ជំពូកទី១២២
សេចក្ដីអធិដ្ឋានបញ្ចប់របស់លោកយេស៊ូនៅបន្ទប់ខាងលើ
លទ្ធផលនៃការស្គាល់ព្រះនិងបុត្ររបស់លោក
ព្រះយេហូវ៉ា លោកយេស៊ូ និងពួកអ្នកកាន់តាមរួមគ្នាតែមួយ
លោកយេស៊ូបានជួយពួកសាវ័កឲ្យត្រៀមខ្លួនជាស្រេចសម្រាប់ការចាកចេញរបស់លោកក្នុងពេលឆាប់ៗនេះ ពីព្រោះលោកស្រឡាញ់ពួកគាត់យ៉ាងខ្លាំង។ ឥឡូវនេះ លោកងើបភ្នែកមើលទៅស្ថានសួគ៌ ហើយអធិដ្ឋានទៅបិតាលោកថា៖ «សូមតម្កើងបុត្រលោក ដើម្បីឲ្យបុត្រលោកអាចតម្កើងលោកដែរ ដោយសារលោកបានប្រគល់ឲ្យបុត្រលោកមានអំណាចលើមនុស្សទាំងអស់ ដើម្បីបុត្រលោកអាចឲ្យជីវិតដែលគ្មានទីបញ្ចប់ដល់អស់អ្នកដែលលោកបានផ្ដល់ឲ្យបុត្រលោក»។—យ៉ូហាន ១៧:១, ២
លោកយេស៊ូជ្រាបយ៉ាងច្បាស់ថា ការលើកតម្កើងព្រះគឺជាអ្វីដែលសំខាន់បំផុត។ ម្យ៉ាងទៀត សេចក្ដីសង្ឃឹមអំពីជីវិតដែលគ្មានទីបញ្ចប់ដែលលោកយេស៊ូបានមានប្រសាសន៍គឺពិតជាគួរឲ្យសម្រាលទុក្ខមែន! ដោយសារលោកយេស៊ូបានទទួល«អំណាចលើមនុស្សទាំងអស់» ហេតុនេះ លោកអាចផ្ដល់ឱកាសឲ្យមនុស្សជាតិទាំងអស់ទទួលប្រយោជន៍ពីថ្លៃលោះរបស់លោក។ ក៏ប៉ុន្តែ មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលនឹងទទួលប្រយោជន៍។ ហេតុអ្វីដូច្នេះ? ពីព្រោះលោកយេស៊ូនឹងផ្ដល់ប្រយោជន៍ពីថ្លៃលោះរបស់លោកសម្រាប់តែអស់អ្នកដែលធ្វើតាមប្រសាសន៍របស់លោកដែលថា៖ «ដើម្បីបានជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវស្គាល់លោកដែលជាព្រះពិតតែមួយឲ្យបានច្បាស់ ព្រមទាំងយេស៊ូគ្រិស្ត ដែលលោកបានចាត់ឲ្យមក»។—យ៉ូហាន ១៧:៣
បុគ្គលម្នាក់ត្រូវស្គាល់បិតានិងបុត្ររបស់លោកយ៉ាងច្បាស់ ហើយត្រូវមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយនឹងលោកទាំងពីរ។ គាត់ត្រូវមានទស្សនៈដូចបិតានិងបុត្ររបស់លោកផងដែរ។ បន្ថែមទៅទៀត គាត់ត្រូវព្យាយាមយកតម្រាប់គុណសម្បត្ដិដែលប្រៀបផ្ទឹមពុំបានរបស់លោកទាំងពីរស្តីអំពីរបៀបដែលលោកប្រព្រឹត្តចំពោះអ្នកឯទៀត។ បុគ្គលនោះក៏ត្រូវទទួលស្គាល់ដែរថា ការសរសើរតម្កើងព្រះគឺសំខាន់ជាងការដែលមនុស្សទទួលជីវិតដែលគ្មានទីបញ្ចប់។
ស្តីអំពីការសរសើរតម្កើងព្រះ លោកយេស៊ូអធិដ្ឋានថា៖ «ខ្ញុំបានតម្កើងលោកនៅផែនដី ដោយបានបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យខ្ញុំធ្វើ។ ដូច្នេះ បិតាអើយ ឥឡូវនេះសូមតម្កើងខ្ញុំ ពោលគឺឲ្យខ្ញុំនៅក្បែរលោកដោយមានសិរីរុងរឿងដែលខ្ញុំធ្លាប់មាននៅក្បែរលោក កាលមិនទាន់មានពិភពលោកនៅឡើយ»។ (យ៉ូហាន ១៧:៤, ៥) លោកយេស៊ូសុំបិតាផ្ដល់ឲ្យលោកនូវសិរីរុងរឿងនៅឯស្ថានសួគ៌ដែលលោកធ្លាប់មាន ដោយប្រោសលោកឲ្យរស់ឡើងវិញ។
ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូមិនបានភ្លេចអំពីអ្វីដែលលោកបានសម្រេចក្នុងកិច្ចបម្រើរបស់លោកឡើយ។ លោកអធិដ្ឋានថា៖ «ខ្ញុំបានសម្ដែងនាមរបស់លោកឲ្យពួកបុរសដែលលោកបានយកចេញពីពិភពលោករួចប្រគល់ឲ្យខ្ញុំ។ ពួកគាត់ជារបស់លោក ហើយលោកបានប្រគល់ពួកគាត់ឲ្យខ្ញុំ។ ពួកគាត់បានប្រព្រឹត្តតាមបណ្ដាំរបស់លោក»។ (យ៉ូហាន ១៧:៦) លោកយេស៊ូមិនគ្រាន់តែប្រកាសអំពីនាមព្រះយេហូវ៉ាក្នុងកិច្ចបម្រើរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែលោកក៏បានជួយពួកសាវ័ករបស់លោកឲ្យស្គាល់អំពីអ្វីដែលនាមព្រះតំណាងផងដែរ ពោលគឺគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះនិងរបៀបដែលលោកប្រព្រឹត្តចំពោះមនុស្សជាតិ។
ពួកសាវ័កបានស្គាល់ព្រះយេហូវ៉ា តួនាទីរបស់លោកយេស៊ូ និងអ្វីដែលលោកយេស៊ូបានបង្រៀន។ លោកយេស៊ូអធិដ្ឋានដោយចិត្តរាបទាបថា៖ «គ្រប់ទាំងប្រសាសន៍ដែលលោកបានឲ្យខ្ញុំ នោះខ្ញុំបានឲ្យពួកគាត់ ហើយពួកគាត់បានទទួលប្រសាសន៍ទាំងនោះ ក៏ដឹងប្រាកដថាខ្ញុំបានមកជាតំណាងរបស់លោក ហើយពួកគាត់ជឿថាលោកបានចាត់ខ្ញុំឲ្យមក»។—យ៉ូហាន ១៧:៨
បន្ទាប់មក លោកយេស៊ូទទួលស្គាល់អំពីភាពខុសគ្នារវាងពួកអ្នកកាន់តាមលោកនិងមនុស្សក្នុងពិភពលោកនេះ ដោយអធិដ្ឋានថា៖ «ខ្ញុំមិនធ្វើសំណូមពរអំពីពិភពលោកទេ ប៉ុន្តែអំពីអស់អ្នកដែលលោកបានឲ្យខ្ញុំ ពីព្រោះពួកគាត់ជារបស់លោក . . . បិតាបរិសុទ្ធអើយ សូមការពារពួកគាត់ ដើម្បីនាមរបស់លោកដែលលោកបានឲ្យខ្ញុំ ដើម្បីឲ្យពួកគាត់រួមគ្នាតែមួយដូចយើងរួមគ្នាតែមួយដែរ។ . . . ខ្ញុំក៏បានរក្សាទុកពួកគាត់ ហើយគ្មានពួកគាត់ណាម្នាក់បានបាត់បង់ឡើយ លើកលែងតែអ្នកនោះដែលនឹងត្រូវបំផ្លាញ»។ អ្នកដែលនឹងត្រូវបំផ្លាញគឺយូដាសអ៊ីស្ការីយ៉ុតដែលបានចេញទៅដើម្បីរកឱកាសក្បត់លោកយេស៊ូ។—យ៉ូហាន ១៧:៩-១២
លោកយេស៊ូបន្តអធិដ្ឋានថា៖ «ពិភពលោកបានស្អប់ពួកគាត់ . . . ខ្ញុំមិនសុំលោកយកពួកគាត់ចេញពីពិភពលោកទេ ប៉ុន្តែខ្ញុំសុំលោកការពារពួកគាត់ ឲ្យរួចពីមេកំណាច។ ពួកគាត់មិនរួមចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។ (យ៉ូហាន ១៧:១៤-១៦) ពួកសាវ័កនិងអ្នកកាន់តាមឯទៀតនៅក្នុងពិភពលោក ពោលគឺសង្គមមនុស្សដែលបានត្រូវគ្រប់គ្រងដោយសាថាន ប៉ុន្តែពួកគាត់ត្រូវតែញែកខ្លួនចេញពីពិភពលោកនេះនិងភាពអាក្រក់របស់វា។ តើពួកគាត់អាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
ពួកគាត់ត្រូវរក្សាខ្លួនឲ្យស្អាតបរិសុទ្ធដើម្បីបម្រើព្រះ ដោយធ្វើតាមសេចក្ដីពិតដែលមានក្នុងបទគម្ពីរភាសាហេប្រឺ និងសេចក្ដីពិតដែលលោកយេស៊ូបានបង្រៀនពួកគាត់ដោយផ្ទាល់។ រួចមក លោកយេស៊ូអធិដ្ឋានថា៖ «សូមញែកពួកគាត់ចេញជាបរិសុទ្ធ ដោយសារសេចក្ដីពិត។ ឯបណ្ដាំរបស់លោកជាសេចក្ដីពិត»។ (យ៉ូហាន ១៧:១៧) នៅពេលក្រោយមក ពួកសាវ័កមួយចំនួននឹងត្រូវដឹកនាំឲ្យសរសេរសៀវភៅខ្លះដែលនឹងទៅជាផ្នែកមួយនៃ«សេចក្ដីពិត» ហើយសេចក្ដីពិតនោះអាចជួយមនុស្សឲ្យមានភាពស្អាតបរិសុទ្ធ។
នៅពេលក្រោយមក មនុស្សឯទៀតក៏នឹងទទួលយក«សេចក្ដីពិត»ផងដែរ។ ដូច្នេះ លោកយេស៊ូអធិដ្ឋានថា៖ «ខ្ញុំមិនធ្វើសំណូមពរអំពីពួកគាត់[ពួកសាវ័កទាំង១១នាក់]ប៉ុណ្ណោះ តែក៏ធ្វើសំណូមអំពីអស់អ្នកណាដែលជឿលើខ្ញុំ ដោយសារពាក្យរបស់ពួកគាត់ផងដែរ»។ តើលោកយេស៊ូធ្វើសំណូមពរអ្វីសម្រាប់ពួកគាត់ទាំងអស់គ្នា? លោកអធិដ្ឋានថា៖ «ដើម្បីឲ្យអ្នកទាំងនោះរួមគ្នាតែមួយ ដូចលោកដែលជាបិតា រួបរួមជាមួយនឹងខ្ញុំ ហើយខ្ញុំរួបរួមជាមួយនឹងលោក ដើម្បីពួកគេក៏អាចរួបរួមជាមួយនឹងយើងដែរ»។ (យ៉ូហាន ១៧:២០, ២១) លោកយេស៊ូនិងបិតារបស់លោកមិនមែនរួមគ្នាជាបុគ្គលតែមួយក្នុងន័យត្រង់ទេ។ លោកទាំងពីររួមគ្នាតែមួយក្នុងន័យថា លោកមានទស្សនៈស្របគ្នាក្នុងការទាំងអស់។ លោកយេស៊ូអធិដ្ឋានសុំឲ្យពួកអ្នកកាន់តាមលោករួមគ្នាតែមួយដូចនេះដែរ។
បន្ដិចមុននេះ លោកយេស៊ូបានប្រាប់ពេត្រុសនិងសាវ័កឯទៀតថា លោកនឹងទៅដើម្បីរៀបចំកន្លែងមួយសម្រាប់ពួកគាត់ ពោលគឺកន្លែងដែលនៅឯស្ថានសួគ៌។ (យ៉ូហាន ១៤:២, ៣) ឥឡូវនេះ លោកយេស៊ូអធិដ្ឋានអំពីរឿងនេះថា៖ «បិតាអើយ ខ្ញុំធ្វើសំណូមអំពីពួកអ្នកដែលលោកបានប្រគល់ឲ្យខ្ញុំ។ ខ្ញុំប្រាថ្នាឲ្យពួកគាត់នៅកន្លែងដែលខ្ញុំនៅ ដើម្បីឃើញសិរីរុងរឿងរបស់ខ្ញុំដែលលោកបានឲ្យខ្ញុំ ពីព្រោះលោកបានស្រឡាញ់ខ្ញុំមុនកំណើតពិភពលោក»។ (យ៉ូហាន ១៧:២៤) ដោយមានប្រសាសន៍ដូច្នេះ លោកយេស៊ូបញ្ជាក់ថា អស់រយៈពេលជាយូរ គឺតាំងពីមុនពេលដែលអាដាមនិងអេវ៉ាមានកូនទៅទៀត ព្រះបានស្រឡាញ់បុត្រតែមួយរបស់លោក។ ក្រោយមកបុត្រនោះបានក្លាយទៅជាយេស៊ូគ្រិស្ត។
លោកយេស៊ូបញ្ចប់សេចក្ដីអធិដ្ឋានរបស់លោកដោយលើកបញ្ជាក់ម្ដងទៀតអំពីនាមនិងសេចក្ដីស្រឡាញ់របស់បិតាលោកចំពោះពួកសាវ័កនិងអស់អ្នកដែលនឹងទទួលយក«សេចក្ដីពិត»។ លោកអធិដ្ឋានថា៖ «ខ្ញុំបានសម្ដែងឲ្យពួកគាត់ស្គាល់នាមរបស់លោក ក៏នឹងសម្ដែងឲ្យស្គាល់តទៅទៀត ដើម្បីឲ្យពួកគាត់បង្ហាញសេចក្ដីស្រឡាញ់ដូចសេចក្ដីស្រឡាញ់ដែលលោកមានចំពោះខ្ញុំ ហើយដើម្បីឲ្យខ្ញុំរួបរួមជាមួយនឹងពួកគាត់»។—យ៉ូហាន ១៧:២៦