-
តើអព្យាក្រឹតភាពមានអត្ថន័យអ្វី?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
មេរៀនទី៤៥
តើអព្យាក្រឹតភាពមានអត្ថន័យអ្វី?
លោកយេស៊ូបានបង្រៀនពួកអ្នកកាន់តាមលោកថា ពួកគេ‹មិនគួររួមចំណែកក្នុងពិភពលោកទេ›។ (យ៉ូហាន ១៥:១៩) ការមិនរួមចំណែកក្នុងពិភពលោកមានន័យថាពួកគេកាន់ជំហរអព្យាក្រឹត ដោយមិនគាំទ្រនយោបាយនិងសង្គ្រាមរបស់ពិភពលោកនេះ។ តាមពិត ការកាន់ជំហរអព្យាក្រឹតមិនតែងតែស្រួលទេ។ អ្នកឯទៀតអាចចំអកមើលងាយយើង ដោយសារយើងកាន់ជំហរអព្យាក្រឹត។ តើតាមរបៀបណាយើងអាចរក្សាអព្យាក្រឹតភាពនិងភក្ដីភាពចំពោះព្រះយេហូវ៉ា?
១. តើគ្រិស្តសាសនិកពិតមានទស្សនៈយ៉ាងណាចំពោះរដ្ឋាភិបាលរបស់មនុស្ស?
គ្រិស្តសាសនិកគោរពរដ្ឋាភិបាល។ យើងធ្វើតាមប្រសាសន៍របស់លោកយេស៊ូដែលថា៖ «អ្វីដែលជារបស់សេសារ ចូរសងសេសារវិញ» ពោលគឺយើងគោរពច្បាប់របស់ប្រទេស ដូចជាបង់ពន្ធទៅអ្នកណាដែលតម្រូវឲ្យបង់ពន្ធ។ (ម៉ាកុស ១២:១៧) គម្ពីរបង្រៀនថារដ្ឋាភិបាលមនុស្សមានអំណាចគ្រប់គ្រង ដោយសារព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកគេគ្រប់គ្រង។ (រ៉ូម ១៣:១) ដូច្នេះ យើងដឹងថារដ្ឋាភិបាលមនុស្សមានអំណាចតែមួយកម្រិតប៉ុណ្ណោះ។ យើងជឿជាក់ថាព្រះរបស់យើងនិងរាជាណាចក្រស្ថានសួគ៌ នឹងដោះស្រាយបញ្ហាផ្សេងៗរបស់មនុស្សជាតិ។
២. តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងកាន់ជំហរអព្យាក្រឹត?
ដូចលោកយេស៊ូដែរ យើងមិនរួមចំណែកក្នុងរឿងនយោបាយទេ។ នៅសម័យលោកយេស៊ូ បន្ទាប់ពីបណ្ដាជនឃើញអព្ភូតហេតុមួយដែលលោកបានធ្វើ ពួកគេព្យាយាមតែងតាំងលោកឲ្យធ្វើជាស្ដេច តែលោកមិនធ្វើតាមពួកគេទេ។ (យ៉ូហាន ៦:១៥) ហេតុអ្វី? ដោយសារក្រោយមកលោកបានមានប្រសាសន៍ថា៖ «រាជាណាចក្រខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ»។ (យ៉ូហាន ១៨:៣៦) ក្នុងនាមជាអ្នកកាន់តាមលោកយេស៊ូ យើងបង្ហាញថាយើងកាន់ជំហរអព្យាក្រឹតក្នុងរឿងផ្សេងៗ។ ជាឧទាហរណ៍ យើងមិនចូលរួមធ្វើសង្គ្រាម។ (សូមអាន មីកា ៤:៣) យើងមិនមើលងាយទង់ជាតិ ឬនិមិត្តរូបផ្សេងៗដែលតំណាងជាតិទេ។ ទោះជាយ៉ាងនោះក៏ដោយ យើងមិនគោរពប្រណិប័តន៍អ្វីទាំងនោះឡើយ។ (យ៉ូហានទី១ ៥:២១) យើងមិនគាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយ ឬបេក្ខជននយោបាយណាម្នាក់ឡើយ។ ក្នុងរឿងទាំងនេះនិងក្នុងរឿងផ្សេងទៀត យើងបង្ហាញថាយើងរក្សាភក្ដីភាពផ្ដាច់មុខចំពោះរដ្ឋាភិបាលរបស់ព្រះ ពោលគឺរាជាណាចក្ររបស់លោក។
បង្កើនចំណេះ
សូមពិចារណាអំពីស្ថានភាពខ្លះដែលអាចធ្វើឲ្យយើងពិបាករក្សាអព្យាក្រឹតភាព ហើយសូមមើលរបៀបដែលយើងអាចធ្វើការសម្រេចចិត្តដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ត។
៣. គ្រិស្តសាសនិកពិតកាន់ជំហរអព្យាក្រឹត
លោកយេស៊ូនិងពួកអ្នកកាន់តាមលោកបានទុកគំរូល្អសម្រាប់យើង។ សូមអាន រ៉ូម ១៣:១, ៥-៧ និងពេត្រុសទី១ ២:១៣, ១៤។ បន្ទាប់មក លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ហេតុអ្វីយើងគួរគោរពពួកអាជ្ញាធរ?
តើយើងចុះចូលពួកអាជ្ញាធរក្នុងរឿងណាខ្លះ?
ពេលមានសង្គ្រាម ជនជាតិខ្លះប្រហែលជាអះអាងថាពួកគេកាន់ជំហរអព្យាក្រឹត តែពួកគេបែរជាជួយភាគីទាំងសងខាងក្នុងសង្គ្រាម។ តើអព្យាក្រឹតភាពពិតប្រាកដមានន័យយ៉ាងណា? សូមអាន យ៉ូហាន ១៧:១៦។ បន្ទាប់មក លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើអព្យាក្រឹតភាពមានន័យយ៉ាងណា?
ចុះបើពួកអាជ្ញាធរបញ្ជាអ្នកឲ្យធ្វើអ្វីដែលផ្ទុយពីច្បាប់របស់ព្រះ? សូមអាន សកម្មភាព ៥:២៨, ២៩។ បន្ទាប់មក លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
បើច្បាប់របស់មនុស្សប្រឆាំងនឹងច្បាប់របស់ព្រះ តើយើងគួរធ្វើតាមច្បាប់របស់អ្នកណា?
តើមានស្ថានភាពណាខ្លះដែលអ្នកគិតថាគ្រិស្តសាសនិកមិនគួរធ្វើតាមបង្គាប់របស់ពួកអាជ្ញាធរ?
៤. ចូរកាន់ជំហរអព្យាក្រឹតទាំងចិត្តគំនិតនិងការប្រព្រឹត្ត
សូមអាន យ៉ូហានទី១ ៥:២១។ បន្ទាប់មក លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
អេយ៉េនគេបានសម្រេចចិត្តមិនចូលរួមគណបក្សនយោបាយទេ ហើយគាត់ក៏មិនចូលរួមគោរពទង់ជាតិនិងពិធីស្នេហាជាតិដែរ។ ហេតុអ្វីគាត់សម្រេចចិត្តដូច្នេះ?
តើអ្នកគិតថាគាត់បានសម្រេចចិត្តដោយប្រាជ្ញាឬទេ?
តើមានស្ថានភាពណាខ្លះទៀតដែលអាចធ្វើឲ្យយើងពិបាករក្សាអព្យាក្រឹតភាព? លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ស្ដីអំពីការប្រកួតកីឡាអន្តរជាតិ តើយើងអាចរក្សាអព្យាក្រឹតភាពយ៉ាងដូចម្ដេច?
ទោះជាយើងរងគ្រោះឬទទួលប្រយោជន៍ពីការសម្រេចចិត្តរបស់ពួកអ្នកនយោបាយក៏ដោយ តើយើងអាចរក្សាអព្យាក្រឹតភាពយ៉ាងដូចម្ដេច?
អ្វីដែលយើងឮពីបណ្ដាញសារព័ត៌មាននិងពីអ្នកដែលយើងសេពគប់ តើអាចមានឥទ្ធិពលយ៉ាងណាមកលើយើង?
មនុស្សខ្លះប្រហែលជាសួរថា៖ «ហេតុអ្វីអ្នកមិនគោរពទង់ជាតិឬច្រៀងចម្រៀងជាតិ?»។
តើអ្នកនឹងតបឆ្លើយយ៉ាងណា?
សេចក្ដីសង្ខេប
គ្រិស្តសាសនិកពិតព្យាយាមរក្សាអព្យាក្រឹតភាពក្នុងរឿងនយោបាយទាំងចិត្តគំនិត ពាក្យសម្ដី និងការប្រព្រឹត្ត។
រៀនសាឡើងវិញ
តើយើងមានកាតព្វកិច្ចអ្វីខ្លះចំពោះរដ្ឋាភិបាលមនុស្ស?
ហេតុអ្វីយើងរក្សាអព្យាក្រឹតភាពក្នុងរឿងនយោបាយ?
តើស្ថានភាពណាខ្លះដែលអាចធ្វើឲ្យយើងពិបាករក្សាអព្យាក្រឹតភាព?
ស្វែងយល់ថែមទៀត
តើយើងប្រហែលជាត្រូវលះបង់អ្វីខ្លះដើម្បីរក្សាអព្យាក្រឹតភាព?
តើក្រុមគ្រួសារអាចរៀបចំអ្វីទុកជាមុន ពេលដែលពួកគេជួបនឹងស្ថានភាពដែលពិបាករក្សាអព្យាក្រឹតភាព?
ហេតុអ្វីការការពារប្រទេសរបស់ខ្លួនមិនមែនជាកិត្តិយសខ្ពង់ខ្ពស់បំផុត?
សូមពិចារណាអំពីរបៀបដែលអ្នកមិនរួមចំណែកក្នុងពិភពលោក ពេលធ្វើការសម្រេចចិត្តអំពីការងារ។
-
-
អ្នកអាចស៊ូទ្រាំការបៀតបៀនបាន!សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
មិនយូរមិនឆាប់ គ្រិស្តសាសនិកទាំងអស់នឹងជួបការប្រឆាំង រួមទាំងការបៀតបៀនដែរ។ តើយើងគួរភ័យខ្លាចឬទេ?
១. ហេតុអ្វីយើងដឹងថាយើងនឹងជួបការបៀតបៀន?
គម្ពីរប្រាប់យ៉ាងចំៗថា៖ «អស់អ្នកដែលចង់រស់នៅដោយបង្ហាញភក្ដីភាពចំពោះព្រះក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ នឹងទទួលការបៀតបៀន»។ (ធីម៉ូថេទី២ ៣:១២) លោកយេស៊ូត្រូវគេបៀតបៀន ដោយសារលោកមិនរួមចំណែកក្នុងពិភពលោកសាថាន។ យើងក៏មិនរួមចំណែកក្នុងពិភពលោកនេះដែរ។ ដូច្នេះ យើងមិនភ្ញាក់ផ្អើលទេ ពេលដែលរដ្ឋាភិបាលនិងអង្គការសាសនាផ្សេងៗបៀតបៀនយើង។—យ៉ូហាន ១៥:១៨, ១៩
២. តើយើងអាចត្រៀមខ្លួនប្រឈមមុខការបៀតបៀនយ៉ាងដូចម្ដេច?
ឥឡូវនេះ យើងត្រូវពង្រឹងទំនុកចិត្តលើព្រះយេហូវ៉ា។ ជារៀងរាល់ថ្ងៃ សូមលៃទុកពេលអធិដ្ឋានទៅលោក និងអានបណ្ដាំរបស់លោក។ សូមចូលរួមកិច្ចប្រជុំក្រុមជំនុំជាទៀងទាត់។ ពេលអ្នកធ្វើអ្វីទាំងអស់នេះ អ្នកនឹងមានចិត្តក្លាហានកាន់តែខ្លាំងដើម្បីប្រឈមមុខនឹងការបៀតបៀន ទោះជាការបៀតបៀននោះមកពីសមាជិកក្រុមគ្រួសារក៏ដោយ។ សាវ័កប៉ូលបានជួបការបៀតបៀនជាច្រើនលើកច្រើនសា តែគាត់បានសរសេរថា៖ «ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ»។—ហេប្រឺ ១៣:៦
ពេលយើងផ្សព្វផ្សាយជាទៀងទាត់ នោះក៏ជួយយើងឲ្យកាន់តែមានចិត្តក្លាហានដែរ។ ហេតុអ្វី? ពីព្រោះពេលយើងផ្សព្វផ្សាយ យើងរៀនឲ្យទុកចិត្តព្រះយេហូវ៉ា និងយកឈ្នះការខ្លាចមនុស្ស។ (សុភាសិត ២៩:២៥) បើអ្នកបង្កើនចិត្តក្លាហានដើម្បីផ្សព្វផ្សាយនៅឥឡូវនេះ នោះនឹងជួយអ្នកឲ្យត្រៀមខ្លួនកាន់តែល្អដើម្បីបន្ដផ្សព្វផ្សាយ សូម្បីតែរដ្ឋាភិបាលដាក់កម្រិតលើកិច្ចការរបស់យើង។—ថែស្សាឡូនិចទី១ ២:២
៣. បើយើងស៊ូទ្រាំការបៀតបៀន តើយើងនឹងទទួលរង្វាន់អ្វីខ្លះ?
យើងម្នាក់ៗមិនចង់ជួបការបៀតបៀនទេ តែពេលយើងជួបការបៀតបៀន ហើយចេះស៊ូទ្រាំ នោះយើងនឹងមានជំនឿកាន់តែរឹងមាំ។ ម្យ៉ាងទៀត យើងកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ដោយសារយើងឃើញរបៀបដែលលោកជួយយើង ពេលយើងមានអារម្មណ៍ថាមិនអាចស៊ូទ្រាំតទៅទៀតបាន។ (សូមអាន យ៉ាកុប ១:២-៤) ព្រះយេហូវ៉ាឈឺចិត្តពេលឃើញយើងរងទុក្ខវេទនា តែលោកពេញចិត្តពេលឃើញយើងស៊ូទ្រាំ។ គម្ពីរចែងថា៖ «ប្រសិនបើអ្នករាល់គ្នារងទុក្ខដោយសារធ្វើអំពើល្អ តែអ្នករាល់គ្នាស៊ូទ្រាំ នោះធ្វើឲ្យព្រះពេញចិត្ត»។ (ពេត្រុសទី១ ២:២០) បើយើងបន្តស៊ូទ្រាំ ព្រះយេហូវ៉ានឹងផ្ដល់រង្វាន់ឲ្យយើងនូវជីវិតដែលគ្មានទីបញ្ចប់ក្នុងពិភពលោកថ្មី។ នៅទីនោះ មនុស្សទាំងអស់នឹងបម្រើព្រះយេហូវ៉ា ហើយគ្មានអ្នកណាមកប្រឆាំងពួកគេឡើយ។—ម៉ាថាយ ២៤:១៣
បង្កើនចំណេះ
សូមរៀនអំពីមូលហេតុដែលយើងអាចរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា ទោះជាជួបការបៀតបៀនក៏ដោយ។ សូមរៀនដែរអំពីរង្វាន់ដែលព្រះនឹងឲ្យដល់យើង។
៤. អ្នកអាចស៊ូទ្រាំចំពោះការប្រឆាំងពីក្រុមគ្រួសារ
លោកយេស៊ូដឹងច្បាស់ថា សមាជិកខ្លះក្នុងក្រុមគ្រួសាររបស់យើងប្រហែលជាមិនចង់ឲ្យយើងបម្រើព្រះយេហូវ៉ាទេ។ សូមអាន ម៉ាថាយ ១០:៣៤-៣៦ រួចពិភាក្សាសំណួរនេះ៖
តើក្រុមគ្រួសារមានប្រតិកម្មយ៉ាងណា ពេលសមាជិកគ្រួសាររបស់ខ្លួនសម្រេចចិត្តបម្រើព្រះយេហូវ៉ា?
ដើម្បីដឹងឧទាហរណ៍មួយ សូមលេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
បើសាច់ញាតិឬមិត្តភក្តិព្យាយាមរារាំងអ្នកមិនឲ្យបម្រើព្រះយេហូវ៉ា តើអ្នកនឹងធ្វើយ៉ាងណា?
សូមអាន ចម្រៀងសរសើរព្រះ ២៧:១០ និងម៉ាកុស ១០:២៩, ៣០។ បន្ទាប់ពីអានបទគម្ពីរនីមួយៗ សូមពិភាក្សាសំណួរនេះ៖
បើអ្នករងការប្រឆាំងពីក្រុមគ្រួសារឬមិត្តភក្តិ តើសេចក្ដីសន្យានេះអាចជួយអ្នកយ៉ាងដូចម្ដេច?
៥. ចូរបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា ទោះជាមានការបៀតបៀនក៏ដោយ
យើងត្រូវមានចិត្តក្លាហាន ពេលអ្នកឯទៀតព្យាយាមរារាំងយើងមិនឲ្យបម្រើព្រះយេហូវ៉ា។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើគំរូក្នុងវីដេអូនេះជួយអ្នកឲ្យមានចិត្តក្លាហានយ៉ាងដូចម្ដេច?
សូមអាន សកម្មភាព ៥:២៧-២៩ និងហេប្រឺ ១០:២៤, ២៥។ បន្ទាប់ពីអានបទគម្ពីរនីមួយៗ សូមពិភាក្សាសំណួរនេះ៖
ទោះជារដ្ឋាភិបាលដាក់កម្រិតលើកិច្ចផ្សព្វផ្សាយឬកិច្ចប្រជុំរបស់យើងក៏ដោយ ហេតុអ្វីសំខាន់ម្ល៉េះឲ្យយើងបន្តគោរពប្រណិប័តន៍ព្រះយេហូវ៉ា?
៦. ព្រះយេហូវ៉ានឹងជួយអ្នកឲ្យស៊ូទ្រាំ
សាក្សីព្រះយេហូវ៉ាទាំងចាស់ទាំងក្មេងនៅទូទាំងពិភពលោក បន្តបម្រើលោកយ៉ាងស្មោះត្រង់ ទោះជាជួបការបៀតបៀនក៏ដោយ។ ដើម្បីមើលអ្វីដែលបានជួយពួកគេ សូមលេងវីដេអូ។ រួចពិភាក្សាសំណួរដូចតទៅ៖
ក្នុងវីដេអូ តើអ្វីបានជួយសាក្សីឲ្យស៊ូទ្រាំ?
សូមអាន រ៉ូម ៨:៣៥, ៣៧-៣៩ និងភីលីព ៤:១៣។ បន្ទាប់ពីអានបទគម្ពីរនីមួយៗ សូមពិភាក្សាសំណួរនេះ៖
តើបទគម្ពីរនេះធ្វើឲ្យអ្នកជឿជាក់យ៉ាងដូចម្ដេចថា អ្នកអាចស៊ូទ្រាំទុក្ខលំបាកទាំងអស់បាន?
សូមអាន ម៉ាថាយ ៥:១០-១២ រួចពិភាក្សាសំណួរនេះ៖
ទោះជាជួបការបៀតបៀនក៏ដោយ ហេតុអ្វីអ្នកនៅតែអាចមានសុភមង្គល?
មនុស្សខ្លះនិយាយថា៖ «ខ្ញុំមិនអាចស៊ូទ្រាំការបៀតបៀនបានទេ»។
តើបទគម្ពីរមួយណាអាចជួយពួកគេឲ្យមានទំនុកចិត្តថាពួកគេអាចស៊ូទ្រាំបាន?
សេចក្ដីសង្ខេប
ព្រះយេហូវ៉ាឲ្យតម្លៃយើងចំពោះការខំព្យាយាមបម្រើលោក ទោះជាយើងជួបការបៀតបៀនក៏ដោយ។ ដោយមានជំនួយពីលោក យើងអាចស៊ូទ្រាំបាន!
រៀនសាឡើងវិញ
ហេតុអ្វីគ្រិស្តសាសនិកដឹងថាពួកគេនឹងជួបការបៀតបៀន?
នៅឥឡូវនេះ តើអ្នកអាចធ្វើអ្វីដើម្បីត្រៀមខ្លួនមុនជួបការបៀតបៀន?
ទោះជាអ្នកជួបទុក្ខលំបាកណាក៏ដោយ ហេតុអ្វីអ្នកជឿជាក់ថាអ្នកអាចបន្តបម្រើព្រះយេហូវ៉ា?
ស្វែងយល់ថែមទៀត
សូមមើលប្អូនប្រុសវ័យក្មេងម្នាក់ពន្យល់អំពីរបៀបដែលព្រះយេហូវ៉ាបានជួយគាត់ឲ្យស៊ូទ្រាំ ពេលគាត់ជាប់គុកដោយសាររក្សាអព្យាក្រឹតភាព។
សូមពិចារណាអំពីអ្វីដែលបានជួយប្ដីប្រពន្ធមួយគូឲ្យបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ ទោះជាជួបការប្រឆាំងអស់ជាច្រើនឆ្នាំក្ដី។
ការបម្រើព្រះយេហូវ៉ាក្នុងអំឡុងគ្រាដែលផ្លាស់ប្ដូរ (៧:១១)
សូមរៀនអំពីរបៀបដែលយើងអាចប្រឈមមុខការបៀតបៀនដោយចិត្តក្លាហាន។
«ចូរត្រៀមខ្លួននៅឥឡូវនេះសម្រាប់ការបៀតបៀន» (ទស្សនាវដ្ដីប៉មយាម ខែកក្កដា ឆ្នាំ២០១៩)
តើយើងគួរមានទស្សនៈយ៉ាងណាពេលក្រុមគ្រួសារបៀតបៀនយើង? ហើយតើយើងអាចធ្វើអ្វីដើម្បីរក្សាសន្តិភាពជាមួយនឹងក្រុមគ្រួសារ ព្រមទាំងបន្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា?
-