ចូរប្រព្រឹត្តស្របតាមសេចក្ដីអធិដ្ឋានដែលប្រកបដោយសេចក្ដីស្រឡាញ់របស់លោកយេស៊ូ
«បិតាអើយ . . . សូមតម្កើងបុត្រលោក ដើម្បីឲ្យបុត្រលោកអាចតម្កើងលោកដែរ»។—យ៉ូន. ១៧:១
១, ២. សូមរៀបរាប់អំពីអ្វីដែលលោកយេស៊ូបានធ្វើសម្រាប់ពួកសាវ័កស្មោះត្រង់របស់លោក ក្រោយពីពួកគាត់បានធ្វើបុណ្យរំលងនៅឆ្នាំ៣៣ គ.ស.។
នៅយប់ជ្រៅថ្ងៃទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស. លោកយេស៊ូនិងមិត្តភក្ដិរបស់លោកបានធ្វើបុណ្យរំលងយ៉ាងសប្បាយរីករាយ ដែលរំលឹកពួកគាត់អំពីរបៀបដែលព្រះបានរំដោះបុព្វបុរសរបស់ពួកគាត់ពីទាសភាពនៅស្រុកអេស៊ីប។ ប៉ុន្តែអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោកនឹងទទួល«សេចក្ដីសង្គ្រោះដែលគ្មានទីបញ្ចប់» ដ៏អស្ចារ្យជាងនោះទៅទៀត។ នៅថ្ងៃបន្ទាប់ អ្នកដឹកនាំរបស់ពួកគាត់ដែលគ្មានភាពខុសឆ្គងនឹងត្រូវសម្លាប់ដោយសត្រូវរបស់លោក។ ប៉ុន្តែការប្រព្រឹត្តដ៏អាក្រក់នេះនឹងនាំឲ្យមនុស្សជាច្រើនទទួលពរ។ ឈាមដែលលោកយេស៊ូបានបង្ហូរជាមូលដ្ឋានសម្រាប់សង្គ្រោះមនុស្សជាតិឲ្យរួចផុតពីភាពខុសឆ្គងនិងសេចក្ដីស្លាប់។—ហេ. ៩:១២-១៤
២ ដើម្បីធ្វើឲ្យប្រាកដថាយើងមិនភ្លេចរបៀបរៀបចំដ៏ប្រកបដោយសេចក្ដីស្រឡាញ់នេះ លោកយេស៊ូបានចាប់ផ្ដើមពិធីប្រចាំឆ្នាំថ្មីមួយជំនួសបុណ្យរំលង។ លោកធ្វើដូច្នេះដោយកាច់នំប៉័ងឥតដំបែ ហើយហុចឲ្យសាវ័កស្មោះត្រង់ទាំង១១នាក់របស់លោក ដោយមានប្រសាសន៍ថា៖ «នេះជាតំណាងរូបកាយរបស់ខ្ញុំដែលនឹងត្រូវប្រគល់ឲ្យ ដើម្បីអ្នករាល់គ្នា។ ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។ លោកបានយកពែងមួយធ្វើបែបដូច្នោះដែរ ដោយប្រាប់ពួកគេថា៖ «ពែងនេះជាតំណាងកិច្ចព្រមព្រៀងថ្មី ដែលមានមូលដ្ឋានលើឈាមរបស់ខ្ញុំ ដែលនឹងត្រូវបង្ហូរចេញដើម្បីអ្នករាល់គ្នា»។—លូក. ២២:១៩, ២០
៣. (ក) តើមានការកែប្រែដ៏ធំអ្វី ក្រោយពីលោកយេស៊ូបានស្លាប់? (ខ) ស្តីអំពីសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូដែលបានកត់ទុកនៅយ៉ូហានជំពូកទី១៧ តើយើងគួរពិចារណាសំណួរអ្វីខ្លះ?
៣ បន្ដិចទៀត កិច្ចព្រមព្រៀងខាងច្បាប់ដែលព្រះយេហូវ៉ាបានធ្វើឡើងជាមួយនឹងជនជាតិអ៊ីស្រាអែលនឹងត្រូវបញ្ចប់។ នេះនឹងជំនួសដោយកិច្ចព្រមព្រៀងថ្មីមួយរវាងព្រះយេហូវ៉ានិងអ្នកកាន់តាមលោកយេស៊ូដែលបានត្រូវរើសតាំង។ លោកយេស៊ូយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលនឹងកើតឡើងចំពោះប្រជាជាតិថ្មីក្នុងន័យធៀបនេះ។ ជនជាតិអ៊ីស្រាអែលបែកបាក់សាមគ្គីគ្នាខាងរឿងសាសនានិងសង្គម ហើយនេះបណ្ដាលឲ្យនាមដ៏បរិសុទ្ធរបស់ព្រះត្រូវអាប់ឱន។ (យ៉ូន. ៧:៤៥-៤៩; សកម្ម. ២៣:៦-៩) ផ្ទុយទៅវិញ លោកយេស៊ូចង់ឲ្យអ្នកកាន់តាមលោកបន្តមានសាមគ្គីភាពដ៏ល្អឥតខ្ចោះ ដើម្បីឲ្យពួកគេអាចរួបរួមគ្នាសរសើរតម្កើងនាមដ៏បរិសុទ្ធរបស់ព្រះ។ ដូច្នេះតើលោកយេស៊ូបានធ្វើអ្វី? លោកបានអធិដ្ឋានយ៉ាងល្អបំផុតដែលមនុស្សមិនដែលមានឯកសិទ្ធិអានពីមុនមក។ (យ៉ូន. ១៧:១-២៦; សូមមើលរូបភាពនៅដើមអត្ថបទ) យើងអាចពិចារណាអំពីសេចក្ដីអធិដ្ឋាននេះ ហើយសួរថា «តើព្រះបានតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូឬទេ?»។ យើងក៏គួរពិចារណាអំពីខ្លួនយើង ហើយសួរថា «តើខ្ញុំកំពុងប្រព្រឹត្តស្របតាមសេចក្ដីអធិដ្ឋាននេះឬទេ?»។
អ្វីដែលសំខាន់បំផុតចំពោះលោកយេស៊ូ
៤, ៥. (ក) តើយើងរៀនអ្វីពីពាក្យផ្ដើមនៃសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ? (ខ) តើតាមរបៀបណាព្រះយេហូវ៉ាបានឆ្លើយតបនឹងសំណូមពរផ្ទាល់ខ្លួនរបស់លោកយេស៊ូ?
៤ លោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកអំពីចំណេះដ៏មានតម្លៃពីព្រះរហូតដល់យប់ជ្រៅ។ បន្ទាប់មកលោកបានងើបភ្នែកមើលទៅស្ថានសួគ៌ ហើយអធិដ្ឋានថា៖ «បិតាអើយ វេលាបានមកដល់ហើយ។ សូមតម្កើងបុត្រលោក ដើម្បីឲ្យបុត្រលោកអាចតម្កើងលោកដែរ ដោយសារលោកបានប្រគល់ឲ្យបុត្រលោកមានអំណាចលើមនុស្សទាំងអស់ ដើម្បីបុត្រលោកអាចឲ្យជីវិតដែលគ្មានទីបញ្ចប់ដល់អស់អ្នកដែលលោកបានផ្ដល់ឲ្យបុត្រលោក។ . . . ខ្ញុំបានតម្កើងលោកនៅផែនដី ដោយបានបង្ហើយកិច្ចការដែលលោកបានផ្ដល់ឲ្យខ្ញុំធ្វើ។ ដូច្នេះ បិតាអើយ ឥឡូវនេះសូមតម្កើងខ្ញុំ ពោលគឺឲ្យខ្ញុំនៅក្បែរលោកដោយមានសិរីរុងរឿងដែលខ្ញុំធ្លាប់មាននៅក្បែរលោក កាលមិនទាន់មានពិភពលោកនៅឡើយ»។—យ៉ូន. ១៧:១-៥
៥ សូមកត់សម្គាល់នូវអ្វីដែលលោកយេស៊ូចាត់ទុកថាសំខាន់បំផុតក្នុងពាក្យផ្ដើមនៃសេចក្ដីអធិដ្ឋានរបស់លោក។ លោកចាត់ទុកការលើកតម្កើងបិតារបស់លោកដែលនៅស្ថានសួគ៌ជាអ្វីដែលសំខាន់បំផុត ហើយនេះសមស្របនឹងអ្វីដែលលោកយេស៊ូបានសុំមុនដំបូង ក្នុងសេចក្ដីអធិដ្ឋានគំរូរបស់លោកថា៖ «បិតាអើយ សូមឲ្យនាមរបស់លោកបានបរិសុទ្ធ»។ (លូក. ១១:២) អ្វីដែលលោកយេស៊ូយកចិត្តទុកដាក់បន្ទាប់មក គឺសេចក្ដីត្រូវការរបស់អ្នកកាន់តាមលោកដែល«លោកអាចឲ្យជីវិតដែលគ្មានទីបញ្ចប់»។ បន្ទាប់មក លោកយេស៊ូបានសុំអ្វីមួយសម្រាប់ខ្លួនលោកដោយមានប្រសាសន៍ថា៖ «បិតាអើយ ឥឡូវនេះសូមតម្កើងខ្ញុំ ពោលគឺឲ្យខ្ញុំនៅក្បែរលោកដោយមានសិរីរុងរឿងដែលខ្ញុំធ្លាប់មាននៅក្បែរលោក កាលមិនទាន់មានពិភពលោកនៅឡើយ»។ ព្រះយេហូវ៉ាបានឲ្យរង្វាន់ដល់បុត្រដ៏ស្មោះត្រង់របស់លោក លើសពីអ្វីដែលបុត្រលោកបានសុំ ដោយឲ្យលោកយេស៊ូនូវ«នាមដ៏ប្រសើរ» ជាងនាមរបស់ពួកទេវតាទាំងអស់។—ហេ. ១:៤
ការ‹ស្គាល់ព្រះពិតតែមួយ›
៦. ដើម្បីឲ្យពួកសាវ័កទទួលជីវិតដែលគ្មានទីបញ្ចប់ តើពួកគាត់ត្រូវធ្វើអ្វី ហើយតើយើងដឹងថាពួកគាត់ទទួលជោគជ័យយ៉ាងដូចម្ដេច?
៦ លោកយេស៊ូក៏បានអធិដ្ឋានដែរអំពីអ្វីដែលយើងជាមនុស្សដែលមានភាពខុសឆ្គងត្រូវធ្វើ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ទទួលជីវិតដែលគ្មានទីបញ្ចប់ ជាអំណោយដែលមនុស្សមិនល្អឥតខ្ចោះមិនសមនឹងទទួល។ (សូមអាន យ៉ូហាន ១៧:៣) លោកបានមានប្រសាសន៍ថាយើងត្រូវបន្ត«ស្គាល់»ព្រះនិងគ្រិស្ត។ របៀបមួយដែលយើងអាចធ្វើដូច្នេះជាប់ទាក់ទងនឹងការប្រើភ្នែកនិងត្រចៀករបស់យើងដើម្បីរៀនថែមទៀតអំពីព្រះយេហូវ៉ានិងបុត្ររបស់លោក។ របៀបសំខាន់មួយទៀតដើម្បីស្គាល់ព្រះគឺការធ្វើតាមអ្វីដែលយើងរៀនអំពីលោក ហើយការធ្វើដូច្នេះនាំឲ្យមានអំណរ។ ពួកសាវ័កបានធ្វើតាមរបៀបរៀបចំដែលផ្ដល់ជីវិតនេះ ពីព្រោះលោកយេស៊ូបានបន្តអធិដ្ឋានថា៖ «គ្រប់ទាំងប្រសាសន៍ដែលលោកបានឲ្យខ្ញុំ នោះខ្ញុំបានឲ្យពួកគាត់ ហើយពួកគាត់បានទទួលប្រសាសន៍ទាំងនោះ»។ (យ៉ូន. ១៧:៨) ប៉ុន្តែដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ ពួកគាត់ត្រូវបន្តរំពឹងគិតអំពីអ្វីដែលព្រះមានប្រសាសន៍ ហើយធ្វើតាមប្រសាសន៍ទាំងនោះក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ តើពួកសាវ័កស្មោះត្រង់បានធ្វើដូច្នេះដោយជោគជ័យ រហូតដល់ទីបញ្ចប់នៃជីវិតរបស់ពួកគាត់នៅផែនដីឬទេ? ពួកគាត់ប្រាកដជាបានធ្វើដូច្នេះមែន។ យើងដឹងអំពីរឿងនេះ ដោយសារឈ្មោះរបស់ពួកគាត់ម្នាក់ៗបានត្រូវសរសេរទុកជារៀងរហូតនៅលើថ្មគ្រឹះ១២នៃក្រុងយេរូសាឡិមថ្មីដែលនៅស្ថានសួគ៌។—បប. ២១:១៤
៧. តើការ«ស្គាល់»ព្រះមានន័យយ៉ាងណា ហើយហេតុអ្វីនោះជាការសំខាន់ម្ល៉េះ?
៧ យោងទៅតាមបណ្ឌិតខាងភាសាក្រិច ពាក្យក្រិចដែលបានត្រូវបកប្រែថា«ស្គាល់»ក៏អាចបកប្រែថា«គួរបន្តស្គាល់»ឬ«គួរបន្តទទួលចំណេះ»ដែរ។ ដូច្នេះការ«ស្គាល់»ព្រះមានន័យថាបន្តរៀនកាន់តែច្រើនថែមទៀតអំពីលោក។ ប៉ុន្តែនេះមានន័យច្រើនជាងការគ្រាន់តែស្គាល់គុណសម្បត្ដិនិងគោលបំណងរបស់លោក។ យើងត្រូវស្រឡាញ់លោកយ៉ាងជ្រាលជ្រៅ ហើយមានចំណងមិត្តភាពជិតស្និទ្ធនឹងលោក ហើយយើងត្រូវបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនប្រុសស្រីរបស់យើង។ គម្ពីរពន្យល់ថា៖ «អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ»។ (១យ៉ូន. ៤:៨) ដូច្នេះការស្គាល់ព្រះរួមបញ្ចូលការស្ដាប់បង្គាប់លោក។ (សូមអាន យ៉ូហានទី១ ២:៣-៥) នេះពិតជាឯកសិទ្ធិដ៏អស្ចារ្យ ដោយសារយើងបានត្រូវចាត់ទុកថាជាមនុស្សដែលស្គាល់ព្រះយេហូវ៉ា! ប៉ុន្តែ ដូចក្នុងករណីរបស់យូដាសអ៊ីស្ការីយ៉ុត យើងអាចបាត់បង់ចំណងមិត្តភាពដ៏មានតម្លៃនេះ។ សូមយើងខំព្យាយាមដើម្បីរក្សាចំណងមិត្តភាពនេះ។ ដូច្នេះ នៅទីបំផុតយើងនឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលអំណោយដែលយើងមិនសមទទួល គឺជីវិតដែលគ្មានទីបញ្ចប់។—ម៉ាថ. ២៤:១៣
«ដើម្បីនាមរបស់លោក»
៨, ៩. ក្នុងអំឡុងកិច្ចបម្រើរបស់លោកនៅផែនដី តើលោកយេស៊ូចាត់ទុកអ្វីថាសំខាន់បំផុត ហើយតើលោកបានបដិសេធទម្លាប់អ្វីខាងសាសនា?
៨ ក្រោយពីអានអំពីសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូនៅយ៉ូហានជំពូកទី១៧ យើងគ្មានការសង្ស័យទាល់តែសោះថាលោកយេស៊ូមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះអ្នកកាន់តាមលោកនៅពេលអនាគត មិនត្រឹមតែពួកសាវ័កដែលនៅទីនោះជាមួយលោកប៉ុណ្ណោះទេ។ (យ៉ូន. ១៧:២០) ប៉ុន្តែ យើងត្រូវដឹងថា សេចក្ដីសង្គ្រោះរបស់យើងមិនមែនជាអ្វីដែលសំខាន់បំផុតចំពោះលោកយេស៊ូនោះទេ។ គោលដៅសំខាន់បំផុតរបស់លោកតាំងពីដើមដំបូងរហូតដល់ទីបញ្ចប់នៃកិច្ចបម្រើរបស់លោកនៅលើផែនដី គឺដើម្បីធ្វើឲ្យនាមបិតាលោកបានបរិសុទ្ធនិងលើកតម្កើង។ ជាឧទាហរណ៍ ពេលប្រកាសអំពីភារកិច្ចរបស់លោកនៅសាលាប្រជុំនៅឯក្រុងណាសារ៉ែត លោកយេស៊ូបានអានពីរមូរក្រដាសរបស់អេសាយថា៖ «សកម្មពលរបស់ព្រះយេហូវ៉ាសណ្ឋិតលើខ្ញុំ ពីព្រោះលោកបានរើសតាំងខ្ញុំដើម្បីប្រកាសដំណឹងល្អដល់អ្នកក្រីក្រ»។ គ្មានការសង្ស័យឡើយ លោកយេស៊ូបានប្រកាសនាមរបស់ព្រះយ៉ាងច្បាស់ ពេលលោកអានអំពីភារកិច្ចនេះ។—លូក. ៤:១៦-២១
៩ យោងទៅតាមទម្លាប់របស់ជនជាតិយូដា ជាយូរមុនលោកយេស៊ូមកផែនដី ពួកអ្នកដឹកនាំសាសនាបានរារាំងមិនឲ្យមនុស្សប្រើនាមរបស់ព្រះ។ យើងអាចប្រាកដថាលោកយេស៊ូបានបដិសេធយ៉ាងដាច់ខាតចំពោះទម្លាប់នេះ ដែលគ្មានមូលដ្ឋានលើបទគម្ពីរ។ លោកបានមានប្រសាសន៍ទៅកាន់ពួកអ្នកប្រឆាំងនឹងលោកថា៖ «ខ្ញុំបានមកក្នុងនាមបិតារបស់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនទទួលខ្ញុំទេ។ ប្រសិនបើអ្នកផ្សេងទៀតមកក្នុងនាមផ្ទាល់ខ្លួន អ្នករាល់គ្នានឹងទទួលអ្នកនោះ»។ (យ៉ូន. ៥:៤៣) បន្ទាប់មក ប៉ុន្មានថ្ងៃមុនលោកស្លាប់ លោកយេស៊ូបានប្រាប់អំពីអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់លោក ដោយអធិដ្ឋានថា៖ «បិតាអើយ សូមលើកតម្កើងនាមរបស់លោក»។ (យ៉ូន. ១២:២៨) ដូច្នេះ យើងមិនគួរភ្ញាក់ផ្អើលទេថា លោកយេស៊ូរំលឹកម្ដងហើយម្ដងទៀតអំពីសារៈសំខាន់នៃនាមបិតារបស់លោក ក្នុងសេចក្ដីអធិដ្ឋានដែលយើងកំពុងពិចារណា។
១០, ១១. (ក) ពេលលោកយេស៊ូជួយមនុស្សឲ្យស្គាល់នាមបិតាលោក តើនេះជាប់ទាក់ទងនឹងអ្វី? (ខ) តើអ្នកកាន់តាមលោកយេស៊ូគួរខំប្រឹងដើម្បីសម្រេចគោលដៅអ្វី?
១០ លោកយេស៊ូបានអធិដ្ឋានថា៖ «ខ្ញុំបានសម្ដែងនាមរបស់លោកឲ្យពួកបុរសដែលលោកបានយកចេញពីពិភពលោករួចប្រគល់ឲ្យខ្ញុំ។ ពួកគាត់ជារបស់លោក ហើយលោកបានប្រគល់ពួកគាត់ឲ្យខ្ញុំ។ ពួកគាត់បានប្រព្រឹត្តតាមបណ្ដាំរបស់លោក។ ម្យ៉ាងទៀត ខ្ញុំមិននៅក្នុងពិភពលោកទៀតទេ ប៉ុន្តែពួកគាត់នៅក្នុងពិភពលោក តែចំណែកខ្ញុំ ខ្ញុំនឹងទៅឯលោក។ បិតាបរិសុទ្ធអើយ សូមការពារពួកគាត់ ដើម្បីនាមរបស់លោកដែលលោកបានឲ្យខ្ញុំ ដើម្បីឲ្យពួកគាត់រួមគ្នាតែមួយដូចយើងរួមគ្នាតែមួយដែរ»។—យ៉ូន. ១៧:៦, ១១
១១ ការធ្វើឲ្យអ្នកកាន់តាមស្គាល់នាមរបស់បិតាលោកទាក់ទងនឹងអ្វីច្រើនជាងការប្រកាសនាមនោះ។ លោកយេស៊ូក៏បានជួយពួកគេឲ្យស្គាល់ថានាមព្រះជាតំណាងអ្វី ពោលគឺតំណាងឲ្យគុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះនិងរបៀបដែលលោកប្រព្រឹត្តចំពោះយើង។ (និក្ខ. ៣៤:៥-៧) ម្យ៉ាងទៀត ក្នុងឋានៈជាស្តេចដ៏រុងរឿងនៅស្ថានសួគ៌ លោកយេស៊ូបន្តជួយអ្នកកាន់តាមលោក ផ្សព្វផ្សាយអំពីនាមរបស់ព្រះយេហូវ៉ាទូទាំងផែនដី។ តើលោកធ្វើដូច្នេះក្នុងបំណងអ្វី? គឺដើម្បីប្រមូលពួកអ្នកកាន់តាមឲ្យបានច្រើនថែមទៀតមុនទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ។ ពេលដែលពេលនោះមកដល់ លោកនឹងសង្គ្រោះសាក្សីដ៏ស្មោះត្រង់របស់លោក រួចមនុស្សទាំងអស់នឹងស្គាល់នាមដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា!—អេស. ៣៦:២៣
«ដើម្បីឲ្យពិភពលោកជឿ»
១២. តើចំណុចបីយ៉ាងអ្វីដែលសំខាន់ចាំបាច់ ដើម្បីឲ្យយើងទទួលជោគជ័យក្នុងកិច្ចការសង្គ្រោះជីវិតនេះ?
១២ ក្នុងអំឡុងពេលលោកនៅផែនដី លោកយេស៊ូខំប្រឹងជួយអ្នកកាន់តាមឲ្យយកឈ្នះភាពទន់ខ្សោយរបស់ពួកគាត់។ នេះជាអ្វីដែលសំខាន់ចាំបាច់សម្រាប់ពួកគាត់ ដើម្បីឲ្យពួកគាត់អាចសម្រេចកិច្ចការដែលលោកយេស៊ូបានចាប់ផ្ដើម។ លោកអធិដ្ឋានថា៖ «ខ្ញុំបានចាត់ពួកគាត់ឲ្យទៅក្នុងពិភពលោក ដូចលោកបានចាត់ខ្ញុំឲ្យទៅក្នុងពិភពលោក»។ លោកយេស៊ូបានលើកបញ្ជាក់អំពីចំណុចបីយ៉ាងដែលសំខាន់ចាំបាច់សម្រាប់ពួកគាត់ ដើម្បីទទួលជោគជ័យក្នុងកិច្ចការសង្គ្រោះជីវិតនេះ។ ទី១ លោកបានអធិដ្ឋានថា អ្នកកាន់តាមលោកមិនរួមចំណែកក្នុងពិភពលោកដ៏ស្មោកគ្រោកនេះ របស់សាថាន។ ទី២ លោកបានអធិដ្ឋានថាពួកគាត់នឹងត្រូវញែកចេញជាបរិសុទ្ធ ឬនៅបរិសុទ្ធដោយប្រព្រឹត្តស្របតាមសេចក្ដីពិតពីបណ្ដាំរបស់ព្រះ។ ទី៣ លោកយេស៊ូសុំម្ដងហើយម្ដងទៀត ឲ្យអ្នកកាន់តាមលោកមានសាមគ្គីភាពដែលជាចំណងនៃសេចក្ដីស្រឡាញ់ដូចលោកមានជាមួយបិតារបស់លោក។ នេះនាំឲ្យយើងចង់ពិចារណាអំពីខ្លួនយើង។ យើងម្នាក់ៗគួរសួរខ្លួនថា ‹តើខ្ញុំកំពុងប្រព្រឹត្តស្របតាមសំណូមពរទាំងបីរបស់លោកយេស៊ូឬទេ?›។ ដោយយកចិត្តទុកដាក់ចំពោះចំណុចទាំងនេះ លោកយេស៊ូប្រាប់ដោយសង្ឃឹមថា៖ «ពិភពលោកជឿថាលោកបានចាត់ខ្ញុំឲ្យមក»។—សូមអាន យ៉ូហាន ១៧:១៥-២១
១៣. នៅសតវត្សរ៍ទី១ គ.ស. តើព្រះតបឆ្លើយយ៉ាងណានឹងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ?
១៣ យើងអាចឃើញថាព្រះយេហូវ៉ាតបឆ្លើយនឹងសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូតាមរយៈការសិក្សាសៀវភៅសកម្មភាពរបស់ពួកសាវ័ក ដែលជាសៀវភៅបន្ទាប់ពីសៀវភៅដំណឹងល្អទាំងបួន។ គ្រិស្តសាសនិកនៅសតវត្សរ៍ទី១អាចងាយស្រួលនឹងបែកបាក់គ្នាដោយសារក្នុងចំណោមពួកគេរួមមានជនជាតិយូដានិងជនជាតិដទៃ អ្នកមាននិងអ្នកក្រ ខ្ញុំបម្រើនិងម្ចាស់របស់ខ្ញុំបម្រើ។ ប៉ុន្តែពួកគេទាំងអស់រួបរួមគ្នាយ៉ាងជិតស្និទ្ធដូចជាផ្នែកផ្សេងៗនៃរូបកាយរបស់មនុស្សដែលមានលោកយេស៊ូជាក្បាល។ (អេភ. ៤:១៥, ១៦) នេះជាការសម្រេចដ៏អស្ចារ្យក្នុងពិភពលោករបស់សាថានដែលបែកបាក់គ្នានេះ! ព្រះយេហូវ៉ាត្រូវទទួលការសរសើរចំពោះលទ្ធផលដ៏ល្អទាំងនេះ ដោយសារលោកបានសម្រេចកិច្ចការនេះដោយប្រើសកម្មពលបរិសុទ្ធដ៏ខ្លាំងក្លារបស់លោក។—១កូ. ៣:៥-៧
១៤. តើព្រះតបឆ្លើយយ៉ាងណាចំពោះសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូនៅសព្វថ្ងៃនេះ?
១៤ គួរឲ្យស្ដាយណាស់ សាមគ្គីភាពនេះលែងមានទៀតក្រោយពីពួកសាវ័កបានស្លាប់។ ផ្ទុយទៅវិញ ដូចគម្ពីរបានទាយទុក ការក្បត់ជំនឿដ៏ធំមួយបានចាប់ផ្ដើមកើតឡើង ដែលនាំឲ្យមាននិកាយពិភពគ្រិស្តសាសនាដែលបែកបាក់គ្នា។ (សកម្ម. ២០:២៩, ៣០) ប៉ុន្តែនៅឆ្នាំ១៩១៩ លោកយេស៊ូបានដោះលែងគ្រិស្តសាសនិកដែលព្រះបានរើសតាំងពីអំណាចនៃសាសនាមិនពិត ហើយប្រមូលពួកគាត់ឲ្យមាន«ចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ (កូឡ. ៣:១៤) តើកិច្ចការផ្សព្វផ្សាយរបស់ពួកគាត់មានឥទ្ធិពលយ៉ាងណាទៅលើពិភពលោក? មនុស្សជាង៧លាននាក់ដែលជា«ចៀមឯទៀត»មកពី«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជាតិសាសន៍ និងគ្រប់ភាសា»រួបរួមគ្នាជាហ្វូងតែមួយជាមួយគ្រិស្តសាសនិកដែលព្រះបានរើសតាំង។ (យ៉ូន. ១០:១៦; បប. ៧:៩) ព្រះយេហូវ៉ាបានតបឆ្លើយយ៉ាងអស្ចារ្យចំពោះសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ ដែលថា«ដើម្បីឲ្យពិភពលោកដឹងថា លោក[ព្រះយេហូវ៉ា]បានចាត់ខ្ញុំឲ្យមក ហើយដឹងថាលោកស្រឡាញ់ពួកគាត់ដូចលោកស្រឡាញ់ខ្ញុំដែរ»!—យ៉ូន. ១៧:២៣
សេចក្ដីបញ្ចប់ដែលទាក់ទាញចិត្ត
១៥. តើលោកយេស៊ូលើកសំណូមពរពិសេសអ្វីសម្រាប់អ្នកកាន់តាមលោកដែលបានត្រូវរើសតាំង?
១៥ នៅល្ងាចថ្ងៃទី១៤ ខែណែសាន លោកយេស៊ូបានផ្ដល់កិត្ដិយសចំពោះសាវ័ករបស់លោក ដោយធ្វើកិច្ចព្រមព្រៀងមួយជាមួយពួកគាត់ឲ្យគ្រប់គ្រងជាមួយលោកក្នុងរាជាណាចក្ររបស់លោក។ (លូក. ២២:២៨-៣០; យ៉ូន. ១៧:២២) ដូច្នេះ ឥឡូវលោកយេស៊ូបានអធិដ្ឋានឲ្យអស់អ្នកដែលនឹងក្លាយជាអ្នកកាន់តាមលោកដែលបានត្រូវរើសតាំងថា៖ «បិតាអើយ ខ្ញុំធ្វើសំណូមអំពីពួកអ្នកដែលលោកបានប្រគល់ឲ្យខ្ញុំ។ ខ្ញុំប្រាថ្នាឲ្យពួកគាត់នៅកន្លែងដែលខ្ញុំនៅ ដើម្បីឃើញសិរីរុងរឿងរបស់ខ្ញុំដែលលោកបានឲ្យខ្ញុំ ពីព្រោះលោកបានស្រឡាញ់ខ្ញុំមុនកំណើតពិភពលោក»។ (យ៉ូន. ១៧:២៤) នេះនាំឲ្យចៀមឯទៀតរបស់លោកយេស៊ូសប្បាយរីករាយ មិនមែនច្រណែនឡើយ ហើយនេះជាភ័ស្តុតាងដែលបង្ហាញអំពីសាមគ្គីភាពដែលមានក្នុងចំណោមគ្រិស្តសាសនិកពិតទាំងអស់នៅផែនដីសព្វថ្ងៃនេះ។
១៦, ១៧. (ក) តើលោកយេស៊ូតាំងចិត្តធ្វើអ្វីពេលលោកបញ្ចប់សេចក្ដីអធិដ្ឋានរបស់លោក? (ខ) តើយើងគួរតាំងចិត្តធ្វើអ្វី?
១៦ ក្រោមឥទ្ធិពលនៃអ្នកដឹកនាំសាសនារបស់ពួកគេ មនុស្សភាគច្រើនក្នុងពិភពលោកនេះ សម្រេចចិត្តមិនអើពើនឹងភ័ស្តុតាងយ៉ាងច្បាស់ដែលបង្ហាញថាព្រះយេហូវ៉ាមានរាស្ត្រមួយដែលមានសាមគ្គីភាពដែលពិតជាស្គាល់លោក។ រឿងនេះក៏បានកើតឡើងនៅសម័យរបស់លោកយេស៊ូដែរ។ ដូច្នេះលោកបានបញ្ចប់សេចក្ដីអធិដ្ឋានរបស់លោកដោយពាក្យដែលទាក់ទាញចិត្តទាំងនេះថា៖ «បិតាសុចរិតអើយ ពិភពលោកនេះពិតជាមិនស្គាល់លោកទេ ប៉ុន្តែខ្ញុំស្គាល់លោក ហើយអ្នកទាំងនេះដឹងថាលោកបានចាត់ខ្ញុំឲ្យមក ហើយខ្ញុំបានសម្ដែងឲ្យពួកគាត់ស្គាល់នាមរបស់លោក ក៏នឹងសម្ដែងឲ្យស្គាល់តទៅទៀត ដើម្បីឲ្យពួកគាត់បង្ហាញសេចក្ដីស្រឡាញ់ដូចសេចក្ដីស្រឡាញ់ដែលលោកមានចំពោះខ្ញុំ ហើយដើម្បីឲ្យខ្ញុំរួបរួមជាមួយនឹងពួកគាត់»។—យ៉ូន. ១៧:២៥, ២៦
១៧ លោកយេស៊ូពិតជាបានធ្វើឲ្យមនុស្សស្គាល់នាមបិតារបស់លោក។ ក្នុងនាមជាប្រមុខនៃក្រុមជំនុំ លោកបន្តជួយយើងក្នុងការផ្សព្វផ្សាយអំពីនាមនិងគោលបំណងរបស់បិតាលោក។ សូមឲ្យយើងបន្តចុះចូលក្រោមការនាំមុខរបស់លោក ដោយខ្នះខ្នែងធ្វើតាមបង្គាប់របស់លោកឲ្យផ្សព្វផ្សាយ ហើយទៅបង្រៀនមនុស្សឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ (ម៉ាថ. ២៨:១៩, ២០; សកម្ម. ១០:៤២) សូមឲ្យយើងខំព្យាយាមដើម្បីការពារសាមគ្គីភាពដ៏មានតម្លៃរបស់យើង។ ដោយធ្វើដូច្នេះ យើងនឹងប្រព្រឹត្តស្របតាមសេចក្ដីអធិដ្ឋានរបស់លោកយេស៊ូ ហើយនេះនាំឲ្យនាមរបស់ព្រះយេហូវ៉ាទទួលការសរសើរតម្កើង ហើយនាំឲ្យយើងទទួលសុភមង្គលជារៀងរហូត។