ជំពូកទី២២
ការសម្គាល់សាសនាពិត
១ តើពួកណាដែលបានកាន់សាសនាពិត ក្នុងសតវត្សទីមួយ?
គ្មានការសង្ស័យទេ ចំពោះពួកណាដែលបានកាន់តាមសាសនាពិតក្នុងសតវត្សទីមួយនោះ។ ពួកគេ គឺជាអ្នកកាន់តាមព្រះយេស៊ូវគ្រីស្ទ។ ពួកទាំងអស់នេះជាសមាជិកនៃអង្គការគ្រីស្ទានមួយ។ តើសព្វថ្ងៃនេះយ៉ាងណាដែរ? តើពួកអ្នកដែលកាន់សាសនាពិត អាចសម្គាល់បានយ៉ាងណា?
២ តើពួកអ្នកដែលកាន់សាសនាពិត អាចសម្គាល់បានយ៉ាងណា?
២ ក្នុងការពន្យល់ប្រាប់ អំពីរបៀបដែលយើងអាចធ្វើការនេះបាន ព្រះយេស៊ូវបានមានបន្ទូលថា៖ «អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត . . . អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ . . . ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបានគឺដោយសារផលគេបង្កើត»។ (ម៉ាថាយ ៧:១៦-២០) តើផលល្អណាខ្លះដែលលោកអ្នកយល់ថា ពួកអ្នកថ្វាយបង្គំពិតរបស់ព្រះត្រូវបង្កើតនោះ? តើពួកគេគួរតែកំពុងនិយាយនិងប្រព្រឹត្តយ៉ាងណា ឥឡូវនេះ?
ការធ្វើឲ្យព្រះនាមព្រះបានបរិសុទ្ធ
៣, ៤ (ក) តើសំណូមទីមួយ ដែលព្រះយេស៊ូវបានមានវាចាថ្លែងក្នុងគំរូអធិស្ឋាននោះ ជាអ្វី? (ខ) តើតាមរបៀបណាដែលព្រះយេស៊ូវទ្រង់បានធ្វើព្រះនាមព្រះឲ្យបានបរិសុទ្ធនោះ?
៣ ពួកអ្នកថ្វាយបង្គំពិតរបស់ព្រះ ត្រូវប្រតិបត្ដិឲ្យសមស្របតាមគំរូអធិស្ឋាន ដែលព្រះយេស៊ូវបានប្រទានដល់ពួកអ្នកកាន់តាមទ្រង់។ សំណូមទីមួយដែលព្រះយេស៊ូវបានមានវាចាថ្លែងក្នុងអធិស្ឋាននោះ គឺ៖ «ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ»។ (ម៉ាថាយ ៦:៩) តើមានន័យយ៉ាងណា ក្នុងការធ្វើឲ្យព្រះនាមព្រះបានបរិសុទ្ធ? តើតាមរបៀបណាដែលព្រះយេស៊ូវបានធ្វើការនេះ?
៤ ព្រះយេស៊ូវបានបង្ហាញនូវរបៀបដែលទ្រង់បានធ្វើការនេះ ពេលដែលទ្រង់បានអធិស្ឋានទៅព្រះវរបិតាទ្រង់ថា៖ «ឯពួកអ្នក ដែលទ្រង់បានប្រទានមកទូលបង្គំ អំពីមនុស្សលោក នោះទូលបង្គំបានបើកសំដែងឲ្យគេស្គាល់ព្រះនាមទ្រង់»។ (យ៉ូហាន ១៧:៦) មែនហើយ ព្រះយេស៊ូវបានធ្វើឲ្យអ្នកដទៃបានស្គាល់ព្រះនាមព្រះយេហូវ៉ា។ ទ្រង់មិនដែលខានប្រើនូវព្រះនាមនោះឡើយ។ ព្រះយេស៊ូវទ្រង់បានជ្រាបថា ជាគោលបំណងរបស់ព្រះវរបិតាទ្រង់ក្នុងការលើកដំកើងព្រះនាមនោះនៅពេញផែនដីទាំងមូល។ ដូច្នេះ ទ្រង់ក៏បានធ្វើជាគំរូ ក្នុងការប្រកាសនិងកាន់ព្រះនាមនោះជាបរិសុទ្ធ។—យ៉ូហាន ១២:២៨; អេសាយ ១២:៤, ៥
៥ (ក) តើក្រុមជំនុំគ្រីស្ទាន ជាប់ទាក់ទងជាមួយព្រះនាមព្រះយ៉ាងណា? (ខ) តើយើងត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានសង្គ្រោះ?
៥ ព្រះគម្ពីរបានបង្ហាញថា សូម្បីតែវត្តមាននៃក្រុមជំនុំគ្រីស្ទានពិតនោះ ក៏មានការជាប់ទាក់ទងនឹងព្រះនាមរបស់ព្រះដែរ។ សាវកពេត្រុសបានពន្យល់ថា ព្រះ«ទ្រង់ប្រោសដល់ពួកសាសន៍ដទៃជាមុនដំបូង ដើម្បីរើសយករាស្ត្រ១ពីពួកគេ ទុកសំរាប់ព្រះនាមទ្រង់»។ (កិច្ចការ ១៥:១៤) ដូច្នេះរាស្ត្រពិតរបស់ព្រះ ត្រូវតែកាន់ព្រះនាមទ្រង់ជាបរិសុទ្ធ ហើយត្រូវធ្វើឲ្យគេបានស្គាល់ព្រះនាមនោះពេញផែនដីទាំងមូល។ តាមការពិត ការស្គាល់ព្រះនាមជាការចាំបាច់ណាស់ដើម្បីឲ្យបានសង្គ្រោះ ដូចជាព្រះគម្ពីរបានចែងថា៖ «ហើយគ្រប់គ្នា គឺអស់អ្នកណា ដែលអំពាវនាវដល់ព្រះនាមព្រះអម្ចាស់[យេហូវ៉ា, ពថ] នោះនឹងបានសង្គ្រោះ»។—រ៉ូម ១០:១៣, ១៤
៦ (ក) តើសាសនាទូទៅកាន់ព្រះនាមព្រះជាបរិសុទ្ធទេ? (ខ) តើមានពួកណាមួយ ជាអ្នកធ្វើបន្ទាល់ចំពោះព្រះនាមរបស់ព្រះទេ?
៦ អញ្ចឹង សព្វថ្ងៃនេះតើពួកណាកាន់ព្រះនាមព្រះជាបរិសុទ្ធ ហើយធ្វើឲ្យគេស្គាល់ពេញផែនដីទាំងមូលនោះ? សាសនាទូទៅទាំងឡាយបានចៀសវាងនូវការប្រើព្រះនាមព្រះយេហូវ៉ា។ សាសនាខ្លះរហូតដល់បានដកយកព្រះនាមនោះចេញពីសេចក្ដីបកប្រែព្រះគម្ពីររបស់ពួកគេផង។ ប៉ុន្តែ ប្រសិនបើអ្នកនិយាយជាមួយនឹងអ្នកជិតខាងរបស់អ្នក ហើយតែងតែសំដៅទៅលើព្រះនាមព្រះយេហូវ៉ា រួចប្រើព្រះនាមនោះទៀត តើអ្នកគិតថា អ្នកជិតខាងនោះចាត់ទុកអ្នកជាសមាជិកនៃអង្គការណា? មានតែមនុស្សមួយក្រុមទេ ដែលពិតជាកាន់តាមគំរូរបស់ព្រះយេស៊ូវក្នុងរឿងនេះ។ គោលបំណងសំខាន់បំផុតនៅក្នុងជីវិតរបស់ពួកគេ គឺដើម្បីបម្រើព្រះ និងធ្វើបន្ទាល់ចំពោះព្រះនាមទ្រង់ ដូចដែលព្រះយេស៊ូវបានធ្វើមកអញ្ចឹង។ ដូច្នេះ ពួកគេក៏បានយកឈ្មោះដែលស្របតាមបទគម្ពីរគឺ«ស្មរបន្ទាល់ព្រះយេហូវ៉ា»។—អេសាយ ៤៣:១០-១២
ការប្រកាសព្រះរាជាណាចក្ររបស់ព្រះ
៧ តើព្រះយេស៊ូវទ្រង់បានបង្ហាញយ៉ាងណា អំពីសេចក្ដីសំខាន់នៃព្រះរាជាណាចក្ររបស់ព្រះ?
៧ នៅក្នុងគំរូអធិស្ឋានដែលព្រះយេស៊ូវបានប្រទានមក ទ្រង់ក៏បានបង្ហាញអំពីសេចក្ដីសំខាន់នៃព្រះរាជាណាចក្ររបស់ព្រះដែរ។ ទ្រង់បានបង្រៀនមនុស្សឲ្យអធិស្ឋានថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់»។ (ម៉ាថាយ ៦:១០) ម្ដងហើយម្ដងទៀត ព្រះយេស៊ូវបានបញ្ជាក់ថា ព្រះរាជាណាចក្រគឺជាផ្លូវដោះស្រាយតែមួយគត់ ចំពោះបញ្ហារបស់មនុស្សលោក។ ទ្រង់និងពួកសាវករបស់ទ្រង់បានសម្ដែងពីការនេះ ដោយការប្រកាសទៅមនុស្សលោក អំពីព្រះរាជាណាចក្រនោះនៅ«គ្រប់ភូមិ»ហើយ«ពីផ្ទះ១ទៅផ្ទះ១»។ (លូកា ៨:១; កិច្ចការ ៥:៤២; ២០:២០) រាជាណាចក្ររបស់ព្រះគឺជាប្រធាននៃការប្រកាសនិងការបង្រៀនរបស់ពួកគេ។
៨ នៅគ្រា«ជាន់ក្រោយបង្អស់»នេះ តើព្រះយេស៊ូវបានមានបន្ទូលថា អ្វីជាសារដ៏សំខាន់បំផុតចំពោះអ្នកកាន់តាមពិតរបស់ទ្រង់?
៨ តើសព្វថ្ងៃនេះយ៉ាងណាដែរ? តើអ្វីជាសេចក្ដីបង្រៀនដ៏សំខាន់បំផុតនៃអង្គការគ្រីស្ទានពិតរបស់ព្រះ? នៅក្នុងទំនាយពីគ្រា«ជាន់ក្រោយបង្អស់»នេះ ព្រះយេស៊ូវបានមានបន្ទូលថា៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) ដូច្នេះ ព្រះរាជាណាចក្រគឺច្បាស់ជាសារដ៏សំខាន់បំផុតចំពោះរាស្ត្ររបស់ព្រះសព្វថ្ងៃនេះ។
៩ តើពួកមនុស្សណា ដែលប្រកាសពីសារនៃព្រះរាជាណាចក្រនៅសព្វថ្ងៃនេះ?
៩ សូមលោកអ្នកសួរខ្លួនឯងមើល៖ ប្រសិនបើមនុស្សណាម្នាក់មកឯមាត់ទ្វារផ្ទះរបស់អ្នក ហើយបាននិយាយអំពីព្រះរាជាណាចក្ររបស់ព្រះជាសេចក្ដីសង្ឃឹមដ៏ពិតប្រាកដសំរាប់មនុស្សលោក តើអ្នកគិតថាមនុស្សនោះចូលរួមជាមួយនឹងអង្គការណា? តើមានពួកមនុស្សនៃសាសនាណាផ្សេងទៀត ក្រៅពីស្មរបន្ទាល់ព្រះយេហូវ៉ា បាននិយាយទៅលោកអ្នកអំពីរាជាណាចក្ររបស់ព្រះទេ? តើឲ្យធ្វើបានយ៉ាងដូចម្ដេច បើមនុស្សភាគច្រើន មិនទាំងដឹងថាព្រះរាជណាចក្រនេះជាយ៉ាងណាផង! ពួកគេមិននិយាយអំពីរឿងរដ្ឋាភិបាលរបស់ព្រះទេ។ ប៉ុន្តែ រដ្ឋាភិបាលនេះ ជាដំណឹងដែលល្បីពេញពិភពលោក។ ហោរាដានីយ៉ែលបានទាយទុកជាមុនថា ព្រះរាជាណាចក្រនេះ ‹នឹងបំបែកបំបាក់ ហើយលេបបំបាត់រដ្ឋាភិបាលទាំងអស់នោះវិញ ហើយមានតែរាជាណាចក្រនេះទេ ដែលនឹងគ្រប់គ្រងផែនដី›។—ដានីយ៉ែល ២:៤៤
ការគោរពចំពោះព្រះបន្ទូលរបស់ព្រះ
១០ តើព្រះយេស៊ូវទ្រង់បានសម្ដែងការគោរពចំពោះព្រះបន្ទូលរបស់ព្រះយ៉ាងណា?
១០ វិធីមួយទៀត ដែលអាចសម្គាល់ពួកអ្នកកាន់សាសនាពិតបាននោះ គឺតាមរយៈអាកប្បកិរិយារបស់ពួកគេចំពោះព្រះគម្ពីរ។ ព្រះយេស៊ូវបានសម្ដែងការគោរពចំពោះបន្ទូលរបស់ព្រះគ្រប់ពេលវេលាទាំងអស់។ ម្ដងហើយម្ដងទៀត ទ្រង់បានសំដៅចំពោះបន្ទូលនេះ ជាអំណាចដ៏ខ្ពង់ខ្ពស់បំផុតលើរឿងទាំងអស់។ (ម៉ាថាយ ៤:៤, ៧, ១០; ១៩:៤-៦) ព្រះយេស៊ូវក៏បានសម្ដែងការគោរពចំពោះព្រះគម្ពីរទៀត តាមរយៈការរស់នៅឲ្យស្របតាមសេចក្ដីបង្រៀននៃបទគម្ពីរនោះ។ ទ្រង់មិនដែលបានបន្ថោកតម្លៃព្រះគម្ពីរសោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានកាត់ទោសពួកណា ដែលមិនបានបង្រៀនឲ្យសមស្របតាមព្រះគម្ពីរ និងអស់អ្នកណាដែលព្យាយាមធ្វើឲ្យខ្សោយនូវឥទ្ធិពលនៃសេចក្ដីបង្រៀននោះ ដោយការបញ្ចូលគំនិតផ្ទាល់របស់គេ។—ម៉ាកុស ៧:៩-១៣
១១ តើពួកសាសនាពិភពគ្រីស្ទានតែងតែសម្ដែងអាកប្បកិរិយាយ៉ាងណា ចំពោះបន្ទូលរបស់ព្រះ?
១១ តើពួកសាសនាពិភពគ្រីស្ទានយកតម្រាប់តាមព្រះគ្រីស្ទបានយ៉ាងណាក្នុងរឿងនេះ? តើពួកគេមានការគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះគម្ពីរទេ? ពួកអ្នកបព្វជិតជាច្រើន សព្វថ្ងៃនេះមិនជឿដំណើររឿងអំពីអ័ដាមបានធ្លាក់ទៅក្នុងអំពើបាប ទឹកជំនន់នៅសម័យលោកណូអេ លោកយ៉ូណាសនិងត្រីដ៏ធំ ហើយរឿងផ្សេងៗទៀតទេ។ ពួកគេក៏និយាយទៀតថា មនុស្សកើតមកនៅទីនេះដោយសារការវិវត្តន៍ មិនមែនដោយការបង្កើតផ្ទាល់របស់ព្រះទេ។ ដោយសាររឿងនេះ តើពួកគេលើកទឹកចិត្តមនុស្សឲ្យគោរពបន្ទូលរបស់ព្រះទេ? ម្យ៉ាងទៀត ពួកអ្នកដឹកនាំសាសនាគ្រីស្ទានខ្លះអះអាងថា ការសេពមេថុនកម្មក្រៅពីស្វាមីភរិយាមិនមែនជាការខុសទេ ឬថា សូម្បីតែការប្រតិព័ទ្ធភេទដូចគ្នា ឬពហុពន្ធភាពក៏អាចជាការត្រឹមត្រូវទៀតផង។ តើលោកអ្នកអាចមានប្រសាសន៍ថា ពួកគេកំពុងតែលើកទឹកចិត្តមនុស្សឲ្យប្រើព្រះគម្ពីរជាដឹកនាំរបស់ពួកគេទេ? ពួកគេពិតជាមិនកាន់តាមគំរូរបស់ព្រះរាជបុត្រានៃព្រះនិងពួកសាវករបស់ទ្រង់ឡើយ។—ម៉ាថាយ ១៥:១៨, ១៩; រ៉ូម ១:២៤-២៧
១២ (ក) ហេតុអ្វីក៏ការថ្វាយបង្គំរបស់មនុស្សជាច្រើន ទោះបីពួកនោះមានព្រះគម្ពីរក៏ដោយ ក៏មិនជាទីពេញព្រះហឫទ័យដល់ព្រះ? (ខ) ប្រសិនបើពួកអ្នកប្រព្រឹត្តខុសដោយចេតនា បានត្រូវអនុគ្រោះឲ្យមានឋានៈដ៏ល្អក្នុងសាសនានោះ តើយើងត្រូវសន្និដ្ឋានយ៉ាងណា?
១២ មានសមាជិកនៃសាសនាពិភពគ្រីស្ទានជាច្រើនទៀតដែលមានព្រះគម្ពីរ ហើយរហូតដល់បានសិក្សាទៀត ប៉ុន្តែរបៀបដែលពួកគេដឹកនាំជីវភាពរស់នៅរបស់គេបង្ហាញឲ្យឃើញថា ពួកគេមិនបានកាន់តាមព្រះគម្ពីរទេ។ អំពីពួកមនុស្សដូចនេះ ព្រះគម្ពីរបានចែងថា៖ «គេប្រកាន់ថា គេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ»។ (ទីតុស ១:១៦; ធីម៉ូថេទី២ ៣:៥) ប្រសិនបើពួកសមាជិកនៃសាសនានោះជាអ្នកលេងល្បែងស៊ីសង ទៅជាប្រមឹក ឬក៏ប្រព្រឹត្តកំហុសផ្សេងៗទៀត រួចបានត្រូវអនុគ្រោះឲ្យមានឋានៈល្អក្នុងសាសនារបស់គេនោះ តើនេះបង្ហាញយ៉ាងណា? ជាការជាក់ស្តែងណាស់ អង្គការសាសនារបស់ពួកគេមិនជាទីពេញព្រះហឫទ័យដល់ព្រះទេ។—កូរិនថូសទី១ ៥:១១-១៣
១៣ តើការសម្រេចចិត្តដ៏ធ្ងន់មួយណា ដែលមនុស្សម្នាក់ត្រូវតែធ្វើ ប្រសិនបើគាត់បានរកឃើញថា សេចក្ដីបង្រៀននៃសាសនារបស់គាត់មិនស្របតាមព្រះគម្ពីរនោះ?
១៣ ប្រសិនបើអ្នកបានគិតអំពីជំពូកមុនៗនៃសៀវភៅនេះ ហើយពិចារណាពីបទគម្ពីរដែលឃើញនៅទីនោះ អ្នកមុខជាបានដឹងនូវសេចក្ដីបង្រៀនសំខាន់ៗនៃបន្ទូលរបស់ព្រះ។ ប៉ុន្តែ យ៉ាងណាទៅ ប្រសិនបើសេចក្ដីបង្រៀនរបស់អង្គការសាសនាដែលលោកអ្នកកំពុងតែចូលរួម មិនស្របជាមួយនឹងសេចក្ដីបង្រៀននៃបន្ទូលរបស់ព្រះនោះ? អញ្ចឹង អ្នកនឹងមានបញ្ហាដ៏ធ្ងន់មួយ។ នេះជាបញ្ហានៃការសម្រេចចិត្ត ថាតើត្រូវទទួលស្គាល់សេចក្ដីពិតនៃព្រះគម្ពីរ ឬក៏បដិសេធចោលសេចក្ដីនេះ ដើម្បីជាប្រយោជន៍ដល់សេចក្ដីបង្រៀនដែលព្រះគម្ពីរមិនបានគាំទ្រនោះ។ ជាធម្មតាទេ អ្វីៗដែលអ្នកធ្វើ គឺស្រេចទៅលើការសម្រេចចិត្តរបស់អ្នកផ្ទាល់។ ប៉ុន្តែ អ្នកត្រូវតែថ្លឹងថ្លែងរឿងនេះឲ្យបានហ្មត់ចត់។ ពីព្រោះការដែលអ្នកសម្រេចចិត្តធ្វើនោះ នឹងមានអានុភាពទៅលើឋានៈរបស់អ្នកជាមួយនឹងព្រះ និងសេចក្ដីសង្ឃឹមរបស់អ្នកចំពោះការរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដីនេះ។
ការញែកចេញជានិច្ចពីលោកីយ៍នេះ
១៤ (ក) អ្វីជាសញ្ញាសម្គាល់មួយទៀតរបស់សាសនាពិត? (ខ) ហេតុអ្វីក៏ជាការសំខាន់ម្ល៉េះ ដែលពួកអ្នកថ្វាយបង្គំពិតត្រូវតែអនុវត្តតាមសេចក្ដីតម្រូវនេះ?
១៤ សញ្ញាសម្គាល់មួយទៀតពីពួកដែលកាន់សាសនាពិតនោះ គឺដូចជាព្រះយេស៊ូវបានមានបន្ទូលថា៖ «គេមិនមែនជារបស់លោកីយទេ»។ (យ៉ូហាន ១៧:១៤) រឿងនេះមានន័យថា ពួកអ្នកថ្វាយបង្គំពិត ត្រូវញែកចេញជានិច្ចពីលោកីយ៍ដ៏ពុករលួយនិងកិច្ចការទាំងឡាយរបស់វា។ ព្រះយេស៊ូវគ្រីស្ទបានបដិសេធមិនព្រមធ្វើជាអ្នកគ្រប់គ្រងខាងនយោបាយម្នាក់។ (យ៉ូហាន ៦:១៥) អ្នកអាចយល់នូវមូលហេតុដែលការញែកចេញពីលោកីយ៍នេះជាការសំខាន់ណាស់ បើកាលណាអ្នកនៅចាំពីបទគម្ពីរដែលបានសម្ដែងថា អារក្សសាតាំងជាអ្នកគ្រប់គ្រងរបស់លោកីយ៍នេះ។ (យ៉ូហាន ១២:៣១; កូរិនថូសទី២ ៤:៤) ភាពធ្ងន់ធ្ងរនៃរឿងនេះ ត្រូវបានឃើញទៀតពីសេចក្ដីថ្លែងក្នុងព្រះគម្ពីរថា៖ «ដូច្នេះ អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»។—យ៉ាកុប ៤:៤
១៥ (ក) តើសាសនាទាំងឡាយដែលអ្នកស្គាល់ ពិតជា«មិនមែនជារបស់លោកីយ»មែនឬ? (ខ) តើអ្នកស្គាល់សាសនាណាមួយដែលអនុវត្តតាមនូវសេចក្ដីតម្រូវនេះទេ?
១៥ តើការជាក់ស្តែងបង្ហាញឲ្យឃើញថា សាសនាដែលនៅក្នុងសហគមន៍របស់លោកអ្នក យកចិត្តទុកដាក់នឹងរឿងនេះទេ? តើពួកបព្វជិតនិងសមាជិកនៃក្រុមជំនុំទាំងឡាយទៀត ពិតជា«មិនមែនជារបស់លោកីយ»មែនឬ? ឬក៏តើពួកគេជាប់ទាក់ទងយ៉ាងជ្រៅក្នុងរឿងជាតិនិយម នយោបាយ និងការប្រយុទ្ធដើម្បីឋានៈនៃលោកីយ៍នេះ? សំនួរទាំងនេះមិនពិបាកនឹងឆ្លើយទេ ពីព្រោះសកម្មភាពនៃសាសនានានាបានត្រូវគេដឹងឮជាទូទៅហើយ។ ម្យ៉ាងវិញទៀត ក៏ជាការស្រួលដែរក្នុងការពិនិត្យនូវសកម្មភាពរបស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា។ ដោយសារការធ្វើយ៉ាងនេះ អ្នកអាចរកឃើញថា ពួកគេពិតជាកាន់តាមគំរូរបស់ព្រះគ្រីស្ទនិងគំរូរបស់អ្នកកាន់តាមទ្រង់ពីដើម ដោយញែកខ្លួនគេចេញជានិច្ចពីលោកីយ៍ ពីរឿងនយោបាយនិងអញនិយម អំពើអសីលធម៌ និងពីអំពើឃោរឃៅទៀត។—យ៉ូហានទី១ ២:១៥-១៧
សេចក្ដីស្រឡាញ់ក្នុងចំណោមពួកគេ
១៦ តើវិធីដ៏សំខាន់មួយណា ដែលពួកសិស្សពិតរបស់ព្រះគ្រីស្ទអាចសម្គាល់បាន?
១៦ វិធីដ៏សំខាន់បំផុតមួយដែលសិស្សពិតរបស់ព្រះគ្រីស្ទអាចសម្គាល់បាននោះ គឺដោយសារសេចក្ដីស្រឡាញ់ដែលមានក្នុងចំណោមពួកគេ។ ព្រះយេស៊ូវបានមានបន្ទូលថា៖ «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក»។ (យ៉ូហាន ១៣:៣៥) តើអង្គការសាសនាដែលអ្នកស្គាល់មានសេចក្ដីស្រឡាញ់នេះទេ? ជាឧទាហរណ៍ តើពួកគេធ្វើយ៉ាងណា ពេលប្រទេសដែលគេរស់នៅកើតសង្គ្រាមរវាងគ្នានឹងគ្នានោះ?
១៧ តើអង្គការសាសនាទាំងឡាយនិងសមាជិករបស់គេ អនុវត្តតាមសេចក្ដីតម្រូវបានយ៉ាងណា ចំពោះការបង្ហាញសេចក្ដីស្រឡាញ់រវាងគ្នានឹងគ្នានោះ?
១៧ អ្នកជ្រាបហើយពីអ្វីដែលកើតឡើងជាធម្មតានោះ។ តាមសេចក្ដីបញ្ជារបស់មេដឹកនាំមនុស្សនៃលោកីយ៍នេះ សមាជិកនៃអង្គការសាសនានានា បានចេញទៅសមរភូមិ ហើយសម្លាប់ពួកអ្នកមានជំនឿដូចគ្នានៃប្រទេសដទៃទៀត។ អញ្ចឹងហើយបានជា ពួកកាតូលិកសម្លាប់ពួកកាតូលិក ពួកប្រូតេស្តង់សម្លាប់ពួកប្រូតេស្តង់ និងពួកអ៊ីស្លាមសម្លាប់ពួកអ៊ីស្លាម។ តើអ្នកគិតថា អំពើបែបនេះសមស្របទៅតាមបន្ទូលរបស់ព្រះទេ ហើយតើការនេះសម្ដែងថាពួកគេមានវិញ្ញាណរបស់ព្រះទេ?—យ៉ូហានទី១ ៣:១០-១២
១៨ តើស្មរបន្ទាល់ព្រះយេហូវ៉ាអនុវត្តតាមសេចក្ដីតម្រូវក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក បានយ៉ាងណា?
១៨ តើស្មរបន្ទាល់ព្រះយេហូវ៉ាអនុវត្តតាមសេចក្ដីតម្រូវក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក បានយ៉ាងណា? ពួកគេមិនកាន់តាមដំណើរនៃសាសនារបស់លោកីយ៍នេះទេ។ ពួកគេមិនសម្លាប់អ្នកមានជំនឿដូចគ្នាក្នុងសមរភូមិឡើយ។ ពួកគេមិនបានមានកំហុសដោយរស់នៅក្នុងការភូតកុហកដែលនិយាយថា«ខ្លួនស្រឡាញ់ព្រះ» ហើយពេលជាមួយគ្នានោះស្អប់ដល់បងប្អូននៃសញ្ជាតិ កុលសម្ព័ន្ធ និងសាសន៍ផ្សេងទៀតនោះឡើយ។ (យ៉ូហានទី១ ៤:២០, ២១) ប៉ុន្តែ ពួកគេក៏បង្ហាញសេចក្ដីស្រឡាញ់តាមរបៀបផ្សេងទៀតដែរ។ តើតាមរបៀបណាទៅ? គឺតាមការទាក់ទងជាមួយអ្នកជិតខាង និងតាមការខិតខំដោយសេចក្ដីស្រឡាញ់ក្នុងការជួយអ្នកដទៃឲ្យរៀនអំពីព្រះ។—កាឡាទី ៦:១០
សាសនាពិតតែមួយ
១៩ ហេតុអ្វីក៏ជាការសមហេតុសមផលព្រមទាំងស្របតាមបទគម្ពីរដោយថា មានសាសនាពិតតែមួយនោះ?
១៩ ជាការសមហេតុសមផលណាស់ ដោយថាមានសាសនាពិតតែមួយនោះ។ រឿងនេះស្របទៅតាមការណ៍ពិតដែលថា ព្រះពិត«មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្ដីសុខសាន្តវិញ»។ (កូរិនថូសទី១ ១៤:៣៣) ព្រះគម្ពីរបានចែងថា តាមពិតទៅមាន«ជំនឿតែ១»ប៉ុណ្ណោះ។ (អេភេសូរ ៤:៥) អញ្ចឹង តើពួកណា ជាគណៈនៃពួកអ្នកថ្វាយបង្គំពិតប្រាកដសព្វថ្ងៃនេះ?
២០ (ក) យោងទៅតាមពន្លឺនៃសក្ខីភាព ពួកណា ដែលសៀវភៅនេះបានប្រាប់ថាជាអ្នកថ្វាយបង្គំពិតសព្វថ្ងៃនេះ? (ខ) តើនេះជាអ្វីដែលអ្នកជឿឬ? (គ) អ្វីជាវិធីដ៏ប្រសើរបំផុត ដើម្បីឲ្យរៀនដឹងច្រើនថែមទៀតអំពីពួកស្មរបន្ទាល់ព្រះយេហូវ៉ានោះ?
២០ យើងខ្ញុំមិនស្ទាក់ស្ទើរនឹងជំរាបថា ពួកគេនេះជាស្មរបន្ទាល់ព្រះយេហូវ៉ា។ ដើម្បីឲ្យលោកអ្នកជឿជាក់ប្រាកដក្នុងចិត្តពីរឿងនេះ យើងខ្ញុំសូមអញ្ជើញអ្នកឲ្យរៀនដឹងច្រើនថែមទៀតអំពីពួកគេ។ វិធីដ៏ប្រសើរបំផុតដើម្បីធ្វើកិច្ចការនេះបាន គឺទៅចូលរួមក្នុងក្រុមជំនុំរបស់ពួកគេនៅតាមសាលព្រះរាជាណាចក្រនៃស្មរបន្ទាល់ព្រះយេហូវ៉ា។ ដ្បិតព្រះគម្ពីរបានចែងថា ការអនុវត្តន៍នូវសាសនាពិតនឹងនាំមកនូវសេចក្ដីស្កប់ស្កល់ចិត្តយ៉ាងខ្លាំងនៅពេលឥឡូវនេះ ហើយបើកផ្លូវឲ្យសប្បាយនឹងជីវិតដ៏អស់កល្បជានិច្ចក្នុងសួនមនោរម្យនៅលើផែនដី ហើយការស៊ើបអង្កេតបែបនេះពិតជាការមានតម្លៃណាស់។ (ចោទិយកថា ៣០:១៩, ២០) លោកអ្នកមានសេចក្ដីអញ្ជើញដ៏កក់ក្ដៅរបស់យើងខ្ញុំក្នុងការធ្វើដូចនេះ។ សូមឲ្យលោកអ្នកស៊ើបអង្កេតពីរឿងនេះ ឥឡូវនេះចុះ។
[រូបភាពនៅទំព័រ១៨៥]
ប្រសិនបើអ្នកនិយាយជាមួយអ្នកណាម្នាក់អំពីព្រះយេហូវ៉ានិងព្រះរាជាណាចក្រទ្រង់ តើពួកគេនឹងគិតថា អ្នកចូលរួមជាមួយនឹងសាសនាណា?
[រូបភាពនៅទំព័រ១៨៦]
តើបុគ្គលម្នាក់គោរពបន្ទូលរបស់ព្រះទេ ប្រសិនបើគាត់មិនអនុវត្តតាមសេចក្ដីនោះ?
[រូបភាពនៅទំព័រ១៨៨, ១៨៩]
ព្រះយេស៊ូវបានបដិសេធមិនព្រមធ្វើជាអ្នកគ្រប់គ្រងខាងនយោបាយម្នាក់
[រូបភាពនៅទំព័រ១៩០]
អ្នកត្រូវបានអញ្ជើញយ៉ាងកក់ក្ដៅឲ្យចូលរួមក្នុងក្រុមជំនុំនៃស្មរបន្ទាល់ព្រះយេហូវ៉ា