ជំពូកទី២០
ដំណើររស់ឡើងវិញ—សំរាប់ពួកណា ហើយនៅទីណា?
១, ២ តើឲ្យយើងដឹងយ៉ាងដូចម្ដេច ថាអ្នកបម្រើរបស់ព្រះនៅជំនាន់បុរាណបានជឿទៅលើដំណើររស់ឡើងវិញនោះ?
ពួកអ្នកបម្រើរបស់ព្រះតែងតែបានជឿទៅលើដំណើររស់ឡើងវិញជានិច្ច។ ព្រះគម្ពីរបានចែងអំពីលោកអ័ប្រាហាំ ដែលបានរស់នៅ២.០០០ឆ្នាំមុនពេលព្រះយេស៊ូវបានប្រសូតមកជាមនុស្ស ថា៖ «លោកបានរាប់ថា ព្រះទ្រង់អាចនឹងប្រោសកូន[អ៊ីសាក] ឲ្យរស់ពីស្លាប់ឡើងវិញបានផង»។ (ហេព្រើរ ១១:១៧-១៩) ក្រោយមកលោកយ៉ូបជាអ្នកបម្រើព្រះ បានសួរថា៖ «បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ»? ក្នុងការឆ្លើយនឹងសំនួរខ្លួនឯង លោកយ៉ូបបាននិយាយទៅព្រះថា៖ «នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប»។ ដូច្នេះហើយ គាត់បានបង្ហាញថា គាត់បានជឿទៅលើដំណើររស់ឡើងវិញ។—យ៉ូប ១៤:១៤, ១៥
២ ពេលដែលព្រះយេស៊ូវគ្រីស្ទគង់នៅលើផែនដី ទ្រង់បានមានបន្ទូលពន្យល់ថា៖ «រីឯដំណើរដែលមនុស្សរស់ពីស្លាប់ឡើងវិញ នោះទាំងលោកម៉ូសេក៏បានបង្ហាញ ក្នុងរឿងពីគុម្ពបន្លាហើយ ក្នុងកាលដែលលោកហៅព្រះអម្ចាស់[ព្រះយេហូវ៉ា] ថាជាព្រះនៃលោកអ័ប្រាហាំ នៃលោកអ៊ីសាក ហើយនៃលោកយ៉ាកុប ដ្បិតទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ ព្រោះមនុស្សទាំងអស់[នេះ]រស់សំរាប់ទ្រង់»។ (លូកា ២០:៣៧, ៣៨) នៅក្នុងបទគម្ពីរគ្រីស្ទានភាសាក្រិក ពាក្យថា‹ដំណើររស់ឡើងវិញ› បានត្រូវប្រើជាង៤០ដង។ មែនហើយ ដំណើររស់ឡើងវិញនៃមនុស្សស្លាប់ជាសេចក្ដីបង្រៀនដ៏សំខាន់មួយក្នុងព្រះគម្ពីរ។—ហេព្រើរ ៦:១, ២
៣ តើនាងម៉ាថាបាននិយាយយ៉ាងណា ដែលសម្ដែងថានាងមានជំនឿទៅលើដំណើររស់ឡើងវិញនោះ?
៣ ពេលដែលឡាសារជាប្អូនប្រុសរបស់នាងបានស្លាប់នោះ នាងម៉ាថាដែលជាមិត្តរបស់ព្រះយេស៊ូវ បានបង្ហាញសេចក្ដីជំនឿទៅលើដំណើររស់ឡើងវិញ។ ពេលដែលដឹងថាព្រះយេស៊ូវបានយាងមកដល់ នាងម៉ាថាបានរត់ទៅជួបទ្រង់។ នាងបាននិយាយថា៖ «ព្រះអម្ចាស់អើយ បើសិនជាទ្រង់បានគង់នៅទីនេះ នោះប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ»។ ដោយទតឃើញសេចក្ដីទុក្ខព្រួយរបស់នាង ព្រះយេស៊ូវទ្រង់បានជួយសម្រាលទុក្ខនាង ដោយព្រះបន្ទូលថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ នាងម៉ាថាបានឆ្លើយថា៖ «ខ្ញុំដឹងថា នៅថ្ងៃចុងបំផុតកាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ»។—យ៉ូហាន ១១:១៧-២៤
៤-៦ តើនាងម៉ាថាមានមូលហេតុណាខ្លះ ចំពោះជំនឿទៅលើដំណើររស់ឡើងវិញនោះ?
៤ នាងម៉ាថាមានមូលហេតុយ៉ាងមុតមាំ ចំពោះជំនឿរបស់នាងទៅលើដំណើររស់ឡើងវិញ។ ជាឧទាហរណ៍ នាងបានដឹងថា ជាច្រើនឆ្នាំពីមុនមក ហោរារបស់ព្រះ អេលីយ៉ា និងអេលីសេ ដោយសារឥទ្ធិពលរបស់ព្រះ ម្នាក់ៗបានប្រោសក្មេងឲ្យរស់ឡើងវិញ។ (ពង្សាវតារក្សត្រទី១ ១៧:១៧-២៤; ពង្សាវតារក្សត្រទី២ ៤:៣២-៣៧) ហើយនាងក៏ដឹងទៀតថា បុរសម្នាក់បានមានជីវិតរស់មកវិញ ពេលដែលគាត់បានត្រូវបោះទៅក្នុងរណ្ដៅមួយហើយបានប៉ះនឹងឆ្អឹងរបស់អេលីសេនោះ។ (ពង្សាវតារក្សត្រទី២ ១៣:២០, ២១) ប៉ុន្តែ ហេតុដែលបានធ្វើឲ្យជំនឿរបស់នាងទៅលើដំណើររស់ឡើងវិញបានមាំមួនជាងគេនោះ គឺអ្វីៗដែលព្រះយេស៊ូវអង្គផ្ទាល់បានបង្រៀននិងបានប្រព្រឹត្ត។
៥ ជិតពីរឆ្នាំកន្លងទៅ នាងម៉ាថាប្រហែលជាបាននៅក្នុងទីក្រុងយេរូសាឡិម នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលអំពីចំណែកដែលទ្រង់នឹងមានក្នុងការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនោះ។ ទ្រង់បានមានបន្ទូលថា៖ «ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះព្រះរាជបុត្រានឹងប្រោសដល់អ្នកណា ដែលទ្រង់សព្វព្រះហឫទ័យក៏យ៉ាងដូច្នោះដែរ។ កុំឲ្យឆ្ងល់ពីសេចក្ដីនេះឡើយ ដ្បិតមានពេលវេលាមក ដែលអស់ទាំងខ្មោចនៅក្នុងផ្នូរនឹងឮសំឡេងទ្រង់ ហើយនឹងចេញមក»។—យ៉ូហាន ៥:២១, ២៨, ២៩
៦ គ្មានឯកសាររបស់ព្រះគម្ពីរណាដែលបានចែងថា ទ្រង់បានប្រោសមនុស្សណាម្នាក់ឲ្យរស់ឡើងវិញពីមុនមកទេ លើកលែងតែក្រោយពីពេលដែលព្រះយេស៊ូវបានមានបន្ទូលនូវវាចាទាំងនេះ។ ប៉ុន្តែមិនយូរប៉ុន្មានក្រោយមក ទ្រង់បានប្រោសយុវជនម្នាក់ឲ្យមានជីវិតមកវិញ ជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅទីក្រុងណាអ៊ីន។ ដំណឹងនេះបានឮសុសសាយទៅទិសខាងត្បូង ដល់ស្រុកយូដា ដូច្នេះហើយ នាងម៉ាថាពិតជាបានឮអំពីរឿងនេះជាមិនខាន។ (លូកា ៧:១១-១៧) បន្ទាប់មក នាងម៉ាថាក៏ប្រហែលជាបានឮ ពីអ្វីដែលបានកើតឡើងនៅជិតសមុទ្រនៃស្រុកកាលីឡេ ក្នុងគេហដ្ឋានរបស់យ៉ៃរ៉ុស។ កូនស្រីរបស់គាត់ដែលមានអាយុ១២ឆ្នាំបានមានជម្ងឺយ៉ាងខ្លាំងហើយបានស្លាប់ទៅ។ ប៉ុន្តែ ពេលដែលព្រះយេស៊ូវបានយាងមកដល់ផ្ទះរបស់យ៉ៃរ៉ុស ទ្រង់ក៏យាងទៅកូនក្មេងស្លាប់នោះហើយបានមានបន្ទូលថា៖ «កូនអើយ ចូរក្រោកឡើង»។ ហើយនាងក៏បានធ្វើដូច្នោះមែន!—លូកា ៨:៤០-៥៦
៧ តើភស្តុតាងអ្វីដែលព្រះយេស៊ូវបានប្រទានទៅនាងម៉ាថា ដើម្បីបង្ហាញថាទ្រង់អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញនោះ?
៧ យ៉ាងណាក៏ដោយ នាងម៉ាថាមិនបានគិតថា ព្រះយេស៊ូវនឹងប្រោសប្អូនប្រុសនាងឲ្យរស់ឡើងវិញនៅពេលនោះឡើយ។ ហេតុដូច្នោះហើយបានជានាងបាននិយាយថា៖ «ខ្ញុំដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងដែរ»។ ប៉ុន្តែ ដើម្បីធ្វើឲ្យនាងម៉ាថា បានយល់ច្បាស់ពីកិច្ចការដែលទ្រង់មានក្នុងការប្រោសមនុស្សស្លាប់ ព្រះយេស៊ូវបានមានបន្ទូលថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ។ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ»។ មិនយូរប៉ុន្មានក្រោយមក ទ្រង់ក៏ត្រូវបានគេនាំទៅឯផ្នូរ ដែលឡាសារបានត្រូវដាក់ទុកនៅទីនោះ។ ទ្រង់បានមានបន្ទូលយ៉ាងខ្លាំងថា៖ «ឡាសារអើយ ចូរចេញមក»។ ហើយឡាសារដែលបានស្លាប់អស់បួនថ្ងៃហើយនោះ ក៏បានចេញមកមែន!—យ៉ូហាន ១១:២៤-២៦, ៣៨-៤៤
៨ តើមានភស្តុតាងអ្វី ដែលបង្ហាញថាព្រះយេស៊ូវទ្រង់បានមានព្រះជន្មរស់ឡើងវិញនោះ?
៨ ប៉ុន្មានអាទិត្យក្រោយមក ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់បានត្រូវគេធ្វើគុត ហើយបានដាក់នៅក្នុងផ្នូរ។ ប៉ុន្តែ ទ្រង់បានគង់នៅទីនោះតែបីថ្ងៃប៉ុណ្ណោះ។ សាវកពេត្រុសពន្យល់ពីមូលហេតុនេះ ដោយមានវាចាថា៖ «ឯព្រះយេស៊ូវនេះ ព្រះបានប្រោសឲ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយពួកយើងនេះជាទីបន្ទាល់ពីទ្រង់ទាំងអស់គ្នា»។ ពួកអ្នកដឹកនាំខាងសាសនាមិនអាចឃាត់ឃាំងព្រះរាជបុត្រារបស់ព្រះពីការចេញពីផ្នូរឡើយ។ (កិច្ចការ ២:៣២; ម៉ាថាយ ២៧:៦២-៦៦; ២៨:១-៧) មិនអាចមានការសង្ស័យទេ ដែលព្រះយេស៊ូវបានត្រូវប្រោសពីស្លាប់នោះ ដ្បិតក្រោយមកទ្រង់បានបង្ហាញអង្គទ្រង់ដ៏រស់ ដល់សិស្សទ្រង់ជាច្រើននាក់។ នៅពេលមួយ ទ្រង់បានបង្ហាញដល់ប្រហែលជា៥០០នាក់នៃពួកគេ។ (កូរិនថូសទី១ ១៥:៣-៨) ពួកសិស្សរបស់ព្រះយេស៊ូវបានជឿយ៉ាងមុតមាំទៅលើដំណើររស់ឡើងវិញ ដល់ម្ល៉េះបានជាពួកគេស្ម័គ្រចិត្តស៊ូស្លាប់ក្នុងការបម្រើព្រះ។
៩ តើមនុស្សចំនួនប្រាំបួននាក់ដែលព្រះគម្ពីរបានចែងថា ត្រូវបានប្រោសឲ្យរស់ឡើងវិញ នោះមានអ្នកណាខ្លះ?
៩ ភស្តុតាងថែមទៀតដែលបញ្ជាក់ថា មនុស្សស្លាប់អាចត្រូវបានប្រោសឲ្យរស់ បានផ្ដល់មកតាមរយៈសាវកពេត្រុសនិងសាវកប៉ុល។ មុនដំបូង ពេត្រុសបានប្រោសនាងតេប៊ីថា ក៏បានត្រូវហៅថានាងក្ដាន់ ដែលនៅក្រុងយ៉ូប៉េនោះ ឲ្យរស់ឡើងវិញ។ (កិច្ចការ ៩:៣៦-៤២) ហើយបន្ទាប់មក ប៉ុលបានប្រោសឲ្យមានជីវិតមកវិញដល់ក្មេងជំទង់ម្នាក់ ឈ្មោះអ៊ើទីកុស ដែលបានស្លាប់នៅពេលដែលគាត់បានធ្លាក់ពីបង្អួចមួយនៅជាន់ទីបី នៅពេលដែលប៉ុលកំពុងអធិប្បាយ។ (កិច្ចការ ២០:៧-១២) ពិតមែនហើយ ដំណើររស់ឡើងវិញទាំងប្រាំបួនដែលបានកត់ទុកនៅក្នុងព្រះគម្ពីរនេះ ជាភស្តុតាងយ៉ាងជាក់ស្តែងថា មនុស្សអាចត្រូវប្រោសឲ្យមានជីវិតមកវិញបានមែន!
តើពួកណានឹងត្រូវប្រោសឲ្យរស់ឡើងវិញ?
១០, ១១ (ក) ហេតុអ្វីក៏ព្រះបានរៀបចំឲ្យមានដំណើររស់ឡើងវិញ? (ខ) យោងទៅតាមកិច្ចការ ២៤:១៥ តើមនុស្សពីរក្រុមណាខ្លះ ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនោះ?
១០ កាលដំបូងឡើយ មិនមែនជាព្រះរាជបំណងរបស់ព្រះទេ ក្នុងការប្រោសអ្នកណាម្នាក់ឲ្យរស់ឡើងវិញ ពីព្រោះប្រសិនបើអ័ដាមនិងអេវ៉ានៅតែស្មោះត្រង់ នោះនឹងគ្មានអ្នកណាត្រូវស្លាប់ឡើយ។ ប៉ុន្តែ ក្រោយមក អំពើបាបរបស់អ័ដាមបាននាំមកនូវភាពមិនល្អឥតខ្ចោះនិងសេចក្ដីស្លាប់ទៅលើមនុស្សគ្រប់ៗគ្នា។ (រ៉ូម ៥:១២) ដូច្នេះ ដើម្បីធ្វើឲ្យកូនចៅរបស់អ័ដាម អាចមានលទ្ធភាពក្នុងការសប្បាយនឹងជីវិតដ៏អស់កល្បជានិច្ចបាននោះ ព្រះយេហូវ៉ាបានរៀបចំឲ្យមានដំណើររស់ឡើងវិញ។ ប៉ុន្តែ តើអ្វីនឹងត្រូវសម្រេច ថាតើមនុស្សម្នាក់ត្រូវប្រោសឲ្យមានជីវិតរស់ឡើងវិញឬក៏មិនត្រូវនោះ?
១១ ព្រះគម្ពីរបានពន្យល់ថា៖ «ទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិត នឹងបានរស់ឡើងវិញទាំងអស់គ្នា»។ (កិច្ចការ ២៤:១៥) នេះប្រហែលជាធ្វើឲ្យអ្នកខ្លះឆ្ងល់ហើយ។ ពួកគេប្រហែលជាឆ្ងល់៖ ‹ហេតុអ្វីក៏នាំ«មនុស្សទុច្ចរិត»ឲ្យមានជីវិតមកវិញដូច្នេះ›? ហេតុការណ៍ដែលបានកើតឡើងនៅពេលដែលព្រះយេស៊ូវត្រូវគេព្យួរនៅបង្គោលធ្វើទារុណកម្មនោះ នឹងជួយយើងដើម្បីឆ្លើយនូវសំនួរនេះ។
១២, ១៣ (ក) តើសេចក្ដីសន្យាអ្វី ដែលព្រះយេស៊ូវបានមានបន្ទូលនឹងឧក្រិដ្ឋជនម្នាក់? (ខ) តើ‹សួនមនោរម្យ›ដែលព្រះយេស៊ូវបានមានបន្ទូលអំពីនោះ នៅទីណា?
១២ បុរសទាំងនេះដែលនៅជិតព្រះយេស៊ូវ គឺជាឧក្រិដ្ឋជន។ ពួកគេម្នាក់ ទើបតែបានឈប់ប្រមាថមើលងាយទ្រង់ ដោយនិយាយថា៖ «បើឯងជាព្រះគ្រីស្ទពិត នោះចូរជួយសង្គ្រោះខ្លួនឯង ហើយនឹងយើងផង»។ ប៉ុន្តែ ឧក្រិដ្ឋជនម្នាក់ទៀតបានជឿដល់ព្រះយេស៊ូវ។ គាត់បែរមកទ្រង់ហើយនិយាយថា៖ «ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង»។ នៅពេលនោះ ព្រះយេស៊ូវបានសន្យាថា៖ «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខ[សួនមនោរម្យ, ពថ]ជាមួយនឹងខ្ញុំដែរ»។—លូកា ២៣:៣៩-៤៣
១៣ ប៉ុន្តែ តើព្រះយេស៊ូវចង់មានន័យយ៉ាងណា ពេលដែលទ្រង់មានបន្ទូលថា៖ «អ្នកនឹងនៅក្នុងស្ថានបរមសុខ[សួនមនោរម្យ, ពថ]ជាមួយនឹងខ្ញុំ»នោះ? តើសួនមនោរម្យនៅទីណា? អញ្ចឹង តើសួនមនោរម្យដែលព្រះទ្រង់បានបង្កើតកាលដើមដំបូងនោះ នៅទីណា? តើមិននៅលើផែនដីទេឬ? ព្រះទ្រង់បានដាក់មនុស្សមួយគូមុនដំបូងនេះ ក្នុងសួនមនោរម្យដ៏ស្អាតដែលមានឈ្មោះថា សួនច្បារអេដែន។ ដូច្នេះ ពេលដែលយើងអានថាឧក្រិដ្ឋជនពីដើមនេះ នឹងនៅក្នុងសួនមនោរម្យនោះ យើងគួរតែគិតក្នុងចិត្តយើងថា ផែនដីនេះនឹងធ្វើឲ្យទៅជាទីកន្លែងដ៏ស្អាតមួយសំរាប់រស់នៅ ដ្បិតពាក្យថា‹សួនមនោរម្យ› សំដៅចំពោះ«សួនច្បារ» ឬ«ឧទ្យាន»។—លោកុប្បត្តិ ២:៨, ៩
១៤ តាមរបៀបណា ដែលព្រះយេស៊ូវទ្រង់នឹងគង់នៅជាមួយនឹងឧក្រិដ្ឋជនពីដើមក្នុងសួនមនោរម្យនោះ?
១៤ ជាធម្មតា ព្រះយេស៊ូវគ្រីស្ទនឹងមិនគង់នៅទីនេះ លើផែនដីជាមួយនឹងឧក្រិដ្ឋជនពីដើមនោះទេ។ គឺពិតជាមិនអញ្ចឹងទេ ព្រះយេស៊ូវនឹងគង់នៅស្ថានសួគ៌ សោយរាជ្យជាស្តេច ទៅលើផែនដីជាសួនមនោរម្យ។ ដូច្នេះ ទ្រង់នឹងគង់នៅជាមួយបុរសនោះ ក្នុងន័យថា ទ្រង់នឹងប្រោសគាត់ពីសេចក្ដីស្លាប់ ហើយយកព្រះទ័យទុកដាក់នឹងសេចក្ដីត្រូវការរបស់គាត់ ទាំងខាងសាច់ឈាមនិងខាងវិញ្ញាណផង។ ប៉ុន្តែ ហេតុអ្វីក៏ព្រះយេស៊ូវនឹងអនុញ្ញាតឲ្យបុរសដែលពីមុនជាឧក្រិដ្ឋជនម្នាក់ ទៅរស់នៅក្នុងសួនមនោរម្យដូច្នេះ?
១៥ ហេតុអ្វីក៏«មនុស្សទុច្ចរិត»ត្រូវបានប្រោសឲ្យរស់ឡើងវិញ?
១៥ ជារឿងពិតមែនហើយ ដែលបុរសនេះបានប្រព្រឹត្តអំពើអាក្រក់។ ពីមុនគាត់ជា«មនុស្សទុច្ចរិត»។ គាត់ក៏មិនបានស្គាល់និងយល់ពីព្រះហឫទ័យរបស់ព្រះដែរ។ ប៉ុន្តែ តើគាត់នឹងទៅជាឧក្រិដ្ឋជនម្នាក់ទេ ប្រសិនបើគាត់បានស្គាល់អំពីព្រះរាជបំណងរបស់ព្រះនោះ? ដើម្បីរកឲ្យឃើញច្បាស់ពីរឿងនេះ ព្រះយេស៊ូវទ្រង់នឹងប្រោសបុរសនេះឲ្យរស់ឡើងវិញ ព្រមទាំងមនុស្សរាប់កោដិនាក់ទៀត ដែលបានស្លាប់ក្នុងសេចក្ដីល្ងង់ខ្លៅនោះដែរ។ ឧទាហរណ៍ រាប់សតវត្សកន្លងមក មនុស្សជាច្រើននាក់បានស្លាប់ គឺអ្នកមិនដែលទាំងចេះអាន និងអ្នកមិនដែលទាំងបានឃើញព្រះគម្ពីរទៀតផង។ ប៉ុន្តែ ពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញពីហ្សីអូល ឬហាដេស[ផ្នូរ]។ បន្ទាប់មក នៅក្នុងសួនមនោរម្យលើផែនដី ពួកគេនឹងត្រូវបានបង្រៀនអំពីព្រះហឫទ័យព្រះ ហើយពួកគេនឹងមានឱកាសដើម្បីបង្ហាញថាពួកគេពិតជាស្រឡាញ់ព្រះ ដោយការប្រព្រឹត្តតាមព្រះហឫទ័យរបស់ទ្រង់នោះ។
១៦ (ក) តើអ្នកណាក្នុងចំណោមមនុស្សស្លាប់ ដែលមិនត្រូវប្រោសឲ្យរស់ឡើងវិញនោះ? (ខ) ហេតុអ្វីក៏យើងមិនគួរព្យាយាមកាត់ក្ដីក្នុងរឿងនេះ? (គ) តើអ្វីគួរតែជាកង្វល់ដ៏សំខាន់បំផុតរបស់យើងម្នាក់ៗនោះ?
១៦ រឿងនេះមិនមានន័យថា មនុស្សគ្រប់ៗគ្នានឹងបានទទួលនូវដំណើររស់ឡើងវិញទេ។ ព្រះគម្ពីរបង្ហាញថា យូដាស-អ៊ីស្ការីយ៉ុត អ្នកដែលបានក្បត់ព្រះយេស៊ូវ នឹងមិនបានរស់ឡើងវិញទេ។ ដោយសារតែអំពើអាក្រក់ដែលគាត់បានប្រព្រឹត្តដោយចេតនានោះ យូដាសបានត្រូវហៅថាជា «១នាក់នោះ ដែលបានដំរូវឲ្យត្រូវវិនាស»។ (យ៉ូហាន ១៧:១២) គាត់បានចូលទៅក្នុងហ្គេហេណាជានិមិត្តរូប ដែលនៅទីនោះគ្មានដំណើររស់ឡើងវិញទេ។ (ម៉ាថាយ ២៣:៣៣) មនុស្សទាំងឡាយណា ដែលប្រព្រឹត្តអំពើអាក្រក់ដោយចេតនា ក្រោយពីបានស្គាល់ព្រះហឫទ័យរបស់ព្រះហើយ អ្នកនោះអាចនឹងធ្វើអំពើបាបប្រឆាំងនឹងវិញ្ញាណបរិសុទ្ធរបស់ព្រះ។ ហើយព្រះទ្រង់នឹងមិនប្រោសអ្នកណាដែលធ្វើបាបប្រឆាំងនឹងវិញ្ញាណបរិសុទ្ធទ្រង់ ឲ្យរស់ឡើងវិញឡើយ។ (ម៉ាថាយ ១២:៣២; ហេព្រើរ ៦:៤-៦; ១០:២៦, ២៧) យ៉ាងណាក៏ដោយ ដោយព្រោះតែព្រះជាចៅក្រមនោះ គ្មានមូលហេតុណាមួយចំពោះយើងម្នាក់ៗឲ្យកាត់ក្ដី ថាតើមនុស្សអាក្រក់ណាមួយនៅសម័យដើម ឬក៏សម័យថ្មី នឹងត្រូវប្រោសឲ្យរស់ឡើងវិញបានឬក៏មិនបាននោះទេ។ ព្រះទ្រង់ជ្រាប ពីអ្នកណាស្ថិតនៅក្នុងហាដេស និងអ្នកណាស្ថិតនៅក្នុងហ្គេហេណា។ ចំណែកឯករណីយកិច្ចរបស់យើងវិញ យើងគួរតែខំប្រឹងអស់ពីសមត្ថភាព ដើម្បីឲ្យយើងអាចទៅជាមនុស្សប្រភេទដែលព្រះមានព្រះហឫទ័យចង់បាននៅក្នុងរបបថ្មីរបស់ទ្រង់។—លូកា ១៣:២៤, ២៩
១៧ តើពួកណាដែលមិនត្រូវការដំណើររស់ឡើងវិញ ដើម្បីនឹងសប្បាយនូវជីវិតដ៏អស់កល្បជានិច្ចនោះ?
១៧ ហេតុការណ៍ដ៏ជាក់ស្តែងនោះ គឺមិនមែនមនុស្សដែលនឹងទទួលជីវិតអស់កល្បជានិច្ចទាំងអស់ទេ ដែលត្រូវការដំណើររស់ឡើងវិញ។ ពួកអ្នកបម្រើរបស់ព្រះជាច្រើន ដែលកំពុងតែរស់នៅសព្វថ្ងៃនេះនៅ«ជាន់ក្រោយបង្អស់»នៃរបបសម័យនេះ នឹងរស់គង់នៅផុតពីអើម៉ាគេដូន។ ហើយបន្ទាប់មក ជាផ្នែកនៃ«ផែនដីថ្មី»ដ៏សុចរិត ពួកគេនឹងមិនត្រូវស្លាប់ទាល់តែសោះ។ អ្វីៗដែលព្រះយេស៊ូវបានមានបន្ទូលទៅនាងម៉ាថា អាចទៅជាសេចក្ដីពិតក្នុងន័យត្រង់ៗបានចំពោះពួកគេ ដែលថា៖ «អស់អ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ»។—យ៉ូហាន ១១:២៦; ធីម៉ូថេទី២ ៣:១
១៨ តើពួកណាជា«មនុស្សសុចរិត» ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនោះ?
១៨ តើពួកណាជា«មនុស្សសុចរិត»ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ? អ្នកទាំងនេះនឹងរួមបញ្ចូលអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ ដែលបានរស់នៅមុនពេលព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីនេះ។ ពួកមនុស្សជាច្រើនទាំងនេះ បានត្រូវរាយរាប់ដោយឈ្មោះនៅសៀវភៅហេព្រើរជំពូក១១។ ពួកគេមិនបានសង្ឃឹមនឹងទៅស្ថានសួគ៌ទេ ប៉ុន្តែសង្ឃឹមនឹងរស់នៅម្ដងទៀតនៅលើផែនដីវិញ។ ម្យ៉ាងទៀត ក្នុងចំណោម«មនុស្សសុចរិត»ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញនោះ គឺនឹងមានអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ ដែលបានស្លាប់ក្នុងរយៈពេលថ្មីៗនេះ។ ព្រះទ្រង់នឹងរ៉ាប់រងថា សេចក្ដីសង្ឃឹមរបស់ពួកគេក្នុងការរស់នៅជានិរន្តរ៍នៅលើផែនដី នឹងបានសម្រេច ដោយការប្រោសពួកគេពីសេចក្ដីស្លាប់មកវិញ។
នៅពេលណានិងនៅទីណា ដែលត្រូវរស់ឡើងវិញ
១៩ (ក) ក្នុងន័យណា ដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់នោះ? (ខ) តើពួកណា ដែលត្រូវប្រោសឲ្យរស់ឡើងវិញជាបន្ទាប់មកនោះ?
១៩ ព្រះយេស៊ូវគ្រីស្ទត្រូវបានចែងជា អ្នក«មានព្រះជន្មរស់ពីស្លាប់ឡើងវិញមុនគេទាំងអស់»។ (កិច្ចការ ២៦:២៣) នេះបានសេចក្ដីថា ទ្រង់ជាបុគ្គលទីមួយដែលបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ចំពោះពួកដែលមិនត្រូវស្លាប់ម្ដងទៀតនោះ។ ម្យ៉ាងទៀត ទ្រង់ក៏ជាបុគ្គលទីមួយ ដែលត្រូវបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញជាបុគ្គលវិញ្ញាណដែរ។ (ពេត្រុសទី១ ៣:១៨, ពថ) ប៉ុន្តែ ព្រះគម្ពីរបានចែងប្រាប់យើងថា នឹងមានអ្នកដទៃផ្សេងទៀតដែរ ដោយពាក្យថា៖ «តែម្នាក់ៗតាមឋានៈរបស់គេ ព្រះគ្រីស្ទជាផលដើម បន្ទាប់មក ពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទក្នុងកំឡុងពេលវត្តមានរបស់ទ្រង់»។ (កូរិនថូសទី១ ១៥:២០-២៣, ពថ) ដូច្នេះ នៅគ្រារស់ឡើងវិញ អ្នកខ្លះនឹងត្រូវប្រោសឲ្យរស់ឡើងវិញមុនអ្នកឯទៀត។
២០ (ក) តើពួកណាជា«ពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ»? (ខ) តើពួកគេមានដំណើររស់ឡើងវិញមួយណា?
២០ «ពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ»មាន១៤៤.០០០នាក់ ជាសិស្សដ៏ស្មោះត្រង់ដែលបានជ្រើសរើស ដើម្បីសោយរាជ្យជាមួយនឹងទ្រង់ក្នុងព្រះរាជាណាចក្រនោះ។ ចំពោះដំណើររស់ឡើងវិញទៅស្ថានសួគ៌របស់ពួកគេ ព្រះគម្ពីរបានចែងថា៖ «មានពរហើយ ក៏បរិសុទ្ធផង អស់អ្នកណាដែលមានចំណែក ក្នុងខណរស់ឡើងវិញជាន់មុនដំបូងនេះ សេចក្ដីស្លាប់ទី២គ្មានអំណាចលើអ្នកទាំងនោះឡើយ អ្នកទាំងនោះនឹង . . . សោយរាជ្យជាមួយនឹងទ្រង់អស់១ពាន់ឆ្នាំ»។—វិវរណៈ ២០:៦; ១៤:១, ៣
២១ (ក) តើនៅពេលណាដែលដំណើរ«រស់ឡើងវិញជាន់មុនដំបូង»បានចាប់ផ្ដើម? (ខ) ដោយគ្មានការសង្ស័យ តើពួកណាដែលត្រូវបានប្រោសឲ្យរស់ឡើងវិញរួចហើយ ទៅស្ថានសួគ៌នោះ?
២១ ដូច្នេះ ក្រោយពីដំណើរមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ ពួកអ្នក១៤៤.០០០នាក់នឹងត្រូវប្រោសឲ្យរស់ឡើងវិញជាបន្ទាប់។ ពួកគេបានទទួលចំណែកក្នុងដំណើរ«រស់ឡើងវិញជាន់មុនដំបូង»។ តើនៅពេលណាដែលការទាំងនេះនឹងកើតឡើង? ព្រះគម្ពីរបានចែងថា ក្នុង«កំឡុងពេលវត្តមានរបស់ទ្រង់»។ ដូចជាយើងបានរៀនក្នុងជំពូកកន្លងមកហើយនេះ វត្តមានរបស់ព្រះគ្រីស្ទបានចាប់ផ្ដើមក្នុងឆ្នាំ១៩១៤។ ដូច្នេះហើយ«ថ្ងៃ»សំរាប់ដំណើរ«រស់ឡើងវិញជាន់មុនដំបូង»នៃពួកគ្រីស្ទានដ៏ស្មោះត្រង់ទៅស្ថានសួគ៌ បានមកដល់រួចហើយ។ គ្មានការសង្ស័យទេ ដែលពួកសាវកនិងពួកគ្រីស្ទានពីដើមផ្សេងទៀតបានត្រូវប្រោសឲ្យរស់ឡើងវិញទៅស្ថានសួគ៌រួចហើយនោះ។—ធីម៉ូថេទី២ ៤:៨
២២ (ក) តើពួកណាផ្សេងទៀត ដែលមានចំណែកក្នុងដំណើរ«រស់ឡើងវិញជាន់មុនដំបូង»នោះ? (ខ) តើនៅពេលណា ដែលពួកគេត្រូវប្រោសឲ្យរស់ឡើងវិញ?
២២ ប៉ុន្តែ នៅមានពួកគ្រីស្ទានដែលកំពុងតែរស់នៅសព្វថ្ងៃនេះ ក្នុងកំឡុងពេលវត្តមានដ៏មើលមិនឃើញរបស់ព្រះគ្រីស្ទ ពួកដែលមានសេចក្ដីសង្ឃឹមដូចគ្នា គឺការសោយរាជ្យនៅលើស្ថានសួគ៌ជាមួយព្រះគ្រីស្ទ។ ពួកនេះជាពួកដែលនៅសល់ ពួកសំណល់នៃពួក១៤៤.០០០នាក់។ តើនៅពេលណា ទើបពួកគេប្រោសឲ្យរស់ឡើងវិញ? ពួកគេមិនចាំបាច់ដេកលក់ក្នុងសេចក្ដីស្លាប់ទេ ប៉ុន្តែពួកគេនឹងត្រូវប្រោសឲ្យមានជីវិតភ្លាម នៅពេលដែលគេស្លាប់។ ព្រះគម្ពីរបានពន្យល់ថា៖ «យើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ»។—កូរិនថូសទី១ ១៥:៥១, ៥២; ថែស្សាឡូនីចទី១ ៤:១៥-១៧
២៣ តើព្រះគម្ពីរបានចែងយ៉ាងណា អំពីការប្ដូរទៅជីវិតខាងវិញ្ញាណ?
២៣ ជាធម្មតា ដំណើរ«រស់ឡើងវិញជាន់មុនដំបូង»ចំពោះជីវិតនៅស្ថានសួគ៌នេះ ជាការមើលមិនឃើញចំពោះភ្នែករបស់មនុស្សលោក។ នេះជាដំណើររស់ឡើងវិញ ដើម្បីមានជីវិតជាសត្តនិករវិញ្ញាណ។ ព្រះគម្ពីរបានចែងពីការប្ដូរទៅជាជីវិតខាងវិញ្ញាណដោយរបៀបនេះថា៖ «គេបានកប់ទៅ ជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយ មិនចេះពុករលួយឡើយ បានកប់ទៅ ទាំងមានសេចក្ដីអាប់ឱន តែរស់ឡើងវិញ ទាំងមានសិរីល្អ . . . បានកប់ទៅ ជារូបកាយខាងសាច់ឈាម តែរស់ឡើង ជារូបកាយខាងវិញ្ញាណវិញ»។—កូរិនថូសទី១ ១៥:៤២-៤៤
២៤ (ក) តើដំណើររស់ឡើងវិញមួយណា ដែលមានបន្ទាប់ពីដំណើរ«រស់ឡើងវិញជាន់មុនដំបូង»នោះ? (ខ) ហេតុអ្វីក៏ត្រូវហៅជាការ«រស់ឡើងវិញបែបប្រសើរជាង»?
២៤ យ៉ាងណាក៏ដោយ ឃ្លាដែលថាដំណើរ«រស់ឡើងវិញជាន់មុនដំបូង»នេះ បង្ហាញឲ្យឃើញថា នឹងមានដំណើររស់ឡើងវិញមួយផ្សេងទៀត ជាបន្តបន្ទាប់។ នេះជាដំណើររស់ឡើងវិញ ដើម្បីមានជីវិតក្នុងសួនមនោរម្យនៅលើផែនដី ទាំងមនុស្សសុចរិតនិងមនុស្សទុច្ចរិត។ ការនេះនឹងកើតមានឡើងក្រោយពីអើម៉ាគេដូន។ នេះជាការ«រស់ឡើងវិញបែបប្រសើរជាង»ដំណើររស់ឡើងវិញរបស់ក្មេងប្រុសដែលបានត្រូវប្រោសដោយអេលីយ៉ា និងអេលីសេ ហើយនិងដំណើររស់ឡើងវិញរបស់អ្នកដទៃផ្សេងទៀតដែលបានប្រោសពីមុនមកនោះ។ ហេតុអ្វីក៏ដូច្នេះ? ពីព្រោះចំពោះពួកដែលបានប្រោសឲ្យរស់ឡើងវិញ ក្រោយអើម៉ាគេដូន ប្រសិនបើពួកគេជ្រើសរើសយកការបម្រើព្រះ ពួកគេនឹងលែងត្រូវស្លាប់ទៀតហើយ។—ហេព្រើរ ១១:៣៥
អព្ភូតហេតុមួយរបស់ព្រះ
២៥ (ក) ហេតុអ្វីក៏មិនមែនរូបកាយដដែល ដែលត្រូវប្រោសឲ្យរស់ឡើងវិញនោះ? (ខ) អ្វីដែលត្រូវប្រោសឲ្យរស់ឡើងវិញ ហើយអ្វីដែលត្រូវផ្ដល់ដល់ពួកដែលត្រូវរស់ឡើងវិញនោះ?
២៥ ក្រោយពីមនុស្សម្នាក់បានស្លាប់ តើអ្វីនឹងត្រូវប្រោសឲ្យរស់ឡើងវិញ? នេះមិនមែនជារូបកាយដដែល ដែលបានស្លាប់នោះទេ។ ព្រះគម្ពីរបានបង្ហាញរឿងនេះ ពេលដែលបានពណ៌នាអំពីដំណើររស់ឡើងវិញ ចំពោះជីវិតទៅស្ថានសួគ៌។ (កូរិនថូសទី១ ១៥:៣៥-៤៤) សូម្បីតែពួកអ្នកដែលត្រូវប្រោសឲ្យមានជីវិតរស់ឡើងវិញនៅលើផែនដី ក៏មិនត្រូវទទួលរូបកាយដដែល ដែលពួកគេធ្លាប់មានពីមុនមកឡើយ នៅពេលដែលគេនៅរស់នោះ។ រូបកាយនោះប្រហែលជាបានពុករលួយ ហើយត្រឡប់ទៅជាដីវិញទៅហើយ។ យូរៗទៅ វត្ថុធាតុនៃសពនោះ ប្រហែលជាបានជ្រួតជ្រាបក្លាយទៅជាធាតុផ្សេងៗទៀតដែលមានជីវិត។ ដូច្នេះ ព្រះទ្រង់ប្រោសឲ្យរស់ឡើងវិញ មិនមែនរូបកាយដដែលទេ ប៉ុន្តែបុគ្គលដដែល ដែលបានស្លាប់នោះ។ ចំពោះបុគ្គលដែលទៅស្ថានសួគ៌ ទ្រង់ប្រទានរូបកាយវិញ្ញាណថ្មី។ ចំពោះពួកដែលបានត្រូវប្រោសឲ្យរស់ឡើងវិញដើម្បីរស់នៅលើផែនដី ទ្រង់ក៏ប្រទានរូបកាយសាច់ឈាមថ្មីដែរ។ គ្មានការសង្ស័យទេ រូបកាយសាច់ឈាមថ្មីនេះមានរូបរាងស្រដៀងនឹងរូបកាយដែលមនុស្សនោះមាន មុនពេលដែលគាត់បានស្លាប់ ដើម្បីឲ្យអ្នកដែលស្គាល់គាត់ពីដើម នឹងអាចសម្គាល់គាត់បាន ពេលគាត់រស់មកវិញ។
២៦ (ក) ហេតុអ្វីក៏ដំណើររស់ឡើងវិញ ជាអព្ភូតហេតុដ៏អស្ចារ្យម្ល៉េះ? (ខ) តើមនុស្សលោកបានបង្កើតរបស់អ្វី ដែលអាចជួយយើងឲ្យយល់ពីសមត្ថភាពដ៏អស្ចារ្យរបស់ព្រះ ក្នុងការចងចាំមនុស្សដែលបានស្លាប់ទៅ?
២៦ ដំណើររស់ឡើងវិញពិតជាអព្ភូតហេតុដ៏អស្ចារ្យមួយ។ មនុស្សស្លាប់ម្នាក់ប្រហែលជាបានបង្កើនឲ្យមានការពិសោធន៍ និងចំណេះវិជ្ជាយ៉ាងសន្ធឹក ហើយក៏មានអនុស្សាវរីយ៍ជាច្រើននៅក្នុងជីវិតដែរ។ គាត់បានលូតលាស់នូវបុគ្គលិកលក្ខណៈ ដែលធ្វើឲ្យគាត់ប្លែកពីបុគ្គលឯទៀតទាំងអស់ ដែលបានរស់មក។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាទ្រង់នៅតែចងចាំគ្រប់ការល្អិតល្អន់និមួយៗ ហើយទ្រង់នឹងបង្កើតបុគ្គលនោះឲ្យបានពេញលេញដូចដើមវិញ ពេលដែលទ្រង់ប្រោសគាត់ឲ្យរស់ឡើងវិញនោះ។ ដូចជាព្រះគម្ពីរបានចែងពីមនុស្សស្លាប់ដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ថា៖ «មនុស្សទាំងអស់រស់សំរាប់ទ្រង់»។ (លូកា ២០:៣៨) មនុស្សលោកអាចថតសម្លេង និងរូបភាពរបស់មនុស្ស ហើយអាចចាក់ឬក៏បញ្ចាំងឲ្យឃើញ ក្រោយពេលដែលមនុស្សនោះបានស្លាប់ទៅ។ ឯព្រះយេហូវ៉ាវិញ ទ្រង់មានសមត្ថភាពអាច ហើយពិតជានឹងនាំមកវិញនូវជីវិតរបស់មនុស្សទាំងអស់ណា ដែលកំពុងតែស្ថិតនៅក្នុងសតិរបស់ទ្រង់នោះ!
២៧ តើសំនួរអ្វីខ្លះចំពោះដំណើររស់ឡើងវិញ ដែលយើងនឹងបានចម្លើយបន្ទាប់ទៅនេះ?
២៧ ព្រះគម្ពីរបានចែងប្រាប់យើង ពីរឿងជាច្រើនទៀតដែលស្តីអំពីជីវិតនៅក្នុងសួនមនោរម្យ ក្រោយពីមនុស្សស្លាប់បានត្រូវប្រោសឲ្យរស់ឡើងវិញនោះ។ ជាឧទាហរណ៍ ព្រះយេស៊ូវបានមានបន្ទូលពីមនុស្សដែលរស់ឡើងវិញ អ្នកខ្លះ«នឹងរស់ឡើងវិញឲ្យបានជីវិត» ហើយអ្នកផ្សេងទៀត«នឹងរស់ឡើង ឲ្យជាប់មានទោស»។ (យ៉ូហាន ៥:២៩) តើទ្រង់ចង់មានបន្ទូលយ៉ាងណា? តើស្ថានភាពចំពោះ«មនុស្សសុចរិត» និងចំពោះ«មនុស្សទុច្ចរិត»ដែលត្រូវបានរស់ឡើងវិញ ខុសគ្នាឬ? ការពិនិត្យសង្កេតនូវថ្ងៃជំនុំជំរះ នឹងឆ្លើយនូវសំនួរបែបនេះចំពោះយើងបាន។
[រូបភាពនៅទំព័រ១៦៧]
«ខ្ញុំដឹងថា . . . [ប្អូនខ្ញុំ]ត្រូវរស់ពីស្លាប់ឡើងវិញ»
អេលីយ៉ាបានប្រោសកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ
អេលីសេបានប្រោសកូនក្មេងម្នាក់ឲ្យរស់ឡើងវិញ
បុរសម្នាក់ដែលបានប៉ះនឹងឆ្អឹងរបស់អេលីសេ បានមានជីវិតមកវិញ
[រូបភាពនៅទំព័រ១៦៨]
មនុស្សដែលព្រះយេស៊ូវបានប្រោសឲ្យរស់ឡើងវិញ៖
កូនប្រុសរបស់នាងមេម៉ាយនៅទីក្រុងណាអ៊ីន
លោកឡាសារ
កូនស្រីរបស់យ៉ៃរ៉ុស
[រូបភាពនៅទំព័រ១៦៩]
អ្នកឯទៀតដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ៖
នាងតេប៊ីថា
ព្រះយេស៊ូវអង្គទ្រង់ផ្ទាល់
អ៊ើទីកុស
[រូបភាពនៅទំព័រ១៧០]
តើសួនមនោរម្យដែលព្រះយេស៊ូវបានសន្យាដល់អ្នកធ្វើអំពើអាក្រក់នោះ នៅទីណា?