ជំពូកទី១២០
របៀបបង្កើតផលផ្លែនិងធ្វើជាសម្លាញ់របស់លោកយេស៊ូ
វល្លិទំពាំងបាយជូរដ៏ពិតនិងមែក
របៀបរក្សាខ្លួនជាអ្នកដែលលោកយេស៊ូស្រឡាញ់
លោកយេស៊ូបានលើកទឹកចិត្តពួកសាវ័កស្មោះត្រង់យ៉ាងអស់ពីចិត្ត។ ឥឡូវនេះយប់ជ្រៅណាស់ហើយ គឺប្រហែលជារំលងអធ្រាត្រ។ លោកយេស៊ូនឹងរៀបរាប់អំពីឧទាហរណ៍មួយដែលជំរុញចិត្តអ្នកកាន់តាម។
លោកចាប់ផ្ដើមដោយមានប្រសាសន៍ថា៖ «ខ្ញុំជាវល្លិទំពាំងបាយជូរដ៏ពិត ហើយបិតារបស់ខ្ញុំជាអ្នកដាំ»។ (យ៉ូហាន ១៥:១) ឧទាហរណ៍របស់លោកស្រដៀងនឹងអ្វីដែលបានត្រូវរៀបរាប់ប៉ុន្មានសតវត្សរ៍មុនអំពីប្រជាជាតិអ៊ីស្រាអែល។ ពួកគេបានត្រូវហៅថាដើមឬវល្លិទំពាំងបាយជូររបស់ព្រះយេហូវ៉ា។ (យេរេមា ២:២១; ហូសេ ១០:១, ២) ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាបានបដិសេធប្រជាជាតិនេះ។ (ម៉ាថាយ ២៣:៣៧, ៣៨) ដូច្នេះ ឥឡូវលោកយេស៊ូកំពុងមានប្រសាសន៍អំពីការយល់ដឹងថ្មីស្តីអំពីរឿងនេះ។ ការយល់ដឹងថ្មីនោះគឺ នៅឆ្នាំ២៩ គ.ស. បិតាបានរើសតាំងលោកយេស៊ូដោយសកម្មពលបរិសុទ្ធ ដូច្នេះលោកយេស៊ូជាវល្លិទំពាំងបាយជូរដែលបិតារបស់លោកបានដាំហើយថែរក្សាតាំងពីពេលនោះមក។ ប៉ុន្តែ លោកយេស៊ូបានបញ្ជាក់ថែមទៀតថា វល្លិទំពាំងបាយជូរក៏ជាប់ទាក់ទងនឹងអ្នកឯទៀតដែរ។
លោកមានប្រសាសន៍ថា៖ «មែកណារបស់ខ្ញុំដែលមិនមានផលផ្លែ មែកនោះនឹងត្រូវលោក[បិតារបស់ខ្ញុំ]យកចេញ ឯមែកណាដែលមានផលផ្លែ មែកនោះនឹងត្រូវលោកសម្អាត ដើម្បីអាចមានផលផ្លែថែមទៀត។ . . . បើមែកទំពាំងបាយជូរមិននៅជាប់នឹងដើមទេ នោះវាមិនអាចមានផលផ្លែបានឡើយ។ អ្នករាល់គ្នាក៏នឹងដូច្នេះដែរ បើមិនរួបរួមជាមួយនឹងខ្ញុំជានិច្ច។ ខ្ញុំជាវល្លិទំពាំងបាយជូរ ហើយអ្នករាល់គ្នាជាមែក»។—យ៉ូហាន ១៥:២-៥
លោកយេស៊ូបានសន្យាចំពោះពួកអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោកថា ក្រោយពីលោកចាកចេញទៅ លោកនឹងចាត់អ្នកជួយ ពោលគឺសកម្មពលបរិសុទ្ធឲ្យមកឯពួកគាត់។ ៥១ថ្ងៃក្រោយមកនៅពេលដែលពួកសាវ័កនិងអ្នកកាន់តាមឯទៀតបានទទួលសកម្មពល ពួកគាត់បានក្លាយទៅជាមែកនៃវល្លិទំពាំងបាយជូរ។ បន្ថែមទៅទៀត «មែក»ទាំងអស់ត្រូវនៅជាប់នឹងលោកយេស៊ូ។ ហេតុអ្វី?
លោកពន្យល់ថា៖ «បើអ្នកណារួបរួមជាមួយនឹងខ្ញុំជានិច្ច ហើយខ្ញុំរួបរួមជាមួយនឹងអ្នកនោះ អ្នកនោះមានផលផ្លែជាច្រើន ពីព្រោះបើមិននៅជាប់នឹងខ្ញុំ អ្នករាល់គ្នាមិនអាចធ្វើអ្វីសោះឡើយ»។ អ្នកកាន់តាមស្មោះត្រង់របស់លោកយេស៊ូដែលជា«មែក»ទាំងនេះ អាចបង្កើតផលផ្លែជាច្រើន ដោយធ្វើតាមគុណសម្បត្ដិរបស់លោកយេស៊ូ ហើយប្រាប់អ្នកឯទៀតយ៉ាងខ្នះខ្នែងអំពីរាជាណាចក្រព្រះ ថែមទាំងជួយមនុស្សជាច្រើនថែមទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ ផ្ទុយទៅវិញ ចុះយ៉ាងណាប្រសិនបើអ្នកណាម្នាក់មិននៅជាប់នឹងលោកយេស៊ូហើយមិនបង្កើតផលផ្លែវិញនោះ? លោកយេស៊ូពន្យល់ថា៖ «ប្រសិនបើអ្នកណាមិនរួបរួមជាមួយនឹងខ្ញុំជានិច្ច អ្នកនោះជាមែកដែលនឹងត្រូវបោះចោល»។ ប៉ុន្តែ លោកក៏មានប្រសាសន៍បន្ថែមថា៖ «ប្រសិនបើអ្នករាល់គ្នារួបរួមជាមួយនឹងខ្ញុំជានិច្ច ហើយពាក្យរបស់ខ្ញុំក៏នៅជាប់ក្នុងចិត្តអ្នករាល់គ្នាជានិច្ចដែរ នោះបើអ្នករាល់គ្នាសុំអ្វីក៏ដោយ ការនោះនឹងកើតឡើងចំពោះអ្នករាល់គ្នា»។—យ៉ូហាន ១៥:៥-៧
ឥឡូវនេះ លោកយេស៊ូមានប្រសាសន៍ម្ដងទៀតអំពីអ្វីដែលលោកធ្លាប់បានលើកឡើងពីរដងហើយ ពោលគឺការប្រព្រឹត្តតាមបញ្ញត្ដិរបស់លោក។ (យ៉ូហាន ១៤:១៥, ២១) លោករៀបរាប់អំពីរបៀបដ៏សំខាន់មួយដែលពួកអ្នកកាន់តាមអាចបង្ហាញថាពួកគាត់កំពុងប្រព្រឹត្តតាមបញ្ញត្ដិរបស់លោក ដោយមានប្រសាសន៍ថា៖ «ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមបង្គាប់របស់ខ្ញុំ អ្នករាល់គ្នានឹងរក្សាខ្លួនជាអ្នកដែលខ្ញុំស្រឡាញ់ ដូចខ្ញុំបានប្រព្រឹត្តតាមបង្គាប់របស់បិតាដែលនៅស្ថានសួគ៌ ហើយក៏រក្សាខ្លួនជាអ្នកដែលលោកស្រឡាញ់ដែរ»។ ប៉ុន្តែ គ្រាន់តែស្រឡាញ់ព្រះយេហូវ៉ានិងបុត្ររបស់លោកប៉ុណ្ណោះ គឺមិនគ្រប់គ្រាន់ទេ។ លោកយេស៊ូមានប្រសាសន៍ថា៖ «នេះជាបង្គាប់របស់ខ្ញុំ ពោលគឺ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ច្រើនជាងអ្នកដែលលះបង់ជីវិតដើម្បីមិត្តសម្លាញ់របស់ខ្លួនឡើយ។ អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាធ្វើតាមបង្គាប់របស់ខ្ញុំ»។—យ៉ូហាន ១៥:១០-១៤
នៅប៉ុន្មានម៉ោងទៀត លោកយេស៊ូនឹងបង្ហាញសេចក្ដីស្រឡាញ់ ដោយផ្ដល់ជីវិតរបស់លោកដល់មនុស្សទាំងអស់ដែលបង្ហាញជំនឿលើលោក។ គំរូរបស់លោកគួរជំរុញចិត្តពួកអ្នកកាន់តាមឲ្យបង្ហាញសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួនចំពោះគ្នាទៅវិញទៅមក។ ហេតុអ្វី? ពីព្រោះថ្មីៗនេះ លោកយេស៊ូបានមានប្រសាសន៍ថា៖ «មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។ (យ៉ូហាន ១៣:៣៥) ដូច្នេះ សេចក្ដីស្រឡាញ់ជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាពួកគាត់ជាអ្នកកាន់តាមពិតរបស់លោកយេស៊ូ។
ពួកសាវ័កគួរកត់សម្គាល់ថា លោកយេស៊ូហៅពួកគាត់ថា«មិត្តសម្លាញ់»។ លោកប្រាប់អំពីមូលហេតុដែលលោកហៅពួកគាត់ថាមិត្តសម្លាញ់ ដោយមានប្រសាសន៍ថា៖ «ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ពីព្រោះអ្វីៗទាំងអស់ដែលខ្ញុំបានឮពីបិតារបស់ខ្ញុំ ខ្ញុំបានប្រាប់អ្នករាល់គ្នា»។ គឺពិតជាអស្ចារ្យណាស់ដែលពួកគាត់អាចធ្វើជាមិត្តជិតស្និទ្ធរបស់លោកយេស៊ូ ព្រមទាំងស្គាល់អ្វីដែលបិតាបានប្រាប់លោក។ ប៉ុន្តែ ដើម្បីអាចមានចំណងមិត្តភាពនេះ ពួកគាត់ត្រូវតែ«មានផលផ្លែតទៅទៀត»។ បើពួកគាត់ធ្វើដូច្នេះមែន លោកយេស៊ូមានប្រសាសន៍ថា៖ «បិតាដែលនៅស្ថានសួគ៌[នឹង]ផ្ដល់អ្វីក៏ដោយដែលអ្នករាល់គ្នាសុំដោយនូវឈ្មោះខ្ញុំ»។—យ៉ូហាន ១៥:១៥, ១៦
បើពួកអ្នកកាន់តាមដែលជា«មែក»មានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក សេចក្ដីស្រឡាញ់នោះនឹងជួយពួកគាត់ឲ្យស៊ូទ្រាំនៅពេលដែលមានទុក្ខលំបាក។ លោកយេស៊ូបានព្រមានពួកគាត់ថាពិភពលោកនឹងស្អប់ពួកគាត់ ប៉ុន្តែលោកលើកទឹកចិត្តពួកគាត់ដោយមានប្រសាសន៍ថា៖ «ប្រសិនបើពិភពលោកនេះស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងថាគេបានស្អប់ខ្ញុំ មុនគេស្អប់អ្នករាល់គ្នា។ ប្រសិនបើអ្នករាល់គ្នារួមចំណែកក្នុងពិភពលោក នោះពិភពលោកនឹងស្រឡាញ់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នានៅខាងគេ។ តែឥឡូវ អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកឡើយ . . . ហេតុនេះហើយបានជាពិភពលោកស្អប់អ្នករាល់គ្នា»។—យ៉ូហាន ១៥:១៨, ១៩
លោកយេស៊ូពន្យល់ថែមទៀតអំពីមូលហេតុដែលពិភពលោកនឹងស្អប់ពួកអ្នកកាន់តាម ដោយមានប្រសាសន៍ថា៖ «ពួកគេនឹងធ្វើការទាំងអស់នេះទាស់នឹងអ្នករាល់គ្នា ដោយសារឈ្មោះខ្ញុំ ពីព្រោះពួកគេមិនស្គាល់លោកដែលបានចាត់ខ្ញុំឲ្យមកទេ»។ លោកយេស៊ូមានប្រសាសន៍ថា កិច្ចការដ៏អស្ចារ្យជាច្រើនរបស់លោកហាក់ដូចជាកំពុងផ្ដន្ទាទោសអស់អ្នកដែលស្អប់លោក។ ហេតុអ្វី? ពីព្រោះលោកមានប្រសាសន៍ថា៖ «ប្រសិនបើក្នុងចំណោមពួកគេ ខ្ញុំមិនបានធ្វើការដែលគ្មានអ្នកណាផ្សេងបានធ្វើ នោះពួកគេគ្មានភាពខុសឆ្គងទេ។ ប៉ុន្តែឥឡូវ ពួកគេបានឃើញ ក៏បានស្អប់ខ្ញុំព្រមទាំងបិតារបស់ខ្ញុំ»។ តាមពិត ដោយសារពួកគេបានស្អប់លោក ពួកគេកំពុងធ្វើឲ្យទំនាយបានសម្រេច។—យ៉ូហាន ១៥:២១, ២៤, ២៥; ទំនុកតម្កើង ៣៥:១៩; ៦៩:៤
លោកយេស៊ូសន្យាម្ដងទៀតថា លោកនឹងចាត់អ្នកជួយ ពោលគឺសកម្មពលបរិសុទ្ធដ៏ខ្លាំងក្លា។ ពួកអ្នកកាន់តាមលោកទាំងអស់អាចទទួលសកម្មពលនេះ ហើយសកម្មពលនេះនឹងជួយពួកគាត់ឲ្យបង្កើតផល ពោលគឺ«ធ្វើជាសាក្សីបញ្ជាក់»។—យ៉ូហាន ១៥:២៧