឡាញ់របស់យើង ហើយបង្ហាញថាយើងទទួលស្គាល់ថាផ្លូវរបស់ព្រះ គឺប្រសើរបំផុត។ ព្រះគម្ពីរចែងថា៖ «ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់»។ (យ៉ូហានទី១ ៥:៣) ហើយព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកសាវ័កទ្រង់ថា៖ «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ»។—យ៉ូហាន ១៤:១៥
១៧. តើបញ្ញត្តដ៏ពិសេសអ្វីដែលព្រះយេស៊ូបានប្រទានឲ្យដល់ពួកអ្នកកាន់តាមទ្រង់ ហើយតើតាមរបៀបណាដែលយើងដឹងថា វាទាក់ទងនឹងយើងសព្វថ្ងៃនេះ?
១៧ ក្រៅពីបញ្ជាពួកអ្នកកាន់តាមទ្រង់ឲ្យស្រឡាញ់គ្នាទៅវិញទៅមក តើបញ្ញត្តដ៏ពិសេសអ្វីដែលព្រះយេស៊ូបានប្រទានឲ្យគេនោះ? ទ្រង់បានបង្គាប់ឲ្យគេធ្វើកិច្ចការផ្សព្វផ្សាយ ដែលទ្រង់បានបង្ហាត់បង្រៀនពួកគេនោះ។ ពេត្រុសបានមានប្រសាសន៍ថា៖ «ទ្រង់ក៏ផ្ដាំមកយើងរាល់គ្នា ឲ្យប្រកាសប្រាប់ដល់បណ្ដាជនទាំងឡាយ ហើយឲ្យធ្វើបន្ទាល់សព្វគ្រប់»។ (កិច្ចការ ១០:៤២) ព្រះយេស៊ូបានបង្គាប់យ៉ាងជាក់លាក់ថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។ (ម៉ាថាយ ២៨:១៩, ២០; កិច្ចការ ១:៨) ព្រះយេស៊ូបានលាតត្រដាងថាសេចក្ដីបង្គាប់បែបនេះ ក៏ទាក់ទងដល់ពួកអ្នកកាន់តាមទ្រង់សព្វថ្ងៃដែរ នៅក្នុង«គ្រាចុងបំផុត»នេះ។ ដ្បិតទ្រង់បានមានបន្ទូលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ដានីយ៉ែល ១២:៤; ម៉ាថាយ ២៤:១៤) ប្រាកដហើយ គឺជាបំណងព្រះហឫទ័យរបស់ព្រះដែលយើងត្រូវផ្សព្វផ្សាយ។ ក៏ប៉ុន្តែ អ្នកខ្លះប្រហែលជាគិតថា ការតម្រូវឲ្យយើងធ្វើកិច្ចការនេះគឺច្រើនពេក ដែលព្រះតម្រូវពីយើងនោះ។ ក៏ប៉ុន្តែ តើពិតជាអ៊ីចឹងមែនឬ?
ហេតុដែលប្រហែលហាក់ដូចជាពិបាក
១៨. តើយើងគួរតែនឹកចាំអ្វីពេលដែលយើងរងទុក្ខនឹងការធ្វើអ្វី ដែលព្រះយេហូវ៉ាតម្រូវពីយើងនោះ?
១៨ ដូចយើងបានឃើញស្រាប់ហើយ ព្រះយេហូវ៉ាបានតម្រូវឲ្យមនុស្សធ្វើតាមតម្រូវការផ្សេងៗទូទាំងប្រវត្ដិសាស្ត្រ។ ហើយដូចជាអ្វីដែលបានតម្រូវឲ្យគេធ្វើគឺមានខុសៗគ្នា នោះក៏ជាសភាពនៃសេចក្ដីទុក្ខលំបាកដែលគេបានពិសោធន៍គឺមានផ្សេងៗគ្នាដែរ។ បុត្រាដ៏ស្ងួនភ្ងារបស់ព្រះបានរងទុក្ខសេចក្ដីទុក្ខលំបាកជាទីបំផុត ហើយជាយថាហេតុក៏បានត្រូវសោយទិវង្គតតាមរបៀបដ៏ឃោរឃៅណាស់ ដោយព្រោះតែធ្វើអ្វីដែលព្រះបានតម្រូវនោះ។ ក៏ប៉ុន្តែនៅពេលដែលយើងរងទុក្ខពីការធ្វើអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើង នោះយើងគួរតែនឹកចាំថា ទ្រង់មិនមែនជាអ្នកទទួលខុសត្រូវចំពោះសេចក្ដីទុក្ខលំបាករបស់យើងនោះទេ។ (យ៉ូហាន ១៥:១៨-២០; យ៉ាកុប ១:១៣-១៥) ការបះបោររបស់សាតាំងបាននាំឲ្យមានអំពើបាប សេចក្ដីរងទុក្ខវេទនា និងសេចក្ដីស្លាប់ ហើយវាជាអ្នកដែលបានបង្កើតឲ្យមានកាលៈទេសៈ ដែលតែងតែធ្វើឲ្យពិបាកណាស់ ដើម្បីធ្វើអ្វីដែលព្រះយេហូវ៉ាតម្រូវពីពួកអ្នកបំរើរបស់ទ្រង់។—យ៉ូប ១:៦-១៩; ២:១-៨
១៩. ហេតុអ្វីក៏ជាឯកសិទ្ធិមួយក្នុងការធ្វើអ្វីដែលបានតម្រូវពីយើង តាមរយៈបុត្រារបស់ទ្រង់នោះ?
១៩ តាមរយៈបុត្រារបស់ទ្រង់ នោះព្រះយេហូវ៉ាបានដឹកនាំថានៅគ្រាចុងបញ្ចប់នេះ ឲ្យពួកអ្នកបំរើរបស់ទ្រង់ធ្វើការផ្សាយប្រកាសពាសពេញផែនដី ថាជាអ្វីសំរាប់ដោះស្រាយតែមួយគត់ចំពោះសេចក្ដីរងទុក្ខវេទនាទាំងអស់របស់មនុស្ស គឺជាការគ្រប់គ្រងរបស់ព្រះរាជាណាចក្រ។ រដ្ឋាភិបាលនេះរបស់ព្រះនឹងបំបាត់ចោលនូវបញ្ហាទាំងអស់នៅលើផែនដី ដូចជាសង្គ្រាម ឧក្រិដ្ឋកម្ម ភាពក្រីក្រ ភាពចាស់ជរា ជម្ងឺ និងសេចក្ដីស្លាប់។ ព្រះរាជាណាចក្រនេះក៏នឹងនាំឲ្យមានសួនមនោរម្យដ៏រុងរឿងនៅលើផែនដី ដែលសូម្បីតែពួកមនុស្សស្លាប់ក៏បានត្រូវប្រោសឲ្យរស់ឡើងវិញមកដែរ។ (ម៉ាថាយ ៦:៩, ១០; លូកា ២៣:៤៣; កិច្ចការ ២៤:១៥; វិវរណៈ ២១:៣, ៤) នេះគឺជាឯកសិទ្ធិដ៏ល្អយ៉ាងណាទៅហ្ន៎ ក្នុងការប្រកាសដំណឹងល្អអំពីរឿងដូចនេះ! បើអ៊ីចឹងគឺឃើញយ៉ាងច្បាស់ថាឥតមានបញ្ហាជាមួយនឹងអ្វី ដែលព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើនោះទេ។ យើងនឹងប្រឈមមុខនឹងការប្រឆាំង ក៏ប៉ុន្តែអារក្សសាតាំងនិងលោកីយ៍នេះគឺទទួលខុសត្រូវចំពោះរឿងនេះ។
២០. តើតាមរបៀបណាដែលយើងអាចដោះស្រាយនូវការប្រឆាំងណាមួយពីសាតាំងនោះ?
២០ តើតាមរបៀបណាដែលយើងដោះស្រាយដោយជោគជ័យ នូវការប្រឆាំងណាមួយពីសាតាំងនោះ? គឺដោយនឹកចាំនូវពាក្យទាំងនេះ៖ «កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បី ឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលតិះដល់អញ»។ (សុភាសិត ២៧:១១) ព្រះយេស៊ូបានផ្ដល់ឲ្យព្រះយេហូវ៉ានូវចម្លើយនៃការដៀលតិះរបស់សាតាំង ដោយចាកចេញពីសុវត្ថិភាពនៃជីវិតនៅស្ថានសួគ៌ ដើម្បីមកធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតានៅលើផែនដីនេះ។ (អេសាយ ៥៣:១២; ហេព្រើរ ១០:៧) ជាមនុស្សម្នាក់ នោះព្រះយេស៊ូបានស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាកទាំងអស់ ដែលបានដាក់មកលើទ្រង់ ព្រមទាំងសោយទិវង្គតនៅលើបង្គោលឈើទារុណកម្មផង។ ប្រសិនបើយើងធ្វើតាមទ្រង់ដែលជាអ្នកឲ្យគំរូដល់យើង នោះយើងអាចស៊ូទ្រាំនឹងសេចក្ដីរងទុក្ខវេទនា ហើយធ្វើអ្វីៗដែលព្រះយេហូវ៉ាតម្រូវពីយើង។—ហេព្រើរ ១២:១-៣
២១. តើអ្នកមានអារម្មណ៍យ៉ាងណាអំពីសេចក្ដីស្រឡាញ់ ដែលបានបង្ហាញមកដោយព្រះយេហូវ៉ានិងបុត្រារបស់ទ្រង់នោះ?
២១ នេះជាសេចក្ដីស្រឡាញ់យ៉ាងណាទៅហ្ន៎ ដែលព្រះនិងបុត្រារបស់ទ្រង់បានបង្ហាញសំរាប់យើងនោះ! ដោយព្រោះយញ្ញបូជារបស់ព្រះយេស៊ូ នោះមនុស្សលោកដែលចេះស្ដាប់បង្គាប់ មានសេចក្ដីសង្ឃឹមនៃការរស់នៅជានិរន្តរ៍នៅក្នុងសួនមនោរម្យ។ ដូច្នេះកុំអនុញ្ញាតអ្វីឲ្យសោះ មកធ្វើឲ្យស្រអាប់ដល់សេចក្ដីសង្ឃឹមរបស់យើង។ ផ្ទុយទៅវិញ ចូរឲ្យយើងម្នាក់ៗធ្វើតាមអ្វីដែលព្រះយេស៊ូបានធ្វើឲ្យមានលទ្ធភាពនោះ ដូចប៉ុលបាននិយាយថា៖ «ព្រះរាជបុត្រានៃព្រះ . . . ទ្រង់ស្រឡាញ់ខ្ញុំក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ»។ (កាឡាទី ២:២០) ហើយសូមឲ្យយើងបង្ហាញនូវការដឹងគុណដ៏អស់ពីចិត្តដល់ព្រះយេហូវ៉ា ដ៏ជាព្រះរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលទ្រង់មិនដែលតម្រូវច្រើនពេកពីយើងនោះឡើយ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើព្រះយេហូវ៉ាតម្រូវអ្វីពីយើងសព្វថ្ងៃនេះ?
◻ ក្នុងកំឡុងរាត្រីចុងក្រោយជាមួយនឹងពួកសាវ័ក តើព្រះយេស៊ូបានបញ្ជាក់នូវសារៈសំខាន់នៃសេចក្ដីស្រឡាញ់យ៉ាងដូចម្ដេច?
◻ តើតាមរបៀបណាដែលយើងបង្ហាញភស្តុតាងថាយើងស្រឡាញ់ព្រះនោះ?
◻ ហេតុអ្វីក៏ជាឯកសិទ្ធិមួយក្នុងការធ្វើអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងនោះ?
[រូបភាពនៅទំព័រ៣១]
តើមេរៀនអ្វីដែលព្រះយេស៊ូបានបង្រៀន ពេលទ្រង់លាងជើងពួកសាវ័ករបស់ទ្រង់នោះ?