ជំពូកទី១២១
«ចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»
បន្ដិចទៀតពួកសាវ័កនឹងលែងឃើញលោកយេស៊ូទៀត
ទុក្ខព្រួយរបស់ពួកសាវ័កនឹងប្រែទៅជាអំណរវិញ
លោកយេស៊ូនិងពួកសាវ័កហៀបនឹងចាកចេញពីបន្ទប់ធំខាងលើ ជាកន្លែងដែលពួកគាត់ពិសាអាហារបុណ្យរំលង។ លោកយេស៊ូបានព្រមានហើយផ្ដល់ការដាស់តឿនយ៉ាងច្រើនដល់ពួកសាវ័ក ដោយមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នានូវអ្វីៗទាំងនេះ ដើម្បីកុំឲ្យអ្នករាល់គ្នាជំពប់ដួល»។ ហេតុអ្វីគឺជាការសមត្រឹមត្រូវដែលលោកយេស៊ូព្រមានពួកគាត់ដូច្នេះ? លោកប្រាប់ពួកគាត់ថា៖ «គេនឹងបណ្ដេញចោលអ្នករាល់គ្នាពីសាលាប្រជុំ ក៏នឹងមានគ្រាមកដល់ ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងនឹកស្មានថាពួកគេធ្វើដូច្នោះជាកិច្ចបម្រើពិសិដ្ឋជូនព្រះ»។—យ៉ូហាន ១៦:១, ២
ប្រសាសន៍របស់លោកយេស៊ូប្រហែលជាធ្វើឲ្យពួកសាវ័កពិបាកចិត្ត។ នៅលើកមុន ទោះជាលោកធ្លាប់ប្រាប់ពួកគាត់ថាពិភពលោកនឹងស្អប់ពួកគាត់ក្ដី តែលោកមិនបានប្រាប់ពួកគាត់ត្រង់ៗថាពួកគាត់នឹងត្រូវគេសម្លាប់នោះឡើយ។ ហេតុអ្វី? លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនបានប្រាប់អ្នករាល់គ្នាអំពីការទាំងនេះនៅដើមដំបូងទេ ពីព្រោះខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា»។ (យ៉ូហាន ១៦:៤) ប៉ុន្តែ ឥឡូវលោកកំពុងព្រមានពួកអ្នកកាន់តាម មុនលោកចាកចេញពីពួកគាត់។ ការព្រមាននេះប្រហែលជាជួយពួកគាត់កុំឲ្យជំពប់ដួលនៅពេលក្រោយមក។
លោកយេស៊ូមានប្រសាសន៍បន្តថា៖ «ខ្ញុំនឹងទៅឯលោកដែលបានចាត់ខ្ញុំឲ្យមក។ ទោះជាយ៉ាងនោះក៏ដោយ ក្នុងចំណោមអ្នករាល់គ្នា គ្មានអ្នកណាម្នាក់សួរខ្ញុំទេថា៖ ‹តើលោកនឹងទៅឯណា?›»។ បន្ដិចមុននេះ ពួកអ្នកកាន់តាមចង់ដឹងថាលោកនឹងទៅឯណា។ (យ៉ូហាន ១៣:៣៦; ១៤:៥; ១៦:៥) ប៉ុន្តែឥឡូវនេះ ពួកគាត់ភ័យខ្លាច ហើយមានទុក្ខព្រួយយ៉ាងខ្លាំងដោយសារលោកយេស៊ូបានមានប្រសាសន៍អំពីការបៀតបៀន។ ដូច្នេះ ពួកគាត់មិនបានសួរលោកថែមទៀតអំពីសិរីរុងរឿងដែលលោកនឹងទទួល ឬក៏អំពីអ្វីដែលនឹងកើតឡើងចំពោះពួកអ្នកគោរពប្រណិប័តន៍ពិតនោះទេ។ ពេលឃើញដូច្នោះ លោកយេស៊ូមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមានចិត្តពោរពេញទៅដោយក្ដីទុក្ខព្រួយ ដោយសារខ្ញុំបានប្រាប់អ្វីៗទាំងនេះដល់អ្នករាល់គ្នា»។—យ៉ូហាន ១៦:៦
រួចមក លោកយេស៊ូពន្យល់ថា៖ «ខ្ញុំនឹងចេញទៅដើម្បីប្រយោជន៍អ្នករាល់គ្នា ព្រោះប្រសិនបើខ្ញុំមិនចេញទៅទេ នោះអ្នកជួយនឹងមិនមកឯអ្នករាល់គ្នាឡើយ។ ប៉ុន្តែប្រសិនបើខ្ញុំទៅ នោះខ្ញុំនឹងចាត់គាត់ឲ្យមកឯអ្នករាល់គ្នា»។ (យ៉ូហាន ១៦:៧) លុះត្រាតែលោកយេស៊ូទទួលមរណភាព ហើយឡើងទៅស្ថានសួគ៌ទើបលោកអាចចាត់អ្នកជួយដែលជាសកម្មពលបរិសុទ្ធដល់ពួកអ្នកកាន់តាមលោកគ្រប់ទីកន្លែងនៅផែនដី។
សកម្មពលបរិសុទ្ធ«នឹងផ្ដល់ភ័ស្តុតាងដែលនាំឲ្យជឿជាក់ដល់ពិភពលោក ស្តីអំពីភាពខុសឆ្គង ស្តីអំពីសេចក្ដីសុចរិត និងស្តីអំពីការវិនិច្ឆ័យ»។ (យ៉ូហាន ១៦:៨) ពិតណាស់ សកម្មពលបរិសុទ្ធនឹងបើកបង្ហាញឲ្យឃើញថាមនុស្សជាទូទៅក្នុងពិភពលោកនេះមិនបានបង្ហាញជំនឿលើបុត្ររបស់ព្រះទេ។ ការដែលលោកយេស៊ូឡើងទៅស្ថានសួគ៌នឹងផ្ដល់ភ័ស្តុតាងយ៉ាងច្បាស់អំពីសេចក្ដីសុចរិតរបស់លោក ហើយនឹងបញ្ជាក់អំពីមូលហេតុដែលសាថានជា«អ្នកគ្រប់គ្រងពិភពលោកនេះ»សមនឹងទទួលការវិនិច្ឆ័យយ៉ាងខ្លាំង។—យ៉ូហាន ១៦:១១
លោកយេស៊ូមានប្រសាសន៍បន្តថា៖ «ខ្ញុំនៅមានរឿងជាច្រើនដែលចង់ប្រាប់អ្នករាល់គ្នា តែឥឡូវនេះអ្នករាល់គ្នាមិនអាចយល់បានឡើយ»។ នៅពេលដែលលោកយេស៊ូចាក់សកម្មពលបរិសុទ្ធលើពួកអ្នកកាន់តាម នោះសកម្មពលនឹងដឹកនាំពួកគាត់ឲ្យយល់«សេចក្ដីពិតយ៉ាងពេញលេញ»។ ម្យ៉ាងទៀត ពួកអ្នកកាន់តាមនឹងអាចរស់នៅស្របតាមសេចក្ដីពិតនោះ។—យ៉ូហាន ១៦:១២, ១៣
បន្ថែមទៅទៀត ពួកសាវ័កភ្ញាក់ផ្អើលពេលឮប្រសាសន៍របស់លោកយេស៊ូថា៖ «បន្ដិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយ រួចបន្ដិចទៀតអ្នករាល់គ្នាក៏នឹងឃើញខ្ញុំ»។ ពួកគាត់សួរគ្នាអំពីអត្ថន័យនៃប្រសាសន៍របស់លោក តែលោកយេស៊ូជ្រាបថាពួកគាត់ចង់សួរអំពីរឿងនេះ ដូច្នេះលោកពន្យល់ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នករាល់គ្នានឹងទ្រហោយំ ប៉ុន្តែពិភពលោកនេះនឹងត្រេកអរ អ្នករាល់គ្នានឹងកើតទុក្ខ ប៉ុន្តែទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរវិញ»។ (យ៉ូហាន ១៦:១៦, ២០) ពេលលោកយេស៊ូនឹងត្រូវគេសម្លាប់នៅរសៀលថ្ងៃបន្ទាប់ ពួកអ្នកដឹកនាំសាសនាមានអំណរ តែពួកអ្នកកាន់តាមលោកមានទុក្ខព្រួយវិញ។ ប៉ុន្តែក្រោយមក ទុក្ខព្រួយរបស់ពួកគាត់នឹងប្រែទៅជាអំណរ ពេលលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ! បន្ថែមទៅទៀត ពួកគាត់បន្តមានអំណរ ពេលលោកចាក់សកម្មពលបរិសុទ្ធរបស់ព្រះមកលើពួកគាត់។
លោកយេស៊ូប្រៀបធៀបស្ថានភាពរបស់ពួកសាវ័កទៅនឹងសេចក្ដីវេទនារបស់ស្ត្រីដែលកំពុងសម្រាលកូន ដោយមានប្រសាសន៍ថា៖ «ពេលដែលស្ត្រីកំពុងសម្រាលកូន នាងមានទុក្ខ ពីព្រោះវេលារបស់នាងបានមកដល់ហើយ។ ប៉ុន្តែពេលដែលបានសម្រាលកូនខ្ចីនោះរួចហើយ នាងមិននឹកឃើញពីសេចក្ដីវេទនានោះតទៅទៀតទេ ពីព្រោះនាងមានអំណរដោយសារមានមនុស្សម្នាក់កើតមកក្នុងពិភពលោក»។ លោកយេស៊ូលើកទឹកចិត្តពួកសាវ័កដោយមានប្រសាសន៍ថា៖ «ឥឡូវនេះអ្នករាល់គ្នាក៏មានទុក្ខព្រួយដែរ ប៉ុន្តែខ្ញុំនឹងឃើញអ្នករាល់គ្នាម្ដងទៀត ហើយអ្នករាល់គ្នានឹងមានចិត្តអរសប្បាយ ហើយគ្មានអ្នកណានឹងយកអំណរនេះចេញពីអ្នករាល់គ្នាទេ»។—យ៉ូហាន ១៦:២១, ២២
មកទល់ពេលនេះ ពួកសាវ័កមិនបានសុំអ្វីមួយសោះដោយនូវឈ្មោះរបស់លោកយេស៊ូ។ ឥឡូវលោកមានប្រសាសន៍ថា៖ «នៅថ្ងៃនោះ អ្នករាល់គ្នានឹងសុំដោយនូវឈ្មោះខ្ញុំ»។ ហេតុអ្វីពួកគាត់ត្រូវសុំដោយនូវឈ្មោះរបស់លោកយេស៊ូ? តើនេះដោយសារបិតាមិនចង់ឆ្លើយតបសំណូមពររបស់ពួកគាត់ផ្ទាល់ឬ? លោកយេស៊ូមានប្រសាសន៍ថា៖ «បិតានៅស្ថានសួគ៌ស្រឡាញ់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ . . . [ដែល]ជាតំណាងរបស់បិតានៅស្ថានសួគ៌»។—យ៉ូហាន ១៦:២៦, ២៧
ប្រសាសន៍របស់លោកយេស៊ូប្រាកដជាលើកទឹកចិត្តពួកសាវ័ក ហើយប្រហែលជាពង្រឹងទំនុកចិត្តរបស់ពួកគាត់ឲ្យនិយាយថា៖ «ហេតុនេះហើយបានជាយើងជឿថាលោកបានមកពីព្រះ»។ មិនយូរក្រោយមក ការជឿជាក់ដ៏មោះមុតរបស់ពួកគាត់នឹងត្រូវល្បងល។ តាមពិត លោកយេស៊ូរៀបរាប់អំពីអ្វីដែលនឹងកើតឡើងក្រោយមកថា៖ «មើល! នឹងមានគ្រាមកដល់ តាមពិតគ្រានោះបានមកដល់ហើយ ពេលដែលអ្នករាល់គ្នានឹងខ្ចាត់ខ្ចាយទៅផ្ទះរៀងខ្លួន ហើយនឹងទុកខ្ញុំឲ្យនៅម្នាក់ឯង»។ ទោះជាយ៉ាងនោះក៏ដោយ លោកពង្រឹងទំនុកចិត្តរបស់ពួកគាត់ថា៖ «ខ្ញុំបានប្រាប់អ្វីៗទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តដោយសារខ្ញុំ។ ក្នុងពិភពលោក អ្នករាល់គ្នាមានសេចក្ដីវេទនា ប៉ុន្តែចូរមានចិត្តក្លាហានឡើង! ខ្ញុំបានឈ្នះពិភពលោកហើយ»។ (យ៉ូហាន ១៦:៣០-៣៣) ពិតណាស់ លោកយេស៊ូនឹងមិនបោះបង់ចោលពួកគាត់ឡើយ។ លោកមានទំនុកចិត្តថាពួកអ្នកកាន់តាមលោកក៏អាចឈ្នះពិភពលោកនេះដែរ។ ពួកគាត់ធ្វើដូច្នេះដោយបង្ហាញភាពស្មោះត្រង់ក្នុងការធ្វើតាមគោលបំណងរបស់ព្រះ ទោះបីជាសាថាននិងពិភពលោករបស់វាព្យាយាមបំបាក់ចិត្តស្មោះគ្រប់លក្ខណៈរបស់ពួកគាត់ក៏ដោយ។